Sunday, December 23, 2012

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​សម្ភោធ​ហាង LG

ហាង LG របស់​ក្រុមហ៊ុន ជីហ្គៀ (G Gear Co., Ltd) ដែល​មាន ទី​តាំង​នៅ​អគារ​លេខ​១៣៥មហាវិថី​ព្រះមុនីវង្ស សង្កាត់​ផ្សារ​ថ្មី ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​សម្ពោធ នៅ​ព្រឹក​ថ្ងៃទី ២២​ធ្នូនេះ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី និង​លោកជំទាវ ព្រមទាំង​វត្តមាន​ចូលរួម​ដ៏ច្រើន  ពីភ្ញៀវ​កិត្តិយស​។
លោក សុខ ពិសិដ្ អគ្គនាយក​ក្រុមហ៊ុន ជីហ្គៀ (G Gear CO ,Ltd) បាន​បញ្ជាក់​ថា ក្រុមហ៊ុន​លោក បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១១ ហើយ​បានទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ ជា​ផ្លូវ​ការ​ សម្រាប់​ទូរស័ព្ទ​ដៃ​និង​Monitor​ម៉ាក​LG របស់​សាធារណៈ​រដ្ឋកូរ៉េ ដែល​បាន​បង្កើត​បច្ចេកវិទ្យា​ អាយ​ ភី អេស(IPS) សម្រាប់​អេក្រង់​ទូរស័ព្ទ និង ទូរទស្សន៍​ដែល​មាន​ពន្លឺ​ពណ៌​ធម្មជាតិ ល្អ​ប្រណីត បច្ចេក​វិទ្យា LTE 4G និង Cinema 3D (ស៊ីណេម៉ា ស្រ៊ីឌី) 

ចំណែក លោក ម៉ៃឃើល ជុង (Michael Jung) អគ្គនាយក​ក្រុមហ៊ុនLG Electronic ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា LG បាន​ឈាន​ចូល​ទីផ្សារ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៧ ហើយ ក្នុង​រយៈ ពេល​៥ឆ្នាំ​នេះគឺទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្នុង​ការ​ពង្រីក​បណ្តាញ​និង​សកម្មភាព​អាជីវកម្ម ចែក ចាយ​ធំ​ទូលាយ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​អបអរ​សាទរ​ចំពោះការ​សម្រេច​ចិត្ត របស់​ក្រុមហ៊ុន ជីហ្គៀ និង ក្រុមហ៊ុន អិលជី អេឡិចត្រូនិក ដែល​បាន​សហការ​ធ្វើ​អាជីវកម្ម​លផលិត​ផល ម៉ាក LG នៅ​រាជធានី​ភ្នំពេញ  ឯកឧត្តម​បណ្ឌិត​សភាចារ្យ ផ្ដល់​ការ​កត់​សំគាល់​ថា ការ​បើក​ហាង ផលិត​ផល LGនៅ​កម្ពុជា គឺជាការ​សម្រេច​ចិត្ត​ធ្វើ​អាជីវកម្ម ដ៏​ត្រឹម​ត្រូវ ដោយ​សារ​កម្ពុជា មាន​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ មាន​សុខ​សន្តិភាព​ពេញ​លេញ មាន​ស្ថិរភាព​នយោ​បាយ មាន​លំនឹង ម៉ាក្រូ​សេដ្ឋកិច្ច ជាពិសេស​មាន កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណា​ទាប 

ឯកឧត្តម​បណ្ឌិត​សភាចារ្យ គូស​រំលេច​ឲ្យដឹង​ដែរ​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប សម្រាប់​ប្រជាជន​ម្នាក់ៗ មាន​ការ​កើន​ឡើង​ជា​លំដាប់ ពី​ប្រមាណ៧៣៨​ដុល្លា​អាមេរិក នៅឆ្នាំ ២០០៨ ដល់ ៩១៥ដុល្លា អាមេរិក នៅ​ឆ្នាំ​២០១២ ហើយ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹង​កើន​រហូត​ដល់ ប្រមាណ ១ពាន់​ដុល្លា អា​មេរិក នៅឆ្នាំ ២០១៣ ។ ឯកឧត្តម សង្កត់​ធ្ងន់ថា កំណើន​ទាំង​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អំណាច​ទិញ របស់​ប្រជាជន​កម្ពុជា មាន​ការ​កើន​ឡើង ជាបន្ត​បន្ទាប់ ដែល​នេះ​បង្ហាញ​នូវ​សក្ដានុពល​ ដ៏ធំ​របស់​កម្ពុជា ​សម្រាប់​ក្រុមហ៊ុន វិនិយោគ​នានារួម​ទាំង​ក្រុមហ៊ុន LG ផង​ដែរ 


 ហាងLGនេះ នៅ​ជាន់​ផ្ទាល់​ដីមាន​តាំង​បង្ហាញ និង​លក់​ផលិត​ផល​ទំនើប​ៗ​ ដែល ជាប់​លំដាប់ ថ្នាក់​ពិភព​លោក​របស់LG ដែល​ប្រជាជន​កម្ពុជា អាច​សាក​ល្បង​ប្រើ​ប្រាស់​បាន ហើយ​នៅ​ជាន់​ទី១​ មាន ស្រ៊ីឌី ស៊ីណេម៉ា សៀធ័រ (3D Cinema Theater) សម្រាប់​បើក​ទូលាយ ដល់​សិស្ស  និស្សិត ទូទៅទទួល​បទ​ពិសោធន៍ បច្ចេកវិទ្យា 3D ដ៏​អស្ចារ្យ  និង​មាន​បន្ទប់​ចំអិន​អាហារ​គំរូ សម្រាប់ មេផ្ទះ​ទូទៅដែលច​ង់រៀន​ចំអិ​ន​អាហារ​តាម​បែប​ទំនើប។ តំណាង​ក្រុមហ៊ុន​នេះ បញ្ជាក់​ថា​នឹង​ខិតខំ បង្កើត​កម្មវិធីដែល​ឲ្យហាង​នេះ ទៅជា​កន្លែង​បើក​ចំហ​ជា​ទូទៅ និងជា​កន្លែង​ចាប់​អារម្មណ៍​បំផុត សម្រាប់ ប្រជាជន​កម្ពុជា  សម្រាប់​ការ​ប្រកួត​ប្រជែង ជាមួយ​ផលិត​ផល​អេឡិច​ត្រូនិក​នានា នៅ ក្នុង​ទីផ្សារ​កម្ពុជា តទៅ​មុខ​ក្រុមហ៊ុន នឹង​ផ្តោត​សំខាន់​លើ​ផលិត​ផល​ចំនួន​៥មុខ គឺ​ទូរស័ព្ទ ស្មាតហ្វូន ដែល​មាន​ដាក់​បញ្ចូល​ជា​ស្រេច​នូវ​ពុម្ព​អក្ស​រយូនីកូដ​ខ្មែរ , ទូរទស្សន៍ Cinema 3D ដែល​បច្ចុប្បន្ន មិន​មាន​គូប្រៀប, ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ , ម៉ាស៊ីន​ត្រជាក់​ និង​ទូទឹក​កក