Monday, September 3, 2012

ទស្សនៈ គោលការណ៍​គ្រឹះទាំ​ងប្រាំ នៃចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ធ្វើអោយ​កម្ពុជា មានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ






បទ​​សម្ភាស​ន៍​លោក​​បណ្ឌិត ឈឹម ផល​វ​រុណ ស្តីពី​ ល្បិច​​កល​ របស់​​គណបក្ស​​ប្រឆាំង​​ក្នុង​ការ​​ចុះ​​បញ្ជី​​គណ​បក្ស​​ថ្មី​


បទ​សម្ភាស​ន៍លោក​បណ្ឌិត ឈឹម ផល​វរុណ ប្រធាន​វិទ្យាស្ថាន​​ពលរដ្ឋ​វិជ្ជា​ ជាមួយ​លោក​សត្យា​រក្ស​ អ្នក​សម្រប​សម្រួល កម្មវិធី​វិភាគ​ព្រឹត្តិ​ការណ៍​សង្គម ទូរទស្សន៍​បាយ័ន ស្តីពី​ ល្បិច​កល​ របស់​គណបក្ស​ប្រឆាំង​ក្នុងការ​ចុះ​បញ្ជី​គណបក្ស​ថ្មី​
ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១២
លោក​សត្យា​រក្ស​
សំណួរ​៖ ក្រោយ​ពីការដាក់ពាក្យ​បង្កើត​គណបក្ស​ថ្មី ក្រសួងមហាផ្ទៃបាន​ច្រានចោល​ដោយសារ​សំណុំបែបបទ​សុំបង្កើតគណបក្ស​របស់​ក្រុមប្រឆាំង​មិនគ្រប់លក្ខណៈតាមផ្លូវច្បាប់​។​តើនេះជាចេតនា​របស់ក្រុមប្រឆាំង​ដើម្បីធ្វើឲ្យមានបញ្ហា​ ឬក៏ជាភាពអវិជ្ជា​មិនយល់​ដឹង​អំពី​បញ្ហា​ច្បាប់​​របស់​ក្រុម​ប្រឆាំង​​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ សេរីភាពនៃការបង្កើតគណបក្ស​នយោបាយនៅកម្ពុជា​ គឺទូលាយ​ និង​ងាយ​ស្រួល​ណាស់​​។ ដើម្បីចង់បង្កើតគណបក្សមួយ​ គឺ​ត្រូវមាន​​ស្ថាបនិក​ចំនួន​​ ៨០រូប​ និង​បំពេញ​លក្ខខណ្ឌ​​សាមញ្ញ​មួយ​ចំនួន ដូចជាស្នាមមេដៃ​ និងអាស័យដ្ឋានពិតប្រាកដ​ ហើយដាក់ពាក្យ​មក​​​ នោះ​ក្រសួងមហាផ្ទៃ​ នឹងពិនិត្យ​។ បន្ទាប់ពីរយះពេល១៥​ថ្ងៃ​ នឹងត្រូវបាន​ចុះបញ្ជីហើយ​។​​ ក្រោយពីចុះបញ្ជីហើយ​គណបក្ស​នោះ​ត្រូវ​មានអ្នក​គាំទ្រ​ចំនួន​៤០០០នាក់ទៀត​ ទើប​គណបក្ស​នោះ​ក្លាយ​ទៅជា​គណបក្ស​​ស្រប​ច្បាប់​ហើយ​​។​ ដូច្នេះ​នេះជាលក្ខខណ្ឌដែល​ងាយ​បំផុត​​ដែល​នៅ​ក្នុង​ច្បាប់​​គណបក្ស​របស់​កម្ពុជា គឺពុំចង្អៀតចង្អល់ ឬតឹងរឹង ដូច​នៅបណ្តា​ប្រទេស​ជឿនលឿន​ដទៃ​ទេ​។​
​តើ​ហេតុ​អ្វី​បានជាគណបក្សប្រឆាំងទាំងពីរ ដែលគេរួមគ្នាចង់​បង្កើតគណបក្សថ្មីមួយ គ្រាន់​តែ​ដាក់​ពាក្យចុះ​បញ្ជី​នៅក្រសួងមហាផ្ទៃ​ទៅជាកើតមានកំហុសពីរ​​ ហើយ​ក្រសួង​មហាផ្ទៃ​​បាន​ស្នើឲ្យអ្នកស្នើសុំនោះ យក​ពាក្យស្នើសុំត្រឡប់ទៅវិញ ហើយត្រូវ​កែតម្រូ​វ​បំពេញ​លក្ខខណ្ឌ​ច្បាប់​ គឺ​មិនមែនបំពេញចិត្តក្រសួង​មហា​ផ្ទៃទេ?​​
ចំណុច​នេះបង​ប្អូន​ខ្មែរ​​ចាប់​ឲ្យ​បាន ប្រយ័ត្ន​ចាញ់​បោក​ការឃោស​នា បោកប្រាស់​របស់​អ្នក​នយោ​បាយ​ប្រឆាំងនោះ​។ មិនមែនទាស់ចិត្តក្រសួងមហាផ្ទៃ ដែលជាក្រសួងសមត្ថកិច្ចទេ គឺ​ហេតុផល​ដែល​​តម្រូវឲ្យ​អ្នកស្នើសុំនោះ គឺ​ក្រុមប្រឆាំងដែលស្នើសុំ​នោះ​យក​ពាក្យ​សុំ​របស់​ខ្លួន​ទៅ​វិញ​ហើយរៀបចំកែលម្អឲ្យត្រឹម​ត្រូវតាមច្បាប់។ កំហុសដែលអ្នកស្នើសុំនោះ គឺ​កំហុស​មិន​បំពេញ​លក្ខខណ្ឌ​ច្បាប់។​ លក្ខខណ្ឌទីមួយ គេ​ឲ្យស្ថានិក មានគ្នា ៨០នាក់ ប៉ុន្តែ​ពួក​គាត់​​ដាក់តែ ៧៨នាក់ ខ្វះ ២នាក់។​ ​បងប្អូនប្រជាពលរដ្ឋ​ជួយគិតមើល​ ៨០នាក់ បើតាម​អស់លោក​មេបក្ស​ប្រឆាំង​អួតសុទ្ធតែ ប្រជាពលរដ្ឋឲ្យបង្កើត ប្រជាពល​រដ្ឋឲ្យរួមគ្នា ហើយដល់រក ៨០នាក់ រកអត់បាន​ ខ្វះ ២នាក់ អញ្ចឹងវាមានបញ្ហាមួយគួរឲ្យឆ្ងល់។ ទីមួយ​វាអាចអ្នកស្នើសុំ អ្នករៀប​ចំ​ឯកសារ​នោះ ដែលជា​ក្រុមបនពួកប្រឆាំងនោះ​​ល្ងង់អត់ចេះរាប់លេខ​​។​ ធម្មតា​ បើមិនចេះរាប់ ទៅ​ឲ្យកូនក្មេងរាប់ក៏បាន មួយ ពីរ បី បួន ប្រាំ រហូតដល់ ៨០ទៅ​។​ ​​រឿងអីរាប់រំលងកើត ហើយ​រាប់​ម្តង​ហើយម្តងទៀត​ទៅ​ រាប់ដប់ដងទៅ អីក៏ងោះរាប់លេខពីលេខមួយ ដល់ ៨០ រាប់​មិនត្រូវ​នោះ​។ ទីពីរ ឬមួយ​ក៏ពួកគាត់មានចេតនា ដើម្បីមូលបង្កាច់បង្ខូចការពិត ក្នុង​ចេតនា​ចោទ​ប្រកាន់​ក្រសួង​មហាផ្ទៃ និងចោទប្រកាន់រដ្ឋាភិបាលទាំងមូលថា រដ្ឋាភិបាល​ខ្លាច​គណបក្ស​ប្រឆាំង​រួមគ្នា ទើប​បានអត់​ឲ្យ​បង្កើត នេះដើម្បីគេមូលបង្កាច់។​ តាម​ពិតមិនមែន​រឿង​ខ្លាច​មិន​ខ្លាច​ទេ តែ​វា​គឺជា​រឿងខុសច្បាប់ដែល​អ្នកឯងអត់​បំពេញគោលការណ៍ច្បា​ប់ គឺ​ខ្វះពីរនាក់។​ ​អញ្ចឹង​ គឺ​គេធ្វើ​មិនឲ្យ​ពេញលក្ខណៈ​ ដើម្បីគេយកឡេះ​ចោទប្រកាន់រដ្ឋាភិបាលថា ខ្លាចគេ។​ យើងគិតថា មនុស្សពួកគាត់ចាស់ៗអស់ហើយ ចាស់ជាងពួកយើងទៅ​ទៀត​បែរជា​មិនចេះ​រាប់​លេខ​ដូច​ជាងោះ​ពេក​ហើយ​ តើ​ធ្វើនយោបាយយ៉ាងម៉េច​?​។ ចំនុចទី៣ ​បើសិនជាយើងគិត​ឲ្យ​សាមញ្ញ​ត្រឹម ៨០នាក់ ប្រាកដជាមិនខ្វះទេ គ្រាន់តែយកអ្នកគាំទ្រពួកគាត់ ដូច​​ទូរស័ព្ទនៅក្នុង​កម្ម​វិធីពលរដ្ឋវិជ្ជា​ ដូចនៅវិទ្យុសំបុកឃ្មុំ ដែលជេរ​ពួក​យើង​ខ្ញុំ​​មក ក៏គ្រប់បាត់ហើយ ​ពីរបីនាក់​នឹងនោះ មានតែលើសផងមានអីខ្វះ។​ បានសេចក្តីថា មេដឹកនាំគណបក្សប្រឆាំងទាំងពីរនោះ មិន​ឲ្យ​អ្នក​គាំទ្រមាន​ឋានៈជាស្ថានិកទេ គឺប្រាកដជាបម្រុងកៅអីពីរនោះ ព្រោះគេ​ខ្វះ​កៅអី​ពីរនាក់​។​ ស្ថានិកពីរនោះ​ប្រាកដ​ជា​ទុកសម្រាប់អ្នកណាហើយ។ យើងអាចពិចារណា​ ព្រោះ​លោក កឹម សុខា អត់ទាន់​មាន​ឈ្មោះ​នៅក្នុង​នោះទេ​​ គឺ​នៅក្នុងឈ្មោះដែលស្នើសុំ អត់មាន​ឈ្មោះ​លោក កឹម សុខា ទេ។​ អញ្ចឹងមានន័យថា គណបក្ស​ដែលគេបម្រុងបង្កើតថ្មី គឺ កឹម សុខា អត់មានឈ្មោះជាស្ថានិកទេ​ ឯ សម រង្ស៊ី មានឈ្មោះជាស្ថានិក។ អញ្ចឹងពីរកៅអីដែលគេ មិន​ដាក់​ សុខចិត្តចំហរចោលនោះ ប្រហែលជាគេបម្រុងទុកឲ្យ​ កឹម សុខា ឬ​នរ​ណា​ផ្សេង​ទៀត​ ពីព្រោះ​យើងគិតថា បើត្រឹម​បំពេញតួរលេខគឺ​មិនខ្វះទេ ពីព្រោះ​សុទ្ធតែអួតថាខ្លួនឯងនោះ ​ដូរ​ៗ​ឈ្នះៗហើយ​ ប៉ុន្តែ​បែរជា​ពីរកៅអីរកមិនបានគឺបាន​តែ​ ៧៨ ។​​ អញ្ចឹង​គឺ​​មាន​ចំនុច​ហ្នឹង​មួយ​ដែល​​​ទុច្ចរិត​ ដែលខ្ញុំមើលទៅពួកគាត់មានគំនិតអត់បរិសុទ្ធ ក្នុងការធ្វើនយោបាយ។
​កំហុស​ទី២​ដែលពុំបានបំពេញលក្ខខណ្ឌច្បាប់ គឺ៧៨នាក់ ដែលស្នាមផ្តិតមេដៃមាន ស្ថានិក ឬឈ្មោះមួយចំនួន​ពុំ​បញ្ជាក់អាស័យដ្ឋានច្បាស់លាស់។​ ត្រង់នេះខ្ញុំ​សូមបញ្ជាក់ថា​ កឹម សុខា និងអស់លោក NGO​ប្រឆាំងធ្លាប់ធ្វើប៉ុន្មានដងហើយ គឺ​ផ្តិតមេដៃឥតមានអាស័យដ្ឋាន។​ NGO ខិលខូចមួយចំនួន​ក៏​ធ្លាប់ធ្វើដែរ បើ​តាមផ្លូវការគឺ​មានទោស ហើយ​មានពេលខ្លះ​ប្រមូល​ផ្តិត​មេដៃ​អត់ឲ្យ​ស្របទៅ​នឹង បរិបទនៃ​ការផ្តិតមេដៃទេ គឺ​សន្លឹកផ្តិតមេដៃផ្សេង សន្លឹក​បរិបទ​ផ្សេង​ ដល់ពេលថ្ងៃក្រោយគេយកសន្លឹកផ្តិតមេដៃ​យកទៅប្រើរឿងផ្សឹង។ ត្រង់នេះដែល កឹម សុខា ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែល​ជាប់​ពន្ធនាគារ​រឿង​ទោស​បទ​បរិហាកេរ្តិ៍​នោះ។​ កាល​នោះមានការប្រមូលហត្ថលេខា     ​​ហើយការប្រមូល​ហត្ថលេខានោះ បរិបទ​រឿងពាក់ព័ន្ធអស់លោកនោះនៅក្នុងពន្ធនាគារ តែដោយក្រោយមកនោះ បង្កើត​ជា​គណបក្ស​សិទ្ធិមនុស្ស ​កាលនោះ គឺយើងមានការមន្ទិលមួយ។​ កាលនោះ​ក្រសួង​មហាផ្ទៃ​បាន​រុញ​ច្រាន​ឲ្យលោក កឹម សុខា ប្រមូលឲ្យគ្រប់មកព្រោះវាខ្វះ ហើយចំនួននោះ​ក៏អត់​ត្រឹមត្រូវទៀត។ អញ្ចឹងបញ្ហាផ្តិតមេដៃនេះ មានរឿងរ៉ាវច្រើនណាស់​ បើនៅ​ប្រទេស​ដែលគេ​តឹងរឹង រឿង​នីតិរដ្ឋ គឺមានទោសទៀត។ អញ្ចឹងហើយដែលធ្វើឲ្យយើងសង្ស័យ គឺ​រឿង​ផ្តិត​មេដៃ​ហេតុអ្វី​ ពួកអស់លោក​​ក្រុមប្រឆាំងទាំងអស់នោះ មិនព្រមបញ្ជាក់អត្តសញ្ញាណឲ្យច្បាស់​ ។ អញ្ចឹង​ហើយ​បានករណីដែលក្រុមប្រឆាំង សុំ​ចុះបញ្ជីគណបក្សនៅឯ​ក្រសួងមហាផ្ទៃ គឺ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា កំហុសទី២ ដែលពុំបាន​បំពេញលក្ខខណ្ឌច្បាប់នោះ​​ គឺ​មិន​​បំពេញ​ចិត្ត​ក្រសួង​មហាផ្ទៃទេ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត បំពេញលក្ខខណ្ឌច្បាប់ចែង គឺមានតួរលេខ​មួយចំនួន ពុំមានអាស័យដ្ឋានច្បាស់លាស់ ហើយបើ​គ្មាន​អាស័យដ្ឋាន​ច្បាស់​លាស់ តើ​រឿង​ផ្តិត​មេដៃនោះ​ ​បុគ្គលទាំងអស់នោះ​នៅទីណា?​។
លោក​សត្យា​រក្ស​
សំណួរ​៖ ចំពោះ​ស្ថានិករបស់គណបក្សប្រឆាំង ដែលគេបង្កើតថ្មីមួយនោះ​​​យើងឃើញ​ថា​មាន​ស្ថានិក​មួយចំនួ​ន​ ជាពិសេសគឺអ្នកដែលឈរឈ្មោះជាមេ​បក្ស និងអនុបក្ស ហាក់បី​ដូច​ជា​មិន​ចង់​លាលែងពីគណបក្សដើមរបស់ខ្លួនទេ​។​ ដូច្នេះការ​អល់​ឯកមិនព្រម​លាចេញ​ពី​គណបក្ស​​របស់ខ្លួននេះ លោកបណ្ឌិតមើលឃើញយ៉ាងណា​នូវ​ល្បិច​កល​ ឬក៏មាយាទ​របស់​​មេបក្ស​សិទ្ធិមនុស្ស?
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ​មានកត្តាច្រើន គឺ​កត្តាផលប្រយោជន៍ច្រើនជាងកត្តាដែលគេអួតថា គេគិត​ជាតិ​។​ ឯកត្តាច្បាប់យើង​បានជជែកហើយ គឺកំហុសដែលអ្នកស្នើសុំ ក្រុមប្រឹក្សាស្នើសុំ គឺ​កំហុស​មិន​បំពេញលក្ខខណ្ឌច្បាប់​​។​ ទី១ គឺខ្វះចំនួន គេឲ្យ៨០ គាត់បាន៧៨ ទី២ គេឲ្យ​ផ្តិត​មេដៃ​ អ្នកដែលផ្តិតមេដៃជាបុគ្គលដែលមាន​អាស័យដ្ឋានអត្តសញ្ញាណច្បាស់លាស់ ហើយ​មាន​មួយ​ចំនួន គឺអត់ច្បាស់លាស់។
​ចំនុចមួយទៀត ថាតើ​ហេតុអ្វី​​បានជា​អស់លោកមេដឹកនាំគណបក្សប្រឆាំងនោះ ហើយ​និង​សមាសភាពដឹកនាំដទៃទៀត ម៉េចក៏មិន​​លាលែង​ពីគណបក្ស​ចាស់​ទៅ ហើយ​មក​ចូលរួម​​ក្នុង​​គណបក្ស​​ថ្មី ដើម្បី​ឲ្យ​សក្តិ​សម​នឹង​ពាក្យ​ដែល​ពួក​គាត់​ថា ​ស្រលាញ់ជាតិនោះ ហើយ​ប្រជាធិបតេយ្យ​​នោះ ។ តើ​មូលហេតុអ្វី​បានជា​ កឹម សុខា មិនអាច​ដាក់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៃ​ការ​បង្កើត​គណបក្សថ្មី​?​ ពីព្រោះ កឹម សុខា កំពុងជាតំណាងរាស្ត្រ ក្នុង​ក្របខណ្ឌ​គណបក្ស​សិទ្ធិមនុស្ស​។ បើ​យោងតាមច្បាប់គណបក្ស បុគ្គល​ម្នាក់មាន​សិទ្ធិ​ធ្វើ​ជា​សមាជិក​គណបក្ស​តែ​មួយ​ទេ​ ដូច្នេះបើ កឹម សុខា ចង់រក្សាខ្លួនជាសមាជិកភាព​គណបក្សសិទ្ធិមនុស្ស​ កឹម សុខា​ មិន​អាច​មក​ធ្វើ​សមាជិកគណបក្សផ្សេងទេ​។​ ប៉ុន្តែច្បាប់ខ្មែរយើង​ទន់​ភ្លន់​ណាស់ រហូត​ដល់​បើក​ផ្លូវ​ទៀត​។ បើក្នុងករណីបុគ្គលម្នាក់ ជា​សមាជិកគណបក្សច្រើន គឺគេយកសមាជិក​គណបក្ស​ចុង​ក្រោយ​។​ បានសេចក្តីថា បើ កឹម សុខា មិន​បានលាលែងចេញពីគណបក្សសិទ្ធិមនុស្សក៏ហី​ទៅ​ចុះ​ច្បាប់​មិន​បង្ខំទេ។​ ប៉ុន្តែបើ កឹម សុខា មានឈ្មោះជាសមាជិកគណបក្សថ្មី គឺគេ​យក​ដោយ​ស្វ័យប្រវត្តិ​​ថា កឹម សុខា ជាសមាជិកគណបក្សថ្មីហើយ។​ ឯសមាជិកភាពរបស់ កឹម​ សុខា នៅ​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស យោងតាមច្បាប់ គឺត្រូវ​បានបញ្ចប់ជាស្ថាពរ ដោយស្វ័យប្រវត្តិ​។ ​ ។ បើ​បាត់បង់សមាជិកភាពគណបក្ស​សិទ្ធិ​មនុស្សដោយស្វ័យប្រវត្តិ កឹម សុខា ក៏ត្រូវបាត់​បង់​អាណត្តិ​ជា​អ្នកតំណាងរាស្រ្តដែរ​។​ យោងតាមច្បាប់​ជ្រើស​តាំងអ្នកតំណាងរាស្ត្រ បានចែងថា​នៅ​ពេល​ដែល​​អ្នកតំណាងរាស្ត្រ​ណាម្នាក់ ​បាត់បង់សមាជិកភាពសភា មានស្លាប់ មាន​ជាប់​ព្រហ្មទណ្ឌ​ដូចលោក សម រង្ស៊ី ជាដើម​ ឬ​​ករណីលោក កឹម សុខា គឺគេមាន​ចែង​ថា​នៅ​ពេល​ណា​ដែល​​អ្នក​តំណាងរាស្ត្រ​ណាម្នាក់​ បាត់បង់សមាជិកភាពពីគណបក្សដើម ដែល​ជា​គណបក្ស​ត្រូវ​បាន​ជាប់​​ឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនោះ ដូច្នេះអ្នកតំណាងរាស្ត្រនោះ ក៏​ត្រូវ​បាត់បង់​អាណត្តិ​ជាអ្នក​​តំណាងរាស្រ្ត​ដោយស្វ័យប្រវត្តិផងដែរ។ លើកលែង​តែករណី​នេះ​កើត​មាន​ក្នុង​កំឡុង ៦ខែ មុនការបោះ​ឆ្នោតបន្ទាប់។​ ដូច្នេះ​​បើ​ក្រុម​អស់​លោក​អ្នក​ប្រឆាំង​នោះ គាត់​រួម​គ្នា​ទៅ​ដាក់​ពាក្យ​នៅក្រសួង​​មហាផ្ទៃ​នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២ ​ អញ្ចឹងធ្វើឲ្យ កឹម សុខា បាត់បង់ដោយស្វ័យប្រវត្តិនូវសមាជិកភាពគណបក្សសិទ្ធិមនុស្ស និងអាណត្តិ​ជា​អ្នក​តំណាង​រាស្ត្រ ពីព្រោះឆ្ងាយជាង ៦ខែ ដូច្នេះកឹម សុខា ស្តាយ​លុយ ២ពាន់នោះគឺគាត់មិន​ទាន់​ចូល​ជា​សមាជិក​ក្នុ​ង​គណបក្សថ្មីទេ​ មានន័យថា​គាត់មិនបានស្រឡាញ់ជាតិទេ គឺគាត់​ស្រឡាញ់​លុយ​​។ បើសិនជា​ កឹម​ សុខា ពិតជា​ស្រលាញ់ជាតិដូចគាត់អួត គឺគាត់​ពិត​ជា​លា​លែង​​ជា​អ្នក​តំណាងរាស្ត្របាត់​ទៅហើយ​ គឺ​អស់តែ ២ពាន់ទេ​ ហើយឲ្យ​បេក្ខជនលំដាប់លេខពីរ នៅ​កំពង់ចាម​​​របស់​សិទ្ធិមនុស្ស​ឡើងជំនួសគាត់​ទៅ មានបាត់​ឯណា ប៉ុន្តែ​គឺគាត់​កំពុង​លេង​ល្បិច​​ដាក់​​ សម រង្ស៊ី​ តាម​របៀប​​ចាប់ត្រី​ដៃពីរ​​។​
លោក​ សត្យា​ រក្ស​
សំណួរ​៖ ចំពោះ​លោក​ សម រង្ស៊ី ដែលមានឈ្មោះ​ជាមេបក្ស​ថ្មីនោះ គឺបងប្អូ​ន​ប្រជា​ពលរដ្ឋ​​​បាន​​ដឹង​ហើយថា​​គាត់គឺ​ជាទណ្ឌិត​ ដូច្នេះអ្នកដែលមានទោស​បែបនេះ​គឺមិនអាច​មាន​សិទ្ធិ​​បោះឆ្នោត​ និងឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត​បានទេ​។ ពាក់ព័ន្ធ​នឹងបញ្ហានេះ​តើលោក​បណ្ឌិត​យល់​ឃើញ​យ៉ាងម៉េច​ដែរ​ ដែលគាត់កំពុងតែ​ប្រឡូក​ប្រឡាក់​ជាមួយ​នឹង​គណបក្ស​ថ្មី​នេះ​​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ មានចំណុចពីរ​ ដែលត្រូវញែកដាច់ពីគ្នា​។ ទី១ គឺសុពលភាពគណបក្ស  និង​ទី២ គឺ​សមាជិកភាពគណបក្ស​ និងសិទ្ធិបោះឆ្នោត​ ។​ ចំពោះសិទ្ធិ​នយោបាយ​បក្ស​របស់​លោក សម រង្ស៊ី​ ដែលបច្ចុប្បន្ននេះ​គាត់​មាន​តួនាទីជា​ប្រធាន​​គណបក្ស​ សម រង្ស៊ី ហើយ​ពេលនេះ​គាត់​មាន​ការ​ព្រមព្រៀង​ក្រៅផ្លូវការ​រវាង​គណបក្សទាំងពីរ គឺគាត់ជាប្រធានចលនា​របស់គេ​ និង​បាន​សុំ​ចុះឈ្មោះ​​ថ្មី​ជាប្រធាន​​គណបក្ស​។​ ប្រសិនជា​ ការស្នើសុំ​ត្រូវបាន​បំពេញ​លក្ខខណ្ឌ​​ច្បាប់​អស់​ហើយ​ ហើយក្រសួងមហាផ្ទៃ​គ្មានអ្វីជំទាស់នោះ​ គឺ​គណបក្ស​ថ្មី​នឹង​ត្រូវ​ចុះ​បញ្ជី​​ ។ ក្រោយ​ពី​ចុះ​បញ្ជី​​ ពេលនោះលោក សម រង្ស៊ី នឹង​ក្លាយ​ទៅ​ជា​សមាជិក​របស់គណបក្សថ្មីឬ​ក្លាយ​ទៅជា​ប្រធាន​​គណបក្ស​ថ្មី​​ហើយ​​។​​ ដូច្នេះតាមផ្លូវច្បាប់​គាត់ត្រូវបាត់បង់​នូវ​សមាជិកភាព​​ដោយ​ស្វ័យប្រវត្តិ​​​ពីគណបក្ស សម រង្ស៊ី​​​ និងត្រូវបាត់បង់​នូវតួនាទី​ទាំងអស់​នៅក្នុងគណបក្ស​ចាស់​របស់​គាត់​ហើយ​ ។ មានន័យថា​គាត់លែងជាប្រធានគណបក្ស សម រង្ស៊ី ទៀតហើយ​។​ចំណុច​នេះ គឺ​ត្រូវបាន​ច្បាប់​បញ្ញត្តិទុករួចជាស្រេចនៅក្នុងច្បាប់​គណបក្ស​។
ចំណុចមួយទៀត​ គឺលោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាព​ខុសពីលោក កឹម សុខា​ ដោយសារគាត់បានបាត់បង់អាណត្តិ​លែងជាអ្នកតំណាងរាស្ត្រហើយ​ ព្រោះគាត់​បាន​ជាប់​​ទោស​​ព្រហ្មទណ្ឌ​​​។ នៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជានៅក្នុងច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រ​ គឺ​ទណ្ឌិត​ ពុំមាន​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះឲ្យគេបោះឆ្នោតទេ​ លុះត្រាតែ លោក សម រង្ស៊ី​ ទទួលបាននូវការលើកលែងទោស​ ឬការបំពេញ​ទោស​បាន​ចប់​សព្វ​គ្រប់​។ សព្វថ្ងៃនេះ លោក​ សម រង្ស៊ី ពុំទាន់បានបំពេញទោសរបស់ខ្លួននៅឡើយទេ ហើយ​ក៏​ពុំត្រូវ​បាន​លើកលែង​ទោស​​ពីព្រះ​មហាក្សត្រ​នៅ​ឡើយដែរ​។​ ដូច្នេះស្ថានភាពរបស់ លោក សម រង្ស៊ី​ នៅពេលនេះ​គឺ​ខុស​ពី​លោក កឹម សុខា ព្រោះ​គាត់​លែង​ជាតំណាង​រាស្ត្រ​​ទៀត​ហើយ​ និងមិន​ទទួល​បាន​លុយ​ ២ពាន់​ ដូច កឹម សុខា ទេ​ ដូច្នេះ​គឺអាចទៅចុះឈ្មោះនៅក្នុងគណបក្ស​ថ្មី​។ ចំណែក កឹម សុខា គឺ​នៅ​ស្តាយ​លុយ ២ពាន់​នោះ ដូច្នេះ​​​គាត់មិនទៅទេ​។​
ប្រសិន​បើ​គណបក្ស​​ថ្មី​របស់​លោក សម រង្ស៊ី​ ត្រូវបាន​​ចុះ​បញ្ជី ហើយ​ទទួល​ស្គាល់​ដោយ​ក្រសួង​​មហាផ្ទៃ​​មែននោះ​ គឺលោក សម រង្ស៊ី​ មានសិទ្ធិត្រឹមតែធ្វើជាប្រធានគណបក្ស​ថ្មី​ និង​ជា​សមាជិក​​គណបក្ស​ថ្មី​​ប៉ុណ្ណោះ​​ គឺគាត់មានសិទ្ធិសេរីភាពខាងគណបក្សបក្ស​ដូចពលរដ្ឋខ្មែរ​ដ៏ទៃ​ទៀត​។​​ ប៉ុន្តែ​ដោយសារគាត់ជាពលរដ្ឋ​ខ្មែរដែលជាប់ទោស​ព្រហ្មទណ្ឌ​​ ដូច្នេះ​គឺពុំមាន​សិទ្ធិ​បោះឆ្នោត​​ទេ​ នេះគឺ​ជា​ច្បាប់​ទូទៅ គឺមិន​មែន​សម្រាប់​តែ​លោក សម រង្ស៊ី នោះ​ទេ​។​ ដោយសារ​តែ​​គាត់ពុំ​មានសិទ្ធិ​បោះឆ្នោត​ និងសិទ្ធិ​ឈរឈ្មោះឲ្យគេ​បោះឆ្នោត​បែបនេះ​ ទើបធ្វើឲ្យលោក សម រង្ស៊ី​ មិនអាចធ្វើជានាយករដ្ឋមន្ត្រី​តាមមហិច្ឆតារបស់គាត់បានទេ ពីព្រោះ​ច្បាប់​បាន​ចែង​ថា​ ធ្វើជា​ នាយករដ្ឋមន្ត្រី លុះត្រា​តែឥស្សរៈជននោះ​បានជាប់ឈ្មោះជាតំណាងរាស្ត្រ និងត្រូវ​បាន​គណបក្ស​​ជ្រើសរើសជាបេក្ខជននាយក​នាយករដ្ឋមន្ត្រី​ សិន​​ ។ ដូច្នេះ​ចំពោះលោក សម រង្ស៊ី ដែលមិនអាចឈរឈ្មោះ​ជាតំណាងរាស្ត្រ​ គឺមិនអាចជាប់ជាតំណាងរាស្ត្រ បានទេ​ ហើយ​ក៏​មិនអាច​​ក្លាយ​ជានាយករដ្ឋមន្ត្រីបានដែរ​។
លោក​ សត្យា​ រក្ស​
សំណួរ​៖ គណបក្សប្រឆាំង បានចោទប្រកាន់ថា​រាល់អំណះអំណាង​ និងពាក្យសម្តី​ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានមានប្រសាសន៍បំភ្លឺ​អំពីបញ្ហាព្រំដែន​នោះ​ គឺ​ពួក​​គេអាច​​ទទួល​​​យក​​​បាន​​ខ្លះ​​។ ប៉ុន្តែអ្វីដែល​គេមិនសប្បាយចិត្ត​ គឺដោយសារ​ការមិនឲ្យ​ពួកគេ​ចោទ​ សួរ​ឆ្លើយ​ ​សម្តេចដោយផ្ទាល់​។ ត្រង់ចំណុចនេះ​ តើលោកបណ្ឌិត​មានអ្វី​ដើម្បី​ពន្យល់​តាម​ផ្លូវ​ច្បាប់​​ជូន​​​ដល់​ជន​​រួមជាតិ​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ព្រឹត្តិការណ៍​នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១២ នៅសម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ ប្រមុខរាជ​រដ្ឋាភិបាលបានបំភ្លឺ​​អំពី​បរិបទនៃការបោះបង្គោល​ព្រំដែន​​ និង​ការកំណត់​ខ្សែរ​បន្ទាត់​ព្រំដែន​ ផ្អែក​ទៅលើ​ឯកសារសំខាន់ៗនានា​​ ភ្ជាប់ជាមួយនឹង​មាត្រដ្ឋាន​ផែនទី​ជាក់​លាក់​​​ដែលតំកល់ទុកនៅអង្គការសហប្រជាជាតិ ( អ ស ប ) និងទទួលស្គាល់ជាអន្តរជាតិ​ យក​មក​​ជា​មូលដ្ឋាន​ដើម្បីបំពេញការងារ​បោះបង្គោល​ និងគូសខ្សែរបន្ទាត់​ព្រំដែនរវាង កម្ពុជា វៀតណាម​​។​ នៅថ្ងៃនោះ សូម្បី​តែបញ្ហាចោរកម្ម​ក៏គ្មាន​ដែរ មានន័យថា​សូម្បីតែចោរក៏ចង់ស្តាប់​អំពី​​បញ្ហា​ព្រំដែនដែលគណបក្សប្រឆាំង ​តែងតែ​យកមកបញ្ឆេះ​កំហឹង​ជាតិនិយម​ឲ្យ​ប្រជា​ពលរដ្ឋ​​​​ខ្មែរ​​ស្អប់រដ្ឋាភិបាល​។​ ដូច្នេះ​ប្រជាពលរដ្ឋ​ បានដឹងយ៉ាងច្បាស់ថា​ការពិត​នៃ​ការ​បំពេញ​ភារៈកិច្ច​ជូនជាតិ​ ចំពោះបូរណភាពទឹកដី ថានាការពារមិនឲ្យមានការបាត់បង់​ដូចការ​អះអាង​របស់​គណបក្ស​ប្រឆាំង​នោះទេ​។ ក្រោយការបំភ្លឺរបស់ប្រមុខនៃរាជរដ្ឋាភិបាល​ ដោយ​ផ្អែក​ទៅ​លើ​ឯកទេស​ជាក់លាក់​ ។​ គឺលោក សម រង្ស៊ី ទេ​ដែលជា​អ្នកក្លែង​បន្លំ​ឯកសារ​ព្រំដែន​។ ការ​ចរចារ​ដ៍​ស្វិតស្វាញ​​របស់​រដ្ឋាភិបាល​​ គឺបានផ្អែកលើឯកសារ​ផែនទី​ពាក់ព័ន្ធ​ព្រំដែន​មុនឆ្នាំ​១៩៥៣ និង១៩៥៤​ គឺឯកសារតាំងពីជំនាន់អាណានិគម​បារាំង ដើម្បីយក​មក​អនុវត្ត​​ទាំង​សងខាង​​ក្នុង​ការ​បោះបង្គោល និងការគូសខ្សែរបន្ទាត់ព្រំដែន​។ ការស្វិតស្វាញ​មួយ​ទៀត​​គឺ​មាត្រដ្ឋាន​ផែនទី​ដែល​បានតម្កល់ទុក​​នៅ អ ស ប និងមានការទទួស្គាល់ជាអន្តរជាតិ​។ ការ​លាត​ត្រដាង​របស់សម្តេច គឺបានបញ្ជាក់យ៉ាងគ្រប់គ្រាន់​អំពីវិស័យបច្ចេកទេស និង​វិស័យ​ការពារ​​បូរណភាព​​ទឹកដី​។​​ ក្រោយពីបានបំភ្លឺ ពួកប្រឆាំង​គ្មានអ្វី​នឹង​ជំទាស់​ទៅ​នឹង​បញ្ហា​បច្ចេកទេស​​ទេ​ ពួកគេថែមទាំងអាម៉ាស​ចំពោះ​នយោបាយ​ស្មោគគ្រោគ​​របស់​ខ្លួន​ថែម​ទៀត​ផង​​ ប៉ុន្តែ​​ដើម្បី​​លុបលាង​​នូវគំនិត​ទុច្ចរឹតរបស់ពួកគេ គឺពួកគេបានលេងល្បិច​មួយទៀត​គឺ​ការលើក​ថា​មិនបាន​ផ្តល់ឲ្យ​តំណាងរាស្ត្រ​​គេ​ចោទសួរ​ដេញដោលទៅវិញ​។​
ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​បានជ្រាប និងអង្គការសង្គមស៊ីវិល​ដែលមាននិ​ន្នាការ​ប្រឆាំង​បាន​ដឹងនោះ​ ខ្ញុំសូមបញ្ជាក់ថា​នៅសភានៃ​បណ្តា​ប្រទេស​​ជឿនលឿន​ និងសភា​នៅ​ប្រទេស​​កម្ពុជា​​​ក៏មាន​វេទិកា​សួរដេញដោលដែរ​ ក៏ប៉ុន្តែក៏មានវេទិកា​ដែលមិនអនុញ្ញាត្តិ​ឲ្យ​សួរ​ដេញ​​ដោល​ដែរ​។​ គឺ​វាទាក់ទងទៅនឹង​បញ្ហា ដែលគេហៅថា​វេទិកាសំណួរធំ​ និងវេទិកា​ចោទ​សួរ​​​សំណួរ​​តូច​។​ ចំពោះសំណួររឿងព្រំដែន​កន្លងមកនេះគឺមិនមែនជារឿងសំណួរតូចទេ​ គឺ​ចូល​​ក្នុង​ប្រភេទវេទិកាសំណួរធំហើយ​ ដូច្នេះ​គឺតម្រូវឲ្យមានការបកស្រាយ​គ្រប់ជ្រុងជ្រោយ​។​ ដូច្នេះ​​​វាត្រូវ​ការពេលវេលា​វែង ម្លោះហើយ​គឺមិនអនុញ្ញាត្តិឲ្យមានការសួរដេញដោលទេ​។ ជាក់​ស្តែង​​​​កន្លងទៅគឺប្រមុខរដ្ឋាភិបាលបាន​ប្រើពេលរហូតដល់ជាង​៥ម៉ោង​ ដើម្បីឆ្លើយ​នឹង​សំណួរ​​របស់​​​តំណាងរាស្ត្រ​​​គណបក្សប្រឆាំង​​។ ​ដូច្នេះ​ករណី​នេះគឺដូចគ្នាទៅនឹង​ការសួរ​​ដូចសភា​នៅ​បណ្តា​​ប្រទេស​​ដ៍ទៃ​ទៀត​ដែរ​ គឺ​សំណួរធំ​មិន​អនុញ្ញាត្តិ​ឲ្យមាន​ការសួរ​​ដេញ​ដោល​ទេ​។​​
សរុបមក​យើងឃើញថា​ គណបក្សប្រឆាំង និងអង្គការ​សង្គមស៊ីវិល​ដែលមាននិន្នាការ​ប្រឆាំងនោះ​កំពុងតែ​មួលបង្កាច់​រាជ​រដ្ឋាភិបាលហើយ​ សូម្បី​តែសភា​​នៅ​ប្រទេសនានា​ក៏គេ​មិន​ដែល​​​កំណត់​ម៉ោង​​ឲ្យ​​អ្នកមក​បំភ្លឺដែរ​​​​។​ ពីព្រោះតម្លៃ​នៃការ​បំភ្លឺ​គឺវា​អាស្រ័យ​ទៅនឹង​ខ្លឹមសារ​នៃ​ការ​ពន្យល់​​ គឺមិនអាស្រ័យទៅនឹងការចោទសួរដេញដោលនោះទេ​។​ ដូច្នេះ​ល្បិច​ស្មោគគ្រោគ​ ដ៏កង្វក់​ និងនយោបាយដើរចោទប្រកាន់គេរបស់គណបក្ស​ប្រឆាំង​នោះ​គឺល្មមឈប់​ហើយ​។​
ជាចុងក្រោយនេះខ្ញុំសូមលើកយកបញ្ហា​ត្រីចូលអន្លង់​​មកជូនបងប្អូនដើម្បីពិចារណា​ ។​ត្រី​​​ដែល​​​ចូល​អន្លង់​ គឺ​ជា​ត្រី​ដែល​ចាញ់​បោក​ព្រាន​ ដែលបានជីកអន្លង់ថ្មី​នៅក្បែរ​ស្រះ ឬត្រពាំង ឬបឹង​ ហើយព្រានយក​ដីភក់​ និងទឹក​បន្តិច​ពីបឹង​​ថ្មី​មក​ស្រោច​​ក្បែរដើម្បីឲ្យមានក្លិនថ្មី​។ ដូច្នេះ​ដោយ​សារ​ក្លិនថ្មី​នេះ​ទើប​ធ្វើឲ្យជីវិត​ត្រូវស្លាប់​។ ដូចគ្នា​នេះដែរចំពោះបញ្ហានយោបាយ​ គឺ​គណបក្ស​​ថ្មី​​ដែល​ថិត​នៅក្នុង​កន្លែង​ចាស់​នេះ​​​ គឺប្រជាពលរដ្ឋត្រូវចាញ់បោកគេ​ដោយសារតែគេ​ប្រើ​​នយោបាយ​ ត្រីចូលអន្លង់នេះ​ ដូច្នេះសូមបងប្អូនពិចារណា​ឲ្យច្បាស់​។ យើង​សុខចិត្ត​ទទួល​យក​​របស់​ដែល​យើង​បាន​ស្គាល់​ច្បាស់ ដើម្បី​​ចូលរួម​អភិវឌ្ឍ​ និងកែ​ទម្រង់​នូវ​ចំណុចណា​ដែល​អសកម្ម​​ ប្រសើរជាងទៅជ្រើសរើសរបស់ដែល​ក្លែងថាថ្មី​ តែជារបស់ដែលចាស់​នោះទេ​។ ដូច្នេះ​សូម​បង​ប្អូន​ដែល​ជាម្ចាស់​ឆ្នោត​មានការប្រុងប្រយ័ត្ន​ ចំពោះនយោបាយ​ត្រីចូលអន្លង់​ ដែល​ពួក​គណបក្ស​ប្រឆាំង​​កំពុង​តែប្រើល្បិច​ដ៏ថោកទាប​របស់ពួកគេ​នោះ​៕​​
សម្រង់ព័ត៌មាន លោក នូសាវុធឌី

បទវិចារណកថា ៖ តើការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​ ពិត​ជាជួយ​ជាតិ​ឬជួយ​បុគ្គល?