Tuesday, December 25, 2012

បទវិចារណកថា៖ ស្ទីល​ភូត​កុហក​ថ្មីរបស់​ទណ្ឌិត សម រង្ស៊ី



សម្តេច​តេជោ​៖​​ជំនួយ​របស់​ជប៉ុន​មិន​មែន​សម្រាប់​តែ​កម្ពុជា គឺ​សម្រាប់​អាស៊ាន​ផង​ដែរ


សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅ​ក្នុង​ជំនួប​សវនា​ការ​ជា​មួយ​លោក SUZUKI YASUZIKO ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន (Jica) ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​​ប្រសាសន៍​វាយ​តម្លៃ​ថា ជំនួយ​របស់​ជប៉ុន ​គឺ​បាន​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ឡើង ហើយ​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​មាន​កម្រិត​កាន់តែ​ល្អ​ឡើង​ថែមទៀត​ដែរ។
ឯក​ឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ឲ្យ​ដឹង​ថា លោក SUZUKI YASUZIKO ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (Jica) ​ប្រចាំព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​បញ្ចប់​បេសក​កម្ម​របស់​លោក​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា​ហើយៗ លោក​បាន​ចូល​ជួប​ជំរាប​លា​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១២ ​នៅ​វិមាន​សន្តិភាព​ក្នុង រាជ​ធានី​ភ្នំពេញ។
នៅ​ក្នុង​ជំនួប​ជំរាប​លា​នោះ លោក SUZUKI YASUZIKO បាន​ថ្លែង​ថា លោក​មាន​សេចក្តី​សប្បា​យ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្នាក់នៅ​ធ្វើការ​នៅ​កម្ពុជា ដែល​ជា​ឱកាស​ពោរពេញ​ទៅ​ដោយ​ក្តី​រីករាយ​ជាទីបំផុត ព្រោះ​លោក​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​កម្ពុជា ដើម្បី​ទាក់​ទាញ​នាំ​មក​នូវ​អ្នក​វិនិយោគ​ជប៉ុន​កាន់​តែ​កើន​ឡើង​តាម​រយៈ​ជំនួយ​របស់​ជប៉ុន (ODA) ក៏ដូច​ជា តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្នែក​រឹង ផ្នែក​ទុន។ លោក SUZUKI ថ្លែងថា លោក​មានការ​រីក​រាយ​យ៉ាងខ្លាំង ហើយ​មាន​ការ​រំជួលចិត្ត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នឹង​ទំនាក់​ទំនង និង​សន្តាន​ចិត្ត​របស់​ប្រជា​ជន​កម្ពុជា ដែល​បាន​ឆ្លុះ​បញ្ចាំង​បន្ទាប់ពី​មាន​ការ​រញ្ជួយ​ផែនដី និង​ស៊ូ​ណា​មី​នៅ​ប្រទេស​ជប៉ុន​នៅឆ្នាំ២០១១ កន្លង​មក។ ប្រជា​ជន​កម្ពុជា​បានសំដែង​នូវ​សន្តាន​ចិត្ត​តាម​រយៈ​ការ​ផ្តល់​នូវ​វិភាគ​ទាន​ក្នុង​ការ​ជួយ ដែល​ជា​ការ​ឆ្លុះបញ្ចាំង​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ស្រឡាញ់​រាប់​អាន​រវាង​ប្រជា​ជន​កម្ពុជា និង​ប្រជា​ជន​ជប៉ុន​។
សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា អ្វី​ដែល​កម្ពុជា​បាន​ចូល​រួម​វិភាគទាន​ជា​ថវិកា​ជួយ​ដល់​ប្រជា​ជន​ជប៉ុន នៅ​ពេល​ដែល​ប្រទេស​ជប៉ុន​ជួបប្រទះ​នឹង​គ្រោះ​ធម្មជាតិ​នោះ ​គឺ​មិន​មាន​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វីដែល​ជាការ​ចូលរួម​ចំណែក​ធំ​នោះ​ គឺ​សន្តាន​ចិត្ត​របស់​កម្ពុជា​ចំពោះប្រជា​ជន​​ជប៉ុន ដែល​ការ​នេះ​ជា​មូល​ដ្ឋាន​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន​ទៅ​ថ្ងៃ​អនាគត ទៀត។
ពាក់ព័ន្ធ​នឹង​បញ្ហា​ជំនួយ​សម្រាប់​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា នៅ​ក្នុង​អាណត្តិ​របស់​លោក SUZUKI YASUZIKO សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា យើង​បាន​បើ​ការ​ដ្ឋាន​​សាងសង់​ស្ពាន​អ្នក​លឿង ដែល​ស្ពាន​នេះ​ពុំមែនសម្រាប់តែ​ជួយ​កម្ពុជា​នោះទេ ប៉ុន្តែ​វា​បាន​ត​ភ្ជាប់​សម្រាប់​ផ្លូវ​អាស៊ាន​ផង និង​សម្រាប់​ការ​ធ្វើ​សមា​ហរ​ណកម្ម​តំបន់​មហា​អនុ​មេគង្គ​ផង​ដែរ។ សម្តេច​តេ​ជោបញ្ជាក់ថា ជំនួយ​របស់​ជប៉ុន​ គឺ​បាន​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ឡើង ហើយ​បានរួម​ចំណែក​ក្នុង​ការ​​កាត់បន្ថយ​ភាព​ក្រីក្រ និង​បានធ្វើ​ឲ្យ​ជីវភាព​រស់នៅរបស់​ប្រជា​ជនមាន​កម្រិត​កាន់តែ​ល្អ​ឡើង​ថែមទៀត​ដែរ។ សម្តេច​តេ​ជោក៏​​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ជំនួយ​ទាំងឡាយ​ ដែលប្រ​ជា​ជន​ជប៉ុន​បាន​ជួយ​ដល់​កម្ពុជានាពេល​កន្លង​មក ​ទាំង​សំភារៈ ទាំងថវិកា និង​ទាំងលើ​ផ្នែកច្បាប់​។
សូម​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​រយៈពេល​ជាង ៣ឆ្នាំ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក SUZUKI YASUZIKO បានធ្វើការ​សម្របសម្រួល​ចរចា​ដើម្បី​ចុះហត្ថលេខា និង​អនុវត្ត​គម្រោង​ជា​ច្រើន ដែល​មាន​ហិរញ្ញ​ប្បទាន​ឥត​សំណង​ប្រមាណ ៣៦០លាន​ដុល្លារ​សហរដ្ឋអាមេរិក ដូចជា​គម្រោង​សាង​សង់​​ស្ពាន​អ្នក​លឿង គម្រោង​ស្តារ​ផ្លូវជាតិ​លេខ១ គម្រោង​បំពាក់​ឧបករណ៍ និង​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប ព្រមទាំង​សមិទ្ធផល​មួយចំនួនទៀត​ផងដែរ៕
អត្ថបទ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស
http://www.kpt-news.com/images/stories/kampucheathmey/2012/12/25/25-12-2012-a-full.jpg