Wednesday, August 29, 2012

ព្រឹត្តិបត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​សម្រាប់ថ្ងៃ​ទី​២៩ខែសីហា​និង​ថ្ងៃ​ទី​៣០ខែសីហាដល់​ថ្ងៃ​ទី​០១ខែកញ្ញាឆ្នាំ​២០១២​​


លោក​សុរិន្ទ​ ពិត​សូ​វណ្ណ​ ៖​ សមាហរណកម្ម​អាស៊ាន​ពិតជា​ត្រូវការ​សហគ្រាស​ធុន​តូច​និង​មធ្យម

ដោយ​ ៖ សាគុណ
​ខេត្តសៀមរាប ​៖ លោក​ សុរិន្ទ​ ពិត​សូ​វណ្ណ​ អគ្គលេខាធិការ​អាស៊ាន​បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ថា​ ដើម្បី​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ពិតជា​ត្រូវការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ធ្វើ​ស្ពាន​ចម្លង​សម្រាប់​ការ​វិនិយោគ​ជាមួយ​គ្នា​ យើង​បានដឹង​ហើយ​ថា​ក្នុង​ចំណោម​ពាណិជ្ជកម្ម​ អាស៊ាន​ទាំង​១០​ មាន​តែ​២៥%​ នៃ​ពាណិជ្ជកម្ម​សរុប​ប៉ុណ្ណោះ​ ។​ ដូច្នេះ​សហគ្រាស​ធន​តូច​ និង​មធ្យម​ពិតជា​អាច​បង្កើន​នូវ​តម្លៃបន្ថែម​ទៀត​ ។​ យើង​គួរ​ជ្រើសរើស​ទីកន្លែង​ណា​ ហើយ​អ្នក​ណាខ្លះ​អាច​ចូលរួម​ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ពី​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន​ ដែល​ជា​បញ្ហា​ដ៏​សំខាន់​ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ ។​
​លោក​ សុរិន្ទ​ ពិត​សូ​វណ្ណ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ នៅ​ក្រោយ​កិច្ចប្រជុំ​ ពេញអង្គ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៤៤​ ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជាង​ ៣​ម៉ោង​ កាលពី​ ព្រឹក​ថ្ងៃ​ទី​២៨​ សីហា​ ឆ្នាំ​២០១២​ នៅ​សណ្ឋាគារ​អ​ប្សា​រា​អង្គរ​រី​ស្សត​ ក្រុង​សៀមរាប​ ក្រោម​ ការ​ដឹកនាំ​លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​កិច្ច​ប្រ​ជុំ​នេះ​ ។​
​លោក​អគ្គលេខាធិការ​មាន​ប្រសាសន៍​ថា​ ពិតប្រាកដ​ណាស់​ វា​មាន​បញ្ហា​ជា​ច្រើន​ ដែល​យើង​ត្រូវ​ទាមទារ​យល់​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​តួនាទី​របស់​អាស៊ាន​ និង​បរិយាកាស​ជា​ សកល​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ បទ​ពិសោធន៍​នៅ​ក្នុង​តំបន់​ យើង​មានការ​លំបាក​ជា​ច្រើន​ និង​ឧបសគ្គ​ខ្លះៗ​ ជាមួយ​សហរដ្ឋអាមេរិក​ ដែល​យើង​ត្រូវ​បង្កើន​សមត្ថភាព​ខ្លួន​យើង​ក្នុង​ នាម​ជា​អាស៊ាន​ និង​ភ្ជាប់​ទៅ​ដល់​សាធារណជន​ទាំងអស់​ ហើយ​យើង​ជឿជាក់​ថា​ តាម​រយៈ​ ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ជា​ពិសេស​ជាមួយ​និង​ដៃគូ​សន្ទនា​ ដែល​ជា​គំនិត​មួយ​យ៉ាង​ សំខាន់​សម្រាប់​ដាក់​ជា​ប្រធានបទ​ក្នុង​តំបន់​ ។​ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ថ្មីៗ​នេះ​យើង​នឹង​ អាច​កាត់​បន្ថយ​នូវ​បញ្ហា​ផ្សេងៗ​ ដោយ​មានការ​សហការ​ជាមួយ​ដៃគូ​សន្ទនា​របស់​យើង​ ពិសេស​ជាមួយ​ជប៉ុន​ និង​ឥណ្ឌា​ នៅ​ក្នុង​សេវាកម្ម​វិនិយោគ​ ។​ យើង​ពេញចិត្ត​នឹង​ធ្វើការ​ ចរចារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ ដូចនេះ​ពួក​យើង​ពិតជា​អាច​ធ្វើ​ដំណើរ​ ទៅ​រក​ជោគជ័យ​ក្នុង​តំបន់​ ដែល​ជា​ទស្សន​ផ្ទាល់ខ្លួន​របស់​យើង​នៅ​ក្នុងឆ្នាំនេះ​ ជាមួយនឹង​ អ្វីៗ​ដែល​គ្មាន​មន្ទិល​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ ។​ យើង​និង​ខិតខំ​បញ្ចប់​នូវ​បញ្ហា​ ដែល​នៅ​សេសសល់​ពិសេស​ជាមួយ​ដៃគូ​សន្ទនា​របស់​យើង​ គឺ​ជប៉ុន​ និង​ឥណ្ឌា​ ។​ យើង​ក៏​ ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពី​ទ្រព្យសម្បត្តិ​ជាតិ​ បញ្ហា​បរិស្ថាន​ និង​អាកាសធាតុ​ ដែល​ពួក​យើង​ត្រូវ​ថែរក្សា​ ការពារ​ និង​ការ​ផ្លាស់​ប្តូរ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ពីព្រោះ​ថា​វា​មានការ​ ហិន​ហោចទៅៗ​ ហើយ​បញ្ហា​ទាំង​អស់នេះ​ ត្រូវ​បាន​ដាក់​ជា​ទ្រព្យសម្បត្តិ​ជាតិ​ទាំងមូល​ ។​ ថ្មីៗ​នេះ​ផង​ដែរ​ យើង​ក៏​បាន​ធ្វើការ​ប្រកួតប្រជែង​ក្ឋុ​ង​តំបន់​ ដើម្បី​បង្កើន​ ក៏​ដូច​ជា​លើកទឹកចិត្ត​ ដល់​កិច្ច​ពិភាក្សា​ជាមួយ​និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ ដែល​ជា​ការ​សំខាន់​ផង​ដែរ​ នោះ​ ។​ យើង​ក៏​បាន​ធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​ពិភាក្សា​ជាមួយ​ក្រុម​ ប្រឹក្សា​ ចំនួន​៣​ ព្រោះ​សហគ្រាស​ធន​តូច​ និង​មធ្យម​ បាន​ផ្តល់​៩៩%​ នៃ​សកម្មភាព​សេដ្ឋ​ កិច្ច​របស់​យើង​ ។​ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ ដែល​រួម​បញ្ចូល​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប​ ដោយសារ​តែ​២០%​ យើង​បាន​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ។​
​ពិត​ណាស់​អ្វី​ដែល​សំខាន់​ គឺ​យើង​ត្រូវការ​ជំនួយ​បន្ថែម​ទៀត​ ខ្ញុំ​គិត​ថា​យើង​នៅ​ខ្សោយ​នៅឡើយ​ យើង​សម្រេច​បាន​តែ​៧២%​ ទៅ​៧៣%​ នៃ​ឯកសារ​សំខាន់ៗ​ដែល​យើង​ បាន​បញ្ជាក់​ច្បាស់​ ដើម្បី​ក្លាយជា​សហ​គម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ យើង​នៅ​ខ្វះ​២៧%​ ទៅ​២៨%​ ទៀត​ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​។​ ហើយ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ មើល​ខ្លួនឯង​ឲ្យ​ច្បាស់​ និង​ត្រូវ​សម្របសម្រួល​ក្នុង​ចំណោម​ប្រទេស​នីមួយៗ​ត្រូវ​យល់​ពី​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អ្វី​ដែល​យើង​ព្រមព្រៀង​គ្នា​ ដើម្បី​ឲ្យ​ការ​អនុវត្ត​ឲ្យ​មាន​ភាព​ស្មើគ្នា​ នេះ​ ហើយ​គឺ​បញ្ហា​ប្រឈម​របស់​ពួក​យើង​ ដែល​វា​ទាមទារ​ឲ្យ​យើង​ត្រូវការ​ធ្វើ​សមាហរណកម្ម​អា​ស៊ា​ន​ ៕​

កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​អង្ករ​​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ដោយ​ ៖ សាគុណ
​ខេត្តសៀមរាប​ ៖ ក្នុង​អំឡុង​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤​ នៅ​ក្រុង​សៀមរាប​ កម្ពុជា​និង​ឥណ្ឌូ​នេ​ស៊ី​បាន​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ជា​លើក​ដំបូង​ ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ច​ហត្ថលេខា​ដោយ​លោក​ទេស​ រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  និង​លោក​ Gita​ Irawan​ Wirijawan​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូ​នេ​ស៊ី​ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្រុង​សៀមរាប​ ។​
​ក្នុង​ឱកាស​ចុះហត្ថលេខា​នោះ​ លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​ថា​ ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ​ គឺ​ក្រុមហ៊ុន​ Green​ Trade​ ជា​ក្រុមហ៊ុន​របស់​រដ្ឋ​កម្ពុជា​ ជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ដល់​ក្រុមហ៊ុន​ DULOG​ ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​តាម​កិច្ច​ព្រម​ ព្រៀង​ដែល​ចុះហត្ថលេខា​នា​ពេល​នេះ​ ។​ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​ ១​ហើយ​ដែល​កម្ពុជា​ បាន​ព្រមព្រៀង​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​បរិមាណ​ ១​សែន​តោន​ក្នុង​១​ឆ្នាំ​ ហើយ​ប្រសិនបើ​ដំណើរការ​ទៅ​ដោយ​រលូន​ យើង​នឹង​អាច​នាំ​ចេញ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ ។​
​លោក​រដ្ឋមន្ត្រី​ Gita​ Irawan​ Wirijawan​ បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​នេះ​ នឹង​ជម្រុញ​ទំ​ នាក់​ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ឥណ្ឌូ​នេ​ស៊ី​-​កម្ពុជា​ ។​ លោក​រដ្ឋ​ មន្ត្រី​ថ្លែង​បន្ត​ថា​ ជា​ការ​ពិត​ណាស់​ នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ​ ខ្ញុំ​គិត​ថា​ កិច្ចព្រមព្រៀង​នេះ​ គឺជា​ការ​ចាប់ផ្តើម​ដំបូង​ ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត​ទៅ​ថ្ងៃ​អនាគត​ លោក​សង្ឃឹមថា​យើង​នឹង​ពង្រឹង​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ៕​

លោក​ស៊ូ​ភិរិន្ទ​ចុះ​ត្រួតពិនិត្យ​ការ​បោះ​បង្គោល​ព្រំដី​រវាង​ប្រជាជន​និង​ក្រុមហ៊ុន​ខេន​លីមិតធីត​នៅ​ស្រុក​ជីក្រែង​និង​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​

សៀមរាប ​៖ ​នៅរសៀល​ថ្ងៃ​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១២​លោក​ស៊ូ​ភិរិន្ទ​អភិបាល​ខេត្ត​សៀមរាប​អម​ដំណើរ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សុរិយោ​ដី​និង​សំណង់​ខេត្ត​រួម​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ក្រុម​ទី​១៣៦​ផង​នោះ​បាន​ចុះ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំ​ដី​រវាង​ប្រជាជន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ជីក្រែង​និង​ស្រុក​ស្វាយ​លើ​ជាមួយ​ក្រុមហ៊ុន​ខេន​លីមិត​ធី​ត​។
ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ក្នុងភូមិ​គោកធ្លក​លើ​ភូមិ​ពង្រ​លើ​និង​ភូមិ​ខ្វាវ​ស្រុក​ជីក្រែង​និង​ភូមិ​បេង​មាលា​ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ​បាន​ស្ថិត​ក្នុង​ភាព​មិនច្បាស់លាស់​រវាង​ព្រំដី​ជាមួយនឹង​ក្រុមហ៊ុន​ខេន​លី​មិ​ត​ធីត​។ ​ក្រោយពី​ទទួលបាន​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១២​ពី​ប្រមុខ​រាជរដ្ឋាភិបាល​មក​ក្រុម​ជំនាញ​បច្ចេកទេស​វាស់វែង​ដីធ្លី​ដោយ​បាន​ការចូល​រួម​សហការ​យ៉ាងសកម្ម​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​ស៊ូ​ភិរិន្ទ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក្រុមការងារ​បាន​ចុះ​អនុវត្ត​ជាប្រចាំ​ដោយ​ចាប់ផ្តើម​ពី​ការកំណត់​ព្រំ​និង​បោះបង្គោល​តាម​ភូមិសាស្ត្រ​ដែល​ជួប​ផលប៉ះពាល់​ជាមួយ​ដី​ក្រុមហ៊ុន​និង​ដី​ប្រជាពលរដ្ឋ​។​ នៅ​ថ្ង​ទី​២៨​ខែសីហា​ឆ្នាំ​២០១២​ក្រុមការងារ​ចុះ​បោះបង្គោល​និង​កំណត់​ព្រំ​បាន​៣១​ចំណុច​។​យោង​តាម​កំណត់ហេតុ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១២​របស់​ក្រុមការងារ​ចុះ​វាស់វែង​បែងចែក​ដី​ជួប​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ដែលមានលោក ​ម៉ៅ​វុ​ឌ្ឍី​ជា​ប្រធាន​ក្រុមការងារ​បា​នឲ្យដឹងថា​៖​ក្រុមហ៊ុន​ខេន​លី​មិ​ត​ធី​ត​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ទំហំ​ដី​៤៥៣៥​ហិកតា​ពី​រាជរដ្ឋាភិបាល​ក្រោយពី​កាត់ចេញ​ផ្ទៃដី​៥១៥​ហិកតា​ក្រុមហ៊ុន​នៅសល់​ដី​ជាក់​ស្តែង​៤០២០​ហិកតា​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ឈូសឆាយ​ដាំ​កៅស៊ូ​ក្នុង​ទំហំ​ផ្ទៃដី​២០០០​ហិកតា​ស្មើនឹង​៥០​ភាគរយ​នៃ​ផ្ទៃដី​។ ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២៧០​គ្រួសារ​។​ ចំពោះ​ផ្ទៃដី​ប្រជាពលរដ្ឋ​៩​គ្រួសារ​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​ក្រុមហ៊ុន​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​ចំណែក​៣១​គ្រួសារ​ទៀត​ក្រុមហ៊ុន​មិនទាន់បាន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​ទេ​ដោយ​រក្សា​ទុកឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​និង​រង់ចាំ​ក្រុមការងារ​ចុះបញ្ជី​ដីកាត់​ឆ្វៀល​តាម​ការ​កាន់កាប់​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​។​ នេះ​ជា​សេចក្តីរាយការណ៍​របស់​តំណាង​ក្រុមហ៊ុន​ជូន​ក្រុមការងារ​។​ ក្នុង​កំណត់ហេតុ​បាន​ឲ្យ​ដឹងទៀតថា​៖​ក្រុមការងារ​បាន​ឯកភាព​កំណត់​លើ​គោលការណ៍​ដូច​ខាងក្រោមៈ​១.​ក្រុមហ៊ុន​ត្រូវ​បោះបង្គោល​ព្រំដី​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​រួច​,២.​ផ្ទៃដី​ដែល​នៅសល់​២០០០​ហិក​តា​ទៀត​ដែល​ក្រុមហ៊ុន​ពុំទាន់​បាន​ឈូសឆាយ​ក្រុមហ៊ុន​ត្រូវគោរព​តាម​គោលការណ៍​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​នៅសល់​ប៉ុន្មាន​ក្រុមហ៊ុន​ត្រូវ​ទទួល​យកតាម​ការជាក់ស្តែង​,៣.​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្តែង​ក្នុង​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​រួច​ក្រុមហ៊ុន​ត្រូវ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​,៤.​ក្រុមការងារ​បច្ចេកទេស​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្រុក​ទាំងពីរ​ត្រូវ​ចុះ​ពិនិត្យ​ការបោះបង្គោល​ព្រំដី​និង​កំណត់​និយាម​កា​។​ ខណៈដែល​លោក​ស៊ុ​ភិរិន្ទ​ចុះទៅ​ដល់​គោលដៅ​នោះ​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ភាព​រីករាយ​ត្រេកអរ​ចំពោះ​ការបោះបង្គោល​កំណត់​ព្រំដី​នេះ​។​ លោកបាន​មានប្រសាសន៍​ជំរាបជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​៖​ការ​បោះបង្គោល​ព្រំដី​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​និង​សហការ​គ្នា​បានល្អ​។​ ការបោះបង្គោល​ព្រំ​គឺ​ធ្វើ​ទៅតាម​ព្រំ​ចាស់​របស់​បងប្អូន​តាម​ភូមិសាស្ត្រ​ដីស្រែ​ដែល​មាន​ស្រាប់​ជាក់ស្តែង​តែ​នេះ​ជាការ​កំណត់​ព្រំ​សិន​មិនទាន់​ត្រូវ​តាម​និយាម​កា​រដ្ឋបាល​សុរិយោដី​ទេ​រង់ចាំ​ក្រុម​ជំនាញ​បច្ចេកទេស​វាស់វែង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ទំហំ​ជាក់លាក់​ដោយ​ត្រូវ​កំណត់ឲ្យ​បាន​ច្បាស់​ព្រំដី​ក្នុងភូមិ​សាស្ត្រ​និ​មួយៗ​។​ឯ​.​ឧ​បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ក៍​ដូចជា​ក្រុមការងារ​ពាក់​ព​ន្ឋ័​ក្នុងការ​អនុវត្ត​ភារកិច្ច​នៅ​ទីនោះ​ថា​៖​យើងទាំងអស់គ្នា​ឈរ​ខាង​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ប្រជាពលរដ្ឋ​មិន​បំរើ​ផលប្រយោជន៍​អោយ​បុគ្គល​ណា​ឫ​ក្រុមហ៊ុន​ណា​ទេ​បើ​ក្រុមហ៊ុន​ណា​ឫ​បុគ្គល​ណា​ធ្វើ​ការរំខាន​រារាំង​ដល់​ក្រុមការងារ​និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​ក៏​ដូចជា​មក​រំខាន​ការងារ​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​លើដី​ដែល​បានកំណត់​បោះបង្គោល​ព្រំ​ហើយនឹង​ត្រូវ​ដកចេញ​បងប្អូន​អាចធ្វើ​ស្រែ​អាស្រ័យ​ផល​លើដី​របស់​បាន​ដោយ​មិន​ភ័យខ្លាច​នរណ​ឫ​ក្រុម​ណា​មករា​រាំង​ហាមឃាត់​ទៀត​ទេ​។​
​ ​នៅតាម​ផ្លូវ​ចូល​ទៅ​កាន់​ក្រុមហ៊ុន​ខេន​លី​មិ​ត​ធីត​គេ​ឃើញ​មាន​ដាក់​កុងត្រូល​ត្រួតពិនិត្យ​ប្រមាណ​ជា​បី​កន្លែង​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​ថ្នាំងថ្នាក់​ផង​ដែរ​។​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹងថា​កន្លង​អ្នក​ចាំ​កុងត្រូល​តែងតែ​យកលុយ​ពី​ពួកគាត់​៥០០០​រៀល​ឫ​លើសពីនេះ​ពេល​ពួកគាត់​ដឹក​កសិផល​ចេញ​ម្តងៗ​។​តែ​ទោះជា​យ៉ាងណា​ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជាឲ្យ​រើ​ចោល​ចេញ​ជាបន្ទាន់​ផងដែរ​ខណៈដែល​ឯ​.​ឧ​ចុះ​ត្រួតពិនិត្យ​ការបោះបង្គោល​នាពេលនេះ៕
គឿន​វេត​

តុលាការខេត្ត​កណ្ដាល កោះហៅ លោក រ៉ុង ឈុន សាកសួរ​រឿង​កូដកម្ម​

ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល ចេញ​ដីកាកោះ ដើម្បី​សាកសួរ ពីបទញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​ដោយ​អគ្គនាយក នៃ​សហគ្រាស តៃយ៉ាង​។​

​ដីកា​កោះ ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ឲ្យដឹងថា លោក ទេព មុនិ​ន្ទ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល អញ្ជើញ​លោក រ៉ុង ឈុន ឲ្យចូល​ទៅកាន់​អយ្យការ​អមសាលា​ដំបូង​ខេត្តក​ណ្ដា​ល នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩​ព្រឹក ដើម្បី​សាកសួរពី​ដំណើរ​រឿង ដែល​ឈ្មោះ JACK LIU អគ្គនាយក នៃ​សហគ្រាស តៃ យ៉ាង ប្ដឹង​លោក​ពី​បទញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។​

​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​រោងចក្រ​កាត់ដេរ តៃ​យៀ​នទី​១ តៃ​យៀ​នទី​២ និង​រោងចក្រ ខាំ​វែល រាប់រយ​នាក់ បាន​ផ្ទុះ​កូដកម្ម​តវ៉ា ទាមទារ​នូវ​ប្រាក់​អត្ថប្រយោជន៍​ការងារចំនួន ៥ ចំណុច ដែល​រួមមាន​៖ ប្រាក់​អត្ថប្រយោជន៍​ការងារជាដើម​។ 

​កូដកម្ម​របស់​កម្មក​រ​រោងចក្រ​កាត់ដេរជិត​ផ្សារ​បែក​ចាន ក្នុង​ខេត្ត​កណ្តាល​នោះ ក៏​មាន​លោក រ៉ុង ឈុន និង​មេដឹកនាំ​សហជីព​កម្មករ​ជា​ច្រើន​ទៀតបាន​ចូលរួម​តវ៉ា រួម​ទាំង​ដឹកនាំ​ការដើរ​ហែ​ក្បួន​តាម​ផ្លូវ ផងដែរ​។​

​លោក រ៉ុង ឈុន បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ដោយ​លោក​ស្វាគមន៍​នូវ​រាល់​ពាក្យបណ្តឹង​ប្រឆាំង​រូបលោក ហើយ​ថា លោក​ហ៊ាន​ទទួលខុសត្រូវ ចំពោះ​ការដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​។ 

​តែ​លោក រ៉ុង​ឈុន បាន​អះអាង​ថា កូដកម្មដែល​លោក​ដឹកនាំ​តវ៉ា​នោះ មិនមែន​ខុសច្បាប់​ទេ គឺ​សហជីព​បាន​ធ្វើ​លិខិត​ស្នើ​សុំ​បទ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​មុន​នឹងធ្វើ​កូដកម្ម ក៏​សហជីព​កម្មករបាន​ជូនដំណឹង​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​៖ អាជ្ញាធរ ក្រសួង​ការងារ ក្រសួង​សង្គមកិច្ច និង​ក្រុមហ៊ុន​រោងចក្រ ជាដើម​។​

​លោក រ៉ុង ឈុន បាន​លើកឡើង​ថា "​យើង​បាន​ជូនដំណឹង​រួចហើយទៅកាន់​និយោជក និង​ស្ថាប័ន​ពាក់ព័ន្ធ មុននឹង​ធ្វើ​កូដកម្ម​។ ដូច្នេះ​អត់​មាន​អ្វីដែលថា ខ្ញុំ​ទៅ​ញុះញង់​កម្មករ​ទេ​។ យើង​មិនមែន​ដើរ​ទៅ​ញុះញង់​កម្មករ ឲ្យធ្វើ​បាតុកម្ម កូដកម្ម​នោះទេ លុះត្រាតែ​កម្មករទទួល​ការរំលោភ​ពី​និយោជក អា​ហ្នឹង​បាន​យើង​ធ្វើ​អន្តរាគមន៍​។ ម្យ៉ាងទៀត អ្វី​ដែល​យើង​ធ្វើ វា​ស្ថិត​នៅក្នុង​ច្បាប់ ទាំង​ច្បាប់​ស្តីពី​ការងារ និង​ទាំង​ច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជា​អនុសញ្ញា​អន្តរជាតិ ILO ក៏​បាន​ធានា​សេរីភាព​សហជីព ក៏ដូចជាកម្មករ ក្នុង​ការទាមទារ តាមរយៈ​បាតុកម្ម ឬ​កូដកម្ម​"​។​

​លោក រ៉ុង​ឈុន ក៏​បាន​បន្តថា ការប្តឹង​ផ្តល់​រូបលោក រួម​ទាំង​តំណាង​សហជីព​កម្មករ ៩ នាក់​ផ្សេង​ទៀត ដែល​រួម​ទាំង​អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​បាន​ចូល​បំភ្លឺ​តុលាការ​រួច​ហើយ​នោះ គឺ​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​និយោជក ជា​ថៅកែ​រោងចក្រ​កាត់ដេរ តែងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ធ្វើ​ការគាបសង្កត់ មក​លើកម្មករ និង​មេដឹកនាំ​សហជីព​កម្មករ ដោយ​ថៅកែ​រោងចក្រមិន​បាន​ព្យាយាម​គោរព​សិទ្ធិ​កម្មករ និង​គោរព​ច្បាប់​នោះ​ទេ​។​

​លោក រ៉ុង ឈុន បាន​គូសបញ្ជាក់ថា "​នៅពេល​ដែល​កម្មករធ្វើការ​ទាមទារ​លក្ខណ្ឌ​ការងារ ទាមទារ​អត្ថប្រយោជន៍ និង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ត្រូវបាន​និយោជក ( ថៅកែ​រោងចក្រ ) ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្តឹង​ចោទប្រកាន់​សកម្មជន ឬ​តំណាង​កម្មករ និង​មេដឹកនាំ​សហជីព​កម្មករ​"​។​

​លោក រ៉ុង ឈុន ក៏​បាន​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ គួរតែ​ឈប់​ការប្តឹង​ផ្តល់​លើ​មេដឹកនាំ​សហជីព និង​កម្មករ ហើយ​ងាក​មក​ដោះស្រាយ និង​គោរព​ច្បាប់ ដើម្បី​កុំឲ្យ​អ្នក​បញ្ជា​ទិញបញ្ឈប់​ការបញ្ជាទិញនៅ​រោងចក្រ​កាត់ដេរ​នោះ​។ រីឯ​ប្រព័ន្ធតុលាការ ក៏​ត្រូវ​ពិនិត្យ និង​មាន​សេចក្តីក្លាហាន​លើ​ពាក្យបណ្តឹងមិន​សមរម្យប្រឆាំង​នឹង​សហជីព​កម្មករ ដោយ​តុលាការ​មិន​ត្រូវ​ចាត់ការ​បណ្តឹង ហើយ​កោះហៅ​សហជីព​កម្មករ តាមតែ​ពាក្យបណ្តឹង​របស់​ថៅកែ​រោងចក្រ​នោះទេ​។​

​ដោយ​អះអាង​ថា ជាប់រវល់ក្នុង​ការងារ​មមាញឹកនា​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ លោក រ៉ុង​ឈុន បាន​អះអាង​ថា លោក​បាន​ស្នើសុំ​ទៅ​តុលាការ តាមរយៈ​មេធាវី​របស់​លោក ដើម្បី​សុំ​លើក​ពេលចូល​ឆ្លើយបំភ្លឺ​។​

​មកដល់​ថ្ងៃនេះ ក្រុម​កម្មករ​ប្រមាណ ៥០ នាក់ នៅតែ​បន្ត​ការតវ៉ានៅ​មុខ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដោយសារ​តែ​ថៅកែ​រោងចក្រ​កាត់ដេរ មិន​បាន​ផ្តល់​ដំណោះស្រាយ តាម​ការស្នើសុំ ៥ ចំណុច បើទោះបីជា​មាន​លិខិត​អន្តរាគមន៍ពី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ឲ្យ​ថៅកែ​ចិន​តៃវ៉ាន់ នៅ​រោងចក្រ តៃយ៉ាង ទទួលយក​កម្មករ ចូលធ្វើការ​វិញ​ការ​វិញ​ក៏ដោយ​៕​

លោក ឱម យ៉ិនទៀង​៖ លោក សូរិយា ស៊ូ​ប៊ែរ​ឌី គួរតែ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​គណបក្សប្រឆាំង​

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​រាជ​រដ្ឋាភិបាល បាន​បញ្ចេញ​ប្រតិកម្ម​ផ្ទាល់មាត់ តប​នឹង​របាយការណ៍​របស់​លោក សូរិយា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា​។ លោក ឱម យ៉ិនទៀង បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែរ​ឌី គួរតែ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​របស់​គណ​បក្សប្រឆាំង ជាជាង​ធ្វើជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​។​

​ថ្លែង​ទៅ​កាន់​ក្រុមអ្នកកាសែត នៅពេល​ជូន​ដំណើរ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អ៊ីរ៉ង់ និង​នៅ​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១២ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ មិន​ដូច​អ្វី​ដែល​លោក​ស៊ូ​ប៊ែរ​ឌី បាន​លើកឡើង​នោះ​ទេ​។ 

​លោក ឱម យ៉ិនទៀង បាន​បន្ថែមថា លោក សូរិយា ស៊ូ​ប៊ែរ​ឌី គ្រាន់តែ​និយាយ​តាម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​និយាយ​តាម​បក្សប្រឆាំង​ប៉ុណ្ណោះ​។ ពោល​គឺ​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី ជា​អ្នក​បន្ទរ​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ដូច្នេះ​លោក​សូរិយា គួរ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​របស់​គណ​បក្សប្រឆាំង ល្អ​ជាង​ធ្វើជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិនៅពេលនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បាន​លើកឡើង​ថា គណបក្សប្រឆាំង ដែល​មានឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ រួម​គ្នា​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុងតែ​មាន​ផែនការ​បំផ្លាញ គ​.​ជ​.​ប​. ដែល​ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ហើយក៏​មាន​គម្រោង​ឲ្យ​សមាជិក ២ រូប របស់​គណបក្ស​សម​រង្ស៊ី ដើរចេញ​ពី គ​.​ជ​.​ប​. ផងដែរ​។​

​សូម​រម្លឹកថា របាយការណ៍​របស់​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី ដែល​ត្រូវបាន​ចែកចាយ កាលពី​ព្រលប់​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១២ បាន​លើកឡើង​អំពី​ការរំលោភបំពាន​របស់​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​លំនៅដ្ឋាន ករណី​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរី​កីឡា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចរបស់​រដ្ឋាភិបាល​កម្ពុ​ជា នាំឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ស្ទើរ​ទូ​ទាំង​ប្រទេស និង​អំពី​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត នៅ​កម្ពុជា ដែល​នាំឲ្យ​មាន​ការតវ៉ា​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​ការតវ៉ា​ពី​គណបក្ស​ប្រឆាំង ជាដើម​។​

​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ក៏​បាន​គូសបញ្ជាក់ក្នុង​របាយការណ៍​ថា កម្ពុជា​ទទួលបាន​អនុសាសន៍​ជា​ច្រើន ទាំង​ទ្វេភាគី និង​ពហុភាគី ដោយ​អង្គការ​ផ្សេងៗ ប៉ុន្តែ​វា​គួរឲ្យ​សោកស្តាយ ដែល​អនុសាសន៍​ភាគច្រើន​បំផុតដែល​កម្ពុជា​ទទួលបានដើម្បី​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅតែ​មិន​មាន​ការអនុវត្ត​។​

​អ្នករាយការណ៍​ពិសេស លោក សូរិយា ស៊ូ​ប៊ែរ​ឌី បាន​សរសេរ​ទៀត​ថា “​ការ​គ្មាន​ការពិគ្រោះ​យោបល់ និង​គ្មាន​ការចរចា​សមស្រប​ជាមួយ​ប្រជាជន ដែល​រង​ការប៉ះពាល់​នៅពេល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច" គឺជា​ក្តីបារម្ភ​មួយនៅ​កម្ពុជា​។​

​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ក៏​បាន​កត់សម្គាល់​ថា ការបំភិតបំភ័យ និង​ការយាយី គឺ​នៅតែ​កើត​មាន​ជុំវិញ​ការបោះឆ្នោតនៅ​កម្ពុជា​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ស្តីទី​ការ​គណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ព័ត៌មាន​របស់​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី ដែល​ទទួលបាន គឺជា​ការ​សម្លឹង​ឃើញ​តែ​ផ្នែក​អាក្រក់​ដ៏​តិចតួច ដែល​ជា​កង្វះខាត​របស់​រដ្ឋាភិបាល​។ រីឯ​ស្ថានការណ៍​សិទ្ធិមនុស្សនៅ​កម្ពុជា ក៏​មិនមែន​អាក្រក់ ដូច​អ្វី​ដែល​លោក​សូរិយា ស៊ូ​ប៊ែរ​ឌី តែងតែ​លើកឡើង​អំពី​ការមិនពិតនៅ​កម្ពុជា​នោះទេ​៕​

គណបក្ស​ជាតិ​និយម បដិសេធថា ស៊ីសុវត្ថិ ចក្រី​នុព​ល និង​ឈ្មោះ ទី​ម ទិ​ដ្ឋកា មិនមែន​ជា​សមាជិក​បក្ស​

ភ្នំពេញ: គណបក្ស​ជាតិ​និយម បានប្រកាស បដិសេធថា បុគ្គល​ឈ្មោះ ស៊ីសុវត្ថិ ចក្រី​នុព​ល និង​ឈ្មោះ ទី​ម ទិ​ដ្ឋកា គឺ​មិនមែន​ជា​ថ្នាក់​ដឹកនាំ​នៅក្នុង​គណបក្ស នរោត្តម រណឫទ្ធិ នោះទេ និង​មិន​មាន​ឈ្មោះ នៅក្នុង​បញ្ជី​គណបក្ស​ឡើយ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋានគ​ណ​បក្ស​ជាតិនិយម នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ក្រោយពី​បាន​ឃើញ​អត្ថបទ ស្តីពី “​ព្រះអង្គម្ចាស់​ម្នាក់ និង​សមាជិក​បក្ស​រណឫទ្ធិ ចូលរួម​បក្ស​សង្គ្រោះ​ជាតិ​” នៅក្នុង​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ អគ្គលេខាធិការ​គណបក្ស​ជាតិនិយម អតីត​គណបក្ស នរោត្តម រណឫទ្ធិ បាន​ធ្វើ​ការបដិសេធ ចំពោះ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា បុគ្គល​ឈ្មោះ ស៊ីសុវត្ថិ ចក្រី​នុព​ល ជា​អតីត​សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ និង​ឈ្មោះ ទឹម ទិ​ដ្ឋកា ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស នរោត្តម រណឫទ្ធិ ខេត្ត​ស្វាយរៀង​។ 

​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា “​បុគ្គល​ទាំងពីរ​នេះ ពុំ​មាន​ឈ្មោះ នៅក្នុង​បញ្ជី​ថ្នាក់ដឹកនាំ នៃ​គណបក្ស នរោត្តម រណឫទ្ធិ ខេត្ត​ស្វាយរៀង​នោះ​ទេ ហើយ​ក៏​គ្មាន​សកម្មជន​អតីត នរោត្តម រណឫទ្ធិ ណា​ម្នាក់​ទៅ​ចុះចូល​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​នោះដែរ​”​។​
​    ​
​សេចក្ដីប្រកាស​ព័ត៌មាន បាន​បន្ថែមថា អតីត​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសថា ចំពោះ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​គឺជា​ព័ត៌មាន​ក្លែងបន្លំ កេងចំណេញ​នយោបាយ និង​បោកប្រាស់​ប្រជាពលរដ្ឋ​៕​

សម្តេច​ហ៊ុន​សែន ទៅ​ចូលរួម​សន្និសីទ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​អ៊ីរ៉ង់ និង​ពិព័រណ៍ នៅ​ចិន​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន នាព្រឹក​ម៉ោង ៨ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ក្រុម ចាកចេញពីព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ ទៅ​ចូលរួម​សន្និសីទលើក​ទី​១៦ នៃ​ប្រទេសចលនា​មិន​ចូល​បក្សសម្ព័ន្ធ (Non-Aligned Movement NAM) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ នៅ​ទីក្រុងតេ​អេ​រ៉ង់ ប្រទេសអ៊ីរ៉ង់។ 

សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នឹង​បន្តដំណើរទៅ​ចូលរួម​ពិព័រណ៍​ចិន-​អាស៊ី​អឺរ៉ុប នៅ​ប្រទេស​ចិន ហើយរហូត​ដល់​ថ្ងៃ​ទី​៣​ ខែកញ្ញា ឆ្នាំ​២០១២ ទើប​សម្តេច​វិលត្រឡប់​មក​កម្ពុជា​វិញ​។​

​មុនពេល​ឡើង​យន្តហោះ អមដំណើរ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​​អ៊ីរ៉ង់ លោក ស្រ៊ី ថា​ម​រ៉ុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា កិច្ចប្រជុំ​កំពូលលើក​ទី​១៦ នៃ​ប្រទេសចលនា​មិន​ចូល​បក្សសម្ព័ន្ធ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ "​សន្តិភាព​យូរអង្វែង រួម​គ្នា​ជា​សកល​"​។ កិច្ចប្រជុំ​នោះ ក៏​នឹង​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​អ៊ីរ៉ង់ ជា​ប្រធាន​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក្នុង​រយៈពេល ៣​ឆ្នាំ​។ លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​។​

​លោក ស្រ៊ី ថា​ម​រ៉ុង្គ បាន​បន្ថែមថា បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំនៅ​អ៊ីរ៉ង់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​បន្តដំណើរដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​បើកសម្ពោធ​ពិព័រណ៍ចិន-អាស៊ីអឺរ៉ុប នៅ​ប្រទេស​ចិន​ផង​ដែរ​។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ទើប​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន អញ្ជើញ​វិលត្រឡប់មក​ដល់​រាជធានី​ភ្នំពេញ​វិញ​។​

​ក្រសួងការបរទេស​កម្ពុជា បានប្រកាសថា ដំណើរ​ទៅកាន់​តុ​ប្រជុំ នៅ​ទីក្រុងតេ​អេ​រ៉ង់ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ានពេលនេះ គឺ​តប​តាម​ការអញ្ជើញ​របស់​លោក Mahmoud Ahmadinejad ប្រធានាធិបតី នៃ​សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់​។ 

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ របស់​ក្រសួងការបរទេស បង្ហាញថា គណៈប្រតិភូដែល​អមដំណើរ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ទៅកាន់​អង្គ​សន្និសីទ​នៅ​ទី​ក្រុងតេអេ​រ៉ង់ រួមមាន​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​រូប​ផ្សេងទៀត​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា ក្រៅពី​ចូលរួម​ក្នុង​អង្គ​សន្និសីទ​នោះ នៅ​ប្រទេស​អ៊ីរ៉ង់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នឹង​ជួបពិភាក្សា​ទ្វេភាគី ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Mahmoud Ahmadinejad ព្រមទាំង​មាន​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ទៀត ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន នឹង​ជួបពិភាក្សា​ត​ទល់​នឹង​លោក Kim Yong Nam ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ក៏​បាន​បង្ហាញថា ក្រៅពី​ចូលរួម​សន្និសីទប្រទេស​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​ប្រទេស​អ៊ីរ៉ង់ សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ពិព័រណ៍ចិន​-​អាស៊ី​អឺរ៉ុប លើក​ទី​២ (China-Eurasia Expo) ដែល​នឹង​ធ្វើឡើងនៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ អ៊ូ​រុំ​ឈី (Urumqi) ក្នុង​តំបន់​ស្វយ័តស៊ីន​ជាំ​ង អ៊ុយ​ហ្គ័​រ ក្នុង​ប្រទេស​ចិន​។ ដំណើរ​ទៅកាន់​ប្រទេស​ចិន​នោះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ចិន​។​

​សេចក្តី​ជូន​ព័ត៌មាន បាន​លើកឡើង​ថា អំឡុងពេល​ស្នាក់នៅ​អ៊ូ​រុំ​ឈី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao​។​

​ដោយឡែក សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​នឹង​ឆ្ពោះ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា តប​តាម​ការអញ្ជើញ​របស់​ប្រមុខ​ការទូត​ឥណ្ឌា លោក S.M. Krishna​។ លោក​ប្រមុខ​ការទូត ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា លើក​ទី​៦ (Mekong-Ganga Cooperation MGC) ដែល​នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីក្រុង​ញូ​ដេលី ប្រទេស​ឥណ្ឌា​៕

បើកវគ្គបំពាក់ បំប៉នជំនាញដល់មន្ដ្រីនគរបាល ខេត្ដកណ្ដាល ដើម្បីទប់ស្កាត់កូដកម្ម និងបាតុកម្ម

កម្លាំងនគរបាលចំនួន១២០នាក់ បានទទួលការហ្វឹកហាត់ បំពាក់បំប៉នជំនាញរយៈ ពេល ៣០ ថ្ងៃ​ដើម្បី​ទប់​ស្កាត់ បាតុកម្ម កូដកម្មនៅក្នុងមូលដ្ឋាន  ពិធីបើកវគ្គបំពាក់បំ ប៉នជំនាញ នេះនៅ​ស្នង​ការ​នគរ​បាល​ខេត្ដ កណ្ដាល។ដោយមានការអញ្ជើញ ចូលរួមជាអធិបតី របស់ ឯកឧត្តម​ឧត្ដម​សេនីយ៍​ឯក​ គៀត​ ចន្ទ័​ថារិទ្ធិ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ ដោយមាន​ការចូលរួមពីលោកឧត្ដម សេ​នីយ៍​ត្រីអ៊ាវ ចំរើន ស្នង ការនគរបាល ខេត្ដ កណ្ដាល ស្នងការរងនាយការិយាល័យ ជាច្រើនរូបទៀត 
ការបំ​ពាក់បំប៉ន ជំនាញនេះ ដោយមានគ្រូបង្ហាត់បង្រៀនមកពីក្រ សួងមហាផ្ទៃ លោក ឧត្ដម​សេនីយ៍​ត្រី អ៊ាវ ចំរើន បានបញ្ជាក់ឱ្យដឹងថា មន្ដ្រីនគរបាល​ដែលបានចូល​រួមហ្វឹក​ហាត់​មាន​ចំនួន​១២០​នាក់​ មក​ពី​ គ្រប់ស្រុក-ក្រុងនិង មន្ដ្រីនគរបាល នៅ​ការិយាល័យ​ស្នង​​ការខេត្ដកណ្ដាល ដែលបាន ចូលរួម ហ្វឹក​ហាត់​វគ្គបំពាក់បំប៉នជំនាញ ទប់ស្កាត់បាតុកម្មកូដកម្មដែលកើតមាននៅក្នុង មូលដ្ឋាន លោកឧត្ដម សេនីយ៍ស្នងការ បានបន្ដថា កម្លាំងដែលបានចូលហ្វឹក​ហាត់បំពាក់បំប៉ន​ជំនាញ​ទាំងអស់​នេះ​ លោក​និង​ ជួយធ្វើ អគារស្នាក់នៅឱ្យបានសមរម្យ និងជួយឧត្ដម្ភថវិកាក្នុង​ម្នាក់ៗ​១ថ្ងៃ​ ៥០០០​រៀល​ ។​នា​ឱកាស​នេះឯកឧត្តមឧត្ដមសេនីយឯក គៀត ចន្ទ័ថារិទ្ធិ បានថ្លែងថានៅក្នុងទឹកដី ខេត្ដ​កណ្ដាល​ក្នុង​ឆ្នាំ​២០១២​នេះ មានករណីកូដ កម្ម បាតុកម្មរបស់ក្រុមកម្មករ កើតមាន ឡើង​ចំនួនជាង៥០ករណីទើបអគ្គស្នង ការ​នគរបាលជាតិ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន បានជំរុញឱ្យមានការបើកវគ្គ ​បំពាក់​បំប៉ន​ជំនាញនេះ ឡើង។ ឯកឧត្តម ឧត្ដមសេនីយឯក​  គៀត ចន្ទ័ថារិទ្ធិបានបន្ដថា កម្លាំងនគរ បាលដែលបាន​ចូល​រួម​ហ្វឹក ហាត់វគ្គបំពាក់បំប៉ន ជំនាញនេះទាំងអស់មិនត្រូវចាត់ទុកក្រុមកូដកម្ម និងបាតុកម្ម​ទាំង​អស់​នោះ ជាសត្រូវរបស់យើងឡើយ ក្នុងនាម យើង​ជា​កម្លាំង​នគ​របាល​ការពារ​ សន្ដិសុខ​ គឺត្រូវ​តែរិះ​រក​វិធី​ទប់​ស្កាត់និងបង្ការរាល់ សកម្ម ភាពដែល​ក្រុម​កម្មករ​ធ្វើកូ​ដ​កម្ម​ និង​បាតុកម្ម​ នោះទើប​វាជា​ការ​ប្រសើរ​ ហើយមិនត្រូវយកកម្លាំងប្រដាប់អាវុធ ទៅធ្វើបាប ក្រុមកូដកម្មទាំង អស់នោះទេ៕

ក្រុមមន្ត្រីជំនាញជួបជុំគ្នាពិគ្រោះយោបល់ លើការជួញដូរ មនុស្ស

ក្រុមមន្រ្តី អន្តរក្រសួង និងអង្គការក្រៅរដ្ឋាភិបាល ដែលមានការជាប់ពាក់ព័ន្ធទៅនឹង ការ ជួញដូរមនុស្សបានធ្វើការជួបប្រជុំពិភាក្សាគ្នា ដើម្បីទប់ស្កាត់ការ ជួញដូរមនុស្សដែល កើត មានឡើងនៅ សង្គមកម្ពុជា នាពេលបច្ចុប្បន្ន។ នៅក្នុងកិច្ចប្រជុំក្រុមការងារទាំង៦ របស់ លេខាធិការដ្ឋាន ប្រយុទ្ឋប្រឆាំងការជួញដូរមនុស្ស ដែលមាន ការចូលរួម ពីតំណាង ក្រសួងមហាផ្ទៃក្រសួងការបរទេស ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ និង អង្គការក្រៅ រដ្ឋាភិបាលដែលបានរៀបចំឡើងនាសណ្ឋាគារ អឹមភើរៀល 
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថាកិច្ចប្រជុំដែល ប្រព្រឹត្តឡើងនាពេលនេះ ដើម្បីរៀបចំចងក្រងឯកសារ ផែនការ សម្រាប់ អនុវត្តសកម្មភាព ជាតិឆ្នាំ ២០១១-២០១៣ ដោយគ្រប់ភាគីពាក់ព័ន្ធ ត្រូវចាំបាច់តាក់តែង ឡើងឲ្យទៅ ជាសកម្មភាពជាក់ស្តែង ធ្វើយ៉ាងណាទប់ស្កាត់ ក៏ដូចជាការបង្ក្រាប ការជួញដូរមនុស្ស ដែលបាន និងកំពុងកើតមានឡើង នៅ កម្ពុជានាពេលនេះ។ អ្នកស្រី បន្តថា «ការជួញ ដូរមនុស្សនាពេលបច្ចុប្បន្ន ស្ថិតនៅក្រោមរូបភាពសំខាន់ ពិសេសនោះ គឺរូបភាព ជាទេសន្ត ប្រវេសន៍ (ចំណាកស្រុក) ហើយយើងក៏ បានធ្វើសញ្ចារកម្ម (ជួញដូរផ្លូវភេទ) តាមរយៈទេសចរណ៍ផ្លូវភេទ ក៏ដូចជាការបើកអាជីវកម្ម ផ្សេងៗ» លោកស្រីរដ្ឋលេខាធិការ បន្ថែមថាកម្ពុជាមានក្តីកង្វល់ជាខ្លាំងចំពោះ ចំណាក ស្រុក របស់ ប្រជាពលរដ្ឋខ្មែរ ដោយសារពលរដ្ឋ ភាគច្រើន ពួកគាត់ធ្វើដំណើរទៅ ក្រៅប្រទេស ដើម្បីស្វែង រកការងារធ្វើ ដែលកម្ពុជាមិនទាន់មានវិធានការទប់ស្កាត់ពីករណីនេះ។ កម្ពុជាក៏ជួបបញ្ហា ប្រឈមកំពុងកើតមាន ឡើងដែលទាម ទារដំណោះស្រាយ ទើប ក្រុមការងារ បានបង្កើត ឲ្យមានកុ្រមការងារ មួយទៀតដែលមានឈ្មោះថា ក្រុម ការងារ ទេសន្តរប្រវេសន៍ មានការ ចូលរួមពីក្រសួង មហាផ្ទៃក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួង យុត្តិធម៌ និង ក្រសួងពាក់ ព័ន្ធមួយចំនួនទៀតក្រុមអង្គការ សង្គមស៊ីវិល ព្រមទាំងទីភ្នាក់ងារជ្រើសរើស ពលករ។ ធ្វើយ៉ាងឲ្យពួក គេធ្វើការ ពិភាក្សាវែកញែកគ្នា ឲ្យបានច្បាស់លាស់ អំពីការគ្រប់គ្រង នៃការ ដំណើរការទទួល ខុសត្រូវលើពលករចំណាក ស្រុកឲ្យមានសុវត្ថិភាព។ យោងតាមរបាយ ការណ៍របស់អង្គការអាដហុក បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១២ ចំនួនពាក្យបណ្តឹងសុំជួយអន្តរាគមន៍ របស់គ្រួសារ ពលករចំណាក ស្រុក បាន កើនឡើងជាង៥ដង លើសពីចំនួនពាក្យ បណ្តឹង ដូចគ្នា កាលពី៤ខែ ដើមឆ្នាំ២០១១ ដោយ ឆ្នាំនេះ ១៤១ករណី រយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១១មានត្រឹមតែ ២៣ករណីប៉ុណ្ណោះ។ របាយការណ៍ នោះបន្តថា ក្នុង១៤១ករណីពលករ-ពលការិនីខ្មែរបានទៅ ធ្វើការនៅ ប្រទេស ក្រៅ ដូចជាប្រទេស ម៉ាឡេស៊ី ថៃអាហ្វ្រិកខាងត្បូង ចិន សាំងហ្គាពួរ ជប៉ុន ជាដើម៕