Wednesday, January 16, 2013

សម្តេច​តេជោ​ស្វាគមន៍​គណៈ​ប្រតិភូ​ធុរជន​ជប៉ុន​ដែល​ស្វែង​​យល់​​ការ​​វិនិយោគ​​នៅ​កម្ពុជា



នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាព​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ក្នុង​រាជ​ធានី​ភ្នំពេញ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សវនាការជាមួយ​​គណៈ​ប្រតិភូ​វិនិ​យោគមួយ​ក្រុម​មក​ពី​ប្រទេស​ជប៉ុន ដឹក​នាំ​ដោយ​ លោក ហ៊ីដេតូស៊ី នីស៊ីម៉ូរា (Hidetoshi Nishimora) នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោបាន​ឲ្យ​ដឹង​ថា លោក ហ៊ីដេតូស៊ី នីស៊ីម៉ូរា (Hidetoshi Nishimora) បាន​ជម្រាប​ជូន​សម្តេចតេ​ជោ​ថា ក្រុម​ហ៊ុន​វិនិយោគ​ធំៗ​ដែ​ល​បាន​ចូល​រួម​ក្នុង​គណៈ​ប្រតិភូ​នេះ ​មាន​ក្រុម​ហ៊ុន​៤ ដែល​ពាក់​ព័ន្ធ​នឹង​ឧស្សាហ​កម្មបច្ចេក​វិជ្ជា​ធុន​ខ្ពស់ និង​ក្រុម​ហ៊ុន​៣​ទៀត គឺ​ជាក្រុម​ហ៊ុន​ដែល​ប្រើ​ប្រា​ស់បច្ចេក​វិជ្ជា​ខ្ពស់​លើ​វិស័យ​បរិស្ថាន កាត់​បន្ថយ​ឧស្ម័ន​បំពុល​បរិស្ថាន និង​ការពារ​បរិស្ថាន ក្រុម​ហ៊ុន​ពីរ​ទៀត ពាក់​ព័ន្ធ​ការ​កែច្នៃ​វត្ថុធាតុ​ដើម​ត្បូង​ពេជ្រ និង​គ្រឿង​អលង្ការ​សម្រាប់​លំអ​ថែម​ទៀត។ ជា​មួយ​គ្នានេះ ក៏​មាន​ក្រុមហ៊ុន​៣​ទៀត ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំណង់​វិស្វកម្ម ក៏ដូច​ជា​វិស័យ​កសិកម្ម​ផង​ដែរ។ 

ឯកឧត្តម អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ទាំង​នេះ មក​កាន់​កម្ពុជា​ដើម្បី​ធ្វើ​កា​រសិក្សា​អំពី​លទ្ធ​ភាព​សម្រាប់​ការ​វិនិយោគ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​មាន​បំណង​ចង់​ជួយ​ដល់​កម្ពុជា ពិសេស​លើ​វិស័យ​ធន​ធាន​មនុស្សផង​ដែរ។ លោក ហ៊ីដេតូស៊ី នីស៊ីម៉ូរា (Hidetoshi Nishimora) ​ក៏​បាន​ស្នើ​សុំ​អនុសាសន៍ ពីសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ពាក់​ព័ន្ធ​អំពី​បរិយាកាស​វិនិ​យោគ​នៅ​ក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ។

​សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី​បាន​ជម្រាប​គណៈ​ប្រតិភូ​វិនិយោគ​ជប៉ុន​ថា កម្ពុជាមានវឌ្ឍន​ភាព និង​​អាច​និយាយ​បាន​ថា ជប៉ុន​គឺជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​ជំនួយ​ធំជាង​គេ​ដល់​កម្ពុជា។ ជំនួយ​ជប៉ុន​នាំ​មក​នូវ​ការលូត​លាស់​របស់​កម្ពុជា លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ធារា​​សាស្រ្ត អគ្គិសនី ក៏​ដូច​ជា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ប្រការ​ទាំង​នោះ សុទ្ធ​សឹង​តែ​គាំទ្រ​ដោយ​​វិនិយោគ​ជប៉ុន ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​កើន​ឡើង​អ្នក​វិនិយោគ​ជប៉ុន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ក​ន្លង​មក​នេះ។ គួប​ផ្សំ​នឹង​ជំនួយ​ដែល​នាំម​កនូវ​ការលូត​លាស់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​​ក៏មាន​ការ​ចុះ​ហត្ថលេខា​គាំ​ពារ និង​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ដែល​ការ​ចុះ​ហត្ថ​លេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ឆ្នាំ២០០៦ រវាង​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​នាយ​ក​​រដ្ឋមន្រ្តី​ជប៉ុននាបច្ចុប្ប​ន្ន ឯកឧត្តម ស៊ីនហ្សូ អាបេ។ ក្រៅ​ពី​នេះ ក៏​មាន​ក្រុម​ការងារ​រវាង​ប្រ​ទេស​​ទាំង​ពីរ (ជប៉ុន-កម្ពុជា) ដែល​មាន​សហ​ប្រធានឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន និងក្រុម​ប្រឹក្សា​អ​ភិវឌ្ឍកម្ពុជា សម្រាប់​ទាក់​ទាញ​វិនិយោគ​ជប៉ុន និង​ការពារ​វិនិយោគ​ជប៉ុន ដែល​មក​បណ្តាក់​ទុន​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ សម្តេច​តេជោ​បញ្ជាក់​ថា​ ដូច្នេះ​បរិស្ថាន​វិនិយោគ​នៅ​ក្នុង​ប្រ​ទេស​​កម្ពុជាសម្រាប់​អ្នក​វិនិយោគ មិន​ត្រឹម​តែ​ជប៉ុន​ទេ គឺ​ត្រូវ​បាន​កែ​លំអ គួប​ផ្សំ​នឹង​ស្ថិរភាព ហេដ្ឋា​រចនា​សម្ព័ន្ធទាំង​នេះ ​គឺជាបរិយាកា​សស​ម​ស្រប និង​ល្អស​ម្រាប់ការ​វិនិយោគនៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ 

ពាក់​ព័ន្ធ​នឹង​បញ្ហា​អគ្គិសនី​ដែល​ជា​តម្រូវការ​ចម្បង​មួយ​សម្រាប់​អ្នក​វិនិយោគ សម្តេច​តេជោ​បាន​មាន​​ប្រសាសន៍ឲ្យ​ដឹង​ថា ​នៅ​ចុង​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៤ ខាងមុខនេះ កម្ពុជានឹងមាន​អគ្គិ​សនី​​រហូត​ដល់ ៥០០មេហ្គាវ៉ាត់ ដែល​លើស​ពីសេចក្តី​ត្រូវការ​នាពេល​បច្ចុប្បន្ន​ត្រឹមតែ ៤៦០​មេហ្គា​វ៉ាត់ប៉ុណ្ណោះ។ ដូច្នេះអគ្គិសនីនឹងមិនមានចំណោទទៀតទេ សម្រាប់​ការវិនិយោគ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

សម្តេច​តេជោ​ បា​នស្វាគម​ន៍ចំពោះ​កា​រវិនិយោគ​របស់​ជប៉ុន​មក​កាន់​កម្ពុជា និង​ថ្លែង​អំណរ​គុណ ចំពោះ​ការចូ​ល​រួម​ចំណែក និង​មាន​បំណង​ចូល​រួម​ចំណែក​លើ​វិស័យ​ធន​ធាន​មនុស្ស។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ជប៉ុន​បាន​ចូល​រួមចំ​ណែក​យ៉ាង​ខ្លាំង​ក្នុងការ​ស្វែង​រ​កសន្តិភាព ផង និង​ការអភិវឌ្ឍ​ស​ង្គម​ផង ហើយ​នៅ​ពេល​នេះ កំពុង​តែចូ​លរួម​ចំណែក​នៅ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍធ​នធាន​មនុស្ស និង​ការវិនិយោគ​ដែល​ជាកត្តា​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ព្រះរាជាណា​ចក្រ​​​កម្ពុជា៕