Tuesday, January 15, 2013

ក្រុម​ការងារ​គ្រប់​គ្រង​ព័ត៌មាន ផ្សព្វ​ផ្សាយ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព បើក​កិច្ច​ប្រជុំ ត្រួត​ពិនិត្យ​ការងារ



          នៅ ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នាព្រឹក​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៣ ក្រុម​ការងារគ្រប់គ្រងព័ត៌មាន ផ្សព្វផ្សាយ​ដែល​មាន ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ជា​ប្រធាន បាន​បើកកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ និង​ពិភាក្សា​កិច្ចការគ្រប់គ្រង​​ព័ត៌មាន និងផ្សព្វផ្សាយអំពី​ព្រះរាជ​ពិធីដង្ហែ និងថ្វាយ​ព្រះភ្លើងព្រះបរម​សព​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះនរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជ​បីតា​ឯករាជ្យ បូរណៈភាព​ទឹកដី និង​ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ ២០១៣ខាងមុខនេះ។

          ឯកឧត្តម ស្វាយ ស៊ីថា ប្រធាន​ក្រុមការងា​រគ្រប់​គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​បានមានប្រសាសន៍​​ឲ្យដឹងថា ដោយ​យោង​តាមអនុសាសន៍​​ណែនាំរបស់​ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ គណៈរ​ដ្ឋមន្រ្តី និងជា​ប្រធានអនុគណៈកម្មការ​គ្រប់គ្រងព័ត៌មាន ផ្សព្វផ្សាយ និងកសាងព្រះបរម​រូបព្រះ​មហាវីរៈក្សត្រ កិច្ចប្រជុំថ្ងៃនេះ​គឺដើម្បី​ត្រៀម និងត្រួត​ពិនិត្យ​ការងារនិងគ្រប់គ្រង​​ព័ត៌មាន​ផ្សព្វ​ផ្សាយ ធ្វើយ៉ាងណាឲ្យមាន​ប្រសិទ្ធ​ភាព ធានា​បាន​សុវត្ថិភាព និងខ្លឹមសារឲ្យបានល្អ ដើម្បី​ផ្សព្វផ្សាយជូនប្រជាពលរដ្ឋបាន​ដឹង និង​យល់​ជ្រួតជ្រាប​អំពីព្រះរាជពិធី​ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរម​​សពនិងព្រះរាជស្នា​ព្រះហស្ថ​របស់​ព្រះអង្គនាពេល​កន្លងមកក៏ដូចជាការខិត​ខំប្រឹង​ប្រែង រៀបចំ​​​ព្រះរាជពិធីដោយ​​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​​របស់សម្តេចអគ្គមហាសេនាបតីតេ​​ជោហ៊ុន សែននាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា។

          នៅក្នុង​កិច្ចប្រជុំ​ដែលមាន​រយៈពេល​ជិត០៥ ម៉ោង ក្រុមការ​ងារគ្រប់​គ្រង​ព័ត៌មាន និងផ្សព្វ​​ផ្សាយ​អំពី​​ព្រះរាជពិធី​ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរ​មសពព្រះមហាវីរៈក្សត្រ ដែលតំណាងពីអង្គភាពព័ត៌មា​​ន និងប្រតិកម្មរហ័ស ក្រសួង​ព័ត៌មាន សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការ​បរទេស និងកិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ បណ្តាស្ថានីយ៍ទូរទស្សន៍ វិទ្យុនានា បាន​​ពិភាក្សា​គ្នា​លំអិត អំពី​កិច្ចការ​ងារ​ដែលត្រូវដោះ​ស្រាយចំពោះមុខ និងបែង​ចែកការទទួលខុសត្រូវរៀងៗខ្លួនជាមួយ​គ្មានេះ​អង្គប្រជុំ​ក៏បាន​លើក​អំពីការរៀប​ចំទី​តាំងដាក់ប្រព័ន្ធឧឃោ​​ស័ព្ទ តាមបណ្តោយផ្លូវដែល ក្បួនដង្ហែរព្រះបរមសពឆ្លងកាត់ ចំនួន០៥ កន្លែង ដែលត្រូវសហការរៀបចំគ្រប់គ្រងដោយស្ថានីយ៍វិទ្យុ​​ជាតិនិងសាលា​រាជ​ធានីភ្នំពេញ។ ការដាក់​តាំងទូរទស្សន៍ LED ខ្នាតធំ ចំនួន ១៤ កន្លែង រៀបចំដោយ​ក្រសួង​ព័ត៌មាន និង​ស្ថានីយ៍ទូរទស្សន៍បាយ័ន សហការជាមួយសាលា​រាធានី​ភ្នំពេញ ក្រៅពីនេះគឺស្នើសុំឲ្យបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មប្រភេទ LED របស់​ឯកជនចូល​រួមផ្សព្វ​ផ្សាយបន្តផ្ទាល់ផងដែរ។ ស្ថានីយ៍ទូរទស្សន៍ វិទ្យុនានាអង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស​រៀបចំតាក់តែងជា​ ​ បទវិចារណក​ថា ឬបទអត្ថាធិប្បាយ​នានា ស្តីពី​ស្នាព្រះហស្ថ​របស់​មហាវីរៈ​ក្សត្រ និងការរួមចំណែក​របស់រាជ​រដ្ឋាភិបាល។ កិច្ច​ប្រជុំក៏​បានឯកភាព​ក្នុងការស្វះស្វែងរក​ទីតាំង​ឲ្យបានសមរម្យ​​​ដើម្បីឲ្យអ្នកសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​អាច​ថត ផ្តិតយក​ព័ត៌មាន ពីទីតាំង​ប្រារព្ធព្រះរាជ​​ពិធីដង្ហែ និង​ថ្វាយ​ព្រះភ្លើង ព្រះបរម​សព​ដើម្បី​ផ្សព្វផ្សាយ​ឲ្យបាន​ល្អ។ ក្រសួងព័ត៌មាន ក៏ជំរុញការអប់រំ​ណែនាំ ពិធីករ ពិធីការិនី ទូរទស្សន៍ វិទ្យុនា​នាឲ្យយល់​ដឹងអំពី​ការប្រើ​ប្រាស់ព្រះរាជស័ព្ទផងដែរ។

ឯកឧត្តម​ស្វាយ ស៊ីថា ក្នុងនាម​ជាប្រធាន​អង្គ​ប្រជុំក៏​បានជំរុញ​ឲ្យអ្នក​គ្រប់គ្រង​ស្ថានីយ៍ទូរទស្សន៍ វិទ្យុនានា បន្ត​ផ្សព្វផ្សាយ​ចរាចរណ៍​របស់​រាជរដ្ឋាភិបាលឲ្យបានច្រើន​ដង​បន្ថែម​ទៀតស្តីពីការ​ត្រៀមរៀបចំពិធីបុណ្យដង្ហែ និងថ្វាយព្រះភ្លើង​ព្រះបរ​មសព។

          នៅក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ឯកឧត្តម ស្វាយ ស៊ីថា បាន​ផ្តួចផ្តើម​គំនិតបង្កើត​ក្រុម​ការងារ តូចៗ មួយ​ចំនួន​ដោយមាន​ការឯកភាព​ពីអង្គ​ប្រជុំ ដើម្បីតាម​ដាន​ការងារ​គ្រប់​គ្រងការផ្សព្វ​ផ្សាយ រួមមាន​ទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​ជាដើម ហើយ​ថែមទាំង​បាន​បង្កើតក្រុមការងារ​ប្រចាំការ​ដើម្បីគ្រប់​គ្រងលើកា​រងារ​រួម​នៅអង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ផងដែរ។

          ដើម្បី​បំរើឲ្យការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព​​ អង្គប្រជុំ​ក៍បាន​លើកយក​បញ្ហា​មួយ​ចំនួន  ស្នើ​សុំ​យោបល់​សម្រេច​ដ៏ខ្ពង់​ខ្ពស់ពី​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី និងជាប្រធានអនុគណៈ​​កម្មការ​គ្រប់គ្រងព័ត៌មាន និងផ្សព្វ​ផ្សាយ និង​កសាងព្រះបរមរូបព្រះមហាវីរៈក្សត្រ។ 

          អង្គ​ប្រជុំដែល​ប្រព្រឹត្តិ​ទៅក្នុង​បរិយា​កាសស្និត​ស្នាល និងក្នុងស្មារតីទទួល​ខុសត្រូវក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា បានសម្រេចយកព្រឹក​​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៣ ធ្វើការ​ត្រួត​ពិនិត្យ លទ្ធផល​ការងារ​ដែល​បានដាក់​ចេញ​ជាចុងក្រោយ។

អត្ថបទ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស

វិធីព្យាបាលការ ឆាប់ចេញ​​​ទឹកកាម ជួយឲ្យបុរស​​ប្រយុទ្ធបានយូរ

ការព្យាបាលឆាប់ចេញទឹកកាម ទាំងពីរប្រភេទ ដោយ​បញ្ហា​​ផ្លូ​វ​ចិត្ដ ផ្លូវអារម្មណ៍ ទោះជាករណីប្រភេទ ឆាប់​ចេញ​ទឹកកាមទី១ក្ដី ទី​២ក្ដី ការព្យាបាលដែលធ្វើឡើង ដោយ​​គ្រូ​ពេទ្យ​ជំនាញ​ខាង​ផ្លូវ​ភេទ​អាច ទទួល​បាន​ប្រសិទ្ធភាព រហូតដល់ទៅ៩០%ឯណោះ។
ការ​ព្យា​បាល​ត្រូវមានលក្ខណៈជាខ្នាត ឬស្ដង់​ដា​ត្រឹម​ត្រូវ​មួយ​។ ជាទូទៅសូមសាកល្បងប្រើប្រាស់ វិធី​ទប់​ស្កាត់​ការឆាប់​ចេញ​ទឹក​កាម តាមបែបធម្មជាតិសិន។ ប្រសិន​បើវិធីទប់ស្កាត់បែបធម្មជាតិ តាមរបៀបគ្រប់គ្រងញាណ នៅ​តែមិនមានប្រសិទ្ធភាព នោះ​មាន​វិធី​ព្យាបាល​ទប់​ស្កាត់​ ការឆាប់ចេញទឹកកាម បែបវេជ្ជសាស្ដ្រ ឬ​ដោយ ប្រើ​ប្រាស់ឱសថមួយចំនួន។

- ថ្នាំរម្ងាប់អារម្មណ៍ ៖ ថ្នាំជំពូកនេះ អាច​ជួយ​ទប់​ស្កាត់​ការ​ឆាប់ចេញទឹកកាម ក្នុង​កម្រិត​ប្រសិទ្ធ​ភាព​តិចតួច តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់ថ្នាំជំងឺ សរសៃ​ប្រសាទជាដើម ដើម្បីទទួលយកនូវឥទ្ធិពលទី២ របស់ឱសថនេះ ជាពិសេសជាតិថ្នាំទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូមប្រុងប្រយ័ត្ន ពីព្រោះឥទ្ធិពលចម្បង របស់​វាដែលធ្វើឱ្យងុយគេង មិនសូវស្រួលប្រើឡើយ ជាទូទៅវាប្រើសម្រាប់អ្នក ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ។ ដោយឡែកថ្នាំប្រឆាំង ជំងឺធ្លាក់ទឹកចិត្ដ ឬថប់​អារម្មណ៍ ដែលប្រើសម្រាប់ប្រឆាំង នឹងជាតិសេរ៉ូតូនីន ក៏អាចប្រើប្រាស់ មាន​ប្រសិទ្ធភាព​ខ្លះដែរ។

- ថ្នាំស្ពឹក ៖ តំបន់រ៉េផ្លិចភ្ញោច ការចេញទឹកកាម ស្ថិតនៅក្បាលលិង្គ។ អ្នកជំនាញខាងផ្លូវភេទ បាន​ប្រើ​ប្រាស់ថ្នាំស្ពឹកសម្រាប់ កាត់បន្ថយញ្ញាណ ឬភាពងាយទទួល ដូចជាថ្នាំលីដូកាអ៊ីនជាដើម។ ថ្នាំ​លីដូកា​អ៉ីននេះ មានជាទឹក ឬជាស្ប្រាយបាញ់ អាចបង្កប្រតិកម្មតបតនៅនឹងកន្លែង ឬភាព​ស្ពឹក​ស្រពន់​កើតមាន នៅលើស្ដ្រីជាដៃគូ។ ប្រសើរបំផុត សូមពាក់ស្រោមអនាម័យផង។

- ការចាក់ថ្នាំបញ្ចូលទៅក្នុងអង្គជាតិប្រហោងរូង ៖ វិធីនេះ ឃើញមានប្រើសម្រាប់ព្យាបាល ការ​ឆាប់ចេញទឹកកាមដែរ។ ប៉ុន្ដែជាទូទៅ វិធីនេះបង្កើតឡើងសម្រាប់ ជួយដោះស្រាយបញ្ហាលិង្គងាប់។ ការឡើងរឹងនៃលិង្គ នៅតែកើតមានដដែលនៅក្រោយពេល ចេញទឹកកាម បែបនេះអនុញ្ញាតឱ្យបន្ដ សកម្មភាពផ្លូវភេទទៅទៀតបាន។ លើសពីនេះ វាអាចជួយកាត់ផ្ដាច់បាននូវ ក្របខ័ណ្ឌបរាជ័យ-បាក់​ទឹក​ចិត្ដ-បរាជ័យ។ ប៉ុន្ដែមានការពិបាកណាស់ ដោយសារតម្រូវឱ្យចាក់ថាំបញ្ចូល ហើយ​ថែម​ទាំង​គួរ​ឱ្យ​ភ័យព្រឺព្រួចទៀតផង។

សូមបញ្ជាក់ថា ការព្យាបាលដោយថ្នាំ អាចធ្វើទៅបានមែន ប៉ុន្ដែមិនមែនជាដំណោះស្រាយ យូរ​អង្វែង​នោះទេ វាគ្រាន់តែជាការព្យាបាល សម្រន់មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការ​ឆាប់​ចេញ​ទឹកកាមអាចក្លាយ ជាករណីរ៉ាំរៃបានដែរ។ ដូច្នេះការព្យាបាលដោយឱសថ មិន​ត្រូវ​ចេះ​តែ​ធ្វើ​ឡើងនោះទេ ត្រូវព្យាបាលតាមមូលហេតុសិន ចុងក្រោយទើបប្រើវិធីព្យាបាលដោយឱសថនេះ។

ការព្យាបាលឆាប់ចេញទឹកកាមប្រភេទទី២
- ការព្យាបាលជំងឺរលាកបង្ហូរនោម ឬជំងឺរលាកប្រូស្ដាត ៖ ការព្យាបាល តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​អង់​ទីប៊ី​យ៉ូទិក ឬថ្នាំផ្សះ ដោយលេបជាច្រើនថ្ងៃទៅតាមប្រភេទថ្នាំ និងតាមការសម្រេច របស់​វេជ្ជ​បណ្ឌិត​ព្យាបាល។

- បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ៖ បើលោកអ្នកជាអ្នកប្រើប្រាស់គ្រឿងញៀន គ្រាន់​តែ​ឈប់​សេព​គ្រឿងញៀន មាន ន័យថាលោកអ្នកអាចព្យាបាល ការឆាប់ចេញទឹកកាមបានហើយ។

- ការព្យាបាលលិង្គងាប់ ៖ បើករណីឆាប់ចេញទឹកកាម បណ្ដាលមកពីលិង្គងាប់ ឬ​លិង្គ​ឡើង​រឹង​មិន​ល្អ នោះគ្រូពេទ្យនឹង ចាប់ព្យាបាលលិង្គងាប់នេះ។ សព្វថ្ងៃនេះ មាន​វិធី​ព្យា​បាល​លិង្គ​ងាប់​ជា​ច្រើន​យ៉ាង​ ដូចជាលេបថ្នាំស៊ីលដេណាហ្វី (វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូលទៅក្នុងអង្គជាតិ ជំនួយឱ្យលិង្គរឹង និងការធ្វើប្រូតែលិង្គ (ការដាក់វត្ថុអ្វីមួយទៅក្នុងលិង្គ) ជាដើម៕

សម្តេច​តេជោ​គាំទ្រ​ឲ្យមាន​ការបង្កើត​ក្រម​សីលធ​ម៌សម្រាប់​អ្នក​នយោ​បាយ​ឃោសនា​ពេល​បោះ​ឆ្នោត



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សានៃ​សាកលវិទ្យាល័យបញ្ញា​សាស្ត្រ នា​ព្រឹក​​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៣ បានគាំទ្រចំពោះ​គំនិត​ផ្តួចផ្តើម​ឲ្យមាន​ក្រមសីលធម៌សម្រាប់​អ្នកនយោបាយ ដែល​កំណត់កុំឲ្យ​មាន​ការជេរប្រមា​ថ ក្នុងពេល​ឃោសនាបោះឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ នា​ខែ​កក្កដា ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។ ជាមួយ​នឹង​ការ​គាំទ្រ​នេះ សម្តេចតេជោ បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ឲ្យចូលរួម ហើយ​អនុម័ត​ចំពោះ​បញ្ហា​ការ​ផ្តួច​ផ្តើម​ឲ្យមាន​ក្រមសីលធម៌ សម្រាប់​អ្នកនយោបាយនៅពេល​ខាងមុខ។

សម្តេចតេជោបានបញ្ជាក់ថា ព្រឹកមិញនេះ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣) ឃើញ (កាសែត) ភ្នំពេញប៉ុស្តិ៍ សរសេរថា គួរតែមានក្រមសីលធម៌សម្រាប់អ្នកនយោបាយក្នុងការនិយាយ។ បើ​បាន​អីចឹងមែនពិតជាល្អ ព្រោះអី លេងសុទ្ធតែអាក្បាលយួន ខ្លួនខ្មែរ អាក្បត់ជាតិ ដល់​ពេល​គេ​ថា​ឲ្យវិញ ថាអាល្ងង់ទូ។​ សម្តេច​តេជោ​បាន​ពន្យល់​ថា  ខ្ញុំរកអត់ឃើញក្នុង វចនា​នុ​ក្រម​សម្តេច​ជួន​ណាតថា ឯកឧត្តមល្ងង់ លោកជំទាវល្ងង់ រកវាអត់ឃើញ ភាសាខ្មែរយើងមានតែអីចឹង បើ​មនុស្ស​ហ្នឹងវាល្អពេក គេហៅ អាល្ងង់ហើយបើអាភ្លើគេហៅអាភ្លើហើយ វាអត់​មាន​លោក​ជំទាវ​ភ្លើ ឯកឧត្តមភ្លើទេ….

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា បើមានក្រមហ្នឹង គឺវាល្អហើយ ចងវាឲ្យជាប់​ហើយ​ដាក់មកដើម្បីអនុម័តបង្កើតឲ្យទៅជាច្បាប់តែម្តង បើអ្នកនយោបាយ​ណាហ៊ាន​ប្រើ​ពាក្យ​ហ្នឹង ត្រូវជាប់ទោស ឥឡូវហ៊ានអត់?។ សម្តេច​តេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ខ្ញុំហ៊ាន​ប្រ​កាស ខ្ញុំទទួលយកទាំងអស់ ប៉ុន្តែត្រូវអនុម័តដោយច្បាប់ ទើបអាចចងជាចំណងបាន បើមិន​អនុម័ត​ជាច្បាប់ទេ ចងជាចំណងអត់បានទេ

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ដល់​អ្នក​នយោបាយ​ទាំង​អស់ កុំ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​នយោបាយ "​ទឹក​ឡើងត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​" និង​នយោបាយ​ថា "​មាន​អញ អត់​អ្ហែង មាន​អ្ហែង អត់​អញ​"​។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា  ជាក់​ស្តែង​នៅ​សម័យ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ ហើយ​ពេល​លោក លន់ នល់ បាន​ដឹកនាំ​ប្រទេស ក៏​បាន​ចាប់​មនុស្ស​ស្និទ្ធ​នឹង​ព្រះអង្គ​យក​ទៅ​ដាក់​គុក​។ ក្រោយ​មក​នៅ​ពេល ប៉ុល ពត ឡើង​កាន់​អំណាច ក៏​បាន​កាប់​សម្លាប់​មនុស្ស​ក្នុង​សង្គម​រាស្ត្រ​និយម និង​សម័យ លន់ នល់ ជា​ដើម។

ជា​មួយ​នឹង​ការ​អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ ​ចូល​រួម​អនុម័ត​ដាក់​ចេញ​នូវ​ក្រម​សីលធម៌​សម្រាប់​អ្នក​នយោ​បាយ​ឃោសនា​បោះ​ឆ្នោតនា​ពេល​ខាង​មុខ សម្តេចតេជោសែន ក៏​បានអំពាវនាវដល់ប្រជាពលរដ្នទូទាំងប្រទេសកម្ពុជា ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងបញ្ហាអគ្គិភ័យ តែងតែកើតមានឡើង ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជា បន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាខ្ញុំសូមប្រជាពលរដ្ឋទាំងអស់នៅទូទាំង​ប្រទេ​ស មេត្តាយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាអគ្គិភ័យនេះ ដែលបានកើតមានឡើងផ្ទួនៗ​គ្នាក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ

សម្តេចតេជោ​បញ្ជាក់​ថា បើសិនជាគ្មានការប្រុងប្រយ័ត្នផ្ទាល់ពីក្រុមគ្រួសារ សាម៉ីម្ចាស់ផ្ទះផ្ទាល់ទេនោះ គឺយើងមិនអាចដោះស្រាយបញ្ហានេះបាននោះទេ ដូច្នោះហើយប្រជាពលរដ្ឋទាំងអស់ មិនត្រូវសំអាងទៅលើតែការអន្តរាគមន៍ឡើយ បើទោះបីជាអន្តរាគមន៍ ទាន់ពេលវេលាក៏ដោយ ក៏អគ្គិភ័យនេះ នៅតែបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យ​ដឹង​ថា ក្រុមយុវជ​ន​ស្ម័គ្រចិត្តនឹងធ្វើដំណើរទៅកាន់គោលដៅរៀងខ្លួន នៅថ្ងៃស្អែក (ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៣) ជាមួយក្រុមចាស់ មានចំនួនជាង ៤០០នាក់ បូកក្រុមថ្មី ដែលត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីតាំងផ្សេងៗ ហើយខុសពីទីតាំងមុន ដោយ​សម្តេច​បាន​អំពាវនាវ​សូមឲ្យប្រជាពលរដ្ឋយោគយល់ និងចូល​រួម​សហការ។
ទាក់​ទង​នឹង​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត សម្តេចតេជោ​បានបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្តនេះនឹងត្រូវដកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៧ ខែកក្កដា ឆ្នំា២០១៣ ព្រោះយើងមិនអាចឲ្យយុវជនទាំងនេះ នៅវាស់វែងដីធ្លី នៅក្នុងដំណាក់កាលនៃយុទ្ធនាការឆ្នោតនោះទេ ព្រោះអាចនឹងមាន​ការចោទ​ប្រ​កាន់ផ្សេងៗ ពីសំណាក់គណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែង។

ទាក់​ទង​នឹង​ការ​ឃោសនា​ចោទ​ប្រកាន់​លើ​រាជ​រដ្ឋាភិបាល​ អំពីការ​ពុក​រលួយ​ក្នុង​ការ​ប្រើ​ប្រាស់​ជំនួយបរទេស​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាល់​ជំនួយ​អភិវឌ្ឍន៍​របស់​បរទេសសម្រាប់​សាងសង់​ស្ពាន និង​ផ្លូវ នៅក្នុង​ប្រទេស​កម្ពុជា គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ កិបកេង​អ្វី​ទេ​។ មូលហេតុមក​ពី​ជំនួយ​អភិវឌ្ឍន៍​ទាំងនោះ ដូចជា ជំនួយ​ធ្វើ​ស្ពាន​អ្នក​លឿង​របស់​ជប៉ុនជាដើម គឺ​គេ​ដេញថ្លៃនៅ​ឯ​ប្រទេស​ជប៉ុន ហើយ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ ជា​អ្នកដេញថ្លៃសាងសង់​។

សម្តេចតេជោ​បាន​មានប្រសាសន៍ថា សូម្បី​តែ​ការកសាង​នៅក្នុង​ប្រទេស​របស់​យើង ឧទាហរណ៍​ថា ជប៉ុន​ជួយ​សាងសង់​ស្ពានអ្នក​លឿង និង​ស្ពាន​គី​ហ្ស៊ូ​ណា គឺ​ជប៉ុន​រៀបចំ​ដេញថ្លៃនៅ​តូ​ក្យូ ហើយ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ ជា​អ្នក​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​សាងសង់​។ ការដេញថ្លៃ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺជា​រឿង​របស់​ជប៉ុន ហើយ​ការសាងសង់​អស់​ប៉ុន្មានៗ ក៏​នៅ​លើ​ជប៉ុន​ដែរ​។ ដូច្នេះ​កុំ​មក​បន្ទោស​ខ្មែរ​ថា ខ្មែរ​មក​កិបកេង​លុយ​រឿង​សាងសង់​ស្ពាន​អ្នក​លឿង គឺ​វា​មិនត្រូវ ព្រោះ​ខ្មែរ ចាំតែ​ទៅ​បើកសម្ពោធ​ការដ្ឋាន និង​កាត់​ខ្សែបូ​ឆ្លង នៅ​ពេល​ស្ពាន​ធ្វើ​ហើយ​ប៉ុណ្ណោះ។

សម្តេច​តេជោ​សែន​បានបញ្ជាក់​ថា "អីចឹង​ទេ គេ​ថា ពុករលួយ​នោះ គឺ​មិន​ដឹង​ពុករលួយ​យ៉ាង​ម៉េច​ទេ​? បើ​ស្ពាន​អ្នក​លឿង ទៅ​សួរ​ជប៉ុន​ទៅ​! ចាយ​អស់​ប៉ុន្មាន អា​នឹង រឿង​របស់​ជប៉ុន​ទេ​។ យើង​ (រាជរដ្ឋាភិបាល) អត់​បាន​ដឹង​រឿងរ៉ាវ​ទេ រឿង​ចាយ​ប៉ុន្មានៗ អា​នឹង​ក្រុមហ៊ុន​ជប៉ុន​។ មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិចូល​ដេញថ្លៃ​។ អីចឹង​ដេញថ្លៃ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ អា​នឹង​រឿង​ជប៉ុន​។ មក​បន្ទោស​ខ្មែរ​ថា ខ្មែរ​កិបកេង​លុយ​ស្ពាន​អ្នក​លឿង ស្អី អី​ចេះ អី​ចោះ វា​អត់ត្រូវ ព្រោះ​ខ្មែរ ចាំតែ​ទៅ​បើក​ការដ្ឋាន អា​នឹង​ទី​១​។ ទី​២ ចាំ​ទៅ​កាត់​ខ្សែបូ ឆ្លង​បណ្តោយ​។ រឿងវា​តែ​ប៉ុណ្ណឹង​ទេ​។ អា​នឹង​ឲ្យ​វាយ​ល់​គ្នា ហើយ​កុំទៅ​ចោទ​ផ្តេស​ផ្តាស់​។ វា​អ​គុណធម៌​!"៕