Thursday, August 30, 2012

សម្តេចតេជោ អញ្ជើញទៅចូលរួមសន្និសីទកំពូល នៃប្រទេសចលនាមិនចូលបក្សសម័្ពន្ធនៅប្រទេសអ៊ីរ៉ង់ និងបន្តធ្វើទស្សនកិច្ចនៅប្រទេសចិន




គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរទៅកាន់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ដើម្បីចូលរួមក្នុងសន្និសីទកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ម៉ាមូដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) ប្រធានាធិបតីប្រទេសអ៊ីរ៉ង់។
ក្រៅពីកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅទីក្រុងតេអេរ៉ង់ នៅក្រោមប្រធានបទនៃសន្និសីទគឺ «សន្តិភាពយូរអង្វែងតាម រយៈអភិបាលកិច្ចរួមគ្នាជាសកល»សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងឯកឧត្តមបណ្ឌិត ម៉ាមូដ អាម៉ាឌីណេចាដ និងជួបជាមួយឯកឧត្តម គីម យ៉ុងណាម ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងថា នៅក្នុងសន្និសីទដែលបើកជាផ្លូវការនៅថ្ងៃទី៣០ ខែសីហា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចលនាមិនចូលបក្សសម័្ពន្ធនឹងពិភាក្សា និងដោះស្រាយលើបញ្ហាជាច្រើន ដើម្បីសន្តិភាពយូរអង្វែងរបស់សកលលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការកើនឡើងនៃសង្រ្គាមការគំរាមកំហែងផ្សេងៗ បញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ ការប្រែប្រួលអាកាសធាតុ ការកែទម្រង់រចនាសម័្ពន្ធ របស់អង្គការសហប្រជាជាតិ…គឺសុទ្ធសឹងតែជាបញ្ហា ដែលសន្និសីទកំពូល នៃប្រទេសចលនាមិនចូលបក្សសម័្ពន្ធធ្វើការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណា ដើម្បីឲ្យចលនាមិនចូលបក្សសម័្ពន្ធមានតួនាទីកាន់តែខ្លាំងឡើងកាន់តែរឹងមាំឡើង នៅក្នុងការបញ្ចប់សង្រ្គាម ក៏ដូចជា រារាំងមិនឲ្យមានសង្រ្គាម និងរួមចំណែកនៅក្នុងការអភិវឌ្ឍធ្វើឲ្យប្រទេសទាំងអស់មានសន្តិភាព មានទំនាក់ទំនងល្អ មិនបានទទួលការកៀបសង្កត់ ហើយដោះស្រាយបញ្ហាទាំងអស់ ដើម្បីសន្តិភាពយូរអង្វែងរបស់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថា ចលនាមិនចូលបក្សសម័្ពន្ធមានប្រទេសជាសមាជិកទាំងអស់ចំនួន១២០ ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាសមាជិកស្ថាបនិកមួយដែរ។ ប្រទេសចលនាមិនចូលបក្សសម័្ពន្ធមាន ២ភាគ៣ នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងមានប្រជាជនចំនួន ៥៥% នៃប្រជាជននៅលើពិភពលោក។ ប្រទេសចំនួន២១ ជាប្រទេសសង្កេតការណ៍របស់ប្រទេសចលនាមិនចូល បក្សសម័្ពន្ធ ប៉ុន្តែមិនមែនជាសមាជិកនោះទេ។
ប្រទេសចលនាមិនចូលបក្សសម័្ពន្ធមានប្រហែលជា៥០ប្រទេស បានដឹកនាំជាន់ខ្ពស់ ថ្នាក់ប្រធានាធិបតីចំនួន២៧រូប មានថ្នាក់ព្រះមហាក្សត្រចំនួន២ព្រះអង្គ ជានាយករដ្ឋមន្រ្តី៧រូប អនុប្រធានាធិបតីចំនួន៩រូប មានប្រធានសភា២រូប ចំនួន៥រូបជាបេសកជនពិសេស និង ក្រៅពីនោះដឹកនាំដោយរដ្ឋមន្រ្តីការបរទេស ឬជារដ្ឋមន្រ្តីនៃក្រសួងផ្សេងៗ និងអង្គការសហប្រជាជាតិផងដែរ។
យោងតាមឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឲ្យដឹងថា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ីអឺរ៉ុបលើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងអ៊ូរុំឈី តំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន។ អំឡុងពេលស្នាក់នៅទីក្រុងអ៊ូរុំឈី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វេន ជាបាវ (Wen Jiabao) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋប្រជាមានិតចិន ។
ប្រតិភូអមនាយករដ្ឋមន្រ្តី ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា សម្តេចតេជោនឹងអញ្ជើញទៅកាន់ ទីក្រុងអ៊ូរុំឈី តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី៣១ ខែសីហា ដោយមុននឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២៕
អត្ថបទ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន

សៀមរាប ៖ ​លោក Chen Demingរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​នៅ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លើក​ទី ១១ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៩ សីហា ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​​ ព្រោះបាន​នាំ​ឲ្យ​ចិន និង​អាស៊ាន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​កាន់តែ​ល្អ​ប្រសើរ ។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក Chen Deming បាន​លើកយក​ឯកសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ សេដ្ឋកិច្ច​អាស៊ាន-ចិន​លើក​ទី ១០ ដែល​បាន​អនុម័ត​កាលពី​ខែ​វិ​ច្ឆិកា ឆ្នាំ​២០១១ នៅ​ប្រទេស ឥណ្ឌូ​នេស៊ី ដែល​បាន​ក្លាយទៅជា​ទិសដៅ​មួយ​យ៉ាង​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន កាន់តែ​ត្រូវ​បាន លើក​កម្ពស់​ទៅ​ក្នុង​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម​នោះ ។ លោក Chen Deming ថ្លែង​ថា ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​បណ្តា​ទំនិញ​របស់​អាស៊ាន​បាន​ធ្វើ​ចរាចរ ដោយ​បាន​អះអាង​ថា «អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី ៣ របស់​ចិន» កាលពី​ឆ្នាំ ២០១១ កន្លងទៅ ដោយ ក្នុង​នោះ​យើង​ក៏បាន​ព្រមព្រៀងគ្នា​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន និង​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ​ថា អាស៊ាន​នឹង​ខិតខំ​ពង្រឹង​បន្ថែម​ទៀត​លើ​ការ​វិនិយោគ​រវាង អាស៊ាន-ចិន ដើម្បី​ឲ្យ​វិស័យ​វិនិយោគ​នេះ​កាន់តែ​ប្រសើរ​ឡើង​ព្រោះថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ សំខាន់​មួយ​របស់​អាស៊ាន ក្នុងការ​​ជម្រុញ​​បន្ថែម​ទៀត​ទៅលើ​ការ​វិនិយោគ​សេដ្ឋកិច្ច​អាស៊ាន ។

ដោយឡែក​នៅក្នុង​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ចិន Chen Deming កាលពី​យប់ ថ្ងៃទី ២៨ សីហា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មាន​ចំនួន ២៥០០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ។ លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​បាន សម្រេច​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទ្វេដង​ក្នុង​រយៈ ពេល ៥ ឆ្នាំ​ខាងមុខនេះ ។

នៅក្នុង​ជំនួប​ទ្វេភាគី​នោះ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​លើកកម្ពស់​​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ការនាំចេញ​ដំឡូង​មី ពោត និង​អង្ករ​ថា តើ​ត្រូវ​នាំទៅ​ប្រទេស​ចិន​ដោយ​របៀប​ណា?-ភាគី​ចិន​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​ដំឡូង​មី និង ពោត​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​កាន់​តែ​ច្រើន ។ ជាមួយគ្នា​នេះ​ដែរ ក៏បាន​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ចិន​មក វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែច្រើន​ថែមទៀត ជាពិសេស​លើ​វិស័យ​ផលិតកម្ម​ស្រូវ និង​សំលៀក​បំពាក់​កាត់ដេរ៕

ស្នាយ​ពល

មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត​ជិះ​សេះ​បង្ហាញខ្លួន​នៅ​លើ​សួនច្បារ​មុខ​វត្ត​ឧណ្ណាលោម​


ភ្នំពេញ ​៖ ​មេទ័ព​២​រូប​ដ៏​ល្បីល្បាញ​ខាង​សឹកសង្គ្រាម​នា​សតវត្ស​ទី​១៧ ​បាន​បង្ហាញ​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន​នៅមុខ​វត្ត​ឧណ្ណាលោម​នោះ​គឺ​រូបតំណាង​មេទ័ព​តេ​ជោ​មាស​ និង​តេ​ជោ​យ៉​ត ​ដោយ​រូប​សំណាក​នេះ​ត្រូវ​បាន​ស្ថាបនា​​ឡើង​ដោយ​ជិះ​សេះ​មាន​ស្ពាយ​ដាវ​នៅ​ជាប់​នឹង​ខ្លួន​។​ ការស្ថាបនា​នូវ​រូបសំណាក​មេទ័ព​ទាំង​២​នាក់​នេះ ​គឺ​ក្នុង​គោលបំណង​រំលឹក​ដល់​វីរភាព​ និង ទឹកចិត្ត​ក្លាហាន​នៃ​មេទ័ព​ទាំង​២ ​ក្នុង​ការ​ការពារ​ទឹកដី​ពី​ខ្មាំងសត្រូវ​នា​សម័យ​កាលនោះ។

​ ​ក្រុម​វិចិត្រករ​ខ្មែរ​ដែល​កំពុង​ស្ថាបនា​នូវ​រូបសំណាក​ដ៏​ល្អ​ប្រណិត​នេះ​បាន​ឲ្យ​ដឹងថា រូបសំណាក​មេទ័ព​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុម​វិចិត្រករ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​សូន្យ​រូប ដោយ​ធ្វើឡើង​អំពី​ស្ពាន់ ​មាន​ទម្ងន់​ប្រមាណ​២​តោន​ប្រើប្រាស់​ពេលវេលា​នៃ​ការស្ថាបនា​រូបសំណាក​ទាំង​២​នេះ​អស់​រយៈពេល​៦​ខែ រួចមកហើយៗ ត្រូវបាន​យក​មក​តំឡើង​នា​ពេលនេះ​។ ចំណែក​ថ្ម​ទ្រ​រូបសំណាក​ទាំង​២​ដោយ​មានការ​ជិះ​សេះ​នេះ គឺ​ត្រូវបាន​នាំ​យក​មកពី​ភ្នំ​សន្ទុក ខេត្តកំពង់ធំ ដែលមាន​ទំហំ​១​ដុំ​ធំ​និង​មាន​ទម្ងន់​រហូតដល់​ជាង​៣០​តោន​។​

​ ​លោក​កែប​ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​ក្រោយពី​បញ្ចប់​ការងារ​ពី​សាលា​រាជធានី កាលពី​វេលា​ម៉ោង​ថ្ងៃត្រង់​ទី២៩ ខែសីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​ទៅធ្វើ​ការពិនិត្យ​មើលរូប​សំណាក​មេទ័ព​ទាំង​២​នេះ ដើម្បី​ជំរុញ​ការស្ថាបនា​ឲ្យ​បាន​លឿន រួម​និង​ការ​តាំង​អំពូល​ភ្លើង​នៅ​នឹង​រូបសំណាក​នេះ​។​

​ ​រូបសំណាក​តេ​ជោ​មាស និង តេ​ជោ យ៉​ត ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​ស្ថាបនា​ឡើង​បន្ទាប់ពី​រូបសំណាក​សម្ដេច​សង្ឃ​ជូន​ណាត លោកតា​ភារ​ម្យ​ង៉ុ​យ រូបសំណាក​យាយ​ដូនពេញ ហើយនឹង​ធ្វើការ​ស្ថាបនា​នូវ​រូបសំណាក​បុព្វបុរស​ជំនាន់​ដើម​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​ជាច្រើន​ទៀត​ដូចជា​រូបសំណាក​តេ​ជោ​ដំ​ឌិន ជាដើម អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​រក​ទីតាំង​ដាក់​រូបសំណាក​ទាំងនោះ​មិន​ទាន់បាន​។​

​ ​រូបសំណាក​មេទ័ព​ដ៏​ល្បីល្បាញ​ទាំង​២​នេះ​គ្រោង​នឹង​បើកសម្ពោធ​និង​ធ្វើ​ពិធី​សាសនា​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និ​ង រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​៕

ស្រីរ័ត្ន​

ប្រទេស​អូស្ត្រាលី​ផ្ដល់​ជំនួយ​ថវិកា​បន្ថែម​ចំនួន​១,៤​លាន​ដុល្លារ​អូស្ត្រាលី​ដល់​អ​.​វ​.​ត​.​ក​

ភ្នំពេញ ​៖​ ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ជំនួយ​ថវិកា​បន្ថែមចំនួន​១,៤​លាន​ដុល្លារ​អូស្ត្រាលី​(​ប្រមាណ ១,៤៦​លាន​ដុល្លារ​អាមេរិក​)​ដល់​ភាគី​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​(​អ​.​វ​.​ត​.​ក​)​។ ជំនួយ​ថវិកា​ថ្មី​នេះ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ឯកឧត្តម​ បប់ ខារ ​រដ្ឋមន្ត្រីការបរទេស​ និង​ ជា​សមាជិកសភា​អូស្ត្រាលី​ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ឯកឧត្ដម​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែកក្កដា ឆ្នាំ​២០១២​ ត្រូវ​បាន​ផ្ទេរ​ទៅ​អង្គការសហប្រជាជាតិ​រួចហើយ​។​

ជំនួយ​ថវិកា​លើក​នេះ​គឺ​បន្ថែម​ទៅលើ​ថវិកា​ចំនួន​១,៦១​លាន​ដុល្លារ​អូស្ត្រាលី ដែល​ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ដល់​ភាគី​ទាង​ពីរ​នៃ អ​.​វ​.​ត​.​ក​កាល​ពីដើមឆ្នាំ​២០១២​នេះ​។ បូករួម​ទាំង​ជំនួយ​លើក​នេះ​ផង ប្រទេស​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ថវិកា​ដល់ អ​.​វ​.​ត​.​ក សរុប​ចំនួន ១៩,៧១​លាន​ដុល្លារ​អូស្ត្រាលី​ហើយ​។​

​ ​ឆ្លើយតប​នឹង​ជំនួយ​ដ៏​មានតម្លៃ​នេះ ​ឯកឧត្តម ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្ដីទី និង​លោក ឃ្នុ​ត រ៉ូ​សិន​ហក ​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​អ​.​វ​.​ត​.​ក បាន​ថ្លែងថា​៖ «​ក្នុងនាម អ​.​វ​.​ត​.​ក យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បន្ត​ផ្ដល់​ការ​គាំទ្រ​ដំណើរការ​របស់​អ​.​វ​.​ត​.​ក​។ ​ក្នុង​កាលៈទេសៈ​ដែល អ​.​វ​.​ត​.​ក កំពុង​តែជួបប្រទះ​ការលំបាក​ផ្នែក​ថវិកា ជំនួយ​នេះ​មានតម្លៃ​ថ្លៃថ្លា​ជាទីបំផុត​ដើម្បី​ធានា​ថា អ​.​វ​.​ត​.​ក អាច​បន្ត​បេសកកម្ម​របស់ខ្លួន​ដោយ​ពុំ​មាន​ភាព​រអាក់រអួល​»

ក្មេងៗ​​ជាង៥ពាន់​នាក់​ច្នៃប្រឌិត​ហេ​ដ្ឋា​រចនា​សម្ពន្ធ​អនាគត​ប្រទេស​ជប៉ុន

ដើម្បី​អបអរសាទរ​​គំរប់​ខួប LEGO លើក​ទី៥០ឆ្នាំ ក្រុមហ៊ុន Damish បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​ណែនាំ​អនាគត​ប្រទេស​ជប៉ុន។ កម្មវិធី​សិក្ខាសាលា​នេះ​ត្រូវ​ដាក់​ឈ្មោះថា “កសាង​ប្រទេស​ជប៉ុន”ដែល​ប្រមូល​ផ្ដុំ​​ដោយ​កុមារា​កុមារី​ជាង៥ពាន់​នាក់​ដើម្បី​ឲ្យ​ពួកគេ​ច្នៃប្រឌិត​គំនិត​ផ្ទាល់ខ្លួន​ដើម្បី​កសាង​ប្រទេស​ជប៉ុន​ទៅ​ថ្ងៃ​អនាគត។ ផ្នែក​ដែល​គួរ​ឲ្យ​កត់សំគាល់​ខ្លាំង​គឺ​ទីក្រុង​តូ​ក្យូ និង​ផែនទី​យក្ស​ពណ៌​ស។

លោក Johnnt មកពី Spoon & Tamago បាន​កត់​សំគាល់​ថា “អ៊ី​ន​ធឺ​ណេ​ត​ពោរពេញ​ដោយ​ការងារ LEGO ដ៏​មហាសាល។ យើង​ខ្លួនឯង​ផ្ទាល់​ក៏​បង្ហាញ​លក្ខណៈ​ពិសេស​ផែនទី LEGO ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​ម​ជ្ឈឹម​បូព៌ា ពហុ​កីឡដ្ឋាន​បាល់ទាត់ LEGO និង​LEGO Ford Explorer ដ៏​ពេញលេញ។
ប៉ុន្តែ​​កម្មវិធី​កសាង​ប្រទេស​ជប៉ុន​មាន​លក្ខណៈ​ពិសេស​ជាច្រើន និង​គ្រប​ដណ្តប់​ប្រទេស​ជប៉ុន​ទាំង​មូល។ ខណៈ​ពេល​កិច្ចការ​សិល្បៈ​ដ៏​ធំ​មហាសាល​គឺ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ប្រធាន LEGO ដ៏​មានបទពិសោធន៍​ខ្ពស់​ដែល​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​លំអិត​ទាំង​អស់នោះ។

ផែនទី​យក្ស​ត្រូវ​បាន​បង្កើត​យ៉ាង​ពេញលក្ខណៈ​ដោយក្មេងៗជាង៥ពាន់​នាក់​ដែល​មាន​មកពី​តំបន់​កោះ​ផ្សេងៗគ្នា​ចំនួន​៦​​។ ផ្ទុយ​ពី​ការ​លេង​ល្បែង​កម្សាន្តក្មេងៗ​ទាំងអស់​នោះ​បាន​បង្កើត​អាគារ​ដែល​និម្មិត​រូប​ដ៏​ស្កឹមស្កៃ។ អ្នក​រៀប​ចំ​បាន​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​មាន​សេរីភាព​ចំពោះ​គំនិត​ស្រមើស្រមៃ និង​ឌី​ហ្សាញ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ស្រមើស្រមៃ​នៃ​អនាគត​ប្រទេស​ជប៉ុន ហើយ​ពួកគេ​បាន​បង្កើត​យ៉ាង​ជាក់ច្បាស់​ថា ជា​បូរណភាព​ដី​មួយ​ដ៏​អស្ចារ្យ។
អនាគត​ប្រទេស​ជប៉ុន​គឺ​កំពុងតែ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ក្មេងៗ ហើយ​ពួកគេ​បាន​ធ្វើ​យ៉ាង​ច្បាស់​ថា វា​គឺជា​ប្រទេស​មួយ​ដ៏​រុងរឿង។ នៅពេល​ហេ​ដ្ឋា​រចនា​សម្ពន្ធ LEGO ត្រូវ​បាន​ធ្វើ​រួចរាល់ ពួកគេ​ត្រូវ​បាន​​បញ្ជូន​ទៅ​ទីក្រុង​តូ​ក្យូ​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ផែនទី LEGOដែល​មាន​ទឹក​ប្រាក់​១.៨​លាន​​ដុល្លារ​ដែល​បង្ហាញ​អ្នកទស្សនា​ពោល​អួល​សរសើរ​មិន​ដាច់​ពី​មាត់៕

វេហាស៍

ស្ដ្រី​វ័យក្មេង​២៧០០​នាក់​ជាប់​ឈ្មោះ​ប្រឡង​ធ្វើ​ជា​ភរិយា​មហាសេដ្ឋី​​

ដោយ​ ៖ ម៉ែវ​

ក្លិប​មហាសេដ្ឋី​ដែល​នៅ​លីវ​នៅ​ទីក្រុងប៉េ​កាំ​ង​ បាន​រៀបចំ​ប្រឡង​ជ្រើសរើស​ភរិយា​ ​ដែល​មាន​៤​ដំណាក់កាល​ខុសៗ​គ្នា​ ទាក់ទាញ​ក្រុម​ស្ដ្រី​វ័យក្មេង​ជាង២៧០០​នាក់​ចុះ​ឈ្មោះ​ចូលរួម​ ។​ ​ក្រុម​ស្ដ្រី​ដែល​ចុះ​ឈ្មោះ​ ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​៤​ដំណាក់កាល​រួម​មាន​ប្រឡង​ សរសេរ​ ត្រួតពិនិត្យ​ចំណេះវិជ្ជា​,​ ប្រឡង​ រូបសម្បត្ដិ​,​ ស្មារតី​ និង​របៀបរបប​អត្ដ​ចរិកក្នុង​ការ​រស់នៅ​ ។​

​ក្រោយ​ឆ្លងកាត់​ការ​ប្រឡង​វគ្គ​ជម្រុះ​ ក្រុម​ស្ដ្រី​វ័យក្មេង​ទាំងនោះ​ ត្រូវ​ឆ្លងកាត់​ សម្ភាសន៍​វាយតម្លៃ​ពី​អត្ដ​ចរិត​ សមត្ថ​ ភាព​ ទស្សនៈ​ ពី​ជីវិត​អាពាហ៍ពិពាហ៍​និង​ ការ​រស់នៅ​ ។​ ក្រុម​ស្ដ្រី​ដែល​ចូលរួម​ ប្រឡង​ជ្រើសរើស​ធ្វើ​ជា​ភរិយា​របស់​សេដ្ឋី​ នៅ​លីវ​៣២​នាក់​ ដែល​មាន​វ័យ​ចាប់ពី​ ៣១​ឆ្នាំ​ឡើង​ដល់​៥៥​ឆ្នាំ​ ។​
​ក្រុមហ៊ុន​រៀបចំ​ព្រឹត្ដិការណ៍​ខាងលើ​ ត្រូវ​បាន​ក្រុម​សេដ្ឋី​ជួល​ឱ្យធ្វើ​ជា​គណៈ​កម្ម​ ការ​ឱ្យ​ពិន្ទុ​និង​វាយតម្លៃ​ ។​ ក្រោយ​ឆ្លង​ កាត់​វគ្គ​ជម្រុះ​គណៈកម្មការ​នឹង​ទៅ​កាន់​ ផ្ទះ​របស់​បេ​ក្ខ​នារី​នីមួយៗ​ដើម្បី​ជួប​សួរ​ នាំ​ព័ត៌មាន​ពី​អ្នក​ជិតខាង​ ស្ដី​អំពី​ទំនៀម​ ទម្លាប់​សណ្ដាប់ធ្នាប់​រស់នៅ​របស់​ពួក​នាង​។​ ស្ថានភាព​គ្រួសារ​ មិន​ត្រូវការ​មាន​ ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​ ហើយ​ក៏​មិន​ក្រ​ពេក​នោះ​ដែរ​ ។​

​នៅ​ទីក្រុង​ប៉េ​កាំ​ង​ក៏​មានកម្ម​វិធី​ប្រឡង​ ជ្រើសរើស​ភរិយា​សម្រាប់​ក្រុម​មហា​ សេដ្ឋី​នៅ​លីវ​ ដែល​ផ្សព្វផ្សាយ​ជា​សា​ ធារ​ណៈ​ បាន​ទាក់ទាញ​បេ​ក្ខ​នារី​ជា​ច្រើន​ ចូលរួម​ ។​ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ ស្ដ្រី​វ័យក្មេង​រហូត​ដល់​១២​ពាន់​នាក់​ ចុះ​ឈ្មោះ​ចូលរួម​ប្រឡង​ជ្រើសរើស​ភរិយា​ របស់​មហាសេដ្ឋី​ ។​
​ដោយ​មមាញឹក​ក្នុង​អាជីវកម្ម​ខិតខំ​រក​ ប្រាក់​ទាន់​ខ្លួន​នៅ​ក្មេង​ធ្វើ​ឱ្យ​សេដ្ឋី​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​ចិន​ភ្លេចខ្លួន​ក្នុង​ការ​រក​គូ​ ស្រករ​។​ ដល់​ពេល​មានទ្រព្យ​សម្បត្ដិ​គ្រប់​ គ្រាន់​ទៅ​ហើយ​នោះ​ ក្រុម​មហាសេដ្ឋី​ ទាំងនោះ​ ក៏​នឹកឃើញ​ចង់បាន​ការ​រស់នៅ​ កក់ក្ដៅ​ក្នុង​គ្រួសារ​ប្ដី​ប្រពន្ធ​ ។​ មូលហេតុ​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​សម្រេច​ប្រកាស​ជ្រើស​ រើស​ភរិយា​ដោយ​មានការ​ប្រឡង​បែប​នេះ​ ដោយសារ​តែ​មមាញឹក​ក្នុង​ការងារ​ គ្មាន​ពេលវេលា​តាម​ចែចង់​ស្ដ្រី​ដែល​ខ្លួន​ ពេញចិត្ដ​ ៕

លោក ឱម យ៉ិនទៀង ឲ្យ​ស៊ូ​យ៉ា​ប៊ែ​រ​ឌី ធ្វើជា​ទីប្រឹក្សា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​រិៈ​គន់​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ នៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​អ្នក​ចាំតែ​និយាយ​បន្ទរ​តាម​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ប៉ុណ្ណោះ​។​

​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រាជរ​ដ្ឋា​ភិ​បាល បន្ទាប់ពី​ជូន​ដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​ចលនា​មិន​ចូល​បក្ខសម្ព័ន្ធ លើក​ទី​១៦ នៅ​ប្រទេស​អឺ​រ៉ង់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២ រួច​នោះ លោក​បាន​មានប្រសាសន៍ថា នៅពេល​ដំបូង​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ដូចជា មិនទាន់​យល់​អំពី​សភាពការណ៍ នៅ​កម្ពុជា ប៉ុន្តែ​ដល់​យូរ​ទៅ​គាត់ កាន់តែ​យល់​ខុស​អំពី​សភាពការណ៍​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍​យ៉ាងនេះ​ថា "​អីចឹង​យើងខ្ញុំ បានធ្វើ​ការវិភាគ​ចំនុច​មួយៗ ហើយ​យើងខ្ញុំ បានធ្វើការ​ឆ្លើយតប​ទៅវិញ ហើយ​កំពុង​បកប្រែ​ភាសា​អង់គ្លេស​មក​ភាសា​ខ្មែរ​"​។​

​លោក ឱម យ៉ិនទៀង បាន​មានប្រសាសន៍​បន្តថា "​សួរថា ស្អី​នៅ​ស្រុក​ខ្មែរ​អាក្រក់​ទាំងអស់​ដូច​គាត់​និយាយ​ទេ​។ នៅ​ឆ្នាំ​២០១២​នេះ វិស័យ​គោរព​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ រក្សាបាន​ប៉ុន្តែ​បាន​អភិវឌ្ឍន៍​ពង្រីក​បន្ថែម​ទៀត​។ នៅក្នុង​ឆ្នាំ​២០១១ កម្ពុជា​ជាប់​កាតព្វកិច្ច​ការពារជាតិ​ដ៏​ចាំបាច់ មិនអាច​ខ្វះ​បាន​នៅ​ព្រះវិហារ ហើយ​យើង​ជួប​គ្រោះទឹកជំនន់​យ៉ាង​ធ្ង​ន​ធ្ង​រ យើង​ត្រូវ​ការចំណាយ សម្រាប់​អភិវឌ្ឍន៍​ឡើយ​វិញ យើង​ត្រូវ​ចំណាយ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០១២ ប៉ុន្តែ​សេដ្ឋកិច្ច​យើង​នៅតែមាន​កំនើន ៧,១ ភាគរយ ជីវភាព​ប្រជាជន​យើង មើល​ឃើញនឹងភ្នែក ក៏​ឃើញ​ដែរ តាម​ជនបទ​មាន​ជីវភាព​កើនឡើង​អត្រា​ភាពក្រីក្រ​ត្រូវ​
​បាន​កាត់បន្ថយ សាលារៀន​មិន​ត្រឹមតែ​មាននៅ​ភ្នំពេញ​ទេ នៅពេលដែល​ប្រជាជន​ទៅដល់​ព្រំដែន មាននៅ​ព្រំដែន​ទៀត​។ អំពី​នារី​វិញ យើង​ឃើញ​ហើយ​ថា ថ្នាក់ដឹកនាំ​នគរបាលជាតិ​គ្រប់​ថា្នក់ ត្រូវតែមាន​សមាសភាព​នារី ចូលរួម​ដឹកនាំ គឺ​អគ្គ​ស្នងការរង​ម្នាក់​ជានា​រី ស្នងការរង​ម្នាក់​ជានា​រី សម្រាប់​ជួយ​គិតគូ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​កុមារ​ការជួញដូរ​ស្ត្រី និង​កុមា​រហើយ​ជាល​ទ្ធ​តុលាការ​កាត់ទោស​បាន​ច្រើន​ដែរ ចំពោះ​ជនល្មើស​។ នេះ​តើ​មិនមាន​ជ​សិទ្ធមនុស្ស​ទេ​ឬ​?"​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​មានប្រសាសន៍​បន្តថា "​ឲ្យ​តែ​សមរង្ស៊ី ហើយ​និង​បក្សប្រឆាំង និយាយ​អី បន្ទាប់​អង្គការ​សង្គម​ស៊ិ​វិល​និយាយ​អីចឹង​តែ បន្ទាប់មក​លោក​សូរិយា ស៊ូ​ប៊ែ​រ​ឌី និយាយ​ដូចគ្នា​។ ឥឡូវនេះ​ខ្ញុំ​ដឹង​ច្បាស់​ថា ផែនការ​លោក​សមរង្ស៊ី កឹម​សុខា គាត់​ឈានទៅ​ជំហាន​មួយ ដោយ​រក​គ្រប់​វិធី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចេញ ដោយ​គាត់ មិន​ចង់​ឲ្យ​សមាជិក​គាត់​ពីរ​នាក់​នៅ​បន្តទៀត បន្ទាប់មកទៀត​គាត់​នឹង​រុញ ឥឡូវ​ស៊ូ​ប៊ែ​រ​ឌី ចាប់ផ្តើម និយាយ​អត់​មានអី​ខុសពី​បក្សប្រឆាំង​ទេ​"​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា "​បក្សប្រឆាំង​មិន​និយាយ​អាក្រក់​ទេ ប៉ុន្តែ​បក្សប្រឆាំង​ខ្លះ គាត់​អត់​បើកភ្នែក​បក្សប្រឆាំង ដែល​គេ​បើកភ្នែក​គេ​រិះគន់​គេ​ជួយ​ទៅលើ​មាគ៌ា​ណា​ខុសគេ​ឲ្យ​ដំណោះស្រាយ​។ សួរថា​តើ​បក្សប្រឆាំង​អស់ទាំង​នេះ ដែ​លើ​រិះគន់​ស្ថាបនា​ទេ ហើយ​ខំ​និយាយ​មកវិញ​ថា រដ្ឋាភិបាល​ប្រឆាំង​ការរិះគន់​យើង មិនដែល​ប្រឆាំង​កា​រិះគន់​ទេ​អ្នក​អស់​តាំង​នេះ​គឺ​ជេរប្រមាថ​យើង​មិនមែនជា​ការរិះគន់​ទេ យើង​អត់ធ្មត់​គ្រប់បែបគ្រប់យ៉ាង​ណាស់​លើ​បញ្ហា​នេះ​"​។​

​លោក ឱម យ៉ិនទៀង បាន​មានប្រសាសន៍​បន្តថា "​បើ​ដាក់​លោក​សូរិយា ស៊ូ​ប៊ែ​រ​ឌី ជាទី​ប្រឹក្សា​ពិសេស​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ការ​ជាការ​ល្អ​ដែរ​មិន​ខុស​អី​ប៉ុន្មាន​ទេ​"​។​

​សូម​រម្លឹកថា របាយការណ៍​របស់លោក​សូរិយា ស៊ូ​ប៊ែ​រ​ឌី ដែល​ត្រូវបាន​ចែកចាយ កាលពី​ព្រលប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ បានលើកឡើង​អំពី​ការរំលោភបំពាន​របស់​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​លំនៅដ្ឋាន ករណី​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរី​កីឡា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល​កម្ពុ​ជា នាំ​ឲ្យ​កើតមាន​ជម្លោះដីធ្លី​ស្ទើរ​ទូទាំងប្រទេស និង​អំពី​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​ការតវ៉ា​ពី​គណបក្សប្រឆាំង ជាដើម​។​

​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី ក៏បាន​គូសបញ្ជាក់ ក្នុង​របាយការណ៍​ថា កម្ពុជា​ទទួលបាន​អនុសាសន៍​ជាច្រើន ទាំង​ទ្វេភាគី និង​ពហុភាគី ដោយ​អង្គការ​ផ្សេងៗ ប៉ុន្តែ​វា​គួរ​ឲ្យ​សោកស្តាយ ដែល​អនុសាសន៍​ភាគច្រើន​បំផុត ដែល​កម្ពុជា​ទទួលបាន ដើម្បី​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅតែ​មិនមាន​ការអនុវត្ត​។​

​អ្នករាយការណ៍​ពិសេស លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី បាន​សរសេរ​ទៀតថា “​ការ​គ្មាន​ការពិគ្រោះ​យោបល់ និង​គ្មាន​ការចរចា​សមស្រប​ជាមួយ​ប្រជាជន ដែល​រង​ការប៉ះពាល់​នៅពេល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច គឺជា​ក្តីបារម្ភ​មួយ នៅ​កម្ពុជា​។​
​លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី ក៏បាន​កត់សម្គាល់ថា ការបំភិតបំភ័យ និង​ការយាយី គឺ​នៅតែ​កើតមាន​ជុំវិញ​ការបោះឆ្នោត នៅ​កម្ពុជា​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ស្តីទី​ការ​គណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ព័ត៌មាន​របស់លោក​សូរិយា ស៊ូ​ប៊ែ​រ​ឌី ដែល​ទទួលបាន គឺជា​ការ​សម្លឹង​ឃើញតែ​ផ្នែក​អាក្រក់​ដ៏​តិចតួច ដែលជា​កង្វះខាត​របស់​រដ្ឋាភិបាល​។ រីឯ​ស្ថានការណ៍​សិទ្ធិមនុស្ស នៅ​កម្ពុជា ក៏​មិនមែន​អាក្រក់ ដូច​អ្វីដែល​លោក​សូរិយា ស៊ូ​ប៊ែ​រ​ឌី តែងតែ​លើកឡើង​អំពី​ការមិនពិត នៅ​កម្ពុជា​នោះទេ​៕

អង្គជំនុំជម្រះ​សាលាដំបូង​បើក​សវនាការ​ជា​ថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី លោកស្រី អៀង ធីរិទ្ធ

ភ្នំពេញ: អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា នឹង​បើក​សវនាការ​សាធារណៈ​លើ​កាយសម្បទា និង​បញ្ញា​ស្មារតី​ជនជាប់ចោទ លោកស្រី អៀង ធីរិទ្ធ សាជាថ្មី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​លើ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី នៅ​ក្នុង​ការចូលរួម​កា​រ​ជំនុំជម្រះ​ក្តី​។

​មន្ត្រី​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ថា សវនាការ​លើ​កាយសម្បទា និង​បញ្ញា​ស្មារតី​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ បាន​ធ្វើការ​ព្យាបាល​ដល់​លោកស្រី អៀង ធីរិទ្ធ អស់​រយៈពេល ៦​ខែ រួចមក តាម​ការបញ្ជា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល ហើយ​នៅពេលនេះ គឺ​ដល់​ពេលវេលា​កំណត់ ក្នុង​ការពិនិត្យ​ឡើងវិញ​លើ​កាយសម្បទា​របស់​លោកស្រី អៀង ធីរិទ្ធ​។​

​បើ​តាម​ការឲ្យដឹង​របស់​លោក នេត្រ ភ​ក្ត្រា សវនាការ​រយៈពេល​ពី​រ​ថ្ងៃ ពី​ថ្ងៃ​ទី​៣០​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ត្រូវបាន​រៀបចំឡើង ដើម្បី​ឲ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រ បង្ហាញ​អំពី​លទ្ធផល​នៃ​ការពិនិត្យ​របស់​គាត់ និង​ដើម្បី​បើក​ឲ្យមាន​ការពិភាក្សា នៅក្នុង​តុលាការ​រវាង​អ្នកជំនាញ​វេជ្ជសាស្ត្រ ជាមួយ​មេធាវី​ការពារ​ក្តី​របស់​លោកស្រី អៀង ធីរិទ្ធ សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​។

​ដោយសារ​តែ​សវនាការ​នេះ​គឺ​ទាក់ទង​តែ​លោកស្រី អៀង ធីរិទ្ធ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹង​មិន​មាន​ភាពចាំបាច់​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ ប៉ុន្តែ​សម្រាប់​លោក អៀង សារី ដោយសារតែ​គាត់​មាន​ទំនាក់ទំនង​ពិសេស​នៅ​ក្នុង​នាម​ជា​ស្វាមី​ភរិយា​ជាមួយលោកស្រី អៀង ធីរិទ្ធ និង​មេធាវី​របស់​គាត់​ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង អនុញ្ញាតឲ្យ​ចូលរួម​ក្នុ​ង​សវនាការ ក្នុងនាម​ជា​អ្នកសង្កេតការណ៍ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការចោ​ទ​សួរ​អ្វី​ឡើយ​។

​គួរបញ្ជាក់​ថា បន្ទាប់ពី​មាន​ការពិនិត្យ និង​វាយតម្លៃ​ដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចំនួន ៥​រូប អង្គជំនុំជម្រះ​សាលាដំបូង​បាន​ធ្វើ​សេចក្តីសម្រេច​មួយ​កាលពី​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១១ ថា ជនជាប់ចោទ អៀង ធីរិទ្ធ ពុំ​មាន​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការជំនុំជម្រះ​ទេ ដោយសារ​គាត់​មាន​ជំងឺ​វង្វេងវង្វាន់ (​ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ​)​។

​អង្គជំនុំជម្រះ​សាលាដំបូង​យល់ឃើញថា អៀង ធីរិទ្ធ អាច​នឹង​ពុំ​មាន​សមត្ថភាព​ធួន​ល្មម​ដើម្បី​យល់​អំពី​ដំណើរ​ការជំនុំជម្រះ​ក្តី ដោយសារតែ​ការ​ភ្លេចភ្លាំង​របស់គាត់​។
​ប្រសិនបើ​ពុំ​អាច​យល់ដឹង​គ្រប់គ្រាន់​អំពី​ដំណើរ​ការជំនុំជម្រះ​ក្តី​ទេ អៀង ធីរិទ្ធ ប្រហែល​ជា​ពុំ​អាច​ណែនាំ​មេធាវី​របស់​គាត់ ហើយក៏​ពុំ​អាច​ការពារ​ខ្លួនឯង​បាន​ដែរ​។ ហេតុដូច្នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​សម្រេចចិត្ត​ផ្អាក​ដំណើរការ​នីតិវិធី ប្រឆាំង​នឹង​ជនជាប់ចោទ អៀង ធីរិទ្ធ​។

​ដោយ​មើលឃើញ​ថា ពុំមាន​លទ្ធភាព​សមស្រប​ណាមួយ​ក្នុង​ការ​បន្ត​ដំណើរការ​នីតិវិធី​តទៅទៀត អង្គជំនុំជម្រះ​សាលាដំបូង​យល់ឃើញ​ថា​ពុំ​មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការបន្ត​ឃុំខ្លួន អៀង ធីរិទ្ធ នៅ អ​.​វ​.​ត​.​ក តទៅ​ទៀត​ដូច្នេះ​ក៏​ចេញ​សេចក្តីសម្រេច​ឲ្យ​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ ជាបន្ទាន់​។

​សហ​ព្រះរាជអាជ្ញា​បាន​ប្តឹង​សាទុក្ខ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលា ដំបូង​ក្នុង​ការដោះលែង អៀង ធីរិទ្ធ ឲ្យនៅ​ក្រៅ​ឃុំ​។​
​ ​
​លោក នេត្រ ភ​ក្ត្រា បាន​ឡូ​ស​បញ្ជាក់​ពី​មូលហេតុ​នៃ​ការពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​លើ​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ អៀង ធីរិទ្ធថា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ចេញ​សេចក្តីសម្រេច​ថា អង្គជំនុំជម្រះ​សាលាដំបូង​ត្រូវ​តែ​ប្រើប្រាស់​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ជួយ​ជនជាប់ចោទ អៀង ធីរិទ្ធ ឲ្យមាន​សមត្ថភាព​ប្រសើរឡើង​វិញ​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី​ដើម្បី​ឲ្យ​គាត់​អាច​ចូលរួម​ការជំនុំជម្រះ​បាន​។

​អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បញ្ជា​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង ស្វែងរក​ការព្យាបាល​បន្ថែម​ដល់ អៀង ធីរិទ្ធ ហើយ​ត្រូវ​តែពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​គាត់​ជា​ថ្មី​ម្តងទៀត ក្នុង​រយៈពេល ៦ ខែ​បន្ទាប់​ពី​ការព្យាបាល​។​
​ ​
​ដោយ​អនុវត្ត​តាម​ការ​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល អង្គជំនុំជម្រះ​សាលាដំបូង បានតែងតាំង​អ្នកជំនាញ ចំនួន​បី​រូប​ជា​ថ្មី​ម្តងទៀត ឲ្យ​ពិនិត្យ​និង​វាយតម្លៃ​លើ​កាយសម្បទា​និង បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី ២៧-២៨ ខែ​សីហា ឆ្នាំ​២០១២​។

​អ្នកជំនាញ​ទាំងបី​រូប​នឹង​វាយតម្លៃថា តើ​ការព្យាបាល​វេជ្ជសាស្ត្រ​ដែល​បាន​ផ្តល់ជូន អៀង ធីរិទ្ធ រយៈពេល ៦ ខែ​កន្លងមក បាន​ជួយ​ឲ្យ​គាត់​បាន​ប្រសើរ​ឡើង​វិញ​ឬ​ទេ ពោល​គឺ អ្នកជំនាញ​នឹង​វាយតម្លៃថា តើ​ការព្យាបាល​វេជ្ជសាស្ត្រ​អាចជួយ​រំ​ឭក ការចងចាំ​របស់គាត់ ក្នុង​កម្រិត​ដែល​អាច​ឲ្យ​គាត់​អាច​ចូលរួម​ការជំនុំជម្រះ​ក្តី​ដែរឬទេ​។​

​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ពន្យល់ថា "​បន្ទាប់​ពី​ពិនិត្យ និង​ពិចារណា​ទៅលើ​របាយការណ៍​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​អង្គច្បាប់​មួយចំនួន នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​៣០ និង ៣១ ខែ​សីហា អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចេញ​សេចក្តីសម្រេច​អំពី​សមត្ថភាព​ខាង​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ នៅពេល​ក្រោយ​។ សេចក្តីសម្រេចចិត្ត អំពី​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ គឺជា​សេចក្តីសម្រេច​ផ្លូវច្បាប់​។ ដូច្នេះ​ជា​សេចក្តីសម្រេចចិត្ត​របស់​ចៅក្រម​។ ចៅក្រម​នឹង​សម្រេច​ថា​តើ​សមត្ថភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់ អៀង ធីរិទ្ធ មាន​សភាព​ប្រសើរ​ឡើង​វិញ​ដែរ​ឬ​យ៉ាងណា​"​។​

​សវនាការ​នៅ​ថ្ងៃទី​៣០ និង​៣១ ខែ​សីហា លើ​បញ្ហា​កាយសម្បទា និង​បញ្ញា​ស្មារតី​លោកស្រី អៀង ធីរិទ្ធ ធ្វើឡើង​ជា​សាធារណៈ ហើយ​សាធារណជន​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាច្រើន​រយ​នាក់ ត្រូវបាន​គេ​រំពឹងថា នឹង​ចូលរួម​ទស្សនា​ដោយផ្ទាល់​នូវ​ដំណើរការ​សវនាការ​នេះ​។

​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យដឹងថា បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក CNC នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ទាំងស្រុង ពី​ដំណើរការ​សវនាកា​រលើ​កាយសម្បទា​លោកស្រី អៀង ធីរិទ្ធ នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២៕

បក្ស​ហ្វ៊ុនស៊ិនប៉ិច តែងតាំង​អគ្គលេខាធិការរង បន្ថែម​បី​រូប​

ភ្នំពេញ: ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្ដីសម្រេច ស្ដីពី ការតែងតាំង​បន្ថែម​សមាសភាព អគ្គលេខាធិការរង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ថែមចំនួន​បី​រូប​។​

​តាម​សេចក្ដីសម្រេច ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ បាន​បង្ហាញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​តែងតាំង​បន្ថែម​សមាសភាព អគ្គលេខាធិការរង គណបក្ស ដូច​មាន​រាយ​នាម​ខាងក្រោម​៖

១. សហជីវិន ផែង ហេង អគ្គលេខាធិការរង​ទី​១
២. សហជីវិន ឃឹម សិលា អគ្គលេខាធិការរង​
៣. សហជីវិន ឡុង លីម អគ្គលេខាធិការរង​

​សេចក្ដីសម្រេច​ខាងលើ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​យោងតាម​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​នាយក ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១២៕