Friday, January 25, 2013

សម្ដេច​​តេជោ​​ណែនាំ​​ឲ្យ​​ថ្នាក់​ដឹក​នាំ​​គ្រប់​​ជាន់​ថ្នាក់​​នៃ​កង​​​យោធ​ពល​​ខេមរ​ភូមិន្ទធ្វើ​គំរូ​​ដល់​​ថ្នាក់​​ក្រោម

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ នាយ​ទាហាន​ជើងគោក​ជំនាន់​ទី១ នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការ​ដ្ឋាន​សាងសង់​បន្ត​ ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ​ជូន​ដល់​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ថ្លុក​តាសេក ស្ថិត​នៅឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នាថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៣ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ បាន​ណែនាំឲ្យ​ជួរ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​កង​យោធពល​ ខេមរភូមិន្ទ​ត្រូវ​ធ្វើ​គំរូ​ដល់​ថ្នាក់​ក្រោម។ សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​កន្លង​មក​មាន​បាតុភាព​ប្រែធាតុ​មួយ​ចំនួន​ រហូតដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ខ្លះ​ មិន​គោរព​ច្បាប់​លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺថា​ការ​តម្លើង​ឋានន្ដរស័ក្ដិ​នាយទាហា​ន ដោយ​គ្មាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល គ្មាន​សញ្ញាបត្រ និង​មុខតំណែង​សំពីង​សំពោង​ដែល​គ្មាន​ការ​ចាំ​បាច់។ ប្រការ​នេះ​សម្តេច​តេជោ​បញ្ជាក់​ថា គឺ​បណ្ដាល​មក​ពី​ការ​តែងតាំង​ខ្វះ​វិធានការ​សន្ដិសុខ និង​ប្រភព​មិន​ច្បាស់​លាស់ ជាពិសេស​មិន​បាន​ឆ្លងកាត់​ការ​បណ្ដុះ​បណ្ដាល ដែល​នាំ​ឱ្យ​មាន​ការ​ខុស​ឆ្គង រហូត​ដល់​ល្មើស​វិន័យ​របស់​កងទ័ព និង​ច្បាប់​របស់​រដ្ឋ​ទៀត​ផង។
ទាក់​ទង​នឹង​ការ​ហ្វឹកហ្វឺន​ដល់​កង​ទ័ព សម្តេចតេ​ជោបាន​មាន​ប្រសាសន៍​ថា ដោយ​ការងារ​ហ្វឹក​ហ្វឺន​មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​គ្រប់​ ផ្នែក ដល់​កងទ័ព​សម្រាប់​វិស័យ​ការពារ​ជាតិ ខ្ញុំ​ស្នើ​ឱ្យ​ក្រសួងការពារជាតិ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រៀប​ចំ​បទ​ ដ្ឋាន​គតិ​យុ​ត្ដិ ជា​អនុក្រឹត្យ និង​ប្រ​កា​ស​ស្ដីពី​ការងារ​ហ្វឹកហ្វឺន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ជំរុញ​ការអនុវត្ដ​ការងារ​ហ្វឹកហ្វឺន​កង​ទ័ព​ឱ្យ​មាន​របៀបរៀបរយ និង​ការ​គោរព​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​តាមរយៈការ​ហ្វឹកហ្វឺន និង​បណ្ដុះ​បណ្ដាល។ ចំពោះ​ការងារ​ហ្វឹក​ហ្វឺន​ ​កងទ័ព​ត្រូវ​យក​ចិត្ដ​ទុកដាក់​អំពី​គុណភាព​ សមត្ថ​ភាព​កងទ័ព​ ទាំងក្នុង​ការ​ចាត់តាំង​ប្រយុទ្ធ ​បម្រើ​ការ​ប្រយុទ្ធ និង​ការ​បំ​ពេញមុខ​នាទី​ដែល​ទទួល​ខុសត្រូវ​រៀងៗខ្លួន​ដើម្បី​ពង្រឹង​ប្រៀប​ ការពារជាតិ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កង​ទ័ព​មិន​ត្រឹម​តែ​មាន​ចំ​ណេះ​ដឹង​អំពី​ក្បួន​យុទ្ធសាស្ដ្រ​យោធា​ប៉ុណ្ណោះ ​ទេ ប៉ុន្ដែ​ថែមទាំង​ត្រូវ​មាន​ចំណេះដឹង​អំពី​វិទ្យាសាស្ដ្រសង្គម និង​ច្បាប់​នានា​របស់​រដ្ឋ​ទៀត​ផង ដែល​នេះ​ជា​កត្ដា​សត្យា​នុម័តនៃ​ភាព​រឹងមាំ​របស់​កងទ័ព​ក្នុង​ឋានៈ​ជា​ អ្នកការពារ​ជាតិ​មាតុភូមិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​អំណរ​ ស្វាគមន៍​ដ៏​កក់ក្ដៅ​ជូន​ ចំពោះ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី។ ​តាមរយៈ​ប្រតិភូ​អគ្គសេនាធិការ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដឹកនាំ​ដោយ​លោកឧត្តម​សេនីយ៍ ហ្គី ជៀន ហ្គូ (Qi Jain gou) សម្តេច​តេ​ជោ​ បាន​ស្នើ​ដល់​គណៈប្រតិភូ​ពាំនាំ​នូវ​បណ្ដាំ​ផ្ញើ​នៃ​សេចក្ដី​ថ្លែងអំណរ​គុណ​ ដ៏​ជ្រាលជ្រៅ​របស់​រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា​ ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​នៃ​សា​ធា​រណៈរដ្ឋ​ប្រជាមានិត​ចិន ដែលបាន​ជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​ការ​កំណែទម្រង់ ការ​កសាង និង​ការពង្រឹង​កង​យោធពលខេមរភូមិន្ទ​ក្នុង​រយៈពេល​កន្លងមក​។ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដោយ​ផ្ទាល់ ចំពោះ​អនុព័ន្ធយោធា​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ទីប្រឹក្សា​​យោធា​ចិន​ប្រចាំ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ដែល​បាន​សហការ​ល្អជា​មួ​យក​ង​យោធ​ពល​ខេមរភូមិន្ទ តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជាច្រើន ទាំងកម្លាំងកាយ​ចិ​ត្ដ ប្រាជ្ញា​ស្មារតី សម្ភារៈ និង​ថវិកា​ដោយបាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាស្ថាន​ទ័ពជើងគោក​ ចាប់តាំងពី​ឆ្នាំ២០០២ រហូតមក។
លោក​ឧត្តម​សេនីយ៍​ឯក ហ្គី ជៀន ហ្គូ (Qi Jain gou) អគ្គសេនាធិការរងនៃ​កងទ័ព​រំដោះ​ប្រជា​ជន​ចិន​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ ពិធី​នោះ​ដែរ បានមាន​ប្រសាសន៍​ចាត់​ទុកពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយទាហាន​ជើងគោក​ ជំនាន់​ទី១ នាយទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការ​ដ្ឋាន​​សាងសង់​បន្ត​ ជា​ជំនួយរបស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ជូន​ដល់​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោកថ្លុក​តាសេក ស្ថិត​នៅឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ថា ​គឺជា​ទិវា​ជា​ប្រវត្តិសាស្ត្រ​សំរាប់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា ចិន។ លោក ហ្គី ជៀនហ្គូ បានមានប្រសាសន៍​វាយ​តម្លៃថា វិទ្យាស្ថាន​កងទ័ពជើងគោក​របស់​ប្រទេស​កម្ពុជា នឹង​ធ្វើដំណើរ​តាម​ទាន់​ការអភិវឌ្ឍ នៃ​ទំនើបភាវូបនីយកម្ម​យោធា​យ៉ាង​ពិសេស​របស់ខ្លួន និង​ខិតខំ​ប្រឹងប្រែង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ដែល​មាន​គុណភាព​ខ្ពស់​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​រួមចំណែក​ដល់​កិច្ច​កសាង​និង​អភិវឌ្ឍន៍ នៃ​កងយោធពល​ខេមរភូមិន្ទ។
ទាក់​ទឹង​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី(កម្ពុជា-ចិន) លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ្គី ជៀនហ្គូ មាន​ប្រសាសន៍​បញ្ជាក់​ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ ​​មិនអាច​មាន​អ្វី​អាច​ប្រែប្រួល​បានឡើយ។ មិត្តភាព​ចិន-កម្ពុជា ​បានឆ្លងកាត់​ការសាកល្បង​នៃ​ការ​ប្រែ​ប្រួល​ស្ថានភាព​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ននេះ​បាន​ក្លាយជា​គំរូនៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ ប្រទេស​ និង​ប្រទេស។ លោក​ឧត្តម​សេនីយ៍​ឯក ហ្គី ជៀនហ្គូ អគ្គសេនាធិការ​រង​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តទៅ​អនាគត​ភាគី​ចិន​នឹងបន្ត​ពួតដៃគ្នា​ជា​មួយ​នឹង​មិត្តភក្តិ​កម្ពុជា​យ៉ាង​ ជិតស្និត បង្កើន​ការផ្លាស់ប្តូរ​កិច្ច​សហ​ប្រតិបត្តិការ​ចាប់​ដៃ ខិតខំ​កសាង និង​អភិវឌ្ឍន៍​ប្រវត្តិសាស្ត្រ​ថ្មី ​ឲ្យ​កាន់តែ​ល្អ​បវរ​នៃ​ភាពជា​ដៃ​គួ​សហប្រតិបត្តិការ​យុទ្ធ​សាស្ត្រ លើ​គ្រប់​វិស័យ​និង​ប្រទេស​ទាំងពីរ​ចិន និង​កម្ពុជា។
លោក​ឧត្តម​សេនីយ៍​ឯក ម៉ម យឿន នាយក​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​មាន​ប្រសាសន៍​ឲ្យ​ដឹង ថា វិទ្យាស្ថាន​បានទទួល​បទបញ្ជា​ឲ្យ​ធ្វើការ​បណ្តុះ​បណ្តាល​នាយ​ទាហាន​កងទ័ព​ ជើង​គោក​ជំនា​ន់​ទី១ រយៈពេល ៤ឆ្នាំ បាប់​ពីថ្ងៃ​ទី២៥ ខែមករា ​ឆ្នាំ២០០៩ ដល់​ថ្ងៃទី២៥ ខែមករា ​ឆ្នាំ ២០១៣ មាន​សិក្ខា​កាម​ចំនួន ១៦០នាក់ ​ក្នុងនោះ​ទទួលបាន​និទ្ទេស​ល្អ​ណាស់​ចំនួន ២នាក់​និទ្ទេស​ល្អ ១១៤នាក់ និទ្ទេស​ល្អបង្គួរ ៤៣នាក់ និង​និទ្ទេស​មធ្យម ១នាក់។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មាន​ប្រសាសន៍​បន្តថា នៅ​ឆ្នាំ​ទី៤ នៃ​វគ្គ​សិក្សា​សិស្ស​នាយទាហាន​កងទ័ព​ជើងគោក​ជំនា​ន់​ទី១ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សាផ្នែក​អន្តរា​វុ​ធ​នៅ​ប្រទេស​ចិន​ចំនួន ១៦០នាក់ រយៈ​ពេល ៤ខែ និង​បាន​បន្ត​ការចុះទៅ​សិក្សា​ជាក់ស្តែង នៅតាម​បណ្តា​កងឯកភាព​តាម​បណ្តា​យ​ព្រំ​ដែន​កម្ពុជា-ថៃ ​រយៈពេល ៤២ថ្ងៃ។ ដោយឡែក​សំរាប់​វគ្គនាយទាហាន​សកម្ម​ជំនា​ន់ទី១៣ ធ្វើ​ការ​បណ្តុះបណ្តាល​រយៈ​ពេល​ ៤ឆ្នាំ មាន​សិក្ខាកាម​ចំនួន ១០៤នាក់ ក្នុងនោះ​ទទួលបាន​និទ្ទេស​ល្អ​ណាស់ ១នាក់ និទ្ទេស​ល្អ ៣៣នាក់ និទ្ទេស​ល្អ​បង្គួរ ៤៥នាក់ និទ្ទេសមធ្យម ២៤នាក់ និង​មិន​គ្រប់​លក្ខណៈ​ទទួល​សញ្ញាបត្រ ១នាក់។
ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ​ ទាំងពីរ ​កម្ពុជា​-ចិន ក្រោម​ជំនួយ​ដ៏​ថ្លៃថ្លា​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​​ចិន វិទ្យាស្ថាន​កងទ័ពជើងគោក​បាន​ចាប់​ផ្តើម​​ដំណើរការ​សាងសង់ និង​បំពាក់​នូវ​គ្រឿង​សម្ភារៈ​សម្រាប់​ការហ្វឹកហ្វឺន​ពី​ឆ្នាំ១៩៩៩ រហូត​មក​ដល់​ដើមឆ្នាំ២០១២ មាន៥ ដំណាក់​កាល​រួចមកហើយ និង​ឈានដល់​ដំណាក់កាល​ទី៦ កាលពី​បំណាច់​ឆ្នាំ២០១២។ ​ផ្អែក​តាមគំរោង​ជំនួយ​សម្រាប់​ឆ្នាំ២០១២-២០១៣ ដែល​មាន​ទឹក​ប្រាក់ ៨៩លាន​យ៉​ន់ ក្រោយពី​ការសាងសង់​អគារស្នាក់នៅ និង​អគារ​ផ្ទះបាយ​សម្រាប់​កម្ម​សិក្សា​ការី រួច​នឹង​បន្ត​ការសាងសង់​អគារ​ការិយាល័យ​ធ្វើការ​របស់យោធា​ចា​រ្យកម្ពស់ ៤ជាន់ និង​​អគារ​សាលប្រជុំ​ចំណុះ ១២០០នាក់​ រួមទាំង​ការបំពាក់​សម្ភារៈ​បរិក្ខា​រជាច្រើន​ទៀតផង​ដែរ​។

សម្តេច​​តេ​ជោ​ដាក់​​ចេញ​ភារ​កិច្ច​​សំខាន់​ៗ​៥​យ៉ាង ​សម្រាប់​កង​យោធពល​​ខេម​រភូមិន្ទ​​អនុវត្ដ

អនុ​សាសន៍ទាក់​ទង​នឹងភារកិច្ច​សំខាន់ៗចំនួន​៥យ៉ាង ដើម្បី​អនុវត្តន៍ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ក្នុង​បុព្វ​ហេតុ​ការពារប្រជា​ជន​ និង​បូរណភាព​ទឹក​ដី ក៏​ដូច​ជា​លើក​កម្ពស់​សមត្ថភាព​ប្រតិបត្តិការ ដែល​រួម​មាន៖ ទី១-កិច្ចការពារ​បូរណ​ភាព​ទឹកដី។ ទី២-សន្ដិសុខ​មនុស្ស។​ ទី៣-សន្ដិសុខ​ដែន​សមុទ្រ។ ទី៤-ការធ្វើ​សមាហរណកម្ម​កង​យោធពល​ខេមរភូមិន្ទនៅក្នុង​តំបន់ និង​អន្ដរជាតិ។ ទី៥-កសាង​សមត្ថភាព​សម្រាប់​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ពេល​មាន​គ្រោះ​ មហន្ដរាយ។ ត្រូវ​បាន​នាយ​​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជូន​ដល់កង​យោធពល​ខេមរភូមិន្ទ នា​ព្រឹក​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១៣។
ការងារ និង​ភារកិច្ច​សម្រាប់​កង​យោធពល​ខេមរភូមិន្ទអនុវត្តន៍​ ​ ដែល​បាន​ដាក់​ចេញ​​ដោយ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៣ នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ជើងគោក​ជំនាន់​ទី១ នាយទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការដ្ឋាន​សាងសង់​បន្ត ​ជា​ជំនួយ​របស់​សាធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ​ ជូន​ដល់​វិទ្យាស្ថាន​កងទ័ពជើងគោកថ្លុក​តាសេក ឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នោះ​រួមមាន៖
ទី១-កិច្ចការពារ​បូរណ​ភាព​ទឹកដីៈ នេះ​ជា​កាតព្វកិច្ច​របស់​ពល​រដ្ឋ​កម្ពុជា​គ្រប់រូប ​ហើយ​ដែល​កង យោធពលខេមរភូមិន្ទ ​និង​កង​នគរ​បាល​ជាតិ​ត្រូវ​ធ្វើជា​កម្លាំង​ស្នូល​ប្រឆាំង​សង្គ្រាម​ ឈ្លានពាន​ពី​គ្រប់មជ្ឈដ្ឋាន ដើម្បី​ការពារ​ទឹកដី ការពារ​ប្រជាជន ការពារ​ផលប្រយោជន៍​ប្រទេសជាតិ រក្សា​ស្ថិរភាព​នយោ​បាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ដែល​ទទួល​បាន​សន្ដិភាព​​រួច​មក​ហើយ និង​បង្ក​លក្ខណៈ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ។ ប្រការ​នេះ​ទាមទារ​ឱ្យ​កង​យោ​ធ​ពល​ខេមរភូមិន្ទ​មាន​សមត្ថភាព មាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ អត្ដ​ចរិត​គោរពបទ​ប្ប​ញ្ញ​ត្ដិ បទបញ្ជា​របស់កង​យោធពល​ខេមរភូមិន្ទ និង​គោរព​ច្បាប់​ផ្សេងៗ​ទៀត​របស់​រដ្ឋ ហើយ​ត្រូវ​យក​​ចិ​ត្ដ​ទុកដាក់​ពង្រឹងពង្រីកគុណភាព​របស់​កងទ័ព ​តាម​ផែនការ​កែ​ទ​ម្រង់​ដែល​បាន​ដាក់​ក្នុង​រយៈពេល ៥ឆ្នាំ​ម្ដង។ នៅ​ក្នុង​កាលៈទេសៈ​​ដែល​មាន​ការវិវាទ​ព្រំដែន ការ​គំរាម​ពី​សំណាក់​ឧក្រិដ្ឋ​កម្ម​ឆ្លងកាត់​ព្រំដែន គ្រឿងញៀន និង​អំពើភេរវកម្ម​អន្ដរ​ជាតិ នៅតែ​ជា​កង្វល់​ដ៏​ចម្បង​នៃ​សន្ដិសុខ​ជាតិ កង​យោធពល​ខេមរភូមិន្ទ​ចាំបាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ការពារ​ព្រំដែន ដើម្បី​រក្សា​បាន​​នូវ​សន្ដិសុខ និង​ស្ថិរភាព ជាមួយ​ប្រទេសជិតខាង ដើម្បីធានា​សន្ដិសុខ​សម្រាប់​ប្រជាជាតិ​ទាំងមូល។ ការ​ពង្រឹង​វត្ដ​មាន​កម្លាំង​ការពារ​ព្រំដែន​ពុំ​មែន​មាន​ន័យ​ថា ជា​ការ​ប្រឈមមុខ​ណាមួយ​នោះ​ឡើយ។ ផ្ទុយទៅវិញ គឺ​ការ​យល់​ដឹង និង​ការ​កសាង​ទំនុក​ទុក​ចិត្ដ​ជាមួយ​ប្រទេសជិតខាង។ ម្យ៉ាងវិញទៀត ការ​មាន​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ដៃគូ​ទាំង​ឡាយ​នឹង​អាចជួយ​បង្កើន​ទំនុក​ ចិត្ដ និង​សម្ព័ន្ធភាព​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។ ជាមួយ​នោះ​ការងារ​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែន​គោក និង​ការកំណត់​ព្រំដែន​សមុទ្រ​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខ្ញុំ​បាន​ធ្វើ​អធិប្បាយ និង​ផ្ដល់​ការ​បំភ្លឺ​នៅ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា កាលពី​ថ្ងៃទី៩ ខែ​សីហា ឆ្នាំ២០១២ រួច​មក​ហើយ សង្ឃឹមថា​បង​ប្អូន​នឹង​យល់​ច្បាស់ គ្មាន​ស្រ​ពិចស្រពិល​ទៀត​ឡើយ។ ទន្ទឹម​នឹង​នេះ ក្រសួងការពារជាតិ និង​អគ្គ​មេ​បញ្ជា​ការ​​ត្រូវ​យក​ឯកសារ​នេះ ដាក់បញ្ចូល​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​គ្រប់​កម្រិត និង​ផ្ដល់​ការ​បង្រៀន​ឱ្យ​យោធិន​កាន់តែ​យល់​ច្បាស់​ថែម​ទៀត។
ទី២-សន្ដិសុខ​មនុស្សៈ ការលើក​ទិសដៅ​គិតគូរ​អំពី​សន្ដិសុខ​មនុស្ស គឺជា​ទស្សនាទាន​កំពុង​រីក​ដុះដាល​លើ​ចក្ខុវិស័យ​លំដាប់​អន្ដរជាតិ តំបន់ និង​ក្នុងប្រទេស ព្រោះ​ជាការ​រីកចម្រើន និង​ការ​អភិវឌ្ឍ ដែល​ពិភពលោក​ក្លាយ​ទៅ​ជា​ទីតាំង​រាបស្មើ នោះ​នឹងមាន​ការគិតគូរ​កាន់​តែ​ខ្លាំង​ឡើង អំពី​សិទ្ធិមនុស្ស និង​សេរីភាព​នានា។ ចំពោះ​កម្ពុជា សន្ដិសុខ​មនុស្ស​គឺជា​កត្ដា​គន្លឹះ​ដែល​ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​ឱ្យ​បាន​ មុតមាំ​បំផុត។ ជា​សត្យានុម័ត​មនុស្ស​ចាំបាច់​ត្រូវ​ទទួលបានការ​ការពារ​ពី​ការ​គំរាម​ដោយ​ ជំងឺ ការ​អត់​ឃ្លាន ភាព​គ្មាន​ការងារ​ធ្វើ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អ្នកដទៃ ការ​គៀបសង្កត់​ផ្នែក​នយោបាយ ស្មារតី ជនជាតិ សាសនា និង​មហន្ដរាយ​ផ្នែក​បរិស្ថាន​ជាដើម ។ល។ ដែល​តែង​កើតមាន​សម្រាប់​ការរស់នៅជាប្រចាំ​ថ្ងៃ។ ក្នុង​ខ្លឹមសារ​នេះ សន្ដិសុខ​មនុស្ស​ពុំ​មែន​ត្រឹមតែ​ជា​ការ​ព្រួយបារម្ភ​អំពី​ការ​គំរាម​ ដោយអាវុធ​នោះ​ទេ ប៉ុន្ដែ​គឺជា​កង្វល់​អំពី​ការរស់នៅ និង​សេចក្ដីថ្លៃថ្នូរ​ទៀតផង។ បញ្ហា​នេះ រាជរដ្ឋាភិបាល កម្ពុជា​បាន​អនុវត្ដ​ដោយមាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បញ្ចប់​ សង្គ្រាមស៊ីវិល ហើយ​កំពុង​ត្រូវ​បាន​អនុវត្ដជា​បន្ដ​រហូតមកដល់​បច្ចុប្បន្ន និង ទៅ​អនាគត។
ទី៣-សន្ដិសុខ​ដែនសមុទ្រៈ សមុទ្រ​កម្ពុជា ​គឺជា​ច្រក​ចេញ​ចូល​នៃ​ពាណិជ្ជកម្ម​ជាមួយ​ប្រជាជាតិ​ជុំវិញ​ពិភព​លោក។ ឆ្នេរ​កោះ​ទាំងឡាយ​ជា​គោលដៅ​សេដ្ឋកិច្ច និង​ជា​តំបន់​ទាក់ទាញ​វិនិយោគ​បរទេស​ផង​ដែរ។ សក្ដានុពល​សេដ្ឋកិច្ច​មាន​ភោគផល​ជាច្រើន​នៅ​សមុទ្រ ក្នុង​នោះ​រួមមាន​សារ​ធាតុ​សរីរាង្គ សារ​ធាតុ​អសរីរាង្គ រួម​ទាំង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ដែល​អាច​នឹង​ទាញ​យក​បាន​ជា​ប្រយោជន៍​សម្រាប់​ខឿន​សេដ្ឋកិច្ច​ជាតិ។ ក្នុងន័យ​នេះ កិច្ចការពារ​ដែនសមុទ្រ គឺជា​កាតព្វ​កិច្ច​របស់​កង​យោធ​ពល​ខេ​មរភូមិន្ទ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​របស់​រាជរដ្ឋាភិបាល ប៉ុន្ដែ​ការ​ទទួល​ខុស​ត្រូវ​ជា​ស្នូល គឺ​កងទ័ព​ជើងទឹក​ត្រូវ​ថែរក្សា​ការពារ​បូរណភាព​ដែនសមុទ្រ សន្ដិ​សុខ​សមុទ្រ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា មាន​ជាអាទិ៍​​ការ​នេសាទ​ខុសច្បាប់ ការ​រត់​ពន្ធ​ទំនិញ រត់ពន្ធ​មនុស្ស ជួញដូរ​គ្រឿ​ង​ញៀន អន្ដោ​ប្រវេ​ស​ខុសច្បាប់ និង​ប្លន់​ប្រដាប់​អាវុធ​នៅ​ដែន​សមុទ្រ។ល។ ក្រៅ​ពី​នេះកត្ដា​បរិស្ថាន​ក៏​ជា​ប្រភព​ដែល​ត្រូវ​គ្រប់គ្រង​ថែរក្សា​ឱ្យ​ បាន​គង់វង្ស​ផង​ដែរ ព្រោះថា​វា​អាច​នឹង​កើតមាន​តាមរយៈការ​បង្ក​ឡើង​ដោយ​មនុស្ស និង​បញ្ហា​ធម្មជាតិ​ដែល​​មិន​អាច​គិតទុក​ជាមុន​បាន ដូច្នេះ​កិច្ច​សហប្រតិបត្ដិ​ការ​​ជាមួយ​បណ្ដា​ប្រទេសក្នុង​តំបន់ និង​​ប្រទេស​ជិត​ខាង​ក្នុង​ការ​ធ្វើ​ល្បាត​រួមគ្នា​លើ​ផ្ទៃ​សមុទ្រ​គឺជា​ មធ្យោបាយ​ដ៏​ល្អដើម្បី​កាត់ បន្ថយ​​វិបត្ដិ និង​បង្ក្រាប​សកម្មភាព​ល្មើស​ច្បាប់​ផ្សេងៗ និង​ការពារ​ការ​ជ្រៀតចូល​នៃ​អំពើ​ភេរវ​កម្ម និងឧក្រិដ្ឋ​កម្ម​ឆ្លងដែន ដើម្បី​សន្ដិសុខ​ក្នុង​ប្រទេសជាតិ។
ទី៤-ការ​ធ្វើ​សមាហរណ​កម្ម​កងយោធពល​ខេមរភូមិន្ទនៅក្នុង​តំបន់ និង​អន្ដរជាតិៈ ក្នុង​កាលៈ​ទេសៈដែល​ប្រទេស​កម្ពុ​ជា​មាន​សន្ដិភាព កងយោធពល​ខេមរភូមិន្ទ​បាន​ផ្ដោត​ការ​យក​ចិ​ត្ដ​ទុក​ដាក់​ទៅលើ​ការធ្វើ​ សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​អន្ដរជាតិ​នៅ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សន្ដិសុខ​ត្រូវ​ពង្រឹង ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្ដិ​ការ​ទ្វេភាគី ពហុភាគី ហើយ​ខិតខំ​រួមចំណែក ដើម្បី​ធ្វើ​ឱ្យ​យន្ដការសន្ដិសុខ​ទាំងឡាយ​របស់​អាស៊ាន​ក្លាយទៅជា​យន្ដការ​ អនុវត្ដ​ដ៏​មាន​ប្រសិទ្ធភាព នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្ដិ និង​បញ្ហាផ្សេងៗ​នៅ​ក្នុង​តំបន់។ គោលដៅ​សំខាន់ គឺ​ការ​បង្កើន​ប្រសិទ្ធភាព​របស់​យន្ដការសន្ដិសុខ​អាស៊ាន និង​ការ​កសាង​សហគមន៍ សន្ដិសុខ​អាស៊ាន​ឱ្យ​បាន​នៅ​ឆ្នាំ២០១៥។ ក្នុង​ការ​កសាងសន្ដិភាព​ពិភពលោក​ចាប់​តាំង​ពី​​ខែ​មេសា ឆ្នាំ២០០៦ មក​កង​យោធពល​ខេមរភូមិន្ទ​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិការ​ដោះមីន​មនុស្សធម៌ និង​បំពេញភារកិច្ច​ជា​អ្នកសង្កេតការណ៍​យោធា​ប្រកប​ដោយ​ប្រសិទ្ធភាព និងជោគជ័យ​នៅ​ប្រទេស​ស៊ូដង់​នៃ​ទ្វីបអាហ្វ្រិក ក្នុង​បេសកកម្ម​រក្សា​មនុស្សធម៌​កង​រក្សា​សន្ដិភាព​របស់អង្គការ​សហ​ប្រជា​ ជាតិ។ 
តទៅ​អនាគត​យើង​នៅតែ​បន្ដ​ការងារ​ទៀត ហើយ​នឹង​អាច​ត្រៀម​រៀបចំពង្រឹង​លក្ខណៈ​សម្បត្ដិ និង​គុណ​ភាព​ផ្សេងៗឱ្យមាន​វិជ្ជាជីវៈ​ច្បាស់លាស់ចំពោះ​ភារកិច្ច​នានា ​ដែលកំពុង​តម្រូវ​ការ​​ពី​អន្ដរជាតិ ​គឺ​រៀបចំ​បេក្ខភាព​មន្ដ្រី​ជាន់ខ្ពស់ ក្នុង​ការងារ​រក្សា​សន្ដិភាព​នៅ​អង្គការ​សហ​ប្រ ជា​​ជាតិ និង​បេក្ខជន​ផ្សេងៗ​ទៀត។
ទី៥-កសាង​សមត្ថភាព​សម្រាប់​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ពេល​មាន​គ្រោះ​មហន្ដរាយៈ គ្រោះមហ ​ន្ដ​រាយធម្មជាតិ​អាច​នឹង​កើតឡើង​ជាយថាហេតុ និង​បង្ក​ឱ្យ​ខូចខាត​មាន​ទំហំធំៗជាច្រើន ដោយ​មិនអាច​គិតទុកជាមុន​បានឡើយ។ អ្នកវិទ្យាសាស្ដ្រ​ភាគច្រើន​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ ការផ្លាស់ប្ដូរ​ធាតុអាកាស​នា​ពេល​អនាគត​។ ហេតុនេះតម្រូវ​ឱ្យ​មាន​​ការ​ឆ្លើយ​តប​ក្នុង​ប្រតិ​ប​ត្ដិ​ការ​​នេះ ឱ្យ​បាន​ទាន់​ពេលវេលា​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ និង​មានការ​សហការ​រវាង​ស្ថាប័ន​ស៊ីវិល។
ទាក់​ទង​នឹង​ភារកិច្ច​ទី៥នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ ដឹងថា កងយោធ​ពល​​ខេមរភូមិន្ទ បាន​អនុវត្ដ​រួចមកហើយ​ក្នុង​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ដូចជា​គ្រោះ​ទឹក​ ជំនន់ គ្រោះ​រាំងស្ងួត គ្រោះ​អគ្គីភ័យ ការ​ដោះ​មីន​រំដោះ​ដី ស្រែ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​បង្កបង្កើនផល និង​ការ​បញ្ជូន​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រចិត្ដ ​ចុះ​ពិនិត្យ​ព្យាបាលជំងឺ​ជូន​ប្រជាជន​នៅ​តាម​ជនបទ​ដាច់​ស្រ​យាល ព្រមទាំង​បាន​ចាត់តាំង​តំណាង​ក្រសួង​ការពារជាតិ ចូលរួម​ក្នុង​គណៈកម្មាធិការ​ជាតិ​សង្គ្រោះ​​គ្រោះ​មហន្ដរាយ ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកនាំ​បញ្ជាបណ្ដា​អង្គភាព​ធ្វើ​ប្រតិ​ប​ត្ដិ​ការ ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​៕

សម្ភាសន៍​ លោក​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​ ក្រម​​សីលធម៌​​របស់​អ្នក​នយោ​បាយ​

ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៣
លោក សត្យា រក្ស​
          សំណួរ​៖ ជាទូទៅ​​មេដឹកនាំបក្សប្រឆាំង​នៅកម្ពុជា គាត់ច្រើនតែប្រើបា្រស់នូវភាសា​ អសុរស ឬភាសា​ដែល​មិនមានសេចក្ដីថ្លៃថ្នូរ ដូចជាការជេរ​ប្រមាថ​ប្រជាពលរដ្ឋ ដូចជាពាក្យថា ខ្លៅ ខ្លាច ឃា្លន អី​ជា​ដើម​-ល- រួមជាមួយនិង​ការ​ប្រើ​ភាសា​ដូចជា​ ក្បាលយួនខ្លួនខ្មែរ និង​ពាក្យ​ក្បត់ជាតិ​ -ល-​ ជា​ច្រើនទៀត។ ភាសាទាំងអស់នេះ បើយើងស្ដាប់ទៅ​គឺវាអាក្រក់ ហើយ​បើតាម​ចរឹត​​ខ្មែរ​​យើង​ដែល​ធ្លាប់​ទទួល​បាន​ការ​អប់រំ​តាមរយៈក្រមសីល​ ធម៌​ពុទ្ធិសាសនា​ជាដើម ហ្នឹង គឺ​យើង​ពិបាក​នឹងទទួលយក។​​ ថ្មីៗនេះផងដែរ​ ប្រមុខរាជ​រដ្ឋាភិបាល​សម្ដេច​អគ្គសេនាមហា​សេនា​បតី​​តេជោ ហ៊ុន សែន ក៏លោកបានមានប្រសាសន៍​ស្នើ​សុំ​ជាមួយនឹងការរៀបចំនូវ​ច្បាប់ ដាក់​ទោសទណ្ឌ​ទៅដល់​អ្នកនយោបាយដែលប្រើប្រាស់​នូវ​​ភាសាអសុរស ឬក៏​ភាសាដែល​ខ្វះសីលធម៌​នេះ​ផង​ដែរ​។ ជុំវិញសំណើ​នេះ ហើយក៏ដូចជា​ទស្សនៈយល់ឃើញ​របស់​លោក​បណ្ឌិត​ ចំពោះ​អ្នក​នយោបាយ​ប្រឆាំង​នៅកម្ពុជា ដែលតែងតែ​ប្រើប្រាស់នូវ​ភាសាអសុរសនេះ លោក​បណ្ឌិត​​មាន​ទស្សនៈ​យ៉ាង​ម៉េច​?​
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​​៖​​ ​បើ​យើង​គិត​​មក​ដល់ពេលនេះ វាចូល ២០ ឆ្នាំ ហើយឈាន​ចូល​ដល់​នីតិកាល​ទី​៥ នៃរដ្ឋសភា ចូលឆ្នាំទី​២១ ទី​២២ ទៀតហើយ នៅសល់​តែ​ប៉ុន្មាន​ខែ​​ទេ។ អញ្ចឹង​ដើម្បី​ឲ្យ​ការ​បោះ​​ជំហ៊ាន​របស់​យើង​ នៅក្នុងដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ជាពិសេស​នៅក្នុង​ទីលាន​ប្រកួត​ប្រជែង​នយោបាយហ្នឹង គួរ​ឲ្យគណបក្សនយោបាយ​ជា​ពិសេស​មេដឹកនាំ​គណបក្ស​​​នយោបាយ​​ ហើយនិងអ្នកធ្វើនយោបាយហ្នឹង ​ដើរនៅ​លើ​គន្លង​មួយដែលភាសា​បច្ចេកទេស​​​ក្នុងន័យ​​​វិទ្យាសាស្ដ្រ​នយោបាយ​ គេហៅថា គន្លងវប្បធម៌ នយោបាយ​ប្រជាធិប​តេយ្យ​​។ ហើយ​​បើ​និយាយ​​នៅ​ក្នុង​ជា​បញ្ញត្តិវិញ ជាសីលធម៌វិញ គឺយើង​តែង​ជាអត្ថបទហ្នឹង គឺ​យើ​ង​ហៅ​ថា ក្រមសីលធម៌​។ ត្រង់ហ្នឹងវាចូលដល់ពេលហើយ ព្រោះយើង​មិន​អាច​ព្រងើយ​កន្ដើយ​​ចំពោះ​អ្នក​នយោបាយ​ ដែលប្រើភាសាចោទប្រកាន់ និងវាយប្រហារគូ​រ​ប្រកួត​ទេ។ គេអាច​វាយប្រហារ​គូ​រ​ប្រកួត​ដោយ​វិធី​នៃ​ការ​បង្ហាញ​នូវ​ទស្សនៈ ប៉ុន្តែអត់អាចទៅចោទប្រកាន់​គេ​អាក្រក់ រហូត​ដល់​ប្រើ​ពាក្យ​សុទ្ធ​តែ​ក្បត់​ជាតិ ក្បាលយួនខ្លួនខ្មែរ អាយ៉ង ​​ហើយចោទតែ​ផ្ដេស​តែផ្ដាសនោះទេ​។​ត្រង់​ចំណុច​នេះ​ មិនមែនជានយោបាយទេ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​ចាំ​ បើគេធ្វើ​នយោបាយ​ដូច​អស់​លោក​គណបក្ស​ប្រឆាំង ដែលចង់ប្រកួត​ប្រជែង​ជាមួយនឹង​គណបក្ស​ប្រជាជនកម្ពុជា ប៉ុន្តែ​បែរ​ទៅ​ជា​បន្ទុះ​បង្អាប់​ វាយប្រហារ ​ចោទប្រកាន់​រហូតទៅ​ចោទ​ថា​គេ​ក្បត់​ជាតិ ក្បាលយួនខ្លួនខ្មែរ ត្រង់ហ្នឹង​មិនមែន​​ជា​នយោបាយទេ អាហ្នឹង​គឺ​ជា​ពួកជន​​ពាល​​​ទេ​។ ហើយ​បើយើង​ហ៊ាន​ដើរ​តួជា​អ្នក​នយោបាយ​ យើងត្រូវបង្ហាញអំពីគំនិតដ៏​ល្អ​របស់​យើង​ តែមិនមែនឲ្យអួតទេ គឺ​បង្ហាញ​គំនិត​របស់​យើង​មក​ ជាជម្រើសផ្សេងមួយទៀតខុសពី​​គំនិត​​នយោបាយ​របស់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​​ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើស។ ប៉ុន្តែ​មិនមែនទៅយកវិធីទម្លាក់ចោទគេនោះទេ។​ ត្រង់ហ្នឹង​ដែល​ខ្ញុំចង់​បើកវង់ក្រចកតូចមួយ ព្រោះ​មាន​អស់លោកមេអង្គការសិទ្ធិ​មនុស្ស​ក្នុង​ស្រុក​​ ដែល​មាន​និន្នាកា​រ​ប្រឆាំង គាត់​អត់​ដឹងថា​ តើ​ពាក្យជេរ​គ្នា​នៅ​ក្នុង​ន័យ​នយោបាយ​គឺ​មិនដូច​ការ​ជេរ​បញ្ចោរ​គ្នា​ ដូចយើងនៅទី​ផ្សារនោះ​ទេ​។​ ទីផ្សារ​នយោបាយខុសពីទីផ្សារលក់ដូរ ខ្ញុំហៅពាក្យ​ទីផ្សារ​នយោបាយ​ទៅ​ចុះ​ ដើម្បីឲ្យ​គាត់​យល់​​បន្តិច។ ក្នុងន័យពិតប្រាកដ​គឺ​គេហៅ​ថា​ ទីលាន​ប្រកួត​ប្រជែង​​នយោបាយ​​ តែ​ឥឡូវ​យើង​ហៅ​​ថា​ទីផ្សារ​នយោបាយទៅ​​ចុះ។​ ការ​ប្រកួតប្រជែងគ្នា គឺ​គេ​អត់​ប្រើ​ពាក្យ​ពាលាអាវ៉ាសែ​ទេ​ គេប្រើពាក្យឲ្យសមរម្យក្នុងន័យនយោបាយ​អញ្ចឹង​ពាក្យដែល​ជេរ​គ្នា​ក្នុង​ន័យ​ នយោបាយ​ មិន​មែន​ទាល់តែ​ជេរ​​បញ្ចោរ​គ្នាដូច​នៅ​ទីផ្សារលក់​ត្រី​ទេ​។​ ឧទាហរណ៍ ដូច​គូរ​​ប្រកួត​​នយោបាយ​​ទៅ​ចោទ​ម្ខាង​ទៀត​​ថា​ ក្បត់ជាតិ ត្រង់ហ្នឹង គេហៅថា​ជេរ​ហើយ។ ក្បាលយួន​ខ្លួន​ខ្មែរ​ បម្រើ​ឲ្យយួន គឺជេរ​ហើយ​ត្រង់​ហ្នឹ​ង​ សុទ្ធតែហឹង្សា​​ហើយត្រង់ហ្នឹង គឺ​ កឹម សុខា គាត់ខូច។ គាត់​និយាយ​ថា​ គាត់អត់យក​ខ្មែរ​ណា​ធ្វើជាសត្រូវទេ​ ប៉ុន្តែ​ស្រាប់តែ​​ចូលដល់​ឃា្លទី ២ បើអ្នកចង់​បោះឆ្នោត​គាំទ្រ​​ឲ្យ​គេកាត់​ដី​ឲ្យយួន អើ​ បោះ​ទៀតទៅ ​ត្រង់ហ្នឹងគឺ​ជេ​រ​ហើយ​។​ ត្រង់ហ្នឹង​មិនមែន​ស្ថាបនា​ទេ​។ បើ​អ្នក​ឯងចង់គាំទ្រកុម្មុយនីសបោះទៀតទៅ ត្រង់ហ្នឹងគេហៅជេ​រ​ហើយ មិនមែន​ទាល់​តែ​​ជេរ​​បញ្ចោរ​ដូច​នៅផ្សារ​​ទើប​ហៅថា​ជេរ​ទេ​។​ ដូច្នេះ អស់​លោក NGO ដែល​ពាក់​ស្លាក​សិទ្ធិមនុស្ស​ កុំល្ងង់ពេក។ បើយើងចង់ដើរតួប្រដៅ និង​ចូលរួមជួយសង្គមក្នុងក្រមសីលធម៌ ត្រូវ​ខ្លួនឯង​ឲ្យ​យល់​ផង​។​
លោក សត្យា រក្ស​
សំណួរ​៖ ត្រង់ចំណុចនេះ សូម​លោកបណ្ឌិតជួយ​​បញ្ជាក់​បន្ដិច ត្រង់ថា ជាទូទៅ គឺ​គណបក្ស​ប្រឆាំង​នៅកម្ពុជា ទាំងលោកទណ្ឌិត សម រង្ស៊ី ទាំងលោក កឹ​ម សុខា ដែលកំពុង​តែ​រៀន​​ធ្វើ​​នយោបាយ​នាពេលបច្ចុប្បន្ននេះ យើងឃើញថា គាត់និយមប្រើប្រាស់នូវ​ភាសា​អសុរស ដូចជា​​ចោទប្រកាន់​អ្នកបោះឆ្នោតជូនគណបក្សប្រជាជន អ្នកគាំទ្រគណបក្សប្រជាជន ថា​ជា​យួន​ ដែល​មាន​ន័យថា​ គាត់ចោទប្រកាន់ទាំងស្រុងតែម្ដង។ មានពាក្យ​មួយចំនួនទៀត ទាក់ទង​ទៅ​នឹង​​គាត់​និយាយថា លក់​ជាតិ លក់​ទឹកដី ក្បាលយួនខ្លួនខ្មែរអីជាដើម​នេះ គឺសុទ្ធ​តែ​ជា​ភាសា​របស់​លោក កឹម​ សុខា រួមជាមួយនឹងពាក្យអាក្រក់​ៗដ៏ទៃទៀត ដែលយើងមើលទៅ​បង្ហាញឲ្យ​ឃើញអំពី​ភាព​ស្លន់ស្លោ និងការស្លឈាមរបស់លោក កឹម សុខា នេះតែម្ដង។ អញ្ចឹងខ្ញុំចង់ឲ្យលោក​បណ្ឌិត​ជួយ​បង្ហាញ​ជូន​ជនរួមជាតិ ថាតើ​ហេតុអ្វី​បានជាផ្លូវល្អ សម្ដីល្អ អ្នក​នយោបាយ​​ប្រឆាំង​មិនបាន​យក​មក​ប្រើប្រាស់​ រួមជាមួយនឹងភ្លេចគិតថា ការប្រឆាំង​របស់​អ្នក​នយោបាយ​​ គឺ​ជា​ការប្រឆាំង​ដោយ​ស្ថាបនា​ ដោយបង្ហាញ​អំពីទស្សនៈ​យល់ឃើញ​របស់​ខ្លួន​ក្នុង​ផ្លូវ​ប្រយោជន៍​​ជាតិ ប្រយោជន៍​ប្រជា​ពលរដ្ឋ​នេះ គាត់មិនយកមកប្រើ គាត់ប្រើពាក្យអសុរស ដើម្បី​ដណ្ដើ​ម​ប្រជាប្រិយភាព ដើម្បី​បញ្ចុះ​បញ្ចូល​ និងបញ្ជ្រាបក្នុងស្រទាប់មហាជនទៅវិញ។ ចំណុច​នេះ លោក​បណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​បានជា បក្សប្រឆាំង​ជ្រើសរើស​ចំណុចដែល​ខុស​ យកមកធ្វើ យក​មកអនុវត្តបែប​នេះ​?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ រឿង​នេះ គឺពាក់ព័ន្ធទៅនឹងសមត្ថភាពធ្វើនយោបាយ។ ខ្ញុំហ៊ាននិយាយ ហើយ​អាច​លោក សម រង្ស៊ី ក្ដី លោក កឹម សុខា ក្ដី ឬក៏ក្រុមរបស់គាត់តតាំងចុះ ហើយ​ធ្វើការ​ប្រៀបធៀប​ចុះ​។​ តាមពិតខ្ញុំមិន​ចូលចិត្ដឲ្យទៅប្រៀបធៀបជាមួយបរទេសទេ​ តែដោយសារ​អស់​លោក​ហ្នឹង មួយម៉ាត់ណាក៏​បរទេស​ហើយយករឿងហ្នឹង ទៅប្រៀបធៀបទៅ។ នៅពេល​ដែល​គណបក្ស​មួយ​គ្មាន​សមត្ថភាព​ធ្វើ​​នយោបាយ​ ហើយ​អ្វីទៅ​ជាសមត្ថ​ភាពធ្វើនយោបាយ? សមត្ថភាព​ធ្វើ​នយោបាយ​ គឺទាមទារចាំបាច់​ទាំង​បុគ្គលិកលក្ខណៈ​របស់បុគ្គលដឹកនាំគណបក្ស ទាំង​ទម្រង់នៃការ​រៀបចំគណបក្សតាម​ប្រជាធិប​តេយ្យផ្ទៃក្នុងបក្ស។ បានន័យថា គណបក្ស​មួយ​ ដែលយោងតាមនិយមន័យច្បាប់ និងនិយម​ន័យ​វិទ្យាសាស្ដ្រនយោបាយ គឺជាក្រុម​ប្រជា​ពលរដ្ឋ​​ដែល​មាន​ទស្សនៈ​នយោបាយ​​ស្រដៀងគ្នា រួមគ្នា​បង្កើតឡើងដើម្បីគោលបំណង យក​គំនិត​​ខ្លួន​​ទៅ​​ប្រកួត​ប្រជែង​ក្នុងការអភិវឌ្ឍប្រទេស។ ការ​ប្រកួ​តប្រជែងក្នុងការអភិវឌ្ឍប្រទេស មិនមែន​​មានន័យ​ថា​ ការ​ប្រកួតប្រជែងជេរ​បញ្ចោរ​គ្នា​ទេ​ ហើយ​ចំណុចហ្នឹង តើយក​ស្អី​ទៅ​ប្រកួត​ប្រជែង​?​ មិនមែន​យក​ពាក្យ​សង្ខោញ​ដូរៗ​ដូចលោក កឹម សុខា ទេ គឺគំនិត តើអ្នកមាន​ទស្សនៈ​​នយោបាយ​ស្អី​ ទៅប្រកួតជាមួយទស្សនៈនយោបាយរបស់គូ​ប្រកួតរបស់ខ្លួន។ អញ្ចឹង​វា​ទាមទារ​​ឲ្យ​មាន​​កម្មវិធី​នយោបាយ​ មានគោលនយោបាយ ហើយ​មាន​ជីវភាព​នយោបាយ​ទៀត​។​​ មិនត្រឹមតែ​មាន​គោល​នយោបាយ​ កម្មវិធីនយោបាយ ដែលថ្នាក់​លើ​ជាអ្នក​​កំណត់​ទេ ​ប៉ុន្តែ​ត្រូវ​មាន​រចនា​សម្ព័ន្ធ​គណបក្ស​តាំង​ពីលើដល់ក្រោមទៀត​។​ ប៉ុន្តែ​នៅពេលដែល​អត់មាន​ការ​ផ្ដល់​​នូវ​លទ្ធភាព​នៃ​ដំណើរ​ការ​​បង្កើត​​ ឆន្ទៈ​នយោបាយ អត់មាន​នូវ​ដំណើរ​ការសម្ដែង​ឆន្ទៈ​នយោបាយ​ និង​អត់មាន​នូវ​ដំណើរ​ការ​សម្រេច​នូវ​ឆន្ទៈនយោបាយ​ផ្ទៃក្នុងគណបក្សតាំង​ ពីក្រោម​ឡើង​ទៅលើ ​គឺ​វាអត់មាន​នូវ​មូលដ្ឋាន​​​អី​​ទាំង​អស់​ ដូច្នេះ គឺ​វាអត់មានលក្ខណៈ​សម្បត្តិ​ជា​គណបក្ស​នយោបាយទេ។ អញ្ចឹង​ពួក​គាត់​ដែលជា​គណបក្សប្រឆាំង ខ្ញុំហ៊ានថា ឲ្យតតាំងចុះ​ហើយ​ខ្ញុំអាចនឹងឲ្យ​ទៅមើល​សន្ទានុក្រម​ទៀត​។​ គណបក្សនយោបាយ សម រង្ស៊ី គណបក្ស​នយោបាយ កឹម សុខា ថ្វីត្បិត​ទទួល​នីត្យានុកូលភាព​ពី​ក្រសួង​មហាផ្ទៃ​ ថាជា​គណបក្សតាម​​ផ្លូវ​ច្បាប់​ក៏​ពិតមែន​ ប៉ុន្តែក្នុ​ង​លក្ខណៈ​សម្បត្តិ​ តាមនីតិរដ្ឋធម្មនុញ្ញ និងវិទ្យាសាស្ដ្រនយោបាយ ពួកគាត់បាន​កម្រិត​ត្រឹមតែ​ជា​បន​នយោបាយ​ទេ​។​ បននយោបាយហ្នឹង គឺបានន័យថា ជា​ក្រុម​មនុស្ស​​ដង្ហែរ​​​តាម​មេបក្ស​ ហើយ​អត់ដឹង​អី​ទេ។​ ដង្ហែរ​អីហ្នឹង គឺថាមេបក្សដោះខោអាវចេញ ដោះ​តាម​ មេបក្សដូរ​អាវ​ចេញ ដូរ​តាម។ ដូច្នេះ ចេញពីដូរ​លោកខែ មកព្រះច័ន្ទ។​ ចេញពី​ព្រះច័ន្ទ​​ទៅ​នៅ​​​លោក​ខែ ឬ​ពី​លោកខែ​ទៅ ទៀន។​ ដល់ឥឡូវ ទៀន និង លោកខែ ​ឆេះខ្ទេច​ក្លាយ​ទៅ​ជា​ព្រះច័ន្ទ​​។ ត្រង់ហ្នឹងគេហៅថា​ដង្ហែរ​​ហើយ​និង​ដែល​ខ្ញុំ​ចង់​និយាយ​ថាជា​​​បននយោបាយ គឺត្រង់​ហ្នឹង​​ហើយ​។ អញ្ចឹង​គាត់​អត់មាន​អ្វីក្រៅ​អំពី​សម្រែក​​នៃការ​ជេរ​ និងបន្ទុះ​បង្អាប់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​​។ បើសិនជាគាត់មាន​លក្ខណៈ​ជា​គណបក្ស​​នយោបាយ​វិញ វាគ្មានពេល​ឯណាទៅ​ហត់​ក្នុង​ការ​ជេរ​គូប្រកួត​ វាយ​ប្រហារ​គូប្រកួត​ទេ​។​ គ្រាន់តែមួយថ្ងៃៗ ធ្វើការតែ ៨ ម៉ោង ឲ្យតែ​ពេញ​ទៅ​ ដើម្បីរៀបកម្មវិធីនយោបាយ​គោល​នយោបាយ​ និងវិធីសាស្រ្ដនៃការឃោសនាទៅ​ គឺ​គ្រប់គ្រាន់​ហើយ​។ ខ្ញុំថា ៥ ឆ្នាំ ក៏តិចដែរ ប៉ុន្តែ​បើ​គាត់​អត់​ធ្វើ​ គាត់​មានពេលតែទៅគ្រលាស់​គល់​អណ្ដាត ដើរធ្វើ​នយោបាយ​អាវ៉ាសែ​នៅតាម​ទី​សាធារណៈ​  គឺ​មានតែជេ​រ។​ នៅក្នុងសភា និយាយ​ជាមួយ​គេអត់​កើត ព្រោះខ្លួនក្នុងវិស័យមួយៗ ដែល​ត្រូ​វមក​ដាក់ជា​បរិបទ​នៃ​ការ​ពិភាក្សា​ក្នុង​អង្គ​ប្រជុំ ខ្លួនអត់មានចំណេះ មានតែនិយាយថា ពុករលួយៗ ហើយស្អី ក៏​អាក្រក់ៗ​។​មួយទៀត​ មិនមែនឲ្យ​អ្នក​ឯង​និយាយ​ក្នុង​សភា​ទៅ​កែ​រដ្ឋាភិបាល​ទេ​ គ្មានប្រទេស​ប្រជាធិប​តេយ្យ​​ណា​ ដែលតំណាងរាស្ដ្រ​គណបក្ស​ប្រឆាំង​ទៅកែ​រដ្ឋាភិបាល​ទេ​។​ ឥឡូវក្រែងថា យើង​និយាយ​គ្មាន​សម្អាង ទៅយក​អាមេរិក​មក ដែលគេ​ចូលចិត្ត​យក​អាមេរិ​ក គណបក្ស​សាធារណរដ្ឋ​ មិនជាគណបក្សក្រៅ​រដ្ឋាភិបាល ជា​គណបក្សប្រឆាំង អញ្ចឹង​សួរថា​ គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុងសភា ទោះបីគាត់មាន​ភាគច្រើន សួរថា គាត់​ទៅ​កែ​រដ្ឋាភិបាល​ អូបាម៉ា ដែរឬទេ​? គឺ​អត់ទេ។ គេអត់មានសមត្ថកិច្ច ឬសិទ្ធិ​កាតព្វកិច្ច​ទៅកែរដ្ឋាភិបាល អូបាម៉ា ជា​ដាច់​ខាត​ ប៉ុន្តែគេមានតុល្យភាពនយោបាយ ក្នុងការតទល់​គ្នា​ជាមួយ​នឹង​នយោបាយ​របស់​លោក​ អូបាម៉ា។ យ៉ាងណាមិញ សភាកម្ពុជា ក៏​អញ្ចឹងដែរ អ្នកមិនមែន​បញ្ចេញ​សម្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​របស់​ សម្ដេចនាយករដ្ឋមន្រ្តី កែទេ គណៈរដ្ឋមន្រ្ដីរបស់សម្ដេចមិន​មែន​ទៅ​កែ​តាម​អានុសាសន៍​​​​របស់​គណបក្ស​ ប្រឆាំង​ជាដាច់ខាត។ ផ្ទុយទៅវិញ គណបក្សប្រឆាំង​ដែល​បញ្ចេញ​សម្លេង​​នៅក្នុង​សភា បង្ហាញអំពីតុល្យភាពនៃគំនិតនយោបាយរប​ស់ខ្លួន​ ប្រឈម​ជាមួយ​នឹង​គំនិត​​នយោបាយ​រ​ប​ស់រាជរដ្ឋាភិបាល។ ត្រង់ហ្នឹង អ្នកណាអ្នកសម្រេច ដូចលោក សត្យារក្ស បានលើកហ្នឹងហើយថា ស្ថាបនាក្នុងកិច្ចការផលប្រយោជន៍​ជាតិ។ អ្នកសម្រេចគឺ​ប្រជាពលរដ្ឋ មិនមែន​​ទៅ​ឲ្យរដ្ឋាភិបាល​ធ្វើតាមគំនិតអ្នកឯង​ទេ​។​ បានន័យថា​ ​គណបក្សប្រជាជន ដែល​ឈ្នះឆ្នោត​​តាមរយៈ​​ប្រជា​ពលរដ្ឋគាំទ្រ​ កម្មវិធីនយោបាយរបស់គណបក្សប្រជាជន ដែលដាក់​សម្រាប់​ ៥ ឆ្នាំ ហ្នឹង ស្រាប់តែ​មិនធ្វើតាម ទៅធ្វើ​តាមក្រុមភាគតិច ដែល​តំណាង​ដោយ​គណបក្ស​សម រង្ស៊ី កឹម សុខា វា​ចប់​បាត់​ហើយ មិនចាំបាច់ទៅប្រកួតប្រជែងបោះឆ្នោតធ្វើអីទេ​។ ធ្វើតាម សម រង្ស៊ី និង កឹម សុខា ចប់​បាត់ហើយ គេមិនអាចធ្វើតាមទេ ហើយ​អ្នក​ក៏​គ្មាន​កាតព្វកិច្ច​ដែរ​។ អញ្ចឹង​ទាញមកវិញ អ្នក​ត្រូវតែ​ធ្វើនយោបាយ មិនមែនជេរ​រដ្ឋាភិបាល​ ជេរ​គណបក្ស​ប្រជាជន​ទេ ធ្វើ​នយោបាយ​ក្នុងនាមជា​​នយោបាយប្រឈមតទល់ ពេលនោះ​អ្នក​នឹង​ហត់​ អ្នកប្រាកដជាគិតថា មិន​ចាំបាច់ជេរ​គ្នា​ទេ​ ប៉ុន្តែ​ពួកគាត់អត់ដែលរវល់ទេ។ ​ឧទាហរណ៍ កឹម សុខា ៥ ឆ្នាំ តើ​បានធ្វើអីខ្លះ​?​ សម រង្ស៊ី ៥ ឆ្នាំ គ្មាន​ធ្វើអីក្រៅពីដើររញ៉េរញ៉ៃ​បង្កើត​ឲ្យមាន​បញ្ហា​ ហើយក្រៅពីហ្នឹង អ្នក​ដែល​ដង្ហែរ​តាម​ កឹម សុខា អ្នកដែលដង្ហែរ​តាម​ លោក សម រង្ស៊ី គឺអត់​មាន​​បានធ្វើ​​ស្អីទេ​ក្នុងរយះពេល​ ៥ ឆ្នាំ ហ្នឹង ។
-មតិ​លោក​ សត្យា រក្ស ​៖
ត្រង់ចំណុចនេះ សង្ឃឹមថា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនរួមជាតិ ដែលកំពុងតែ​តាម​ដានស្ដាប់ គឺអាចនឹងមានការស្វែង​យល់បានមួយកម្រិតទៀត។ ពីព្រោះ​ធម្មតា​ រវាង​តួអង្គ​អ្នក​ប្រដៅ​គេ​ និងតួអង្គអ្នកដែលត្រូវ​គេ​ប្រដៅ អញ្ចឹងអ្នកដែលប្រដៅគេ អ្នកដែលអប់រំគេ លុះត្រា​ណា​តែ​ខ្លួន​ឯង​ហ្នឹង ប្រសើរជាងគេ។ តួយ៉ាង​ដូចជាគណបក្សប្រឆាំង លោក សម រង្ស៊ី ក្ដី លោក កឹម សុខា ក្ដី សុទ្ធតែដើរតួជាគ្រូ​ប្រដៅ​គណបក្សប្រជាជន​។ ឥឡូវយើងសួរថា តើគណបក្ស​របស់​ខ្លួន​នេះ​ វារីកចម្រើន​​ប៉ុណ្ណា? ​ដូចជាលោក សម រង្ស៊ី ជិត ២០ ឆ្នាំ ហើយ សួរថា តើ​គណបក្ស​របស់​ខ្លួន​ហ្នឹង​ មាន​សុខភាព​​រីក​​ធំធាត់​កម្រិតណា។ តាំងពី​គណប​ក្ស​មួយ ដែលហៅថា រឹងមាំគ្រាន់​បើ​ដែរ ហើយ​រហូត​មកដល់​បញ្ចូល​គណបក្ស​មួយ​ទៀត​ ឲ្យបាន ២ រួម​ធ្វើតែ​មួយ។​ នេះ​បានន័យថា វារួម​តូច​ នេះមិនមែន​​រួម​ធំ​ទេ។ អញ្ចឹង ដែល​យើង​អាចរិះគន់​គេ ថាគេមិនល្អ ថាគេមិនប្រសើរ ថាគេ​មិន​​ឈ្លាស​វៃ វាលុះ​ណាតែខ្លួនយើង វាប្រសើរជាងគេ ឬក៏ប្រហាក់ប្រហែលគេ។ ប៉ុន្តែបើសិន​ណា​ជា​ខ្លួន​ហ្នឹង​ អន់​ ដឹកនាំតែកូនបក្ស ច្រមិចច្រមក់​មួយអត់ទៅមុខ ហើយខ្លួននោះ គិតតែពីជាប់គុក ជាប់​ច្រវ៉ាក់ ត្រង់​ហ្នឹង គឺវា​ជា​សញ្ញា​មួយ បញ្ជាក់ថា ជីវិតចុងក្រោយ​នៃឆាក​នយោបាយ​របស់​គណបក្ស​​ប្រឆាំង​ហ្នឹង វាត្រូវ​បាន​បញ្ចប់​ហើយ​។
សំណួរ​៖ ​ឥឡូវ​ទាក់ទង​​ទៅនឹងបញ្ហា​ទោសទណ្ឌ​របស់​លោក​ សម រង្ស៊ី វិញម្ដង។​ ត្រង់​ចំណុច​នេះ គណបក្សប្រឆាំងកំពុងតែបន្លំ​មតិប្រជាពលរដ្ឋ។ ការបន្លំរបស់គាត់នោះ គឺ​ខ្ញុំ​ជឿ​ជាក់ថា ដោយ​សារ​តែ​វិស័យ​​ច្បាប់ ឬក៏​ការយល់ដឹងខាង​ផ្នែកផ្លូវច្បាប់ហ្នឹង គឺ​ប្រជាពលរដ្ឋ​យើង​នៅមាន​កម្រិត​នៅ​ឡើយ​ទេ​​។ ដោយសារយើង​​ងើបពីសង្រ្គាមនោះ​ផង ហើយ​ប្រជា​ពលរដ្ឋ​របស់​យើង​ភាគ​ច្រើន លោក​មមាញឹក​ជាមួយនឹងកិច្ចការប្រចាំថ្ងៃរបស់​គាត់​ផង​។ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ គឺ​រាជរដ្ឋាភិបាល​របស់យើងបានផ្ដល់សិទ្ធិសេរីភាពក្នុងការប្រកបមុខរបររក​ស៊ី​ ទទួល​ទាន។ អញ្ចឹង​អ្វី គឺជា​សេចក្ដី​​ចាំបាច់នៅ​ក្នុងក្រុមគ្រួសារគាត់ គឺត្រូវតែធ្វើកិច្ចការងារដើម្បី​​សម្រួល​ទៅដល់​ជីវភាព​​រស់នៅ​។
រឿងដែលបក្សប្រឆាំងបន្លំហ្នឹង គឺត្រង់ថា គាត់និយាយអំពី​អ្នក​ទោសនយោបាយ តួ​យ៉ាង គឺលោក សម រង្ស៊ី ដែលប្រព្រឹត្តនូវ​បទល្មើសជាក់ស្ដែងក្នុងការដក​បង្គោល​ព្រំដែន​កន្លង​មក​នេះ​ គឺអស់លោកដែលជាអ្នកហែរហម ឬក៏អ្នកដែលគេហៅថាមាន​ស្វាមី​ភ័ក្ដ​ជាមួយ សម រង្ស៊ី គឺបាន​បន្លើ​សម្លេង​ថា ទោសរបស់លោក សម រង្ស៊ី នេះ គឺជាទោស​នយោបាយ។ ប៉ុន្តែ​ថ្មីៗ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបាន​បញ្ជាក់​នៅ​ចំពោះ​មុខ​ លោក បារ៉ាក់ អូបាម៉ា​ ប្រធានាធិបតីសហរដ្ឋអាមេរិកថា កម្ពុជា​ពុំមាន​អ្នកទោស​នយោបាយ​ទេ​។ អញ្ចឹង​ជុំវិញ​លោក សម រង្ស៊ី ដែលបក្សប្រឆាំងគេថា ជាទោស​នយោបាយ នេះ​​លោក​បណ្ឌិត​​មាន​​អី​ដើម្បី​ពន្យល់​​ជូន​ប្រជាពលរដ្ឋ​?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ​ទី១ បងប្អូនប្រជាពលរដ្ឋ ត្រូវញែកឲ្យដាច់ពីគ្នា មួយ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ច្បាស់​​ហើយ​​ជា​ មួយនឹងប្រមុខរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺលោក បារ៉ាក់ អូបាម៉ា ដែល​លោក​​ បារ៉ាក់​ អូបាម៉ា ពុំបានចោទថា កម្ពុជាមានអ្នកទោសនយោបាយទេ គាត់គ្រាន់​តែ​នាំពាក្យ​ពី​ទស្សនៈ​​អ្នក​​នយោបាយ​នៅសហរដ្ឋអាមេរិក ដែលគេព្រួយបារម្ភ​ខ្លាចកម្ពុជា​មាន​អ្នក​ទោស​​នយោបាយ​​ដូច​​ដែល​គណបក្ស​ ប្រឆាំងលើ​ក។ ហើយប្រមុខរាជ​រដ្ឋាភិបាល​បាន​ជម្រាប​ហើយ​ថា​ កម្ពុជា​អត់មាន​ទេ​អ្នក​​ទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស មាន​ទោស​។ ពាក្យ​ហ្នឹង​ខុស​គ្នា​ មូល​ហេតុអី ដើម្បីឲ្យយើងមើលឲ្យច្បាស់ អ្នក​នយោបាយ​ក៏ជា​មនុស្ស​ដែរ​ ក៏ជា​ពលរដ្ឋ​ដូច​យើង​ដែរ​​​គ្រាន់តែខុសគ្នានឹង ឯកសណ្ឋាន។ អញ្ចឹងករណីលោក សម រង្ស៊ី គាត់ជាប់​ទោស​ក្នុង​នាម​ជា​ពល​រដ្ឋ​ទេ មិនមែនក្នុងនាមជាអ្នកនយោបាយទេ​ ចែកគ្នា​ឲ្យ​ដាច់​​។ តែ​ដោយសារ​លោក​ សម រង្ស៊ី គាត់មាន​​អាជីពជាអ្នកនយោបាយ ប្រធាន​គណបក្ស​ប្រឆាំង​ នៅក្នុង​ពេល​ដែល​គាត់​ជាប់​ទោស ម្នាក់​ៗចេះ​តែយកតួអង្គសម រង្ស៊ី ជាមេបក្សប្រឆាំង ប៉ុន្តែ​អ្វី​ដែល លោក សម រង្ស៊ី ទទួលទោសនោះ មិនមែន​ទទួលទោស​ក្នុង​ឯកសណ្ឋាន​ជា​ប្រធាន​គណបក្ស​​ប្រឆាំង​​ទេ​ ទទួលទោសជាពលរដ្ឋម្នាក់​ដែល​មានឈ្មោះ សម រង្ស៊ី បាន​ប្រព្រឹត្ត​​អំពើ​​ល្មើស​​ច្បាប់​មួយ​ គឺច្បាប់ចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ ក្រម​ព្រហ្មទណ្ឌរបស់យើង ពីទង្វើ មិនមែន​ពីអាជីព​អ្នក​នយោបាយ​ទេ អំពីទង្វើដែលដៃទាំងគូររបស់​គាត់ជាមនុស្សនោះ បានដក​បង្គោលតម្រុយព្រំដែន ដែល​ជា​បង្គោលនៃ​បញ្ញត្តិ​ការងារ​របស់​ប្រទេសពីរ កម្ពុជា វៀតណាម។ ហើយបញ្ញត្តិ​ការងារ​របស់​ប្រទេស​ពី​រ​នេះ​ វាមានសក្ដានុពល​និង​អត្ថន័យរបស់វា ដែលបុគ្គលម្នាក់​មិនអាច​ទៅចាប់​ដក​បាន​ដោយ​ស្រួល​ទេ​។ កុំនិយាយថា គេដាក់​បង្គោល​ឈើ​ពុ​ក​ កឹម សុខា ក្ដី សម រង្ស៊ី ក្ដី បរិវា​របស់​គាត់​ថា​ ឈើពុក​ផុយ ទោះបី​គេ​ដាក់តែ​ខ្សែអំបោះ​ក៏​អ្នក​ឯង​ប៉ះអត់​បានដែរ។ ត្រង់ហ្នឹងចង់បញ្ជាក់ថា ជា​បញ្ញត្តិ​ការងារ​ដែល​មាន​ជា​ធរមាន និងសក្ដានុ​ពល​ពេញច្បាប់របស់រដ្ឋពីរ គឺកម្ពុជា វៀតណាម ដែល​គ្មានប្រជាជាតិទាំងសងខាងណាមួយ​មក​​ប្រឆាំងជាដាច់ខាត។ បើសិនប្រជាជាតិ ឬ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អំណាចរដ្ឋ​ស្រេចតែចិត្ត​នោះ គឺ​ចប់​ហើយ​​។ អញ្ចឹងលោក សម រង្ស៊ី គាត់​មាន​ទោស​ទៅលើ​ទង្វើ​បទល្មើស​ព្រហ្មទណ្ឌ។ ហើយទីពីរទៀត គាត់​មានទោសមួយទៀត នៅពេល​ដែល​គាត់​ដក​ហើយ​ គាត់ដឹកមកភ្នំពេញ ហើយមានអ្នកខ្លះ​ការពារ​គាត់ថា គាត់អត់បានដក​ទេ​ ។ តាម​ពិត​លោក សម រង្ស៊ី នៅពេល​ដែលគាត់​​រាងវង្វេងបន្តិចនោះ ពេល​ដកហើយគាត់​អួតថា គាត់​ដឹក​ដាក់​​គូថ​ឡាន​​គាត់​មកភ្នំពេញទៀត​។ ដល់ក្រោយមក​ទម្លាក់ចោល​នៅឯណាឯណី ហើយ​គាត់​ឡើង​យន្ដហោះ​ទៅបាត់។ ដល់​ឡើង​យន្ដ​ហោះទៅ​បាត់​បង្កចលាចលដល់គេនៅស្រុកខ្មែរ ។​និយាយ​​ឲ្យអស់​ទៅ​សូម្បីតែជួរគណបក្សសម រង្ស៊ី ថា្នក់ជាតិ​ហ្នឹង ក៏​ឈឺក្បាលមែនទែនជាមួយនឹង លោក​ សម រង្ស៊ី តែអស់លោកហ្នឹងមិនហ៊ាននិយាយការ​ពិតទេ មិនទៅនិយាយ​ប្រាប់គេ​ជា​សាធារណៈ​ ប្រាប់​មេខ្លួន​ឯងទៅ។ គណបក្សហ្នឹងគណបក្ស​ទាំងអស់គ្នា មិនមែនគណបក្សសម រង្ស៊ី កុំធ្វើអាឡិ​អាឡក់​ពេក ប្រាប់ទៅ សម រង្ស៊ី ក៏បានដែរ​មិនចាំបាច់ឲ្យយើងដឹងទេ។ អត់​ទៅទៀត​ សម រង្ស៊ី ឡើងយន្ដហោះទៅក្រៅប្រទេសបាត់ ។ លោក សម រង្ស៊ី ធ្លាប់ប្រព្រឹត្ត​បទល្មើស​មួយ​ទៀត​ គឺ​ក្លែងឯកសារសាធារណៈ ផ្សព្វផ្សាយព័ត៌មានមិនពិតក្នុង​ចេតនា​បង្ខូច​កិត្យានុភាព​រាជ​រដ្ឋាភិបាល ដោយចោទថា រាជ​រដ្ឋាភិបាលកាត់ដីឲ្យយួន។ ន័យ​របស់គាត់គឺ​​អញ្ចឹង​ ហើយ​ភាសាហ្នឹង​មាន​ភស្ដុតាងសុទ្ធសាធ មិនមែនតែរឿងគាត់ទើបនិយាយនៅក្រៅ​ប្រទេសទេ។​ តាំងពីគាត់នៅស្រុកខ្មែរ ក៏​គាត់និយាយអញ្ចឹងដែរ កឹម សុខា ក៏និយាយតែរហូត ត្រង់​ហ្នឹង​មិន​ជា​បញ្ហា​ ជេរ​ប្រមាថ​គេ​។ ដល់​​អញ្ចឹង​ធ្វើជាមេនយោបាយមួយ ខ្មាស់​គេ​ទេ បងប្អូនប្រជាពលរដ្ឋ​គិតមើល សូម្បី​តែប្អូនៗនិស្សិត ពិសេសប្អូនៗរៀនខាងសុរិយោដី​ បើសិនជាប្អូនៗយកផែនទី​មួយដែលមិនមានមាត្រដ្ឋានពិតប្រាកដ ជាផែនទីគ្រាន់តែបង្ហាញថា កម្ពុជានៅត្រង់នេះ វៀត​ណាម​​នៅត្រង់នេះ ថៃនៅត្រង់នេះ យកមកធ្វើជាមាត្រដ្ឋានវាស់ព្រំដែន​ វាស់ដីធ្លី ចប់ហើយ។​ប្អូន​ៗ​​រៀន​ខាងសុរិយោដីដឹងហើយ ហើយមន្រ្ដីសុរិយោដីក៏ដឹងដែរ ហើយប្អូនៗស្ម័គ្រចិត្តដែល​ទៅ​វាស់ដី ប្អូនៗ​ទទួលចំណេះដឹងច្រើនណាស់ក្នុងការវាស់ដី។ បើសិនទៅវាស់​ខុសខ្នាត​មាត្រដ្ឋាន​ខ្ទេច​រឿងហ្នឹង ឈ្លោះគ្នារវាងអ្នកភូមិៗហើយ ហើយចុះដល់លោក សម រង្ស៊ី រឿង​ជាតិ​មួយ​ទាំង​មូល ទឹកដីអធិបតេយ្យភាព បូរណភាពទឹកដីមួយទាំងមូល ទៅយកផែនទី​របស់​ក្រុមហ៊ុន​ឯក​ជន​​ដែល​គេផ្សាយ​ក្នុងវេបសាយ សម្រាប់ដែលជាមគ្គុទេស​ ទេសចរណ៍​​ចង្អុល​​​សម្រាប់​ដល់​​អ្នក​ទេសចរណ៍​ ​ឬក៏​ប្រជាពលរដ្ឋ​ពិភពលោកឲ្យដឹងថា​តើ​កម្ពុជានៅឯណា វៀតណាម​នៅឯណា ស្រាប់​តែ​យកទៅធ្វើ​មាត្រដ្ឋាន ហើយទៅ​ផ្សព្វផ្សាយខុស​ទើប​ឃើញ​ថា​បាត់​។ ត្រង់ហ្នឹង​ហើយ​បាន​ជា​លោក សម រង្ស៊ី ត្រូវ​ទទួលទោស។​មិនមែន​ទទួល​​ទោស​​ដោយសារ​​គាត់ជា​ប្រធាន​គណបក្ស សម រង្ស៊ី ទេ​ តែ​គាត់ត្រូវទទួលទោស​ក្នុង​នាម​ជាប្រជា​ពលរដ្ឋ​​ម្នាក់​ដែល​ប្រព្រឹត្តិ​ បទល្មើស​​។ ដូចម្តេចដែលហៅថាទោសនយោបាយ​?​ បើ​សិន​​ជា​​លោក សម រង្ស៊ី គាត់​និយាយ​នៅក្នុងសភា ដោយហ៊ានតិតៀន លាតត្រដាង​អំពី​អំពើ​អសកម្ម​ ឬអំពើល្មើសច្បាប់នៃមន្ត្រីណាមួយ​​។ ឧទាហរណ៍​ ថាគាត់បានរកឃើញ​នូវ​ចំណុច​ជាក់​ស្តែង​ណាមួយ​ ឬចំណុច​ខុសឆ្គង​ជា​ទូទៅ​ណាមួយ​​ដែល​ការ​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ពុំ​មាន​ ប្រសិទ្ធិភាព​​ដោយ​សារ​មាន​បទល្មើស​​ត្រូវបានរួចខ្លួន ហើយគាត់លើកនៅក្នុងរដ្ឋសភា​ តែ​ពេល​នោះ​​គាត់​​ត្រូវ​​មានទោស​ ទើបរឿងហ្នឹង​ហៅថាជាទោសនយោបាយ​​ ពីព្រោះគាត់​និយាយ​ក្នុង​នាម​ជា​អ្នក​នយោបាយ​តិតៀន​អំពី​ភាព​អសកម្ម​​។ ឬក៏​ឧទាហរណ៍មួយទៀត​ដូចជា​ គាត់​និយាយ​​នៅ​ក្នុង​រដ្ឋសភា ដោយ​ប​ង្ហាញ​នូវ​ឯកសារ​​អំពី​​ចំណុច​ជាក់ស្តែង​ ដោយរក​ឃើញ​ថា​ក្រុមហ៊ុន ក ដែល​មាន​ឈ្មោះ ខ ​បានដឹកឈើក្រញួង​ ហើយ​ត្រូវបានរួចខ្លួន​ តែក្រោយ​មកត្រូវ​បាន​​តុលាការ​​ដាក់​ទោស​គាត់​ទៅវិញ នោះ​ទើបវាជារឿង​ទោសនយោបាយ តែបើគាត់​ចោទ​ប្រកាន់​​គេ​ដោយ​ផ្សាយ​ព័ត៌មាន​មិនពិត​ នោះ​គឺជារឿងមួយផ្សេង​ទៅវិញ​។​ ខ្ញុំចង់​បញ្ជាក់ថា​ បើសិនជា​គាត់មានភស្តុតាងច្បាស់​ ហើយគាត់បានបញ្ចេញ​នូវទស្សនៈនយោបាយ​នៅក្នុង​អង្គ​សភា​​ ដើម្បីឲ្យរដ្ឋាភិបាល​ធ្វើការអង្កេត​ម៉ឹងម៉ាត់​ឡើងវិញ​ ហើយ​បែរជាលោក សម រង្ស៊ី ត្រូវ​ជាប់​ទោស​​ នោះ​ទើប​គេហៅ​ថា​​ទោស​នយោបាយ​។​
លោក សម រង្ស៊ី គ្មានសមត្ថកិច្ចឯណា​ដើម្បី​ទៅ​ដក​បង្គោល​​តម្រុយ​ព្រំដែន​​ទេ​ គឺមិនមាន​ច្បាប់​​ឯណា​​ចែងថា​​តំណាងរាស្ត្រ​​មានសិទ្ធិទៅ​ដក​បង្គោល​​កន្លែង ​ណាដែលបោះខុសទេ​។​​ដូច្នេះ​​សូម​បងប្អូនប្រជាពលរដ្ឋ​ញែកគ្នាឲ្យ​ដាច់ គឺតួអង្គបុគ្គល​ម្នាក់​ដែលជាប្រជាពលរដ្ឋ​ បើអ្នក​មិន​គោរព​ច្បាប់​ អ្នក​ក៏ត្រូវ​មាន​ទោស​​ដែរ​។ ឧទាហរណ៍​ សម រង្ស៊ី ក្តី កឹម សុខា ក្តី នៅពេល​ដែល​ជិះឡាន​ទៅ​បុក​គេ​ នោះគឺត្រូវមានទោស​ ហើយនៅពេល​ដែលមាន​ទោស​ដោយសារ​ជិះឡាន​ទៅ​បុក​​គេ​ហើយ បែរជាលើកថា​ជាទោសនយោបាយនោះ​គឺពុំ​ត្រឹម​ត្រូវ​ទេ​​។​​​​
ចំណុចមួយទៀតទាក់ទងទៅនឹងក្រមសីលធម៌​ ដូចសម្តេចប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​​​ហើយ​​ថា អ្នក​នយោបាយ​គួរ​តែ​មាន​ក្រម​សីលធម៌​​មួយដើម្បី​ដាក់ទណ្ឌកម្ម​ទៅអ្នក​នយោបាយ ​​​​ដែលរំលោភ​លើ​ក្រម​សីលធម៌​​។ ត្រង់ចំណុចនេះ​គឺមិនមែនជាទោសនយោបាយ​ទេ​។ មានមេអង្គការសិទ្ធិមនុស្ស​អាឡិក​អាឡក់​ម្នាក់បានលើកឡើងថា​ បើដាក់​ទណ្ឌកម្ម​ទៅលើ​ក្រមសីលធម៌​​​ដល់អ្នកនយោបាយ​ នោះគឺជាទោសនយោបាយហើយ​។​នេះជាការលើក​មួយ​ដែល​ខុស​ឆ្គង​ហើយ​ ពីព្រោះអ្នកនយោបាយក៏ត្រូវតែមានក្រមសីលធម៌​ដែរ​ ទោះបីជានៅ​អាមេរិក​ ឬ​នៅ​អឺរុបខាងលិច​ និង​​ខាងកើត​ក៏មានដូចគ្នា​។ ប្រសិនបើអ្នកឯងជេរប្រមាថ​​​ក្នុងន័យនយោបាយ​ គឺមិនមែនជេរបញ្ចោរ​គេ​នោះទេ​ ហើយ​ក្រមសីលធម៌បានហាមមិនឲ្យធ្វើ​ ដូច​ជាក្នុង​ច្បាប់បោះឆ្នោត​ និងក្នុងនីតិវិធី​បោះឆ្នោត​របស់យើង​ក៏មានដែរ​។ ប៉ុន្តែ​ទោសបញ្ញត្តិ និង​ទណ្ឌកម្ម​សម្រាប់​ដាក់ទោស​ ទៅ​លើ​​​ការរំលោភលើ​ក្រមសីលធម៌អ្នក​​នយោបាយ​​ពុំទាន់​​មាន​ធ្ងន់ធ្ងរ​ នៅឡើយទេ​។ អញ្ចឹងយើងគួរតែពង្រឹង​។​​ ឧទាហរណ៍​ ដូចជាការ​ចោទ​រាជរដ្ឋាភិបាល​​​ថាក្បត់ជាតិ ជាដើម​គឺត្រូវ​មានទោស តែមិនមែនជាទោស​ជាប់ពន្ធនាគារទេ​ គឺ​ជា​​ទោស​ផាក​ពិន័យ រហូតដល់ទោសកំពូល​ដូចជាការដកសិទ្ធិ​បោះឆ្នោត ឬដកសិទ្ធិ​នយោបាយ​​​​ជា​ដើម​។​ នេះមិនមែនជាទោសនយោបាយទេ​ តែជាទោស​វិន័យ​សម្រាប់​អ្នក​នយោបាយ​​​ដែល​​គ្មា​ន​​សមត្ថភាព​​​ធ្វើ​នយោបាយ​ ​ ចេះ​តែ​ដើរ​​ជេរ​គេ។​​
​​លោក សត្យា រក្ស​
សំណួរ​៖ មកទល់ពេលនេះ​ឃើញ​ថា​ សម្ព័ន្ធភាព​របស់ កឹម សុខា និង សម រង្ស៊ី គឺមានភាពទន់ដៃ​ម្ខាង​ត្រង់សកម្មភាព​របស់គណបក្សទាំងពីរ​។ ​គណបក្ស​ សម រង្ស៊ី ក្រោយពី​មេ​បក្ស​​នេះ​ត្រូវតែ​ជាប់​ពន្ធនាគារ​ពីបទប្រព្រឹត្តិបទល្មើស​ យើងឃើញ​ក្រុមហែរ​ហម​ សម រង្ស៊ី កំពុង​តែ​ធ្វើ​សកម្មភាព​​យ៉ាងសកម្ម​ក្នុងការរកច្រក​ដើម្បីឲ្យ សម រង្ស៊ី​ បានវិលចូល​ស្រុកដោយ​រួច​ពី​ទោស​ទណ្ឌ​​​។ ប៉ុន្តែ សម្រាប់ កឹម សុខា វិញ​គឺហាក់ដូចជាមិនបានអើពើរ​ចំពោះការរកច្រក​ឲ្យ សម រង្ស៊ី បានវិលមក​វិញនោះទេ​។​ មានន័យថា​ សម រង្ស៊ី ចូលមកក៏បាន សម រង្ស៊ី មិន​ចូល​មក​ក៏​បាន​​។ ត្រង់ចំណុចនេះ ប្រជា​ពលរដ្ឋ​កំពុង​តែ​ឆ្ងល់​ថា​ តើគណបក្ស សម រង្ស៊ី ដែលជាក្បាលម៉ាស៊ីនដឹកនាំ​ជំនួសលោក សម រង្ស៊ី ពេល សម រង្ស៊ី​ អវត្តមាន​នោះ តើពួកគេ​ជាមនុស្សអសមត្ថភាព​ ឬយ៉ាងណា​?​ ដែលពួគេ​រង់ចាំតែ សម រង្ស៊ី ម្នាក់​ ទើបធ្វើឲ្យគណបក្ស​ សម រង្ស៊ី​ អាចរស់បាន​នោះ​។​ ដូច្នេះ​ តើ​សមត្ថភាព​ដែលធ្វើឲ្យគណបក្ស សម រង្ស៊ី​ ខ្លាំងនោះ គឺ​មាន​តែ​បុគ្គល​ សម រង្ស៊ី ម្នាក់ទេឬយ៉ាងណា​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ រឿងសម្ព័ន្ធភាពរវាង កឹម សុខា​ និង សម រង្ស៊ី គឺ​ជារឿងដែល​នៅ​តែ​ឃ្លាត​ឆ្ងាយ​​ពី​គ្នា​​​នៅ​​ឡើយ​​ទេ​​ គឺគ្រាន់តែបង្កើតបាន​សំបកដំបូលមួយតែ​ប៉ុណ្ណោះ​។​ នៅក្នុងនោះ​គឺ​មាន​​ក្រុម​ពីរ​​ដដែល​ គឺក្រុម កឹម សុខា និងក្រុម សម រង្ស៊ី ។ ក្រុមទាំងពីរ​នោះគឺ​មាន​ផល​ប្រយោជន៍​​ខុស​គ្នា​​ ដោយ​ផ្តើម​ចេញ​ពី​​ផលប្រយោជន៍​នៃទស្សនៈ​នយោបាយចង់បាន​​ខុស​គ្នា។ គឺ​ខាង​ លោក សម រង្ស៊ី​ ទាមទារ​ដោយ​ខកខានមិនបាន ដោយទទូច​នូវវត្តមាន​ សម រង្ស៊ី បំពេញ​​តួនាទី​ជា​ប្រធាន​​ និងមានវត្តមាន​ដឹកនាំផ្ទាល់​​យ៉ាងសកម្ម​ក្នុងការប្រកួតប្រជែង​បោះឆ្នោត​​​​ ក្រមដំបូលថ្មី​។ ឯខាង កឹម សុខា គឺមើលឃើញថា ទោះអត់វត្តមាន​ សម រង្ស៊ី ក៏បាន​គឺឲ្យ​តែក្រុមលោក សម រង្ស៊ី ចូលរួមធ្វើ​ នេះជាការលើកឡើងរបស់ កឹម សុខា ទោះបី​អត់​បុគ្គល​ សម រង្ស៊ី ក៏បានដែរ​។ ដោយ​សារ​តែលោក កឹម សុខា មើលឃើញថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​​នេះ​ គឺគាត់​បាន​ចំណេញ​ច្រើន​​ នេះជាការយល់ឃើញ​។​ តាមការពិត​ ទាំងពីរនាក់នេះ​ បង្កើត​ជា​​ផ្ទះមួយ​ ដើម្បីបង្កើត​ជា​ល្បែង​នយោបាយ​​ថ្មី​ ដោយ​ទុកផ្ទះ​ចាស់​រៀងៗ​ខ្លួន​ឲ្យ​នៅ​ដដែល​​​​​។​
ចំពោះ លោក សម រង្ស៊ី​ ការលាលែង​ពីគណបក្ស​ចាស់មក​គណបក្ស​ថ្មី​គឺមិន​ទាក់ទង​ទៅ​​នឹង​​រឿង​ផ្លូវ​ ច្បាប់​នោះ​ទេ​​។ ការលាលែង​ពីគណបក្ស​ចាស់ ទោះបី​ជាលាលែងក៏ដោយ​ ក៏​គាត់​​នៅ​តែមានសិទ្ធិ​មក​វិញដដែលទេ​ ពីព្រោះគាត់គ្រាន់តែ​ដកឃ្លាទៅលេងល្បែង​នយោបាយ​នៅ​​គណបក្ស​​​ថ្មី​​តែ​ ប៉ុណ្ណោះ​​។​ រីឯ កឹម សុខា ក៏ដើរតាមវិធីនេះដែរ​ តែ​គាត់ប្រើវិធីផ្សេង​ ដោយ​លើក​ថា​​ចាំចុងខែ មេសា ទើបគាត់សុំលាលែងពីគណបក្ស​ចាស់​របស់គាត់​ ពីព្រោះ​ចាប់ពីខែ មេសា ទៅដល់​ថ្ងៃ ១២ ខែ ឧសភា​ ​ទើប គ ជ ប ទទួលយកបញ្ជីបេក្ខជនឈរឈ្មោះគណបក្ស​។​ អញ្ចឹង កឹម សុខា និង សម រង្ស៊ី គឺ​ត្រូវប្រឈមគ្នា​ខ្លាំង​នៅពេលរៀបបញ្ជី​ឈរឈ្មោះបេក្ខជន​រួម​គ្នា​នេះ​ហើយ​។ នេះ​ជាចំណុចចាញ់ឈ្នះគ្នា​រវាង​គណបក្ស​ទាំងពីរ​ ដូច្នេះ​បើសិន​ជា​​គណបក្ស​ណា​​មួយ​ចាញ់​​គឺគេនឹង​ត្រឡប់​​មក​គណបក្ស​​ចាស់​​ របស់​គេ​វិញ​​​។ មានន័យថា​ បើ កឹម សុខា ឈ្នះ សម រង្ស៊ី គឺ កឹម សុខា នៅគណបក្សថ្មី តែបើ កឹម សុខា ចាញ់ សម រង្ស៊ី នៅ​ក្នុង​ល្បែង​នយោបាយ​​​គណបក្ស​ថ្មី​នោះ កឹម សុខា នឹង​ត្រឡប់​មក​ផ្ទះ​ចាស់​វិញ​​។ សម រង្ស៊ី ក៏អញ្ចឹងដែរ បើសិនជាចាញ់ កឹម សុខា គឺគាត់មានទ្វារក្រោយ​នៅចំហរ​ឲ្យត្រឡប់មក​គណបក្សចាស់វិញ​។​បច្ចុប្បន្ន​នេះ​ យើងមើលឃើញថា សម រង្ស៊ី​ ឈ្នះ​ល្បែងនយោបាយ​នេះហើយ​ ពីព្រោះ សម រង្ស៊ី បានចេញពីគណបក្សចាស់ហើយ​ ហើយជាប្រធានគណបក្សថ្មី​ ចំណែក កឹម សុខា មិន​ទាន់​​ក្លាយ​ទៅ​ជា​អនុ​ប្រធាន​គណបក្ស​​ថ្មី​នេះ​ទេ​​។ អញ្ចឹង​ នៅខែ មេសា បើសិនជា គាត់លេង​ល្បែង​​ចាញ់ សម រង្ស៊ី គាត់នឹង​​មិនចេញ​​ពីគណបក្ស​ចាស់​របស់​គាត់​ទេ។​​
ចំពោះលោក សម រង្ស៊ី ការនៅក្នុងគណបក្ស​ថ្មី​របស់គាត់ បង្ហាញអំពីចំណុចវិជ្ជមាន​របស់ សម រង្ស៊ី ត្រង់​ថា​គាត់អាចបង្ហាញទៅដល់អ្នកគាំទ្រ​របស់គាត់ថា​ គាត់ព្រមរួបរួមហើយ​ តែលោក កឹម សុខា មិនព្រមចូលមករួបរួមទេ​។ ការដែល កឹម សុខា​ឈ្នះឆ្នោតបន្តិចបន្តួច​ពី សម រង្ស៊ី នៅព្រៃវែងនោះ គឺដោយសារតែរឿង​រួម ឬមិនរួមនេះហើយ​។ តែពេលនេះ​ សម រង្ស៊ី បានបង្ហាញថាគាត់រួមហើយ​ តែ​នៅ កឹម សុខា ទេដែលមិនរួម​។ អញ្ចឹងពេលនេះ កឹម សុខា កំពុងតែលំបាកហើយ​។​ ជាក់ស្តែងថ្មីៗនេះ​ ក្រោយ​ពេលដែល កឹម សុខា ទៅជួប​ សម រង្ស៊ី នៅបារាំង​ហើយ​ ពេលត្រឡប់មកវិញគឺ​មិនបានអួតក្អេងក្អាងដូចមុន​ទេ​។​
បើតាមព័ត៌មាន​ ការដែល​ កឹម សុខា ទៅជួប​ សម រង្ស៊ី​ នោះ​ គឺការសង្ឃឹម​របស់ កឹម សុខា ដែល​អាចនឹងឈរជាបេក្ខជន​នាយករដ្ឋមន្ត្រី​គឺមិនអាចទៅរួច​ទេ​។ ចំណែក សម រង្ស៊ី គឺមិនអាចបានទេ​ ព្រោះ​គ្មានសិទ្ធិបោះឆ្នោត​ និងសិទ្ធិឈរឈ្មោះ​ឲ្យគេបោះឆ្នោត​។​ អញ្ចឹង​បេក្ខជន​ដែលអាច​ឈរឈ្មោះជានាយករដ្ឋមន្ត្រី​ គឺពិតជាមិនមែន សម រង្ស៊ី ហើយក៏មិនមែន​ កឹម សុខា ដែរ​ ។ បើតាម​ព័ត៌មាន​ គឺអ្នកដែលជំនិត​បំផុត​របស់លោក សម រង្ស៊ី ហើយ​យើង​ក៏​អាច​ដឹង​​ដែរ​​នូវ​អ្នកណា​​ដែល​ជា​​ជំនិត​​បំផុត​​នោះ​​​។ ដូច្នេះហើយទើប កឹម សុខា ត្រឡប់មកវិញ​ ទាំង​អស់​​សង្ឃឹម​​។​
សរុបមក ជុំវិញសកម្មភាព​នៃការបោកប្រាស់ ភូត​កុហក របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ដែលកម្មវិធី​បានលើកឡើង ដើម្បីជាការពន្យល់​ និងបំភ្លឺទៅដល់ជនរួមជាតិ​ គឺសម្រាប់​ឲ្យ​បងប្អូន​យើង​​ពិចារណា និង​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ ពីព្រោះសកម្មភាព​នៃការឃោសនា​បោកបញ្ឆោតប្រជាពលរដ្ឋ​ អំ​ពីការបោះឆ្នោតសកល​ដែលនឹង​ចូល​មកដល់​នា​ពេល​ខាងមុខ​នេះ​​ គឺឃើញថាគណបក្សប្រឆាំងបានប្រើ​​​នូវរូបភាពឃោសនាផ្សេងៗ​។ ប៉ុន្តែ​ បើនិយាយ​អំពី​ចំណុច ឬ​សកម្មភាព​ថ្មី​​​​ ដែលមិនមានពីអាណត្តិមុននោះ គឺមានដូចជា​ នយោបាយស្លឹកចេក​របស់ កឹម សុខា នាំស្លឹកចេកទៅលក់នៅអឺរុប​ ហើយ​ក្រៅពីនេះ​គឺមានតែការស្រែក​ប្តូរ​ៗអី ដដែលៗ​ ឬក៏អះអាងថាឈ្នះមុនអីជាដើម​ហ្នឹង​ ដែលជារឿង​ដដែល​ ដែលគណបក្សប្រឆាំង​ធ្លាប់​ឃោសនា​តាំងពីកើតបក្ស​ប្រឆាំង​មកម្លេះ​។ ប៉ុន្តែ​តាមរយះ​ការ​បោះឆ្នោត​ប៉ុន្មាន​អាណត្តិ​មក​នេះ​​ គឺនយោបាយភូតកុហក ប្តូរ​ឬមិនប្តូរ​ បក្សយើងឈ្នះមានប្រជាពលរដ្ឋគាំទ្រ​ប៉ុនណ្ណេះលាន ឬប៉ុណ្ណោះលាន​អីនោះ​គឺ​បក្សប្រឆាំង​បាន​បរាជ័យ​៣អាណត្តិ​មកហើយ​។ សម្រាប់ កឹម សុខា​ ដែលជាកូនបក្សបន្តវេនពីគណបក្សលោកតា សឺន សាន​ ហើយ​ប្រឹងស្រែកកន្លងមក​គឺ​បាន​តែ​បី​កៅអី​​ទេ​​។ នេះស​បញ្ជាក់ឲ្យ​ឃើញអំពី​ការកាន់តែធ្លាក់ដុនដាបទៅៗ​របស់គណបក្សប្រឆាំង​ ហើយជាងនេះទៅទៀត​ការបែកបាក់នៅផ្ទៃក្នុង​របស់គណបក្សប្រឆាំងនោះ ក៏កាន់តែធ្ងន់ធ្ងរ​ផងដែរ​ ដែលកត្តានៃការបែកបាក់នេះ​គឺដោយសារតែ​បងប្អូន សកម្មជន​ដែលធ្លាប់​តែងប់ងល់​ជា​មួយ​គណបក្ស​ប្រឆាំង​អស់ជំនឿ ដោយសារជំហរមិនច្បាស់លាស់របស់មេបក្ស​តែម្តង​ ដោយ​កុហក​ម្តង​ថា ព្រះច័ន្ទ នោះល្អ​ ឬក៏ម្តង​ថា ភ្លើងទៀន​នោះ​ជិតរលត់ទៅវិញ​ហើយ​ជាដើម​ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ​អ្នកដើរតាម​វង្វេង អស់ជំនឿ​។ ផ្ទុយពី​មេដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា ដែលសម្តេច​ទាំងបី​ ​មាន​​​​គោលនយោបាយ​ត្រឹមត្រូវ​ ដឹកនាំច្បាស់លាស់ និងម៉ឹងម៉ាត់ ដោយ​យកការកសាង​ជាតិ​ជាធំ​ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ​មើលឃើញអំពីស្នាដៃ និង​ទទួលបាននូវ​ផលប្រយោជន៍​គ្រប់គ្រួសារ​យូរអង្វែង​ ទាំងអ្នកជំនាន់​យើង និងអ្នក​ជំនាន់​ក្រោយ​ទៀត​​។​ ផលប្រយោជន៍​ជាតិទាំងអស់នេះហើយ ដែលប្រជាពលរដ្ឋ​បាន​គាំទ្រ​ និងបន្ត​គាំទ្រ​​​​តាមរយះ​ការបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ ដើម្បីបន្ត​ដឹកនាំ​ប្រទេស​​នា​អាណត្តិ​ក្រោយត​ទៅ​​ទៀត​​​៕​​
សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី

OPINION: The Hidden Individual Interest deals: Myth or Reality?