Tuesday, January 29, 2013

សម្តេច​តេជោ​ប្រកាស​ការពារ​បរិស្ថាន​និង​រិះគន់​គណបក្ស​ប្រឆាំងក្នុង​ពិធី​ចែក​ប័ណ្ឌកម្ម​សិទ្ធិ​ដីធ្លីជូន​ប្រជា​ពលរដ្ឋ​នៅ​ខេត្តកោះកុង



 នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធី​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៥១៣​គ្រួសារ ​ស្មើ​នឹង ២៨៧៩​ក្បាល​ដី​នៅ​ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង នាព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៣ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​ដើរ​ឃោសនា​រិះ​គន់​របស់​គណ​បក្ស​ប្រឆាំង​ថា ការ​វាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន ដោយ​រាជ​រដ្ឋាភិបាល គឺ​ដើម្បី​យកពន្ធ​នោះ ជា​អំពើ​ថោកទាប ព្រោះក្រុម​អ្នក​ឃោសនា​ឲ្យ​គណបក្ស​ប្រឆាំង ក៏បាន​មក​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិដីធ្លី នៅ​ក្នុង​នយោបាយ​ចាស់ សកម្ម​ភាព​ថ្មី​របស់​សម្តេច​ផង​ដែរ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​រួម​ដំណើរ​ដោយ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ មាន​ប្រសាសន៍​ថា គេ​ជា​មនុស្ស​ថោក ព្រោះ​បន្ទាប់ពី​បាន​ដើរ​ឃោសនា​ថា រាជ​រដ្ឋាភិ​បាល​វាស់​វែង​​ផ្តល់​កម្មសិទ្ធិ​ដើម្បី​យកពន្ធ ពួកគេ​បាន​មក​ទទួលយក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​នេះ​ដែរ។  “ពួកគេ​ភូត​ថ្លុក ភូត​ត្រពាំង​មែន”។ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា គណបក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ជា​មួយ​ប្រជាជន​កម្ពុជា ៣៤ឆ្នាំ​ មក​ហើយ យើង​មិនដែល​យកពន្ធ​ដី​ពី​កសិករ​នោះ​ទេ។ “ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ដរាប​ណា​នៅ​មាន​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ហ៊ុន សែន នោះ​ការ​មិន​យកពន្ធ​ដី​នៅតែ​បន្ត”។

សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ហ៊ុន សែន អាច​ស្លាប់ ប៉ុន្តែ​គណបក្ស​ប្រជា​ជន​មិន​ស្លាប់​ទេ ដរាបណា​មាន​គណបក្ស​ប្រជាជន​​ ​ពន្ធ​ដី​មិន​ត្រឹមតែ​មិន​យក​ទេ ប៉ុន្តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បំរើ​ឲ្យ​វិស័យ​កសិកម្ម ការស្វែងរក​ទីផ្សារ​ជូន​ប្រជាជន ការ​ខិតខំ​ស្វែងរក​ក្របខ័ណ្ឌ​មីក្រូ​ហិរញ្ញ​វត្ថុ​ជូន​កសិករ​របស់​យើង​នឹង​​នៅតែ​បន្ត ថ្វីត្បិតតែ​មាន​ឆ្នាំ​ខ្លះ​ផលិតផល​របស់​កសិករ​មាន​តម្លៃ​ធ្លាក់ចុះ ដោយសារតែ​ប្រទេស​នានា ​ដែល​ធ្វើ​កសិកម្ម​ទទួល​បាន​បរិមាណ​ផល​ច្រើន​ក្តី។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា រាជរដ្ឋាភិបាល​មានការ​គិត គូរ​​យ៉ាង​ច្បាស់​អំពី​បញ្ហា​ចំណូល និង​ចំណាយ ហើយ​ការ​មិន​យកពន្ធ​ដី​ពី​កសិករ ​មិនបាន​ធ្វើ​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ស្លាប់​នោះ​ឡើយ។ រាជរដ្ឋាភិបាល​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការសាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗគាំទ្រ​ដល់​កសិករ​ទៀត​ផង។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា គឺ​មាន​តែ​ពួក​អ្នកសន្យា​តម្លើង​ប្រាក់ខែ​ទេ ដែល​អាច​យកពន្ធ​ដី​ពី​កសិករ ​នៅ​ពេល​ដែល​ពួក​គេ​ជាប់ឆ្នោត​ហើយ​ខ្វះ​លុយ ត្រូវតែ​តម្លើង​ពន្ធ​។

ពាក់​ព័ន្ធ​ទៅនឹង​បញ្ហា​ចំណូល​ចំណាយ​របស់​ជាតិ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា វា​ជា​មហន្តរាយ​ធំ​ណាស់​នៅ​ពេល​ដែល​មិន​បាន​​គិតគូរអំពី​ចំណូល និង​ចំណាយ ហើយ​ការ​បោះ​ពុម្ពប្រាក់​អត់​មាន​អ្វី​ជា​ការ​លំបាក​ទេ ​ព្រោះ​ធនា​គារ​ជាតិ​​មាន​ពុម្ព​ស្រាប់ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ​វា​នឹង​បណ្តាល​ឲ្យ​មាន​អតិផរណា​ ព្រោះតែ​លុយ​បាន​ធ្លាក់​ថ្លៃ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​​បញ្ជាក់​ថា ឥឡូវនេះ​ប្រាក់​រៀល​របស់​យើង​បាន​ឡើងថ្លៃ ដោយ​សារ​តែ​រាជ​រដ្ឋា​ភិបាល​បាន​បញ្ចេញ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ប្តូរ​យក​ជា​ប្រាក់​រៀល​ដើម្បី​ទប់។

នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធី​ដីធ្លី​ជូន​ប្រជាពល រដ្ឋ​ចំនួននៅ​ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ត​កោះ​កុង នា​ថ្ងៃទី២៨ ខែមករា​​ ឆ្នាំ២០១៣ សម្តេច​តេ​ជោនាយករដ្ឋ​មន្ត្រីក៏បាន​មាន​ប្រសាសន៍​ចាប់​អារម្មណ៍​ទាក់ទៅនឹង​បញ្ហា​ការពារបរិស្ថាន​ផង​ដែរ​ ដោយបាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ ដែល​ទៅ​កាប់​អុស កាប់​ធ្យូង នៅ​ក្បែរ​តំបន់​ជី​ផាត​ សូមមេត្តា​បញ្ឈប់​សកម្មភាពចូល​កាប់​ឈើ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា សម្តេច​មិន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​​ឡឥដ្ឋ ឡក្បឿង​ទេ ព្រោះ​មានមុខ​ទំនិញ​ខ្លះ​​ យើង​សុខចិត្ត​ធ្វើការ​នាំចូល ​ទោះបី​ជា​មាន​គេ​បន្ទោស​ក្តី។  បើ​គិត​ជា​សេដ្ឋកិច្ច​វិញ ដើម្បី​ផលិត​បាន​ឥដ្ឋក្បឿង​មួយ​ឡ តើ​យើង​ត្រូវ​ប្រើ​អុស​អស់​ប៉ុន្មាន? ដូច្នេះ ​វា​ត្រូវ​ចំណាយ​ច្រើន​ណាស់ នៅ​ពេល​ដែល​មិន​​មាន​ទំនិញ​ដូចគ្នា​នេះ​ នាំ​ចូល​មក​មាន​តម្លៃ​តិច​ថោក​ជាង​ការ​ផលិត​នៅ​ក្នុង​ស្រុក ហើយ​មាន​សំភារៈ​សំណង់​ខ្លះ​ផលិត​ក្នុងស្រុក​បំផ្លា​ញ​អស់​ព្រៃឈើ។ ជាមួយ​គ្នា​នេះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សម្តេចនឹង​លើក​ទឹក​ចិត្ត​ បើ​សិន​ជា​មាន​ក្រុមហ៊ុន​នាំចូល​នូវ​បច្ចេកវិទ្យា​ថ្មី ​ក្នុង​ការផលិត​ឥដ្ឋក្បឿង ដោយ​មិន​ប្រើ​ប្រាស់​ឈើ​នោះ។

ទន្ទឹម​នឹង​នេះសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មីម្តង​ទៀត អំពី​ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯកជនរុករក​រ៉ែទី​តា​ញ៉ូម ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក នៅ​តំបន់​ព្រៃភ្នំ ក្នុង​ខេត្ត​កោះកុង​។ នោះ​មក​ពី​ទំហំ​ដ៏​ធំនៃ​មហន្តរាយ​ដល់​ធនធានធម្មជាតិ រួមមាន ព្រៃភ្នំ និង​ទឹក​សមុទ្រ​ជាដើម ជាពិសេស​ គឺ​បើ​សិន​ជា​មាន​អាជីវ​កម្ម​រុករក​រ៉ែនៅ​តំបន់​ព្រៃ​ភ្នំ​នោះ នឹង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី “ជី​ផាត”​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍ឲ្យ​ដឹងថា នៅ​ជី​ផាត​នឹង គឺ​ថា​ខ្ញុំ​បានបញ្ជាក់​ម្តង​ហើយ ទោះបីជា​តម្លៃ​ណា​ក៏ដោយ​ចុះ គឺថា អត់​ទេ​។ សូម​ទុក​សិន​។ មហន្តរាយ​។ ទី​តា​ញ៉ូម មានតម្លៃ​គឺថា​ច្រើន​ពាន់​លាន រាប់សិប​ពាន់​លាន​ដុល្លារ​។ ទី​តា​ញ៉ូម នៅ​ជី​ផាត​។ ប៉ុន្តែ​ដើម្បី​ធ្វើ​អា​ណុង​បាន វា​ត្រូវ​បក​យក​អា​ស្បែក​វា​ចេញ ដល់​ទៅ​២​ម៉ឺន​ហិកតា​ផ្លាយ (ព្រៃឈើ)​។ បើ​២​ម៉ឺន​ហិកតា គឺ​វា​អស់ ចំ​អា​តំបន់​ដំរី​ដើរ​។ អា​នឹង​មួយ​។ ប៉ុន្តែ​មហន្តរាយ​ជាង​នោះ​ទៀត គឺ​បាន​សេចក្តីថា “ទឹកល្អក់​ទាំង​ប៉ុន្មាន ហូរ​ចុះ​ទៅ​ក្នុង​សមុទ្រ​ទាំងអស់​។ អីចឹង​ទេ វា​មិនមែនសមុទ្រ​ទឹក​ខៀវ វា​ទៅ​ជា​សមុទ្រ​ទឹក​ក្រហម​។ អីចឹង បាន​ជា​តំបន់​ជី​ផាត ត្រូវ​រក្សា” ​​។

ពាក់​ព័ន្ធ​នឹង​ទស្សន​ទាន​សម្រាប់​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ សម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា គេ​មិនដែល​កាប់​ឈើ​ទេ ដូចជា​តំបន់​ទេស​ច​រ​ណ៍​គីរីរម្យ បូកគោ ជី​ផាត ជាដើម គឺជា​តំបន់​ការពារ​ព្រៃឈើ​ទៅវិញ​ទេ ដែល​ត្រូវតែ​ដាំ​ឡើង​វិញ។
រាជរដ្ឋាភិបាល​បាន​បញ្ចប់​ដំណាក់កាល​ទី១ កាលពីដើម​ខែ​មករា​ ឆ្នាំ២០១៣ បន្ទាប់ពី​បាន​ដំ ណើ​រ​​ការ​អស់​រយៈពេល ៦ខែ​ ក្នុង​ការ​អនុវត្ត​បទបញ្ជា​លេខ០១ នៃ​នយោបាយ​ចាស់ សកម្ម​ភាព​ថ្មី លើ​វិស័យ​ដីធ្លី ដោយ​ធ្វើការ​វាស់វែង​ក្បាល​ដីសម្រេច​បាន ៣៤ម៉ឺន​ក្បាលដី​ ស្មើនឹង​ទំហំ​ប្រមាណ ៥៥ម៉ឺនហិកតា បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ទិន្នន័យ​ក្បាល ដែល​រង់​ចាំតែ​ធ្វើ​ពិធី​ចែក​ប័ណ្ណ​បាន​ជាង ១៣ម៉ឺន​ក្បាលដី ពាក់​ពន្ធ័​នឹង​ប្រជាពលរដ្ឋ ៨ម៉ឺន​គ្រួសារ និង​ប្រជាពលរដ្ឋ​បាន​ទទួល​ប័ណ្ណ​ដល់ដៃ​ហើយ​ជិត ៨ម៉ឺន​ប័ណ្ណ។ នៅ​ក្នុង​បេសកកម្ម​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ខេត្ត​ទាំង​២០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រគល់​​ដោយ​ផ្ទាល់​ដៃ​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៣.៦១០គ្រួសារ​ មាន ២២.៤៦៦ក្បាលដី ស្មើនឹង ៣៩.៣៦៨ហិកតា។

ដំណាក់កាល​ទី២ នៃ​ការវាស់វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាជន​ បាន​ចាប់​ផ្តើម​កាលពី​ពាក់ កណ្តាល ខែ​មករា ឆ្នាំ២០១៣ ដែល​គ្រោង​នឹង​បញ្ចប់​នៅមុន​យុទ្ធនា​ការបោះឆ្នោត​សកល​អាណត្តិ​ទី៥ ក្នុង​ខែមិថុនា ឆ្នាំ២០១៣ ខាង​មុខ។
សម្តេច​តេជោ​បាន​ចាត់​ទុក​បេសកកម្ម ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការអនុវត្ត​នយោបាយ​ចាស់​ សកម្ម​ភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នេះ គឺជា ឱកាស​ដ៏​កម្រ​មាន​សម្រាប់​យុវជន​ជំនាន់​ថ្មី ក្នុង​សម័យ​​សម្តេច​​តេ​ជោ​ ដែល​បាន​ចូលរួម​បំពេញ​បេសកកម្មជូន​ជាតិ​មាតុភូមិ និង​ប្រជាជន។ ជាង​នេះ​ទៅ​ទៀត​ក្នុង​ឋានៈ​ជា​វីរៈ​យុវជន​ស្ម័គ្រចិត្ត ក្រៅពី​ការ​ដកពិសោធន៍​លើ​ការងារ​ជំនាញ​ក្នុង​​​ការងារ​ចុះបញ្ជី​ដីធ្លី​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្មួយ​ៗ​យុវជន​នូវ​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ទៀត​ដល់​សង្គម ទាំងនោះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​គោរព​ស្រឡាញ់​ប្រជាជន ការ​ចែក​រំលែក​នូវ​ការ​លំបាក​របស់​ប្រជាជន ការ​យល់​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាជន​ផ្សារភ្ជាប់​ខ្លួន​​ជាមួយ​ប្រជាជន ដែល​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ និង​មិន​អាច​​បំភ្លេច​បាន​​ក្នុង​ទឹក​ចិត្ត​របស់​ប្រជាជន និង​ក៏​ជា​ការ​អនុវត្ត​យ៉ាង​ល្អ​នូវ​ប្រពៃណី នៃ​ការ​ផ្តាំផ្ញើ​របស់​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោកជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ថា ​ពេល​នៅ​ឲ្យ​ប្រជាជន​ស្រឡាញ់​ពេល​ចេញទៅ​ឲ្យ​ប្រជាជន​នឹក។ បើ​ទោះ​បី​ជា​រយៈពេល​នៃ​ការ​បំពេញ​ការ​ងារ​ជា​ប្រវត្តិសាស្ត្រ​នោះ ពិត​ជា​មាន​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន តែ​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រា​ប់​ជីវិត​យុវវ័យរបស់​ក្មួយៗ​យុវជន ក្មួយ​ៗ​កាន់​តែ​មាន​​ភាព​រឹង​មាំ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដែល​ជា​គុណសម្បត្តិ​និង​ជា​គុណធម៌របស់​ពលរដ្ឋ​គ្រប់រូប ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​បន្តវេន​ពី​ជំនាន់​រៀមច្បង​នោះ។

គួរ​ជម្រាប​ជូន​ដែរ​ថា សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​អញ្ជើញ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីជា​លើក​ចុងក្រោយ ដល់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ និង​ភូមិ​គគីរ ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៣​។ ​សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ចាប់ផ្តើម​ចុះ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីលើក​ទី១ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២ នៅឯ​ខេត្ត​ក្រចេះ​៕