Tuesday, February 26, 2013

សម្តេច​​តេជោ​៖​ ​តំបន់​​ទេសចរណ៍​​ឆ្នេរ​​សមុទ្រ​​ក្នុង​​ខេត្ត​​ព្រះ​សីហនុ,ខេត្តកែប​និង​ខេត្ត​កំពត់​​មិន​​អនុញ្ញាត​​ឲ្យ​មាន​​រោង​​ចក្រ​​ធុនធ្ងន់



សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ប្រកាស​បញ្ជាក់នា​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ ​អំ​ពី​ការកំណត់​តំបន់​ឆ្នេរសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប ជា​តំបន់​គ្មាន​ផ្សែងបំពុល​បរិស្ថាន ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ធានា​មិន​ឲ្យ​មានការ​វិនិ​យោគ​​ដោយ​រោង​ច្រក​ធុន​ធ្ងន់ ដែល​នាំ​ទៅ​ដល់​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ដល់​តំបន់​ទេសចរណ៍​ ដែលជា​ចំណូល​ជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​មួយឆ្នាំៗ​នោះទេ។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការវា​រី​អគ្គិសនី​គីរីរម្យ​ទី៣ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ក្រុមហ៊ុន CETIC International នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ក្នុង​ឃុំដងពែង ស្រុកស្រែ​អំបិល ខេត្ត​កោះកុង សម្តេច​តេ​ជោនា​យករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យើង​មិន​ត្រូវ​ឲ្យ​មាន​រោងចក្រ​ធុន​ធ្ងន់ ដូចជា​រោងចក្រ​ចម្រាញ់​ប្រេង​កាត រោងចក្រ​ស្លដែក​ថែប​ ឬ​រោងចក្រ​ធុន​ធំ​ផ្សេងៗ​ទៀត នៅ​តំបន់​ដែល​ត្រូវ​បាន​ចាត់ទុកជា «តារា​រះ​ទិសនិរតី» ដែល​នាំ​ទៅ​ដល់​​ការ​បំពុល​បរិស្ថាន និង​នាំ​ទៅ​ដល់​ការបំផ្លាញ​តំបន់​ឆ្នេរ​ទាំងមូល​តែម្តង។ សម្តេច​តេ​ជោ​នា​យក​រដ្ឋមន្ត្រីបានមាន​ប្រសាសន៍ឲ្យដឹងថា ​សម្ដេច​បាន​ប្រាប់​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​មួយ​ដែល​សុំ​វិនិយោគ​នៅ​ខណ្ឌ​ស្ទឹងហាវ ក្រុងព្រះសីហនុ ថា «គួរតែ​ទៅ​រក​ការ​​វិនិយោគ​នៅ​ក្នុង​ខេត្ត​កោះកុង ឬ​ទៅ​រក​លោក​ឧកញ៉ា លី យ៉ុង​ផាត់។ សូម​កុំមក​​បណ្តាក់​ទុន​លើ​ការ​បង្កើត​រោង​ចក្រ​​ធុន​ធ្ងន់​នៅ​ទី​នេះ»

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​បង្កើត​រោងចក្រ​ធុន​ធ្ងន់​នៅ​ទី​នេះ​ (ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកែប) ​នឹង​នាំ​ទៅ​ដល់​ការ​បាត់​បង់​ទេសចរណ៍ ដែល​ឈាន​ទៅ​ដល់​ការបាត់បង់​ប្រភព​ចំណូលជាតិ​ដ៏ធំ ព្រោះ​នៅ​ក្នុង​ឆ្នាំ២០១២កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង ២ ៥៨០ ០០០ នាក់​ ជាមួយ​ប្រាក់​ចំណូល​ជាង ២ ២០០​លាន​ដុល្លារអា​មេរិក ដូច្នេះ​ហើយ​បានជា​យើង​មិន​ចង់​ឲ្យ​មានបង្កើត​រោងចក្រផលិតអគ្គិសនី ប្រើ​ដោយ​ប្រេងឥន្ធនៈ​ ព្រោះ​វា​នាំ​ទៅ​ដល់​ការ​បំពុល​បរិយាកាស។ សម្តេច​តេ​ជោ​បានមាន​ប្រ​សា​សន៍​បញ្ជាក់​ថា ការ​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី ប្រើ​ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ​ ជា​ករណី​ចាំ​បាច់​ចៀស​មិន​រួច ប៉ុន្តែ​ត្រូវតែ​ជារោងចក្រ​ប្រើ​ធ្យូងថ្ម​ស្អាត ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ទៅ​ដល់​បញ្ហា​បរិ​ស្ថាន​។

ទាក់​ទង​ទៅនឹង​ការ​លើកឡើង​របស់​មនុស្ស​មួយ​ចំនួន ដែល​ចង់​ឲ្យ​អគ្គិសនី​មានតម្លៃ​ត្រឹមតែ ៥០០ រៀល ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ហើយ​សាំង​មានតម្លៃ ១០០០ រៀល ក្នុង​មួយ​លីត្រ​នោះ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ពន្យល់​ថា តើ​គេ​បាន​អគ្គិសនី​មក​ពី​ណា? បើ​ការ​វិនិយោគ​នីមួយៗ​សុទ្ធ​តែ​មានការ​ចរចា​ថ្លៃ​រួច​ហើយ តម្លៃ​នេះ​ត្រូវ​បាន​យក​ទៅ​ដាក់​អនុម័ត​នៅ​ក្នុង​រដ្ឋសភា ដូច្នេះ​អ្នក​ទាមទារ​នេះ​ គេចង់​ធ្វើ​ជាពួក ប៉ុល ពត បែប​ថ្មី​ ឬ​យ៉ាង​ណា? រំសាយ​នូវ​កិច្ចសន្យា​ដែល​ជា​មរតក​នៃ​រដ្ឋ​មួយពួកគេ​នឹង​បំពាន​ទៅលើ​កិច្ច​ព្រម​ព្រៀង​ ​ដែល​មាន​រួច​មក​ហើយ។ តម្លៃ​អគ្គិស​នី​​គ្មាន​ប្រទេស​ណា​មានតម្លៃ ៥០០រៀល​នោះ​ទេ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រីបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ពួក​អ្នក​ទាមទារ​នេះ​បាន​បោក​ប្រាស់​ប្រជាជន ព្រោះ​សូម្បី​តែ​សាំង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ប្រទេសគូ​វែ​ត ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា ​សហរដ្ឋអាមេរិក​ ក៏​មិន​មែន​មានតម្លៃ ១០០០ រៀល ​ក្នុង​មួយ​លីត្រ​ដែរ។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​បញ្ជាក់​ មរតក​រដ្ឋ​សព្វ​ថ្ងៃ​នេះ សូម្បី​តែ​យើង​មិន​ទាំង​បាន​ដឹង​ផង​ថា ​បំណុល​ពី​អតីតកាលសល់​ពី​ជំនាន់​មុន​ប៉ុន្មាន​លាន​ យើង​ទទួ​ល​បន្ទុកសង​ទាំង​អស់ រាប់​ទាំង​បំណុល​របស់ លន់ នល់ ជំពាក់​អាមេរិក​កាំង​ប៉ុន្មាន​រយ​លាន​ដុល្លារ ដែល​ពេលនោះអាមេរិក​កាំង​គ្មាន​អភិវឌ្ឍ​អ្វី​ទេ គេ​ថា​យក​មក​អភិវឌ្ឍ​ខាង​កសិកម្ម ប៉ុន្តែ​​ពេលនោះ លន់ នល់ ត្រួតត្រាតែ​កណ្តាល​ក្រុង​ទេ ហើយ​ប្រហែលជា​ទិញ​គ្រាប់​បែក​​ទម្លាក់​​លើ​ក្បាល​ប្រជាជន​កម្ពុជា​ផង​ក៏​មិន​ដឹង។ ទន្ទឹម​នេះសម្តេច​​តេ​ជោនាយករដ្ឋមន្ត្រីបា​ន​​មាន​ប្រ​សាស​ន៍រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ដែលពេល​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូ​បា​ម៉ា មក​កាន់​​កម្ពុជា ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​ដោះស្រាយ​បំណុល​ហ្នឹង ដោយ​សុំ​ឲ្យ​គាត់​លុបចោល​មួយ​ចំនួន ហើយ​បំណុល​ដែល​នៅ​សេសសល់​ សង​តាម​អត្រា​ការប្រាក់​សម្បទាន​ ឬក៏​សុំ​ឲ្យ​ផ្ទេរ​បំណុល​នេះ​ទៅ​ធ្វើ​ការ​បម្រើការងារ​អភិវឌ្ឍ​ក្នុង​ប្រទេស​វិញ ប៉ុន្តែ​មកដល់​ម៉ោង​នេះ​ហើយ ​​មិន​ទាន់បាន​ព្រមព្រៀងគ្នា​ទេ។ សម្តេច​តេជោ​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា មរតក​របស់​រដ្ឋ​សូម្បីតែ​ជា​រដ្ឋា​ភិ​បាល​​ខុសច្បាប់​មួយ ដែល​​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ ហើយ​ដែល​នាំ​ឲ្យ​ប្រទេសឆាបឆេះ​ដោយ​សង្គ្រាម ប្រជាជន​កម្ពុជា​ស្លាប់​មិន​តិច​ទេ ​ដោយ​គ្រាប់​បែក​របស់​អាមេរិក ប៉ុន្តែ​យើង​ត្រូវ​ទទួល​បន្ទុក​សង​លុយ​អាមេរិក​ទៀត។ សម្តេចតេជោ​បាន​លើក​ជាសំណួរ​ថា ហេតុអ្វី​មាន​អ្នកខ្លះ​ចាប់​ផ្តើម​សន្យា​យក​តម្លៃ​អគ្គិសនី​មួយ​គីឡូវ៉ាត់ម៉ោង ៥០០ រៀល​ ក្នុងពេលដែល​កិច្ចសន្យា​នៃ​ការ​វិនិយោគ​ផ្នែក​អគ្គិសនី​ទាំងឡាយ​ត្រូវ​ ឆ្លងកាត់​រដ្ឋសភា តើ​អ្នក​ចង់​បំពាន​ចាប់ពី​ឥឡូវ​ទៅ​ឬ? នយោបាយ​រឹប​អូស​ពី​អ្នក​មាន បាន​ចូល​មកដល់​ទៀតហើយ អាពត បែប​ថ្មី​ចូល​មក​ដល់ ខ្ញុំ​អត់​នឹក​ស្មាន​ថា ចូល​ដល់​សតវត្ស​ទី២១ ហើយ ​មាន​នយោបាយ អាពត តាម​លង​មកដល់​នោះ​ទេ។

នៅ​ក្នុង​ឱកាសសម្ពោធ​ដាក់​ឲ្យដំណើរការ​វា​រី​អគ្គិសនី​គីរីរម្យ៣ ​នោះដែរ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ​ខ្ញុំ​ពិតជា​មានការ​រីក​រាយ​ណាស់​ ដោយ​សារ​តែ​ថ្ងៃនេះ​ មាន​សមិទ្ធផល​មួយទៀត​បន្ថែម​លើ​សមិទ្ធផល​ជាច្រើន ដែល​មាន​ពី​ពេល​មុន​មក ​តាមរយៈ​នៃ​ការ​វិនិយោគ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​គឺ​វា​រី​អគ្គិសនី​គីរីរម្យ៣ ហើយ​ដែលបណ្តាញ​របស់​វា​បាន​ត​ភ្ជាប់​រវាង​វា​រី​អគ្គិសនី​គីរីរម្យ៣ ទៅ​វា​រី​អគ្គិសនី​គីរីរម្យ១ និង​បញ្ជូន​ទៅ​រាជធានីភ្នំពេញ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទោះជា​យ៉ាង​នេះ​ក្តី បញ្ហា​របស់​យើង​វា​មិនបាន​ចប់​នៅ​ត្រឹម​ដំណើរ​ការ​របស់​វា​រី​អគ្គិសនីគិរីរម្យ៣ ដែល​មាន ១៨ មេ​ហ្គា​វ៉ា​ត់នេះ​ទេ ព្រោះ​យើង​មាន​តម្រូវការ​ធំ​ជាង​នេះ​ច្រើន​ណាស់។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មានការ​ប្រមូល​ផ្តុំ ផលិត​អគ្គិសនី​ទើបតែ​បាន​ជាង ២០០ មេ​ហ្កា​វ៉ាត់​តែប៉ុណ្ណោះ ដោយ​នៅ​វារី​អគ្គិសនី​កំចាយ​ចំនួន ១៩៣ មេ​ហ្គា​វ៉ា​ត់ វា​រី​អគ្គិសនី​គីរីរម្យ៣ ចំនួន ១៨ មេ​ហ្គា​វ៉ា​ត់ និង​វា​រី​អគ្គិសនី​គីរីរម្យ១ ចំនួន ១២ មេ​ហ្គាវ៉ាត់។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា ប្រភព​ដែល​ធានា​បំផុត​សម្រាប់​យើង​ គឺ​វា​រី​អគ្គិសនី ដែល​វា​ធានា​មិន​ឲ្យ​តម្លៃ​អគ្គិសនី​ឡើង​ចុះ​ទៅតាម​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ខាងក្រៅ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​​ក្តី ​ក៏​វា​រី​អគ្គិសនី​​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​នៅ​ពេល​រដូវវស្សា​យើង​អាច​ប្រើ​បាន​យ៉ាង​ពេញទំហឹង ប៉ុន្តែ​នៅ​រដូវប្រាំង វា​រី​អគ្គិសនី​មិន​អាច​ប្រើប្រាស់​បាន​ពេញ​កម្លាំង​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​ជម្រុញ​ការ​ផលិត​អគ្គិសនី​ដោយ​រោងចក្រ​ដែល​ដើរ​ដោយ​ធ្យូងថ្ម​ឲ្យ​បាន​រហ័ស ដើម្បី​គួបផ្សំ​ជាមួយ​ការប្រើប្រាស់​វា​រី​អគ្គិសនី​នៅ​រដូវប្រាំង ដោយ​ត្រូវ​បញ្ចេញ​ថាមពល​ឲ្យ​បាន​ច្រើន​ពី​ប្រភព​ដុត​ធ្យូងថ្ម ដើម្បី​គួបផ្សំ​ជាមួយ​វា​រី​អគ្គិសនី​ដែល​ធ្លាក់​ចុះ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដូច្នេះ​ហើយ​បញ្ហា​ផលិត​អគ្គិសនី​នៅតែ​ជា​កង្វល់​ដ៏​ធំ​របស់​យើង។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​គម្រោង​នៅ​ឆ្នាំ២០១៣ នេះ​កម្ពុជា​ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វារី​អគ្គិសនីតា​តៃ ​ដែល​មាន​អានុភាព ១២០ មេ​ហ្គា​វ៉ាត់។ នៅ​ឆ្នាំ២០១៤ នឹង​សម្ពោធ​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ​ក្រោម ដែល​មាន​អានុភាព ៣៣៨ មេ​ហ្គា​វ៉ា​ត់ និង​វា​រី​អគ្គិសនី​អា​តៃ​ដែល​មាន​អានុភាព ២៤៩ មេ​ហ្គា​វ៉ាត់ ព្រម​ទាំង​អគ្គិសនី​ដើរ​ដោយ​ថា​ម​ពល​ធ្យូងថ្ម​នៅ​ក្រុងព្រះសីហនុ​ផង​ដែរ។

ពាក់ព័ន្ធ​ជាមួយ​បញ្ហាអាទិភាពនៃការ​វិនិយោគ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់​សារ​ជាថ្មី​ម្តង​ទៀតថា ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ​នៅ​កម្ពុជា​អ្នក​វិនិយោគណា​មក​មុន ​គឺ​បាន​ទទួល​មុន ដោយ​មិន​រើសអើង​ថា ​ជា​ក្រុមហ៊ុន​តូច​ធំ​នោះ​ទេ។ “នយោ​បាយ​របស់យើង​ គឺ​អ្នកណា​មកដល់​អ្នកនោះ​ទទួល​បាន​គម្រោង​មុន”។ សម្តេច​តេជោ​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ប្រទេស​ចិន បាន​មក​ដោយមាន​រដ្ឋាភិបាល​របស់​ចិនជា​អ្នក​ជម្រុញ​ឲ្យ​មក ជាពិសេស​ក្រុមហ៊ុន​ចិន​មាន​បច្ចេកទេស​ខ្ពស់ ​ស្ថិត​នៅ​ក្នុង​លំដា​ប់​លេខ១ នៅ​លើ​លោក ​ខាង​វារី​អគ្គិសនី ហើយទុន​របស់ចិន​មាន​ច្រើន​ដោយ​មិន​មាន​ការ​អាក់​ខាន​ដំណើរការ ទោះ​បី​ជា​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ។

ពាក់​ព័ន្ធ​ទៅនឹងការ​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ ​នៅ​សាធារណរដ្ឋ​ប្រ​ជា​មានិត​ចិន ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែនបាន​មានប្រសាសន៍បញ្ជាក់​ថា បើ​គ្មាន​ការប្រែប្រួល​កម្មវិធី​នោះ​ទេ ​សម្តេច​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិនក្នុង​ខែ​មេសា ឆ្នាំ២០១៣​ខាង​មុខ​នេះ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​ទស្សនកិច្ច​នេះ សម្តេចនឹង​ជួប​មេដឹក​នាំ​ចិន​ថ្មី ព្រោះ​ឯកឧត្តម ហ៊ូ ជិន​តាវ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​ឯកឧត្តម វេន ជា​ប៉ាវ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ចូលនិវត្តន៍​ក្នុង​ខែ​មីនា ឆ្នាំ២០១៣ ​ខាងមុខនេះ។ ទន្ទឹម​នេះក្នុង​ខែ​មីនា​ខាងមុខនេះដែរ​ នឹង​មាន​រដ្ឋាភិបាល​ថ្មី​របស់​ចិន ដែល​ពេល​នោះ​នឹង​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ថ្មី និង​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ក្នុង​ខែមេសា បើ​គ្មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​គម្រោង​នៃ​ភាគី​ទាំងពីរ ​ពេលនោះ​អាច​នឹង​មាន​ការ​លើក​ទិស​ដៅ​នៃ​ការ​ជំរុញ​សហប្រតិបត្តិការ​ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជា​មួយ​នឹង​ចិន។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ​បានមាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ទាំងឡាយ​របស់​ស្ថាន​អគ្គរដ្ឋទូតនៃ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន ហើយ​តាមរយៈ​នៃ​ស្ថានទូត​ ក៏ដូចជា​ក្រុម​ហ៊ុន​វិនិយោគ​ចិន ខ្ញុំ​សូម​ផ្ញើ​ជូន​នូវ​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដែល​ជា​និច្ចកាល​តែង​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​គាំ​ទ្រ ដោយ​ជំរុញ​ឲ្យ​អ្នកវិនិយោគ​បាន​មក​វិនិយោគ​​នៅ​កម្ពុជា ដែល​ឥឡូវនេះ ​ចិន​ឲ្យ​ភាព​អនុគ្រោះ​សម្រាប់​ការ​រួច​ពន្ធ ក្នុង​បន្ទាត់​ពន្ធគយ​ស្មើនឹង ៩៥%នៃ ​បន្ទាត់​ពន្ធគយ។ 

សម្តេច​តេជោនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា បញ្ហា​សំខាន់​ស្ថិត​នៅ​ត្រង់​ថា ត្រូវ​ធ្វើ​ការ​វិនិយោគ​នូវ​មុខ​ទំនិញ​ណា​ដែល​ចិន​ត្រូវការ ដូច្នេះ​ខាង​មិត្ត​ចិន ក៏​មាន​ឱកាស​រុញ​អ្នក​វិនិ​យោគ​ពី​ចិន​មក​ផលិត​មុខទំនិញ​នៅ​កម្ពុជា ហើយ​នាំទៅ​ទីផ្សារ​ចិន​វិញ ព្រោះ​ទី​ផ្សារ​ចិន​ធំ​ណាស់ គឺ ១៣០០ លាន​នាក់។ ក្រៅ​ពី​នេះ កម្ពុជា​ក៏​ទទួល​បាន​ឥណទាន​ពី​ចិន ដែល​មាន​ជំនួ​យ​ឥត​សំណង កម្ចី​ឥត​ការប្រាក់ កម្ចីសម្បទាន គឺ៣ប្រភេទ​ដែល​កម្ពុជា​​តែងតែ​ទទួល​បាន​ពី​មិត្ត​ចិន។ ផ្នែក​ចុងក្រោយ​ គឺ​រដ្ឋ​ចិន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចិន ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ជា​កិច្ចការ ដែល​យើង​ចង់បាន​យើង​មិន​ចង់បាន​កម្ចី​ច្រើនពេក​ទេ យើង​ចង់បាន​អ្នក​វិនិយោគ​ច្រើនជាង ប៉ុន្តែ​យើង​មិន​អាច​ចៀស​ផុត​ពី​​ខ្ចី​លុយ​ចិន​បានទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា យើង​នឹង​ជំរុញ​ល្បឿន​នៃ​កិច្ច​សហប្រតិបត្តិ​ការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ដទៃ​ទៀត​ជាពិសេស​វិស័យ​ទេសចរណ៍ ដែល​ឥឡូវនេះ​ទេសចរ​ចិន​កាន់តែ​កើន​ឡើង ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដែល​យើង​សង្ឃឹមថា ទេសចរ​ណ៍ចិន មកកាន់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​គិតតែ០,១% នៃ​ប្រជាជន​ចិន​គឺ​កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​១,៣សែន​នាក់៕