Monday, August 6, 2012

សេចក្តី​ថ្លែងការណ៍របស់​សហព័ន្ធ​សិទ្ធិមនុស្ស​​និង​អភិវឌ្ឍកម្ពុជា



សម្តេច ជា ស៊ីម មាន​សុខភាព​ល្អ​ធម្មតា កំពុង​បំពេញ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា បាន​បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែលថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជា​ប្រមុខរដ្ឋស្តីទី បាន​ទទួល​មរណភាព​នោះ គឺជា​ការ​មិន​ពិត​ទេ​។​

​លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២​នេះ បាន​មានប្រសាសន៍ថា ការ​ដែល​លេចឮ​ព័ត៌មាន​ថា សម្តេច​អគ្គ​មហា​​ធម្ម​ពោធិ​សាល ជា ស៊ីម បាន​ទទួល​មរណភាព​នោះ គឺជា​រឿង​មិន​ពិត​។​

​លោក អ៊ុំ សារិទ្ធ បាន​មាន​បញ្ជាក់​ថា “​អាហ្នឹង​ការមិនពិត​ទេ ព័ត៌មាន​បំផ្លើស ព័ត៌មាន​ប្រឌិត​ទេ សម្តេច​ប្រធាន​លោក​សុខ​ភាព​ល្អ​ទេ ហើយ​គាត់​កំពុង​ប្រតិបត្តិ​មុខងារ​គាត់​ជា​ប្រមុខរដ្ឋស្តីទី​”​។​

​លោក អ៊ុំ សារិទ្ធ បានចាត់ទុក​ការ​ប្រឌិត​ដែល​គេ​បង្កើតឡើង គឺ​ដើម្បី​ធ្វើឲ្យ​សាធារណ​មតិ​ច្របូកច្របល់ តាមពិត​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​បញ្ហា​នោះ​ទេ​។​

​ការបដិសេធ​ខាងលើ ដែល​ធ្វើឡើង​ពី​សំណាក់​លោក អ៊ុំ សារិទ្ធ នៅពេលនេះ គឺ​ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​មនុស្ស​មួយ​ក្រុម ដែល​ជា​ជន​អគតិ បាន​អង្គុយ​ប្រឌិត​ដំណឹង​ថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ស្លាប់ ហើយ​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ក្នុង​គោលបំណង​បង្កើតឲ្យមាន​ការច្របូកច្របល់​៕
ដោយ: រតនា

រដ្ឋសភា​កម្ពុជា វៀតណាម និង​ឡាវ ជួបពិភាក្សា​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​​នៃ​ប្រទេស​ទាំង​បី

ភ្នំពេញ ៖ សន្និសីទ​លើក​ទី៤ របស់​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​ទាំង​បី ស្តីពី​តួនាទី​សភា​ក្នុង​ការ​គាំទ្រ និង​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ង៉េ អាន (NGHE AN) នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី ០១ដល់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១២ ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ឈាង វុន ប្រធាន គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន នៃ​រដ្ឋសភា ព្រះរាជាណាចក្រ កម្ពុជា ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​បណ្ឌិត ត្រឹ​ន វ៉ាន់​ហាំង ប្រធាន​គណៈ កម្ម​ការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​វៀតណាម និង​ភាគី​ឡាវ ដឹកនាំ​ដោយ​លោក គូ​កែវ អាកា​មន្ត្រី ជា​ប្រធាន​គណៈកម្មការ​បរទេស នៃ​រដ្ឋសភា​ឡាវ​បានបញ្ចប់​ដោយ​ជោគជ័យ​ដោយបាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​បានចេញ​នូវ​សេ​ក្តី​ថ្លែង​ការ​មួយ។
លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពេល​មកដល់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​យប់​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២នេះ។ លោក​បន្ត​ថា សេចក្តី​ប្រកាស​រួម​នោះ​មាន​ចំណុចសំខាន់ៗចំនួន៣ ទី១សន្និសីទ​បាន​ឯកភាព​ស្តីពី​តួនាទី​របស់​រដ្ឋសភា​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ​នូវ​គម្រោង​ទាំងឡាយ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បានសម្រេច​រួចមក​ហើយ ព្រមទាំង​ជម្រុញ​គម្រោង​ទាំងអស់​នេះ​ឲ្យ​ដំណើរ​ការ​ល្អ ទី២ រដ្ឋសភា​នៃ​ប្រទេស​ទាំងបី​នៅ​ពីក្រោយ​រដ្ឋាភិបាល​ប្រទេស​ទាំងបី  ដើម្បី​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​ដឹងថា​​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​នេះ ជាមួយ​ការ​គាំទ្រ​គម្រោង​រដ្ឋសភា​ត្រូវ​ជម្រុញ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​​ក្នុង​ការ​ព​ន្លឿ​ន​ការរៀប​រៀង​សេចក្តី​ព្រាងច្បាប់ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ច្បាប់​ស្តីពី វិនិយោគ ធុរៈកិច្ច​បណ្តា​គោល​នយោបាយ​​ទាក់ទង​ដល់​សកម្មភាព​ផ្តល់​អាជ្ញាប័ណ​វិនិយោគ​ធុរៈកិច្ច ហើយ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន និង​ធានា​នូវ​តម្លាភាព​ព្រមៗគ្នា និង​ឯកភាព​គ្នា​តាំងពី​ថ្នាក់​ជាតិ​រហូតដល់​មូលដ្ឋាន សំដៅ​កាត់បន្ថយ​ពេលវេលា និង​ការ​ចំណាយ​របស់​អ្នក​វិនិយោគ ដើម្បី​លើក​កំពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ និង ទី៣ស្នើ​ឲ្យ​ភាគី​ទាំង៣ប្រទេស​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ទាំង៣ ពិសេស​បញ្ហា​ជនអន្តោប្រវេសន៍​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​យោគយល់​គ្នា។
សន្និសីទ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក អ៊ុង ឈុ​លីវ (Uong Chuluu) អនុប្រធាន​រដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​អាជ្ញាធរ​ដែនដី​ខេត្ត ង៉េ​អាន​ផងដែរ។
លោក អ៊ុង ឈុ មានប្រសាសន៍ថា អង្គ​សន្និសីទ លើក​ទី៤នេះ បាន​ប្រារព្ធ​ធ្វើ ឡើង​ក្នុង​ឆ្នាំ២០១២ គឺជា​ខួប​លើក​ទី៤ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា វៀត ណា​ម និង​ក៏​ជា​ឆ្នាំ​មិត្តភាព វៀតណាម ឡាវ ផងដែរ ហើយ​ដែល​កិច្ចប្រជុំ​មាន​សារសំខាន់​ក្នុង​កិច្ច សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ ដែលជា​កម្លាំងចលករ​មិនអាច​ខ្វះ បាន​ក្នុង​ការជំរុញ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ពី​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ ស្តែង និង ការអភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ត្រីកោណ នៃ​ប្រទេស​ទាំងបី ជាពិសេស ការ​ប្រឈម ទាំងឡាយ​ដែល​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។
លោក ឈាង វុន បាន​មានប្រសាសន៍ថា អស់​រយៈ​កាលបី​ឆ្នាំ​កន្លងមកនេះ គណៈកម្មការ កិច្ចការបរទេស នៃ​រដ្ឋសភា​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ បានរៀបចំ​ឡើង​នូវ​សន្និសីទ ចំនួន​បី​លើក​រួចមកហើយ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា វៀតណាម និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែលមាន​ស្រាប់​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស ទាំងបី ដោយ​ចាត់ទុកជា​កត្តា​ដ៏​សំខាន់​ចំពោះ​ស្ថិរភាព និង​ការអភិវឌ្ឍ នៃ​ប្រទេស​ទាំងបី៕
សុង​យោ

ឯកឧត្ដម ​ហ៊ុន ​ណេង អញ្ជើញ​ចូល​រួម​ពិធី​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​វិទ្យាល័យ​ព្រះ​សីហនុ​

កំពង់ចាម ៖ ព្រឹក​ថ្ងៃ​ទី​០៦ ​ខែ​សីហា ​ឆ្នាំ​២០១២​ នៅ​វិទ្យាល័យ​ព្រះ​សីហនុ​ បាន​ប្រារព្ធ​ពិធី​បើក​ កញ្ចប់​វិញ្ញា​សា​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​ ហ៊ុន ​ណេង ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​និង​ជា​គណៈ​អភិបាល​រង​ខេត្ត​កំពង់​ចាម​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់​រំ​ខេត្ត​គណៈ​កម្មាធិការ​ប្រឡង ​និង​សិស្សា​នុ​សិស្ស ​ជា​ច្រើន​រូប​ផង​ដែរ​ ។
កម្ម ​វិធី​ប្រលង​មាន​រយៈពេល​២ថ្ងៃ​កន្លះ​ក្នុង​នោះ ​ថ្ងៃទី​១ ​គីមីវិទ្យា ​ជីវវិទ្យា​ ភូមិវិទ្យា ប្រវ​ត្តិវិទ្យា ​ថ្ងៃ​ទី២​ អក្ស​រសាស្ត្រ​ខ្មែរ ​រូប​វិទ្យា ​សីលធម៌​-ពល​រ​ដ្ឋវិទ្យា ផែន​ដីវិទ្យា ​ថ្ងៃទី៣​ គណិវិទ្យា ​និង​ភាសា​បរទេស​។
គ្រប់​ឆ្នាំ​សិក្សា ​បេក្ខ​ជន​ប្រឡង​ តែង​ប្រជុំ​គ្នា​តាម​មណ្ឌល​របស់​ខ្លួន​តាម​កាល​បរិច្ឆេទ​កំណត់​ ជាក់​លាក់​មួយ​ដែល​រៀប​ចំឡើង​ដោយ​ស្ថាប័ន​អប់​រំ។ ​ជា​មួយ​គ្នា​នេះ​ឆ្នាំ​សិក្សា​២០១១-២០១២​ការ​ប្រ ​ព្រឹត្ត​ទៅ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុ​តិ​យភូមិ ​ត្រូវ​បាន​បើក​សម័យ​ប្រឡង ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​​០៦​ ខែ​សីហា រហូត​ដល់​ថ្ងៃទី​៨​ ខែ​សីហា ឆ្នាំ​២០១២​​នេះ​។
ឯក​ឧត្តម ​ហ៊ុន ​ណេង ​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ស្រោម​សំបុត្រ​វិញ្ញាសា ​និង​បើក​ការ​ប្រឡង​ដោយ​ បាន​សម្តែង​នូវ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ និង​ផ្តាំ​ផ្ញើរ​ទៅ​ គណៈ​កម្មការ​ព្រម​ទាំង​មេ​ប្រយោគ ​និង​បេក្ខ​ជន​ទាំង​អស់​ ឱ្យ​ខិត​ខំ​បំពេញ​តួនាទី​របស់​ខ្លួន​ ប្រកប​ដោយ​ឥរិយា​បថ​ និង​សេចក្តី​ថ្លៃថ្នូរ​ដោយ​ប្រកាន់​ឱ្យ​ខ្ជាប់​នូវ​តួនាទី​ភារ​កិច្ច​របស់​ ខ្លួន។
ឯក​ឧត្តម​បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ទាំង​អស់​ខិត​ខំប្រឹង​ប្រែង​បញ្ចេញ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ រំលេច​ឱ្យ​​បាន​នូវ​ខ្លឹម​សារ​ដែល​ប្អូន​បាន​សិក្សា​កន្លង​មក ​​សរសេរ​ឱ្យ​បាន​ច្រើន​ហើយ ​ប្រកប​ដោយ​ ភាព​សុក្រិត ​និង​ត្រឹម​ត្រូវ​ជា​មួយ​៕
អ៊ឹម វិសិទ្ធ

ការ​លា​លែង​ចេញ​ពី​តំណែង​របស់​លោក​ អាណាន់​ ជា​ការ​បើក​ផ្លូវ​អោយ​មាន​អន្ត​រាគមន៍​ខាង​យោធា​ទៅ​លើ​ប្រទេស​ស៊ីរី​

ស៊ីរី ​៖​ ការ​លា​លែង​ចេញ​ពី​តំណែង​​ប្រេសិត​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​សម្ព័ន្ធ​អារ៉ាប់​ទទួល​បន្ទុក​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​នៅ​ក្នុង​ ប្រទេ​ស​ស៊ីរី​ គឺជា​ការ​បើក​ឱកាស​មួយ​អោយ​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ វាយ​ប្រហារ​ទៅ​លើ​ប្រទេស​នេះ​បាន​។​
លោក ដេវីដ​ ផូល​ឡក​ មន្ត្រី​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​នយោ​បាយ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​ បាន​អោយ​ដឹង​ថា​ ការ​លា​លែង​ពី​តំណែង​របស់​លោក​ អាណាន់​ គឺ​ជា​ការ​ជំរុញ​ដោយ​ប្រយោល​មួយ​ ចំពោះ​នយោ​បាយ​របស់​សហ​រដ្ឋ​អាមេរិក​,​ សហ​គមន៍​អឺរ៉ុប​ និង​អារ៉ាប់​ ដើម្បី​ជួយ​គាំទ្រ​ទៅ​ដល់​ក្រុម​ប្រឆាំង​អោយ​បន្ត​វាយ​ប្រហារ​ប្រយុទ្ធ​ ជាមួយ​នឹង​កង​កម្លាំង​រដ្ឋា​ភិបាល​របស់​ប្រទេស​ស៊ីរី​។​
អ្នក​​វិភាគ​​មួយ​ចំនួន​​ជឿ​ជាក់​ថា​ សហ​រដ្ឋ​អាមេរិក​ពិត​ជា​ចង់​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​តាម​រយៈ​ការ​ឧបត្ថម្ភ​ជ្រោមជ្រែង​ ខាង​សម្ភារៈ​ និង​សព្វាវុធ​ អោយ​​ទៅ​ក្រុម​ឧទ្ទាម​បះ​បោរ​ ដើម្បី​ធ្វើ​សង្រ្គាម​​សំលាប់​មនុស្ស​ ទំលាក់​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ស៊ីរី​៕​
ជិន​ សារីម

«អ្វីដែល​យើង​ឮ​មិន​ដូច​អ្វីដែល​យើង​បានឃើញ​នោះទេ»

ភ្នំពេញ ៖ «ខ្ញុំ​ចង់ដឹង​ពី​ការកាត់ទោស​ហ្នឹង ថា​ចុងក្រោយ​នឹង​ចេញ​លទ្ធផល​យ៉ាងណា។ អ្វី​ជា​ចម្បង​ដែល​ខ្ញុំ​ទទួលបាន​ពី​ការ​មក​ទស្សនា​នេះ​ថា​នៅ​ទីបំផុត​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ទទួលទោស បើ​យើង​ប្រព្រឹត្ត​ល្អ​គឺ​យើង​មាន​ជំនឿ​ចិត្ត​ថា​ច្បាប់​នឹង​ជួយ​យើង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ពួកគេ» នេះ​គឺជា​សម្តី​របស់ គរុ​សិស្ស​ជំនា​ន់ទី៣០ កញ្ញា ពុំ លី​នី អាយុ ២២ឆ្នាំ​មកពី​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​នៃ​ការធ្វើ​ទស្សនកិច្ច​សិក្សា និង​ចូលរួម​ស្តាប់​សវនាការ  ក្នុង​សំណុំរឿង ០០២ នៅ​ថ្ងៃទី២ សីហា ឆ្នាំ២០១២។
បន្ថែម​ពីលើ​មតិ​នេះ​ផងដែរ អ្នកគ្រូ​ ប្រាក់ ណារ​ត្ន័ អាយុ ២៦ឆ្នាំ នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រឹត​ការ​ខេត្តកំពង់ឆ្នាំង​មាន​ប្រសា​ស​ន៍​​ថា «ការដែល​និស្សិត​បានមក​ចូលរួម​នេះ​វា​សំខាន់​ណាស់​ព្រោះ​វា​ជា​អ្វីដែល​យើង​មិន​ធា្ល​ប់​បានឮ និង​ឃើញ ហើយ​នៅឯ​សាលា​ពូកគេ​រៀន​បានតែ​ទ្រឹស្តី​ប៉ុណ្ណោះ​​មិនបាន​យល់​ពី​ដំណើរការ​ពិតប្រាកដ​ទេ ម្យ៉ាងវិញទៀត​វា​ធ្វើ​ឲ្យ​គាត់​ដឹងថា​ព្រឹត្តិការ​ណ៍ហ្នឹង​វា​មាន​មែន មិនមែនជា​ការនិយាយ​បន្លាច​លេង​របស់ចាស់ៗនោះទេ។ បានជា​ខ្ញុំ​ចង់​ចូលរួម​ស្តាប់​សវនាការ​នេះ​គឺ​ដោយសារតែ​ទោះបីជា​យ៉ាងណាក៏ដោយ​ពួកយើង​សុទ្ធតែជា​អ្នក​ដែល​រងគ្រោះ​បើ​ទោះ​បី​ជា​មិនផ្ទាល់​ក៏ដោយ​ប្រយោល​ដែរ គឺ​យើង​ចង់​មក​ស្តាប់​ចម្លើយ​ដែល​សាក្សី និង​ជនជាប់ចោទ​បាន​ឆ្លើយ​មកពី​អ្វីដែល​គាត់​បានធ្វើ។ វា​ពិតជា​ផ្តល់​ផល​ប្រ​យោ​ជ​ន៏​ដល់​ប្រជាជន​ខ្មែរ​ទាំងមូល ហើយ​ថែមទាំង​ឲ្យ​ជនបរទេស​ដឹងថា​មាន​អ្វីខ្លះ​បានកើត​ឡើង​នៅ​ប្រទេស​កម្ពុជា​និង​ធ្វើ​ឲ្យ​ជនរងគ្រោះ​បានទទួល​យុត្តិធម៌ និង​ការ​ស្ងប់ចិត្ត។ ពេលដែល​ខ្ញុំ​ត្រលប់​ទៅវិញ​ខ្ញុំ​នឹង​ប្រាប់​ទៅ​អ្នក​ដ៏ទៃទៀត​ថា អ្វីដែល​យើង​ឮ​មិន​ដូច​អ្វីដែល​យើង​បានឃើញ​នោះទេ។ ដំបូង​ពេលដែល​មិនទាន់បាន​មកដល់ ខ្ញុំ​ឆ្ងល់​ថា​ម៉េច​បានជា​ការកាត់ក្តី​នេះ​ដំណើរការ​យូរ​ម្ល៉េះ​ តែ​ពេលដែល​ខ្ញុំ​មកដល់​បាន​ខ្ញុំ​ដឹងថា​វា​ពិបាក​មែន ខុសពី​ការគិត​របស់ខ្ញុំ​ដោយសារតែ​ការកាត់ក្តី​មាន​រហូតដល់​ទៅ ៣ភាសា»
គូរ​បញ្ជាក់​ផងដែរ​ថា​កាលពី​ព្រឹក​ថ្ងៃទី២ សីហា ឆ្នាំ២០១២ គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​ចំនួន៩៨នាក់​បានមក​ចូលរួម ទស្សនា​ដំណើរការ​សវនាការ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​មាន​​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រជា​ពលរ​ដ្ឋ​​ចំនួន ៣២២នាក់​មកពី ខេត្តកំពង់ឆ្នាំង និង​ ខេត្ត​កណ្តាល។
សវនាការ​​នេះ​គឺ​អង្គ​ជំនុំជម្រះ​សាលាដំបូង​បន្ត​ផ្តល់​សក្ខីកម្ម​របស់​សាក្សី​វ័យ៦៤ឆ្នាំ រ​ចឺម ទន់ ដែល​ជា​អតីត​នីរសារ ដែល​ក្រោយមក​បាន​ក្លាយជា​កង​ការពា​រ​របស់​មេដឹកនាំ​រប​ប​ខ្មែរក្រហម​ប៉ុល ពត។
បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​មកកាន់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​​ដំណើរ​ទស្សនកិច្ច​ ទៅកាន់​សារមន្ទីរ​ទួល​ស្លែង និង​វាល​ពិឃាត​ជើងឯក​ដើម្បី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ការ​ធ្វើ​ទារុណកម្ម​ដ៏​សាហាវ​យង់ឃ្នង​ទៅលើ​ជនរងគ្រោះ​នា​សម័យ​នោះ។
បន្ទាប់ពី​បាន​ចូលរួម ទស្សនា​ដំណើរការ​សវនាការ​នេះ ឈ្មោះ​ហុក ណា​រ៉េត អាយុ ២០ឆ្នាំ​ជា​គរុ​សិស្ស​ជំនា​ន់ទី៣០  នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​បាន​បង្ហើប​ប្រាប់ថា «បន្ទាប់ពី​បាន​ចូលរួម​ស្តាប់ ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ស្ញប់ស្ញែង​ចំពោះ​តុលាការ​នេះ​ដោយមាន​ទាំង​ការចូល​រួមទាំង​ខ្មែរ និង​បរទេស ហើយ​ថែមទាំង​បានដឹង​ពី​ការសាកសួរ និង​ផ្តល់​ចំលើយ​នៅក្នុង​សវនាការ​ផងដែរ។ខ្ញុំ​នឹង​ប្រាប់​ទៅ​អ្នក​ដ៏​ទៃ​ដែល​មិនទាន់​បានដឹងថា​របប​នេះ​ពិតជា​សាហាវ​មែនទែន ដែល​បានសម្លាប់​មនុស្ស​ជាច្រើន ហើយ​អ្នកជំនាន់ក្រោយ​មិនគួរ​យកតម្រាប់​តាម​ទេ។
លោក​សូរ មករា អាយុ ២០ឆ្នាំ​ជា​គរុ​សិស្ស​ជំនា​ន់ទី៣០  នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​បាន​និយាយថា «ខ្ញុំ​ចង់ដឹង និង​ឃើញ​ពី​ដំណើរការ​កាត់ក្តី យល់​ឲ្យ​ច្បាស់​ពី​ទោសទណ្ឌ និង​ការប្រព្រឹត្ត​របស់​ការកាត់ក្តី ហើយ​វា​ផ្តល់​ជា​បទពិសោធ​ន៏ និង​ចំណេះដឹង​ដល់​ខ្ញុំ​ផ្ទាល់​ដើម្បី​ផ្សព្វផ្សាយ​បន្តទៀត។ តាមរយៈ​ការចូលរួម​នេះ​ខ្ញុំ​បាន​យល់​ពី​ដំណើរការ​នៃ​ការកាត់ក្តី និង​ការសួរដេញដោល​ពី​សំណុំរឿង ហើយនឹង​ប្រាប់​ទៅ​អ្នក​ដ៏ទៃទៀត​ដែល​មិនបាន​ដឹងថា ពិតជា​មាន​របប​នេះ​ពិតមែន ហើយ​មានការ​កាត់ទោស​នេះ​មែន ហើយ​ការរង​គ្រោះ​របស់​ពួកគាត់​នៅ​សម័យ​នោះ​ពិតជា​អាច​រកឃើញ​នូវ​យុត្តិធម៌។
សំរាប់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មិន​ត្រឹមតែ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះទេ គឺ​យើង​បាន​ផ្តោត​សំខាន់់​ទៅលើ​អ្នកជំនាន់ក្រោយ​ដែលជា​ថ្នាល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បន្ត​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ការស្វែងរក​យុត្តិធម៌​ដ៏​ពិតប្រាកដ​មួយ។  គួរបញ្ជាក់​ផងដែរ​ថា​មិន​ត្រឹមតែ​គរុ​សិស្ស  នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ទេ ក៏មាន​មន្ត្រីនគរបាល​នៃ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា មន្ត្រី​អនុរក្ស​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង ព្រឹន្ទបាលទោ. និស្សិត​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​មក​ចូលរួម​ក្នុងការ​ទស្សនា​នូវ​ដំណើរការ​នៃ​សំណុំរឿង ០០២នេះ​ផងដែរ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅ។ ដូច្នេះ​នៅ​រៀងរាល់ថ្ងៃ​សវនាការ សាធារណៈជន​រួមមាន​ប្រជា​ពលរ​ដ្ឌ សិស្ស និស្សិត យុវជន និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួន​ជា​មធ្យម ៤០០នាក់​បានមក​ចូលរួម​ធ្វើជា​សាក្សី​នៃ​ការជំនុំជម្រះ​ក្តី​នៃ​សំណុំរឿង ០០២៕

ក្រុមហ៊ុន​ SANTUI ​ចិន​ចាប់​អារម្មណ៍​វិនិយោគ​លើ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា​

ភ្នំពេញ ​៖​ ក្រៅ​ពី​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ដូចជា​ការផលិត ​និង​ការ​ធ្វើ​អាជីវកម្ម​គ្រឿងចក្រ​នៅ​កម្ពុជា​ ក្រុមហ៊ុន​សាន​ទូ​យ​ខេត្ត​សាន​ទុង​ប្រទេស​ចិន ​មាន​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​កសិកម្ម ​នៅ​តំបន់​អភិវឌ្ឍន៍​អន្លង់​ជ្រៃ ​ស្រុក​ពញាក្រែក ​ខេត្ត​កំពង់ចាម ​ជាទី​ភូមិកំណើត​របស់​សម្តេច​ប្រធានរដ្ឋសភា​ នោះ​បើ​តាម​ប្រសាសន៍ ​លោក ​វ៉ាង ហ្វេ​ង ​អគ្គនាយករង​ក្រុមហ៊ុន ​សាន​ទូ​យ ជំរាប​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ជំនួប​សវនាការ​ព្រឹក​ថ្ងៃទី​០៥​ ខែ​សីហា​ ឆ្នាំ​២០១២​នេះ​នៅ​វិមាន​រដ្ឋសភា​។​
ក្នុងជំនួប​សវនាការ​នោះ លោក វ៉ាង ហ្វេ​ង បាន​ជំរាបជូន​សម្តេច​ប្រធានរដ្ឋសភា​ផងដែរ​ថា​ក្រោយពី​សេដ្ឋកិច្ច​បើកចំហ​ក្រុមហ៊ុន​លោក​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨០​មក​ម្លេះ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៣២​ឆ្នាំ​ហើយ ។ អាស្រ័យ​ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ផលិត​គ្រឿងចក្រ ក្រុមហ៊ុន​មានការ​រីកចម្រើន ពិសេស​នៅ​ខេត្ត សាន​ទុង ប្រទេស​ចិន​ដែលជា​ស្រុកកំណើត​របស់លោក ។ លោក​បន្តថា ក្រុមហ៊ុន​សាន​ទូ​យ​ចិន​បាន​បោះទីតាំង​ក្រុមហ៊ុន​នៅ​កម្ពុជា ហើយ​បច្ចុប្បន្នកំពុង​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការលក់ ការធ្វើ​អាជីវកម្ម​គ្រឿងចក្រ ។ ក្រុមហ៊ុន​របស់លោក​មា​ន​ពីរ​ផ្នែក គឺ​ផ្នែក​គ្រឿងចក្រ និង​ផ្នែក​កសិកម្ម ហើយ​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​សម្តេច​នេះ​ទៅ ក្រុមហ៊ុន​នឹង​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​តំបន់​អភិវឌ្ឍន៍​អន្លង់​ជ្រៃ​ដែលជា​ភូមិកំណើត​របស់​សម្តេច​។​
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការបំពេញ​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​សាន​ទូ​យ​ចិន​នៅ​កម្ពុជា ដោយបាន​ចាត់ទុកថា​មាន​សារសំខាន់ ជាពិសេស​បានផ្តល់​លទ្ធភាព​ទ្វេ​ឡើង​ថែមទៀត ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​កម្ពុជា ចិន ។ សម្តេច​បាន​បន្តថា ទាក់ទង​លើ​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជាការ​ងារ​សំខាន់បំផុត​ដើម្បី​បង្កើនល្បឿន​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ការ​ជម្រុញ​លើកទឹកចិត្ត​វិស័យ​ឯកជន ជា​កម្លាំង​ជំរុញ​ដ៏​ចម្បង​នៃ​កំណើនសេដ្ឋកិច្ច គឺជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ដំណើរការ ហើយ​ត្រូវបាន​លើក​ម្តងទៀត​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២​សម្រាប់​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​។ សម្តេច​ប្រធានរដ្ឋសភា​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យមើល​សក្តានុពល​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដែល​អាចធ្វើ​ទៅបាន​នៅ​ក្នុ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​
ជាការ​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ចិន​សុំ សម្តេច​ប្រធានរដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​សាន​ទុង​ប្រទេស​ចិន សម្តេច​បានទទួល​យក​នូវ​ការអញ្ជើញ​នេះ ហើយ​ថា​នៅពេលដែល​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​សាន​ទុង​ប្រទេស​ចិន​៕
សុង​យោ​

ប្រទេស​៤​ចាប់​​​ផ្តើម​ល្បាត​​​​តាម​​ដង​ទន្លេ​​​មេគង្គ​

អាជ្ញាធរ​​សន្តិសុខ​​សាធារណៈ​​មូល​ដ្ឋាន​ចិន​រាយ​ការណ៍​ថា​ការ​ល្បាត​​រួមគ្នា​ថ្មី​មួយរៀបចំឡើង​​​​ដោយ​ប្រទេស​​ចិន ឡាវ មីយ៉ាន់ម៉ា ​និង​ថៃបាន​ចាប់​​​​ផ្តើម​​​កាលពី​ថ្ងៃទី​៦សីហា​​​តាម​ដង​​ទន្លេ​មេគង្គ។​ នេះជា​​ការ​ល្បាត​​​ប្រភេទ​នោះ​​​លើ​​កទី​​៥​ហើយ​​ចាប់តាំងពី​​​ខែធ្នូ​​មក ។ ​​កងនាវា​ល្បាត​​​បាន​ចាកចេញ​​​​ពី​​កំពង់​ផែ​ភាគ​​​និរតី​​​ចិននា​​វេលា​ម៉ោង​​​​៦​និង​​​៣០នាទី​ព្រឹក ។ ​
យោងតាម​​​​សេចក្តី​ប្រកាសមួយ​​ចេញ​ផ្សាយ​​ក្រោយ​កិច្ច​ប្រជុំ​​មួយ​របស់​​​​មេបញ្ជាការ​​​នៃ​ប្រទេស​​​​ទាំង៤​កាលពី​ថ្ងៃទី​៥​សីហា​ថា ​ការ​​ល្បាត​​​​រួម​គ្នា​​​និង​កិច្ច​សហប្រតិបត្តិការ​​ដែល​បាន​ពង្រឹង​​អាច​ថែរក្សា​​ប្រកប​ដោយ​​​​ប្រសិទ្ធភាព​​នូវ​ស្ថេរភាព​​​ និង​សន្តិសុខ​នៃ​​ការធ្វើ​​នាវា​ចរណ៍​​តាម​ដង​ទន្លេ​មេគង្គ ។
​មន្ត្រី​ជាន់​ខ្ពស់​​​​របស់​​រដ្ឋាភិបាល​​​នៃ​ប្រទេស​​ទាំង៤​បាន​​ជួបពិភាក្សា​​គ្នា​នៅក្រុង​​ប៉េកាំង​​កាលពី​ខែតុលា​​កន្លងមក​​នេះ​ហើយ​បាន​ព្រមព្រៀង​ចាត់នូវ​វិធានការ​​​រួម​ទាំងឡាយ​​​ដើម្បី​​តស៊ូ​ប្រឆាំង​​បទ​ឧក្រិដ្ឋ​ឆ្លងកាត់​​​​ព្រំដែន​​ហើយ​​​ធានា​សន្តិសុខ​​នៃការ​ដឹកជញ្ជូន​​​តាម​​​ដង​ទន្លេ​មេគង្គ ។​
​កាលពី​ខែ​ឧសភា កន្លងមកនេះ​ ជន​ឈ្មោះ​​ណាវ​ខាម​ ជា​មេរត់ពន្ធ​គ្រឿង​ញៀន​​​សង្ស័យ​ថារៀបចំ​ការវាយ​​ប្រហារ​​មួយ​ប្រឆាំង​ពួក​​នាវិក​ចិន​បាន​ត្រូវ​​​​ចាប់​ខ្លួន​​ហើយ​បញ្ជូន​​ទៅ​កាន់​​ក្រុង​​​ប៉េកាំង ៕​

រដ្ឋ​សភា​នឹង​បើក​ស​ម័យ​ប្រជុំ​ពេញ​អង្គ​នៅថ្ងៃ​ទី៩ សីហា ពិភាក្សា​របៀប​វារៈ​ជា​ច្រើន

រាជ​ធានីភ្នំពេញ​ ៖ ​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី៨ នីតិកាលទី៤ ដែលធ្វើឡើង​ក្រោម​អធិបតីភាពរបស់សម្តេចប្រធានរដ្ឋសភា ហេង សំរិន នៅថ្ងៃទី៩ សីហា ២០១២ នេះ រដ្ឋសភា​នឹងពិភាក្សាអនុម័តលើរបៀបវារៈដូចតទៅ ៖ 
១-ការបោះឆ្នោតជ្រើសតាំងលោកពេជ្រ គឹមស្រ៊ាង ជាសមាជិកគណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រម​ព្រៀងរវាងរាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និងរដ្ឋាភិបាលនៃរដ្ឋកាតា ស្តីពីការ​គ្រប់​គ្រងការប្រើប្រាស់ហត្ថពលកម្មនៅរដ្ឋកាតា ។
៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួម​ក្នុងអនុសញ្ញារ៉ូថឺដាម ស្តីពី​នីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះ​សារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ ក្នុងពាណិជ្ជកម្មអន្តរជាតិ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

អាជ្ញាធរខណ្ឌទួលគោកណែនាំ​ការ​ផ្សព្វ​ផ្សាយ​ពីការ​បង់​ពន្ធ​​លើ​អចលន​ទ្រ

រាជ​ធានីភ្នំពេញ​​ ៖ អាជ្ញាធរ​ខណ្ឌទួល​គោក​បាន​ធ្វើការ​ណែនាំដល់​ចៅសង្កាត់​ទាំង១០​ក្នុង​ខណ្ឌឱ្យ​​ធ្វើការផ្សព្វ​ផ្សាយជូន​ដល់ប្រជា​ពល​រដ្ឋ​​​នាំ​គ្នា​​​ទៅបង់ពន្ធ​លើអចលន​ទ្រព្យ ឆ្នាំ​២០១២​​។ ការ​ណែ​នំា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​​លោក​ពេជ្រ កែវ​​មុនី អភិបាល​រងខណ្ឌ​​​តំណាងលោក​សេង រតនៈ អភិបាល​ខណ្ឌ នៅ​​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៩​របស់​ក្រុមប្រឹក្សា​ខណ្ឌទួល​គោក កាលពី​ព្រឹក​ថ្ងៃទី៣  សីហា ឆ្នាំ២០១២ ។
កិច្ច​​ប្រជុំសាមញ្ញ​លើក​ទី៣៩ នេះ ​ប្រារព្ធ​ធ្វើ​​ក្រោម​អធិបតី​ភាពលោក​ស្រី​ញ៉ែម ​មុំ ប្រធាន​ស្តី​ទី​​ក្រុម​ប្រឹក្សាខណ្ឌ​​​ និង​លោកពេជ្រ ​កែវ​មុនី ​និង​​​បានលើក​យករបៀប​វារៈ​ចំនួន​២មក​ធ្វើការពិ​ភាក្សា និងអនុម័ត​​​​។ ​របៀប​វារៈទី១​-​គឺ​​​ពិភាក្សា​ និងអនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​នៃកិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៣៨​របស់ក្រុម​ប្រឹក្សាខណ្ឌ​អាណត្តិទី១​និង​​របៀបវា​រៈ ទី​២-​​ស្តាប់​របាយការ​ណ៍​​លទ្ធផល​នៃការ​អនុវត្ត​ផែន​ការ​សកម្មភាព​របស់រដ្ឋ​​បាលខណ្ឌ​រយៈ​ពេល​១ខែ គឺខែ​កក្ក​ដា ឆ្នាំ២០១២ និងស្តាប់​របាយការណ៍ស្តី​ពី​កិច្ចការ​បន្ថែមដែល​បាន​អនុវត្ត​និង​បញ្ហា​​ផ្សេងៗ ។
​លោក​ពេជ្រ កែវមុនី អភិបាល​រងខណ្ឌទួល​គោក​បាន​ឱ្យ​ដឹងថា កាល​ពីកិច្ច​ប្រជុំសាមញ្ញ​លើក​ទី​៣៨របស់​ក្រុមប្រឹក្សា​ខណ្ឌ​​លោក​បាន​ណែ​នាំដល់ក្រុម​ប្រឹក្សា​​សង្កាត់​ទាំងអស់​ទាំង​ក្រុម​ប្រឹក្សា​​ដែលទើប​ជាប់ឆ្នោត និងក្រុម​ប្រឹក្សា ​ដែល​ត្រូវ​លាលែង​ ​ត្រូវទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ និងបំណុល​តែរហូតមក​ដល់ពេល​នេះ​ក្រុម​ប្រឹក្សា​មួយចំនួន​ហាក់ដូច​ជាមិន​យកចិត្ត​ទុកដាក់​ឡើយ ។ ដូចនេះ សូមក្រុម​ប្រឹក្សា​ទាំង​អស់​នាំគ្នាទៅ​ប្រកាសទ្រព្យ​សម្បត្តិ​ឱ្យ​បានគ្រប់​គ្នា​តាមច្បាប់​កំណត់ ហើយប្រធាន​ក្រុមប្រឹក្សា​ត្រូវ​រាយ​ការណ៍​មកជន​បង្គោលអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយអស់សុពល​ភាពត្រឹម​ថ្ងៃច​ន្ទទី៦ សីហា ​ ។
លោកពេជ្រ កែវមុនី បានបន្តទៀត​ថា ការ​ប្រមូល​ពន្ធលើ​អចលន​ទ្រព្យ​ឆ្នាំ២០១២ ​​ចាប់​ផ្តើម ហើយ​​ដូច្នេះ​​សូមចៅសង្កាត់​ណែនាំដល់​ប្រធាន​ភូមិ​ឱ្យ​ផ្សព្វផ្សាយ​ដល់ប្រជា​ពលរដ្ឋ​នាំគ្នា​ទៅបង់​ពន្ធ​ឱ្យ​បានមុន​ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១២ ។ ​ចំពោះ​​ការ​បង់​ពន្ធ​​នេះ​​តម្លៃ​មានការប្រែ​ប្រួលខ្លះៗ​ ​ព្រោះ​មាន​​ការ​សំណូមពរ​ដែលតំបន់​ខ្លះផ្លូវទាល់​ក្រីក្រ​មិនអាច​កំណត់​តម្លៃបាន​​ ឯ​​តំបន់​ខ្លះកើន​ឡើង​ ​និង​ខ្លះ​ទៀតថយ​ចុះ ៕

​រដ្ឋ​មន្ត្រី​​ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា​អះ​អាង​ថា មិន​មាន​បែក​ធ្លាយ​​វិញ្ញាសា​ក្នុង​ពេល​ប្រឡង​មធ្យម​សិក្សា​​កម្រិត​២​ទេ​

រាជធានីភ្នំពេញ ៖ លោក​​អឹុម ​សិទ្ធី រដ្ឋ​មន្ត្រី​​​ក្រសួង​អប់រំ យុវជន និង​កីឡា​កាល​ពី​ថ្ងៃទី​៦ សីហា ២០១២ ​បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​ពេល​​​ដែល​លោក​ចុះ​​ពិនិត្យ​​លើ​ការ​ងារ​​ប្រឡង​នៅ​មណ្ឌល​វិទ្យា​​ល័យ​ជាស៊ីម​សន្ធរ​មុខ​ថា «​គ្មាន​វិញ្ញាសា​បែក​ធ្លាយ​ដូច​ការ​អះអាង​របស់​​មនុស្ស​មួយ​ក្រុម​តាំង​ខ្លួន​ជាអ្នក​អប់រំ​នោះ​ទេ» ។ ​ការ​ថ្លែង​របស់​លោក​រដ្ឋ​មន្ត្រី​​បាន​ធ្វើ​ឡើង​​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​អ្នក​យក​​ព័ត៌​មាន ។
លោក​អឹុម សិទ្ធី បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​​ថា មិន​មាន​វិញ្ញា​សា​ប្រឡង​ណា​មួយ​បែក​​ធ្លាយ​ដូច​ការ​អះអាង​របស់​ក្រុម​អ្នក​រក​ស៊ី​មួយ​ចំនួន​បាន​លើក​ឡើង​ថា មាន​វិញ្ញា​សា​ប្រឡង​ធ្លាយ​វា​មិន​ពិត​ទេ ។ ​ក្រសួងអប់រំ​​បាន​ដាក់​បទ​បញ្ជា​យ៉ាង​តឹង​រឹង​ សូម្បី​​​តែ​កន្លែង​​លក់​សៀវភៅ​ក្បែរ​មណ្ឌល​​ប្រឡង​ក៏​ត្រូវបាន​អាជ្ញា​ធរ​​បញ្ជា​ឱ្យ​បិទ​ដែរ ក្នុង​ថ្ងៃ​ដំណើរ​ការ​ប្រឡង ។ វិញ្ញា​សា​​ប្រឡង​ត្រូវ​បាន​ដាក់​ក្នុង​ហិប​រួច​ចាក់​សោ​គ្មាន​​នរណា​ដឹង​នោះ​ទេ ​ហើយ​ការ​បើក​វិញ្ញា​សា​ធ្វើ​ឡើង​នៅ​តាម​បន្ទប់​ប្រឡង​​ដោយ​ផ្ទាល់​ ។
​លោក​អឹុម សិទ្ធី បន្ត​ថា សូម​ឱ្យ​​​មាតា​បិតា​សិស្ស​កុំ​ជឿ​ការ​ឃោសនា​​របស់​ក្រុម​​មនុស្ស​​ដែល​ដើរ​អះ​អាង​ថា មាន​សំណេរ ឬ​ព្រុយ​យ៉ុង​បែក​ធ្លាយ ព្រោះ​មាន​ការ​ផ្សព្វផ្សាយ​​ពី​ការ​ឆែកឆេរ​ដក​​យក​សំណៅ​​ឯក​សារ​ចំពោះ​សិស្ស​ដែល​បាន​នាំ​ចូល​ក្នុង​បរិ​វេណ​មណ្ឌល​​ប្រឡង ។ ដំណើរ​​ការ​ប្រឡង​ប្រព្រឹត្ត​​ទៅ​បាន​ល្អ​​នៅ​តាម​​មណ្ឌល​នានា​មិន​​មាន​បាតុ​ភាព​អ្វី​កើត​ឡើង​​ទេ ព្រោះ​​ក្រសួង​អប់​រំ​​បាន​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​នៅ​តា​ម​មណ្ឌល​ប្រឡង​​នានា ។
​ក្រុម​អនុ​រក្ស​​បាន​និយាយ​ថា ​សិស្ស​ជាបេក្ខ​ជន​មិន​អនុ​ញ្ញាត​​​ឱ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​​ដៃ​ទំនើបៗ​ទេ ហើយបើ​បេក្ខ​ជន​​ណា​មាន​​ទូរស័ព្ទ​​ត្រូវបាន​ដក​ហូត​នៅពេល​ពួក​គេ​នាំ​យក​ចូល​ក្នុង​​បន្ទប់​​ប្រឡង។ បើ​​ទោះជា​យ៉ាង​ណា​មាន​សិស្ស​ភាគ​ច្រើន​បាន​ដាក់​ទូរស័ព្ទ​​តាម​ខ្លួន​​មែន ក្នុង​គោល​បំណង​បញ្ជូន​សារ ឬ​ទទួល​សារ​ជា​ចម្លើយ​​នានា​ តែ​ត្រូវបាន​ហាម​ឃាត់​ទាន់​ពេល​វេលា ។ ​បម្រាម​​យ៉ាង​តឹង​រឹង​ត្រូវបាន​ដាក់​​ចេញ​ដោយ​​ក្រសួង​អប់រំ​ថា «បេក្ខ​​ជន​ណា​ហ៊ាន​ប្រមូល​​លុយ​ប្រគល់​​​ឱ្យ​​អនុ​រក្ស​​ត្រូវ​ព្រមាន​​ឱ្យ​ធ្លាក់​​ដោយ​ស្វ័យ​ប្រវត្តិ​​ និង​ត្រួត​ថ្នាក់» ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
kohsantepheapdaily

ផ្លូវ​ក្រាល​កៅស៊ូ​​ពី​កំពង់​ធំ​​ទៅ​ព្រះ​វិហារ​ នឹង​ធ្វើ​ការ​សម្ពោធ​​ក្រោម​អធិបតី​​ភាព​សម្តេច​តេជោ ហ៊ុន សែន

ខេត្ត​ព្រះវិហារ​ ៖ ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨ សីហា ​២០១២ ​ខាង​មុខ​នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ​នឹង​អញ្ជើញ​​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​​ក្នុងពិធី​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​កំណាត់​ផ្លូវ​ជាតិ​លេខ​៦២ តភ្ជាប់​ពី​ផ្លូវ​​ជាតិ​លេខ​៦ ​ក្នុង​ខេត្ត​កំពង់​ធំ ​​ទៅ​កាន់​ក្រុង​ព្រះ​​វិហារ ​ខេត្ត​ព្រះ​វិហារ ដែល​​មាន​ប្រវែង​​១២៨​គីឡូ​ម៉ែត្រ សាង​សង​ដោយ​ក្រុ​ម​ហ៊ុន​ចិន​​សៀង​ហៃ ។ ​
ផ្លូវ​​​ចាក់​​​ក្រាល​កៅស៊ូ​​ដ៏​មាន​អត្ថ​ប្រយោជន៍​ផ្នែក​​សេដ្ឋ​កិច្ច​នេះ​បាន​ស្ថាបនា​​រួច​រាល់​ជា​ស្ថាពរ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​កន្លង​មក​​ហើយ ​​ទើប​តែ​​ពេល​នេះ​ចាប់​ផ្តើម​​ធ្វើការ​សម្ពោធ​​ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​​ស្ថាបត្យ​ករ​ចិន​ជា​ច្រើន​​ ​តំណាង​អង្គ​ទូត​ប្រចាំ​កម្ពុជា ឥស្សរ​ជន​​ជាន់ខ្ពស់​​របស់​រាជ​រដ្ឋា​ភិបាល​ ដៃ​គូ​អភិ​វឌ្ឍន៍ ព្រះ​សង្ឃ​​ សិស្សានុ​សិស្ស​ និង​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្ត​កំពង់​ធំ​​ជា​ច្រើន​ នាក់​​ ដែល​​រៀបចំ​​ប្រព្រឹត្ត​​ធ្វើ​ឡើង​​នៅ​ភូមិ​​វល្លិ៍​យាវ តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ ចម្ងាយ​ពី​ក្រុង​ស្ទឹង​សែន​ ប្រមាណ​​៧​គីឡូ​ម៉ែត្រ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ឯកឧត្តម​ អង្គ វង្សវឌ្ឍានា បានទទួលជួប ពិភាក្សាការងារ ជាមួយឯកឧត្តមChristian Connan ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា

ឯកឧត្តម​ អង្គ វង្សវឌ្ឍានា បានទទួលជួប ពិភាក្សាការងារ ជាមួយឯកឧត្តមChristian Connan ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ នៅក្រសួងយុត្តិធម៌ ឯកឧត្តម​ អង្គ វង្សវឌ្ឍានារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួប ពិភាក្សាការងារ ជាមួយឯកឧត្តម Christian Connanឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ស្តីពី ករណីឧក្រិដ្ឋកម្ម លើសំនុំរឿងជនជាតិបារាំង ។
 ឯកឧត្តម Christian Connan ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាមាន ប្រសាសន៌ថា ជាគោល​ការណ៌មុននឹងបញ្ចប់បេសក​កម្មការទូតរបស់ខ្លួននៅកម្ពុជានា ពេលខាងមខនេះ គឺឯកឧត្តមត្រូវធ្វើបច្ចុប្បន្នភាពនូវ​ករណីសំនុំរឿងទាំងអស់ ពីបញ្ហាជន ល្មើស ជនសង្ស័យ និងជនរងគ្រោះ​ដែលជាជនជាតិបារំាង នៅក្នុងកិច្ចការការ​គ្រប់គ្រង អាណត្តិការទូតរបស់ខ្លួន នៅក្នុង​ប្រទេសកម្ពុជានោះ​ និងបានស្នើសុំអោយក្រសួង យុត្តិធម៌ជួយផ្តល់ព័ត៌មាន ទាក់ទងនឹង​ដំណើរការរឿក្តីពាក់ព័ន្ធនឹងជនល្មើស ជនសង្ស័យ និងជនរងគ្រោះដែលជាជនជាតិបារាំងផងដែរ។
ជាកិច្ចឆ្លើយតមចំពោះការស្នើសុំពី ឯឧត្តមឯកអគ្គរដ្ឋទូត​បារាំងដែលបានស្នើសុំ អោយ​ក្រសួងយុត្តិ ធម៌​ជួយផ្តល់ព័ត៌មាន ទាក់ទងនឹងដំណើរការរឿក្តីពាក់ព័ន្ធ ជនល្មើស ជនសង្ស័យ និងជនរង គ្រោះដែលជាជនជាតិបារាំងនោះ ឯកឧត្តម​ អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៌ថា ក្រសួងយុត្តិធម៌តាមក្របខណ្ឌនៃកិច្ច សហប្រត្តិបត្តិការរវាងកម្ពុជា និង បារាំង ជាសមប្របសម្រួលក្នុងកិច្ចការ​​ទូតនៃប្រទេស ទាំងពីរក្នុងវិស័យយុត្តិធម៌នេះ ក្រសួងយុត្តិធម៌នឹងស្នើរសុំទៅខាង អាជ្ញាធរ តុលាការ ដើម្បីអោយជួយផ្តល់នូវព័ត៌មានអំពី ចំណាតការនៅក្នុងរឿងក្តី ដែលភាគីបារាំង បានស្នើរ សុំនោះ។ ឯកឧត្តមបន្តថា ចំពោះករណី​ទាកទងសំនុំរឿងនេះ  កឺកំពុងស្ថិតក្នុងការស៊ើប អង្កេត និងការស៊ើប​សួរ​ របស់តុលាការនៅឡើយទេ។

សិស្សានុសិស្ស២០៣៨នាក់ មកពីស្រុកចំនួនបី និងក្រុងមួយក្នុងមួយក្នុងខេត្ត ព្រះសីហនុ ចូលរួមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយៈភូមិ

សិស្សានុសិស្ស២០៣៨នាក់ មកពីស្រុកចំនួនបី និងក្រុងមួយក្នុងមួយក្នុងខេត្ត ព្រះសីហនុ ចូលរួមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយៈភូមិ
   សិស្សានុសិស្ស ជាបេក្ខជនចំនួន២០៣៨នាក់ មកពីគ្រិះស្ថានសិក្សាកំរិតមធ្យមក្រុងមួយ និងស្រុក៣ គឺ ក្រុងព្រះសីហនុ ស្រុកព្រៃនប់​ ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា បានមកចូលរួមប្រលង យកសញ្ញា ប័ត្រទុតិយៈភូមិ ដោយរៀបចំមណ្ឌលប្រលង នៅក្រុងព្រះសីហនុក្នុង នោះថ្នាក់វិទ្យាសាស្រ្ត ៣មណ្ឌល និងថ្នាក់សង្គម១​មណ្ឌល។
    ហើយការប្រលងប្រព្រឹត្តទៅ ក្រោមការត្រួតពិនិត្យ ដោយផ្ទាល់ពីសំណាក់ កឧត្តមសំ សំអាតអភិបាល រងខេត្តព្រះសីហនុ និងមន្រ្តីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពេល កាត់បើកវិញ្ញាសា និងត្រួតពិនិត្យការប្រលង ដែរតាមរបាយ ការណ៍របស់លោក វណ្ណ ឈួន អនុប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តព្រះសីហនុ សម័យប្រលង សញ្ញាប័ត្រទុតិយៈភូមិ នេះ នៅខេត្តព្រះសីហនុ បានដំណើរការ ក្រោមការយកចិត្តទុកដាក់រៀបចំ សហការពីក្រសួងអប់រំ យុវជន និងកីឡា និងអជ្ញាធរខេត្ត ខិតខំធ្វើយ៉ាងណា អោយការប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅប្រកប ដោយតុល្យភាព និងមានយុតិ្តធម៌ សំរាប់បេក្ខជន ចូលរួមប្រលងទាំងអស់។ ឆ្នាំ សិក្សា២០១២ នេះនៅខេត្តព្រសីហនុ មានបេក្ខជនចូលរួមប្រលង យកសញ្ញាប័ត្រទុតិយៈភូមិ ចំនួន ២០៣៨នាក់ មកពីគ្រិះស្ថានសិក្សា តាមបញ្ជាក្រុង និងស្រុកក្នុងខេត្តព្រះសីហនុ ដោយរៀបចំ មណ្ឌល ប្រលងក្រុង និងស្រុក ក្នុងខេត្តព្រះសីហនុ ដោយរៀបចំ មណ្ឌលប្រលងចំនួន៤ មណ្ឌលមាន ៨២បន្ទប់រយៈពេល ២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែសីហាឆ្នាំ ២០១២។

ពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិនៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ

ពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាប័ត្រ
មធ្យមសិក្សា ទុតិយភូមិនៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ
  ព្រឹកថ្ងៃទិ០៦ ខែសីហា ឆ្នាំ២០១២ នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ បានប្រារព្វពិធីបើក កញ្ចប់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព លោកស្រី ខូយ ប៊ុនថានអភិបាលរងខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពិថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តគណ កម្មាធិការប្រឡង និងសិស្សានុសិស្សជាច្រើនដែលជាបេក្ខជនប្រឡង   
          គ្រប់ឆ្នាំសិក្សា បេក្ខជនប្រឡង តែងប្រជុំគ្នាតាមមណ្ឌលរបស់ខ្លួនតាមកាលបរិច្ឆេតកំណត់ ជាក់លាក់មួយដែលរៀបចំឡើងដោយស្ថាប័នអប់រំ ជាមួយគ្នានេះឆ្នាំសិក្សា២០១១-២០១២​ការប្រ ព្រឹត្តទៅនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបើកសម័យប្រឡង របស់ខ្លួននៅថ្ងៃទី ០៦ ខែសីហានេះ  ។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅដូចគ្នានៅទូទាំង ប្រទេសកម្ពុជា   
          សូមបញ្ជាក់ថា នៅខេត្តព្រះវិហារមានមណ្ឌលប្រឡងចំនួន០៤មណ្ឌលមានបន្ទប់សរុប៥០ មានបេក្ខជនប្រឡងសរុ១២០២នាក់ ស្រី៥៣៤នាក់ ​ក្នុងនោះនៅក្រុងព្រះវិហារមាន០២ មណ្ឌល គឺមណ្ឌលវិទ្យាល័យជាស៊ីមជាមណ្ឌលផ្នែកសង្គមមាន២៥បន្ទប់មានបេក្ខជនប្រឡងចំនួន ៦២១ នាក់ ស្រី២៥៤នាក់ អនុវិទ្យាល័យហ៊ុនសែនត្បែងមានជ័យ ជាមណ្ឌលវិទ្យាសាស្រ្ត ពិតមាន១៥ បន្ទប់ ដែលមានសិស្សសរុបចំនួន៣៥៦នាក់ ស្រី១៧២នាក់ និងនៅស្រុករវៀងមាន០២មណ្ឌល គឺវិទ្យាល័យរវៀងជាមណ្ឌលផ្នែកវិទ្យាសាស្រ្តមានចំនួន០៥បន្ទប់ មានបេក្ខជនចំនួន១០៤នាក់ ក្នុង នោះស្រី៥០នាក់ និងមណ្ឌលអនុវិទ្យាល័យរវៀងជាមណ្ឌលផ្នែកសង្គម ដែលមាន០៥បន្ទប់ មានបេក្ខ ជនចំនួន១២១នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់  ។ ដោយឡែកទិដ្ឋភាពនៅវិទ្យា ល័យជាស៊ីម ត្បែងមានជ័យវេលាម៉ោង ៦:៥០នាទីព្រឹក សិស្សានុសិស្សនិងគណៈ កម្មការ ប្រឡងបានអញ្ជើញមក ដល់យ៉ាងច្រើនកុះករ ដែលមានឯកសណ្ឋានជាសិស្ស បានឈរជា ក្រុមតាមមុខបន្ទប់របស់ខ្លួនដើម្បី ត្រៀមខ្លួនចូលបន្ទប់ដើម្បីប្រឡង   
          មានប្រសាសន៍ក្នុងពិធីបើកស្រោមសំបុត្រវិញ្ញាសារ និងបើកការប្រឡងនេះ លោកស្រី ខូយ ប៊ុនថាន អផិបាលរងខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងផ្តាំផ្ញើរទៅ គណៈកម្មការព្រមទាំងមេប្រយោគ និងបេក្ខជនទាំងអស់ ឱ្យខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកបដោយឥរិយា បថ និងសេចក្តីថ្លៃថ្នូដោយប្រកាន់ឱ្យខ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន លោកស្រី បានជំរុញដល់សិស្សានុ សិស្សទាំងអស់ខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព រំលេចឱ្យ បាននូវខ្លឹមសារដែលប្អូន បាន សិក្សាកន្លងមក មកសរសេរឱ្យបានច្រើនហើយ ប្រកបដោយ ភាពសុក្រិត និងត្រឹមត្រូវជាមួយនេះ សូមប្អូនរក្សាឱ្យបាននូវភាពស្ងៀមស្ងាត់ប្រកាន់ ជាប់នូវ វិន័យក្នុងបន្ទប់ដែលកំពុងប្រឡង និងមិនត្រូវបង្ករឱ្យមានការលំបាកក្នុងការគ្រប់គ្រង របស់គណៈ មេប្រយោគក៍ដូចជាកម្មការប្រឡងនានា ក្នុងមណ្ឌលលោកស្រីអភិបាលខេត្តបានជំរុញ និងលើក ទឹកចិត្តដល់ប្អូនបេក្ខជនទាំងអស់ ត្រូវបង្កើនភាព ក្លាហាន ប្រកបដោយលក្ខណៈវិនិច្ឆ័យនិង ទទួលខុសត្រូវខ្ពស់ មិនត្រូវបណ្តែតបណ្តោយឱ្យពេលវេលា មានតម្លៃនេះកន្លងផុត ឬបាត់ស្មារតី ក្នុងការ ប្រឡងនេះឡើយ   

គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម ថ្កោសទោ​សសកម្មភាព​ញុះ​ញង់​នយោបាយ​

ភ្នំពេញ: គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​រាល់​ទង្វើ​សកម្មភាព​របស់​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​បាន​ប្រើប្រាស់​រូបភាព ជា​ចលនានយោបាយ ញុះញង់ តាមរយៈ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន​។​
​    ​
​លោក គឹម វណ្ណ​ឆេង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម បានលើកឡើង នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ ថា លោក​មាន​ការ​រន្ធត់​យ៉ាងខ្លាំង ចំពោះ​ករណី​ដែល​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២ កន្លងមក​ថ្មីៗ​នេះ ដែល​មាន​ព្រះ​ភិក្ខុ​នាម ថាច់ ធឿន គង់នៅ​វត្ត​សេរី​តាសេក ស្រុក​ត្រាំ​ង ប្រទេស​វៀតណាម ព្រះអង្គ​បាន​រងគ្រោះ ដោយសារ​ចលនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បណ្តាល​ឲ្យ​ព្រះអង្គ​លាចាក​សិក្ខាបទ ក្នុងករណី​ទាក់ទិន ជាមួយនឹង​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​ព្រះអង្គ មិន​អាច​ប្រកែក​បាន​។ 

​លោក គឹម វណ្ណ​ឆេង បានចាត់ទុក​ព្រឹត្តិការណ៍​ថ្មី ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០០៧ រហូត​ដល់​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០១២ ថា ជា​សកម្មភាព​ចលនា នយោបាយ​បែប​ស្រមោល របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដោយ​កំពុងតែ​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ជា​ទីបំផុត បាន​ធ្វើឲ្យ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ជិត ១០​អង្គ​ហើយ ត្រូវបាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​កម្ពុជា​ក្រោម បាន​ធ្វើការ​ចាប់​ផ្សឹក​ចោល​ទី​វត្ត​អារាម នេះ​ហើយ​ជា​សញ្ញា​មួយ​បាន​បញ្ជាក់​ឲ្យឃើញថា “​អស់លោក​ជា​មេដឹកនាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​មាន​ចេតនា​ចូលរួម​បំផ្លាញ​ខឿន​វប្បធម៌ ប្រពៃណី វត្ត​អារាម​កេរដំណែល​ដូនតា ដែល​មាន​ពូជសាសន៍រ​បស់​ខ្លួន ដោយ​ខ្លួនឯង​ហើយ​។ ពួកយើង​ទាំងអស់គ្នា សូម​ធ្វើ​ការប្រឆាំង​ដាច់ ខាត​រាល់​ទង្វើ​បែប ផែន​ញុះញង់​ណាមួយ​ឲ្យមាន​រូបភាព​ចលនា​បះបោរ​នៅក្នុង​រដ្ឋ​មួយ ក៍​ដូចជា​បណ្តាលឲ្យ​មាន​អាជ្ញាធរ​ចាប់ខ្លួន ដល់​ព្រះសង្ឃ​ព្រះពុទ្ធសាសនា និង​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាក់​ក្នុង​ពន្ធនាគារ​បែប​នេះ​តទៅទៀត​។​

​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​យ៉ាងទទូច​ចំពោះ​រាល់​សកម្មភាព ទាំងឡាយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​កន្លង​មក​ពួក​ខ្លួន​តែង​ធ្លាប់បាន​ពឹងផ្អែក​នឹង​កេងចំណេញ ចលនា​នយោបាយ​តាម​ខ្សែបណ្តាញ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នេះ​ជាប​បន្តទៀត ពុំនោះ​ទេ ពួកលោក​នឹង​ត្រូវ​ប្រឈមមុខ ចំពោះ​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ ជាក់​ជា​ពុំខាន​ឡើយ​៕​

បទវិចារ​ណកថា៖ ក្រុម​វង្វេង​រដ្ឋ​ធម្មនុញ្ញ