នៅទីស្តីការគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១២ នេះឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធអាប្សារា និង លោកស្រី អាន ឡឺម៉េស (Anne LEMAISTRE) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីផែនការ គាំពារ និងអភិរក្សប្រាសាទអង្គរ ដំណាក់កាលទី២ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល អ៊ីតាលី មានទឹកប្រាក់ ២០ ម៉ឺនដុល្លា សហរដ្ឋអាមេរិក។ថវិការនេះនឹងត្រូវរួមជាមួយថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៥ ម៉ឺនដុល្លា សហរដ្ឋអាមេរិកថែមទៀតតាមរយៈអាជ្ញាធរ អប្សារា ដើម្បីធ្វើការជួសជុល និង អភិរក្សជណ្តើរ កសិណ ប្រាសាទអង្គរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម បណ្ឌិត សុខ អាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលនិងប្រជាជន អ៊ីតាលី ក្នុងទឹកចិត្តសប្បុរសជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសចំពោះការគាំពារ និងការស្តាកេរិ៍្តដំណែលវប្បធម៌របស់កម្ពុជា ។
ឯកឧត្តមបណ្ឌិត សុខ អាន បានចាត់ទុកពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំពារ និង អភិរក្សប្រាសាទអង្គរជំហានទី២ដែល ត្រូវនិងការប្រារព្ធខួបអនុស្សាវរីយ៍ ២០ ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទ អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយសម័យប្រជុំពេញអង្គលើកទី១៩ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលអង្គរក្នុងអំឡុងខែឆ្នូឆ្នាំ២០១២ខាងមុខគឺជាសញ្ញាល្អនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការយូណេស្កូ។ព្រឹត្តិការណ៍នេះក៏នាំទៅដល់ការប្រារព្ធសម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ។
ឯកឧត្តម បណ្ឌិត សុខ អាន បានមានប្រសាសន៍ឱ្យដឹងថា កាបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលដើម្បីការពារអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ(ICC- Angkor)កាលពីឆ្នាំ១៩៩៣ដោយមានប្រទេសជប៉ុន និង បារាំងជាសហប្រធាន បច្ចុប្បន្នទទួលបានកិច្ចសហប្រតិបត្តិការពី ១៤ប្រទេស និងអង្គការអន្តរជាតិចំនួន ២៨ ក្នុងការអនុវត្តន៍គម្រោងគាំពារ និង អភិវឌ្ឍតំបន់អង្គរខុសៗគ្នាចំនួន ៦០ ត្រូវបានអគ្គលេខាធិការអង្គការយូណេស្កូ វាយតំលៃថាជាស្ថាប័នគំរូអន្តរជាតិក្នុងការគាំពារ និង អភិវឌ្ឍតំបន់អង្គរជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថាក្រុមអ្នកបច្ចេកទេស គាំពារនិងអភិរក្សប្រាសាទអង្គរ នៃប្រទេសអ៊ីតាលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ តាមរយៈមូលនិធិ ទំនុកចិត្ត(FUNDS -in-Trust)។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយះអាជ្ញាធរអប្សារា និងរដ្ឋាភិបាលអ៊ីតាលី តាមរយៈក្រុមអ្នកបច្ចេកទេស អ៊ីតាលី ដឹកនាំដោយ លោក សាស្រ្តាចារ្យ វ៉ាល់ទ័រ ម៉ារីយ៉ា សាន់តូរ៉ូ (Valter Maria Santoro) បានជួសជុលប្រាសាទ ប្រែរូបរហូតដល់ឆ្នាំ២០០៥ ក្នុងថវិកាសរុបប្រមាណ ២ លានដុល្លាអាមេរិក។ចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១១ រដ្ឋាភិបាលអ៊ីតាលីបានផ្តល់ជំនួយ ៥៦៥, ០០០ដុល្លារ អាមេរិក និងថវិការបដិភាគរាជរដ្ឋាភិបាលកម្ពុជា ៥៦,០០០ដុល្លា សម្រាប់ការស្តារកំពូលប្រាសាទបាកាន និងផ្នែកមួយចំនួននៃប្រាសាទ អង្គរតូច ក្នុងនោះមានជំរាលជណ្តើរកសិណប្រាសាទអង្គរផងដែរ។
លោកស្រីអាន ឡឺម៉េស (Anne LEMAISTRE) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ក៏បានមានប្រសាសន៍ឱ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការយូណេស្កូ ក្នុងការគាំពារ និង អភិវឌ្ឍតំបន់អង្គរក្នុងរយៈពេល២០ កន្លងមកនេះទទួលបានជោគជ័យយ៉ាងធំធេង។
កិច្ចសហប្រតិបត្តិការនេះក៏បាន ដើរស្របគ្នានឹងកិច្ចការហ្វឹក ហ្វឺន និងការធ្វើសិក្ខាសាលាជាច្រើន ដោយមានការចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និស្សិតសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្រ្តីអាជ្ញាធរអប្សារា និង អាជ្ញាធរព្រះវិហារក្នុងការអនុវត្ត កម្មវិធីគាំពារនិងអភិវឌ្ឍតំបន់អង្គរផងដែរ។
សូបបញ្ជាក់ថាតំបន់ប្រាសាទអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ ហើយត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់។ដោយ
មានកិច្ចសហប្រតិបត្តិការល្អរវាងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលអង្គរ និង អាជ្ញាអរអប្សារានៅក្នុងឆ្នាំ២០០៤ តំបន់ប្រាសាទអង្គរត្រូវបានដកចេញេពីបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់៕