Thursday, February 7, 2013

អត្ថន័យនៃ ព្រះមេរុ និងការថ្វាយព្រះភ្លើងព្រះមហាក្សត្រខ្មែរ

AKP ភ្នំពេញថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៣–
ក្នុងសង្គមបុរាណ កាសាងសង់ព្រះមេរុ ឬព្រះមេន គឺជាព្រះរាជពិធីមួយដ៏សំខាន់សម្រាប់ មហាក្សត្រខ្មែរ ថៃ និងឡាវ។ ក្នុងជីវិតរបស់ ម្ចាស់ជីវិត និងផែនដី (ស្តេច)មានព្រឹត្តិការណ៍តែពីរទេ ដែលសំខាន់ជាងគេបំផុត គឺពិធីរាជភិសេក និងពិធីបុណ្យព្រះសព។ ការប្រកាន់ នូវប្រពៃណី បរមសព។ ការប្រកាន់នូវប្រពៃណីបរមបុរាណនេះ ត្រូវបានគេទទួលស្គាល់ថា ជាធាតុមួយចាំបាច់ នៃរបបរាជានិយម។ ហេតុនេះហើយទើបយើងឃើញមានការសាងសង់ព្រះបរមមេរុ សម្រាប់តម្កល់ ព្រះសព និងសម្រាប់ថ្វាយព្រះភ្លើងព្រះបរមសព នៅ ពេលដែលអតីតព្រះមហាក្សត្រទ្រង់យាងចូល ទិវង្គត ដូចអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមទី១ នៅខែមករា ឆ្នាំ១៩០៦ និង ព្រះបាទស៊ីសុវត្ថិ នៅខែមីនា ឆ្នាំ១៩២៨ជាដើម។
ដូច្នេះបច្ចុប្បន្នក៏ដូចជាអតីតកាលដ៏យូរលង់ មហារុងរឿងថ្កើងថ្កានផងដែរ ការសាងសង់ ព្រះមេរុ ឬព្រះមេន ដើម្បីប្រារព្ធព្រះរាជពិធីត ម្កល់ព្រះសព និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទនរោត្តមសីហនុ (១៩២២-២០១២) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ បាន ទទួលនូវការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់បំផុតពីសំណាក់ប្រមុខដឹកនាំនៃព្រះរាជា ណាចក្រកម្ពុជាទី២។
ការសាងសង់ព្រះមេរុ ត្រូវប្រើរយៈពេលយូរ និងថវិកាជាតិច្រើន ហើយសំណង់ដ៏ស្កឹមស្កៃនេះ តុបតែងលម្អដោយបុស្បុក អមដោយអ គារឧបសម្ព័ន្ធជាច្រើនជុំវិញ។ ព្រះមេរុមានកម្ពស់ប្រមាណ ជា ៤៦ម៉ែត្រ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត គឺជាមោទនភាព ជាតិខ្មែរយើងទាំងមូល ហើយដូចបុរាណាកាលដែរ ដើម្បីឲ្យការសាងសង់ព្រះមេនខាងលើនេះដំណើរការល្អ ពិធីក្រុងពាលី ក៏ត្រូវបាន ប្រារព្ធឡើងនៅវាលព្រះមេនយ៉ាងអ៊ឹកធឹកក្រៃលែង ក្រោមការទទួលខុសត្រូវខ្ពស់ពី អាជ្ញាធរពាក់ព័ន្ធ។ ដើម្បីស្វែងយល់អំពីអត្ថន័យ ទាក់ទងទៅនឹងនិមិត្តរូបនៃសំខាន់ស្ថាបត្យកម្មទំនើប ក៏ដូចជាពិធីថ្វាយព្រះភ្លើងព្រះបរមសព នៃព្រះអតីត ព្រះមហាវីរក្សត្រខាងលើគួរ គាប្បីយើងត្រូវថយ ទៅក្រោយបន្តិចសិន។
ជាបឋម សូមកុំភ្លេចថា ពាក្យព្រះមេរុ ឬព្រះមេន ដែលជាពាក្យកម្លាយគឺជាពាក្យផ្សំរវាងពាក្យ ព្រះជាភាសាខ្មែរ និងពាក្យមេរុ ឬ សិនេរុ សំស្រ្កឹត។ ពាក្យនេះ គឺជាឈ្មោះនៃភ្នំដ៏ពិសិដ្ឋមួយនៅព្រៃ ហិមពាន្តនៃលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ ហើយក៏ជាសំណង់ធ្វើអំពីឈើ សម្រាប់ បូជាព្រះសព ព្រះមហាក្សត្រដែរ។ ការសាងសង់សំណង់សម្រាប់ថ្វាយព្រះភ្លើងព្រះមហាក្សត្រនេះ ត្រូវអនុលោម ទៅតាមក្រឹត្យក្រមនៃ លោកធាតុវិទ្យា នៃលទ្ធិព្រហ្មសាសនា។
សូមរំលឹកឡើងវិញថា ក្នុងលោកធាតុវិទ្យានៃលទ្ធិព្រហ្មសាសនាបានចែងថា ពិភពលោក យើងនេះ មានរាងជាបួនជ្រុង សំប៉ែត ស្មើ ដែលនៅចំកណ្តាលមានទ្វីបមួយយ៉ាងធំឈ្មោះថា ជម្ពូទ្វីប។ ជម្ពូទ្វីប មានទ្វីបតូចចំនួនប្រាំមួយទៀត ព្រមទាំងមហសមុទ្រដែល ហ៊ុម ព័ន្ធជុំវិញដោយជួរ ភ្នំជាកំពែង។ នៅចំកណ្តាលជម្ពូទ្វីប គេឃើញមានភ្នំមួយខ្ពស់ជាងគេ គឺភ្នំព្រះសុមេរុ ជាចន្ទល់ ឬជាស្នូលនៃចក្រ វាល។ នៅលើកំពូលភ្នំសុមេរុ គឺជាឋានទេវលោក ឬឋានរបស់ព្រះអាទិទេព ព្រះព្រហ្ម ព្រះឥន្ទ្រ។ ម្យ៉ាងវិញទៀត ទេវឋាននេះ មានទិស ប្រាំបី ដែលទ្រទ្រង់បីបាច់ ថែរក្សា ដោយទេពបន្ទាប់ បន្សំទាំងប្រាំបីអង្គ ដែលជាឆ្មាំប្រកបដោយជ័យចេស្តាដ៏ខ្លាំងពូកែអស្ចារ្យ។
ដូចនេះ តាមការអធិប្បាយក្នុងលោកធាតុវិទ្យា យើងដឹងថា ភ្នំដែលស្ថិតនៅចំកណ្តាល ចក្រវាល ឬពិភពលោកយើងនេះ មានឈ្មោះថា ភ្នំសុមេរុ ឬសុមេរ ឬក៏សុមែរ៍ ហើយម្យ៉ាងវិញទៀត តាមប្រភពសិលាចារឹក រាល់ប្រាង្គប្រាសាទខ្មែរ ដែលបុព្វការីជនខ្មែរ បានសាងសង់ នោះ សុទ្ធសឹងតែតំណាងឲ្យភ្នំសុមែរ៍ទាំងអស់ ព្រះជាប្រាសាទភ្នំ តែត្រូវបានគេបំព្រួញឲ្យតូច។
ដូចករណីប្រាសាទសិលា យើងសង្កេតឃើញថា ព្រះមេរុ ឬព្រះមេន ដែលសម្រាប់ប្រារព្ធពិធី បូជា ព្រះសពព្រះមហាក្សត្រខ្មែរ គ្រប់ ព្រះអង្គកើតចេញពីភ្នំសុមេរុ ដែលតំណាងឲ្យភ្នំពិសិដ្ឋ លំនៅស្ថានរបស់ពពួកទេវតា ទោះជាធ្វើអំពីឈើក្តី។ យើងក៏អាចនិយាយបានថា នៅក្នុងវប្បធម៌ដ៏ សម្បូរបែបរបស់ជនជាតិខ្មែរ ទោះជាសព្វថ្ងៃជនជាតិខ្មែរកាន់លទ្ធព្រះពុទ្ធសាសនាក្តី ប្រពៃណី បែបព្រហ្មណ៍ និយម តែងតែត្រូវបានបន្តគោរពប្រណិប័តន៍ដូចករណីព្រះមេរុខាងលើជាភស្តុតាង ស្រាប់។
បានសេចក្តីថា រាល់សំណង់ស្ថាបត្យកម្មបុរាណខ្មែរ ជាពិសេសប្រាង្គប្រាសាទ ឬព្រះបរមមេរុ ត្រូវធ្វើតាមបញ្ញត្តិកម្មអំពីពិភពលោក ឬ លោកធាតុវិទ្យាខាងលើ ដែលមានចារយ៉ាងត្រឹមត្រូវ ក្នុងលោកលោកធាតុវិទ្យានៃលទ្ធព្រហ្មញ្ញសាសនា។ ម្យ៉ាងវិញទៀត ក្រៅពីសោ ភ័ណភាពដ៏កម្រ ដែលឆ្លុះបញ្ចាំងតាមរយៈគ្រឿងតុបតែងលម្អគួរឲ្យគយគន់ សំណង់ស្ថាបត្យកម្មខ្មែរគ្រប់ប្រភេទ រួមមាន ព្រះមេរុផង ដែរនោះ គឺបង្ហាញអំពីសម្ព័ន្ធយ៉ាងស្អិតរមួតខាងនិមិត្តរូបរវាងទស្សនវិជ្ជាស្តីពី លោក និងវិស័យស្ថាបត្យកម្មខ្មែរគ្រប់ប្រភេទរ មែងតែផ្សា ភ្ជាប់មនុស្សទៅនឹងជំនឿសាសនា។ ព្រមជា មួយនឹងលក្ខណសម្បត្តិទាំងនោះ ពាក់ព័ន្ធនឹងបុណ្យសពដែលជាកម្មវត្ថុនៃ ការសាងសង់ ក៏មានកត្តា វិជ្ជមានមួយទៀត ដែលគេមិនត្រូវមើលរំលង គឺទេវភាព នៃមហាក្សត្រខ្មែរក្រោយពីទ្រង់សុគត។
សូមកត់សម្គាល់ថា លក្ខណៈវិសាលភាពទាំងអស់ដែលរៀបរាប់ខាងលើនេះ ជាហេតុផល ដែលកើតឡើងពីការវិភាគស៊ីជម្រៅ នូវប្រព ទិន្នន័យខាងបុរាណវិទ្យា និងជាតិពន្ធដែលគេពុំអាច បដិសេធភាពត្រឹមត្រូវនេះបានទេ។ ឧទាហរណ៍ ជាក់ស្តែងដែលជាការបកស្រាយ នៃលោកធាតុវិទ្យា មកជារូបភាពស្តែងដោយសំណង់ស្ថាបត្យកម្មពិតនៅឋានមនុស្ស ឬលោកយើងនេះ គឺការសាងសង់ ប្រាសាទរាជ តាមលំនាំនៃភ្នំសុមេរុ នៅចំកណ្តាលព្រះរាជធានី នសម័យអង្គរ។ បើយើងលើ ខ្លឹមសារចារឹករបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២ និមិត្តរូប របស់ភ្នំសុមេរុនៅទីនេះ តំណាងដោយ ប្រាសាទបាពួននៅ សតវត្សរ៍ទី១១ នាំឲ្យយើងដឹងថា ព្រះរាជាធានីរបស់ទ្រង់គឺជាផ្ចត់នៃសកល លោកកំណត់ដោយភ្នំសុមេរុ។ ដូចនេះព្រះរាជាធានីមានភ្នំព្រះសុមេរជាចំណុចកណ្តាល។
ដូចនេះ ក្នុងក្រសែភ្នែកខ្មែរបុរាណ ភ្នំកណ្តាល ឬព្រះសុមេរុ គឺស្ថិតនៅចំកណ្តាលនៃព្រះរាជ ធានីដែលតំណាងដោយប្រាសាទភ្នំមួយ គឺ កន្លែងស័ក្តិសិទ្ធិបំផុតនៅលើលោកយើងនេះ។ ព្រោះគឺជា និមិត្តរូប នៃទេវឋានដែលមានព្រះអាទិទេពដ៏មានហិទ្ធិឫទ្ធិគង់ប្រថាប់ ដើម្បី បីបាច់ថែរក្សាព្រះនគរ។ ឧទាហរណ៍មួយទៀត តាមប្រសាសន៍របស់លោកហ្សក ស៊ីដេសអ្នកប្រាជ្ញាបារាំង ប្រាសាទអង្គរវត្ត ដែលជា ស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរដែលតំណាងឲ្យភ្នំសុមេរុនោះ គឺសាងសង់ឡើងសម្រាប់ឧទ្ទិស ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបាទសុរិយាវរ្ម័នទី២ ស្តេចស្ថាបនិកនៅពេលដែលទ្រង់យាងចូលទិវង្គត។ យ៉ាងណាមិញ ការសាងសង់ព្រះមេរុរបស់យើងសម្រាប់ បូជាព្រះសពអង្គ ស ម្តេចឪ ក៏ដូច្នេះដែរ ព្រះស្ថិតក្នុងបរិបទដូចគ្នា។
ការបញ្ជាក់ឡើងខាងលើនេះ គឺសមស្របនឹងអ្វីដែលយើងបានដឹងអំពីវប្បធម៌ខ្មែរ ហើយចំណុចសំខាន់នោះ គឺមុខងារ និងនាទីរបស់ភ្នំ សុមេរុ ឬព្រះសុមែរ៍ ព្រមទាំងនិមិត្តសញ្ញាដ៏ឆ្នើម ដែលយើងមិនត្រូវមើលរំលង។
បើនិយាយម្យ៉ាងទៀត ក្នុងក្របខ័ណ្ឌវប្បធម៌ខ្មែរ ការសាងសង់ព្រះបរមមេរុរបស់យើង មិនមែនជាការចៃដន្យទេ ក៏ប៉ុន្តែមានកំណត់ ច្បាស់ដោយបទប្បញ្ញត្តិសាសនា ហើយទិដ្ឋភាពមួយគួរ ឲ្យចាប់អារម្មណ៍ក្នុងវប្បធម៌ខ្មែរ គឺថា មនោគមន៍សាសនា រមែងតែងជះឥទ្ធិ ពលលើសំណង់ ស្ថាបត្យកម្មដែលជាតម្លៃត្រូវបានជនជាតិខ្មែរទូទាំងប្រទេស ទទួលស្គាល់ស្គាល់តាំងពីបុរាណកាល ក៏ដូចបច្ចុប្បន្ន។
ដូច្នេះ ប្រាសាទបុរាណក៏ដូចជាសំណង់ព្រះបរមមេរុនាសម័យទំនើបនេះដែរ ភាព ចាំបាច់តម្រូវឲ្យមានការសាងសង់ឡើង គឺជាកេរ វប្ប ធម៌កាត់ថ្លៃពុំបានដែលបង្ហាញពីទេពកោសល្យ ដ៏ឧត្តុង្គឧត្តម និងវឌ្ឍនភាពផ្នែកស្ថាបត្យកម្មគួរឲ្យគោរពស្រឡាញ់ កោតសរសើររបស់ ជាតិខ្មែរឥត ក្លែងក្លាយ។
ទាំងនេះ មានន័យថា ព្រះមេរុខ្មែរ គឺជាសំណង់សាសនា ត្រូវបានធ្វើតាមទស្សនាទានបុរាណ ស្តីពីលោក បង្កប់នូវអត្ថន័យស៊ីជម្រៅ យ៉ាងក្រៃលែង។ គឺដោយសារសំខាន់នេះហើយ ដែលធ្វើឲ្យខ្មែរ រក្សាប្រពៃណីសាងសង់នេះជាប់លាប់។ គំនិតនេះហើយ ដែលយើង ទើបតែវិភាគឲ្យយើងយល់ន័យ នៃព្រះមេរុ ឬព្រះមេនខ្មែរនាសម័យទំនើប។ បើនិយាយម្យ៉ាងទៀត បើយើងពិនិត្យលើបញ្ញតិកម្ម សាស នា និងប្លង់នៃព្រះមេនឲ្យបានល្អិតល្អន់ដោយសំអាងលើទស្សននិមត្តរូបនិយម យើងអាច ពន្យល់នូវប្រភព និងមូលហេតុ នៃការសាង សង់សមិទ្ធផលដ៏ល្អវិចិត្រនេះយ៉ាងប្រាកដ។
ម្យ៉ាងវិញទៀត សូមរំលឹងផងដែរថា តាមប្រពៃណីខ្មែរតាំងពីបរមបុរាណមកចាប់តាំងពីបុរេ អង្គរ រហូតដល់បច្ចុប្បន្ន ក្រោយពីយាងចូល ទិវង្គតព្រះមហាក្សត្រខ្មែរ តែងតែទទួលងារសក្តិម ច្ឆាមរណនាមមួយ។ តើទង្វើនេះមានន័យយ៉ាងដូចម្តេច?
នៅក្នុងសង្គមខ្មែរបុរាណ គេមានជំនឿថា ក្រោយពីសុគត ព្រះមហាក្សត្រ នឹងយាងចាប់ព្រះ បដិសន្ធិជាថ្មីឡើងវិញ ជាព្រះអាទិទេពនៅ ឯព្រហ្មលោក (ឋានព្រះព្រហ្ម) ឬឋានព្រះឥន្ទ្រ (បែបទុព្ធនិយម) ឯណោះ។ ព្រោះថា ព្រះវិញ្ញាណក្ខន្ធរបស់ទ្រង់នៅស្ថិតស្ថិរជារាងរហូត មិនអាច សាបសូន្យទេ។ ដើម្បីឲ្យដំណើរការនេះ ប្រកបដោយភាពរលូន គេត្រូវការនូវធាតុមួយដ៏ពិសិដ្ឋ គឺព្រះអគ្គីដើម្បីជម្រះភាព គ្រោកគ្រាតនៃព្រះកាយ ហើយពាំនាំព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រទៅ កាន់ព្រហ្មលោក។ គឺតាមរយៈយន្តការនេះ ហើយ ទើបព្រះ មហក្សត្រទទួលបាននូវទេវភាពក្នុង ន័យថា ក្លាយទៅជាវត្ថុស័ក្តិសិទ្ធិ ព្រោះក្រោយពីសុគតព្រះអង្គយាងទៅឋានសួគ៌។ តាមពិតទៅ ទេវភាពនៃព្រះមហាក្សត្រខ្មែរ ក៏អាចគួសបញ្ជាក់តាមពិធីព្រះរាជអភិសេកផងដែរ ដែលធ្វើឲ្យព្រះអង្គ សោយរាជដោយស្របច្បាប់ និងប្រកបដោយអំណាចពិសិដ្ឋសមស្រប។ អំណាចពិសិដ្ឋក្នុងខណៈ ព្រះអង្គជាព្រះអាទិទេព ត្រូវបង្ហាញតាមរយៈចម្លាក់ ព្រះទេវរូប ព្រះឥន្ទ្រ ឬក៏ព្រះនារាយណ៍ ឬក៏ជូន កាលទាំងពីរព្រះអង្គ ដែលទ្រង់បានទទួលពីព្រះរាជគ្រូដែលជាព្រាហ្មណ៍បុរោហិតក្នុង ព្រះបរម រាជវាំង ដូចករណីព្រះពិធីរាជាភិសេកព្រះបាទសុរិយោពណ៌ និងព្រះបាទជ័យជេដ្ឋា ជាតឹក តាងស្រាប់។ នេះសឲ្យឃើញថា អំណឹះត ទៅ ព្រះអង្គពិតជាតំណាងឲ្យព្រះអាទិទេពនៅឋានក្រោម យ៉ាងជាក់ច្បាស់ ហើយក្រោយពីអស់ព្រះជន្មព្រះអង្គនឹងយាងទៅកាន់ឋាន សួគ៌។ អ្នកដែលមានការ ចេះដឹងវប្បធម៌ខ្មែរ តែងតែដឹងថា ពិធីបូជាព្រះសពនេះ មិនមែនជាពិធីសាមញ្ញទេ ក៏ប៉ុន្តែមានអាថ៌ កំបាំងយ៉ាង ជ្រាលជ្រៅជាទីបំផុត។
សូមរំលឹកថា ក្នុងពិធីបូជាព្រះសព ចំពោះខ្មែរកាន់សាសនាព្រាហ្មណ៍ ព្រះមហាក្សត្រនឹង ទទួលបានទេវភាព ដូចទើបពោលនៅខាង លើ លុះត្រាតែយកព្រះសពរបស់ព្រះអង្គបូជាព្រះភ្លើង ឬព្រះអគ្គីដែលជម្រះសពគ្រោតគ្រាតនៃធាតុទាំង៥ នៃរូបរាងកាយឲ្យក្លាយទៅ ជាល្អបរិសុទ្ធ។ ព្រោះ បើគ្មានព្រះភ្លើងរំលាយព្រះសពទេ វិញ្ញាណក្ខន្ធនៃព្រះមហាក្សត្រ និងមិនអាចយាងទៅចាប់ បដិសន្ធិថ្មីឡើងវិញ នាឋានទេវលោកបានឡើយ ហើយដើម្បីមូលហេតុចម្បងនេះ តម្រូវឲ្យមានពិធី ថ្វាយព្រះភ្លើង។
ដោយសារព្រះរាជប្រពៃណីនេះ យើងអាចដឹងថា សម្រាប់ខ្មែរ ការយាងចូលទិវង្គតរបស់ ព្រះមហាក្សត្រខ្មែរ មិនមែនជាការសាបសូន្យ ទេ ក៏ប៉ុន្តែជាការផ្លាស់ប្តូរនូវស្ថានភាពពីមនុស្សភាពទៅ ជាទេវតាតែប៉ុណ្ណោះ តាមពិធីកម្មថ្វាយព្រះភ្លើង ពោលគឺភាពជាអាត្ម័នដែល ជាព្រឹលឹងតូច ឬមនុស្ស នឹងវិលត្រឡប់ទៅចូលក្នុងព្រលឹងធំវិញ ឬព្រហ្ម័នដែលតំណាងឲ្យភាពអមតៈនៃសកល ឬក្លាយ ទៅជាអាទិ ទេពនៅឯឋានសួគ៌។
គឺដោយសារតែគំនិតចក្ខុវិស័យនេះហើយ ទើបគេប្រសិទ្ធព្រះបរមនាមថ្វាយព្រះមហាក្សត្រ នៅពេលដែលទ្រង់ចូលទិវង្គត។ ហើយជា ការពិតណាស់ បើយោងពិនិត្យលើនិមិត្តរូបនៃព្រះភ្លើង ក្នុង សង្គមខ្មែរបុរណ យើងពិតជាទទួលស្គាល់ថា ព្រះភ្លើង គឺជាអាទិទេពពាំនាំ ព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រទៅកាន់ព្រហ្មលោកមែន។ បើផ្អែកលើប្រភពសិលាចារឹកយើងឃើញថា ក្រោយពី ថ្វាយព្រះភ្លើង ព្រះប រមសពព្រះកាយរបស់ព្រះមហាក្សត្រក៏បានក្លាយទៅជាអង្គជ័យ ធ៌ម្មកាយ ដ៏ពិសិដ្ឋមួយជាទីគោរពសក្ការៈ ដែលសំដៅទេវភាពរបស់ ព្រះអតីតព្រះមហាក្សត្រខ្មែរ ហើយភាព អមតៈនេះ តំណាងដោយព្រះបដិមាដែលគេបូជាក្នុងប្រាសាទភ្នំ។ កុំភ្លេចថា ក្នុងប្រព័ន្ធ មនោ គមវិជ្ជា សាសនាបុរណ ព្រះភ្លើង ឬព្រះអគ្គី គឺជាទេវភាពតំណាងឲ្យការទ្រទ្រង់មនុស្សលោកឲ្យមានជីវិតជីវ៉ា ឬការបង្កើតលោក។
ដូច្នេះដោយផ្អែកលើការសិក្សាដ៏លម្អិតអំពីប្រពៃណីបូជាសពបុរាណមួយចំនួន យើងអាច កត់សម្គាល់ផងដែរថា ក្រោយពីបូជាព្រះភ្លើង រួច ដូចនៅប្រទេសឥណ្ឌូណេស៊ី កាលពីសម័យដើម គេរើសព្រះអដ្ឋិធាតុ ឬឆ្អឹង ឬក៏ផេះរបស់ព្រះមហាក្សត្រដើម្បីបញ្ចុះ ឬតម្កល់ក្នុង ប្រាង្គប្រាសាទ ឬក្នុង ព្រះស្តូប ឬព្រះចេតិយ៍ ដែលតំណាងឲ្យភ្នំសុមេរុ។ ពុំតែប៉ុណ្ណោះជួនកាលគេក៏យកមួយភាគតូចនៃ ព្រះអដ្ឋិធាតុ យកទៅទម្លាក់ក្នុងទន្លេផងដែរ ដូចករណីព្រះអដ្ឋិធាតុព្រះបាទនរោត្តទី១ និងព្រះបាទ ស៊ីសុវត្ថិជាដើម។
នៅទីនេះ យើងចង់និយាយថា ព្រះមេរុ គឺពិតជាប្រាង្គប្រាសាទខ្មែរ តំណាងឲ្យភ្នំសុមេរនៃ ទេវស្ថាន ដែលក្រោយពីសុគតព្រះមហា ក្សត្រខ្មែរ ដែលទទួលពិធីប្រសិទ្ធនាមថា ទេវភាពត្រូវគង់ សណ្ឋិត។ បើនិយាយមួយបែបទៀត ក្រោយពីសោយទិវង្គត ជាពិសេស ក្រោយពីពិធីបូជាព្រះភ្លើង ដែលជាពិធីកម្មដ៏ចម្បង ព្រះមហាក្សត្រខ្មែរ នឹងក្លាយទៅជាព្រះអាទិទេព ហើយការដែលព្រះអង្គ មាន បច្ឆាមរណនាម គឺជាសក្ខីស្រាប់។ គឺក្នុងបរិបទនេះហើយ ដែលនាមនៃរូបព្រះបដិមាក្លាយទៅជា ទេវបុគ្គល ហើយបញ្ហានេះ មិនគួរ ឲ្យយើងសង្ស័យអ្វីឡើយ។
ម្យ៉ាងទៀត សូមរំលឹកបន្ថែមថា ការបូជាព្រះភ្លើងព្រះបរមសព មានសារសំខាន់ណាស់។ យើងត្រូវយល់អំពីរចនាសម្ព័ន្ធ ផ្នែកនិមិត្តរូប ទាំងនេះ ដោយសារអានុភាពនៃជំនឿ។ នៅត្រង់នេះ យើងចង់បញ្ជាក់ថា ក្រោយពីរើសព្រះអដ្ឋិធាតុរួច ក៏មានពិធីបង្វិលពពិល និងប្រែ រូបផងដែរ ដែលយើងមិនបរិយាយនៅទីនេះ ក៏ប៉ុន្តែជាព្រះរាជពិធីអត្ថន័យស៊ីជម្រៅដូចគ្នាទាំងអស់។
សូមបញ្ជាក់សារជាថ្មីឡើងវិញថា តាមជំនឿបុរាណ ក្រោយពីសោយទិវង្គត ពោលគឺយាងទៅ ឋានសួគ៌ ឬសួគ៌ា ព្រលឹងព្រះរាជា ត្រូវ ផ្តាច់ចេញពីខ្លួនប្រាណ ហើយចាកផុតពីភាពជាមនុស្ស ដើម្បី ការចាប់កំណើតជាថ្មីឡើងវិញនេះ នៅឯឋានព្រហ្មលោក ឬឋានសួគ៌ ដែលប្រកបដោយភាពបរិសុទ្ធ និងបរមសុខគ្មានមន្ទិលសូម្បីតែបន្តិចបន្ទួចក៏គ្មានឡើយ។ ឬជួនកាលព្រះវិញ្ញាណក្ខន្ធនៃអតីត ព្រះមហា ក្សត្រ នឹងយាងគង់សណ្ឌិតនៅក្នុងលិង្គ ឬព្រះរូបដែលគេតម្គល់នៅតាមប្រាសាទ ដូចភ្នំព្រះសុមេរុដ៏ពិសិដ្ឋ ដែលស្ថិតនៅចំកណ្តាល ពិ ភពលោកដែលគេគោរពបូជាសក្ការៈ។ បានសេចក្តីថា ព្រះបរមសុមេរុពាក់ព័ន្ធជាមួយនឹងពិធីបុណ្យព្រះសព ព្រះមហាក្សត្រក៏មែនពិត ក៏ប៉ុន្តែទន្ទឹមនឹងនេះ ទស្សនៈមនោគមន៍វិជ្ជាបែបព្រហ្មញ្ញសាសនា ដែលបានដិតដាមរហូតដល់ បច្ចុប្បន្ន ក្នុងមនោចិន្តារបស់ប្រជាជន ខ្មែរយើងគ្រប់មជ្ឈដ្ឋាន។ ដោយសារហេតុនេះ គេសាងសង់ ព្រះមេរុ ដែលបង្ហាញនូវឧត្តមគតិដ៏ឧត្តុង្គឧត្តមនេះ ថ្វាយអតីតព្រះមហាវី រក្សត្រខ្មែរ។
ចំពោះប្រភពខ្មែរនៃព្រះមេរុថៃវិញ ក្នុងសៀវភៅមួយ ដែលមានចំណងជើងថា «អធិប្បាយរឿងរូបភាពសត្វហេមពាន្ត អ្នកស្រាវជ្រាវថៃ គឺលោក យឹម បញ្ញយ៉ងកូរ បានបញ្ជាក់ថា គ្រាជំនាន់បុរាណជនជាតិខ្មែរកាន់លទ្ធិព្រហ្មញ្ញសាសនា តាមទស្សនគតិរបស់ព្រាហ្មណ៍បុរោ ហិតចារ្យ ដោយចំពោះរឿងព្រះមហាក្សត្រទ្រង់ព្រះសម្ភព ក៏ប្រកាន់ជាទេព្តា។ លុះដល់វារៈចុង ក្រោយបំផុតនៃព្រះជន្មាយុ ក៏និយមប្រើ ពាក្យថា សុគត បានសេចក្តីថា ធ្វើដំណើរទៅកាន់ទេវស្ថាន នាភ្នំព្រះសុមេរុ។ ចំណែកព្រះបរមសពនោះ ក៏បានអញ្ជើញទៅបូជានៅ ព្រះមេរុដែលប្រុងចាត់ ថ្វាយ។ ដោយយោងលើកំណត់ហេតុរបស់ព្រះរាជវង្សានុវង្សថៃ នៅពុទ្ធសករាជ ២៤៨១។ លោកក៏ បានបន្ត ទៀតថា ព្រះមេរុថៃ ធ្វើតាមបែប្រាសាទខ្មែរ ហើយប្រាសាទខ្មែរក៏ធ្វើតាមបែបមេរុ។ ហេតុដែលមានឈ្មោះថា មេរុ ក៏ព្រោះមានលក្ខណៈ ជាភ្នំព្រះមេរុ ពោលគឺមានប្រាង្គប្រធានខ្ពស់នៅ កណ្តាល ហ៊ុមព័ន្ធដោយសត្តបរិពណ្ឌយ៉ាងពាសពេញនៅជុំវិញ។
កាលពីមុនប្រហែលជាមាន៧ជាន់ ហើយអត្ថន័យក៏ក្លាយទៅជាមេរុបូជាព្រះសព ទៅវិញ។ អ្នកនិពន្ធខាងលើក៏បញ្ចប់សេចក្តីថា វិធីការ ធ្វើមេរុ តាមសេចក្តីបំណងចង់ឲ្យកើតជាភ្នំព្រះសុមេរុ ដែលមានភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំការវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធ ភ្នំវិន្តក និងភ្នំអ័ស្ស ក័ណ្ត ភ្នំទាំង៧នេះ មានឈ្មោះរួមគ្នា ហៅថា ភ្នំសត្តបរិពណ្ឌ កាលបើមានសភាពដូច្នេះ ក៏បានសេចក្តីថា ស្ថានទីដូច្នេះ ត្រូវមានសភាព ជាទីលំនៅនៃព្រៃផ្សៃពាស ពេញទៅដោយសព្វសត្វនានាអំបូរពូជអាស្រ័យទៅជាធម្មតា។ ព្រោះជាខ័ត្តិយរាជប្រពៃណីរបស់ខ្មែរ ដែល មានមកយ៉ាងនេះ បើដូច្នេះកាលណាធ្វើមេរុ ក៏ធ្វើតាមបែបប្រាសាទខ្មែរ ដូចជា ប្រាសាទថ្មពិមាយជាទីបូជាព្រះបរមសព ទើបបានក៏ សាងសំណាកសូនរូបសត្វនានា អម្បូរស្មតិ ជាសត្វព្រៃហិមពាន្ត នាំបញ្ចូលរួមក្បួនដង្ហែព្រះបរមសពទៅកាន់ព្រះមេរុ។ ប្រពៃណីបែប ព្រហ្មញ្ញ សាសនានេះ បានប្រកាន់ខ្ជាប់ជារាជប្រពៃណីតៗមកជាយូរអង្វែង។
សូមបញ្ជាក់បន្ថែមថា ទោះបីជាសព្វថ្ងៃនេះ ពាក្យមេរុ គឺជាស័ព្ទខ្មែរបុរាណមិពីភាសាសំស្រ្កឹត ដែលជាពាក្យខ្មែរបុរាណមានន័យថា សួគ៌ ឬសួគ៌ា ត្រូវបានអានតាមនិរុត្តិសាស្រ្ត ដោយចេញ សំនៀងជាភាសាថៃមេនក្តី ព្រះថាអក្សរ រ ត្រូវចេញសំនៀងជា នក៏ប៉ុន្តែដូចការវិភាគ ខាង គ្មានហេតុ ផលអ្វីដែលថា ពាក្យនេះ គឺជាភាសាថៃ ហើយការសាងសង់ព្រះមេរុ ដ៏មហាស័ក្តិសិទ្ធិតំណាងឲ្យភ្នំ ព្រះសុមេរុ ឬសិនេរុ គឺជាកម្ចីពីថៃឡើយ។ ដូចជនជាតិខ្មែរ ជនជាតិថៃ និងឡាវ ក៏ប្រើពាក្យសុគត (សួគ៌ត) ដែលជាពាក្យខ្មែរបុរាណ ដែលមានប្រភពចេញ ពីភាសាសំស្រ្កឹតថា ស្វគ៌គត នៅពេលដែល ព្រះមហាក្សត្រអស់ជន្មាយុ។
សង្ខេបសេចក្តីមក ដូចក្នុងន័យខាងលើ តាមរយៈពិធីបូជាព្រះភ្លើង យើងដឹងថា អាត្ម័នរបស់ ព្រះមហាក្សត្រ ដែលតំណាងដោយព្រះ កាយ ហើយដែលផ្សំផ្គុំឡើងដោយធាតុទាំង៥ គឺទឹក ដី ភ្លើង ខ្យល់ជាដើម ដែលទើបតែសម្អាតឲ្យបរិសុទ្ធដោយព្រះភ្ហើង ឬព្រះអគ្គី និង មានលទ្ធភាពយាងទៅ កាន់ព្រហ្មលោក ឬព្រហ្ម័នវិញ ដើម្បីសោយសម្បត្តិសួគ៌ ជារៀងរហូត។ នេះគឺជាកម្មវត្ថុនៃពិធីបុណ្យថ្វាយព្រះ ភ្លើង។
ជាសេចក្តីសន្និដ្ឋាន យើងអាចនិយាយបានថា ការបូជាព្រះបរមសព ដោយព្រះភ្លើង គឺជាពិធី កម្មមួយយ៉ាងសំខាន់បំផុត ដែលតម្រូវឲ្យ មានការសាងសង់ព្រះមេរុនោះ មិនគ្រាន់តែឲ្យមន្ទិល នៃព្រះកាយដែលគ្រោតគ្រាតរបស់មនុស្សលោក ក្លាយទៅជាបរិសុទ្ធដ៏ថ្លៃថ្លា ហើយដែលប្រកប ដោយគុណសម្បត្តិដ៏ឧត្តុង្គឧត្តមខាងលើនេះទេ។ ដូចពោលខាងលើ កិច្ចសាសនានេះ បានផ្តល់ លទ្ធភាពឲ្យព្រះវិ ញ្ញាណក្ខន្ធស្ថិតក្នុងស្ថានភាពថ្មីមួយយ៉ាងជាក់ច្បាស់ គឺការបង្កើតនូវរូបរាងកាយថ្មី មួយអមតៈ ដែលគេហៅថា អង្គជ័យ។ បើនិយាយ ម្យ៉ាងទៀត ស្ថានភាពថ្មីនេះ បានជំរុញឲ្យ ព្រះមហាក្សត្រ ឲ្យក្លាយទៅជាទេវនៅឋានព្រះឥន្ទ្រ តាមទ្រឹស្តីព្រហ្មញ្ញសាសនា។
ក្រៅពីការបង្ហាញឲ្យឃើញថា ភាពអ៊ឹកធឹក ឬមហោឡារឹក និងវិសាលភាព នៃពិធីបុណ្យបូជា ព្រះបរមសព ដើម្បីឲ្យស័ក្តិសមទៅនឹងព្រះ រាជឧបក្ការៈទិគុណ របស់ព្រះមហាវីរក្សត្រ ដែលព្រះបាទ នរោត្តមសីហនុ អង្គសម្តេចឪ សំណង់ព្រះមេរុ នៅវាលព្រះមេន (វាលមេរុ) នៅខាងកើតក្បែរព្រះបរម រាជវាំងបច្ចុប្បន្ន ដែលតំណាងឲ្យភ្នំសុមេរុ គឺជារូបភាពមួយតូចនៃចក្រវាលដែលគេបានចម្លងចេញពី លោក ធាតុវិទ្យា នៃលទ្ធិព្រហ្មញ្ញសាសនានៅឋានមនុស្សលោកយើងនេះ។
ទោះបីជារបៀបប្រារព្ធពិធីបូជាព្រះបរមសព មានលក្ខណៈខុសគ្នាខ្លះ ដោយការវិវត្តន៍នៃ សង្គមក៏ដោយ ក៏ន័យទូទៅពុំខុសគ្នាឡើយ គឺ ថា សំណង់ព្រះមេរុ ពិតជាតំណាងឲ្យភ្នំសុមែរ៍ យ៉ាង ជាក់ច្បាស់។ រីឯអត្ថន័យនៃការតាំងព្រះបរមនាមថ្វាយព្រះមហាក្សត្រ ក៏ដូច្នេះ ដែរ។ ព្រោះថា ការភ្ជាប់ព្រះបរមនាមរបស់ព្រះអតីតព្រះមហាក្សត្រខ្មែរ ជាមួយតួអង្គអាទិទេពណាមួយ ដែលទ្រង់ គោរពសក្ការៈនោះ គឺជាទំនៀមទម្លាប់ដ៏យូរលង់ណាស់មកហើយ តែមានកិច្ចពិធីសំខាន់ជាង គេបំផុត បន្ថែមលើនេះទៀត គឺការធ្វើឲ្យព្រះសពព្រះមហាក្ស ត្រក្លាយទៅជាធាតុមួយនៃទេវៈ ដើម្បីជីវិតអមតៈ។ ឧទាហរណ៍ជាក់ស្តែង ដើម្បីភ្ជាប់ព្រះកាយទៅនឹងពិភពព្រះអាទិទេព ដែលព្រះបាទ រុទ្រវរ្ម័ននាសម័យនគរភ្នំ បានគោរពប្រតិបត្តិ ចៅអធិរាជអង្គនេះ បានយកព្រះបរមនាម ថា រុទ្រលោក។ រីឯព្រះបាទយសោវរ្ម័នទី១ នាស ម័យអង្គរ ទ្រង់មានព្រះបរមនាមថា សិវលោក។
កុំភ្លេចថា នាសម័យក្រោយអង្គរជាទូទៅ ព្រះអដ្ឋិធាតុព្រះមហាក្សត្រត្រូវគេយកទៅបញ្ចុះក្នុង បរិវេណព្រះបរមរាជវាំង ឬក៏នៅលើជួរភ្នំ ព្រះរាជទ្រព្យ ឬក៏លើភ្នំសិប្បនិម្មិតវត្តភ្នំ ដោយតំណាងឲ្យភ្នំ សុមេរុ ដូចករណីព្រះពញាយ៉ាត នៅរាជធានីភ្នំពេញជាតឹកតាងស្រាប់។ ចំពោះយើងភ្នំព្រះសុមេរ៍ ឬមេរុ ប្រាង្គប្រាសាទ គឺជាអង្គធាតុតែមួយ។
គឺក្នុងបរិបទនេះហើយ ដែលព្រះបច្ឆាមរណនាម ព្រះបរមរតនកោដ្ឋ របស់សម្តេចឪ ព្រះបាទនរោត្តមសីហនុ ត្រូវបានតែងតាំងឡើង តាមលំនាំព្រះរាជប្រពៃណីបុរាណ ដោយមាន អត្ថន័យស៊ីជម្រៅយ៉ាងក្រៃលែង។ ព្រះបច្ឆាមរណនាមខាងលើនេះ គឺជាសញ្ញាបញ្ជាក់ពី និន្នាការ សាសនា ឬនិកាយនៃលទ្ធិសាសនា ដែលអតីតព្រះមហាក្សត្របានគោរពបូជា កាលពីទ្រង់នៅមាន ព្រះជន្មាយុនៅឡើយ  គឺ លទ្ធិព្រះពុទ្ធសាសនា។ តាមពិតទៅការថ្វាយព្រះសិទ្ធព្រះនាមថ្មីខាងលើនេះ គឺជាការលើកតម្កើងឋានៈ ព្រះមហាក្សត្រ ព្រះបាទន រោត្តមសីហនុ ពីស្ថានភាពជាមនុស្សទៅជា ឋានៈទេវ។ ដោយហេតុថា តាមជំនឿដូនតា ក្រោយសុគត ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ នឹងត្រូវ ក្លាយទៅជាវត្ថុស័ក្តិសិទ្ធិ ដើម្បីថែរក្សា ការពារពូជពង្សទឹកដីខ្មែរ ឲ្យស្ថិតស្ថេរជារៀងរហូត។
ខាងលើនេះជាលក្ខណៈសំខាន់មួយនៃប្រព័ន្ធជំនឿ សាសនាខ្មែរសម័យបុរាណ ដែលបានបន្តដល់ សព្វថ្ងៃយ៉ាងប្រាកដ៕
ដោយលោក ចង លឹមអ៊ី