Thursday, January 10, 2013

សម្តេច​​តេជោ​​ស្នើ​​ឲ្យ​​ខេត្ត​​ក្វាង​​ស៊ី​​​ប្រទេស​ចិន​ជំរុញ​​អ្នក​​វិនិយោ​គិន ​មក​​វិនិយោគ​​នៅ​​កម្ពុជា

​លោក ហ្សាង ម៉ីងប៉ី (Zhang Mingpei) ប្រធានមន្ទីរកសិកម្មខេត្តគ័ងស៊ី នៃ​សា​ធា​រណ​រដ្ឋ​ប្រជា​មា​និតចិន បានដឹកនាំ​គណៈប្រតិភូ ដែល​រួមមាន​អ្នកជំនាញការ​ខាង​កសិកម្ម អ្នក​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ក្រុមហ៊ុន​​ផលិតផលិតផល​កសិកម្ម បាន​មាន​ប្រ​សាស​ន៍ជម្រាប​ជូន​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រីថា ក្នុងដំណើរទស្សន​កិច្ចរបស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​​នៅ​ពេល​នេះ គឺ​ដើម្បី​អនុវត្តន៍​នូវ​រាល់​កិច្ចការ​ទាំងឡាយ ដែល​ថ្នាក់​ដឹក​នាំ​​នៃ​ប្រទេស​ទាំង​ពីរ​ (ចិន-កម្ពុជា) បាន​​ឯកភាព​គ្នា​​ក្នុង​ពេល​កន្លង​មក។ លោក ហ្សាង ម៉ីងប៉ី បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា លោក ​សាង ម៉ីងប៉ី (Zhang Mingpei) បាន​ជំរាប​ជូន​​សម្តេច​​តេ​ជោនូវគំរោង​សំខាន់​ៗ​ចំនួន​៧ ដែលនឹង​ត្រូវអនុវត្តន៍ ក្នុង​នោះរួម​មាន​៖

ទី១-គំរោង​ឧស្ម័ន​ធម្មជាតិ​នៅ​តាមជនបទ។
ទី២-រោងចក្រ​ម៉ាស៊ីនកិនស្រូវ​ដែល​កំពុងតែ​ដាក់​ឲ្យ​ប្រើប្រាស់។
ទី៣-គំរោង​​ការពារ ​និង​កំចាត់​សត្វល្អិត​លើ​វិស័យកសិកម្ម។
ទី៤-​គំរោង​ពិនិត្យ​គុណភាព​អនាម័យ​ម្ហូ​ម​អាហារ។
ទី៥-គំរោង​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​ដាំ​ដុះ​លើ​ផ្ទៃដី ដែល​ក្រុម​ហ៊ុន​ចិន​ទទួល​បាន។
ទី៦-​មជ្ឈ​មណ្ឌល​កសិកម្ម​គំរូ​។
ទី៧-​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​កសិកម្ម​ ក្នុងនោះមាន​មួយ​ផ្នែក​កំពុងតែ​ដំណើរការ និង​មួយ​ផ្នែក​ទៀត​កំពុងតែ​ជំរុញ​ដំណើរការ​របស់​ខ្លួន​ទៅមុខ។

​ឯកឧត្តម អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​ឲ្យដឹងថា លោក ហ្សាង ម៉ីងប៉ី ក៏បាន​ជំរាប​ជូន​​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំពី​កិច្ច​ពិភាក្សា​ជាមួយ​ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ឈាន​ទៅ​ចុះ​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​​ការ​ជំរុញ​​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ទំនាក់ទំនង និង​​​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ ឡើង​​​ថែមទៀត។ ​ខេត្ត​គ័ង​ស៊ី​មាន​បំណង​ជួយ​ដល់​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​លក្ខខ័ណ្ឌ​ខាង​បទពិសោធន៍ និង​បច្ចេកវិទ្យា​នៃ​វិស័យកសិកម្ម​ផង​ដែរ។ ជាមួយ​គ្នានេះ លោកហ្សាង ម៉ីងប៉ី ក៏បាន​នាំមក​ជា​មួយ​​នូវ​អង្ករ​ចំនួន ១០០តោន ​ជូន​ដល់​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ផង​ដែរ។

ឯកឧត្តម អ៊ាង សុផល្លែត មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា ជាការឆ្លើយតបសម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​​បានថ្លែង​នូវ​អំណរគុណ​ ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​គ័ង​ស៊ី ដែល​បាន​​ឧបត្ថម្ភ​​​នូវ​អង្ករ​ចំនួន ១០០​តោន ​ដល់​កម្ពុជា និង​បាន​សំ​ដែង​នូវ​សេច​ក្តី​សប្បាយរីករាយ​ចំពោះ​ការ​​រីក​ចម្រើន​លើ​ទំនាក់​​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រ​វាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា ដែល​ជា​កត្តា​ជំរុញ​នូវទំនាក់ទំនង​ល្អរវាង​ប្រទេស​យើង​ទាំងពីរ (កម្ពុជា-ចិន)។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​ខេត្ត​ក្វាង​ស៊ី​ធ្វើ​យ៉ាង​ណា​ពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​​ការ​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា ក៏ដូចជា​ជំរុញ​អ្នក​វិនិយោគ ​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​​ទៅលើ​ការ​កែច្នៃ និងសំភារៈ​កសិកម្ម​។ ដោយឡែកអង្ករ​ចំនួន ១០០តោន​ សម្តេច​តេជោ​នាយក​​រដ្ឋមន្ត្រី​ នឹង​ប្រគល់​ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​បំរើ​ដល់​សកម្ម​ភាព​​មនុស្សធម៌ ក្នុងការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលងាយ​រងគ្រោះ​៕