Tuesday, February 12, 2013

កម្ពុជា-បេឡា​រុស​មាន​បំណង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ទៀត​រវាង​ប្រទេស​ទាំងពីរ



ឯកឧត្តម វ្ល៉ាឌីមៀរ អង់ឌ្រេឆិនកូ (Vladimir Andreichenko) ប្រធានរដ្ឋសភា ​នៃសាធារណ​រដ្ឋ​បេឡា​រុស បានមាន​ប្រ​សាសន៍​ជម្រាប​ជូន សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី១១ ខែ​កុ​ម្ភៈ ឆ្នាំ២០១៣​ ថា ប្រទេស​បេឡា​រុស មានបំណង​បង្កើន​​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​​ប្រទេស​កម្ពុជា​លើ​ស្ថាប័ន​នីតិ​បញ្ញត្តិ ក៏ដូចជា​លើ​វិស័យ​ពាណិជ្ជ​កម្ម សេដ្ឋកិច្ច និង​ការ​គាំពារ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សវនាការនៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញឯកឧ​ត្ត​ម​ វ្ល៉ាឌីមៀរ អង់ឌ្រេឆិនកូ (Vladimir Andreichenko) ប្រធានរដ្ឋសភា​បេឡា​រុស បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​កម្ពុជានៅ​ពេល​នេះ ឯកឧត្តម​នឹង​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​អប់រំ និង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ចូលរួម​សម្ភោ​ធ​បើក​ការដ្ឋាន​តម្លើង​ត្រាក់ទ័រ​នៅ​កម្ពុជា​ផងដែរ។ ឯកឧត្តម វ្ល៉ាឌីមៀរ អង់ឌ្រេ​ឆិនកូ  ក៏បាន​បង្ហាញ​អំពី​គោលបំណង​នៃ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​ស៊ី​ជំរៅ​ថែមទៀត ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេស​ចរណ៍ ​រួមទាំង​ការហោះហើរ​ត្រង់​ពី​បេឡា​រុស ​មកកាន់​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​ប្រធានរដ្ឋសភា​បេឡា​រុស​ ក៏បាន​អញ្ជើញ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ទៅធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​បេឡារុស ក្នុង​ឆ្នាំ២០១៣នេះ​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ ​ចំពោះការអញ្ជើញ​សម្តេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បេឡា​រុស។ ​ទាក់ទិន​ទៅនឹង​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​បាន​លើកឡើងថា​ គប្បី​ភាគី​ទាំងពីរ​រៀបចំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទាំង​អស់នោះ​ឲ្យ​កាន់តែ​ស៊ី​ជំរៅ​ថែមទៀត។ សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​ដែលមាន​ភាព​ស៊ី​ជំរៅ គឺ​ត្រូវ​ជំរុញ​នូវ​​កិច្ច​សហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់ ឲ្យ​កាន់​តែមាន​សកម្មភាព​ទៅមុខ ​ដើម្បី​ឈានទៅ​ដល់ការ​រៀបចំ​កិច្ច​ព្រមព្រៀង​ថ្មីៗ​បន្ថែមទៀត​ សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ (កម្ពុជា-បេឡា​រុស)។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា កិច្ចសន្យា​គាំពារ​វិនិយោគ គឺជា​អាទិ​ភាព​ក្នុងការជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ប្រទេស​ទាំងពីរ លើ​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋ​កិច្ច វិនិយោគ និងវិស័យ​ទេសចរណ៍​នោះ​ហើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តល់​ជា​អនុសាសន៍ថា ភាគី​ទាំងពីរ (កម្ពុជា-បេឡារុស) ​គួរ គប្បី​បង្កើតឡើង​នូវ​គណៈកម្មការ​អន្តររដ្ឋាភិបាល​មួយសម្រាប់​ប្រទេស​ទាំងពីរ ​ក្នុងការ​បំពេញ​តួនាទី​សម្របសម្រួល​នូវ​រាល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ និង​ក៏​ជា​យន្តការ​មួយ​ដែល​នឹង​ពិនិត្យ​មើល​ ក៏​ដូចជា​លើកស្ទួយ​រាល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។

ពាក់​ព​ន្ធ័​ទៅនឹង​ការ​សម្ពោធ​បើក​ទីតាំងដើម្បី​តម្លើង​ត្រាក់ទ័រ​ក្នុងប្រទេស​កម្ពុជា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បានមានប្រសាសន៍​ដោយ​សេចក្តី​រីករាយ ​ចំពោះវត្តមាន​ត្រាក់ទ័រ​បេឡា​រុសនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា។ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បានមានប្រសាសន៍​បញ្ជាក់​ថា រោង​ចក្រ​តម្លើង​ត្រាក់ទ័រ​បេឡា​រុស​នៅ​កម្ពុជា​នេះ ​មិន​គ្រាន់តែ​បំរើ​ឲ្យ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែមទាំងអាចធ្វើ​ការនាំចេញ​ទៅកាន់​ប្រទេសជិតខាង​កម្ពុជា ​ដូចជា​ប្រទេស​ឡាវ វៀតណាម ថៃ មី​យ៉ាន់​ម៉ារជាដើម៕

សូម​បញ្ជាក់​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បេឡារុស ដឹកនាំ​ដោយ​ឯក​ឧត្តម វ្ល៉ាឌីមៀរ អង់ដ្រេឆិនកូ បាន​មក​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការ​ និង​មិត្ត​ភាព​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១០-១៣ ខែកុម្ភៈ ឆ្នាំ២០១៣ តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា៕