Friday, August 17, 2012

រើស​សំរាម​សំអាត​អនាម័យ​នៅ​ផ្សារ​នាគ​មាស​ ដែល​អាជីវករ​ធ្វើ​ឲ្យ​កខ្វក់​និង​គ្មាន​សណ្ដាប់ធ្នាប់​

ភ្នំពេញ​ ​៖ ​ផ្សារ​នាគ​មាស​គឺជា​ផ្សារ​លក់​បន្លែ​ផ្លែ​ឈើ​ឯកជន​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ ហើយ​ផ្សារ​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​ជាទី​ផ្សារ​មួយ​មាន​ភាព​កខ្វក់​គ្មាន​អនាម័យ​ ហើយ​ការ​រៀបចំ​សណ្ដាប់​ធ្លាប់​ក៏​មាន​លក្ខណៈ​មិន​ល្អប្រសើរ​ដែរ។
​ ​ដោយ​មើល​ល​ឃើញ​ពី​ភាព​កង្វក់​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​មិន​រៀបរយ​នេះ​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២​សាលាខណ្ឌ​ទួលគោក​រួម​ទាំង​ប៉ូលិស ប៉េអឹម និង សង្កាត់​ផ្សារ​ដើម​គរ​ផង ​បាន​ប្រារព្ធ​ពិធី​មួយ​ ដោយ​នាំគ្នា​ដើរ​រើស​សំរាម​នៅក្នុង​បរិវេណ​ផ្សារ​នេះ​ ដើម្បី​ជា​ការ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ ​អាជីវករ ​ពិសេស​លោក​ប្រធាន​ផ្សារ​ឲ្យ​ចេះ​ធ្វើ​អនាម័យ​បរិស្ថាន ​ដើម្បី​ឲ្យ​ទីផ្សារ​ទាំងមូល​មាន​សោភ័ណភាព​ដូច​ទីផ្សារ​ដទៃទៀត​ផង។
​ ​លោក សេង​រតនៈ អភិបាលខណ្ឌ​ទួលគោក​ដែល​បាន​ដឹកនាំ​មន្ត្រី​ក្រោមឱវាទ​ប្រមាណ​ ១០០​នាក់​ចុះ​ធ្វើ​ពិធី​នេះ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ផ្សារ​នាគ​មាស​កន្លងមក​មាន​បញ្ហា​១​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់​ ក្នុង​នោះ​គឺ​បញ្ហា​កង្វះ​សណ្ដាប់ធ្នាប់ ​បញ្ហា​សំរាម​ជិះ​ក្លិនស្អុយ​ក្នុង​ផ្សារ​១​ដែល​បណ្ដាលមកពី​ការ​ទុកដាក់​សំរាម​មិន​មាន​សណ្ដាប់ធ្នាប់​៕
ស្រីរ័ត្ន​

នគរបាល​ស្រុក​មេមត់​ប្រជុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នគរបាល​វៀតណាម ដើម្បី​បង្កើន​គុណភាព​ការពារ​សុវត្ថិភាព​ព្រំដែន​

កំពង់ចាម​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​សីហា​ឆ្នាំ​២០១២​ កន្លង​មក​នេះ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ខេត្ត​កំពង់ចាម​ បាន​ធ្វើ​ពិធី​ប្រជុំ​រវាង​នគរបាល​ស្រុក​មេមត់ ​និង​នគរបាល​ស្រុក​ឡុ​ក​និ​ញ ខេត្ត​ប៊ិ​ញ​ភឿ​ក  ​និង​ស្រុក​តិ​ង​ចូ​វ ខេត្ត​តៃនិញ ​ប្រទេស​វៀតណាម​ បាន​ធ្វើ​ពិធី​ប្រជុំ​រួមគ្នា​ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ទៀត ​លើ​ការ​រក្សារ​សុវត្ថិភាព​ និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​
ពិធី​នេះ​បានធ្វើ​ឡើង​ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ពី​លោក​ឧត្ដមសេនីយ៍ ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម ព្រមទាំង​លោក​វរសេនីយ៍ឯក ប៊ុ​ម ប៊​ន ស្នងការរង លោក​វរសេនីយ៍ទោ ឆាយ សុខា ប្រធានការិយាល័យ​នគរបាល​សេដ្ឋកិច្ច នាយការិយាល័យ​ជំនាញ​ជាច្រើនរូប និង​លោក​អភិបាលរង​ស្រុក​មេមត់​។​ចំណែក​ខាង​ភាគី​វៀតណាម​រួមមាន ប្រធាន​អនុប្រធាន​នគរបាល​ស្រុក​ចំនួន​២​រូប ព្រមទាំង​ផ្នែក​ជំនាញ និង​នគរបាល​ឃុំ​មួយចំនួន​។​
នៅក្នុង​ឱកាស​នោះ​លោក ឯម កុសល អធិការនគរបាល​ស្រុក​មេមត់ បាន​មានមតិ​ស្វាគមន៍ សំ​ណែ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្ដមសេនីយ៍ ឆាយ គឹម​សុន ស្នងការ​ខេត្តកំពង់ចាម និង​លោក​ប្រធាន អនុប្រធាន​នគរបាល​ស្រុក ឡុ​ក​និ​ញ និង​ស្រុក​តឹង​ចូ​វ ប្រទេស​វៀតណាម ដែល​បាន​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ប្រកបដោយ​ភាព​ស្និត​ស្នាល​អស់ពី​ចិត្ត​ពី​ថ្លើម ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព​យ៉ាង​កក់ក្ដៅ​ជាទីបំផុត​។​សកម្ម ភាព​ទាំងអស់នេះ​ពិតជា​បានបញ្ជាក់​យ៉ាងច្បាស់ ពី​ការខិតខំ​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងបី (​នគរបាល​ស្រុក​មេមត់ ឡុង​និ​ញ និង​តឹង​ចូ​វ​)​ដើម្បី​ពង្រឹង​បន្ថែមទៀត​លើ​ការទប់ស្កាត់​បទល្មើស​ស​ព្វ បែបយ៉ាង​ដែល​កើតមាន​ឆ្លងដែន​រវាង​ស្រុក​ទាំងបី​៕
ដា​នី​ន​

ចាប់​ពលរដ្ឋ​អូស​.​កបាញ់​​ឆៅៗ​មុខ​មហាជន​បណ្ដាល​ឲ្យ​របួស​ធ្ងន់​

ប៉ោយប៉ែត ​៖ ​ស្នូរ​កាំភ្លើង​ដែល​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​ប៉ោយប៉ែត​ផ្អើល​ភ្ញៀវ​ទេសចរណ៍​រត់​ជាន់​ជើង​គ្នា​ដួល​ពេញ​លើ​ផ្លូវ​ជាតិ​លេខ​៥ ​ទាំង​ពលរដ្ឋ ទាំង​ភ្ញៀវ​ ដោយសារតែ​ប៉ូលិស​ទំនើង​ម្នាក់​ចាប់​កម្មករ​កាត់ដេរ​យក​មក​បាញ់រះ​បណ្ដាល​ឲ្យ​របួសធ្ងន់ ​រួច​រត់​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព។
​ ​នៅក្នុង​ករណី​បាញ់បោះ​បណ្ដាល​ឲ្យ​ត្រូវ​កម្មករ​ម្នាក់​នោះ គឺ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ យប់​ក្នុង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ នេះ​នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
​ ​នៅ​កន្លែង​កើតហេតុ​ត្រូវ​សាក្សី​ជាច្រើន​អះអាង​ដូចៗ​គ្នា​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មានការ​ផឹកស៊ី​ពីរ​វង់​ដាច់ដោយឡែក​ពីគ្នា​។
​ ​សាក្សី​បាន​បន្តទៀតថា ឈ្មោះ សួង កុសល ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ​កាត់ដេរ​បាន​ផឹកស៊ី​នៅ​ក្នុងផ្ទះ​របស់ខ្លួន​។ ឯ​ឈ្មោះ កៀង សាវុធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មានមុខ​របរ​លក់​ហ្គាស៍​ ក៏​កំពុង​ផឹកស៊ី​នៅក្នុង​ផ្ទះ​របស់​ខ្លួន​ផង​ដែរ ​មួយសន្ទុះ​ក្រោយមក​គេ​ក៏​បានឮ​សំឡេង​ឌឺដង​សំដី​ដាក់គ្នា​ទៅ​ទៅវិញទៅមក​រហូត​ក្លាយជា​ជំលោះ​កាន់តែ​ធ្ងន់ធ្ងរ ស្រាប់តែ​ឈ្មោះ កៀង សាវុធ បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ សៀក សៅ​ឌី ដែល​ជា​អតីត​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ក៏បាន​បាញ់​ជនរងគ្រោះ​ឲ្យ​របួស​ធ្ងន់ធ្ងរ​តែម្ដង​៕
ពៅ​រី​

សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​កំពង់​ក្ដុល​

ភ្នំពេញ​ ៖ ​សមិទ្ធផល​នានា​ក្នុង​វត្ត​កំពង់​ក្ដុល​ស្ថិត​ក្នុង​សង្កាត់​សាក់​សំពៅ​ ក្នុង​ខណ្ឌដង្កោ​កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ​ខែ​សីហា​ ឆ្នាំ​២០១២​ ត្រូវ​បាន​រៀបចំ​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក​ នុត ពុធ​ដា​រ៉ា ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ​និង ​ជា​ប្រជាពលរដ្ឋចូល​រួម​យ៉ាង​ច្រើន​កុះករ។
​ ​យោង​តាម​របាយការណ៍​របស់​លោក អ៊ឹម គង់​ចៅ​សង្កាត់រង​ទី​១ សង្កាត់​សំពៅ​បាន​ឲ្យ​ដឹង​ថា វត្ត​កំពង់​ក្តុល​នេះ​មាន​អាយុកាល​ចំនួន​២៥៦​ឆ្នាំ​មក​ហើយ​ ដែល​មាន​ចៅអធិការ​វត្ត​ចំនួន​១២​ព្រះអង្គ​ដែល​ធ្លាប់​មកកាន់​កាប់​គ្រប់គ្រង​វត្ត​នេះ​ ដែល​ចុង​ក្រោយនេះ​មានព្រះអង្គ​មៀ​ច សុវណ្ណ​ កំពុង​ដឹកនាំ​កសាង​អភិវឌ្ឍន៍​បាន​រីក​ចំរើន​ដូច​សព្វថ្ងៃនេះ​៕

អភិបាល​ខណ្ឌ​ដូនពេញ​ដឹកនាំ​កំលាំង​ជាង​១០០​នាក់​ចុះ​បាញ់​ទឹក​និង​បោស​សំអាត​បរិស្ថាន​នៅ​តាម​មាត់​ច្រាំងទន្លេ​

ភ្នំពេញ ​៖​ ដើម្បី​ថែរក្សា​សោភ័ណភាព​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​បរិស្ថាន​ល្អ​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរ​ជាត់​មក​ទស្សនា​អង្គុយ​កំសាន្ត​លេង​នៅ​តាម​មាត់​ច្រាំងទន្លេ​ឲ្យ​បាន​ច្រើន​កុះករ​នោះ​ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​សីហា​ឆ្នាំ​២០១២​នេះ​ ដែរ​លោក​សុខ សម្បត្តិ អភិបាលខណ្ឌ​ដូនពេញ​បាន​ដឹកនាំ​កំលាំង​សាលាខណ្ឌ​និង​កំលាំង​សង្កាត់​ទាំង​១១​សង្កាត់​សរុប​ជាង​១០០​នាក់​ចុះ​បោសសំអាត​បាញ់​ទឹក​លាង​តាម​មាត់ច្រាំង​ទន្លេ​ពី​ចំណុ​ច​ខាង​មុខព្រះបរមរាជវាំង​រហូត​ដល់​ខាងមុខ​ផ្សារ​រាត្រី​ឲ្យ​មាន​បរិស្ថាន​ល្អ។
ក្នុង​សកម្មភាព​នា​ព្រឹក​នោះ​ដែរ​លោក​សុខ សម្បត្តិ​អភិបាលខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍ថា​ការ​ចុះ​មក​សំអាត​អនាម័យ​នៅ​តាម​ដង​មាត់ច្រាំង​ទន្លេ​នេះ​ក្នុង​គោលបំណង​ឲ្យ​យើង​ទាំងអស់គ្នា​ចូលរួម​ថែរក្សា​អនាម័យ​ដើម្បីឲ្យ​ទីក្រុង​របស់​យើង​មាន​សោ​ភ័​ណ្ឌ​ភាព​អនាម័យ​ល្អ​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​និង​នាំគ្នា​អង្គុយ​គយគន់​លេង​តាម​មាត់ទន្លេ​ព្រោះ​កន្លងមក​មាត់ច្រាំង​ទន្លេ​នេះ​តែងតែមាន​ជនអនាថា​មក​បន្ទោបង់​បោះចោល​សំរាម​ធ្វើឲ្យមាន​ក្លិ​ន​ស្អុយ​ឆ្អេះឆ្អាប​ដូច្នេះ​ទើប​នៅ​ព្រឹក​នេះ​លោក​ដឹកនាំ​កំលាំង​សាលាខណ្ឌ​និង​កំលាំង​សង្កាត់​ទាំង​១១​ជាង​១០០​នាក់​នាំគ្នា​ចូលរួម​សំអាត​អនាម័យ​នៅ​តាម​មាត់​ច្រាំងទន្លេ​ចាប់ពី​ខាងមុខ​ព្រះបរមរាជវាំង​រហូត​ដល់​ខាងមុខ​ផ្សារ​រាត្រី​ហើយ​សកម្មភាព​បែបនេះ​លោក​បាន​ចាត់​កំលាំង​សាលា​ខណ្ឌ​បន្ត​ចុះ​សំអាត​ក្នុង​មួយ​សប្ដាហ៍​ម្តង​ដើម្បីអោយ​មាត់ច្រាំង​ទន្លេ​មាន​សោភ័ណភាព​និង​អនាម័យ​ល្អ​ឡើងវិញ​៕

សាខា​គយ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចុះ​ចាប់​ម៉ូតូ​អត់​ពន្ធ​នាំចូល​

ឧត្តរមានជ័យ ​៖​ កម្លាំង​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ឧត្តរមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​ចុះ​ត្រួត​បង្ក្រាប​ឃាត់​រថយន្ត​និង​ទោចក្រយានយន្ត​គ្មាន​ពន្ធ​នាំចូល​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ។
ការ​ចុះ​ត្រួតពិនិត្យ​នេះ​នៅ​វេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល ​នៅក្នុង​ស្រុក​អន្លង់វែង ​ដោយ​ដកហូត​ម៉ូតូបាន​ចំនួន​១២​គ្រឿង និង សង្កាត់​អូរ​សាច់​បាន​ចំនួន​១០​គ្រឿង​ផង​ដែរ ​សរុប​ចំនួន​៣​កន្លែង​នេះ មាន​ចំនួន​២៣​គ្រឿង បញ្ចូន​ទៅ​សាខា​គយ និង រដ្ឋាករ​ខេត្ត​ឧត្តរមានជ័យ​៕

វេទិកាផ្សព្វផ្សាយ ថ្នាក់តំបន់ស្តីពីអំពើហិង្សាទាក់ទិន និងយេនឌ័រក្រោមប្រធានបទ "បុរសល្អ"

 លោកជំទាវវេជ្ជបណ្ឌិត ខៀវ សិរីវុឌ្ឍា អគ្គនាយក នៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងលោក ហួន វ៉ាន់និត អភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ធំ បានអញ្ជើញ ចូលរួមក្នុងវេទិកា  ផ្សព្វផ្សាយថ្នាក់តំបន់ ស្តីពីអំពើហិង្សា ទាក់ទងនិងយេន ឌ័រក្រោម ប្រធានបទ"បុរសល្អ នៅក្នុងសណ្ឋាគារអរុណរៈ  វេទិកានេះរៀបចំឡើង ដោយ ក្រសួងកិច្ចការនារី និងឧបត្ថម្ភថវិកា ដោយអង្គការសន្តិភាព
និងអភិវឌ្ឍន៍ ( PYD) ដែលមានសិក្ខា កាមចូលរួម ជាស្រ្តីមកពីខេត្តចំនួន៤គឺ ឧត្តរមានជ័យសៀមរាប ​ព្រះវិហារ នឹងកំពង់ធំ សរុប ៥០នាក់។លោកសុខសុគន្ធា តំណាងអង្គ ការសន្តិភាពនិងអភិវឌ្ឍន៍មាន ចំណាប់អារម្មណ៍ថា តាមរយៈវេទិកានេះ និងធ្វើឲ្យ បុរស ផ្លាស់ប្តូរផ្នត់គំនិតចាស់បែបអវិជ្ជា មាន លើស្រ្តី ហើយចាប់ ផ្តើមមាន ភាពសុខ ដុមរមនាជាបណ្តើរៗជាមួយ ស្រ្តី។បន្ទាប់មក លោក ហួន វ៉ាន់និត និងលោក ជំទាវខៀវ សិរីវុឌ្ឍាបានមានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋា ភិបាលកម្ពុជា បានគិតគូរ យកចិត្តទុក ដាក់ ចំពោះស្រ្តីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និង ជាដៃគូរយ៉ាង សំខាន់ក្នុងការ អភិវឌ្ឍន៍ សង្គមគ្រួសារ និងសង្គមជាតិ ផ្តើមចេញពី នេះយើង បានជំរុញឲ្យមានការ ចូលរួមគាំទ្រ យ៉ាងសកម្មពីបុរស ដើម្បីលុបបំបាត់ អំពើ ហិង្សា និងឥរិយា បថខុស ឆ្គងមួយចំនួនដែល ពួកគាត់យល់ថា ទាំងនោះ គឺជាសិទ្ធិរបស់ គាត់មាន តាំងពី កំណើតមក។ចុងក្រោយ គណៈអធិបតីបានធ្វើការ ផ្តាំផ្ញើដល់ សិក្ខាកាម ទាំងអស់ក្រោយពីទទួលបាន បទពិ សោធន៍ ចំណេះដឹង  ចំណេះធ្វើ  ពីវេទិកានេះ សូមយក ទៅធ្វើការផ្សព្វផ្សាយបន្ត ឲ្យបានទូ លំទូលាយដើម្បី ជាប្រយោជន៍ ក្នុងការអភិវឌ្ឍន៍គ្រួសារសហគមន៍ សង្គមរួមចំណែកកាត់បន្ថយ អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិទាំង មូល៕

ប្រធានមន្ទីរធនធានទឹកធនធានទឹក និងឧតុនិយមខេត្ត ឧត្តរមានជ័យជួយបូមទឹកសង្គ្រោះស្រូវកសិករ នៅស្រុកបន្ទាយអំពិល

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍និង រីកចម្រើនជាបន្តបន្ទាប់គួរជាទី មោទនៈ។
វិស័យធនធានទឹកត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអទិភាពមួយនៃយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី២ ក្នុងការរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។ អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាការណែនាំ របស់ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ ជានិច្ចកាលមិនថាយប់ឬថ្ងៃនោះឡើយ តែងតែបានធ្វើ សកម្មភាពនានាទាក់នឹងវិស័យធនធានទឹក ជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០១២នេះ លោក ឃិន ញ៉ាន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ត្រី ក្រោមឧវ៉ាទ បានអញ្ជើញចុះជាសកម្ម ទៅជួយអន្តរាគមន៍បូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវ ដល់ប្រជាកសិករដែល ទទួលរងគ្រោះដោយគ្រោះរាំងស្ងួតចំនួន៦ភូមិ.ក្នុង..ឃុំ២,គឺ គោគ មន និងឃុំបេង ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
លោក ឃិន ញ៉ាន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានប្រសាសន៍ថាៈ ដោយសារធាតុអាកាសរាំងមិនមានភ្លៀងរយៈពេលប្រមាណពីរខែជាប់គ្នានេះបានបណ្ដាល ឲ្យស្រូវប្រជាពលរដ្ឋជាច្រើន ពាន់ហិកតាបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ។ លោកបន្តថាៈ ដោយមើលឃើញស្ថានភាពដូចនេះ ដើម្បីដោះស្រាយចំពោះមុខតាមការ ជាក់ស្ដែង ដើម្បីរួមចំណែកកាត់បន្ថយ ក៏ដូចជាសម្រាលការលំបាក របស់ប្រជាកសិករ យើង លោក នឹងមន្ត្រីក្រោមឧិវាទបាននាំយកនូវម៉ាស៊ីន មកជួយអន្តរាគមន៍បូមទឹក ដាក់ ប្រឡាយបង្ហៀរចូលស្រែ ដើម្បីជួយសង្គ្រោះស្រូវរបស់ពួកគាត់ជាបន្តបន្ទាប់ ។ ជាលទ្ធផលនៃការចុះ បូមក្នុងរយៈពេលមួយថ្ងៃនេះក្នុងឃុំពីនៅស្រុងចុងកាល់ នេះពាន ចំនួន៧០ហិចតា ។ ហើយប្រជាពលរដ្ឋ ម្ចាស់ ស្រែដែលបានចូលរួមនាពេលនោះ បាននាំគ្នាថ្លែងអំណរគុណ ដល់មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត ក៏ដូចជាអជ្ញាធរ ជាពិសេសនោះគឺសូមថ្លែងអំណរគុណ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានជួយយកចិត្ត ទុកដាក់គិតគូរពីបញ្ហាគ្រោះរាំងស្ងួតនៅពេលនេះ ដែលនេះគឺជា ការសបញ្ជាក់ពីការ យកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរដោះស្រាយរាល់ការលំបាករបស់ កសិករ យើង។   

ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង ចុះសួរសុខទុក្ខ​យុវជន​ស្ម័គ្រចិត្ដ នៅ​ស្រុក​សាមគ្គី​មានជ័យ​

កំពង់ឆ្នាំង: ប្រតិភូ​មួយក្រុម​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ យុវជន​ស្ម័គ្រចិត្ដ ក្រុមទី​៨៩ ដែល​កំពុង​បំពេញការងារ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។​
​    ​
​នៅក្នុង​ឱកាស​នោះ ប្រតិភូ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​នាំយក​សាច់គោ​ចំនួន ២០ គីឡូក្រាម ទឹកត្រី ១៥ យួរ ទឹកស៊ីអ៊ីវ ៩​យួរ ប្រេងឆា ៣​ធុង ប្រហុក ៣០​គីឡូក្រាម ត្រីងៀត ១០​គីឡូក្រាម ស្ករស ៦​គីឡូក្រាម ទឹកបរិសុទ្ធ​ចំនួន ១៥​កេះ មី​ចំនួន ១៥​កេះ ត្រីខកំប៉ុង​ចំនួន ៣​កេះ​ធំ ប៊ីចេង​ចំនួន ៦​គីឡូក្រាម ខ្ទឹមស​ចំនួន ៦​គីឡូក្រាម ស្ពៃក្ដោប ១០​គីឡូក្រាម  ផ្លែ​ល្ពៅ ១០​គីឡូក្រាម ផ្លែ​ត្រឡាច​ចំនួន ១០​គីឡូក្រាម អង្ករ​ចំនួន ១០០​គីឡូក្រាម ប្រេងសាំង​ចំនួន ១០០​លីត្រ កង្ហារ ៣​គ្រឿង រ៉ូឡូ​ខ្សែភ្លើង​ចំនួន ៣ និង​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល ដែល​សរុប​ថវិកា​ទាំងអស់​ស្មើនឹង ៤.៤៥៣.០០០ រៀល ទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ដ មន្ដ្រី​ជំនាញ​សុរិយោដី និង​កម្លាំង​ការពារ ដែល​កំពុង​បំពេញការងារ​វាស់វែង​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។​
​    ​
​មាន​ប្រសា​ន៍​នៅក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​ទឹក​ចិ​ត្ដ​ដ៏​មោះមុត នៃ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ទាំងអស់ ក្នុងការ​ចូលរួម​បំពេញ​បេសកម្ម​ដ៏​ធំធេង ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ដ​ន៍​នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​នាពេលនេះ​។​

​លោកស្នងការ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ក្រុមយុវជន​ទាំងអស់ អោយ​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​អោយបាន​ល្អ ហើយ​បើ​មាន​បញ្ហា​អ្វី ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ជួយ​អន្ដរាគមន៍ អោយបាន​ទាន់ពេលវេលា​៕​

ក្រសួងមហាផ្ទៃ រង់ចាំ​ពិនិត្យ​សំណុំ​បែបបទ​សុំ​ចុះបញ្ជី​គណបក្សប្រឆាំង​ថ្មី "​គណបក្សសង្គ្រោះ​ជាតិ​"

ភ្នំពេញ: សម្ព័ន្ធភាព​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​ថា នឹង​នាំយក​សំណុំបែបបទ ទៅ​ចុះបញ្ជី​គណបក្សប្រឆាំង​រួម​គ្មា​ថ្មី​មួយ ដែល​មានឈ្មោះ​ថា "​គណ​បក្ស​​សង្គ្រោះ​ជាតិ​" នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២ នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​​ច្បាប់ ស្តីពី គណបក្សនយោបាយ​។ រីឯ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ស្ថាប័ន​មួយ​នេះ រង់ចាំ​ពិនិត្យ​លើ​សំណុំបែបបទ​នោះ មុន​នឹង​សម្រេច​ថា យល់ព្រម ឬក៏​បដិសេធ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា "​ក្រសួងមហាផ្ទៃ បើកទ្វារ​ធ្វើការ​រហូត ហើយ​​ការសម្រេច​ចុះ ឬ​មិន​ចុះ គឺ​មិនមែន​ថា ដាក់​ភ្លាម​មក ហើយ​យើង​សម្រេច​ភ្លាម​ទេ​ គឺក្រសួងមហាផ្ទៃ មាន​រយៈពេល ១៥ ថ្ងៃ ដើម្បី​ធ្វើ​ការងារ ក្នុង​ការឆ្លើយ​ទៅ​តាម​ច្បាប់ ( ច្បាប់​​ស្តីពី​គណបក្សនយោបាយ )"​។​

​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ត្រូវ​បំពេញ​បែបបទ យក​ទៅ​ចុះ​ឈ្មោះ ជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២​។​

​គណបក្សប្រឆាំង​ថ្មី​នោះ មាន​លោក​សម​រង្ស៊ី ធ្វើជា​ប្រធាន​គណៈកម្មាធិការ​បណ្តោះ​អាសន្ន ដែលមាន ៧ រូប ( មកពី​គណបក្ស​សមរង្ស៊ី ៤ រូប និង​គណបក្ស​សិទ្ធិមនុស្ស ៣ រូប )​។ រីឯ​លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន​នោះ​។​

​ក៏​ប៉ុន្តែ​លោក​សម​រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស មានឈ្មោះ​ជា​ទណ្ឌិត ឬ​អ្នក​ជាប់​ទោស ដោយ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ជា​ស្ថាពរ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ចុងឆ្នាំ​២០០៩​។​

​ក្នុងករណីនេះ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​លើកយក​មាត្រា​មួយចំនួន ក្នុង​ច្បាប់​បោះឆ្នោត និង​ច្បាប់​គណបក្សនយោបាយ ដើម្បី​ធ្វើ​ជា​សំអាង​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​មានប្រសាសន៍ថា "​ក្នុង​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ បានកំណត់​ច្បាស់​ថា ទណ្ឌិត មិន​អាច​បោះឆ្នោត និង​មិន​អាច​ឈរ​ឈ្មោះ ឲ្យគេ​បោះឆ្នោត​បាន​ទេ​។ អីចឹង​ករណីនេះ ច្បាស់​ហើយ​ថា លោក​សម​រង្ស៊ី មិន​អាច​ឈរឈ្មោះ ជា​តំណាងរាស្ត្រ​បានទេ​។ ប៉ុន្តែ​ក្នុង​ច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់​បាន​ចែង ថា​តើ​ទណ្ឌិត មិន​អាច​ធ្វើជា​ប្រធាន​បក្ស​បាន​នោះ​ទេ​។ វា​មិន​ទាន់​មាន​កន្លែង​ណា កំណត់ ចែង​ដូច្នេះ​ទេ​"​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​បន្ថែមថា ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ ១៥ ថ្ងៃ ក្រោយពី​ទទួល​សំណុំបែបបទ សុំ​ចុះ​ឈ្មោះ​គណបក្ស​ថ្មី ដើម្បី​ឆ្លើយតប​ថា ទទួល​ចុះ ឬ​ក៏​មិន​ទទួល​ចុះបញ្ជី​ជា​ផ្លូវការ សម្រាប់​គណបក្ស​ថ្មី​នោះ​។​

​សូម​រម្លឹកថា លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី និង​លោក កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ចុះហត្ថ​លេខា​​ជាថ្មី កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មុន​នឹង​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​រួមគ្នា ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១២៕​

កម្ពុជា​សម្រេច​បណ្ដេញ​ជនជាតិ​ចិន ១៥ នាក់ ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ

ភ្នំពេញ: ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានសម្រេច​បណ្ដេញ​ជនជាតិ​ចិន ១៥ នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន កាលពីសប្តាហ៍មុន ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ឆ្លងដែន ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ថឺណេត ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​វិញ​ហើយ​។  ការសម្រេច​នោះ បាន​ធ្វើ​ឡើង តាមរយៈ​លិខិត​មួយច្បាប់ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃ​ទី​១៧​សីហា ឆ្នាំ​២០១២ ថា "​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ( ឯកឧត្តម ស ខេង ) បាន​ចុះហត្ថលេខា លើ​ករណី​ជនជាតិ​ចាប់ជំរិត​នោះ រួចហើយ កាល​ពី​ថ្ងៃមិញ​។ ដូច្នេះ ក្រោយ​ការចុះហត្ថលេខា មួយ​សប្តាហ៍​យ៉ាងយូរ គឺ​ជនជាតិ​ចិន​ទាំងនោះ ត្រូវ​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​"​។​

​សូម​រម្លឹកថា ជនជាតិ​ចិន​ចំនួន ១៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កម្ពុជា ឃាត់ខ្លួន នៅផ្ទះសំណាក់ អប្សរា ក្នុង​ក្រុង​ច្បារ​ខេត្ត​មន ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២​។ ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង ១៥​នាក់​នោះ គឺជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​​កម្ពុជា ចាប់ខ្លួន​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ​ការ​គំរាម​​ទារ​ប្រាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ គិត​មកដល់ពេលនេះ មាន​ចំនួន​សរុប ២៣១ នាក់​។​

​ករណី​ទី​១ សមត្ថកិច្ច​របស់​នគ​របាល​ជាតិ​កម្ពុជា ចាប់បាន ១៦៧ នាក់ (​ស្រី ៤៩ នាក់​) កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១១ នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង និង​នៅ​រាជធានី​ភ្នំពេញ​។​

​រីឯ​លើក​ទី​២ សមត្ថកិច្ច ចាប់​បាន​ជនជាតិ​ចិន ៤៩ នាក់ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ និង​បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ទាំងនោះ ទៅកាន់​ប្រទេស​ចិន​វិញ​។ 

​ចំណែក​ករណី​ទី​៣ នៅ​ថ្ងៃ​៨ ខែ​សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ចាប់បាន ១៥ នាក់ នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​៕​

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​ឱ្យ​ទាហាន បង្ក្រាប​កុងត្រូលជជុះ និង​កុំ​រកស៊ី​ឈើ​


ព្រះវិហារ: លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អនុប្រធាន​ទី​១ គណៈបញ្ជាការ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ព្រមាន​ដោយ​ពាក្យសម្តី​ធ្ងន់ៗ ទៅកាន់​នាយទាហាន និង​កង​នគរបាលជាតិ​ជាន់ខ្ពស់​ជាច្រើនរូប ដែល​សុទ្ធសឹងតែ​ជា​អ្នកទទួលខុសត្រូវ នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ គឺ​ធ្វើយ៉ាងណា​បង្ក្រាប​កុងត្រូលជជុះ និង​គេចចេញ​ឱ្យ​ផុតពី​បទល្មើស​ព្រៃឈើ​។ 
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជូន​សារ វិស្វកម្ម​កាំភ្លើង​ធំ រថក្រោះ ការពារ​អាកាស ទ័ពព្រៃ និង​យុទ្ធវិធី​ថ្មើរជើង ទប់ទល់​ការពារ​ទីតាំង ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣ តំបន់​ពាក់​ស្បែក ក្នុងស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២​។ 

​អ្វី ដែល​សំខាន់បំផុត​នោះ ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​ចូលរួម​នោះដែរ មាន​លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន បញ្ជាការ​អង្គរក្ស និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤​។
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​និយាយ​យ៉ាង​ចំហ​នៅ​ចំពោះមុខ​នាយទាហាន​, នាយទាហានរង និង​ពលទាហាន​ដែល​ចូលរួម​នៅ​ទីនោះ​ថា កុងត្រូលជជុះ​គឺជា​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជា​ធរមាន​នៅឡើយ ហេតុនេះ​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវតែ​បង្ក្រាប​កុងត្រូលជជុះ​នោះ​ឱ្យខាងតែបាន​។ 
​    ​
​លោកនាយ​ឧត្ដមសេនីយ៍​កងទ័ព​រូ​ប​នោះ ក៏បាន​និយាយ​យ៉ាង​ដូច្នេះ​ថា កុងត្រូលជជុះ​បច្ចុប្បន្ន​នៅតែ​កើតមាន​ជា​ហូរហែរ​តែ​កងកំលាំងប្រដាប់អាវុធ​របស់​យើង​ហាក់ដូចជា មិន​មានការ​រហ័សរ​ហួន​បង្ក្រាប​កុងត្រូលជជុះ​ទាំងនោះ​។ ការ​ស្ពឹក​ស្រពន់ ត្រូវតែ​ភ្ញាក់រលឹក​ឡើងវិញ ហើយ​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​កុងត្រូល​ទាំងនោះ តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​។ 

​លោក គន់ គីម បន្ដថា បើ​ថ្នាក់​ធំៗ​មិន​បង្ក្រាប​លោក​ស្នើឱ្យ​មន្ដ្រី​យោធា​ថ្នាក់ក្រោម​បង្ក្រាប និង​ពួកគេ​អាច​បំពាក់អាវុធ​នៅនឹងកន្លែង​ឱ្យធ្វើជា​ប្រធាន ខ​, ប្រធាន គ និង​ប្រធាន​វរៈ​នៅ​ទីនោះ​តែម្ដង​។ ព្រោះ​ពួកគេ​ជា​អ្នក​បញ្ចេញស្នាដៃ​ខណៈ ពេលដែល​មេ​របស់ខ្លួន​ភ្លេចខ្លួន​ក្នុងការ​បង្ក្រាប​កុងត្រូលជជុះ​។ 
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​និយាយទៀតថា កន្លងមក​មាន​កងពល​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​និង​ការរកស៊ី​ឈើ ប៉ុន្ដែ​ឥឡូវ​ក្រោយពី​កងពល​ទាំងនោះ បានទទួល​ការស្ដីបន្ទោស​ពួកគេ​បាន​ផ្អាក​សកម្មភាព ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ លោក​បាន​ផ្ដាំ​ឱ្យ​ទាហាន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​បញ្ឈប់​ទាំងអស់ លែងឱ្យ​មានការ​ពាក់ព័ន្ធ​តទៅទៀត​។ 
​    ​
​លោក​និយាយថា បទល្មើស​ព្រៃឈើ​គឺជា​វិធានការណ៍​ក្ដៅ​មួយ ដោយ​យើងទាំងអស់គ្នា​ត្រូវតែ​គោរព​ដោយ​មិន​អនុវត្ដ​ផ្ទុយទៅនឹង​ច្បាប់​ជា​ធរមាន​ឡើយ​។ ហេតុនេះ យើង​មិនត្រូវ​គិត​អ្វី​ឱ្យ​ខុសពី​ផ្លូវច្បាប់ ហើយ​ងាក​មក​ប្រកាន់​នូវ​ជំហរ​អភិវឌ្ឍន៍​នៅតាម​កងពល​របស់ខ្លួន​ដើម្បី​ឈានទៅរក​ភាព​រីកចំរើន​ទៅ​ថ្ងៃ​អនាគត​។ 
​    ​
​ពាក់ព័ន្ធ​នឹង​ដី ដែល​បាន​ចែកជូន​គ្រួសារ​កងទ័ព ហើយ​មានការ​ទទួលខុសត្រូវ​តាម​បណ្ដា​កងពល​នីមួយៗ លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ក៏​ស្នើឱ្យ​មេ​កងពល​ទាំងនោះ ត្រូវ​បែងចែក​ឬក៏​ផ្ដល់ជូន​គ្រួសារ​កងទ័ព ឱ្យបាន​ស្មើរៗ​គ្នា​ដោយ​មិនត្រូវ​កេង​បន្លំ​អ្វី​ឡើយ​។ ក្នុងករណី មាន​ភាពមិន​ត្រឹមត្រូវ មន្ដ្រី​ប្រឆាំង​អំពើពុករលួយ គេ​នឹង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​នោះ​។
​    ​
​សូមបញ្ជាក់ថា ក្នុងឱកាស​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជូន​សារ វិស្វកម្ម​កាំភ្លើង​ធំ រថក្រោះ ការពារ​អាកាស ទ័ពព្រៃ និង​យុទ្ធវិធី​ថ្មើរជើង ទប់ទល់​ការពារ​ទីតាំង របស់​កងពល​អន្ដរា​គម​ន៍​លេខ​៣ លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បានផ្ដល់​ថវិកា​ចំនួន ១០​លាន​រៀល និង​ស្រា​បៀរ ១៥០​កេស សំរាប់​កងពល​ជប់លៀង​បញ្ចប់​វគ្គ​។ រីឯ​ក្រសួងការពារជាតិ ក៏បានផ្ដល់​អង្ករ ចំនួន ៤​តោន​, មាន​មី​, មាន​ត្រីខ​, មាន​ក្រ​ម៉ា​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​ជាច្រើន ដល់​កងពលធំ​លេខ​៣ ផងដែរ​៕

ក្លឹប​អ្នកកាសែត ជួបជុំ​និយាយ​ពី យេនឌ័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ភ្នំពេញ: ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ យេនឌ័រ ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា GADC បានរៀបចំ​សិក្ខាសាលា ស្តីពី យេនឌ័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១៧ រសៀល ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​សាន់វេ ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ពី ក​.​អ​.​ក បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្តល់នូវ​ចំណេះដឹង​ដល់​ភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី យេនឌ័រ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​យេនឌ័រ រួមមាន បញ្ហា​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ និង​មេរោគ​អេដស៍ បញ្ហាដីធ្លី ព្រមទាំង​តួនាទី​ដ៏ មាន​សារៈសំខាន់​របស់​ភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា ទាំងអស់នេះ​៕​

បង្ក្រាប​សកម្មភាព​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ និង​រក្សាទុក និង​កាន់កាប់​អាវុធ​ខុសច្បាប់​

ភ្នំពេញ: នៅ​ថ្ងៃទី ១៦ សីហា ២០១២ វេលា​ម៉ោង ១៥ និង ៣០ នាទី គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក  ( សាលាខណ្ឌ នគរបាល​ខណ្ឌ អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​គរ និង​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ) ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ហួត ចាន់​វាសនា អធិការ​ស្តីទី​នគរបាល​ខណ្ឌទួលគោក  បាន​ចុះបង្ក្រាប​ទីតាំង​ដែល​សង្ស័យ​ផ្តល់ ទីតាំង​ប្រើប្រាស់​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​រក្សាទុក និង​កាន់កាប់​អាវុធ​ខុសច្បាប់ ដែលមាន​ទីតាំងនៅ​ចំណុច​ហាង​លក់​កាហ្វេ​យីហោ ជី​ង ជី​ង ដែលមាន​ទីតាំងនៅ​ដី​ឡូ​តិ៍​លេខ​១៤ ផ្លូវ​លេខ​២០៦ ក្រុមទី​៣៥ ភូមិ​១៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នោះ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់ (​ប្រុស ៤​នាក់ ស្រី ២​នាក់​) ដែលមាន​ឈ្មោះ ទី​១. ជា ម៉េង​ហួត ហៅ​ហួត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជាជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​ម្ចាស់​ទីតាំង​) ទី​២. ឈ្មោះ កែវ រដ្ឋា ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជា​អ្នកលក់​កាហ្វេ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​ម្ចាស់​ទីតាំង​) ទី​៣.​ឈ្មោះ ឡេង ភារ​ម្យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ពុំមាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ទីតាំង​ខាងលើ (​ជា​ម្ចាស់​អាវុធ​) ទី​៤. ឈ្មោះ សុខ ស្រី​ពៅ ភេទ​ស្រី អាយុ ១៨​ឆ្នាំ នៅផ្ទះ ស្នាក់​នៅផ្ទះ​ពុំ​ស្គាល់​លេខ ផ្លូវលំ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ  ទី​៥.​ឈ្មោះ ង៉ែត សុខ​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​កម្មករ​លាង​រថយន្ត ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) និង​ទី​៦.​ឈ្មោះ ហួ គឹម​ហេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ ហ៊ុន សែន សណ្តែក ស្នាក់នៅ​ភូមិ​កា​ប៉ាល់ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) ។ 

​វត្ថុតាង​ដក​ហួត​ពី​ជនសង្ស័យ​ទាំង ៦​នាក់ រួមមាន ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Scoopy ពណ៌​ស ស៊េរី​ឆ្នាំ ២០១៣ គ្មាន​ស្លាក​លេខ អាវុធខ្លី​មួយ​ដើម​ម៉ាក រ៉ូឡូ មាន​គ្រាប់ ៤​គ្រាប់ ទូរស័ព្ទ​ចំនួន ៦​គ្រឿង និង​ទូរស័ព្ទ​ចិន​គ្មាន​ថ្ម ២​គ្រឿង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន លុយ​ដុល្លារ ២៥០​ដុល្លារ និង​លុយ​ខ្មែរ ២​ម៉ឺន​រៀល​។​

​ជនសង្ស័យ​ទាំង ៦​នាក់ រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​