Friday, February 15, 2013

សម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណស្តីពី​ ភាពមិនស្មោះត្រង់​របស់គណបក្ស​ប្រឆាំង​នៅកម្ពុជា ចំពោះ​ ព្រះកិត្តិនាម​របស់ព្រះមហាក្សត្រ​




ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៣
លោក សត្យា រក្ស
សំណួរ យើងឃើញថា មួយព្រះជន្មរបស់ព្រះ​មហាក្សត្រ សម្ដេចតា សម្ដេចតាទួត ជាទីគោរពសក្ការៈរបស់យើង គឺព្រះអង្គបានបូជា​ព្រះ​កាយ ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស គឺដើម្បីភាពសុខក្សេក្សាន្ដនៃប្រជារាស្ដ្រ​របស់ព្រះអង្គ ទាំងភាពជាគំរូ​​នៃការអភិវឌ្ឍជាតិ ភាពជាគំរូនៃការដឹកនាំ​ជាតិ ទាំងនយោបាយក្នុងប្រទេស ក្រៅប្រទេស ឃើញថា ព្រះអង្គតែងតែបង្ហាញនូវភាព​ឆ្លៀវ​ឆ្លាត ក្នុងការធ្វើយ៉ាងណាឲ្យកម្ពុជារបស់យើង បោះជំហានទៅមុខ និងជាតួអង្គដ៏មានសារៈ-សំខាន់​មួយផងដែរ នៅក្នុងការស្វែង​​រកសុខសន្ដិភាព ជូនប្រជារាស្ដ្ររបស់ព្រះអង្គ ដែលក្នុង​នោះ យើងឃើញថា មានទំនាក់ទំនងផ្សាភា្ជប់ជាមួយ​​នឹងប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នគឺ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ដែលឃើញថាមានភាពមមាញឹក ក្នុងការ​ដោះស្រាយបញ្ហាកម្ពុជា។ អញ្ចឹងរឿងនេះ គឺជារឿងដែលយើងដឹងទាំងអស់គ្នា តែអ្វីដែលខ្ញុំ​ចង់​ឲ្យលោកបណ្ឌិត ជួយធ្វើការពន្យល់​បំភ្លឺ គឺទាក់ទងទៅនឹងត្រង់ថា ក្នុងមួយព្រះជន្មរបស់ព្រះអង្គ​ឃើញថា អ្នកនយោបាយខ្មែរតែងតែ កេងចំណេនូវរាល់ស្នាព្រះហស្ដរបស់​ព្រះអង្គ។ អ្នក​នយោបាយខ្លះ គឺមិនទាំងបានចូលរួមចំណែកជម្រុញយ៉ាងណា ឲ្យសមិទ្ធផល ឬក៏​ចូលរួម​ចំណែកក្នុងការកសាងប្រទេសជាតិ ជាមួយនឹងព្រះអង្គ​​នោះទេ។ ប៉ុន្ដែ គេហាក់​បីដូចជា​កេង​ចំណេស្នាព្រះហស្ដរបស់ព្រះអង្គ កិត្តិនាមរបស់ព្រះអង្គ តាំងពីព្រះអង្គនៅគង់​ព្រះជន្មនៅ​ឡើយ​ រហូតទៅដល់ព្រះអង្គសោយទិវង្គតដូច្នេះសូមលោកបណ្ឌិតជួយធ្វើការចាប់អារម្មណ៍​បន្ដិច ថាតើបន្ទាប់ពីព្រះរាជ​បវេណី​នៃ​ពិធីថ្វាយព្រះភ្លើង ក៏ដូចជាព្រះរាជពិធីដទៃៗទៀត​រហូតមកដល់​ពេលនេះ គឺអដ្ឋិ​របស់​ព្រះអង្គ ក៏ត្រូវបានយាងមកគង្គ​ប្រថាប់​នៅក្នុង​ព្រះ​បរមរាជវាំងជាកិច្ច​បង្ហើយបុណ្យទៅហើយ អញ្ចឹងតាមរយៈព្រឹត្តិការណ៍ពីដើមរហូតមកដល់​ចប់នេះ លោកបណ្ឌិត​​មើលឃើញយ៉ាង​​ណាដែទៅ ចំពោះសកម្មភាពរបស់​អ្នក​នយោបាយប្រឆាំងនៅកម្ពុជា?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយចំពោះអ្នកនយោបាយនៅកម្ពុជានេះ បើយើងមើលប្រវត្តិ​តាំងពីដើម​រហូតដល់គាត់​មកធ្វើ​ជា​អ្នកនយោបាយប្រឆាំងបច្ចុប្បន្ននេះ យើងឃើញថា ពួកគាត់ហាក់ដូចជាគ្មានភាពស្មោះត្រង់​ជាមួយ​នឹងព្រះករុណាអង្គសម្ដេចឪទេ កាល​ព្រះ​អង្គគង្គនៅមានព្រះជន្មនៅឡើយនោះ​ យើងមើលតាំងពី​កម្ពុជាទទួលបានឯករាជ្យ ថ្ងៃ ៩ វិច្ឆិកា ១៩៥៣ រហូតមកដល់​បច្ចុប្បន្ន គណបក្សប្រឆាំងថ្មីៗ​​​នេះ​គេបានធ្វើអ្វីខ្លះ​?​ ឥឡូវយើងមើល ថាតើហេតុអីបានពួកគាត់មិនស្មោះត្រង់ទៅនឹងអង្គសម្ដេចឪ ប៉ុន្ដែ​បែរទៅជាប្រើព្រះកិត្តិនាម ហើយនិងសមិទ្ធផល​​សង្គមរាស្ដ្រនិយម មកដាក់​ចូលក្នុងការ​ឃោសនារបស់ខ្លួន ក្នុងវោហាស័ព្ទឃោសនារបស់ខ្លួន ហាក់ដូចជា​​អស្ចារ្យមែន។ ប៉ុន្ដែ អតីត​កាល ក្នុងពេលវេលាដែលព្រះករុណាអង្គសម្ដេចឪគ្រប់គ្រងប្រទេស នៅក្នុងរាជាណាចក្រទី​១ ឃើញថាពួកគាត់ហាក់ដូចជាអត់មានអ្វីដែលចូលរួមផង ប៉ុន្ដែហេតុអីចុងក្រោយទៅយក​អតីត​កាល ហាក់ដូចជាខ្លួនឯងហ្នឹង អស្ចារ្យជាមួយ ត្រង់ហ្នឹងហើយ ដែលខ្ញុំអាចនិយាយភាសា​សាមញ្ញ គឺថា អ្នកនយោបាយ​​ប្រឆាំងខ្មែរបច្ចុប្បន្នហ្នឹង ជាពិសេសនិយាយឲ្យចំ គឺ លោក សម រង្ស៊ី លោក កឹម សុខា គាត់​អត់មានសមត្ថភាព​​ធ្វើនយោបាយ គាត់ធ្វើនយបាយខ្មោចលង។ នយោបាយខ្មោចលងហ្នឹង គឺគាត់យករឿងអតីតកាល មកលងបច្ចុប្បន្នកាលទេ ប៉ុន្ដែរឿង​ពិត​​នៃអតីតកាល គាត់អត់បានយកមកធ្វើជាគំរូ​​នៃការរៀបចំគំនិតនយោបាយ​​បច្ចុប្បន្នរបស់​ពួកគាត់ទេ។ គាត់គ្រាន់តែយករឿង​​​​អតីតកាលមកធ្វើជា នយោបាយខ្មោចលង បញ្ឆោត និង​វាយ​ប្រហារទៅលើរាជរដ្ឋាភិបាល ទៅលើគូប្រកួត ហើយបញ្ឆោតមកបន្លំប្រជាពលរដ្ឋ។ ឥឡូវ ដើម្បី​ឲ្យ​បងប្អូនប្រជាពលរដ្ឋអាចយល់ថា ស្អីទៅជានយោបាយខ្មោចលង របស់លោក កឹម សុខា និង លោក សម រង្ស៊ី ដែលយកអតីតកាល និងយក​ព្រះកិត្តិនាមព្រះករុណាអង្គសម្ដេចឪ ជា​សមិទ្ធ​ផលសង្គមរាស្ដ្រនិយមរបស់អង្គសម្ដេចឪ ហើយថាជានយោបាយរបស់​ពួកគាត់ហ្នឹង ស្រដៀងនយោបាយអស់លោកអ្នកនយោបាយ កាលជំនាន់អង្គសម្ដេចឪដឹកនាំប្រទេស កាល​រាជានិយមទី១ ដែអត់?​​ យើងមើល បើយើងគិតពី ក្រោយការទទួលឯករាជ្យ ៩ វិច្ឆិកា សួរ​ថា ៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺមានអត្ថន័យអីខ្លះ ដែលកម្ពុជាចាប់​ផ្ដើមរៀបចំកសាងប្រទេស​បន្ទាប់ពីអាណានិគមនិយមបារាំង?​ ប៉ុន្ដែឈរលើលក្ខណៈសម្បត្តិជារដ្ឋឯករាជ្យហ្នឹង តើថាវា​មានពាក់ព័ន្ធ ពីមុនឯករាជ្យ ហើយបន្ដមកអនុវត្តបន្ដហ្នឹង ផ្អែកលើហេតុផល និង​កត្តា​វិជ្ជមាន​អី​ខ្លះ ដែលអាចឲ្យកម្ពុជានៅពេលទទួលបានឯករាជ្យ អភិវឌ្ឍប្រទេសបាន។ ហើយនៅ​ក្នុង​កំឡុងពេលអភិវឌ្ឍប្រទេសបានលូតលាស់ហ្នឹង បរិយាកាសនយោបាយក្នុងស្រុក និងក្រៅ​ស្រុកមានអីខ្លះ​?​ មួយទៀតជាមួយគ្នានោះ ក្នុងពេលរជ្ជកាលអង្គសម្ដេចឪ សួរថា តើមាន​របត់​អ្វីខ្លះដែលធ្វើឲ្យកម្ពុជាជួបនូវវិបត្ដិថ្មី គឺនៅក្នុងឆ្នាំ ១៩៦០ នេះតែម្ដង។ នៅពេលដែល​ព្រះ​ករុណា សម្ដេចព្រះបាទនរោត្តម សុរាម្រិត យាងសោយទិវង្គត កម្ពុជាជួបបញ្ហាមួយថ្មី។ ហើយ​យើងអាចមើល ជាមួយនឹងឥទ្ធិពលបរទេសមកកម្ពុជា កាលជំនាន់ហ្នឹង ជាពិសេស​សហរដ្ឋអាមេរិក ដែលទំនាក់ទំនងជាមួយ​​នឹងរាជាណាចក្រកម្ពុជាទី១ តើ​ទំនាក់ទំនងល្អ ឬ​ក៏​អាក្រក់កម្រិតណា? ហើយក្រោយមក ការប្រទាញប្រទង់អ្នកនយោបាយស្ដាំនិយមជ្រុល គឺ​មានលោក លន់ ណុ និងក្រុមរបស់គាត់ ហើយនិងក្រុមឆ្វេងនិយមជ្រុល ដែលមាន​លោក ខៀវ សំផន, ប៉ុល ពត អីហ្នឹង។ ប្រទាញប្រទង់​រហូតធ្វើឲ្យព្រះករុណាអង្គសម្ដេចឪ ព្រះ​អង្គ​ត្រូវ​ធា្លក់​ទៅក្នុង ការរងគ្រោះ​​ក្នុងនយោបាយឆ្វេងជុ្រល និងស្ដាំជ្រុលរបស់ពួកគាត់ របស់​ពួក​ លន់ ណុល របស់ពួក ប៉ុល ពត, ខៀវ សំផន ហ្នឹង។ ហើយ​ឥឡូវហ្នឹង យើងមើលតទៅទៀត ក្រោយពេលដែលជួបបញ្ហាហើយ ឥឡូវយើងអាចរៀបរាប់ជំហ៊ានទី១។ ឆ្នាំ ១៩៥៣ មកដល់​ឆ្នាំ ១៩៦០ នេះ គឺកម្ពុជាមានការអភិវឌ្ឍល្អ សមស្របទៅនឹងបរិយាកាសកាលនោះ។ ប៉ុន្ដែ​អស់លោកអ្នកនយោបាយយើងសព្វថ្ងៃនេះ លើកវាហួស លើកទាំងងោះ ឬទាំងគំនិតទុច្ចរិត​។ គាត់ទៅជាលើកសង្គមរាស្ដ្រនិយមហ្នឹង ក្នុងន័យប្រាស់​ចាក​ការពិត ពួកគាត់អត់ដឹងថា សង្គម​រាស្ដ្រនិយមជាអ្វីផងហ្នឹង លោក សម រង្ស៊ី ហ្នឹង ក៏អត់ដឹងដែរ។ សង្គមរាស្ដ្រនិយមជាអ្វី? សង្គម​រាស្ដ្រ​​និយម គឺជាគណបក្សរបស់​ព្រះករុណាអង្គសម្ដេចឪ ដើម្បីប្រកួតប្រជែងការបោះឆ្នោត ១៩៥៣ ក្រោយពី​កម្ពុជាទទួលបានឯករាជ្យ។ ហើយ​បើ​ចង់​បញ្ជាក់​ឲ្យច្បាស់ទៀត តើ​បុព្វការី​ជនរបស់លោក សម រង្ស៊ី មានពាក់ព័ន្ធទៅនឹងនយោបាយនិន្នាការខាងណាទេ?​ យើងអាច​ជជែកទាំងអស់គ្នា។ ឥឡូវ យើងកុំទាន់​ជជែកពីរឿងបុព្វការីជនរបស់លោក សម រង្ស៊ី យើ​ង​និយាយអំពីសង្គមរាស្ដ្រនិយម ក្នុងន័យជានយោបាយ ក្នុងន័យជាអង្គភាព ឬជាស្ថាប័ន គឺជា​គណបក្សនយោបាយ។ ជាឈ្មោះគណបក្ស ដែលជាចលនាប្រមូលរួមគ្រប់និន្នាការគណបក្ស​ដទៃទៀត ព្រោះកាលនោះមានគណបក្ស​មួយចំនួន អញ្ចឹងមកចូលរួមជាមួយនឹងសង្គម​រាស្ដ្រ​និយម តែក៏​​មានគណបក្សមួយ ឬ ពីរ អត់ចូលរួមទេ។ បន្ដមកទៀត យើងអាចសួរទៀត ក្នុង​​ន័យនយោបាយ សង្គមរាស្ដ្រនិយមគឺអ្វី? ក្នុងន័យនយោបាយ គឺសង្គមរាស្ដ្រនិយម គឺអនុវត្ត​នូវ​របបនយោបាយសង្គមរាស្ដ្រនិយម។ ប៉ុន្ដែរបបសង្គមរាស្ដ្រនិយម មិនមែនដូចអស់លោក អស់​ហ្នឹង ចូលចិត្តតែយកមកវាយប្រហារទេ។ របបសង្គមរាស្ដ្រនិយម ដែលជាព្រះរាជ​តម្រិះអង្គ​សម្ដេចឪ គឺ​វាត្រឹមត្រូវទៅនឹងបរិយាកាសសង្គមកម្ពុជា ក្រោយពីទទួលបានឯករាជ្យ។ ឥឡូវ​យើងអាចពិចារណាមើល ស្អីគេសង្គមនិយម?​ ស្នូលរបស់វា ​មិនមែនដូច កឹម សុខា និង សម រង្ស៊ី ដើរតែជេរគេសុទ្ធតែកុម្មុយនីស សង្គមនិយម​ងោះមិនស្គាល់​ស្អីជា​សារវ័ន្ត​​របស់​សង្គម​និយម។ សង្គមនិយមហ្នឹង គឺសេដ្ឋកិច្ចផ្អែកលើកម្មសិទ្ធិរដ្ឋ ឥឡូវយើងមើលរូបភាពនៅ​ក្នុងទូរទស្សន៍​ដែលបញ្ជាក់នោះ រោងចក្រដែលយើងឃើញ រោងចក្រគ្រប់រោងចក្រនៅឆ្លូងនៅ​ឯណានៅអីទាំងអស់ហ្នឹង សួរថារោងចក្រអ្នកណា រោងចក្រក្រុមហ៊ុនឯកជន ឬរោងចក្ររដ្ឋ​? ហើយនិងសហគ្រាសផ្សេងៗ ហើយនិងធារាសាស្ដ្រ​អីផ្សេងៗរបស់អ្នកណា? គឺរបស់​រដ្ឋ បាន​សេចក្ដីថា សង្គមរាស្ដ្រនិយម ផ្អែកទៅលើមូលដ្ឋាននៃកម្មសិទ្ធិរដ្ឋ។ ប៉ុន្ដែវាត្រឹមត្រូវនឹង​បរិយា​​កាស​​កាលនោះ ដោយសារតែរបបនយោបាយរបស់យើងកាលនោះ មិនមែនជារបប​នយោ​បាយ​ប្រជាធិបតេយ្យ​​សេរីពហុបក្សទេ។ ពិតមែនមានគណបក្សច្រើនប្រកួតប្រជែង តែមិន​មែន​ជារបបនយោបាយប្រជាធិបតេយ្យ​​សេរីពហុបក្សទេ។ ព្រះករុណាអង្គសម្ដេចឪ ព្រះអង្គធ្លាប់មាន​បន្ទូលកាលពីឆ្នាំ ១៩៩៣ ដែរ។ មួយទៀត​ យើងមានសហករណ៍មានអី​ទាំងអស់ ប៉ុ​ន្ដែ​ហេតុអីបានជាយើងថា របបសង្គមនិយម ឬរបបសង្គមរាស្ដ្រនិយមដែលដឹកនាំដោយ​គណបក្សសង្គមរាស្ដ្រនិយមហ្នឹងតែម្ដងទៅ និយាយឲ្យចំទៅ។ ហេតុអីបានរលូនល្អ? នៅក្នុង​ប្រព័ន្ធគ្រប់គ្រងរដ្ឋបែបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ពីព្រោះយើងមើលទាំងអស់គ្នា ស្ថាប័ន​ព្រះមហាក្សត្រ និងស្ថាប័នអំណាចនយោបាយរបស់រដ្ឋ ស្ថាប័នព្រះមហាក្សត្រសោយរាជ្យ​ដោយព្រះបាទព្រះនរោត្តម សុរាម្រឹត ហើយស្ថាប័ននៃអំណាចនយោបាយរបស់​រដ្ឋ​ គឺ​នាយក​រដ្ឋមន្ដ្រី ព្រះបាទព្រះនរោត្តម សីហនុ។ ស្ថាប័នទាំងពីរនេះ គឺជាទំនាក់ទំនងបុគ្គល គឺ​ឪពុក​និង​កូន។ អញ្ចឹងអស់លោកនយោបាយឆ្វេង និងស្ដាំ ពិបាកនឹង​ជ្រៀតចូល ទម្លុះទម្លាយ​តុល្យភាព​រវាង​ទំនាក់ទំនងឪពុកនិងកូន ក្នុងឯកសណ្ឋានជាព្រះមហាក្សត្រ និងក្នុងឯកសណ្ឋានជា​នាយករដ្ឋមន្ដ្រី។ ត្រង់ហ្នឹងហើយ បានជាតុល្យភាពរវាងមុខងារព្រះមហាក្សត្រ និង​តុល្យភាព​មុខងារនយោបាយរដ្ឋ គឺនាយករដ្ឋមន្ដ្រី គឺមានតុល្យភាព ហើយរលូន។ មួយទៀត យើង​អាច​ជជែកតតាំង​​គ្នាតទៅទៀត នៅពេលដែលព្រះបាទ ព្រះនរោត្តម សុរាម្រឹត យាងចូល​ទិវង្គត​ពេលហ្នឹងកម្ពុជានៅតែជារាជានិយម ប៉ុន្ដែជារាជានិយមគ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះករុណាអង្គសម្ដេចឪ ពុំ​ទទួលគ្រោងរាជ្យសម្បត្តិទេ ប៉ុន្ដែពេលនោះ រដ្ឋសភាក៏បានធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយថ្វាយសិទ្ធិ​អំណាច​ព្រះករុណាសម្ដេចឪ ជាប្រមុខរដ្ឋ ជាព្រះ​ប្រមុខរដ្ឋ។ ហើយបានន័យថា ជាការថ្វាយអំណាចបន្ថែមដល់​ព្រះបាទ ព្រះ​នរោត្តម​ សីហនុ ជាមុខងារប្រមុខរដ្ឋហ្នឹង បន្ថែមលើមុខងារនាយករដ្ឋមន្ដ្រី បានន័យថា បន្ថែមទៅលើមុខងារ​នៃ​អំណាចដឹកនាំនីតិប្រតិបត្តិ។ អញ្ចឹងពេលហ្នឹង ជារាជានិយមដែលមានលក្ខណៈឈាន​ទៅ​អំណាច គេហៅអំណាចប្រធានាធិបតីហើយ ពីព្រោះប្រមុខរដ្ឋមានអំណាចជាប្រមុខរដ្ឋផង មាន​អំណាចជាប្រមុខរដ្ឋាភិបាលផង លក្ខណៈ​ជាប្រធានាធិបតីហើយ។ នៅពេលហ្នុង បាន​សេចក្ដីថា បាត់តុល្យភាពរវាងស្ថាប័នព្រះមហាក្សត្រ ដែលជាស្ថាប័នអព្យាក្រឹត្យ ហើយ​និង​ស្ថាប័នអំណាចនយោបាយរដ្ឋ គឺនាយករដ្ឋមន្ដ្រី ដែលជាស្ថាប័នដឹកនាំនយោបាយអភិវឌ្ឍ អញ្ចឹងបាត់ហើយ។ បាត់​ជំនួសដោយអំណាចប្រមុខរដ្ឋ ផ្គុំជាមួយអំណាចប្រមុខរដ្ឋាភិបាល។​ពេលហ្នុង អស់លោកអ្នកនយោបាយស្ដាំនិយមជ្រុល គឺក្រុមលោក លន់ ណុ និង ឥស្សរជន​នយោបាយអីផ្សេងៗទៀត បូកនិងក្រុមឆ្វេងនិយម គឺក្រុម ប៉ុល ពត ខៀវ សំផន អីហ្នឹង។ ដល់​ពេលហ្នឹង អ្នកនយោបាយឆ្វេងនិយម និងស្ដាំនិយមជ្រុលទាំងអស់ហ្នឹង ពួកគាត់​ហ្នឹងជា​គូប្រកួត​គ្នាហើយ។ ដល់ក្លាយជា​គូប្រកួតគ្នា ពួកគាត់ប្រកួតគ្នា មិនត្រឹ​មតែឈរទៅលើការប្រកួតគ្នា​រវាង​និន្នា​ការ​នយោបាយខុសគ្នា គាត់​ប្រទាញអង្គសម្ដេចឪ ឲ្យមកធ្លាក់​​នៅក្នុងអន្លង់នយោបាយរ​បស់​​ពួកគាត់ដែរ។ នេះជាភាពរងគ្រោះនោះ នយោបាយអត់សុចរិត ដែល កឹម សុខា និង សម រង្ស៊ី កំពុង​ចម្លងតាម​។ ប្រទាញអង្គសម្ដេចឪ ឲ្យមកធ្លាក់​និងរងគ្រោះនៅក្នុងនយោបាយស្ដាំនិយម ​និង​នយោបាយឆ្វេងនិយម។ ដល់​អញ្ចឹងទៅ ខាង​ស្ដាំគេមានប្រៀបជាងខាងឆ្វេង កាល​នៅ​ទសវត្សទី ៦០។ នាយករដ្ឋមន្ដ្រី គឺជានាយករដ្ឋមន្ដ្រីនៃក្រុមស្ដាំនិយម គឺលោក លន់ ណុ មាន​លោក សឺន សាន មានអីខ្លះប្ដូរគ្នារហូត សុទ្ធតែខាងស្ដាំនិយមទេ នៅពេលនោះ។ ដល់​ពេល​ហ្នឹង​ខាងស្ដាំនិយម ជាគូសត្រូវជាមួយខាងឆ្វេងនិយម ខាង​ឆ្វេងនិយមអត់អាចរស់នៅក្នុងស្រុក​ ក៏​នីទេខ្លួនទៅព្រៃ។ ដល់​អញ្ចឹងខាងស្ដាំនិយម គេហៅថា ពើងទ្រូងតែឯង មានអំណាច​តែ​ឯង​ អត់ស្មោះត្រង់ចំពោះជាតិ អត់ស្មោះត្រង់ជាមួយរាជានិយម អត់ស្មោះត្រង់​​ជាមួយនឹង​អង្គ​សម្ដេចឪ ចុងក្រោយធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរាជានិយម។
លោក សត្យា រក្ស
សំណួរត្រង់ចំណុចនេះ សូមលោកបណ្ឌិតងាកទៅលើ​បច្ចុប្បន្នភាព នៃអ្នកនយោបាយខ្មែរ​វិញ​ម្ដង​​ យើងឃើញថា បន្ទាប់ពីបាត់បង់​ព្រះមហាក្សត្រ គឺ​សម្ដេចព្រះនរោត្តម សីហនុ យើងឃើញថា ឥឡូវនេះ សូម្បីតែអង្គការ សង្គស៊ីវិល ដែលមាននិន្នាការ​ប្រឆាំង គណបក្សប្រឆាំងទាំងពីរទាំងបីនៅកម្ពុជានោះ គឺសុទ្ធតែអះអាងអំពីការដែលគេហ្នឹងជាតួឯក​ក្នុងការដង្ហែរតាមនូវព្រះរាជតម្រិះរបស់​សម្ដេចព្រះនរោត្តម សីហនុ។ ទាំងកិច្ច​ការ​នយោបាយ​ ទាំងកិច្ចការទំនាក់ទំនង រួមជាមួយនឹង សូម្បីតែការនាំកូនបក្ស​តូចៗរបស់គេហ្នឹង ក៏គេ​អះអាង​ថា គេយកគំរូ ឬគេហៅថា លក្ខណៈ​ប្រជាធិបតេយ្យ ឬក៏សិទ្ធិមនុស្សឲ្យដូចអង្គសម្ដេចឪ​អញ្ចឹងដែរ អញ្ចឹងលក្ខណៈនៃការដើរតាមព្រះរាជតម្រិះនេះ ក្នុងចំណោម​អ្នក​នយោបាយ​ទាំង​អស់នៅកម្ពុជា លោកបណ្ឌិតមើលឃើញអ្នកនយោបាយក្រុមណា ឬបក្សណាមួយដែល​ មានលក្ខណៈ​ប្រសើរ​ និងកំពុងតែដើរតាមលំអាន និងគំរូរបស់​អតីត​ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ​របស់យើង?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ចំណុចហ្នឹងហើយ ដែលបងប្អូនប្រជាពលរដ្ឋត្រូវស្វែងយល់​អំពីលំអានរបស់​អង្គសម្ដេចឪ។ យើងអាចវាស់ថា ក្រុមនេះដើរតាម ក្រុមនោះមិនដើរតាម គឺ យើងមើលលំអានអង្គសម្ដេចឪ ខ្ញុំ​បង្ហើយបន្ដិចពីរឿង នៅពេលដែលខាងស្ដាំនិយមផ្ដួលរំលំរាជានិយម ពេលហ្នឹងខាងឆ្វេង​និយមឆ្លៀតឱកាស ប្រើ​ព្រះកិត្តិនាម និងប្រើអង្គសម្ដេចឪវិញម្ដង។ សុទ្ធតែអត់ស្មោះត្រង់ទៅទៀត តើ​អត់ស្មោះត្រង់យ៉ាងម៉េច?​ អតីតកាលយើងអាចមើលឃើញគឺនៅពេល​​ដែល ប៉ុល ពត ឈ្នះ លន់​ ណុ នៅថ្ងៃទី ១៧ មេសា ១៩៧៥ ។ ប៉ុល ពត ឈ្នះហើយមិនមែនថ្វាយអំណាចទៅអង្គសម្ដេចឪ​ឯណា ស្រាប់តែទៅរៀបរដ្ឋធម្មនុញ្ញ ១៩៧៦ គឺគ្មានកន្លែងសម្រាប់ថ្វាយព្រះករុណាអង្គសម្ដេចឪ​ទេ អញ្ចឹងហើយបានព្រះករុណាអង្គសម្ដេចឪ លាលែងដំណែង។ អញ្ចឹងយើងទាញភ្ជាប់​ជាមួយ​រឿងលំអាន ខ្ញុំលើកតែរឿងនយោបាយជាមួយសហរដ្ឋអាមេរិក​​ទេ បច្ចុប្បន្ននេះ កឹម សុខា និង សម រង្ស៊ី មួយម៉ាត់ណាក៏អាមេរិកដែរ ឥឡូវខ្ញុំទាញ កាលទសវត្សទី ៦០ សួរថា ព្រះរាជាណាចក្រកម្ពុជា ក្នុងរជ្ជកាលអង្គសម្ដេចឪ ជាមួយនឹងអាមេរិក ល្អូកល្អើនឹងគ្នា ឬមា​ន​បញ្ហានឹងគ្នា? គឺទំនាក់ទំនងកាទូតហ្នឹងណា។ ហើយមុននឹងនិយាយផ្ដាច់ទំនាក់ទំនងនៅ​ទសវត្ស​ទី ៦០ គ្រាន់តែនិយាយថា ពេលដែលសន្និសីទ​​ក្រុងហ្សឺណែវ ខែមិថុនា ១៩៥៤ នៅប្រទេស​ស្វីស កម្ពុជាក៏មានប្រតិភូរាជរដ្ឋាភិបាល ដែលនៅក្នុងនោះ ក៏មាន​បុព្វការីជនរបស់​លោក សម រង្ស៊ី នៅហ្នឹងដែរ។ សួរថា ប្រតិភូហ្នឹង ដែលមានភាពចម្រុះនៅក្នុងហ្នឹង ជាប្រតិភូ​របស់​អង្គ​សម្ដេចឪឬទេ​?​ សួរថា លោក សម សារី នោះ គាត់ស្មោះត្រង់នឹងអង្គសម្ដេចឪទេ?​ ឬក៏គាត់​ងាក​យ៉ាង​ខ្លាំងទៅរកសហរដ្ឋអាមេរិក? ទិដ្ឋភាពនឹងហើយ ដែលធ្វើឲ្យអង្គសម្ដេចឪ មានការមន្ទិល​តាំង​ពី​ជំនាន់ហ្នឹង ហើយខ្ញុំគា្រន់តែបង្ហើបបន្ដិចប៉ុណ្ណោះ ហើយឲ្យប្អូននិសិ្សតទៅស្រាវជ្រាវសិក្សាទៅ កុំទៅជឿ កឹម សុខា និង សម រង្ស៊ី ងោះអត់ដឹងអីទេ។ សូម្បីតែសន្និសីទក្រុងហ្សឺណែវ ខែមិថុនា ឆ្នាំ ១៩៥៤ អាមេរិកអត់ចុះហត្ថលេខាលើសន្និសីទទេ លើសន្ធិសញ្ញាហ្នឹងទេ ក្រៅពីហ្នឹងមហា​អំណាចទាំងអស់ចុះហត្ថលេខាលើប្រទេសពាក់ព័ន្ធ តែអាមេរិកអត់ទេ។ យើងមកប្រៀប​ធៀប សម រង្ស៊ី និង កឹម សុខា បច្ចុប្បន្ន ឬភ្ជាប់អតីតកាលបន្ដិច នៅទសវត្សទី ៦០​ ទំនាក់ទំនង​កាទូត​កម្ពុជា អាមេរិក ត្រូវបានកាត់ផ្ដាច់ នៅឆ្នាំ ១៩៦៤ ដែលខ្ញុំប្រហាក់ប្រហែលឆ្នាំ ខុស​តួរ​លេខសូមអធ្យាស្រ័យ។ ទស្សនៈកិច្ចរបស់​ប្រពន្ធ​លោក ចន​ កេនឌី ជា​ប្រធានធិបតីដែល​ត្រូវ​បានគេធ្វើឃាត ពេលដែលគាត់ទៅហើយ ប្រពន្ធរបស់​គាត់​បានមកកម្ពុជា។ លោកតា សឺន សាន និយាយឲ្យច្បាស់ ហើយ​​​បើ​នរណាប្រកែកចាំតតាំងគ្នាទៀត គឺគាត់​រកវិធីធ្វើការជួសជុលឲ្យមានទំនាក់​ទំ​នងកម្ពុជា អាមេរិក ដោយពុំបានឆ្លងព្រះរាជតម្រិះព្រះករុណាអង្គសម្ដេចឪផង។ ហើយ​ព្រះ​ករុណាអង្គសម្ដេចឪ ពុំបានបញ្ជាក់ឲ្យច្បាស់ថា នឹងរៀបចំទំនាក់ទំនង​កាទូតឡើងវិញទេ។ នេះ​បង្ហាញថា លោកតា សឺន សាន គឺ​គាត់​ស្ដាំនិយមងាកទៅខាងអាមេរិកដែរ។ ឥឡូវងាកមក​យើង​បច្ចុប្បន្ន ខ្ញុំលើកអតីតកាលរបស់​ឪពុក សម រង្ស៊ី ហើយនិងលោក កឹម សុខា ដែលជា​ក្រុម​របស់លោកតា សឺន សាន ដែរ។ សួរថា អ្នកទាំងអស់ហ្នឹង ជាអ្នករាជានិយម​ អ្នកសីហនុ​និយម​​ឬយ៉ាងណា​?​​​ បើ កឹម សុខា ជាអ្នកសីហនុនិយម ម៉េចមិនចូលហ៊្វុនស៊ីនប៉ិច​តាំង​ពីដើមមក សម រង្ស៊ី គាត់ហ៊្វុនស៊ីនប៉ិច នៅក្នុង​រណសិរ្ស កុំ​អាល​និយាយគណបក្ស។ កាល​ពី​រណសិរ្ស ហ៊្វុនស៊ីនប៉ិច ដឹកនាំដោយព្រះករុណា សមាសភាពនៅក្នុងរណសិរ្ស គឺជា​សមាស​ភាពចម្រុះ មានទាំងអ្នករាជានិយម មានអ្នកជាតិនិយម និងមានអ្នកសេរីនិយមនៅក្នុងហ្នឹង។ អញ្ចឹង​នៅពេលដែលមកប្រកួតប្រជែង​ កាលជំនាន់​អ៊ុនតាក់ ហ៊្វុនស៊ីនប៉ិច ក្នុងឯកសណ្ឋាន​ជា​រណសិរ្ស​បានប្រែក្លាយ ឲ្យទៅជាហ៊្វុនស៊ីនប៉ិច ក្នុងឯកសណ្ឋានជាគណបក្ស ហើយ​ដឹក​នាំ​ដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ប៉ុន្ដែការពង្រឹងលក្ខណៈសម្បត្តិនយោបាយជា​រាជានិយម​គឺ​គណបក្សហ៊្វុនស៊ីនប៉ិច ក្រោមការដឹកនាំរបស់​សម្ដេចក្រុមព្រះ គឺគ្មាន។ អញ្ចឹងហើយ បាន​កើត​មានវិវាទគ្នា រវាងលោក សម រង្ស៊ី និងសម្ដេចក្រុមព្រះ គឺជាការវិវាទសារវ្ម័ននៃក្រុមនយោបាយ​ក្នុងហ៊្វុនស៊ីនប៉ិច ដែលជាអតីតរណសិរ្ស។ លោក សម រង្ស៊ី មិនមែន សីហនុនិយម ទេហើយក៏​មិន​មែនជាអ្នក​​រាជានិយមដែរ។ អញ្ចឹងលោក សម រង្ស៊ី ចង់ងាកខ្លាំងទៅស្ដាំនិយមទៅអាមេរិក ទៅ​សេរីនិយម។ ឯរាជានិយម សម្ដេចក្រុមព្រះ គឺចង់ធ្វើនយោបាយ​ទន់​ភ្លន់​​មួយ តាម​លំអាន​ឪ​ពុក​គឺអង្គសម្ដេចឪ ដោយសហប្រតិបត្ដិការ​យ៉ាងស្មោះ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ទើប​ប្រទេសជាតិទៅមុខ។ នេះ ខ្ញុំ​គ្រាន់​តែលើកមួយចំណុចតែប៉ុណ្ណឹងទេ។ អញ្ចឹងហើយដោយ​សារ​ការខ្វែងគំនិតគ្នា និង​ជាសារវ័ន្មនៃ​ទស្សនៈ​ជំហរនយោបាយរវាងសម្ដេចក្រុមព្រះ និងលោក​សម រង្ស៊ី ធ្វើឲ្យបែកគ្នា។ ប៉ុន្ដែអ្នកទាំងអស់នេះ លោក សម រង្ស៊ី មិនដែលទទួលស្គាល់​ខ្លួន​ឯង​បែកគ្នាដោយសារគោលនយោបាយខុសគ្នាទេ ទៅជាចោទថា គណបក្សប្រជាជនជាអ្នក​បំបែក​។ ងាកមក កឹម សុខា ហើយ​ កឹម សុខា ហ្នឹង មាន​រាជានិយមពីអង្កាល ហើយ​ទៅ​ចូល​ជាមួយលោកតា សឺន សាន យូរហើយតើ។ នៅពេលដែលព្រះករុណាង្គនៅ​ហើយខ្លួន​នៅក្នុង​គណបក្សលោកតា សឺន សាន កឹម សុខា ដែលលើកពីរាជានិយម​​ម្ដងណាទេ។ គណបក្សលោកតា សឺន សាន ដែលជាប់កៅអី ១០ កៅអី នោះ​ ហើយ​ដែល​ជាប់ជាសមាជិកគណៈកម្មការ​តាក់តែងរដ្ឋធម្មនុញ្ញនោះ អ្នកណាអ្នកធ្វើសេចក្ដីព្រៀង​រដ្ឋ​ធម្មនុញ្ញមួយច្បាប់ដែលពុំ​រៀបចំឲ្យកើតមានជារាជានិយម តើជាអ្នកណា? ព្រោះមានសេចក្ដីព្រៀង​មួយ តែសេចក្ដីព្រៀងហ្នឹង អត់ត្រូវបានយកមកជជែកទេ គឺជាសេចក្ដីព្រៀង ដែលមិនមែន​ជា​រាជានិយម ជាលក្ខណៈ​សាធារណៈ​រដ្ឋ។ អញ្ចឹង​អត់មានលក្ខណៈសីហនុនិយម ឬរាជានិយមអី​ទេ ប៉ុន្ដែខ្ញុំគោរព កាល​ណា​យើង​សេរីពហុបក្ស មិនរាជានិយមក៏បាន ឆ្វេងនិយមក៏បាន ស្ដាំ​និយមក៏បាន ស្អីក៏បានដែរ សំខាន់​យើងស្មោះត្រង់នឹងនយោបាយរបស់ខ្លួន កុំចង់ឈ្នះ​គូ​ប្រជែងទៅបំភ្លៃយកស្នាដៃអ្នកដទៃ មកវាយសំពងគូប្រជែង។ ត្រង់ហ្នឹងទេ ដែលជា​នយោបាយ​មានចរឹត​មិនស្មោះត្រង់។ ត្រង់ហ្នឹង ដែលពួកគាត់​កេងយក​ព្រះកិត្តិ​នាម​​អង្គសម្ដេចឪ​ហើយនិងសមិទ្ធផលរបស់​សង្គមរាស្ដ្រនិយម របស់​ព្រះករុណាអង្គសម្ដេច គឺ​គាត់យក​ទាំងអស់​​ហ្នឹង មកជាមធ្យោបាយ និងឧបករណ៍វាយប្រហារគណបក្សប្រជាជន និង​រដ្ឋាភិបាលតាមពិតអ្នកទាំងអស់ហ្នឹង មិនដែលស្មោះត្រង់ជាមួយនឹងរាជានិយមនោះទេ
លោក សត្យា រក្ស
សំណួរ​​ បើយើងពិនិត្យមើលមកបច្ចុប្បន្នភាពយើងឃើញថាអ្នកនយោបាយនៅកម្ពុជាខ្លះគឺគ្មានប្រវត្តិក្នុងការចូលរួមនិងដង្ហែរតាមអង្គសម្តេចឪ ទាល់តែសោះ ហើយខ្លះទៀតគឺជាក្មេងច្រមិកច្រម៉ក់និងគ្មានសកម្មភាពប្រហាក់ប្រហែលទៅនឹងលំអាននៃអង្គព្រះមហាក្សត្រផងនោះតែបែរជាអះអាងថាខ្លួនគេនោះគោរព និងប្រតិបត្តិតាមលំអានរបស់អង្គសម្តេចឪទៅវិញ ត្រង់ចំណុចនេះសូមលោកបណ្ឌិតជួយធ្វើការពន្យល់ និងបំភ្លឺ​​ដល់ជនរួមជាតិ​​​​ថា តើក្នុងចំណោមអ្នកនយោបាយទាំងអស់ដែលក្នុងនោះ​​រាជរដ្ឋាភិបាលយើង​​​​​​ បាន និងកំពុង​​ធ្វើសកម្មភាព​​សព្វថ្ងៃនេះ​​ គឺតាមលំអាននៃការអភិវឌ្ឍរបស់អង្គសម្តេចឪឬយ៉ាងម៉េច​?​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ សម្រាប់បច្ចុប្បន្នភាពនយោបាយនាពេលនេះ គឺយើងអាចមើលឃើញហើយថាតើរាជរដ្ឋាភិបាល​​​បានអនុវត្ត​​តាមការអភិវឌ្ឍរបស់អង្គសម្តេចឪឬយ៉ាងណានៅពេលដែលយើងបានឃើញអំពីចំណុចគោលកាលពីអតីតកាល បើមើល​​​ពីលោក សម រង្ស៊ី​​​ នៅពេលដែលបែកចេញពីសម្តេចក្រុមព្រះនៅក្នុងគណបក្សហ៊្វុនស៊ីនប៉ិចហើយនរណាក៏ដឹងដែរថាគណបក្សហ៊្វុនស៊ីនប៉ិចគឺជារបស់អង្គសម្តេចឪ ការដែលលោក សម រង្ស៊ី បានបែកចេញពីសម្តេចក្រុមព្រះគឺជាការដែលមិនគោរពតាមលំអាននៃអង្គសម្តេចឪនោះទេតែវាជាការបែកបាក់គ្នានៅក្នុងគណបក្ស​​រួចទៅហើយគឺមិនបាច់និយាយទៅដល់ការបង្រួបបង្រួម​​ថ្នាក់ជាតិ​​ទេនៅឆ្នាំ១៩៩៨គឺមានការជេរ​​គ្នា​​យ៉ាង​​ខ្លាំងរវាង​​លោក សម រង្ស៊ី និងសម្តេចក្រុមព្រះហើយមិនទទួលស្គាល់ថាខ្លួនពីរនាក់មិនត្រូវគ្នាបែរជាចោទថាគណបក្សប្រជាជនកម្ពុជាជាអ្នកបំបែកទៅវិញ​​
ចំណុចមួយទៀតគឺលោក សម រង្ស៊ី បានយកគណបក្សប្រជាជនកម្ពុជា និងបានយកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាសត្រូវតើនេះជាការដើរតាមលំអាន​​របស់ព្រះករុណាសម្តេចឪដែរឬទេ​?​ អង្គសម្តេចឪប្រសិនបើយកប្រមុខរដ្ឋាភិបាលសម្តេចតេជោជាសត្រូវប្រហែលជាអ្នកទាំងពីរមិនអាច​​សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស​​ទេពីព្រោះតួឯកនៃការចរចារសន្តិភាព គឺមិនមែន អាមេរិក ហើយក៏មិនមែនខ្មែរណា​​ក្រៅពីតួឯកពីរនេះទេ​​នៅពេលនោះមិនដែលឮពាក្យសិទ្ធិមនុស្ស ឬពាក្យប្រជាធិបតេយ្យទេគឺមានតែការរាំង​​ខ្ទប់​​ ព្រះករុណា មិនឲ្យចូលរួមទៀតផង​​ ដូច្នេះ គឺមានតែតួឯកពីរនេះទេ​​ ដែលអាចរួបរួមគ្នាបានទើបប្រទេសជាតិ​​មានការឯកភាពជាតិ​​ដូចពេលនេះ​​ ការវិវឌ្ឍន៍ ពីការឃ្លាតគ្នា មករកការខិតជិតគ្នាយ៉ាងជិតស្និតបំផុតរហូតដល់ជីវិតចុងក្រោយរបស់ សម្តេចឪគឺព្រះអង្គបានមានព្រះរាជបន្ទូលនៅក្នុងពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ​​នៅឆ្នាំ២០១១​​ គឺយើងអាចដឹងទាំងអស់គ្នាហើយប៉ុន្តែចំពោះចរឹតរបស់លោក សម រង្ស៊ីវិញគឺតែងតែ​​យកគណបក្សប្រជាជនកម្ពុជាជាសត្រូវជារហូតដូច្នេះគឺមិនមែនជាលំអានរបស់អង្គសម្តេចរួចទៅហើយ​​​ មិនតែប៉ុណ្ណោះលោកសម រង្ស៊ីនៅប្រើនយោបាយហែកហួរតាមបែប ប៉ុល ពតមកអនុវត្តថែមទៀតដូចជា​​ការបញ្ឆេះ​​កំហឹងសង្គមវណ្ណៈ​​ឲ្យមានភាពជាសត្រូវនិងមាននយោបាយរណបបរទេសដូចជាមួយម៉ាត់ណា​​ក៏អាមេរិកដែរ​​យើងមិនដែលឃើញព្រះករុណាកាលព្រះអង្គដឹកនាំសង្គមរាស្ត្រនិយមលើកអំពីម់ាត់ណាក៏បរទេសនោះទេចំណែកលោកសម រង្ស៊ីសូម្បីតែកូន អាមេរិក ក៏ចៅហ្វាយគាត់ដែរកុំថាដល់ប្រធានាធិបតី ព្រះករុណាលោកហ៊ានតតាំងដល់ប្រធានាធិបតី អាមេរិក ខ្ញុំលើកនេះមិនមែនចង់ឲ្យមានការបែកបាក់ជាតិកម្ពុជាជាមួយអាមេរិកទេ រឿងមិត្តភាពរវាងកម្ពុជា និងអាមេរិកគឺយើងនៅតែស្រឡាញ់ដែលមានការវិវត្ត​​រហូត​​ដល់​​សព្វថ្ងៃនេះ​​​ យើងចង់លើកថា បើ សម រង្ស៊ី ដើរតាមលំអានព្រះករុណាតើហេតុអ្វីមិនយកអធិបតេយ្យភាពខ្លួនឯងជាធំ​​?​ យកកម្ពុជាជាធំ​? ហេតុអ្វីបែរជាទៅយកអាមេរិកជាធំទៅវិញ?​ សម រង្ស៊ី មិនដែលយកខ្មែរធ្វើជាមូលដ្ឋាននៃការដោះស្រាយ​​ទេមិនតែប៉ុណ្ណោះថែមទាំងស្នើឲ្យអាមេរិកដាក់សម្ពាធមកលើកម្ពុជាទៀតផង​​​​ ​
ចំណែក កឹម សុខា ក៏ស្រដៀងគ្នាដែរគឺមួយម៉ាត់ណាក៏អាមេរិកដែរសូម្បីតែស្បែកជើងក៏អាមេរិកដែរមិនបាច់និយាយទៅដល់មួកទេ សូម្បីតែខ្លួនទៅចូលរួមក្នុងឋានៈជាភ្ញៀវរបស់លោក អូបាម៉ាក៏លើកហួសពីការពិត​​ថា​​គាត់ជាមនុស្សអស្ចារ្យដែរ នេះជាចរឹតមនុស្សដែលបាត់បង់នូវអធិបតេយ្យភាពជាតិនិងនយោបាយជាតិរបស់ខ្លួន​​ ដែលជាចរឹតផ្ទុយអំពីលំអានរបស់ព្រះករុណាសម្តេចឪទាំងស្រុង​​
ឥឡូវយើងពិនិត្យមើលសកម្មភាពរបស់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ម្តងថា តើដើរតាមលំអានរបស់​​អង្គសម្តេចឪ​​ឬយ៉ាងណា​?​​
អង្គសម្តេចឪ ក្រោយពីបានឯករាជ្យគឺអនុវត្តនូវរបបនយោបាយសង្គមនិយម គណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាក្រោយពីការផ្តួលរំលំរបប ប៉ុល ពត ក្រោយថ្ងៃ មករា១៩៧៩ដែលបរិយាកាសនយោបាយសកលលោកនៅពេលនោះគឺធ្ងន់ធ្ងរជាងបរិយាកាសនយោបាយសកល​​​ឆ្នាំ១៩៥៣ផង​​ ពីព្រោះប្រទេសយើងចាប់ផ្តើមពីលេខសូន្យ ចំណែកជំនាន់នោះគឺនៅមានសល់សមិទ្ធផលខ្លះពីបារាំង​​ ប៉ុន្តែលំអានរបស់យើងគឺសង្គមនិយមដូចគ្នាគឺអ្វីៗទាំងអស់ជាកម្មសិទ្ធិរដ្ឋដោយសារពួក ប៉ុល ពតបានកំទេចអស់ហើយនូវកម្មសិទ្ធិឯកជននិងកម្មសិទ្ធិបុគ្គលក៏កំទេចអស់ដែរ ម្នាក់ៗគឺនៅសល់តែស្លាបព្រា​​ម្នាក់មួយប៉ុណ្ណោះ​​ ហើយដាក់នៅរោងបាយរួមទៀតដូច្នេះ ជំនាន់នោះយើងមិនអាចធ្វើសេរីភាវូបនីយកម្មមិនទាន់កើតទេ​​ ដូច្នេះគឺត្រូវធ្វើរបបសង្គមនិយមសិនដើម្បីធានាបាននូវការធ្វើប្រជាធិបតេយ្យប្រជាជននិងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបាននូវប្រក្រតីភាព​​សង្គម រស់រានមានជីវិតជាមនុស្សឡើងវិញដូច្នេះលំអាននេះគឺដូចគ្នាកាលពីឆ្នាំ១៩៥៣ ដល់១៩៦០ បន្ទាប់មកនៅពេលដែលយើងមានមូលដ្ឋាននៃប្រជាធិបតេយ្យប្រជាជន​​ គឺប្រជាពលរដ្ឋមានប្រក្រតីភាពវិញហើយនោះទើប សម្តេចនាយករដ្ឋមន្ត្រីបានបោះដៃរកសន្តិភាពបោះដៃរកការផ្សះផ្សារជាតិ ក្នុងស្ថានភាពដែលសង្គ្រាមត្រជាក់ត្រូវបានកាត់បន្ថយហើយប្លុកខាងកើត និងប្លុកខាងលិចមានការផ្លាស់ប្តូរនូវរបត់នយោបាយ​​ថ្មី សម្តេច នាយករដ្ឋមន្ត្រី ក៏បានប្រើពេលវេលានោះដើម្បីបង្រួបបង្រួមជាតិ​​ ពេលនោះបើព្រះករុណាអង្គសម្តេចឪ មិនទទួលស្គាល់ឧត្តមគតិរបស់ សម្តេចនាយករដ្ឋមន្ត្រី ថាជាតួអង្គឯកវ័យក្មេងម្នាក់អាចសហការគ្នាដើម្បីបង្រួបបង្រួមជាតិក៏វាមិនបានមកដល់ថ្ងៃនេះដែរជោគជ័យនេះមិនមែនបានត្រឹមតែ២៣ តុលា ១៩៩១ ទេគឺនៅពេលដែល អ៊ុនតាក់ទៅផុតទៅរឿងរ៉ាវដែលនៅសេសសល់ គឺមិនទាន់ដោះចេញទេ​​​​ ក្រោយមកកិច្ចការទាំងនេះត្រូវបានសម្តេចនាយករដ្ឋមន្ត្រីដោះចេញ ដែលនេះកាន់តែធ្វើឲ្យមានការជិតស្និតគ្នាថែមទៀតរវាងព្រះករុណាអង្គសម្តេចឪ និងសម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​​​គណបក្ស​​ប្រជាជនកម្ពុជា​​ដ៏ទៃទៀត​​​ ដូច្នេះទើបធ្វើឲ្យទំនាក់ទំនងនៃអំណាចនយោបាយគឺរាជរដ្ឋាភិបាលនិង​​​ស្ថាប័ន​​ព្រះមហាក្សត្រគឺអង្គសម្តេចឪកាន់តែរលូនដូចកាលជំនាន់ទស្សវត្ស១៩៥០-១៩៦០
សម្តេចនាយករដ្ឋមន្ត្រីមិនត្រឹមតែធ្វើតាមលំអានព្រះមហាក្សត្រសម្តេចឪប៉ុណ្ណោះទេគឺសម្តេចតាមដង្ហែរអង្គសម្តេចពីបរទេសមកកម្ពុជាថែមទៀតដែលខុសពីអ្នកនយោបាយដ៏ទៃទៀតចាត់ទុកសម្តេចឪជាចំណាប់ខ្មាំង​​​ នៅពេលដែលអង្គសម្តេចឪសោយទីវង្គតនៅ ប៉េកាំងសម្តេចនាយករដ្ឋមន្ត្រី ព្រមទាំងភរិយា តាមដង្ហែរព្រះបរមសព មកកម្ពុជាទៀតតើលោក សម រង្ស៊ីបានទៅដង្ហែរព្រះបរមសពនៅទីក្រុងប៉េកាំងទេ​? បើលោកគិតថាមកកម្ពុជាមិនបានគឺមិនបានទៅទេ លោក កឹម សុខា ក៏មិនបានទៅចូលរួមដែរហើយថែមទាំងមិនបានមកចូលរួម​​មើលព្រះភ័គ្រ​​ចុងក្រោយរបស់ព្រះអង្គនៅព្រះបរមរាជវាំង​​ទៅទៀត
សម្រាប់នយោបាយបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិរហូតទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស​​​​របស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវបាន​​ព្រះករុណាអង្គសម្តេចឪទទួលស្គាល់
ទាក់ទងទៅនឹងប្រវត្តិនៃការដង្ហែរតាមអង្គសម្តេចឪគឺប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​​ លោកបានលះបង់ច្រើន។​​ ជាក់ស្តែង តាំងពី​​យុវភាពរបស់សម្តេចក្នុងពេល​​សិក្សាអាយុទើបតែបាន១៨ឆ្នាំ​​​ គឺក្រោយពី លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចឪ ព្រះអង្គបានអំពាវនាវឲ្យកូនចៅ ចៅតួតចូលតស៊ូដើម្បីដង្ហែរតាមនូវព្រះតំរិៈរបស់ព្រះអង្គ នៅពេលនោះសម្តេចអគ្គមហាសេនាបតី បានចូលព្រៃតស៊ូក្នុងបុព្វហេតុតបតាមការអំពាវនាវរបស់ សម្តេចសម្តេចតាការចូលរួមនៅពេលនោះគឺជាការបង្ហាញអំពីទឹកចិត្ត​​ និងសេចក្តីស្វាម៉ីភ័គ្រចំពោះសម្តេចតាដោយមិនបានគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬគិតអំពីតំណែងបុណ្យសក្តិឬតួនាទីអ្វីទេគឺក្នុងនាមជាកូនទាហ៊ានតែម្នាក់គត់ រហូតមកដល់សម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលប្រជារាស្ត្ររបស់ព្រះអង្គត្រូវទទួលរងនូវការកាប់សម្លាប់ហើយសូម្បីតែព្រះករុណាព្រះអង្គផ្ទាល់ក៏​​ត្រូវជាប់ឃុំឃាំង​​នៅក្នុង​​ព្រះបរមរាជវាំង​​ របស់របបប្រល័យពូជសាសន៍នេះដែរហើយនៅពេលនោះសម្តេច​​តេជោលោកបានបង្កជាក្រុម​​ចលនាតស៊ូ​​ស្នេហាជាតិមួយ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍​​ ហើយសម្តេចតាក៏លោកបានរួចពីគុគឥតជញ្ជាំងក្នុងព្រះបរមរាជវាំងដែលបង្កឡើងដោយ ប៉ុល ពតដែរ ក្រោយពីស្រុក​​ទទួលបានសន្តិភាពគឺទំនាក់ទំនងនៃការចរចាររកសន្តិភាពរវាងតួអង្គព្រះករុណានិងតួអង្គសម្តេចតេជោ ទទួលបានជោគជ័យសម្តេចតេជោក៏បានយាងសម្តេចសម្តេចតាមកគ្រងរាជ្យជាលើកទីពីរហើយចុងក្រោយ​​នេះ​​ក៏បានចូលរួមយ៉ាងជិតស្និត​​រហូតដល់បានចូលរួមរើសអដ្ឋិរបស់ព្រះអង្គថែមទៀតផង នេះជាកិច្ចការ​​​សំខាន់ដែល​​ប្រមុខរាជរដ្ខាភិបាលលោកបានដង្ហែរតាម​​ព្រះករុណាសម្តេចសម្តេចតា នៃយើងនិងសូមឲ្យបងប្អូនប្រជាពលរដ្ឋពិចារណានិងស្វែងយល់ឲ្យបានច្បាស់ចៀសវាងចាញ់បោកមនុស្សដែលបានតែនិយាយ បានតែថា​ ​ថា​​ខ្លួនស្មោះស្មគ្រនិងរាជានិយម​​ ប៉ុន្តែពុំមានសកម្មភាពប្រតិបត្តិនិងដង្ហែរតាមព្រះអង្គទាល់តែសោះ​​ ដែលអូសទាញបងប្អូនឲ្យជឿតាមនាំឲ្យខូចប្រយោជន៍ជាតិនិងប្រយោជន៍សង្គម
លោក សត្យា រក្ស
សំណួរចំពោះ សម រង្ស៊ី ដែលកំពុងគេចចេញពីសំណាញ់ច្បាប់ដោយសារតែខ្លួនបានប្រព្រឹត្តិនូវបទល្មើសជាក់ស្តែង​​​ ក្នុងបញ្ហានៃការដកតម្រុយបង្គោលព្រំដែនហើយត្រូវតុលាការកាត់ឲ្យជាប់ទោសហើយនោះ​​ នៅពេលនេះគាត់កំពុងតែស្លន់ស្លោរចលាចលចង់ត្រឡប់មកក្នុងស្រុកដើម្បីដឹកនាំបក្សរបស់គាត់គឺគាត់បែរជាលើកថាការភៀសខ្លួនរបស់គាត់គឺយកគំរូតាមព្រះករុណាដែរ នៅពេលដែល ព្រះករុណាត្រូវបាន លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ដេញចេញពីប្រទេស។ ត្រង់ចំណុចនេះ សូមលោកបណ្ឌិតជួយវែកញែកពន្យល់បញ្ជាក់ជូនជនរួមជាតិផងថាតើស្ថានភាព​​របស់ព្រះករុណានិង សម រង្ស៊ី នៅពេលនេះវាដូចគ្នាដែរឬទេ​?​​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ សូមប្រជាពលរដ្ឋ​​ពិចារណាយ៉ាងសាមញ្ញ ត្រង់ចំណុចដែលលោក សម រង្ស៊ី ភៀសខ្លួនពីស្រុកខ្មែរ​​ទៅនៅ​​ក្រៅប្រទេស ថាតើពេលនោះ​ ​ព្រះករុណាអង្គសម្តេចឪពេលដែលព្រះអង្គនៅមានព្រះជន្ម​ ​លោកគង្គ​​នៅ​​ក្នុងស្រុកឬក៏រត់ចោលស្រុកដូច សម រង្ស៊ី​?​ គឺព្រះអង្គគង្គនៅភ្នំពេញ នៅកម្ពុជា បើព្រះអង្គ គង្គនៅកម្ពុជាគឺមានន័យថា​ ​ស្រុកខ្មែរមានសន្តិភាពបង្រួបបង្រួមជាតិ អភ័ព្វតែលោក សម រង្ស៊ីរត់ខុសពេលទេគាត់រត់ចេញនៅពេលនោះ គឺក្នុងអំឡុងពេលដែលព្រះករុណាគង្គនៅក្នុងព្រះបរមរាជវាំងដូច្នេះគឺគាត់បានធ្វើខុសពីព្រះករុណា​​
ចំពោះលោក សម រង្ស៊ី ក្តី លោក កឹម សុខា គឺមិនបាច់និយាយពីការកសាងប្រទេស តាមលំអានសម្តេចឪទេគឺគ្រាន់តែឲ្យចេះរៀបចំគណបក្សរបស់ខ្លួនឲ្យ​​បានខ្លាំងដូចគណបក្សសង្គមរាស្ត្រនិយមទៅគឺបានហើយ​​​ គឺខ្លួនធ្វើមិនបានផង សង្គមរាស្ត្រនិយមបានកើតក្រោយពេលទទួលបានឯករាជ្យភ្លាមគឺរឹងមាំភ្លាមនិងមានសមាសភាពចម្រុះទៀត ឥឡូវនេះគណបក្ស សម រង្ស៊ីនិងគណបក្សកឹម សុខា គឺគ្រាន់តែរួមគ្នាឲ្យចេញហើយ​​រៀបគណបក្សថ្មីនេះឲ្យបានលឿននិងរឹងមាំនោះគឺមិនអាចធ្វើទៅរួចផងដូច្នេះគឺមិនបាច់និយាយអំពី​​ការដឹកនាំ​​ប្រទេស​​​ទេ​​
ក្នុងករណីដែលអាចសុំរដ្ឋាភិបាលដោយមិនបាច់ទៅចូលរួមប្រកួតប្រជែងសភាទេពីព្រោះមិនមានដៃគូរប្រកួតដោយសុំរដ្ឋាភិបាលអាណត្តិក្រោយដើម្បីបានខ្ទង់ថវិការជាតិ​ ​២០លាន ដុល្លារក្នុង១ឆ្នាំសម្រាប់ឧបត្ថម្ភគណបក្សប្រឆាំងក្នុងការរៀបចំគណបក្សខ្លួនឲ្យរឹងមាំសិន ប៉ុន្តែប្រយ័ត្ននៅពេលបាន២០លាននេះហើយខាំគ្នាឈ្លោះគ្នាបែកបាក់គ្នាដោយសារដណ្តើមគ្នាទៀតសព្វថ្ងៃនេះគ្រាន់តែឮថាគណបក្សនេះច្របាច់ចូលគ្នាហើយ​​រៀបចំបញ្ជីបេក្ខជន​​ឈរឈ្មោះរួមគ្នា​​នៅក្នុងមណ្ឌលខេត្តក្រុងទាំង២៤នោះ​​ គឺ​​មានការហែកហួរគ្នាបាត់ទៅហើយ​​ ខ្ញុំក៏បានឮសូរថាមានមេដឹកនាំម្នាក់នៅគណបក្សលោក កឹម សុខា ធ្លាប់ព្រមានឲ្យទៀតថា « ប្រយ័ត្នដូចពាក្យហ៊ុន សែន ថា​ » តើ សម្តេច ប្រមុខរដ្ឋាភិបាល ធ្លាប់មានប្រសាសន៍ព្រមានរឿងអ្វី​?​ គឺសម្តេចធ្លាប់ពោលទុកហើយថា «​ ប្រយ័ត្នឆ្កែហែកហួរគ្នាដណ្តើម​​បាយមួយចាន​​​ស៊ី​ » នេះគ្រាន់តែដណ្តើមកៅអីអាសនៈសភា​​ផងគឺមិនដល់២០លានទេចុះទម្រាំឲ្យ១ឆ្នាំ២០លានដើម្បីរៀបបក្សឲ្យបានរឹងមាំសិនចាំចូលប្រកួត​​ទៀតនោះ​ ​គឺប្រហែលជាមិនបានរៀប​​បក្សទេគឺអាចហែកហួរគ្នាខ្ទេច២០លាននោះទៀត
សម្រង់ព័ត៌មាន លោក នូ សាវុធឌី