Wednesday, August 22, 2012

យុវជន​ស្ម័គ្រចិត្ត​សម្ដេច​ហ៊ុន សែន ​ក្រៅពី​ការងារ​ធ្វើ​កិច្ចការ​មនុស្សធម៌​នាំ​យក​អំណោយ​ផ្ទាល់​ខ្លួន​ជួន​ជន​ក្រីក្រ​

បន្ទាយមានជ័យ ​៖ ​កាលពី​ថ្ងៃទី​ ២១ ​ខែ ​សីហា ​ឆ្នាំ​ ២០១២​ ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​ហ៊ុន សែន​ខេត្ត​បន្ទាយមានជ័យ ​ដែល​ដឹកនាំ​ដោយ​លោក ​រុន​តូ​ បាន​នាំ​យក​អំណោយ​របស់​សម្ដេច​ព្រះមហា​អរីយ​វង្ស ​សៅរ៍ ចន្ទ ថុល្ល ​ដល់​វត្ត​ចំនួន​៤ ​និង​អំណោយ​ផ្ទាល់​របស់​ក្រុម​យុវជន​ជូន​ដល់​គ្រួសារ​ខ្វះខាត​៤​គ្រួសារ។
ម្យ៉ាងទៀត​យុវជន​នៅ ខេត្តបន្ទាយមានជ័យ​ទាំងអស់​បាន​យក​អំណោយ​ផ្ទាល់ខ្លួន ផ្ដល់​ជូន​គ្រួសារ​ខ្វះខាត​ចំនួន​៤​គ្រួសារ​ដោយ​៣​គ្រួសារ​ទទួល​បាន​ថវិកា​៥​ម៉ឺន និង អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី ចំណែក​១​គ្រួសារ ទៀត​បាន​ថវិកា​១១​ម៉ឺន​រៀល ។ ដោយឡែក​វត្ត​ក្បាល​ទន្សោង​បាន​ទទួល​បន្ថែម​នូវ​ថវិកា​សំរាប់​ទិញ មុង , ភួយ ,អង្រឹង ប្រមាណ​ជាង ២០ ម៉ឺន​ទៀត។
​ ​លោក រុន តូ តំណាង​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​ហ៊ុន សែន​បានអោយដឹងថា ដោយ​ឆ្លៀត​ពី​ការងារ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ពួក​ខ្លួន​ធ្វើ​កិច្ចការ​មនុស្សធម៌​ដោយ​នាំ​យក​អំណោយ​ដែល​ខ្លួន​មាន​ចែក​ជូន​ដល់​គ្រួសារ​ខ្វះខាត​ក្នុងភូមិ​ដែល​ខ្លួន​ដឹង ។ សំភារៈ រួមមាន​ថវិកា​១០​ម៉ឺន​រៀល ស្បង់ជីវរ​២​សំរាប់ , សៀវភៅ​ធម៌​២០​ក្បាល ,ទឹកដោះគោ​១៥​កំប៉ុង , ត្រីខ ២០​កំប៉ុង , អូ​វ៉ាន់​ទីន ៤​កែវ សំរាប់​១​វត្តៗ ដែល​មាន​ចំនួន​៤​វត្ត គឺ​វត្ត​ក្បាល​ទន្សោង , វត្ត​ធ្លក , វត្ត​ប្រាសាទ​ត្បែង , ស្ថិតនៅ​ឃុំ​បន្ទាយឆ្មារ និង វត្ត​បន្សាយ​ធា​រាម​នៅ​ឃុំ​គោក​រមៀត៕
អ.ពៅ

បូក​សរុប​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​អាណត្តិ​ទី​៣​និង​លើក​ទិសដៅ​បន្ត​

កំពង់ធំ​ ៖ ​​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប្រាសាទ​សំបូរ​ ខេត្ត​កំពង់ធំ ​មាន​ពិធី​ប្រជុំ ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត ​ជ្រើសរើស​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៣​ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ការ​ត្រៀម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង ​រាស្ត្រ ​នីតិកាល​ទី ​៥​ ឆ្នាំ​២០១៣​ ក្រោម​អធិបតីភាព​ លោក ​ឈុន ឈន់ ​អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពង់ធំ ​និង​ជា​អនុប្រធាន​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​សណ្ដាន់​ ព្រមទាំង​លោក​ ផាន់​ សុ​ផេង ​ទីប្រឹក្សា​លោក ​ ងួន ញ៉ិល​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​និង​ជា​អនុប្រធាន​ក្រុមការងារ ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​សំបូរ ​ស្រុក​សណ្តាន់ ​ស្រុក​ស្ទោង​ ព្រមទាំង​សមាជិក​គណបក្ស​ទូទាំង​ស្រុក​ចូលរួម ​យ៉ាងច្រើន​កុះករ។
លោក ផាន់ សុ​ផេង បាន​មាន​ប្រា​សាសន៍ ស្តីពី​ការ​លទ្ធផល​បោះឆ្នោត អាណ​ត្តិ​ទី​៣ កន្លងមក ដែល​ស្ថិត​ក្នុង​បរិយាកាស​នយោបាយ​អព្យាក្រឹត​សេរី និង​គ្មាន​អំពើ​ហិង្សា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​យ៉ាង​ល្អប្រសើរ និង​លើក​ទិសដៅ​បន្ត​ការអនុវត្ត ​ជំរុញ​ឲ្យ​មាន​សមាជិក​សមាជិកា ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ផែនការ និង​គោលនយោបាយ​របស់​បក្ស ​ដើម្បី​ឲ្យ​មាន​សំលេង​គាំទ្រ​ឲ្យ​មានការ​កើនឡើង​ថែមទៀត​ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ ឆ្នាំ ២០១៣ គឺ​ខិតខំ​ថែរក្សា​ប្រៀប​ឈ្នះ​របស់​គណបក្ស និង​អ​និវត្តន៍ រាល់​ភារកិច្ច​ដែល​បានកំណត់​ក្នុង​របាយការណ៍​របស់​គណៈ​អចិន្ត្រៃយ៍​ស្តីពី​សភាពការណ៍​អនុវត្ត​សេចក្ដីសម្រេច​លេខ​២០៦៤០​សស​.​គ​.​ក ចុះ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ របស់​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល បន្ត​ជំរុញ​ការងារ​ចិញ្ចឹម​ចលនា​មូលដ្ឋាន​ជំរុញ​អនុវត្ត​គំរោង​នានា​នៅ​មូលដ្ឋាន​ឲ្យ​ចេញ​ផ្លែផ្កា ប្រកបដោយ​តម្លាភាព ពិនិត្យ​ការ​កែសម្រួល​ការចាត់តាំង​ក្រុមការងារ ជំរុញ​សមាជិក​គណបក្ស​ជា​យុវជន​ដែល​ដល់​អាយុ​បោះ ឆ្នោត បង្កើន​ការងារ​កសាង​គណបក្ស​ក្នុង​ជួរ​យុវជន និង​កម្មករ និង​ជំរុញ​សកម្មភាព​យុវជន​របស់​គណបក្ស ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​។
 លោក ឈុន ឈន់ អនុប្រធាន​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត បាន​មានប្រសាសន៍ កោតសរសើរ​ដល់ ក្រុមប្រឹក្សាឃុំ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង អនុវត្តតាម​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន ទាំង​ការឃោសនា ការងារ​ទំនាក់ទំនង ការងារ​ថែរក្សា​ចលនា​ក្នុង​មូលដ្ឋាន​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​ជ័យជំនះ ហើយក៏​សូម​ឲ្យ​ប្រឹងប្រែង​បន្ត​ទៀត ​ពង្រឹង​នូវ​បំពេញបន្ថែម​នូវ​ចំណុចខ្សោយ​ ចំនុច​ខ្វះខាត ដើម្បី​ស៊ូ​បន្ត ទៀត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ ក្នុង​ឆ្នាំ ២០១៣​នេះ​ ក្នុង​នោះ​តែ​ក៏​សូម​សំណូម ឲ្យ​មិន​ឲ្យ​មាន​មេឃុំ​ឬ​អង្គការ​ណាក៏ដោយ​គឺ​គ្មាន​សិទ្ធិ​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ណា​ជាដាច់ខាត ដី​ដែល​បងប្អូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ទទួល​បាន​ដី​ជា​កម្មសិទ្ធិ ​លុះត្រាតែ​ដី​នោះ​ប្រជាពលរដ្ឋ​រូប​នោះ ​ធ្លាប់​បាន​កាន់កាប់ និង​មិន​ស្រប ច្បាប់​កន្លងមក មិនមែន​នាំគ្នា​ទៅ​កាប់​រុរាន​ដីព្រៃ​ថ្មី​នោះ​ទេ៕​
​​ប៊ុន​រដ្ឋា​

លោក​មេ​ប៉ុស្តិ៍ ​ចៅសង្កាត់ ​ត្រូវ​ប្រឈមមុខ​នឹង​អាជ្ញាធរ​ខណ្ឌ​ បើក​មូលដ្ឋាន​របស់​ខ្លួន​មាន​ល្បែង​ស៊ីសង​

ភ្នំពេញ ​៖​ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​លោក​ សេង រតនៈ ​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មួយ​ឲ្យ​លោក​មេ​ប៉ុស្ដិ៍ ​និង​ចៅសង្កាត់​ទាំង​១០ ​របស់​អាណាចក្រ​ខណ្ឌទួលគោក​ ត្រូវធ្វើ​ឲ្យ​ខ្លួន​ឲ្យ​បាន​ស្អាតស្អំ ​ទោះបី​ក្រ​ក៏​ក្រ​ចុះ​កុំ​ប៉ះពាល់​លុយ​ល្បែង​ស៊ីសង​ឲ្យ​សោះ​។ បើ​មូលដ្ឋាន​របស់​ខ្លួន​មាន​ការ​លួចលាក់​លេងល្បែង​ស៊ីសង​នោះ​លោក​មេ​ប៉ុស្ដិ៍​និង​លោក​ចៅសង្កាត់​នឹង​ត្រូវ​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មុនគេ។
លោក សេង រតនៈ បន្ត​ឲ្យ​ដឹង​ថា ការ​បើ​មាន​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់​យើង វា​នាំ​ឲ្យ​កើតមានឡើង​នូវ​បទល្មើស​គ្រប់​ប្រភេទ ដូចជា​លួច​ឆក់​ប្លន់​ជាដើម​។ ក្រៅ​ពីនេះ​ល្បែងស៊ីសង​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មិន​ត្រឹមតែ​បំផ្លិចបំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ គឺ​បំផ្លាញ​ដល់​ក្រុម​គ្រួសារ​ថែមទៀត​៕
ស្រីរ័ត្ន​

អគ្គនាយកដ្ឋាន​ពន្ធដារ​ផ្សព្វផ្សាយ​ប្រព័ន្ធ​សារពើ​ពន្ធនៃ​ព្រះរាជាណាចក្រ​កម្ពុជា

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី ២២ ខែ​សីហា​ ឆ្នាំ​២០១២ នូវ​ប្រព័ន្ធ​សារពើពន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង ដើម្បី​ពង្រីក​នូវ​ការ​យល់ដឹង​ឲ្យ​បាន​​ទូលំទូលាយ​នូវ​រាល់​បទប្បញ្ញត្តិ​ស្តីពី​សារពើពន្ធ និង​ពង្រឹង​នូវ​ការគោរព​ប្រតិបត្តិ​ច្បាប់​ទាំងនេះ ដែល​ជា​កាតព្វកិច្ច​ខាន​មិន បាន​របស់​អ្នក​ជាប់ពន្ធ​ក៏ដូចជា​រដ្ឋបាល​សារពើពន្ធ។
សិក្ខាកាម​ចំនួន ៣០០ នាក់​តំណាង​ឲ្យ​សហគ្រាស​ជាប់ពន្ធ​ធំ​ប្រមាណ ២០០ សហគ្រាស  ដែល​មកពី​វិស័យ​នីហរ័ណ អាហរ័ណ សណ្ឋាគារ និង​ភោជនីយដ្ឋាន​បាន​មក​ចូលរួម​ក្នុង សិក្ខាសាលា​នេះ ដែល​ប្រព្រឹត្តទៅ​នៅ​សាលា​ពន្ធ​ដារ​ជាតិ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការអនុវត្ត​ប្រភេទ​ពន្ធ​សំខាន់ៗ​មួយ​ចំនួន ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ ព្រមទាំង​នីតិវិធី​នៃ​បណ្តឹង​តវ៉ា​ដែល​អ្នក​ជាប់ពន្ធ គ្រប់រូប​ត្រូវ​យល់ដឹង។
នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ជា​នាយកដ្ឋាន​សំខាន់​មួយ​ក្នុងចំណោម​នាយកដ្ឋាន​ទាំង ៧ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​និង​កំពុងធ្វើការ​គ្រប់គ្រង និង​ប្រមូល​ពន្ធ​លើ​អ្នក​ជាប់ពន្ធ​ធំ​ចំនួន ប្រមាណ ២០០០ សហគ្រាស ដែល​មាន​សមាមាត្រ​ចំណូល​ប្រមាណ ៨៥%នៃ​ចំណូល​សរុប​របស់​អគ្គ នាយកដ្ឋាន​ពន្ធដារ។
លោក វ៉ាន់ ពុទ្ធិ​ពល ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​ថ្លែង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​ជាប់ គ្នា​កន្លងមក នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ប្រមូល​ចំណូល​ពន្ធដារ​ផ្ទៃក្នុង​គ្រប់​ប្រភេទ​កើន ឡើងជា លំដាប់ ក្នុងនោះ​​ឆ្នាំ ២០០៧ សម្រេច​បាន ៩១៥ ពាន់​លាន​រៀល ឆ្នាំ ២០០៨ សម្រេច​បាន ១ ៣០៤ ពាន់​លាន​រៀល ឆ្នាំ ២០០៩ សម្រេច​បាន ១ ៤៨៣ ពាន់​លាន​រៀល ឆ្នាំ ២០១០ សម្រេច​បាន ១ ៧២៨ ពាន់​លាន​រៀល ឆ្នាំ ២០១១ សម្រេច​បាន ១ ៨១៩ ពាន់​លាន​រៀល និង ក្នុង​រយៈពេល ៧ ខែ​ដើម ឆ្នាំ ២០១២ នេះ​សម្រេចបាន ១ ៥១៣ ពាន់​លាន​រៀល។លោក​ប្រធាន​នាយកដ្ឋាន​មានប្រសាសន៍ថា គិត ជា​កំណើន​ឃើញថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​បានធ្វើ​ឲ្យ ចំណូល​ថវិកាជាតិ​កើង​ឡើង​ទ្វេដង។
យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​ដឹងថា ជោគជ័យ​នៃ​ការ​ប្រមូល​ពន្ធដារ នេះ គឺជា​ផ្លែផ្កា​នៃ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នៅ​ដើមខែ​ធ្នូ ឆ្នាំ ២០០៤ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានដាក់​ចេញ នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ក្នុងការ​កែលំអ​គោលនយោបាយ​សារពើពន្ធ និង​ការពង្រឹង​រដ្ឋបាល សារពើពន្ធ រួមមាន​ការផ្តល់សេវា​ដល់​អ្នក​ជាប់ពន្ធ​កាន់តែ​បានល្អ​ឆាប់រហ័ស អនុវត្ត​កម្មវិធី​ចាប់បង្ខំ​ចំ ពោះ​អ្នក​ជាប់ពន្ធ​ដែល​មិន​គោរព​ច្បាប់ និង​បានធ្វើការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ​ចំពោះ​មន្ត្រី​ពន្ធដារ ព្រមទាំង​អប់រំ​អ្នក​ជាប់ពន្ធ​ឲ្យ​បាន​យល់ច្បាស់​អំពី​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ សិទ្ធិ និង​អំណាច​របស់​រដ្ឋបាល​សារពើពន្ធ សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​ជាដើម ដែល​ធ្វើ​ឲ្យ​ការ​គ្រប់ គ្រង​ប្រមូល​ពន្ធ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ៕
ស្នាយ​ពល

ព្រះសង្ឃ​ធ្វើ​ធម្ម​យាត្រា ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនចាញ់ ជា​លើក​ទី​១ នៅ​ប៉ៃលិន​

ភ្នំពេញ: ព្រះសង្ឃ​ជា​ច្រើន​អង្គ​នៅ​ប៉ៃលិន នឹង​ធ្វើ​ធម្ម​យាត្រា​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​អប់រំ​ប្រជាជន​​ចំណាកស្រុក ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនចាញ់ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​ស៊ាំ​ថ្នាំ​នៅ​ខេត្ត​ប៉ៃលិន​។ ធម្ម​យាត្រា​ដ៏​ធំ​ជា​លើកដំបូង​នោះ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ដោយ​មាន​ព្រះសង្ឃ ចំនួន ៦០​អង្គ យាយជី ១០​នាក់ តាអាចារ្យ ១០ នាក់ និង​អ្នកស្ម័គ្រចិត្ត​អប់រំ​ជំងឺគ្រុនចាញ់ តាម​​ភូមិ​ចំនួន ១៣៨ នាក់ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត ចូលរួម​ហែ​ធម្ម​យាត្រា​នោះ​។ 

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា ធម្ម​យាត្រា​ដ៏​ធំ​នោះ ធ្វើឡើង បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​កាលពី​ឆ្នាំ​មុន​ថា អត្រា​​ស៊ាំ​ថ្នាំ​ជំងឺគ្រុនចាញ់ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ នឹង​មាន​ការកើនឡើង​គួរអោយ​ព្រួយបារម្ភ​។ មូលហេតុ ដែល​បណ្តាល​អោយ​មាន​ភាពស៊ាំ​ថ្នាំ​នេះ ជារឿយៗ​បណ្តាល​មក​ពី​ការព្យាបាល មិន​បាន​ត្រឹមត្រូវ និង​ការរីក​រាលដាល​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ក្លែងក្លាយ​នៅ​តំបន់​ទាំងនោះ​។ 

​សេចក្តីប្រកាស​លើក​ឡើង​ថា ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង (AFP) ដែល​បាន​រាយការណ៍ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១២ ថា ថ្នាំ​ព្យាបាល ជំងឺគ្រុនចាញ់ ដែល​នាំចូល​តំបន់​អាស៊ីអាគ្នេយ៍​ជាង​មួយ​ភាគបី គឺជា​ថ្នាំ​ក្លែងក្លាយ ហើយ​ថ្នាំ​ក្លែងក្លាយ​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០០៦ ហើយ​បន្ទាប់មក​ថ្នាំ​ក្លែងក្លាយ​នេះ បាន​ទៅ​ដល់​តំបន់​ខា​លិច​ព្រំដែន​ថៃ និង​ភូមា​។ 

​សេចក្តីប្រកាស លើកឡើងថា ប្រជាជន​ប្រហែល​ជា​ពាក់កណ្តាល នៅលើ​ពិភពលោក បាន​កើត​ជំងឺ​គ្រុនចាញ់​នេះ ហើយ​ជំងឺ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ចំនួន ៨៦០.០០០ នាក់ ជា​រៀងរាល់ឆ្នាំ​។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។ ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ដដែល បានអោយដឹងថា ការព្យាបាល​
​ដោយ​ថ្នាំ មិន​ត្រូវ​តាម​ស្តង់ដា គឺជា​បញ្ហា​ដ៏​ចំបង​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​។ 

​លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួរ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺគ្រុនចាញ់ បាន​មាន​ប្រសា​ស​ន៏​ថា បញ្ហា​ស៊ាំ​ថ្នាំ​ជំងឺគ្រុនចាញ់ គឺ​មិនមែន​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​សកលលោក​ទាំងមូល​។​

​សេចក្តីប្រកាស​ក៏​លើកឡើងថា ការធ្វើ​ធម្ម​យាត្រា​របស់​ព្រះសង្ឃ យាយជី តាអាចារ្យ​រាប់សិប​នាក់​នេះ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការចូលរួម​ចំណែក កាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃ​ការ​ស៊ាំ​ថ្នាំ​ក្នុង​សហគមន៍​។ ព្រះសង្ឃ​មាន​បំណង​រួមចំណែក​លើក​កំពស់​ការយល់ដឹង ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់ ដល់​ប្រជាជន​ចំណាកស្រុក និង​ជំរុញ​ពួកគេ​អោយ​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​ការព្យាបាល​អោយបាន​ទាន់ពេល និង​បង្ហាញ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ​។ 

​សេចក្តីប្រកាស បាន​លើកឡើង​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ២ លាន​នាក់ រស់នៅ​តាម​តំបន់​ព្រៃភ្នំ ដែល​ជា​តំបន់​ប្រឈម មុខ​ខ្ពស់​ទៅ​នឹង​ការឆ្លង​ជំងឺ​គ្រុនចាញ់​។ ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​។ ខេត្ត​ប៉ៃលិន ត្រូវបាន​គេ​ចាត់ទុកជា ខេត្ត​ដែល​មាន​ការ​ប្រឈម​ខ្ពស់ ទៅ​នឹង​ជំងឺគ្រុន​ចាញ់ ហើយ​ខេត្ត​នេះ​មាន​ប្រជាជន​ចំណាកស្រុក​ច្រើន មក​ស្វែងរក​ការងារ​ធ្វើ​នៅ​តំបន់​នេះ​។ ភាពខ្វះ​ចំណេះដឹង​ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ជំងឺគ្រុនចាញ់ និង​ភាព​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ បាន​ធ្វើអោយ​ពួកគេ​ងាយ​កើត​ជំងឺគ្រុនចាញ់​កំរិតធ្ងន់​។ 

​សេចក្តីប្រកាស បាន​លើកឡើង​ថា យុទ្ធនាការ​ធម្ម​យាត្រា​បែប​សាសនា​ជា​លើក​ទី​មួយ​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង ក្នុងចំណោម​ប្រជាជន​ចំណាកស្រុក និង​ប្រជាជន​ចល័ត អោយ​យល់ដឹង​ពី​ការ​ប្រឈម​របស់​ពួកគេ​ទៅ​នឹង​ជំងឺគ្រុនចាញ់​។ 

​លោក សំ ឧសភា អ្នកសម្របសម្រួល​កម្ម​វិធី​គ្រុនចាញ់ ខេត្ត​ប៉ៃលិន នៅ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ បានឲ្យដឹងថា "​ព្រះសង្ឃ នឹង​ដើរតួ​ជា​អ្នក​អប់រំ​ពី​ជំងឺគ្រុនចាញ់ ពីព្រោះ​ព្រះសង្ឃ ត្រូវបាន​ប្រជាជន​កម្ពុជា​ភាគច្រើន​ជឿជាក់ និង​គោរព​។ ដូច្នេះ​សារ​អប់រំ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ព្រះសង្ឃ និង​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​សហគមន៍ ហើយ​ពួកគេ​នឹង​នាំ​គ្នា​សំរាន្ត ក្នុង​មុង​ជ្រលក់​ថ្នាំ ដើម្បី​ការពារ​មូស​ដែកគោល​ញី​ខាំ​"​។ 

​លោក សំ ឧសភា បាន​បន្ថែមទៀតថា ព្រះសង្ឃ​នឹងធ្វើ​ធម្ម​យាត្រា​ចំនួន​ប្រាំ​ថ្ងៃ ដោយ​និមន្ត​ទៅ​តាម​ភូមិ និង​ចំការ ដែល​ត្រូវបាន​ជ្រើសរើស ហើយ​ព្រះសង្ឃ​នឹង​ធ្វើ​ការអប់រំ​ជំងឺគ្រុនចាញ់ ដល់​ប្រជាជន​ចំណាកស្រុក អ្នក​ចំការ និង​ម្ចាស់​ចំការ​អោយ​យល់ដឹង​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់ រីឯ​អ្នកស្ម័គ្រចិត្ត​ភូមិ​អប់រំ​ជំងឺគ្រុនចាញ់ និង​អ្នកស្ម័គ្រចិត្ត​អប់រំ​ជម្ងឺគ្រុនចាញ់​ចល័ត និង​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ដល់​អ្នក​ដែល​សង្ស័យ​កើត​ជំងឺគ្រុនចាញ់​។ 

​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១១ បានអោយ​ដឹងថា តាម​ការប៉ាន់ប្រមាណ មាន​ករណី​ជំងឺ​គ្រុនចាញ់ ចំនួន ៦២.៦៩០ ករណី ហើយ​ជំងឺ​នេះ បានសំលាប់​ប្រជាជន​កម្ពុជា​អស់ ៩៤ នាក់​។ តួលេខ​នេះ នៅ​ខ្ពស់​ជាង​ប្រទេស​ជិតខាង ដូចជា ប្រទេស​ឡាវ ថៃ និង​វៀតណាម​។ 

​តាម​របាយការណ៍ ជំងឺគ្រុនចាញ់​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ​២០១១ មាន​ប្រមាណ ២១៦ លាន​ករណី ហើយ​ជំងឺ​នេះ បាន​សំលាប់​មនុស្ស​អស់ ៦៥៥.០០០ នាក់ ក្នុង​ឆ្នាំ​២០១០ ដែល​ភាគច្រើន​នៃ​អ្នកស្លាប់​ជា​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ រស់​នៅក្នុង​ទ្វីប​អា​ហ្រិ​ច​។​

​ជា​ការកត់សម្គាល់ អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ( FHI ) បានធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៧ ម្ល៉េះ ហើយ​បច្ចុប្បន្ន​នេះ អង្គការ​នេះ មាន​បុគ្គលិក​ទាំងអស់​ចំនួន ៧៥ នាក់ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​ចំនួន​បួន គឺ​ភ្នំពេញ កំពង់ចាម បាត់ដំបង និង​ប៉ៃលិន​។ 

​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ព្យាយាម​ធ្វើ​អោយ​សុខភាព​ប្រជាជន​កម្ពុជា​ប្រសើរឡើង តាមរយៈ​កម្មវិធី​ជា​ច្រើន​នៅក្នុង​វិស័យ​ស្រាវជ្រាវ និង​សុខភាព តាមរយៈ​ដៃគូ​ជាមួយ​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល ព្រម​ទាំង​សហគមន៍​ទូទាំង​ប្រទេស​។ 

​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ក៏​មាន​ការិយាល័យ​ទូទាំង​ពិភពលោក​ចំនួន ៦០ និង​បុគ្គលិក​សរុប ៤.៤០០ នាក់ នៅ​សហរដ្ឋអាមេរិក​៕​

អ្នកកាសែត​ពីរ​នាក់ ត្រូវ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពីរ​ឆ្នាំ​

សៀមរាប: អ្នកយកព័ត៌មាន​ឲ្យ​កាសែត ការពិត ពីរ​នាក់​ដែល​រំខាន​ការដឹកឈើ​ខុសច្បាប់​របស់​ស្ត្រី ជា​មេ​ឈ្មួញ​ដឹកឈើ ដុះ​ស្លែ ប្រចាំខេត្ត សៀមរាប​ម្នាក់ ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្ត​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​ក្នុង​ម្នាក់ៗ ប៉ុន្តែ​អនុវត្ត ៤​ខែ ពីបទ​កំហែង​យក​។​

​ការសម្រេច​បែបនេះ របស់លោក​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តសៀមរាប​បានធ្វើ​ឡើង​នៅក្នុង​ការប្រកាស សាលក្រម ជា​សាធារណៈ​មួយ កាលពី​ព្រឹក ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ និង​បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១២​រួចមក​។​

​អ្នកកាសែត​ទាំងពីរ​នាក់​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំនេះ ទី​១ ឈ្មោះ ប្រាក់ ស៊ុន​ឡេង អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ទី​២ ឈ្មោះ​ប្រ៉​ន ស៊ាន អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ដក់​ពោធិ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ 

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ផ្តន្ទាទោស​អ្នក​ទាំងពីរ​បែបនេះ គឺ​កាលពី​វេលា​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ត្រង់ចំណុច​ខាងលិច​ផ្សារ​ស្វាយ​ធំ អ្នក​ទាំងពីរ បាន​ឃាត់​រថយន្ត​ដឹកឈើ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ផាត់​តា​ណា ដើម្បី​ថតរូប​ភាព និង​សួរនាំ​ពី​ការដឹកជញ្ជូន​ឈើ​។ តែ​ត្រូវ​ស្ត្រី​នោះ​ប្តឹងទៅ​នគរបាល​ស្រុក​ប្រាសាទបាគង ហើយ​នគរបាល​បាន​ឃាត់ខ្លួន​អ្នក​ទាំងពីរ​បញ្ជូនទៅ​តុលាការ តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពីបទ កំហែង​យក​។​

​នៅ​កន្លែងកើតហេតុ​នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១២ ព័ត៌មាន​បាន​ទម្លាយ​ថា មុនពេល​ស្ត្រី​មេ​ឈ្មួញ​ប្តឹង​អ្នកកាសែត ស្ត្រី​រូបនោះ បាន​សុំ​ចរចា​គ្នា ដោយ​ឲ្យ​លុយ ទៅ​អ្នកកាសែត ទាំងពីរ​នាក់​នោះ ហើយ​ដោះលែង​ឡាន​ដឹកឈើ​របស់គេ​។ តែ​ដោយ​អ្នក​ទាំងពីរ​មិន​ព្រម ក៏​ស្ត្រី​ឈ្មួញ​ឈើ ក៏​ប្រែក្លាយ​ទៅ ជាដើម​បណ្តឹង ហើយ​អ្នកកាសែត​ទាំង​ពីររូប ក្លាយជា​អ្នកទោស​ទៅវិញ​។ ប្រភព​បន្តថា នៅ​ដំណាក់កាល​ប៉ូលិស​អ្នក​ទាំងពីរ សុទ្ធតែ​ឆ្លើយ​បដិសេធថា ពួកគេ​មិនបាន​ទទួលយក​លុយ​ពី​ស្ត្រី​ឈ្មួញ​ឈើ​នោះទេ​។​

​ប៉ុន្តែ​បើទោះជា​មានការ​ឆ្លើយ​យ៉ាង​ដូច្នេះ​ក្តី តំណាង​អយ្យការ​នៅតែ​រក្សា​ការចោទប្រកាន់​អ្នកកាសែត​ទាំងពីរ​នាក់​ពីបទ​កំហែង​យក​ហើយ​ចៅក្រម ជំនុំជម្រះ លោក​គី រិទ្ធី ក៏បាន​សម្រេច​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ តែ​អនុវត្ត​តែ​៤​ខែ ទោស​សល់​ពី​នោះ​ត្រូវ​ព្យួរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ក្រុមអ្នកតាមដាន​បាន​និយាយថា សមត្ថកិច្ច​មិនគួរ​ចាត់ការ​លើ​អ្នកកាសែត​នោះទេ សមត្ថកិច្ច​ត្រូវតែ​ចាត់ការ តាមផ្លូវ​ច្បាប់ លើ​ឈ្មួញ​ឈើ ទាំង​នោះដែរ ទើប​ត្រឹមត្រូវ​។ ក្រុមអ្នកតាមដាន​ទាំង​នោះបាន​និយាយទៀតថា ទង្វើ​របស់​សមត្ថកិច្ច​នេះ គឺជា​ការបំបាក់ ស្មារតី របស់ អ្នកកាសែត ព្រោះថា សកម្មភាព​របស់​អ្នកកាសែត​ទាំងនោះ អាចជា​ឆ្អឹង​ទទឹង​ក​របស់​ពួក​ឈ្មួញ​ឈើ និង​សមត្ថកិច្ច​មួយចំនួន ដែល​ឃុបឃិត ជាមួយ​៕

ការ​ផ្តល់​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ត្រូវបាន​លើក​មក​ពិភាក្សា​

ភ្នំពេញ: ការ​ផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ស្ថានភាព​របស់​ស្ត្រី និង​បញ្ហា​ប្រឈម​ចំពោះ​​សមភាព​យេនឌ័រ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅក្នុង​វិស័យ​សេដ្ឋកិច្ច គឺ​ជា​ប្រធានបទ​សម្រាប់​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី លោកស្រី អ៊ឹង កន្ថា​ផាវី និង​លោកស្រី Heyzer អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​លេខា​​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក ( ESCAP ) របស់​អង្គការសហប្រជាជាតិ​។​

​កិច្ចពិភាក្សា​នោះ ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១២ នៅ​ហាង​សូត្រ សេ​តូ​ហ្សា ខាងជើង​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​សហគ្រិន​ស្ត្រី​នាំមុខ​របស់ប្រទេសកម្ពុជា ចូលរួម​ផង​ដែរ​។​

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​លើកឡើង​ថា ចាំបាច់​ត្រូវ​មាន​ការកសាង​សមត្ថភាព​ផ្នែក​ជំនាញ​សហគ្រិនភាព និង​ជំនាញ​ធុរកិច្ច​ដល់​ស្ត្រី ដើម្បី​គាំ​ទ្រ​​ឲ្យ​ស្ត្រីអាច​ចូលរួម​ឲ្យបាន​ពេញលេញ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​នឹង​ផ្តល់នូវ​ការការពារ​ដល់​សិទ្ធិ​សេដ្ឋកិច្ច​របស់​ពួកគេ ក៏​ដូច​បង្កើន​កម្រិត​ចំណូល​របស់​ពួក​គេ ឲ្យបាន​កាន់តែ​ខ្ពស់​ជាង​មុន​។ 

​លោកស្រី​រដ្ឋមន្ត្រី​បានប្រកាសថា នៅ​ពាក់កណ្តាល​ខែ​កញ្ញា​ខាងមុខ ក្រសួង​កិច្ចការ​នារី នឹង​ធ្វើ​ការងារ​ជាមួយនឹង​ក្រសួង និង​ដៃគូ​នានា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ជំរុញ​ឲ្យមាន​ការចូល​រួម​របស់​ស្ត្រី នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច តាម​រយៈ​​ការអប់រំ ការផ្តល់​នូវ​សមត្ថភាព និង​ការបង្កើត​សម្ព័ន្ធភាព​ជាមួយនឹង​វិស័យ​ឯកជន​។​

​លោកស្រី អ៊ឹង កន្ថាផាវី បានប្រកាសថា "​គ្រប់​វឌ្ឍនភាព ផ្នែក​សេដ្ឋកិច្ច​ទាំងអស់​របស់​ប្រទេស​កម្ពុជា នឹង​ជួបប្រទះ​ភាព​រាំងស្ទះ នៅពេល​ដែល​សក្កា​នុព​ល​របស់​ស្ត្រី​រាប់ពាន់នាក់ មិន​ត្រូវបាន​គេ​ទាញ​យកមក​ប្រើប្រាស់​"​។​

​ចំណែក​លោក​ស្រី​អគ្គលេខាធិការរង Heyzer បាន​លើកឡើង​ថា "​ការវិនិយោគ​ក្នុង​ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ឈ្លាសវៃ​។ ប្រទេស​កម្ពុជា​កំពុង​ទទួល​ស្គាល់​នូវ​សារសំខាន់ ក្នុង​ការគាំទ្រ​ភាពជា​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​របស់​ស្ត្រី ពីព្រោះ​ការដោះស្រាយ​គម្លាត​សមភាព​យេនឌ័រ និង​ការផ្តល់​ឱកាស​ទទួល​ភាព​ជា​សហគ្រិន ធ្វើឲ្យ​ប្រទេស​ជាតិ អាច​បន្ត​ដំណើរការ​ដ៏​មាន​តម្លៃ​របស់​ខ្លួន មិន​បិទ​បាំង​ទេពកោសល្យ និង​កម្លាំង​ថាមពល​របស់​ស្ត្រី​។ 

​លោកស្រី​អគ្គលេខាធិការរង បាន​បន្ថែមថា ការវិនិយោគ​ក្នុង​ការអប់រំ និង​សុខភាព​របស់​ស្ត្រី និង​ក្មេង​ស្រី គឺជា​ចំណុច​មួយ ក្នុង​ចំណោម​ចំណុច​ដ៏​សំខាន់​ជាច្រើន ក្នុង​ការពង្រឹង​ការងារ និង​និរន្តរភាព​ការងារ ព្រមទាំង​ការដោះស្រាយ​ផលប៉ះពាល់​ជា​ច្រើន​នៃ​ភាពក្រីក្រ​។ ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​សរសើរ​ចំពោះ​ប្រទេស​កម្ពុជា ទៅលើ​ដំណើរការ​ជាច្រើន ដែល​បាន​ធ្វើ​រួចជាស្រេច​។ បើទោះជា​ការធ្វើដំណើ​របា​ន​ចាប់ផ្តើម​ដូច្នេះ​ក៏ដោយ ក៏​នៅតែ​មាន​កិច្ចដំណើរការ​ជាច្រើន ដែល​នឹង​ត្រូវ​ធ្វើ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ចការនារី បាន​លើកឡើង​ថា ក្នុងប្រទេស​កម្ពុជា បើទោះបីជា​មាន​ស្ត្រី​អាយុ​លើសពី ១៥ ឆ្នាំ ៤ នាក់ ក្នុងចំណោម ៥ នាក់ កំពុង​ធ្វើ​ការងារ​ក៏ដោយ នៅក្នុង​វិស័យ​ក្នុង​ប្រព័ន្ធ មាន​កម្មករ​និយោជិត​ត្រឹមតែ​មួយ​ភាគ​បី​តែប៉ុណ្ណោះ ជា​ស្ត្រី​។ ម្យ៉ាងវិញទៀត ស្ត្រី​មាន​ចំនួន​ជាង ៨០ ភាគរយ នៃ​កម្មករ​និយោជិត នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រួមមាន ការងារ​ធ្វើ​ដោយ​ខ្លួនឯង និង​ការងារ​ដែល​មិន​បាន​ប្រាក់​កម្រៃ ដែល​មាន​ភាព​ងាយ​រងគ្រោះ​ខ្ពស់​។​

​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សហ​ប្រជាជាតិ ដឹកនាំ​ដោយ​លោកស្រី Heyzer មកកាន់​ប្រទេស​កម្ពុជា​ពេលនេះ រួមមាន កិច្ច​ពិគ្រោះ​យោបល់ ជាមួយ​នឹង​ស្ត្រី ដែល​ជា​សហគ្រិន​នាំមុខគេ មក​ពី​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ហាង​លក់​ផលិតផល ធ្វើ​ពី​សូត្រ ក្នុងស្រុក​មួយ ដែល​ជា​ហាង​របស់​ស្ត្រី​កម្ពុជា​ម្នាក់ គឺ​លោកស្រី សេង តក្ត​នារី ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​។​

​ក្នុង​កិច្ចពិភាក្សា​នោះ លោកស្រី សេង តក្ត​នារី បាន​លើកឡើង​ថា ការបង្កើត​បណ្ថាញ​រវាង​ស្ត្រី ដែល​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​បង្កើត​នូវ​បរិយាកាស​អនុគ្រោះ​មួយ សំដៅ​ដោះស្រាយ​បញ្ហា​កង្វះ​ព័ត៌មាន និង​តួនាទី​ជា​ប្រពៃណី ដែល​ធ្វើឲ្យ​ស្ត្រី​នៅតែ​ផ្ទះ និង​មិន​អាច​ប្រកប​អាជីវកម្ម​អ្វី​បាន​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្រសួង​កិច្ចការនារី ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​កម្ពុជា នាពេល​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច រួមមាន​៖ អក្ខ​រកម្ម កម្រិត​វប្បធម៌​ទាប​របស់​មនុស្ស​ពេញវ័យ​ជា​ស្ត្រី ផ្នត់គំនិត​យេនឌ័រ និង​ការ​មានលទ្ធភាព​តិចតួច ក្នុង​ការទទួលបាន និង​គ្រប់គ្រង​ធនធាន​នានា ធ្វើឲ្យ​ស្ត្រី​មាន​ជម្រើស​ប្រកបមុខរប​រ​តិចតួច​។ កត្តា​ទាំង​នេះ គឺជា​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​រារាំង​មិន​ឲ្យ​ស្ត្រី អាច​ជំនះ​ភាពក្រីក្រ​របស់​ពួកគេ​បាន​។​

​មួយវិញទៀត ក្រសួង​កិច្ចការនារី ក៏​បាន​ផ្សព្វផ្សាយ​ថា មាន​ស្ត្រី​អាយុ​លើសពី ១៥ ឆ្នាំ រហូតដល់​ទៅ ៣៣ ភាគរយ ដែល​មិន​ចេះអក្សរ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សមត្ថភាព របស់​ពួកគេ ក្នុង​ការរក​ការងារ ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ធ្វើ ហើយ​ធ្វើឲ្យ​ពួកគេ​កាន់តែ​ងាយ​រងគ្រោះ ដោយសារ​តែ​ការកេងប្រវ័ញ្ច និង​ការ​បោក​បញ្ឆោត នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ជាដើម​៕

នាយរងប៉ុស្តិ៍ ជិះម៉ូតូមិនគោរពច្បាប់ បុកមនុស្សឲ្យរងរបួសធ្ងន់

សៀមរាប: លោក​នាយរង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ចុង​ព្រិច បាន​ជិះ​ម៉ូតូ​បុក​បុរស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ខណៈដែល​ជនរងគ្រោះ​កំពុង​ដើរ​តាម​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​។​
​    ​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ១៩ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 

​បុរស​ដែល​រងរបួស​មានឈ្មោះ ណាំង នឿន អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ រងរបួស​ក្បាល​ខាងឆ្វេង ក្បាល​ខាងស្តាំ ត្រគាក និង​ជើង​។ រីឯ​នាយរង​ប៉ុស្តិ៍​ការពារ​ព្រំដែន ឈ្មោះ យ៉ង់ ថុល ឋានៈ​អនុសេនីយ៍ត្រី របួស​បាក់​ឆ្អឹងជំនីរ និង​បែកក្បាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដូចគ្នា​។ ចំណែក​ម៉ូតូ​ដែល​បង្ក​គ្រោះថ្នាក់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​តាវ​។ 
​    ​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ដើរចេញ​ពី​តារាង​បាល់ទះ​មួយកន្លែង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​ឃើញ​លោក​នាយរង​ប៉ុស្តិ៍​ជិះ​ម៉ូតូ​យ៉ាង​លឿន តាម​ចិញ្ចើមថ្នល់ ខាងឆ្វេង​ដៃ​របស់ខ្លួន ទៅបុក​បុរសរងគ្រោះ​ទាំង​កំរោល​តែម្តង​។ ក្រោយពេល​បុក ទាំង​អ្នកដើរ​ទាំង​អ្នកជិះ​ម៉ូតូ សុទ្ធតែ​សន្លប់​ទាំងអស់គ្នា ប៉ុន្តែ​មុនពេល​បុក លោកនាយ​ប៉ុស្តិ៍​ហាក់ដូច​ជាមាន​សភាព​ស្រវឹង​ផង ទើប​ជិះ​ម៉ូតូ​មិនដឹង​ឆ្វេង​ស្តាំ​របស់ខ្លួន​យ៉ាងនេះ​។​
​    ​
​នៅក្នុង​មន្ទីរពេទ្យ ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ បាន​អះអាងថា ប្តី​របស់គាត់​បាន​ដើរ​នៅ​ខាងស្តាំ តែ​លោក​ប៉ូលិស​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស ទៅបុក​ប្តី​គាត់ មិនដឹងថា​ជា​មូលហេតុ​អ្វី​។ ពេលនេះ​ប្តី​របស់គាត់​នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ ហេតុដូច្នេះ​ការទាមទារ​សំណង​យ៉ាងណា​នោះ គឺ​ត្រូវ​រង់ចាំ​ពេល​ប្តី​ដឹងខ្លួន​សិន​។ ប៉ុន្តែ​ប្រសិនបើ​ធ្លាក់ខ្លួន​ពិការ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ គាត់​នឹង​ប្តឹង ដើម្បី​ឲ្យ​ច្បាប់​ជួយផ្តល់​យុត្តិធម៌​៕

លោក ស ខេង៖ កិច្ចការពារសន្ដិសុខមិនអាចជោគជ័យ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ

កែប: ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា ដើម្បី​ការពារ​សន្ដិសុខ​សុវត្ថិភាព​បាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​។ បើ​មិន​ដូច្នេះ​ទេ ទោះ​កម្លាំង​ប៉េអឹម ប៉ូលិស ច្រើន​លើសលប់ ក៏​មិនបាន​សម្រេច​លទ្ធផល​ល្អ​ដែរ​។​    ​

​នៅ​ចំពោះមុខ​សមាជិក​ប្រមាណ​ជាង ៤០០ នាក់ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល អភិបាលរង​ខេត្ដ​កែប កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នា​សាលប្រជុំ​សាលា​ខេត្ដ​កែប លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា បញ្ហា​សន្ដិសុខ​សុវត្ថិភាព ជា​កត្ដា​ចាំបាច់​បំផុត ពិសេស​ក្នុង​ឆមាស​ទី​ពីរ នៃ​ឆ្នាំ​២០១១២ រហូតដល់​ឆ្នាំ​២០១៣ ដែលមាន​ការបោះឆ្នោត​សកល​នោះ ការការពារ​សន្ដិសុខ​ត្រូវតែមាន​ភាព​តឹងរ៉ឹង​។ 

​លោក​បាន​បន្តថា ជាធម្មតា​នា​ដំណាក់កាល​រៀបចំ​បោះឆ្នោត​ថ្នាក់ជាតិ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស បញ្ហា​អសន្ដិសុខ​ងាយ​នឹង​កើតឡើង​ណាស់ ព្រោះ​វា​ជា​ល្បិចកល​របស់​ក្រុម​ជនខិលខូច ក្នុងការ​អុកឡុក ដែលមាន​ច​រឹត​ធ្វើឃាត​ផ្នែក​នយោបាយ​។ ការពង្រឹង​សន្ដិសុខ​ក្នុងដំណាក់កាល​នេះ មិនមែន​បម្រើ​ឱ្យតែ​ដំណើរការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ 

​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ថែមថា បញ្ហា​ការពារ និង​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​នេះ ទោះបីជា​ប្រើ​កម្លាំង​ប៉ូលិស ប៉េអឹម​ច្រើន​លើសលប់ ក៏​មិនអាច​ទទួលជោគជ័យ​ដែរ បើសិន​ប្រជាពលរដ្ឋ​មិន​ចូលរួម​សហការ​។ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​អប់រំ ណែនាំ ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ស្មារតី​សហការ ពិសេស​ពេល​មាន​ហេតុការណ៍​មិនល្អ​ណាមួយ​អាច​នឹង​កើតឡើង​នៅ​មូលដ្ឋាន ត្រូវ​ជូនដំណឹង​ដល់​សមត្ថកិច្ច​ជាបន្ទាន់​។ 
​    ​
​គួរ​បញ្ជាក់ថា ការប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល អភិបាលរង​ខេត្ដ​កែប​នេះ លោក កែន ស​ត្ថា អតីត​អភិបាលរង​ខេត្ដ​កែប ត្រូវ​ទទួល​តំណែង​ជា​អភិបាលខេត្ដ​កែប ជំនួស​លោក ហាស់ សារ៉េត ដែល​ទទួល​តំណែង​ជា​អភិបាលខេត្ដ​ព្រៃវែង​។ ដោយឡែក លោក សោម ពិសិដ្ឋ មន្ដ្រី​មកពី​ក្រសួងកសិកម្ម ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្ដ​កែប​។​
​    ​
​ពាក់ព័ន្ធ​នឹង​ការទទួល​ភារកិច្ច និង​តំណែង​ជា​អភិបាល អភិបាលរង​ខេត្ដ​នេះ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ថា បន្ទាប់ពី​លោក ហាស់ សារ៉េត ចាក​ចេញទៅ កិច្ច​ការដែល​ត្រូវ​បន្ដ​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ដ​កែប នៅមាន​ច្រើន​ទៀត​។ ទោះជា​យ៉ាងនេះ​ក្ដី សង្ឃឹមថា លោក កែន ស​ត្ថា នឹង​ដឹកនាំ​មន្ដ្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព កសាង​សមិទ្ធផល​ធំៗ ឆ្ពោះទៅកាន់​ភាពជោគជ័យ តាមរយៈ​បទពិសោធន៍​ធ្លាប់មាន​កន្លងមក ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​បាន​ប្រឡូក​ការងារ​យូរអង្វែង​៕