Monday, January 21, 2013

សម្ភាសន៍ លោក​​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​ វត្ត​មាន​​កងទ័ព​ស្មគ្រ​ចិត្ត​​វៀតណាម​នៅ​កម្ពុជា​​នា​ឆ្នាំ១៩៧៩ គឺជា​សច្ចៈ​ធម៌​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​

ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៣
លោក សត្យា រក្ស​
សំណួរ​៖​ ទាក់ទងទៅនឹងវត្តមានរបស់​កងទ័ពស្ម័គ្រចិត្តវៀតណាម នៅកម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៧៩  បញ្ហានេះត្រូវបានគណបក្ស​ប្រឆាំង​កំពុងតែកាឡៃការពិត ដូចជាគេនិយាយថា វត្តមាន​​របស់​កងទ័ព​វៀតណាម​នេះ​ គឺជា​ការ​ចូលមករំលោភបំពានឈ្លានពានកម្ពុជា​ ឬក៏​វត្តមាន​​របស់​កងទ័ព​វៀតណាម​​ គឺជាការ​​​ចូលមកបំផ្លិចបំផ្លាញប្រល័យមនុស្សខ្មែរជាដើម​-ល-។​ រហូត​ទៅដល់​អ្នក​នយោបាយ​មួយ​ចំនួន​​ខ្លះ​ ​និយាយឲ្យចំដូចជា កឹម សុខា ជាដើមហ្នឹង ​គេ​បាន​អះអាង​ថា ព្រឹត្តិការណ៍​នៃ​ការ​ប្រល័យពូជសាសន៍ នៅក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺ​សុទ្ធ​តែ​ជា​ឆាក សុទ្ធ​តែ​ជា​ការ​សម្ដែង​ សុទ្ធតែជាល្បិចកលរបស់វៀតណាមជាដើម។ ​ជុំវិញបញ្ហានេះ សូម​​​លោក​​បណ្ឌិត​​ជួយ​​ពន្យល់ និងបំភ្លឺជនរួមជាតិថា តើវត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម នៅ​កម្ពុជា​នេះ គឺជា​រឿង​ចាំ​​បាច់​ ឬក៏ជាចេតនារបស់វៀតណាម ដើម្បីជាការឈា្លនពាន កម្ពុជា?
លោក​បណ្ឌិត​ ឈឹម​ផលវរុណ​
ចម្លើយ​៖ ដំបូងបង្អស់ប្រជាពលរដ្ឋ​គ្រប់និន្នាការ ត្រូវ​​យក​ទិដ្ឋភាព​មួយ​មក​ធ្វើការ​ប្រៀប​ធៀប​​ នោះ​យើង​នឹងអាចរកឃើញពីចំណុចទុច្ចរិតរបស់គណបក្សប្រឆាំង នៅកម្ពុជា ដែល​បំភ្លើស​​បំភ្លៃ​​អំពី​​កត្តា​​​ចាំ​បាច់​ហ្នឹង​។ ឥឡូវយើងយករឿងអាមេរិក និងអាហ្គានីស្ថានតែបន្តិចទេ។​ អាមេរិក​ផ្ដួល​រំលំ​របប​​តាលីបង់​នៅ​អាហ្គានីស្ថាន​ ហើយបានបណ្ដេញ​មេដឹកនាំ​តាលីបង់​ចេញពី​អំណាច​​នៅ​​ឯ​​អាហ្គា​នី​ស្ថាន។ សួរថានៅពេលដែលផ្ដួលរំលំហ្នឹង ហើយអាមេរិក​មកពីណា​ពីហ្នី​នោះ​ យក​ទាំង​យន្ដ​ហោះ​​ រថក្រោះ ទាំងអស់មកចូលមកហ្នឹង តើសួរ​គណបក្ស​ប្រឆាំង​ទៅ​គេ​យល់​​យ៉ាង​​ម៉េច​?​​ ហើយសួរ​មើលតើអន្តរជាតិសាទរទេ នៅពេលដែលផ្ដួលរំលំរបបតាលីបង់ ហើយ​សួរ​​ប្រជាជន​អាហ្គានី​ស្ថាន គេសាទរឬ​ទេ?​ ហើយហ្នឹងរបបតាលីបង់​មិនទាន់​សាហាវ​យង់​ឃ្នង​​ព្រៃផ្សៃ​ជាង​របប ប៉ុល ពត នៅឡើយផង។ វាផ្ដាច់ការ វាសាហាវ យើងទទួលស្គាល់ ក៏ប៉ុន្ដែ​​បើ​សាហាវ​ខ្ពស់ជាង​ហ្នឹង​ គឺ​ប៉ុល ពត ហ្នឹងឯង។ ឥឡូវបើយើងទទួលស្គាល់អញ្ចឹង មួយទៀត បន្ទាប់​ពី​ផ្ដួល​រំលំ​របប​តាលីបង់​នៅ​​អាហ្គានីស្ថាន​ អាមេរិកដកទ័ពចេញទេ ឬក៏នៅ?​ ហើយ​នៅរហូតដល់ថ្ងៃហ្នឹង គិត​ទៅ​ប៉ុន្មាន​ឆ្នាំ​។ ឥឡូវងាកមកកម្ពុជា ៧ មករា ១៩៧៩ យើង​រាប់​តាំង​ពី​ថ្ងៃ ២ ធ្នូ ១៩៧៨ ​មក កុំឲ្យថា​យើង​រំលង​​ប៉ុន្មាន​ខែ​ថា យើងបំភ្លៃ សួរថាមក​ដល់ពេល​ដែល​រំលំ​របប ប៉ុល ពត សួរថា​យើង​ខុសគ្នា​នឹង​​អាមេរិក​នៅ​ត្រង់​ណា? យើងមានទ័ព​របស់​ខ្មែរ​យើង​ កងទ័ពរបស់រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​​កម្ពុជា​ដែល​បាន​គេចចេញពីក្រញ៉ាំ​ ប៉ុល ពត ទៅ​ពឹង​ពាក់វៀតណាម ហើយ​យើង​បាន​កងទ័ព​ខ្មែរ​​នៅក្នុង​ទ្រង់ទ្រាយតូចទេ និយាយ​ពី​បរិមាណ និងគុណភាពយើងនៅខ្សោយទេ ពីព្រោះកងទ័ព​ទើបរៀបចំ។​ប៉ុន្តែកងទ័ពស្ម័គ្រ​ចិត្ត​វៀតណាម​​មក​ជាមួយ​នឹង​កងទ័ព​រណសិរ្ស​សាមគ្គី​​សង្រ្គោះ​ជាតិ​កម្ពុជា នេះខុសគ្នា​ជាមួយ​អាមេរិក​ និងអាហ្គានីស្ថានមួយបាត់ហើយ។ អាហ្គានីស្ថាន​​មានទ័ព​ខ្លួន​ឯង​ក្នុងការ​ផ្ដួល​រំលំ​របប​តាលីបង់​ផង គឺមិនមែន​អាមេរិកសុទ្ធទេ​​ ហើយ​យើង​កង​ទ័ព​ស្ម័គ្រ​​ចិត្តវៀតណាមមក​ជាមួយ​នឹង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា។
 ពិចារណាមួយទៀត​សួរថា ការផ្ដួលរំលំរបបព្រៃផ្សៃ ប៉ុល ពត យើងគិតថាផ្ដួលរបៀប​ម៉េច។​​ យើងគិតថារបប ប៉ុល ពត របបអី ផ្ដាច់ការយោធាណា មិនមែនតែ​ត្រឹម​កុម្មុយនីស​ជ្រុល​និយម​ទេ​ ផ្ដាច់ការយោធាទៀត។ យើងដឹងហើយរស់នៅទីហ្នឹង យោធា គឺមាន​អំណាច​ពេញ​លេញ​ ហើយមានរបៀបរស់នៅ​បរិបូរ​ណ៍​ ជាង​យើងជាទាសករទៀត។ ហើយរបបយោធា ប្រព័ន្ធ​​យោធា​ទាំងអស់​ហ្នឹង សួរថាតើយើង​អាច​ផ្ដួលរំលំដោយកំលាំងរបស់យើងបានឬទេ?​​ ឥឡូវ​ដេញ​សួរ ដើមទីដំបូងទៀតចុះ តើអាចមានខ្មែរនៅ​ក្នុង​ស្រុកក្នុងរបប ប៉ុល ពត អាច​ងើប​បះបោរ​​ប្រមូល​​គ្នា​ ងើបបះបោរ​ផ្ដួលរំលំរបប ប៉ុល ពត ដូច​សព្វថ្ងៃ អីណា​គេគៀង​គរ​គ្នា​ធ្វើ​បាតុកម្ម​បាន​ទេ ឥឡូវសាកមើលទៅ។ ងើបត្រង់ណា​មួយ ងាប់ត្រង់​ហ្នឹង​។​ យើង​ប្រើ​ពាក្យងាប់​តែ​ម្ដង​ទៅ ម​នុស្ស​ការរស់នៅដូចសត្វធាតុហើយ ងើបតែបន្តិចងាប់ ងើប​តែ​សម្ដី​មិន​ទាន់​ទាំង​ងើប​ក្រោក​ឈរ ងើបតែសម្ដីក៏ងាប់ដែរ។ និយាយឲ្យចំទៅកាលហ្នឹង គឺយើង​ប្រៀបធៀប​សង្គម​ខ្មែរ​​ហ្នឹង​​ទៅ​​ដូច​ជា​គុក​ឥត​ជញ្ជាំង​អញ្ចឹង ។​ ​មាន​ន័យថា យើងបានជាប់គុករួចទៅហើយ សួរថា តើយើង​មានសិទ្ធិ​ដើរ​ហើរ​ឆ្លង​កាត់​ ឃុំមួយទៅ​ឃុំ​មួយដើម្បី ប្រមូលកំលាំង​អីបះបោរ​នៅក្នុងព្រៃ​នៅក្នុង​​ខេត្តណា​មួយ​បាន​ឬក៏​អត់​?​ គឺ​វាទៅអត់រួច។​​ ទោះបីជា​យើងមាន​កំហឹងឈឺចាប់​ចង់ផ្ដួល​រំលំ​ក៏ទៅ​អត់រួចដែរ កុំ​និយាយ​ថា​ងើប​​ជា​ប្រដាប់​​អាវុធថាបះបោរ ងើបតែ​ពាក្យសម្ដីថា ម្ហូប​អត់​ឆ្ងាញ់ ធ្វើការហត់​ក៏ងាប់​ដែរ​ គ្មានរឿងស្លាប់ទេ គឺវាងាប់តែម្ដង។ ឪពុក កឹម សុខា ហ្នឹង គឺស្លាប់​ដោយ​សារ​​តវ៉ា​រឿង​របប​ម្ហូប​អត់​ឆ្ងាញ់​ហ្នឹង​ហើយ​ ទើ​ប​​គេ​យក​​ទៅ​សម្លាប់​។​ដូច្នេះយើងមិនអាច​រំពឹង​ពីការ​​ងើបបះបោរ​​នៅក្នុង​ស្រុក​បាន​ទេ ​។​
ចំណុចទីពីរ សួរថាទទេៗកងទ័ពវៀតណាមមកចូលដីខ្មែរឬយ៉ាងណា? ហើយធ្វើ​ម៉េច​គេ​អាច​ដឹង​ថា​​នៅកម្ពុជាមានការរងគ្រោះអាយុជីវិតរាប់លាននាក់?  នេះ​គឺជាវីរៈភាព គេ​ហៅថា​យក​ជីវិត​ទៅ​ធ្វើ​ថ្នូរ​ វីរៈភាពរបស់ឥស្សរជនខ្មែរយើង ដែលបច្ចុប្បន្នកំពុងតែដឹកនាំ​ប្រទេស​នោះ។ កាលហ្នឹង​មិនមែន​ចេញពីកងចល័តទេ និយាយគ្នាឲ្យច្បាស់ណា ដូចសម្ដេចទាំងបី គឺ​គាត់​មិនមែន​ចេញ​ពី​កង​ចល័ត​ទេ គឺ​ចេញពីបន្ទាយទាហ៊ាន​ បន្ទាយយោធាប៉ុល ពត។ ហើយចេញពី​បន្ទាយ​យោធា​ ប៉ុល ពត ទៅ បើសិនជាឮ​ស្នូរឆ្កែព្រួសមួយស្លាប់បាត់ហើយ។ សូម្បីតែយើង​នៅ​ក្នុង​កង​ចល័ត ហើយតែក្រោកក្រេះៗទៅខ្វេះបាយក្ដាំងនៅមន្ទីរបាយ គឺ​ងាប់​ហើយ​។ ហ្នឹងក្នុងន័យ​ស៊ីវិលផង ចុះទម្រាំ​ក្នុងន័យទាហ៊ានទៀត​។
​-មតិ លោក សត្យា រក្ស​៖
ត្រង់ចំណុចនេះ ​ដោយសារថា ប្រវត្តិនេះគឺអាយុខ្ញុំ​ហ្នឹងក៏បានឆ្លងកាត់សម័យ ប៉ុល ពត ហ្នឹងដែរ។ ខ្ញុំគ្រាន់តែចង់ជម្រាបជូន​បងប្អូនឲ្យបានជ្រាប​ហើយជាពិសេស គឺអ្នក​ប្រឆាំង​​តែម្ដង ដែល​កំពុង​តែ​បន្លំ​ ឬក៏មានបំណងចង់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បំភ្លេចនូវ​របបប្រល័យពូជសាសន៍​​។ ខ្ញុំ​ចង់​​​ជម្រាប​​ជូន​​ថា​​ កាល​ដែលសម្ដេចទាំងបី លោកចេញពីបន្ទាយទាហ៊ានប៉ុល ពត ដើម្បី​ទៅ​ប្រមូល​​ផ្ដុំ​កំលាំង​អ្នក​ស្នេហា​ជាតិនៅលើទឹកដីវៀតណាម ដើម្បី​ផ្ដួលរំលំ​របបប្រល័យ​ពូជសាសន៍​ គឺ​មិន​មែន​មានន័យថា លោក​ចង់ដណ្ដើមអំណាច លោកចង់ឡើងធ្វើ​ជា​នាយករដ្ឋ​មន្រ្តី​ ឬក៏​ឡើង​ជា​មេទ័ព​អី​នោះ​ គឺ​​អត់​មានទេ គឺផុសឡើងពីស្មារតីនៃការស្នេហាជាតិ ផុសឡើង​ពីការ​ឈឺចាប់​ នៅ​ពេល​ដែល​ឃើញ​​ខ្មែ​រ​​ក្រហម ប៉ុល ពត សម្លាប់ប្រជាពលរដ្ឋ។ ហើយមួយ​វិញ​ទៀត​ ប្រសិន​​ណា​លោក​មិន​ធ្វើការ​តស៊ូ​នេះ​​ទេ​ ក៏ខ្មែរប្រឈមជាមួយនឹងភាពវិនាស អន្ដរាយ​ដែរ​ នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៦ និងចូលមក ១៩៧៧ និង ឆ្នាំ ១៩៧៨ នេះ យើងឃើញថា​ខ្មែរ​ក្រហម​ ប៉ុល ពត នេះ ជា​ពិសេស​ ប៉ុល ពត នេះ​តែម្ដងបាន​បញ្ជាអ្នក​ដែលជា​សហសេវឹក​របស់​ខ្លួន​នេះ​ ដែលមាន​តាំង​ពី​រដ្ឋមន្រ្តី​។​ រដ្ឋមន្រ្តីក្រសួង​នេះ​ក្រសួងនោះ គឺថាប្រមូល​យកទៅ​សម្លាប់​ស្ទើរ​អស់​។ អញ្ចឹង គឺ​មិន​យូរ​ក៏​ឆាប់​ដែរ​ គឺសូម្បី​តែ​ប្រធានតំបន់ប្រធានសហករណ៍​ហ្នឹង ក៏អាច​ថា មិន​នៅ​ដែរ។
លោក​បណ្ឌិត​ ឈឹម​ផលវរុណ​
ចម្លើយ​៖ រឿង​នេះ​គឺជា​ការ​​ត្រឹមត្រូវហើយ​ សូម្បីតែសមាជិក​​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិប​តេយ្យ​ ហើយសុទ្ធតែអតីតសហសេវិក​ មិត្តរួមអាវុធផង ហើយនៅក្នុង​ឋានៈកំពូលជាមួយគ្នា ប៉ុល ពត ប្រមូលយកមកសម្លាប់ចោល នៅ​គុកទួលស្លែងជាឧទាហរណ៍។ ហើយ​សួរថា​តើ​ចេញរួចទេ គេចរួចទេ?​ ឋានៈសុទ្ធតែធំៗ​អត់អាចផ្ដួលប្រព័ន្ធយោធារបស់​ប៉ុល ពត បានផង ចុះទម្រាំ​ឥស្សរជន​កំពូល​របស់​យើង​ ដែលកាលហ្នុងឋានៈនៅក្នុងបន្ទាយទាហ៊ាន​ថា្នក់​តំបន់ ថ្នាក់ស្រុកទេ ហើយ​ការចេញពីបន្ទាយទាហ៊ានបងប្អូនគិតទាំងអស់គ្នាទៅ សូម្បីតែយើង​កង​ចល័ត​ចេញ​ខុស​ច្បាប់​គឺ​ងាប់​ ហើយយប់ឡើង​លូនទៅ​ខ្វេះ​បាយក្ដាំងអីហ្នឹង គឺ​ងាប់ហើយ​។ ដូច្នេះ​ការ​​ចេញ​ពី​បន្ទាយ​ទាហ៊ាន​ តើ​ត្រូវ​ពិនិត្យពិចារណាអំពី​សុវត្ថិភាព​ប៉ុណ្ណា?​ អញ្ចឹងគឺ​យើង​អាចដឹង​មុន​​រួច​បាត់​ទៅ​ហើយ​ គឺ​ជាការប្ដូរជីវិត​​។ នៅពេលដែលចេញបានទៅ​ហើយនោះ ពេល​ចេញ​ផុត​ពីបន្ទាយ​ទាហ៊ាន​នៅ​មាន​បញ្ហា​ជាច្រើនទៀត​​។​ ​តើធ្វើដំណើរពីបន្ទាយទាហ៊ាន​ទៅ​ដល់​​ព្រំដែន​វៀតណាម​កម្ពុជា​ ស្រួល​ទេ?​ ត្រូវ​ធ្វើដំណើរ​ដោយថ្មើជើង​ ចុះ​បើ​នៅតាម​ផ្លូវជួប​ទាហ៊ាន​ប៉ុល ពត ទៀត​ ហើយ​ត្រូវ​ជួប​នូវ​​​​បញ្ហាគ្រោះថ្នាក់នៅ​ចំពោះមួយមីលីម៉ែត្រនៃជីវិត។ នៅ​​ពេល​​ទៅដល់ព្រំដែន យើង​​គ្រាន់​​តែ​​ប្រៀបធៀបបន្តិច​ទៅ​ ទៅ​ដល់​ព្រំដែន​មិនមែន​ទៅ​ចូល​តាម​ព្រំដែន​ផ្លូវការ​ទេ បើ​ចូល​តាម​ព្រំដែន​ផ្លូវការ​​គឺចប់បាត់ហើយ គឺ​ត្រូវ​ឆ្លងព្រំ​ដែនតាម​ក្នុង​ព្រៃ​។​ ឥឡូវបងប្អូន​ប្រជាពលរដ្ឋ​ពិចារណា​បន្តិច​ទៅ​ កាលណាដែលយើងធ្វើដំណើរ​ឆ្លង​កាត់​ព្រំដែន​ក្នុង​ព្រៃ គឺគិតរួចបាត់ហើយ ចុះ​ប្រទះ​នឹង​ឆ្មាំព្រំដែន​វៀតណាម ឬក៏ប្រទះនឹង​ឆ្មាំ​ព្រំ​ដែន​យោធា ប៉ុល ពត រឿងគ្រោះថ្នាក់​ដល់​ជីវិត​ទៀត​។ អញ្ចឹងនៅពេលដែលឆ្លងផុត គឺមហា​សំណាង​តែម្ដង ហើយឆ្លងផុតទៀត​ទៅដល់​ទឹកដី​វៀតណាម​នៅ​មាន​បញ្ហា​ទៀត​ ហើយ​ជាក់ស្ដែង​​គឺ​​អញ្ចឹង​មែន។ គឺត្រូវឆ្មាំ​វៀតណាម​ត្រូវ​ចាប់​ហើយ​ ចាប់នឹងគឺ​យើងឆ្លង​ព្រំដែន​របស់​គេ​ខុស​ច្បាប់ ​អញ្ចឹងត្រូវមានទោសមួយសិន។​ ដូច្នេះ​ត្រូវ​ការ​​ទេពកោសល្យ​​​ពន្យល់​​បកស្រាយ​ពី​ហេតុផល​​ ហេតុ​អ្វីបានជា​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​វៀតណាម​។​
លោក សត្យា រក្ស​
សំណួរ​៖ ​លោកបណ្ឌិត​កាលនោះ គឺសម្ដេចនិងមិត្ត​ជិត​ស្និទ​របស់គាត់ ដែលត្រូវ​ជាប្អូនៗ​​របស់​គាត់ ត្រូវជាកូនចៅផ្ទាល់របស់​គាត់ចំនួន ៤ នាក់ ដែលអញ្ជើញ​ទៅជាមួយ​សម្ដេច គឺរួម​ទាំង​សម្ដេច​ផង​ ឋិតនៅក្នុងសម្លៀកបំពាក់ជាឯកសណ្ឋានយោធា​ ប៉ុល ពត ទៅ​ទៀត​។ ក្នុងអំឡុង​ឆ្នាំ​នោះ​ គឺយើងឃើញថា ខ្មែរក្រហម​ ប៉ុល ពត នេះ​ គឺ​បាន​បាញ់ផ្លោង​ទៅ​ក្នុង​​ទឹកដី​​វៀតណាម​​។​ មានន័យថា បង្កបញ្ហា​ដែលមិនស្រុះស្រួលគ្នា រវាងព្រំដែនខ្មែរ និង​វៀតណាម​រួចទៅហើយ។ ​បន្ទាប់​ពី​វត្តមាន​​របស់​អ្នកស្នេហាជាតិ​របស់យើង​ដែល​សម្ដេច​អញ្ជើញ​ទៅ​ ក្នុងសម្លៀកបំពាក់​ឯក​សណ្ឋាន​ជា​​យោធា​ ប៉ុល ពត ទៀត។ អញ្ចឹងសួរថា តើវា​មាន​បញ្ហាគ្រោះ​ថា្នក់​យ៉ាងម៉េច នេះ​គឺ​វៀតណាម​គេ​មានសីលធម៌មួយត្រង់ថា គេបានចាប់​គេសួរ​ចម្លើយ​អីជាដើម -ល-។ ចុះបើគេ​បាញ់​ប្រាវ​ដូច​​សៀម​ដែល​បាញ់​ខ្មែរ​ចូល​ក្នុង​ដី​សៀម​នេះ តើវា​យ៉ាង​ម៉េចទៅវិញ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ ចំណុចហ្នឹង សូម​បងប្អូនប្រជាពលរដ្ឋពិចារណា ហ្នឹងហើយជាភាពចាំបាច់ ចុះ​​បើ​​ទៅ​តាម​​ប្រទេស​ថៃ គេសម្លាប់ភ្លាម យោធាថៃ ហ្នឹងគិតយ៉ាង​ម៉េច?​​ តើនេះ​ជាភាពមនុស្ស​ធម៌​​និង​ម៉ឺងម៉ាត់​​ផ្លូវច្បាប់​នៃការគោរពសិទ្ធិមនុស្សរបស់កងទ័ពឆ្មាំព្រំដែនវៀតណាមឬ​អត់?​ ដែល​គេ​​គ្រាន់​តែចាប់ក្នុងន័យជាការខុសច្បាប់ ប៉ុន្តែគេអត់បាន​ដាក់ទោស​ប្រហារជីវិត​ដោយ​គ្មាន​ការ​គោរព​​​សិទ្ធិ​​មនុស្ស​​នោះ​។ ហើយដោយសារបញ្ញា និងបេះដូង​ពិតនៃ​ការ​សង្រ្គោះ​ជីវិត​ហ្នឹង​ ដែល​ធ្វើ​ឲ្យ​​ឥស្សរជន​ស្នេហាជាតិ​រ​បស់​យើង អាចពន្យល់​ហេតុផល​ប្រាប់ទៅភាគី​វៀតណាម​ ដើម្បីឲ្យ​គេ​​ជឿ​ជាក់​​ ព្រោះបើគេមិនជឿជាក់ទេ ចង់យើងនិយាយប៉ុណ្ណា ក៏អត់​ជួយ​យើង​​ដែរ ហើយ​​មិន​ត្រឹម​និយាយឲ្យ​គេជឿទៀត និយាយឲ្យគេគិតថា ជាការ​ចាំបាច់​ត្រូវ​តែ​វៀតណាម​មកជួយ​កម្ពុជា​​រំដោះ​ជីវិត​រាប់លាននាក់។ ហើយជាមនុស្សសាមញ្ញទេ យើងគិតទៅ ឥស្សរជន​ស្នេហាជាតិ​យើង​កាលជំនាន់ហ្នឹង សុទ្ធតែថា្នក់តូចនៅក្នុងរបបប៉ុល ពត ទេ ហើយ​អាច​ពន្យល់​ឲ្យ​មេដឹក​នាំកំពូល​​របស់​វៀតណាមជឿ បានន័យថាមិនមែនធម្មតាទេ។ ​យើង​និយាយ​អំពីភាពចាំបាច់នេះ​គឺ​ចង់​និយាយ​អំពី​​ដំណើរ​រឿងដ៏​លំបាក ដើម្បី​ឲ្យ​ពួកអស់​លោក​ប្រឆាំង​ដែល​​​គេ​​ច្រើន​តែយក ៧ មករា តិទៀន​​​ថា​​វៀតណាម​ឈ្លានពាន​នោះ​។​
-មតិ លោក សត្យា រក្ស​
 តាមពិត មូលហេតុដែល​កង​ទ័ពវៀតណាម គាត់មកជាមួយ​នឹងកងទ័ព​រណសិរ្ស​សាមគ្គី​​សង្រ្គោះ​ជាតិ​​កម្ពុជា​ផ្ដួល​រំលំ​របប​​ប្រល័យ​ពូជសាសន៍ មានកត្តាមួយ​ដែលយើង​មិនអាច​មើល​​រំលង​​បាន​។​ កាលពីអំឡុងឆ្នាំ ១៩៧៨ នេះ គឺខ្មែរក្រហមប៉ុល ពត បានលើក​ទ័ព​ឈ្លាន​ពាន​វៀត​ណាម​ គឺ​បាន​សម្លាប់ប្រជាពលរដ្ឋ​វៀតណាមអស់មិនមែនតិចពាន់នាក់ទេ ហើយជន​រងគ្រោះ​វៀតណាម​មិន​តិច​ម៉ឺន​នាក់​ទេ ដែល​ក្នុងនោះមានការបាញ់ផ្លោង​រហូតទៅ​ដល់​រយៈពេល ៣ ទៅ ៤ ខែ ​ដែល​ប្រើ​ប្រាស់​អាវុធ​ធន់ធ្ងន់​​បាញ់ចូល​ទៅខេត្ត​នៅជាប់​ព្រំដែន​កម្ពុជា​យើង​​។ អញ្ចឹងខ្មែរក្រហម​បាន​វាយ​លុក​ចូល​ទៅ​ក្នុង​​ទឹកដី​វៀតណាមប្រមាណពី ៣០ គីឡូម៉ែត្រ ទៅ ៤០ គីឡូម៉ែត្រ វៀតណាម​អត់​តបត​ទេ​។ ហើយ​បន្ទាប់មកទៀត វៀតណាម​សូម​ចរចារ​ជាមួយ​នឹង​របប​ប៉ុល ពត ​ទៅទៀត ប៉ុន្តែ ប៉ុល ពត មិន​ព្រមចរចារ ដោយសារប៉ុល ពត គិតថា​ការ​ដែល​វាយលុករបស់ប៉ុល ពត ហ្នឹង គឺ​ទទួល​បាន​​ជោគ​ជ័យហើយ នៅពេល​ដែល​វៀតណាម​ចេះ​តែ​ដកថយ។ ប៉ុន្តែនៅពេល​ដែល​វៀតណាម​គាត់​ប្រើ​ប្រាស់​សិទ្ធិការពារ​ខ្លួនវិញ​នោះ គឺ​បានដេញខ្មែរក្រហមពីទឹកដីវៀតណាម រហូត​ទៅ​ដល់​​វាយ​​ចូល​ទឹកដី​ខ្មែរ​ប្រហែល​ជា​ជាង​ ១០ គីឡូម៉ែត្រ ហើយបន្ទាប់មក​វៀតណាម​សូម​ចរចារ​ទៀត​ ប៉ុន្តែ​ខ្មែរក្រហមមិនព្រម ហើយ​វៀតណាម​ក៏បាន​ដកទ័ព​ទៅស្រុកវិញ។ ពេលនោះ​ហើយ​ដែល​ជា​​ឱកាស​មួយ​ដែល​ឃើញ​ថា អ្នកស្នេហាជាតិរបស់​យើងជា​ពិសេស​សម្ដេច​អគ្គមហា​សេនា​បតី​​ជំនាន់​នោះ បានធ្វើ​ការ​ពន្យល់​បង្ហាញ​អំពីចេតនាទុច្ចរិតរបស់ខ្មែរក្រហម ប៉ុល ពត នេះ ។ អញ្ចឹង​ទៅវៀតណាម​ក៏​គេ​​ឃើញថា ប៉ុល ពត វាកាប់សម្លាប់មនុស្សអញ្ចឹងមែន អញ្ចឹង នេះ​ជា​ដើម​ហេតុ​មួយ​​ដែលនាំ​ឲ្យ​កងទ័ព​​ស្ម័គ្រចិត្តវៀតណាម ព្រមសហការ និងចូលរួម​ចំណែក​ក្នុង​ការ​ផ្ដួល​រំលំរបប​​ប្រល័យ​​ពូជសាសន៍​​។
-មតិ​លោកបណ្ឌិត ឈឹម ​ផលវរុណ​
​ចំណុចនេះ​ហើយដែលយើងចង់ពន្យល់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹងទស្សន​របស់​មេគណបក្សប្រឆាំង ដែលគាត់ចង្អៀតចង្អល់ទៅនឹងវត្តមានវៀតណាម មករំដោះ​អាយុ​ជីវិត​​ប្រជាពលរដ្ឋ​ ដោយគាត់បន្ថែមនឹងពាក្យឈ្លានពាន។ ឥឡូវយើងគិតសាមញ្ញទាំងអស់គ្នា នៅ​ក្នុង​ករណីដែលយើងបានលើកហើយថា ប្រជាពលរដ្ឋ​ខ្មែរមិនអាច​ងើបបះបោរ​រំលំ​របប​ប៉ុល ពត នៅ​ខាងក្នុងបានទេ។​ ទីពីរ ជាឱកាសល្អដែលឥស្សរជនកំពូល ស្នេហាជាតិ​របស់​យើង សុខចិត្តលះ​បង់​ជីវិតដើម្បី​ទៅរកវិធីពឹងពាក់វៀតណាមមករំដោះប្រជាពលរដ្ឋ។ ហើយ​ក្នុង​ស្ថានភាព​មួយដែល​កង​ទ័ពរបស់​យើងអត់ទាន់មានលទ្ធភាពអាច​ផ្ដួលរំលំរបបប៉ុល ពត បាន​នៅ​ឡើយ​ទេ។ នេះជា​ការ​​ចាំ​បាច់​មួយ​ទៅហើយ​ ដែលយើងត្រូវ​តែត្រូវការ​វត្តមាន​កងទ័ព​វៀតណាម។​ ដូច្នេះ​ដើម្បី​ផ្ដួល​រំលំ​របប​​យោធា​ផ្ដាច់ការ​របស់ ប៉ុល ពត បើមិនឲ្យកងទ័ពស្ម័គ្រ​ចិត្ត​វៀត​ណាម បោះជំហ៊ាន​ចូលដី​ខ្មែរ​មាន​​​តែ​ឈរ​​​ផ្លុំពី​​វៀតណាមមក​ ហើយទៅផ្លុំ​ឯណា​ទៅ​ប៉ើង​ ប៉ុល ពត នោះ។ បើមិនឲ្យ​កងទ័ព​វៀតណាម​បោះ​ជំហាន​ចូលទឹកដី​កម្ពុជា​​ជាមួយ​​នឹង​កងទ័ព​​រណសិរ្ស​​សាមគ្គី​​សង្រ្គោះជាតិ​កម្ពុជាទេ​ តើត្រូវ​ធ្វើម៉េច​? ឥឡូវថាអ្នកឯងថា ត្រូវហើយ ត្រូវ​បោះជំហានចូលទឹកដីខ្មែរបានផ្ដួលរំលំ ឯកភាព​ដូច​យើង​ហើយ​ តែអ្នកឯងនៅ​តែ​ចង្អៀត​ចង្អល់​ពាក្យ​ថា វៀតណាម។ ដោយអ្នកឯង​យក​អតីតកាល​យូរ​លង់​ ជូរ​ចត់​រវាង​គ្នានឹង​គ្នា​យក​មក​​ដាក់​ ឥឡូវបើមិនពឹងវៀតណាម ព្រោះអ្នក​ឯង​ទាស់​នឹង​ពាក្យ​វៀតណាម​ ហើយទៅពឹង​ថៃ​ថៃពី​ដើម​មក​ប្រវត្តិ​ពីណាពីណី​មក​អត់​មាន​ប្រវត្តិ​ជូរចត់​ជាមួយ​ខ្មែរ​ទេ​​។ ត្រង់នេះ​ ​បើ​អ្នកឯង​ហ៊ាន​យក​ប្រវត្តិសាស្ដ្រ​ជូរចត់​តាំងពីសិបឆ្នាំណា យកមកដាក់ អ្នកឯងជាមួយថៃអ្នកឯង​គិត​ម៉េចដែរ​រឿងហ្នឹង អត់មានដែលជូរចត់ជាមួយគ្នាទេឬ​អី?​ ទីពីរ និយាយ​អំពី​​បច្ចុប្បន្នភាព​ ​កាល​ជំនាន់ ប៉ុល ពត ក្រែងអស់លោកប្រឆាំងដឹងទាំងអស់គ្នាហើយតើ ឬ​ក៏​ល្ងង់វង្វេងឆ្កួត​ជាមួយ​នឹង​​ព្រៃ​ប្រជាធិបតេយ្យ​ គឺ​កាលជំនាន់នោះ ពិភពលោកបែងចែកជា ពីរ គឺលោកខាងលិច និង​លោក​​ខាង​កើត ហើយពិភពលោកស្ថិត​នៅក្នុង​សង្រ្គាម​ត្រជាក់​រវាង​ប្លុក​ទាំងពីរ​ហ្នឹង​ ហើយរបប​ប៉ុល​ពត​​នៅក្នុងប្លុកណា គឺប្លុកខាងកើត វៀតណាមក៏ប្លុក​ខាងកើត​ជា​មួយ​គ្នា​ ឯថៃ​នៅ​ប្លុក​ខាង​ណា​?​​ គឺ​នៅ​ប្លុក​ខាងលិច។ គ្រាន់តែប្លុកពីរខុសគ្នា ឥឡូវសាកតែយើង​ឆ្លង​ដែន​ពីដី​ខ្មែរ​ទៅដី​ថៃកាល​​ជំនាន់​​ប៉ុល​ពត ប្រហែលជាធ្ងន់ធ្ងរជាងបច្ចុប្បន្ននឹងទៅ​ទៀត។ ឥឡូវនេះ​គ្រាន់​តែ​ប្រជា​ពលរដ្ឋ​​យើងឆ្លងដែន​ខុស​ច្បាប់​នៅក្នុង​ព្រៃ សម្លាប់ទៅហើយ ចុះជំនាន់​កាលហ្នឹង​ប្លុក​ខុស​គ្នា​ទៅ​​ទៀត​ ក្នុងសង្រ្គាមត្រជាក់​យកគ្នាជាសត្រូវរវាងខាងកើត និងខាងលិច ហើយទៅ​ចេញ​ពី​ខាងកើត​ទៅចូលខាង​លិច​កើតអី​កាលហ្នុង នេះឲ្យពិចារណាទាំងអស់គ្នា។ អញ្ចឹង​ប្រវត្តិសាស្ដ្រ​ក៏ជូរចត់​​ដូច​វៀតណាម​ដែរ ហើយ​មួយទៀតស្ថានភាពនយោបាយក្នុងរបប ប៉ុល ពត គឺ​ពិភព​លោក គឺចែកប្លុកទាំងពីរ ហើយ​ប្លុក​ពី​រ​ខុសគ្នារវាងកម្ពុជាហើយនិងថៃ។ ដូច្នេះ​ទៅ​ពឹង​អ្នក​ណា​?  បើថាអញ្ចឹងម៉េចមិនទៅពឹងអ្នកនៅ​ឆ្ងាយ​បន្តិចទៅ ហើយទៅពឹងយ៉ាងម៉េច ក្រែងមាន​អស់​លោក​ប្រធាន​អង្គការ​ខ្លះមិននិយាយ​ក្រែង​ព័ត៌​មាន​អត់ធ្លាយចេញ បើព័ត៌មានអត់​ធ្លាយ​ចេញ​ធ្វើ​ម៉េច​នាំ​ព័ត៌មាន​ឲ្យមនុស្ស​​ភៀស​ខ្លួន​ចេញ​ទៅ​​ដល់​អាមេរិក​ទៅដល់បារាំង​បាន​។​អញ្ចឹង តើ​ត្រូវ​រកវិធី​​ចេញតាមច្រកណា បើចេញទៅបារាំងវាទាល់តែ​ឡើងយន្ដហោះ ឬក៏មាន​ប័ណ្ណឆ្លងដែន ឬក៏​វីសារ​ទៀតនោះ ហើយទៅច្រកណាបើខ្លួនទៅរំដោះ​ជាតិ រវល់តែទៅរក​វីសារ​ងាប់​មនុស្ស​រាប់​លាន​នាក់​អស់​ តើ​គិតយ៉ាង​ម៉េច​?​ ជួនកាលក្ស័យជីវិតអ្នកដែលធ្វើ​ដំណើរទៅពឹង​បរទេស​បាត់​​ទៅ​ហើយ​ហ្នឹង​។ ដូច្នេះវាទៅអត់រួច បានន័យថា វា​មាន​ជម្រើសតែមួយគត់ គឺមាន​តែ​ពឹង​ពាក់​​វៀត​ណាម​ ហើយការពឹងពាក់វៀតណាមនេះ ត្រូវបញ្ជាក់​មួយទៀត ពឹងពាក់ក្នុងគោល​បំណង​រំ​​ដោះ​ជីវិត​ប្រជា​ពលរដ្ឋ​ ដូចខ្ញុំបាននិយាយ ទាល់តែកងទ័ព​បរទេស​ឈានជើង​លើ​ទឹកដី​ខ្មែរ​ដែរ គឺ​មិន​អាច​ផ្លុំ​បាន​ទេ​។ និយាយអំពីសង្រ្គោះជីវិតយើង​ដឹង​ហើយរបបប៉ុល ពត គឺជា​ប្រព័ន្ធ​​យោធា​​ដែល​សម្លាប់​មនុស្ស​រៀងរាល់​ថ្ងៃ។​ ទាំងអស់គ្នាមិនអាច​កុហក់បានទេ ម្នាក់ៗរស់​មួយ​​​ថ្ងៃ​​​សម្រាប់​តែ​មួយ​ថ្ងៃ​​ទេ​​​ មិនអាចគិតថាស្អែកខ្លួនរស់រានទេ។
លោក សត្យា រក្ស​
សំណួរ៖ ​តើមូលហេតុអ្វី ដែលកងទ័ពស្មគ្រចិត្ត​វៀតណាម​ចាំបាច់​ត្រូវ​តែបន្ត​វត្តមាន​​នៅ​លើ​ទឹក​ដី​កម្ពុជាបន្តទៀត​​បន្ទាប់ពី​ផ្តួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត​​ នៅឆ្នាំ១៩៧៩​ ហើយ​?​
លោក បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖​ការរំដោះជីវិត​មនុស្ស​នៅក្នុងប្រព័ន្ធផ្តាច់ការ​របស់ ប៉ុល ពត​ ដែលប្រជាពលរដ្ឋ​មាន​​ការ​​សម្លាប់​​ជា​​រៀង​រាល់​ថ្ងៃ​​ គឺយើងត្រូវគិត​អំពីពេលវេលា​ថែមទៀត​។ បើយើងធ្វើ​សង្គ្រាម​ក្នុង​រយះពេល​​កាន់តែ​យូរ​ក្នុងការរំដោះប្រជាជនពីរបប ប៉ុល ពត នោះប្រជាជន​អាចស្លាប់​ច្រើន​ជាង​​ពេល​មុនៗ​ទៅ​ទៀត​​ ពីព្រោះ​របប​ផ្តាច់ការ​​ នៅពេលដែលមាន​ការលេចធ្លាយរឿង​ហើយ គឺពួកគេចាប់ផ្តើមដើរបោសសំអាត​ហើយ​។ ឧទាហរណ៏ កាលឆ្នាំ១៩៧៨ ក្រោយពីលេច​នូវរឿងក្បាលយួនខ្លួនខ្មែរ​ គឺពួក ប៉ុល ពត​ បានធ្វើការបោសសំអាតដោយសម្លាប់ទាំង​មេដឹកនាំ​របស់​ពួកគេ​ និងប្រជាពលរដ្ឋ​អស់ជាច្រើន​​។ ដូច្នេះ​ នៅពេលដែលពួកគេឮសូរ​ថា រណសិរ្ស​សាមគ្គីសង្គ្រោះជាតិ​ កើត​ហើយ និងមានកងទ័ព ស្មគ្រ​ចិត្ត​វៀតណាម​ចូល​មក​​ទៀត​​នោះ​​ គឺប្រាកដជាបោសសំអាតខ្មែរនៅក្រោមការត្រួតត្រារបស់គេ​អស់ជាមិនខាន​។​ អញ្ចឹង​ យើង​ត្រូវតែកោតសរសើរ​នូវការ​រំដោះ​​​ប្រជាពលរដ្ឋ​យើង​បានលឿន​ គឺមិនត្រូវធ្វើ​ដូចមេ​ NGO ឆ្កួត​ម្នាក់​ ដែលនិយាយថា​មិនគួរជឿបាន​ទេ​ ដែល​ការ​ធ្វើសង្គ្រាមរំដោះប្រទេស និង​ប្រជាជន​នេះ​​មាន​រយះពេល​ខ្លី​ពេក​​​។​ តាមពិត​យុទ្ធសាស្ត្រ​នៃ​ការ​រំដោះប្រជាពលរដ្ឋ​បានកាន់តែឆាប់​កាល​ណា​ គឺល្អ​កាល​ហ្នឹង​ ពីព្រោះបើកាន់តែយឺត​គឺ​ជីវិត​ប្រជាពលរដ្ឋ​កាន់តែត្រូវ​ស្លាប់​ច្រើន​ថែម​ទៀត​​ គឺអាចស្លាប់​ដោយទាំង​ជីវិត​មេ NGO នោះថែមទៀត​។ អញ្ចឹងហើយ​បានជារយះពេល​ពីថ្ងៃ ២ ធ្នូ ដល់ថ្ងៃ ៧ មករា គឺមានរយះពេលខ្លី​ ដើម្បីផ្តួល របប ប៉ុល ពត​។​
          ចំពោះ​ភាពចាំបាច់​ក្នុងការឈរជើងជាបន្ត​នៃកងទ័ពស្មគ្រ​ចិត្ត​វៀតណាម​ ក្រោយថ្ងៃ ៧ មករា គឺយើងទាំងអស់គ្នា​ត្រូវឈរលើសច្ចៈភាព​នៃស្ថានភាព​ជាក់ស្តែង​។ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​នៅពេលនោះ គឺនៅមានបរិមាណតិចតួច រីឯ​សមត្ថភាព​ក៏នៅ​ទន់ខ្សោយ ហើយសព្វាវុធ​គឺយើងអត់ទាន់មានទេ​ ដូច្នេះគឺយើងត្រូវពឹងផ្អែកទៅលើ​សព្វាវុធ​របស់​វៀតណាម​​​ទាំង​​អស់​​។​​​ ការរំដោះជីវិត​ មិនមែនគ្រាន់តែរំដោះហើយ​ទុកឲ្យ​ពួក ប៉ុល ពត វិល​ត្រឡប់​​មក​វិញ​ទេ​​ ពីព្រោះបើ​ពួកនេះត្រឡប់មកវិញបាន​គេនឹង​សម្លាប់​ខ្លាំងជាងមុន​គឺទ្វេរដង​។​ រឿង​​មួយ​ទៀត​ ក៏អាចមានការសម្លាប់គ្នា​រវាង​ខ្មែរ​និងខ្មែរ​ដែល​កំពុងវិលត្រឡប់​មក​ស្រុកភូមិវិញ​នៅ​តាម​ផ្លូវ​ផង​ដែរ​។ ដូច្នេះ​ប្រទេសនឹងធ្លាក់ក្នុងកល្បយុគ្គ​ ប្រសិនបើគ្មាន​ការឈរជើង​ដើម្បី​ធានាសណ្តាប់ធ្នាប់​ ​សុវត្ថិភាព​ សន្តិសុខ​សង្គម​ពី​កង​ទ័ព​​វៀតណាម​​ទេ​។​ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩​ គឺយើងទើបតែ​ផ្តួលរំលំ​ ដូច្នេះនៅតំបន់ខ្លះគឺមិនទាន់រំដោះបានទេ​ ដូច្នេះ​ចំពោះ​ទាហ៊ាន​បាក់ទ័ព​​ ប៉ុល ពត មិនទាន់បាន​បង្ក្រាបអស់នៅឡើយទេ​ អញ្ចឹងហើយ​ទើប​បាន​យើង​ត្រូវ​ការ​ឲ្យមានការបន្តឈរជើង​បន្តពីកងទ័ពស្មគ្រ​ចិត្ត​វៀតណាម​ ដើម្បី​ការពារសុវត្ថិភាព​ ហើយ​​​ភ្ជាប់​ជាមួយនឹងការឈរជើង​នៃកង​ទ័ពវៀតណាម​ យើងក៏ត្រូវការ​កសាង​នូវកងទ័ព​កម្ពុជា​​ និងការកសាងនូវរដ្ឋបាលគ្រប់គ្រង​បណ្តោះអាសន្ន​ផងដែរ​ ដោយមានការចូលរួម​ជំនួ​យ​ពី​វៀតណាម និងពីបណ្តាប្រទេសនានា​ដែរ​ ពីព្រោះពេលនោះគឺយើង​អស់អ្នកចេះដឹង​ទៅ​ហើយ​​។ អញ្ចឹងនៅតាមភូមិឃុំ គឺយើងត្រូវរើស​ឲ្យមានរដ្ឋបាលភូមិឃុំ​បណ្តោះអាសន្ន​ ដោយ​ចាត់តាំង​អ្នក​នៅក្នុង​ភូមិ​ ឃុំ នោះ​ហើយមានកងទ័ពវៀតណាម និងកងទ័ព​ខ្មែរ​ជួយដឹងឮ​ ដើម្បី​ជួយ​ដល់​សណ្តាប់​ធ្នាប់​​ប្រជាជន​កម្ពុជា​​។ ក្នុងស្ថានភាពដដែលនេះ​ ពួក ប៉ុល ពត បាន​ភៀស​ខ្លួន​ ​ដល់ក្រៅប្រទេស​ទៅហើយ​ ចំណែក​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្តលោកខាងលិច​របស់អាមេរិក​ក៏មិនបាន​ថ្កោលទោស​ ពួក​ ប៉ុល ពត​ ទាំង​នោះ​ទេ គឺពួកគេថែមទាំងគាំទ្រ ប៉ុល ពត ឲ្យអង្គុយនៅកៅអី អ ស ប​ ទៀត​។ ពួកបរទេស​ទាំងនោះថែមទាំងជួយទំនុកបំរុង​បង្កើត​ឲ្យមានជារណសិរ្ស​ខ្មែរផ្សេងទៀត ដោយជួយលាងមុខមាត់អាក្រក់​របស់ ប៉ុល ពត ថែមទៀត​ និងជម្រុញឲ្យភាគីទាំងបី​ បង្កើតបានជារដ្ឋាភិបាលត្រីភាគីនីរទេស​ឲ្យ​មកធ្វើសង្គ្រាម​ប្រដាប់​អាវុធ​​ដណ្តើម​​រដ្ឋអំណាចស្របច្បាប់​ គឺ​សាធារណរដ្ឋប្រជាមានិតកម្ពុជា​។​​
          ចំណុចមួយទៀត​ គឺគណបក្សប្រឆាំងគេបានលើក​អំពីបញ្ហា ក៥​ ដូច្នេះ​បងប្អូន​យើង​ទាំង​អស់​គ្នា​​គឺពិតជាបានដឹងហើ​យ​ ពីព្រោះពេលនោះ​គឺប្រទេស​យើងមិនទាន់​ទទួល​បាន​នូវ​សន្តិភាព​ទេ​ គឺយើងនៅមានសង្គ្រាម។​ សូម្បីតែ​រទេះភ្លើង​ក៏ពួក​ ប៉ុល ពត មានការបាញ់​ប្រហារ​ ឬ​កាត់ផ្តាច់​ ដូច្នេះ​ កឹម សុខា និង សម រង្ស៊ី ត្រូវបើកភ្នែក​មើល​ឲ្យច្បាស់​ និងហ៊ាន​ទទួល​ស្គាល់​នូវ​សច្ចៈភាព​ ហើយមិនត្រូវយកខួរក្បាលដែលឆ្កួតវង្វេងនឹងព្រៃប្រជាធិបតេយ្យ​មកបំភ្លៃ​ការពិត​​ សម្រាប់កម្ពុជាបច្ចប្បន្ននោះទេ​។ បានសេចក្តីថា​ ប្រទេសកម្ពុជា​នៅពេលនោះ​គឺមាន​សង្គ្រាម​ អញ្ចឹងយុទ្ធសាស្ត្រ ក៥​ គឺជាយុទ្ធសាស្ត្រ​សង្គ្រាម​របស់រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​ ដើម្បីឲ្យចម្ងាយ​ពីផ្លូវជាតិ ឬពីផ្លូវដែក​​បានស្រឡះ ងាយស្រួលក្នុងការការពារ​។ ការពិតគឺវាប៉ះពាល់ដល់ធនធានធម្មជាតិខ្លះក៏ពិតមែន​ ក៏ប៉ុន្តែដើម្បីការពារជីវិតប្រជាជន​ដូច្នេះ​គឺ​យើង​ត្រូវតែ​ប្រើនូវយុទ្ធសាស្ត្រនេះ​ដើម្បីការពារប្រទេស​​។​
លោក សត្យា រក្ស​
សំណួរ​៖ មានសម្តី​របស់បន​នយោបាយប្រឆាំង​បានលើកចំណុច​មួយទៀត​មក​ឃោសនា​​​​ ដោយ​គេចោទ​​ថា​​​​ ការកសាងជាតិនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា​គឺពី​ឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៣ គឺពុំមានសមិទ្ធផល​អ្វី​ទាំង​អស់​។ ដូច្នេះត្រង់ចំណុចនេះ តើលោក​បណ្ឌិត​​មាន​អ្វីដើម្បី​ពន្យល់​ទៅដល់​ក្រុម​ប្រឆាំង​ ដែលចេះតែ​ចោទប្រកាន់​ដើម្បីកេង​ចំណេញ​នយោបាយ​​ទាំងនោះ​ និងដើម្បីបង្ហាញអំពី​សច្ចៈធម៌​ យុត្តិធម៌ ទៅដល់ជនរួមជាតិ​ និងសង្គម​ដើម្បី​ពិចារណា​​ឡើងវិញ​​?​​​​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ ត្រង់នេះ​បងប្អូនប្រជាពលរដ្ឋ​អាច​យល់ដឹងហើយ ពីព្រោះ​ចាប់ពីថ្ងៃ​៧ មករា ឆ្នាំ១៩៧៩ មកដល់ពេលនេះ​គឺ​ប្រទេសយើង​មិនអាច​ផ្លោះភ្លាម​ដោយមានការធំធាត់​ភ្លាមៗ​បាន​ទេ​​ ដូច្នេះ​​លោក កឹម សុខា និងលោក សម រង្ស៊ី មិនត្រូវ​ចោទប្រកាន់​បែបរឡិករឡក់​បែប​នេះ​ទេ​។ ចំពោះ​លោក​ សម រង្ស៊ី បើសិនជាគាត់​មិនទទួលស្គាល់​ក៏ហីទៅ ពីព្រោះ​គាត់មិនបាន​ឆ្លង​កាត់​​​​នូវ​​​ភាព​​​វេទនា​ បបររាវ​​​ ដូចប្រជាជន​​យើងជួបទេ​។​
ក្រោយ​ឆ្នាំ១៩៧៩ រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិតកម្ពុជា​ បានខិតខំ​បណ្តុះ​បណ្តាល​​កូន​ខ្មែរ​ឲ្យ​ចេះ​អក្សរ​ ពីព្រោះ​ជំនាន់​នោះ​មាន​ប្រជាជន​មិនតិច​ទេ​ដែល​អត់​ចេះ​អក្សរ​ ហើយចំណែកអ្នកដែល​ចេះតិចតួចដែលនៅសេសសល់ពីស្លាប់​ រដ្ឋាភិបាល​បានបន្តឲ្យរៀន​ចេះ​​​រ​ហូត​ដល់​​បាក់ឌុប​​​ និងមួយចំនួន​ទៀត រដ្ឋាភិបាល​បានទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ដើម្បីបញ្ជូនទៅរៀន​ដើម្បីទទួលបានបរិញ្ញាបត្រ​ អនុ​បណ្ឌិត និងថ្នាក់បណ្ឌិត​ ។ល។ ទាំងនេះគឺជាសមិទ្ធផល​ ដែលរដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិតកម្ពុជា​ សម្រេចបាន​​ក្នុងនោះក៏មាន​​​ អ្នកដែល​បានរៀនហើយរត់ទៅក្រៅប្រទេស​ ហើយ​កំពុងតែជេរ​ខ្មែរ​រាល់ថ្ងៃ​ផង​ដែរ​​។​​ សព្វថ្ងៃនេះ​ ដែលយើងកំពុង​តែកសាង​ប្រទេស​ ក៏យើង​ប្រើប្រាស់នូវធនធានមនុស្ស​ដែល​​ចេញ​​ពី​​​មុន​​មក​ដែរ​​។​ ទាំងនេះហើយគឺជាសមិទ្ធផល​ដែល​​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​​ កសាង​បាន​​ ដែលក្នុងនោះ​មានដូចជាសិទ្ធក្នុងការរៀនសូត្រ​ សិទ្ធិបណ្តុះបណ្តាល​ជាច្រើន​។​​ រដ្ឋាភិបាល​ក៏បានកសាងឲ្យមានសេដ្ឋកិច្ចទីផ្សារ​ឡើងវិញ​ ដោយយើងបានបោះពុម្ព​ឲ្យមានការចាយលុយរៀល​​ឡើងវិញ ដែលក្នុងរបប ប៉ុល ពត​ បានលុប​បំបាត់ចោល​អស់។​​ នេះ​គឺ​ជា​សិមិទ្ធផល​​មួយទៀត ​​ដែល​យើង​​ទទួល​បាន​នូវ​សិទ្ធិ​​រកស៊ី​​ចិញ្ចឹម​ជីវិត​​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ​​​​។​ តាមពិតប្រទេស​ប្រជាធិបតេយ្យ​ដូចលោកខាងលិច​ គឺមិនអាចធ្វើបាន​ទេ គេ​អនុវត្ត​របប​ប្រជាធិបតេយ្យគឺមិនមែនប្រទេស​ធ្លាក់ក្នុងកល្បយុគ្គ​ដូច​កម្ពុជា​ក្រោយថ្ងៃរំដោះ ៧ មករា​ នោះទេ​ ។ ប្រទេសអាមេរិក​ គឺមិនបានឆ្លងកាត់សង្គ្រាមលោក​ទេ​ ដូច្នេះ​ការកសាងប្រទេស​ឲ្យទៅជារបបប្រជាធិបតេយ្យ​ដូចកម្ពុជា​ឆ្នាំ១៩៧៩ គឺមិនមានទេ​។ ប្រជាធិបតេយ្យនៅកម្ពុជា​ គឺមិនមែនផ្តើមចេញ​តែជ្រុងមួយ​ដូចប្រជាធិបតេយ្យ​នៅលោកខាងលិចទេ​ តែប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ផ្តើម​ចេញ​ពី​ប្រជាធិបតេយ្យ​​ប្រជាជន​​។​ បានន័យថាការរៀបចំ​ឲ្យមាន​ប្រក្រតីភាព​ឡើង​វិញ​​ក្នុងភាពជាមនុស្ស​ ដើម្បី​ចាប់ផ្តើមរស់​ក្នុងជីវភាពឯកជន គ្រួសារ​ និង​ប្រជាជាតិ​ទាំងមូល​។​
-មតិ​លោក សត្យា រក្ស
ការលើកយកមកពន្យល់​ របស់​កម្មវិធីយើង​គឺ​ដើម្បី​ចែកជូនដល់បងប្អូន​ជន​រួម​ជាតិ​កម្ពុជា​​​ទាំង​អស់​​ចូល​រួមគ្នា​​គិត ហើយ​ជូនចំពោះ​បងប្អូន​ទាំងឡាយ​ដែលមានគំនិត​ស្មោះត្រង់​ចំពោះ​​ប្រទេស​ជាតិ​​​​ ដែលស្នេហាជាតិពិតប្រាកដ​និងជាជនរងគ្រោះនៅ​ក្នុងរបប​ប្រល័យ​ពូជសាសន៍​​ ដើម្បីជាការរំលឹក និងឆ្លុះបញ្ចាំង​ឲ្យឃើញនូវមាយាទកេងចំណេញនយោបាយ​របស់​គណបក្ស​ប្រឆាំង​។​
ការសម្រេចបាននូវសមិទ្ធផល​ទាំង​អស់នោះហើយ​ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​យើង​​មិនអាចបំភ្លេចបាន​នូវវីរៈភាពដ៏អង់អាច​ក្លាហាន​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​ ជា​ពិសេស​​គឺ វីរៈភាព​ និងគុណូបក្ការៈដែលសម្តេចទាំងបី​បានធ្វើពលិកម្ម​ ដើម្បីបុព្វហេតុ​រំដោះ​ជាតិ​ រំដោះ​ប្រជាពលរដ្ឋ​​ឲ្យ​បាន​រួចផុត​ពីការ​កាប់​សម្លាប់​​។​
លោក សត្យា រក្ស​
សំណួរ​៖ ទាក់ទងទៅនឹង ទណ្ឌិត សម រង្ស៊ី ដែលកំពុងតែគេចវេស​ពីទោស​ ទៅ​ពួន​សំងំ​​នៅ​ស្រុក​បារាំង​​នោះ​ គេបានលើកឡើងថា ដើម្បីឲ្យកម្ពុជា​មាន​ប្រជាធិបតេយ្យ មាន​សិទ្ធិ​មនុស្ស​​ លុះត្រា​​តែ​​មាន​​វត្តមាន​ សម រង្ស៊ី​ មកចូលរួមបោះឆ្នោតនៅកម្ពុជា​។ ការដែល សម រង្ស៊ី​ លើក​​នេះ ហើយ​ភ្ជាប់ជាមួយ​នឹងព្រឹត្តិការណ៍​កន្លងមក​ដែល​ប្រជាជនយើង​បាន​រស់រាន​មាន​ជីវិត​​​​មក​ដល់​ពេល​នេះ​ ​តើវា​ជា​ការចាំបាច់​ដូច​ការលើក​របស់​ សម រង្ស៊ី ដែរឬទេ?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នេះហើយ​ដែលគេហៅថា​ទស្សនៈ មោគ ប្រជាធិបតេយ្យ​។ ប្រជាធិបតេយ្យ​នៅ​​កម្ពុជា​ ទម្រាំ​បាន​មក​ដល់​ថ្ងៃ​នេះ​ បើយើងមិនផ្តើម​ចេញពី​ប្រជាធិបតេយ្យ​ប្រជាជន​​ទេ​ គឺការ​រៀបចំ​ឲ្យ​មាន​ប្រក្រតីភាពឡើងវិញនៃសង្គមជាតិទេ​គឺមិនអាចទៅរួច​ទេ។​ ប្រជាធិបតេយ្យ​របៀប​នេះ​ នៅប្រទេសអាមេរិកគឺអត់មានទេ​ ហើយ​នៅប្រទេសលោកខាងលិចក៏គ្មានដែរ​ នូវរបបប្រជាធិបតេយ្យប្រជាជន​នេះ​ ពីព្រោះ​ប្រជាធិបតេយ្យដូចលោកខាងលិច គឺអត់​បាន​ឆ្លង​កាត់​​នូវ​បញ្ហា​ដូច​កើត​មាន​​នៅ​ប្រទេស​អាស៊ី​ ឬដូចនៅកម្ពុជា​​ទេ​។​ អញ្ចឹង ដើម្បីមានមូលដ្ឋាន​ ដើម្បី​ធ្វើ​​ប្រជាធិបតេយ្យ​ដូច​លោក​ខាង​លិច ឬ​ប្រជាធិបតេយ្យ​បែប​ពហុបក្ស​​​​ គឺទាល់​តែ​សង្គម​មួយ​មាន​ប្រ​ក្រតី​ភាព​សិន​។ បានន័យថា មានសន្តិភាព សុវត្ថិភាព ហើយមូលដ្ឋាន​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​​ត្រូវ​បាន​កកើត​ឡើង​​​។​
បច្ចុប្បន្ននេះ​ យើង​អនុវត្ត​នូវប្រជាធិបតេយ្យសេរីពហុបក្ស ដោយផ្អែកលើ​មូលដ្ឋាន​នៃ​ការ​ចាប់​ផ្តើម​​នៃ​ប្រជាធិបតេយ្យ​​ដែល​មាន​តាំង​ពី ថ្ងៃ ៧ មករា​​។ លោក សម រង្ស៊ី សព្វ​ថ្ងៃនេះ​គាត់​​មិន​បាន​ដឹង​​ថា​​ប្រទេស​​កម្ពុជា​​យើង​​បោះឆ្នោត​​តាមរបៀប​អីនោះ​ទេ​។ គាត់មិនបានដឹងទេ​ ថា​តើ​យើង​បោះឆ្នោត​​ជ្រើស​រើស​​ប្រធា​នា​ធិ​ប​តី​ ឬបោះឆ្នោតជ្រើសរើស​​តំណាង​រាស្ត្រទេ​?​​​
បើសិនជាការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ ហើយ សម រង្ស៊ី ឈរឈ្មោះជា​ប្រធា​នា​ធិ​បតី​នឹង​គេ​ដែរ តែអត់​បាន​មក​ប្រកួត​ នោះ សម រង្ស៊ី ពិតជាត្រូវ​។ ប៉ុន្តែ សូមកុំភ្លេច​ នៅ​ស្រុក​ខ្មែរ​ ការ​បោះ​ឆ្នោត​​គឺជា​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​​ ហើយអនុវត្តតាម​របប​សភា​​​​និយម​​។ មានន័យថា គណបក្សណាទទួលបានសម្លេងឆ្នោតច្រើនជាងគេ​ គឺទទួលនូវ​បុព្វសិទ្ធិ​ និង​ឯកសិទ្ធិ​ផ្តាច់មុខ​ក្នុងការបង្កើតរដ្ឋាភិបាល​។ ដូច្នេះ នាយករដ្ឋមន្ត្រី គឺជា​បេក្ខជន​ជាប់​​​​​ឆ្នោត​​​​​ជាអ្នកតំណាងរាស្ត្រ​ មកពីគណបក្សឈ្នះឆ្នោត​លំដាប់ថ្នាក់ទី១​។ ក្នុងករណី​ដែល​គណបក្ស ឈ្នះឆ្នោតលំដាប់លេខមួយ​ពុំមានសម្លេងគ្រប់គ្រាន់ក្នុងការ​បង្កើតរដ្ឋាភិបាល​តែឯង​ទេ​​ គឺ​ត្រូវ​​រក​ដៃ​​គូរ​​ផ្សេង​​ទៀត​​ដើម្បី​​រក​ឲ្យ​បាន​សម្លេង​ភាគ​ច្រើន​ដាច់​ខាតដើម្បី​​​បង្កើត​​រដ្ឋាភិបាល​​​។​​​​ ប៉ុន្តែ បុព្វសិទ្ធិ និង ឯកសិទ្ធិ​ ទទួលតំណែង​ជានាយករដ្ឋមន្ត្រី​ គឺជាឥស្សរៈជន​ជាប់​ឆ្នោត​តំណាងរាស្ត្រមកពីគណបក្ស​ឈ្នះឆ្នោត​លំដាប់លេខ១​។ ដូច្នេះបញ្ជីបោះឆ្នោត​សភានៅ​កម្ពុជា​គឺ​​ជា​បញ្ជី​បោះឆ្នោតតាមប្រព័ន្ធសមាមាត្រ​ ដែលហៅថាបញ្ជីបេក្ខជនគណបក្ស​ ដែលត្រូវប្រកួត​ប្រជែង​​នៅ​តាម​មណ្ឌល​​បោះឆ្នោត​​ខេត្ត​ ក្រុង​ ទាំ​២៤​។ អញ្ចឹង តួអង្គ គឺគណបក្ស មិនមែន​តួអង្គ​គឺ​បុគ្គល​ទេ​​​​។ អញ្ចឹង​ បើលោក សម រង្ស៊ី យល់ច្រឡំ​ថា​ការបោះឆ្នោតនៅកម្ពុជា​គឺជាការ​បោះឆ្នោត​​​ប្រធានា​ធិបតី​ នោះគឺខុសហើយ​​។ ម្យ៉ាងទៀតកន្លងមក​​ លោក សម រង្ស៊ី ក្តី​ លោក​ កឹម សុខា ក្តី​ គឺ​អាច​​ឈរ​ឈ្មោះ​បាន​តែ​​​មួយមណ្ឌលទេ​ គឺ​ខេត្ត​កំពង់ចាម​​ ។ សរុបមក រឿងអត់ សម រង្ស៊ី ឬមាន សម រង្ស៊ី គឺមិនពាក់ព័ន្ធ​ទៅដល់​រឿង​ប្រជាធិបតេយ្យ ឬរឿងសិទ្ធិមនុស្ស​ទេ​​។ កន្លងទៅ ទោះបីជាមាន សម រង្ស៊ី ក៏គាត់មិនដែលទទួលស្គាល់​លទ្ធផលនៃការបោះឆ្នោតដែរ​ គឺរួមទាំង​ក្រុម NGO  ប្រឆាំង​មួយចំនួនតូចទៀត​ផង​។​ ទោះបី​ជាមាន សម រង្ស៊ី ក៏ពួកគេចោទ​ថា​​ការបោះឆ្នោត​នោះអត់សេរី និងយុត្តិធម៌ ហើយពេលនេះ​អត់ សម រង្ស៊ី ក៏អត់សេរី និង​យុត្តិធម៌​ ដដែល​។ ចំណុចនេះគឺជាបញ្ហា​របស់គណបក្ស​ប្រឆាំង​​ខ្លួនឯង​ ហើយចរឹត​បែបនេះ​ប្រជាពលរដ្ឋ​ នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់​ធ្ងរ​មួយកម្រិត​ថែមទៀតនៅថ្ងៃ ២៨ ខែ កក្កដា​ ឆ្នាំ២០១៣ ខាងមុខនេះ​៕​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី