Tuesday, December 11, 2012

ការ​កសាង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​បង្ហាញ​ពី​សុខ​សន្តិភាព និងស្ថេរភាព ព្រម​ទាំងកម្លាំង​ទិញ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​



នៅក្នុងពិធី​បើក​ការ​ដ្ឋាន​សាងសង់​​ផ្សារ​ដ៏​ធំ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​ នាព្រឹក​ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១២​ សម្ដេច​អគ្គមហា​សេនា​បតី​​តេជោ​ ហ៊ុន សែន​ បាន​ថ្លែងដោយ​វាយ​តម្លៃ​ថា ការ​សម្រេច​បណ្តាក់​​ទុន​របស់​ក្រុមហ៊ុន​អ៊ី​អន​ម៉​ល​បាន​បង្ហាញ​​នូវ​ ទំនុក​ចិត្ត​ពី​ស្ថិរភាព​ខាង​នយោបាយ និង​​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុ​ជា ព្រោះ​ជា​ប្រទេស​ដែល​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​លទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំង​កម្លាំង​ទិញ​ពិតប្រាកដ​របស់​ប្រជា​ជន​កម្ពុជា​ផង​ដែរ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​ជា​បណ្តើរៗ ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ មិនមែន​ជា​ការ​ចៃដន្យ​ទេ ប៉ុន្តែ​គឺជា​ការ​មើល​ឃើញ​​យ៉ាងច្បាស់​អំពី​ការ​រីក​ចម្រើន​​របស់​កម្ពុជា ហើយក៏​ជា​ការ​​មើល​ឃើញ​អំពី​ទិដ្ឋភាព​ទាំងឡាយ​ទាក់ទង​នឹង​ការ​វិនិ​យោគ​​ផង​ដែរ។ “ខ្ញុំ​សូម​អរគុណ​ចំពោះ​លោក​ប្រធាន​ក្រុមហ៊ុន​អ៊ី​អន​ម៉​ល ដែល​បាន​សម្រេច​ចិត្ត​បើក​ការដ្ឋានសាងសង់​នៅ​ពេល​នេះ ដោយ​មិន​រង់ចាំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហើយ​ស្រេច ដែល​​នៅសល់​រយៈពេលតែ ៨ខែ​ទៀត​នោះ”។ សម្តេច​​តេ​ជោ​បញ្ជាក់​​ថា ថ្ងៃនេះ​ការ​បើក​ការដ្ឋាន​នេះ​ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការមើល​ឃើញ និង​អំពី​ភាព​ចាំ​បាច់​របស់​ជប៉ុន​នៅ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ។
ទាក់​ទង​នឹង​ការ​វិនិយោគ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា សម្រាប់​កម្ពុជា​ភាព​មិន​សាំ​ញាំ​នោះ​នៅ​ត្រង់​ថា ច្បាប់​កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បណ្តាក់​ទុន១០០% ដោយ មិន​ចាំ​បាច់​មាន​ភាគហ៊ុន​ក្នុងស្រុក ដែល​នេះ​ជា​ចំណុច​ពិសេស ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​មួយ​ចំនួន ​ដែល​តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ក្នុងស្រុក​ ចូល​រួម​នោះ។
ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ដែល​ត្រូវ​សាង​សង់ក្នុង​តម្លៃ​ជាង​ ២០០​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ដើម​ឆ្នាំ២០១៤ ខាង​មុខ​នេះ។ ក្រុមហ៊ុន​អ៊ី​អន​ម៉​ល ជា​ក្រុមហ៊ុន​មកពីប្រទេស​ជប៉ុន​ធំ​ទី៣ ដែល​បាន​បណ្តាក់​ទុន​នៅ​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ម៉ូ​ទ័​រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ​ដែល​បាន​សម្ពោធ​កាលពី​ឆ្នាំទៅ​មិញ និង​ក្រុមហ៊ុន​ផ្គុំ​រថយន្ត​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​​ខេត្តកោះកុង ដែល​នឹង​ត្រូវ​សម្ពោធ​នៅ​ថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០១២ ពេល​ខាងមុខនេះ។

នៅ​ក្នុងពិធី​បើក​ការ​ដ្ឋាន​សាងសង់​​ផ្សារ​ដ៏​ធំ​ទំនើបរបស់​ក្រុម​ហ៊ុន​អ៊ីអន​ម៉ល ដែល​ត្រូវ​នឹង​ថ្ងៃ​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ សម្ដេច​​តេជោសែន​ បាន​ថ្លែង​ពន្យល់​ថា សិទ្ធិ​មនុស្ស​សំខាន់​ជាងគេ គឺ​សិទ្ធិ​រស់រាន​មានជីវិត ដែល​នៅ​កម្ពុជាកើត​​ចេញ​មក​ពី​ថ្ងៃ​៧​មករា​។ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការជួយ​ឧបត្ថម្ភ​​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​វាយ​រំដោះ​ប្រជា​ពល​រដ្ឋ​​កម្ពុជា ចេញ​ពី​របប​វាលពិឃាតខ្មែរក្រហម នៅ​ថ្ងៃ​ទី​៧​ ខែ​មករា ឆ្នាំ​១៩៧៩​។​

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា "​ថ្ងៃនេះ ក៏​ជា​ថ្ងៃ​១០ ខែ​ធ្នូ  គឺជា​ថ្ងៃ​សិទ្ធិ​មនុស្ស ទិវា​សិទ្ធិមនុស្សលើក​ទី​៦៤​។ ឥឡូវ សិទ្ធិ​ចាប់ផ្តើម​ពី​អី​? សិទ្ធិ​ចាប់ផ្តើម​ពី​ការរស់​រាន​មាន​ជីវិត​​ឡើងវិញ​។ បើ​ងាប់​ទៅហើយ តើ​ទារ​សិទ្ធិ​នឹងមកពីណា​?​។ អា​នឹង​និយាយ​វាឲ្យ​ច្បាស់ កន្លែង​​នឹង​។ បើ​គ្មាន​ថ្ងៃ ៧​មករា​ទេ គ្មាន​នរណាគេ​ដង្ហែ​សិទ្ធិ​បាន​ទេ ហើយ​ខ្ញុំ​ក៏​មិនដឹង​ថា ពួក​សិទ្ធិ​មនុស្សនៅ​ឯ​ណា​ដែរ កាលពី​ពេល​ហ្នឹង។ ហេតុ​អី​បាន​ជា​មិន​មក​ជួយ​ផង​? ពេល​នឹង​គឺថា​មួយថ្ងៃៗ មិនដឹងថា សម្លាប់​អស់​ប៉ុន្មាន​? ឥឡូវ​បានជា​មាន​តុលាការកាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម មក​ពី​អី​? មក​ពី​សម្លាប់​មនុស្ស​ជាន់​នោះ បានជា​គេ​កាត់ទោស​?​។ អីចឹង​ទេ បើសិនជា ពួក​ប៉ុល​ពត អត់​មាន​សម្លាប់​មនុស្ស​ទេ ចាំបាច់​មាន​តុលាការ​ខ្មែរក្រហម​ធើ​អី​? រឿង​វា​នៅ​កន្លែង​នឹង​។ អីចឹង​ខ្មែរក្រហម​សម្លាប់​មនុស្ស​។ បើ​ខ្មែរក្រហម​សម្លាប់​មនុស្ស តើ​ត្រូវ​ធើ​ម៉េច​? វា​ទាល់​តែ​​យើង​រំដោះ​មនុស្ស កុំឲ្យខ្មែរក្រហមសម្លាប់​តទៅទៀត​។ អា​នឹង​បានចាប់ផ្តើមមាន​សិទ្ធិ​"​។​
 
​សម្តេច​តេជោបាន​មានប្រសាសន៍​បន្ថែម​ថា "​មិនមែន​សិទ្ធិ កើតឡើង​លេងៗ​ទេ​។ ប៉ុន្តែ​សិទ្ធិ​មនុស្សមិនមែន​ត្រឹមតែ​ថា ឲ្យ​រស់​ហើយ ឲ្យគេ​សង្កត់សង្កិន​ទេ​។ សិទ្ធិ​ចាប់ផ្តើម​ពី​ការរ​ស់​រាន​មាន​ជីវិត ហើយ​វា​គ្របដណ្តប់​លើ​សិទ្ធិ​ដទៃ​ទៀត​។ សិទ្ធិ​មាន​ចំណីអាហារ ទទួលបាន​ចំណី​អាហារ សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ទទួលបាន​ការព្យាបាល សិទ្ធិ​ទទួលបាន​អ្វីៗ​គ្រប់បែប​យ៉ាង រាប់​ទាំង​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​បង្កើត​បក្ស​នយោបាយ សិទ្ធិ​បង្កើត​អង្គការក្រៅរដ្ឋាភិបាល សិទ្ធិ​បង្កើត​សារព័ត៌មាន​។ ប៉ុន្តែ​ដំបូង​បំផុតឲ្យ​រស់​សិន​។ បើ​មិន​រស់​ទេ ទៅ​ឋាន​ប្រេត​នឹង គឺ​ចាំ​តែ​​គេ​បោះ​ឲ្យ​នឹង​។ មួយឆ្នាំ គេ​បោះ​ឲ្យតែ ១៥ថ្ងៃ ពេល​ដាក់​បិណ្ឌ ពី​បិណ្ឌ​១ ហើយ​ទៅ​ទារ​សិទ្ធិ​មកពីណា​ទៀត​? ហើយ​កុំទៅ​ជឿថា ទៅ​កេណ្ឌ​ទ័ព​ខ្មោច ដូច​អ្នកតា​ឃ្លាំងមឿង វា​ទៅ​មិន​រួច​ទេ​។ វា​គ្រាន់តែ​ជា​រឿងព្រេង​"​។​

សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា "​អីចឹង រាល់ថ្ងៃចាប់ផ្តើម​ពី​សិទ្ធិ​រស់រាន​មានជីវិត ថ្ងៃ៧​មករា​ហើយ បានជា​យើង​មាន​សិទ្ធិ​ដល់​រាល់​ថ្ងៃនេះ ហើយ​មាន​ការអភិវឌ្ឍន៍​ស្អីៗ ហើយ​ក្រុង​ភ្នំពេញ (កាលពី​សម័យមុន) គួរឲ្យខ្លាច ខ្លាច​ជាង​នៅក្នុង​ព្រៃ​...​។ យើង ក្រៅពី​រំដោះ​រួចហើយ (ផ្តួលរំលំ​របប​ខ្មែរក្រហម) គេ​ដាក់​ទណ្ឌកម្ម​ថែម​មួយ​បន្តិចទៀត​។ ប៉ុន្តែ​ឥឡូវ​នឹង​គឺថា បាន​ហើយ​​សេរីភាព វា​អស់ទាស់​ណាស់​ទៅហើយ​។ ប៉ុន្តែ​យើង​មិនមែន​បានសេចក្តីថា យើង​មិន​ទទួលស្គាល់​នូវ​ការខ្វះខាត​នានា ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ទេ ត្រូវ​បំពេញបន្ថែម ដែល​យើង​ត្រូវ​ធ្វើ​នោះ​ទេ​"​។​

ទាក់​ទងនឹងទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​១០ធ្នូ នេះ​ដែរ ក្នុង​នាម​ប្រធាន​អាស៊ាន សម្តេច​តេជោ​ក៏​បាន​បង្ហាញ​ពី​បំណងចង់​ឲ្យ​សាធារណរដ្ឋប្រជាធិបតេយ្យ​កូរ៉េ បញ្ឈប់​ការ​សាក​ល្បង​បាញ់​គ្រាប់​មី​ស៊ី​ល ដែល​បង្ក​ឲ្យ​មានការ​ភ័យ​ព្រួ​យ​ពី​ប្រទេស​ជិតខាង ​ប្រទេស​ក្នុង​តំបន់ និង​បាន​អំពាវនាវ​ឲ្យ​វិល​ទៅ​រក​ការ​ចរចា៦ភាគី​ឡើង​វិញ។

ក្នុង​គោល​បំណង​ឲ្យ​ដំណើរការរៀប​ចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ​ប្រព្រឹត្ត​ទៅ​ដោយ​សប្បាយ​រីក​រាយ សម្ដេច​តេ​ជោសែន ​ក៏បាន​ថ្លែង​ស្នើ​ឲ្យ​របប​របស់លោក​អាសាត​ដែល​ កាន់អំណាច​នៅ​ប្រទេស​ស៊ី​រី​សូមកុំ​ប្រើប្រាស់​អាវុធ​គីមីក្នុងបង្ក្រាប​ទៅ​លើ​ក្រុម​បះបោរ៕

ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​បញ្ចប់​អាណត្តិ​ជំរាបលាសម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី



​ឯកឧត្តម​បណ្ឌិត Fazal Ur Rahman ឯកអគ្គរដ្ឋទូត​​ប៉ា​គី​ស្ថាន ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​ព្រះ​​រាជាណាចក្រកម្ពុជា  ​នារសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ២០១២ បាន​ថ្លែង​អំណរគុណ​ក្នុង​នាម​រដ្ឋាភិបាល​ប៉ាគីស្ថាន ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែល​បាន​គាំទ្រ ដល់​​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងការ​​ក្លាយ​ជា​ដៃ​គូ​សន្ទនា​ពេញសិទ្ធិ​របស់​អាស៊ាន​។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ប៉ាគីស្ថាន ក៏បាន​បង្ហាញ​នូវមោទនភាព ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាងប្រជាជន និង​ប្រជាជន​ ពិសេស​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ប៉ា​គី​ស្ថាន​ឲ្យ​កាន់តែ​រឹងមាំ​ក្នុង​ពេល​រយៈ​ពេល​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ក្នុងឱកាស​ចូល​សំដែង​ការ​គួរ​សម​ និង​ជំរាប​លាសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ឯកឧត្តម​បណ្ឌិត Fazal Ur Rahman បាន​ឲ្យ​ដឹង​​​ថា ប្រទេស​កម្ពុជា​បាន​ចូលរួម​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ចំនួន២ឆ្នាំជាប់ៗ​គ្នា​​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​នៅ​ឆ្នាំ២០១៣ ខាង​មុខ ឯកឧត្តម​បណ្ឌិត ចម ប្រសិទ្ធ នឹងអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី៣ នៅ​ប៉ា​គីស្ថាន​ផង​ដែរ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ពិសេស​ការ​ជំរុញទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន អ្នក​​វិនិយោគ និង​អ្នក​វិនិយោគ ដើម្បី​ជំរុញ​ឲ្យ​លំហូរ​ពាណិជ្ជកម្មមានការ​រីក​ចំរើន​ថែមទៀត​ពី​មួយ​​ឆ្នាំទៅ​មួយ​ឆ្នាំ​។ 

នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ    តាម​នាម​ឲ្យ​ឯកឧ​ត្ត​ម​ប្រធានាធិបតី និង​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​​​នៃប្រ​ទេសប៉ា​គី​ស្ថាន​ ឯកឧត្តម​បណ្ឌិត Fazal Ur Rahman បាន​មាន​ប្រសាសន៍ចូលរួម​សំដែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុតជាមួយ​ព្រះរាជវង្សានុវង្ស ក៏ដូចជា​ថ្នាក់ដឹកនាំ​កម្ពុជា​ទាំង​អស់ ចំពោះ​​ការ​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះ​មហា​វីរក្ស​ត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ របស់​ថ្នាក់​ដឹក​នាំ និងប្រជា​រាស្ត្រ​​កម្ពុជា។ ​ក្នុងនាម​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​ប៉ា​គី​ស្ថាន​ ឯកឧត្តមឯកអគ្គរដ្ឋ​ទូត​ប៉ាគីស្ថាន​​ ក៏បាន​សំដែង​នូវការ​អបអរសាទ​រយ៉ា​ង​ជ្រាលជ្រៅ​បំផុត ចំពោះ​ជោគជ័យ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកបដោយ​កិត្តិ​បណ្ឌិត​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ទទួល​បាន​​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ និង​កិច្ចប្រជុំ​ពាក់​​ព​ន្ធ័​នានា​កាល​ពី​ពេល​​កន្លង​មក។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍បញ្ជាក់​ថា នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់​ព​ន្ធ័​ដទៃទៀត​នោះ ស្ថានភាព​មិនជា​ល្អ​ប៉ុន្មាន​ទេ និង​មាន​បញ្ហា​ជាច្រើន​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏​ដោយ​​ ក៏​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជំនះ​នូវ​ការលំបាក់​គ្រប់បែបយ៉ាង ដើម្បីឆ្លុះបញ្ចាំង​នូវ​ការ​ទទួលខុសត្រូវ​ក្នុងនាម​​អាស៊ាន​ និង​ជាប្រធាន​អាស៊ានផង​។ 

ពាក់​ព​ន្ធ័​ទៅនឹងការធ្វើ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ប៉ា​គី​ស្ថាន សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍ថា បើទោះបីជា​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ នៅមាន​ទំហំ​តិចតួច​ក៏ដោយ ប៉ុន្តែ​នោះ​គឺជា​ការចាប់ផ្តើមដ៏​ល្អ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បានមានប្រសាសន៍​លើ​កទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បន្ត​ធ្វើការ​រួមគ្នា​ជា​បន្តទៅទៀត ដើម្បី​ធ្វើយ៉ាង​ណា​ជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ ​ឲ្យ​កាន់​​តេ​រឹងមាំ​ថែមទៀត៕