Saturday, March 2, 2013

Why Sam Rainsy wants to get rid of election observers


By Allen Myers
Ever since the UN-supervised national election of 1993, large numbers of national and international observers have become a norm in Cambodian elections. These observers serve as impartial witnesses of the conduct of the election and are thus able to verify or reject claims of wrongdoing by election participants — particularly systematic wrongdoing.
 
While observers have sometimes criticised particular aspects of an election, they have generally been agreed that the election results correspond with the intentions of the voter. This verification of official results has been important for political stability in Cambodia, because it allows unsuccessful candidates and their supporters to understand that they have not been cheated.
 
However, there is one party that has never accepted the reports of the observers. After every election since it was founded, the Sam Rainsy Party has declared that the observers got it wrong. Always, the Sam Rainsy Party was certain that, in some fashion or another, it had been cheated of victory, despite the conclusions of the observers.
 
Therefore, it is not really surprising that Sam Rainsy and his followers in the National Rescue Party (formed by a merger between the SRP and the Human Rights Party) have decided to go to the source of the problem: they propose getting rid of the observers.
 
In a statement dated 25 February, Sam Rainsy has called on international and local NGOs and “friendly countries” not to send observers for the National Assembly elections in July. The logic of the demand is clear: The NRP expects to lose the election. It will claim the election was rigged by the Cambodian People’s Party government. The observers will say it wasn’t rigged, and that will undermine the NRP’s ability to pose as democrats robbed of victory by totalitarian cheating. Get rid of those observers, and the NRP may gain some credibility for its claims, at least in foreign capitals, which is where it really matters.
 
Of course, Sam Rainsy can’t express it that clearly. Instead, he pretends that the coming election has already been rigged. But his “evidence” for this claim is merely a repeat of the same claims he has made after every previous election. One hopes that prospective observers will not be fooled by such self-serving nonsense.
 
Footnote: Sam Rainsy’s statement attempts to imply “United Nations” support for his position by quoting from the July 2012 report of Surya Subedi, the UN special rapporteur on human rights in Cambodia. That report was remarkable for its illogic and ignorance of Cambodian reality, which is perhaps why it had sunk without a trace until Sam Rainy decided to attempt CPR. Those interested can read my criticism of the report at http://letters2pppapers.wordpress.com/wp-admin/post.php?post=420&action=edit&message=1 (a much shorter version of this was published in the Phnom Penh Post of 27 September 2012).

មូល​ហេតុ​អ្វីដែល​សមរង្ស៊ី​ចង់មិន​ឱ្យមាន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត

ដោយ៖ Allen Myers
ចាប់តាំង​ពីការបោះ​ឆ្នោត​ជាតិ​ឆ្នាំ១៩៩៣ ដែល​គ្រប់​គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​មក ចំនួនដ៏ ច្រើន​សន្ធឹក​សន្ធាប់​នៃអ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ បាន​ក្លាយ​ទៅជា​ទំនៀម​ទំលាប់​ទៅហើយ​នៅ ក្នុងការ​បោះឆ្នោត​នៃប្រទេស​កម្ពុជា។ អ្នក​សង្កេត​ការណ៍ទាំងនេះ ដើរតួ​នាទីជា​សាក្សីដ៏​អាព្យាក្រឹត​នៃការ ប្រព្រឹត្តទៅ​នៃការ​បោះឆ្នោត ហើយដូច្នេះ​អាច​បញ្ជាក់ ឬបដិសេធ​ការអះអាង​នៃបញ្ហា​មិនប្រក្រតី​ដោយ​អ្នក ចូលរួម​ក្នុងការ​បោះឆ្នោត ជាពិសេស​ភាពមិន​ប្រក្រតី​នៃប្រព័ន្ធ។

នៅពេល​ដែលអ្នក​សង្កេតការណ៍ ពេលខ្លះ​បានរិះគន់​ទិដ្ឋភាព​ជាក់លាក់​ខ្លះនៃការ​បោះឆ្នោត​មួយ ជាទូទៅពួកគេ បានទទួល​យល់ព្រម​ថា​ ​លទ្ធផលនៃកា​របោះឆ្នោត​ឆ្លើយតបទៅ​នឹងគោល​បំណង​របស់អ្នក បោះឆ្នោត។ ការបញ្ជាក់​យល់​ព្រម​​នៃ​លទ្ធ​ផល​ជាផ្លូវ​ការ​នេះ គឺមាន​សារៈ​សំខាន់​​សម្រាប់​ស្ថិរភាព​​នយោបាយ ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​វាអាច​ឱ្យបេក្ខជន​ដែល​មិនបាន​ជោគជ័យ និងអ្នក​​គាំទ្រ​​របស់​​ពួក​គេ​យល់​​ថា ពួក​គេមិន​ត្រូវបាន​បោក​បញ្ឆោតនោះទេ។

ទោះជាយ៉ាងណាក៏ដោយ មានគណបក្សមួយដែលមិនដែលទទួលយករបាយការណ៍របស់អ្នក សង្កេត​ការណ៍​ឡើយ​។ ក្រោយ​​ពេល​រៀង​​រាល់​​ការ​បោះ​ឆ្នោត ចាប់​តាំង​ពីគណបក្ស​សមរង្ស៊ី​បាន​បង្កើត​ឡើង គណបក្សមួយនេះ បាន​ប្រកាស​ថា​អ្នក​សង្កេត​ការណ៍​​មិន​​យល់​​ពី​ស្ថាន​ការណ៍​​ឱ្យ​បាន​ត្រឹម ​ត្រូវ​នោះ​ទេ។ ជានិច្ចកាល គណបក្ស​សមរង្ស៊ី បាន​ប្រាក​ដថា តាម​មធ្យោបាយ​ណា​មួយ ឬផ្សេង​ទៀត ខ្លួន​បាន​​ត្រូវ​​បោក​ បញ្ឆោត​យក​ជ័យ​ជំនះ ទោះបីជា​មាន​ការ​សន្និដ្ឋាន​របស់​អ្នក​សង្កេត​ការណ៍​ក៏ដោយ។

ដូច្នេះ គ្មានអ្វីភ្ញាក់ផ្អើលនោះទេដែលសមរង្ស៊ី និងអ្នកដើរតាមគាត់នៅក្នុងគណបក្សសង្គ្រោះជាតិ (ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​​បញ្ជូល​​គ្នារវាង​ គណបក្សសមរង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស) បាន​សម្រេច​​ចិត្ត​​ងាក​​ទៅ​រក​​ប្រភព​នៃ​បញ្ហា៖ ពួកគេ​ស្នើរ​​មិន​​ឱ្យ​​មាន​​អ្នក​សង្កេត​ការណ៍។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៥ ខែកុម្ភៈ សមរង្ស៊ី បានអំពាវនាវដល់អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ និង​ប្រទេស​ជាមិត្ត​ មិន​ឱ្យ​បញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត សភាជាតិក្នុងខែកក្កដានោះទេ។ ហេតុ​ផល​នៃ​ការ​ទាម​ទារ​នេះ​គឺ​ច្បាស់​លាស់​ណាស់​៖ គណបក្សសង្គ្រោះ ជាតិ រំពឹងថានឹងចាញ់ឆ្នោត។ គណបក្ស​នេះនឹង​អះអាង​ថា ការបោះ​ឆ្នោត​បាន​ត្រូវ​រៀប​ចំ​លទ្ធផល ទុក​ជា​មុន​​ដោយ​​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​សង្កេតការណ៍នឹង​និយាយ​ថា ការបោះ​ឆ្នោត មិនត្រូវ​បាន​រៀបចំ​លទ្ធផល​ទុកជា​មុនទេ ហើយ​​នោះ​​នឹង​​បំផ្លា​ញ​​លទ្ធភាព​​របស់​​គណ​បក្ស​សង្គ្រោះ​ជាតិក្នុង ការ​ធ្វើ​ពុត​ជា​អ្នក​ប្រជាធិប​តេយ្យ​ដែល​ត្រូវ​បាន​ប្លន់​យក​ជ័យ​ជំនះ​ដោយ​ ការ​បន្លំ​តាម​បែប​ផ្តាច់​ការ​ មិនឱ្យ មានអ្នកសង្កេតការណ៍ នោះគណបក្សសង្គ្រោះជាតិ ប្រហែលជាអាចទទួលបានការជឿទុកចិត្តខ្លះចំពោះ ការ​អះអាង​របស់​ខ្លួន យ៉ាងហោចណាស់ក៏នៅក្នុងទីក្រុងបរទេសនានា ដែលជាកន្លែងបញ្ហានេះមិនជាមាន សារៈសំខាន់។
 
ត្រឹមត្រូវហើយ សមរង្ស៊ី មិនអាចបញ្ជាក់បញ្ហានេះឱ្យបានច្បាស់នោះទេ។ ផ្ទុយ​ទៅ​វិញ ​គាត់​ធ្វើ​ពុត​ ថា​ការ​បោះឆ្នោ​ត​ខាង​មុន​នេះ បាន​ត្រូវ​រៀប​ចំ​លទ្ធផល​ទុក​ជាមុន​រួច​ទៅ​ហើយ​។ ប៉ុន្តែ​ «ភ័ស្តុតាង»​របស់​គាត់ ​សម្រាប់​ការ​អះអាង​នេះ គឺ​គ្រាន់​តែជា​ការ​និយាយ​ឡើង​វិញ​នៃ​ការ​អះ​អាង​ដូច​គ្នា​ ដែល​គាត់​ធ្លាប់​បាន​និយាយ​ក្រោយ​ពេល​រៀង​រាល់ការ​បោះឆ្នោត​កន្លងៗមក។​ គេ​សង្ឃឹម​ថា អ្នក​សង្កេត​ការណ៍​ដែល​រំពឹង​ថានឹង​មកនា​ ពេល​អនាគត​ នឹង​មិនត្រូវ​បានបោក​បញ្ឆោត​ដោយ​គំនិត​ឆ្កួតៗ​របៀប​បំរើឱ្យខ្លួនឯងនេះទេ។

កំណត់សម្គាល់៖ សេចក្តីថ្លែងការណ៍របស់សមរង្ស៊ី មានគោលបំណងលើកឡើង​នូវ​ការ​គាំ​ទ្រ​របស់​«អង្គការ សហ​ប្រជា​ជាតិ» ចំពោះ​គោល​ជំហរ​របស់​គាត់​ ដោយ​ដក​ស្រង់​ពី​របាយ​ការណ៍​ខែកក្កដា​ ឆ្នាំ២០១២ របស់ Surya Subedi ដែល​ជា​អ្នក​រាយ​ការណ៍​ពិសេស​ស្តពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ កម្ពុជា។​ របាយការណ៍​ នោះ​ គួរ​ឱ្យកត់​សម្គាល់​ដោយ​សារ​តែភាព​មិន​សម​ហេតុផល និ​ង​មិន​ដឹង​អ្វី​សោះ​អំពី​ការ​ពិត​ក្នុង​ប្រទេស​​ កម្ពុជា​ ដែល​នេះ​ប្រហែល​ជាហេតុ​ផល​ដែល​របាយ​ការណ៍​នេះលិច​បាត់​រូបរាង ​រហូត​ដល់​សមរង្ស៊ី​បាន សម្រេច​ចិត្ត​ប៉ុនប៉ង...។ អ្នក​ដែល​ចាប់​អារម្មណ៍ អាច​អាន​ទស្សនៈ​រិះគន់​របស់ខ្ញុំ​លើ​របាយការណ៍​នោះ​នៅ​ឯ
http://letters2pppapers.wordpress.com/wp-admin/post.php?post=420&action=edit&message=1 (a much shorter version of this was published in the Phnom Penh Post of 27 September 2012).

សម្ភាសន៍ លោក​បណ្ឌិត​ ឈឹម ផលវរុណ ស្តីពី​ នយោបាយ​​សន្យា​ ​របស់​គណ​ប​ក្ស​ប្រឆាំង​


ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
លោក សត្យា រក្ស​
សំណួរ​៖ បច្ចុប្បន្ននេះ ជនរួមជាតិ​បានជ្រាប​ហើយ​ថា គណបក្សប្រឆាំង ​កំពុង​តែ​ប្រើ​នយោបាយ​​ញុះញង់​ ​អុចអាល និង​នយោបាយបំភ្លើស បំភ្លៃការពិត ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​​ ភន្ត័​ច្រឡំ​។ ប៉ុន្ដែ​ជា​លទ្ធផល​​ ដែលគណបក្សប្រឆាំងទទួលបាននោះ យើងឃើញថា​អ្នក​ដែលភន្ត័​ច្រឡំ​ហ្នឹង គឺ​មាន​តិច​តួចប៉ុណ្ណោះ​ ​ដោយសារតែសកម្មភាពរបស់គាត់ដដែលៗ។
 
យើងឃើញថា បីអាណត្ដិមកហើយ ចាប់​ពីអាណត្តិទីពីរ ទីបី ទីបួន មក​គឺ​​​គណបក្ស​ប្រឆាំង​​​​បាន​​ទទួល​បរាជ័យ​ក្នុងការ​ប្រកួត​ ប្រជែងនៃការបោះឆ្នោតជា​បន្តបន្ទាប់​។ មួយវិញទៀត យើង​ឃើញ​ថា គណបក្សប្រឆាំងនៅកម្ពុជានេះ មិនមែនថា ជាគណបក្សដែលថ្មី ហើយមិន​ធ្លាប់​​ចាញ់​​នោះ​ទេ​ គឺសុទ្ធតែជាគណបក្សដែលធ្លាប់​ភ្លក់​នៅ​សង្វៀន​នៃការប្រកួត​ប្រជែង​តាម​រយៈ​​ សន្លឹក​​ឆ្នោត​ ហើយជាលទ្ធផលនោះ គឺ​បរាជ័យ។ ​ម្យ៉ាង​ទៀត​ ចរឹត​របស់​ពួកគាត់​ទាំង​បួន​អាណត្តិ​​មក​នេះ​ នៅពេលដែលគាត់​ចាញ់ឆ្នោត គឺគាត់តែងតែ​និយាយ​ថា គ្មាន​ប្រជាធិបតេយ្យ​ គ្មាន​តម្លាភាព​ គេលួច​អី​ជា​ដើ​ម​ទៅ​។
 
ឥឡូវនេះ អ្វីដែលយើងចាប់អារម្មណ៍បំផុតនោះ គឺនៅត្រង់ថា នៅពេល​ដែល សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស សម រង្ស៊ី នេះ កំពុងតែជាប់ទោស​ទណ្ឌ​ ហើយនៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​ គឺនឹងមានការកាត់ទោសឡើងវិញ នៅ​សាលាឧទ្ធរណ៍ ដែល​ទាក់ទងទៅ​នឹង​បទ​បរិហារកេរ្តិ៍​​​​និង​រឿង​រ៉ាវ​​ផ្សេងៗទៀត ដែលជាផ្នែកមួយធ្វើឲ្យលោក សម រង្ស៊ី កាន់តែ​ឃ្លាតឆ្ងាយ​ជាមួយ​និង​​​ការ​វិល​វិញ​។ ការឃ្លាតឆ្ងាយ គឺជាការសម្រេចចិត្តរបស់​ខ្លួនគាត់ទេ មិនមែន​មានន័យថា​ អ្នកណា​មិន​ឲ្យ​មក​នោះ​ទេ​។ ហើយអ្វីដែលយើងឮពីបនប្រឆាំងទាំងឡាយ​ គឺគេ​បាន​និយាយ​ថាបើ​គ្មាន សម រង្ស៊ី មក​ចូលរួមប្រកួតប្រជែង​ការបោះឆ្នោតទេ ការបោះឆ្នោត​នោះ​ នឹង​គ្មានតម្លៃ ​មិនអាច​ទទួល​យក​បាន​​ ។ល។ ប៉ុន្ដែចំណុចនេះ ជនរួមជាតិក៏បានជ្រាប ហើយ​លោក​បណ្ឌិតក៏បាន​លើក​ឡើង​ជា​ច្រើ​​ន​ដង​​ហើយ​ដែរ។​
 
ឥឡូវនេះ គឺខ្ញុំសុំឲ្យលោកបណ្ឌិតជួយពន្យល់ និងបំភ្លឺបន្ដិច ដែលទាក់ទងទៅនឹង​គណបក្ស​ប្រឆាំង​ ដែលយើងឃើញថា បក្សទាំងពីរនេះ គឺកាលពីដើមឡើយ គឺមានប្រវត្តិនៅ​ក្នុង​ការ​ប្រកាប់​ប្រចាក់គ្នា​ យ៉ាងស្រួចស្រាវ​បំផុត ដោយម្នាក់ៗ តាំងខ្លួនថា ជាអ្នកល្អរៀងៗ​ខ្លួន។ លោក សម រង្ស៊ី ចោទលោក កឹម សុខា ថាជាគណបក្សឆ្កែនោមដាក់ ជា​គណបក្ស​កូនមាន់​ដែល​រំខានទៅដល់​អ្នកប្រជាធិបតេយ្យអីជាដើម។ ហើយសម្រាប់លោក កឹម សុខា វិញ ក៏បានលើក​ឡើង​យ៉ាង​ច្បាស់​ថា​ លោក សម រង្ស៊ី នេះ គឺជាគណបក្ស​បុគ្គលនិយម គ្រួសារ​និយម​ បក្ខពួក​និយម សូម្បីតែឈ្មោះបក្សហ្នឹង ក៏ជាឈ្មោះរបស់ខ្លួនដែរ។ ដែលគាត់​បាន​អះអាង​ថា គាត់មិន​អាច​ប្រឡាក់​ប្រឡូក​ខ្លួនគាត់​ជាមួយនឹងលោក សម រង្ស៊ី ដែលជា​បុគ្គល​បក្ខពួក​និយម គ្រួសារ​​និយមនោះទេ។
 
ឥឡូវនេះ សូម​លោកបណ្ឌិតប្រៀបធៀបមើល ថាតើ​ប្រជាពលរដ្ឋអាច​ជឿពួក​គាត់​​បានឬ​ទេ​?​ បើកាលពីគាត់នៅដាច់ដោយឡែកពីគ្នា គាត់ចោទគ្នាថា សុទ្ធតែជាមនុស្សបែបនេះ មនុស្ស​​បែប​នោះ​​ ប៉ុន្ដែឥឡូវនេះ គ្រាន់តែមានសញ្ញាបន្ដិចថា នឹងទោរ​ទន់ដាក់គ្នាបន្ដិចហ្នឹង គេ​បែរ​​ជា​​សរសើរ​ថា​ ពួកគេហ្នឹងសុទ្ធតែជាអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិជាដើម។ អញ្ចឹង​ចំណុច​​នេះ លោក​បណ្ឌិត​មានអ្វី​ដើម្បីទុកជាការពន្យល់​ជូនប្រជាពលរដ្ឋ?
 
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖​ បើនិយាយឲ្យខ្លី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​យល់​គឺ​ ក្រុមលោក សម រង្ស៊ី ក្ដី ក្រុម​លោក កឹម សុខា ក្ដី គឺជាក្រុមអ្នកចាញ់ ប៉ុន្ដែអួតថា ឈ្នះ តែពួកគាត់​មិនដែល​បានឈ្នះ​ទេ​។​ ហើយ​ ពួក​​គាត់អួតទាំងអស់គ្នា សូម្បីតែលោក សម រង្ស៊ី គាត់​ស្រមៃ​តាំងពី​រដ្ឋាភិបាល​គណបក្ស​​សម រង្ស៊ី ហ្នឹង​ឃើញថា ឈ្នះតែម្តង​។​ អត់ហ៊ានថា បើសិនជាឈ្នះទេ សុទ្ធតែ​និយាយ​ថា​​ឈ្នះ​តែ​ម្តង​​។​ ចំណែក​លោក កឹម សុខា នោះ កាន់តែជាងលោក សម រង្ស៊ី ទៅ​ទៀត គឺខ្លួន​​គាត់​​ធ្លាប់​ចាញ់​តាំងពី​កាល​ជំនាន់​​លោកតា ​សឺន សាន​ មកម្លេះ គឺ​បានតែ ១០ កៅអីទេ​ តែ​ហ៊ាន​បំផ្លោងថា ប្រជា​ពលរដ្ឋ​កាល​ឆ្នាំ​​ ១៩៩៣ បោះឆ្នោត​​ឲ្យ​ពួកសេរី។ លើក​ពី​ពួកសេរី តែ​គាត់​បាន​តែ ១០ កៅអី​ទេ ហើយពេល​នោះ​សេរីមែនទែនផង​ សេរីលេងៗ​​ផង​។​​បើ​ខាង​ហ៊្វុនស៊ីន​ប៉ិច​មានទៅសេរីអីគាត់ គឺ​រាជា​និយម​ទេ​ ហើយគណបក្សប្រជាជន​ក៏ជាគណបក្សគ្រប់​គ្រងប្រទេស​ផ្អែកទៅ​នឹង​លក្ខខណ្ឌ​ជាក់​​ លាក់​​របស់​​ប្រជាជននៅកម្ពុជាយើងដែរ។ ហើយ​សេរី​បែប​ស្ដាំនិយម​ដូច​លោក​តា សឺន សាន គឺ​បាន​តែ​ ១០ កៅអីទេ។ អញ្ចឹងហើយរហូតដល់​អាណត្តិទី២ ហ្នឹង ពួកស្ដាំ​និយមបែបលោកតា សឺន សាន គឺរលាយ​ខ្សុលអស់​តែម្តង​។​ បានន័យថា ប្រជា​ជនកម្ពុជា អត់ត្រូវការ​អ្នកសេរី​អាឡិ​អាឡក់​អញ្ចឹង​ទេ សេរីអត់បែបបទ គឺយើងត្រូវការប្រជាធិប​តេយ្យពិតប្រាកដ ដើម្បីសណ្ដាប់ធ្នាប់ និង​​សុខដុមរមនានៃប្រជាជនកម្ពុជាទាំងមូល។ មិនមែន​ចង់បានស្ដាំនិយមដូចកា​ល​ពីណា​ពី​ណី​នោះ​ទេ​។​ យើងមើលប្រវត្តិកម្ពុជា នយោបាយ​ស្ដាំនិយមដូចជា​ពុំ​ទាន់ជាស៊ី​ចង្វាក់​ជាមួយ​វត្ថុ​បំណង​របស់​​ កម្ពុជា​ទេ។ ​កាលជំនាន់លោក លន់ នល់ ក្រុម​លោកតា សឺន សាន ហ្នឹង គឺបាន​រុញ​ច្រាន​ឲ្យ​ប្រទេសជាតិ​ជួបវិនាស​កម្ម​ទៅវិញទេ។​ ប៉ុន្ដែយើង​ឃើញលោក កឹម សុខា អស់​គណបក្ស​មួយ​ហើយ​ តែគាត់​ពូ​កែ​អួត។ គាត់អត់​ទទួល​ស្គាល់​ខ្លួនឯងចាញ់ទេ​ខ្លួនឯងចាញ់ហើយ ទៅអួតថា ខ្លួន​ឯង​ឈ្នះ​ អស់ត្រឹមតែ ៥៨ ទៅជាង ៦០ បានមកត្រឹម ៣ ក៏គាត់​ថា គាត់ឈ្នះដែរ​។ អញ្ចឹង​បានន័យថា​ ទាំងក្រុមលោក សម រង្ស៊ី ទាំង​ក្រុមលោក កឹម សុខា ជាក្រុម​អ្នកចាញ់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​ថា​ចាញ់ទេ នៅតែអួតថា​ឈ្នះ​​ដដែល​។ ​ត្រង់ហ្នឹងជាវិធីសាស្ដ្រ​មួយផងដែរ​ ប្រជា​ពលរដ្ឋ​ត្រូវ​គិត​ថា ហេតុអី​បានជា​គេ​ចាញ់​ ឬក៏គេល្អិតកាន់តែស្រែកកាន់តែ​ខ្លាំ​ង​​?​ បានន័យថា ជា​ចិត្តសាស្ដ្រ​នៃ​ការឆបោក​។ ខ្មែរ​យើង​ធ្លាប់​និយាយហើយ ខ្លួនកាន់តែល្អិត​ស្រែកកាន់តែឮ ហើយ កឹម សុខា មិនមែន​ស្រែក​កាន់​តែ​ឮ​ទេ ស្រែកផងលោតយកដៃបក់ទៀត ដើម្បីឲ្យគេ​មើលឃើញ ឮ​ទាំង​សម្លេង​។ អញ្ចឹង​កាន់តែ​ល្អិត​កាន់តែ​ខ្ទរ​ខ្លាំង ដូចយើងហៅថា​ក្អាត់​ក្នុង​ក្អមអញ្ចឹង។ ប៉ុន្ដែ​បងប្អូន​ពិចារណា​ ហេតុអី​បានជាគេខំធ្វើអញ្ចឹង? ​ត្រង់នេះ​សំខាន់ណាស់​​ រឿង​ឥរិយាបថ​របស់​ពួក​គាត់​ ត្រង់ហ្នឹង​ជា​វិធីសាស្ដ្រ​ ប៉ុន្ដែហេតុអីបានគាត់ធ្វើអញ្ចឹង? ពីព្រោះ​ជា​សម្រែក​បរាជ័យ​បាត់ទៅ​ហើយ​។​ មនុស្ស​យើង កាលណាយើងអត់ទទួលស្គាល់ចំណុចខ្សោយ​របស់​ខ្លួន ហើយខ្លួន​បរាជ័យ​ហើយ​ ហើយនៅតែស្រែកថា ឈ្នះៗ​ទៀត​ គណបក្សបែបហ្នឹង អ្នក​នយោបាយបែបហ្នឹង ឬ​ក៏​បន​នយោបាយ​បែបហ្នឹង គ្មានឱកាសនឹងរៀបចំខ្លួនទេ​។
 
ឧទាហរណ៍ ដូចកាលគណបក្សលោកតា សឺន សាន ចាញ់អត់បានមួយកៅអី នៅឆ្នាំ​១៩៩៨ មិនព្រមរៀបគណបក្សនេះទេ​ គឺ​សុខ​ចិត្ត​​រំលាយ​គណបក្សចោល។ ដល់លោក សម រង្ស៊ី អញ្ចឹងដែរ គណបក្សបានស្ទុះពី ១៥ ទៅ ២៤ មកទ្រឹង​នៅត្រឹម ២៦ មិនព្រមសិក្សាពី​កំហុស​​ និង​ចំណុច​​ខ្សោយ​គណបក្សខ្លួនទេ​ ហាក់ទៅជាទទួលស្គាល់ថា ខ្លួនអត់ទៅមុខ ហើយ​ទៅ​ចាប់​ដៃរក​​ជំនួយ​​​ជា​មួយ កឹម សុខា ដើម្បីជាការបង្ហាញ បញ្ឆោតប្រជាពលរដ្ឋទៅវិញ​។
 
-មតិ​លោក​ សត្យា រក្ស​
ត្រង់ចំណុចនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតផ្ដោតទៅលើបញ្ហាមួយ ដែល​ទាក់​ទង​ទៅ​នឹង​​​ មុនពេល​​ដែលគណបក្សប្រឆាំងទាំងពីរហ្នឹង ងាកមកចាប់ដៃគ្នា។ ប៉ុន្ដែ​សម្រាប់​អ្វីដែល​យើង​ប្រមើល​មើល​​ឃើញ​គឺ​ថា ពួកគេ​កំពុងតែប្រេះឆានឹងគ្នាហើយ ការចាប់ដៃហ្នឹង។​ និយាយ​ឲ្យ​ចំ​ មិនទាន់ទាំងហុចដៃ​ដល់​គ្នា​ផង ហើយឥឡូវកំពុងតែនាំគ្នាដកដៃចេញវិញ​ហើយ​។
 
រឿងដែលសំខាន់ ដែលខ្ញុំចង់ពន្យល់ និងបំភ្លឺជូនប្រជាពលរដ្ឋ គឺត្រង់ថា កាលនោះ គឺនរណាក៏ដឹងដែរថា កឹម​ សុខា នេះ គឺជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា​។ លោក សម រង្ស៊ី ក៏​ធ្លាប់មានប្រសាសន៍​ពីបញ្ហានេះ លោក គង់ គាំ ក៏ធ្លាប់ព​ន្យល់ប្រជាពលរដ្ឋ អ្នកគាំទ្រ​របស់​គាត់​​ពី​​បញ្ហា​ភាព​ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា​ នៃក្រុម កឹម សុខា ហ្នឹង។ ហើយ​សូម្បី​តែ​ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ផ្ទាល់ ក៏លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ បាន​លើក​ពី​មនុស្ស​ពិតទៅទៀត។ ដូចជាលោក កឹម សុខា នេះ គឺសម្ដេច​លោកបាន​​មាន​ប្រសាសន៍ថា​ គណបក្ស​ហ្នឹង គឺធ្លាប់សុំយោបល់លោក ហើយលោក​បាន​រៀបចំ​​ទាំងមនុស្ស​ឲ្យ​ចូល​រួម​ ធ្វើជាអនុប្រធាន​ផង គឺ​ឯកឧត្តម កែវ រ៉េមី ហើយ​និង​មាន​រឿងរ៉ាវ​ច្រើន​ទៀត រួមជាមួយ​នឹង​ភស្ដុតាង​ចុងក្រោយ​​ដែលបែក​ធ្លាយនូវ​ឯកសារ​សំងាត់ នៃកិច្ច​សន្ទនា​ហ្នឹង​ គឺកាន់តែច្បាស់។ ហើយ​គណបក្ស​ ​សម រង្ស៊ី គឺតែងតែលើកយកបញ្ហានេះ ដើម្បី​ពន្យល់​ជូន​ក្រុម​របស់​ខ្លួន អ្នកគាំទ្រ​របស់​ខ្លួន ហើយ​ទះដៃ​ហ៊ោ​ក្រេវៗតែម្ដង នូវ​អ្វីជាការ​ពន្យល់​ជុំវិញ​រឿងរ៉ាវ​របស់​ កឹម សុខា ហ្នឹង។
 
លោក​ សត្យា រក្ស​
សំណួរ​៖ ឥឡូវនេះ គឺគណបក្សទាំងពីរហ្នឹង ដូច​ជា​ទោរ​ទន់នឹងគ្នា​ ខ្ញុំបារម្ភ​ត្រង់​ចំណុច​ថា បើ​សិន​​​ជា​ គណបក្ស សម រង្ស៊ី នេះ ត្រូវបែកប្រេះឆាជាមួយ កឹម សុខា ឬក៏ថា ដឹកដៃគ្នា​ឆ្ពោះ​​ទៅ​​រក​ការ​បោះឆ្នោត ប៉ុន្ដែ​ទទួល​បាន​លទ្ធផល​មិនសម​តាម​អ្វីដែល​ខ្លួន​ស្រមើ​រ​ស្រមៃនោះ គឺ​បក្ស​ទាំងពីរ​នេះ​ អាចនឹងចោទថា កឹម សុខា នេះ គឺជាមនុស្សរបស់សម្ដេច ហ៊ុន សែន បញ្ជូន ឲ្យ​ទៅ​​បំបែក​គណបក្ស​ សម រង្ស៊ី។ អញ្ចឹងត្រង់ចំណុចនេះ ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយពន្យល់ ទៅ​ដល់​​គណបក្សសម រង្ស៊ី ​ផង និង​ទៅដល់អ្នកគាំទ្របក្ស សម រង្ស៊ី ​ផង ដើម្បី​ទុក​ជារបង​ការពារ​​ឲ្យ​​ហើយ​​?
 
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ​ត្រង់ចំណុចហ្នឹង បងប្អូនប្រជាពលរដ្ឋអាចមើលឃើញហើយ ហេតុអី​បាន​លោក សម រង្ស៊ី បំរុង​កន្លែងវិលត្រឡប់វិញ? បើត្រឹមតែរក្សាគណបក្ស សម រង្ស៊ី ដើម្បី​ទុកពេល​វេលា​​ឲ្យ​​ចប់​​អាណត្តិ​​ទាំងស្រុង​នៃសមាជិកព្រឹទ្ធសភា ក៏ដូច​ជា​សមាជិក​ក្រុម​ប្រឹក្សាខេត្ត ក្រុង រាជធានី រហូត​ទៅ​ដល់​​ស្រុក ខណ្ឌ ហើយនិងឃុំ សង្កាត់ នឹងវាអត់អីទេ វាដើម្បី​បំពេញ​លក្ខខណ្ឌ​នៃ​ច្បាប់ ត្រង់​ហ្នឹង​​យើង​ទទួលយកហើយ។ ប៉ុន្ដែវាចាំបាច់អីដែល លោក សម រង្ស៊ី ត្រូវរក្សា​បន្ទប់​ចាស់​​សម្រាប់​គាត់​​វិល​​មកវិញនេះ​។ នេះដែលជាចំណុចបង្ហាញឲ្យឃើញថា លោក សម រង្ស៊ី ក៏គិត​​ទុក​រួច​ស្រេច​ហើយ ថា ការរួមគ្នាហ្នឹង ក៏អាចនឹង​ប្រេះឆាវិញ​ក្នុងពេល​ណា​មួយ ដែល​មិន​អាច​​មាន​​សុដ្ឋិនិយម​ថា នឹង​ធ្វើដំណើរទៅជុំគ្នាបានទេ អញ្ចឹង​ហើយ​គាត់​បម្រុង​ទុក​។
 
ងាកមកលោក កឹម សុខា ក៏ដូចគ្នាដែរ កឹម សុខា ក៏បម្រុងទុកដែរ​ ប៉ុន្ដែមិនមែន​បម្រុង​ទុក​ដូច​លោក សម រង្ស៊ី ទេ បម្រុងទុកបែបផ្សេង គឺ​បម្រុងទុកបែបពេលវេលា បានសេចក្ដីថា លោក កឹម សុខា មិនទាន់ចាកចេញពីគណបក្ស​សិទ្ធិ​មនុស្ស​ទេ។ ដោយខ្លាចក្រែង​នៅពេល​ដែល​ចុងខែ​មេសា​ និងពាក់កណ្ដាលខែឧសភា​ ដែលជា​ពេល​វេលា​នៃការ​កំណត់​ការ​រៀបចំ​បញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​នោះ ទៅ គ.ជ.ប ​។​ ពេលហ្នឹង ទំនាស់រវាង​ កឹម សុខា និង សម រង្ស៊ី ក្នុង​​ការ​រៀប​​ផលប្រយោជន៍លំដាប់លេខល្អៗ វាទៅអត់រួច វាត្រូវ​ផ្ទុះ​អញ្ចឹង​គេមាន​កន្លែង​បម្រុង​ទុក។ ត្រង់​ហ្នឹង​មួយ​ ដែល​ជា​ទឡ្ហីករណ៍​ដែលបញ្ជាក់ថា ពួកគាត់​អត់​ទាន់​ជាក់លាក់​​ថា​​ទៅមុខរួចទេ។ ទីពីរ នយោបាយ​ឆបោកនេះ​ ឬក៏នយោបាយបោកប្រាស់នេះ បងប្អូន​​ប្រជាពលរដ្ឋ​អាចមើល​ឃើញ​ខ្លះៗ​ហើយ​។​ ពិតមែនគេ​ពូកែស្ពិនភ្នែក​តាមរូបភាព​នៃ​ឈ្មោះ​ពិរោះ ឬ​តាម​រូបភាព​នៃពាក្យ​រួបរួមគ្នា​ក្តី​ តែ​យើងមើលតែសាវតាគាត់​ឈ្លោះគ្នា​បាត់ទៅ​ហើយ​ វាពិបាក​នឹង​ជួ​ប​គ្នា​ណាស់។ ឥឡូវយើង​មិនចាំបាច់​និយាយ​សាវតាទេ គឺ​បងប្អូន​ប្រជា​ពល​​រដ្ឋ​​ធ្លាប់ដឹង​ហើយ​ យើងក៏បាន​បក​ស្រាយ​រួច​ហើយ​។​
 
ឥឡូវយើងមើលរូបភាពគណបក្សវិញម្តង​។​ សា្លកសញ្ញាគណបក្ស ហើយនិង​ការតាំង​រូបភាព​​គណបក្ស​​នៅតាម​​ដងវិថី។ បងប្អូនប្រជាពលរដ្ឋមើលទៅ សូម្បីគំនូរព្រះអាទិត្យរះហ្នឹង ក៏​​ខុស​គ្នា​ដែរ​។​ ​មានគំនូរមុននោះ គំនូរហ្នឹងប្រហែលគូរដោយខាងក្រុម កឹម សុខា ឬក៏​យ៉ាង​ណា ​យើង​​មិន​ដឹងទេ គឺព្រះអាទិត្យរះដូចត្រឡប់ធាតុ​។ តាមធម្មតាព្រះអាទិត្យគេរះពីខាងកើត​។​​ ព្រះ​អាទិត្យ​ដែល​រះ​ផុតមក គឺត្រូវក្រហមខាងលើ វាមិនអាចក្រហមខាងក្រោមទេ។ វាត្រូវ​ពពក​​ដែល​នៅ​ពី​លើ​ព្រះអាទិត្យហ្នឹង វាត្រូវក្រហម។​ បើថ្ងៃលិចហ្នឹងវាផ្សេង រះឡើង​វាត្រូវ​ក្រហម ឬក៏​មាន​ពន្លឺ​ចាំង​ពី​ព្រះអាទិត្យហ្នឹង វាត្រូវក្រហមព្រឿងៗអីខ្លាំងណាស់។ តែគំនូរ​គណបក្ស​គេ​ហ្នឹង បែរ​ទៅ​ជា​ក្រហម​នៅ​ខាង​ក្រោម ដូចពងទារផុសឡើង។​ ខាងក្រោម សាច់​ពណ៌​ក្រហម​របស់ពងទារ​សាច់​ពណ៌លឿង​ហ្នឹង។ ឥឡូវយើងផ្ទៀងមើលទៅ ហើយសូម្បី​តែផ្ទៃ​ក៏ពណ៌​ផ្សេង​ដែរ ហើយ​​ឥឡូវ​មាន​រូបផ្សេងទៀត រូបដែលគេទើបធ្វើថ្មីហ្នឹង ដែលជារូប​មាន​លោក​ កឹម សុខា និង លោក សម រង្ស៊ី ហើយ​ពេលហ្នឹង រូបដែល​មានពីរនាក់​ឈរនៅ​ក្នុងរូប​ហ្នឹង​ គឺ​ស្រាប់​​តែ​ព្រះអាទិត្យរះហ្នឹង ហាក់​ដូច​ជា​មាន​ផុស​មក​ មានលក្ខណៈខុស​ពីព្រះអាទិត្យ​រះ​កាល​ពី​មុន​នេះ។ អញ្ចឹងបានន័យថា វា​មិនទាន់​មាន​ការចុះសម្រុងគ្នានៅក្នុង​រូបភាពផង។ ត្រង់​ហ្នឹង ​បងប្អូនអាច​តាមមើលឃើញ​ហើយ យើង​បាន​ពិនិត្យមើល​ហើយ។ ហើយចំណុចអស់នេះ មិនមែន​មានន័យថា គេគូសច្រឡំ​ទេ ត្រង់ហ្នឹង​ហើយ​ភាពមិនឯកភាពគ្នា មិនបានចុះសម្រុងគ្នា ហើយ​ធ្វើអ្វីៗ​ដោយបង្ខំ​នោះ វាអាច​ប្រទាញ​ប្រទង់​​គ្នា​អញ្ចឹងឯង។
 
​របៀបគេបោកប្រាស់មួយទៀត ដូចដែលខ្ញុំចង់និយាយ គឺគេយកតួអង្គរូប​ កឹម សុខា និង សម រង្ស៊ី មកបង្ហាញ។ ប៉ុន្ដែបងប្អូនមើលទៅអ្នកទាំងពីរហ្នឹងមានសារធាតុធ្វើ​ការ​ជាមួយ​គ្នា​​ម្ដង​​ ហើយឬ​នៅ​?​ បើមានសារធាតុធ្លាប់ជេរគ្នាមានមែន តែអ្នកទាំងពីរហ្នឹងមាន​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​​ម្ដងហើយ​ឬ​នៅ​?​ កាលលោក សម រង្ស៊ី នៅ ហ៊្វុនស៊ីនប៉ិច កឹម សុខា នៅ​គណបក្ស​លោកតា​ សឺន សាន ពីរ​នាក់ហ្នឹង ក៏គ្មានសាវតានយោបាយជាមួយគ្នា ជាសហសេវឹក ឬក៏ជា​ដៃគូ​នយោបាយ ក៏​អត់​ទេ​។ រហូតដល់ កឹម សុខា ចូល ហ៊្វុនស៊ីនប៉ិច សម រង្ស៊ី បង្កើត​គណបក្ស​ផ្សេង​។ បើសិន​អ្នក​ទាំងពីរ​ហ្នឹង​​មានសាវតាដូចគ្នា ឬក៏ កឹម សុខា មានសារធាតុដូច សម រង្ស៊ី វាគួរ​ណាស់​នៅ​ពេល​ដែល​​គណបក្ស​​លោកតា សឺន សាន បានរលាយសូន្យសុង ក្លាយ​ជា​ផេះផង់​នោះ គួរណាស់​មិន​ចាំ​បាច់​គណបក្សលោកតា សឺន សាន ទៅចូល​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទេ វាគួរតែមកចូល​នឹង​គណបក្ស​​ សម រង្ស៊ី ។ ពីព្រោះ កឹម សុខា អួតថា គណបក្ស​​លោកតា សឺន សាន ឬក៏​ក្រុម​នយោបាយ​​របស់​​ពួក​គេវាសេរី ហើយលោក សម រង្ស៊ី ក៏ពួក​សេរីដែរ។ លោក សម រង្ស៊ី ក៏សាវតា​នយោបាយ​​របស់​​គាត់ ​ខាងស្ដាំនិយមដែរ គាត់មិនមែនជាអ្នករាជានិយមទេ ប៉ុន្ដែនេះ​ជាសិទ្ធិ​សេរីភាព​នយោបាយ​។ ប៉ុន្ដែ​បើសិនជា កឹម សុខា ជាអ្នកសេរីនិយម កឹម សុខា ត្រូវតែចូល សម រង្ស៊ី ពីឆ្នាំ​ ១៩៩៨ ដែល​ចាញ់ឆ្នោត មិនបាច់ទៅចូលហ៊្វុនស៊ីនប៉ិចទេ។
 
លោក សត្យា រក្ស​
សំណួរ​៖ ​លោកបណ្ឌិត​បានលើកឡើងអំពី​សាវតា ឬក៏យើងហៅថា ប្រវត្តិ​នយោបាយ​រវាង លោក សម រង្ស៊ី និង លោក កឹម សុខា ​ដែល​យើងឃើញថា សុទ្ធតែ​ជា​មនុស្ស​ដែល​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ដែលមានទស្សនៈនយោបាយផ្សេងគ្នា ហើយ​និយាយឲ្យចំទៅ គឺថាដូច​លេង​បិទ​ពួន​គ្នា​អញ្ចឹង​។ កឹម សុខា នៅជាមួយ លោកតា សឺន សាន រលាយ លោកតា សឺន សាន សូន្យ​សុង​ហើយ​ក៏​​រត់ទៅ​​ចូល​ ហ៊្វុនស៊ីនប៉ិច។ ហើយនៅពេលរត់ចូលហ៊្វុន​ស៊ីនប៉ិច គឺ សម រង្ស៊ី ចេញពី​ហ៊្វិនស៊ីនប៉ិច​ទៅ​ហើយ។ សម រង្ស៊ី កំពុងតែជេរ ហ៊្វុនស៊ីនប៉ិច ទៀត ថា បក្ខពួកនិយម គ្រួសារ​និយម​អី​ជាដើម។
 
អញ្ចឹងយើងឃើញថា វាជារឿងមួយដែលផ្ទុយគ្នាស្រឡះ​តែម្ដង។ ​ចំណុច​មួយ​ទៀត ដែល​ចូល​ក្នុង​ភាពផ្ទុយគ្នានោះដែរ គឺ​កាល​ពី កឹម សុខា នៅក្នុងបក្ស​សិទ្ធិ​មនុស្ស ហើយ​ដែល​មិន​ទាន់​​ត្រូវ​រ៉ូវ​គ្នា​​ហ្នឹង លោក សម រង្ស៊ី ធ្លាប់​ប្រមាថ​មាក់​ងាយ​នូវ​នយោបាយ​​សេដ្ឋកិច្ចរបស់ កឹម សុខា រឿងនាំ​ផ្កាស្នោ ផ្កាស្ដៅ ព្រលឹត ត្រកួន យកទៅលក់បរទេស។ កាល​នោះ​ក្រុម សម រង្ស៊ី ថា នយោបាយ កឹម សុខា នេះ គឺនយោបាយ ឆ្កួតជ្រូក ជាដើម ។ល។ នេះ​គឺ​ជាការប្រមាថ​ពី​គណបក្ស​ សម រង្ស៊ី ចំពោះនយោបាយផ្កាស្នោ ផ្កាស្ដៅ របស់លោក កឹម សុខា។
 
ឥឡូវនេះ យើងឃើញថា ដំណើរនៃការចេញទៅបោកប្រជារាស្ដ្រ តាមតំបន់​ផ្សេងៗ​ហ្នឹង​​ឃើញ​ថា គេដើរជាមួយគ្នា គឺក្រុមលោកម៉ីលោកថោងខាង សម រង្ស៊ី ដែលដឹកនាំដោយ កឹម សុខា នាំគ្នាចេញទៅបោកប្រាស់ប្រជាពលរដ្ឋរួមគ្នា។ ហើយ កឹម សុខា បាន​ប្រើប្រាស់​នយោបាយ​​ផ្កាស្នោ​ ផ្កាស្តៅ​ សារ​ជាថ្មី ដោយការបោកប្រាស់លើកនេះ ខ្ញុំឃើញថា មាន​ចរឹត​​ហាក់​បី​​ដូច​ជា​ព្រៃផ្សៃជាងមុនទៅទៀត​ ព្រៃផ្សៃខាងកុហក់ខាងភូត តែម្តង​។ គឺគាត់និយាយ​ពី​រឿង​តម្លៃ​ត្រប់​ សូម្បីតែត្រប់ស្រួយ ក៏ថាយកទៅលក់នៅស្រុកគេ បាន​រហូតទៅដល់​ជាង ២០ ដុល្លារ ក្នុង​មួយគីឡូក្រាម​ ម្ទេសជាង ២០ ដុល្លារ ក្នុងមួយគីឡូក្រាម ត្រយូងចេកជិត ១០ ដុល្លារ​ក្នុង​មួយ​ត្រយូង​ចេក​ ត្រកួនជាង ១០ដុល្លារ ក្នុងមួយគីឡូក្រាម ហើយ​គាត់​ពន្យុះ​ឲ្យ​អ្នក​ស្រុក​​យើង​​នៅ​​ខាង​ព្រែក​ឯក​នេះ ថា​ដាំឬមិន​ដាំ អីជាដើម ។ល។
 
អញ្ចឹងត្រង់នេះ វាគឺដល់​ដំណាក់កាលមួយដែលខ្ញុំគិតថា គណបក្សសម រង្ស៊ី ប្រហែល​ជា​ទើស​ទាល់​ជាមួយនឹងនយោបាយឡប់ឡែរបស់ កឹម សុខា ដែលមិនបាន​លើកអីពី​បញ្ហាធំដុំ​ជា​​គោល​នយោបាយជាតិ​​ ជាដំណោះស្រាយដើម្បីឲ្យប្រជាពលរដ្ឋមានបាននោះឡើយ​។ ហើយ​​របៀប​​ផ្កា​ស្នោ​ ផ្កាស្ដៅ នេះ គឺ​ធ្វើ​មាន ធ្វើ​បានតែជាសម្លេងទេ ត្រង់ហ្នឹងគេហៅថា ភូត​បាន​តែ​​ថា​ហ្នុង​ណា​​ តែការ​ពិតវាគ្មាន។ អញ្ចឹងខ្ញុំចង់​ឲ្យលោកបណ្ឌិត​ជួយពន្យល់​ត្រង់​ចំណុ​ច​នេះ​ ជូន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​​​ថា​បើសិនណាជា កឹម សុខា ពិត​ជាមានសុឆន្ទៈ​ល្អចំពោះ​ប្រជា​ពលរដ្ឋ​មែន ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​​មាន​ជីវភាពធូរធារ​ មានបានមែន តើ កឹម សុខា គួរធ្វើ​យ៉ាង​ម៉េច​​ជាមួយ​​នឹង​នយោ​បាយ​ផ្កាស្នោ ​ផ្កាស្ដៅ​របស់​គាត់ហ្នឹង លោក​​បណ្ឌិត?
 
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ៖ កឹម សុខា ធ្លាប់និយាយថា កាលពីមុន​នៅអាមេរិកហ្នឹង មេឃុំ​នៅអាមេរិក​គេជិះ​យន្ដហោះ​​ដើ​រ​​រកទីផ្សារ គឺ​ កឹម សុខា និយាយខ្លួនឯង។ ឥឡូវ កឹម សុខា ​បានមេឃុំ ១៨ ហើយ​​ម៉េច​មិនជិះយន្ដ​ហោះដើររកទីផ្សារ ឲ្យឃុំដែលខ្លួនឈ្នះឆ្នោតទៅ?​ ចាំបាច់ដល់​បោះឆ្នោត​​ជាតិ​ឈ្នះ​អី រកទីផ្សារ​ឲ្យ​ហើយទៅ។ តែគ្រាន់តែ​​យើងចាប់អារម្មណ៍ត្រង់អញ្ចេះ សូម​បងប្អូន​​ប្រជា​ពលរដ្ឋ​​​តាមដាន​​​ជា​មួយ​គ្នា តើបងប្អូន​ដែល​ឮ​​មន្ដ្រីរបស់គណបក្សសម រង្ស៊ី និយាយ​ផ្កាស្នោ ផ្កា​កំប្លោក​ទេ​ ចាប់តាំងពីគេរួមគ្នាជាសំបកនោះ។ គេទៅជាមួយ កឹ​ម សុខា ទៅធ្វើ​​នយោបាយ​អាវ៉ាសែ​ នៅតាមទីសាធារណៈក៏ពិតមែន ប៉ុន្ដែ​ចំណុច​រឿង​នយោបាយ​សេដ្ឋកិច្ច​ឡប់​ឡែ​របស់ កឹម​ សុខា មិនដែលឮចេញពី​បបូរមាត់របស់ក្រុម​ សម រង្ស៊ី ទេ។ វាគួរណាស់បើអ្នកហ្នឹង អ្នក​ទាំង​ពីរ​ហ្នឹង​រួម​គ្នាមែន​ បើ កឹម សុខា បន្ដនិយាយនយោបាយ​ស្លឹកចេក នយោបាយ​ត្រយូង​ចេក​អី​ទាំង​អស់​ហ្នឹង​ វាគួរតែក្រុមលោក សម រង្ស៊ី ត្រូវនិយាយដែរ​តែ​អត់ឮ​សោះ។ ហើយវាគួរ​តែខាង​ក្រុម​លោក សម រង្ស៊ី និយាយច្រើនជាង ព្រោះខាងក្រុម​លោក សម រង្ស៊ី ម្នាក់ៗគេថា ដោយសារ​លោក សម រង្ស៊ី ជាអ្នក​សេដ្ឋកិច្ច ហើយ កឹ​ម សុខា អ្នក​គីមីទេ គឺ​អ្នកជួយថែរស្លឹកចេកកុំឲ្យ​វា​ឆាប់​ខូច​ ដែលអ្នកសេដ្ឋកិច្ចវាគិតថា យកស្លឹកចេក​ហ្នឹង​ចំណេញ​ឬ​​អត់?​ ឥឡូវ​យើង​គណនា​ទាំងអស់​គ្នា​។​ ឥឡូវថា ត្រប់ស្រួយ លក់បាន ១០ ដុល្លារ ឥឡូវយើងឲ្យ ៣០ ដុល្លារទៀតចុះ មួយគីឡូ​ក្រាម​។​ តើនយោបាយសេដ្ឋកិច្ចរបស់ កឹ​ម សុខា អាចលក់ត្រប់ស្រួយ​ហ្នឹង ក្នុងមួយឆ្នាំបាន ១០ តោន ទេ? តើលក់បានទេ ១ម៉ឺន​គីឡូក្រាម​?​ បើ ១ម៉ឺនគីឡូក្រាម យើង​ឲ្យ​អំបាញ់មិញមួយគីឡូក្រាម ៣០ ដុល្លារ ១ម៉ឺនគីឡូក្រាម គុណ​នឹង​ ៣០ ទើបបាន​ ៣០ ម៉ឺន អត់​ទាន់បាន ១ លានដុល្លារទេ។ ហើយ ៣០ ម៉ឺន ហ្នឹង គិត​ថ្លៃ​ដើម​ថ្លៃអី​ទាំងអស់។​ ឥឡូវក្នុង ៣០ ដុល្លារ ថាចំណេញ​ឲ្យពាក់​កណ្ដាល​ទៀត​ទៅ​ចុះ​ ឲ្យចំណេញ​ដល់​ ២០ ដុល្លារទៀតចុះ វាមហា​ចំណេញចុះ រកស៊ីឲ្យតែចំណេញ ២០ ភាគរយ​គេ​អរទៅហើយ ឥឡូវ​ឲ្យ កឹម សុខា ចំណេញ ៥០ ភាគរយទៅចុះ។ បានន័យថា លក់ត្រប់​ស្រួយ​មួយគីឡូក្រាម បាន​៣០ ដុល្លារ ចំណេញ២០ ដុល្លារ​។ ហើយ ២០ ដុល្លារ មួយឆ្នាំ លក់​បាន​តែ​ ១០ តោន គឺ មួយម៉ឺន គីឡូក្រាម។ ដូច្នេះ​ ២០ គុណនឹងមួយម៉ឺន ទើប​បាន ២០ ម៉ឺនហ្នឹង ហើយ​សេដ្ឋកិច្ច​ជាតិ​ មិនមែនទៅយកប្រាក់ចំណេញហ្នឹងទេ គឺគិតទៅ​លើ​អត្រា​នៃប្រាក់​ចំណេញ​ទៅវិញ​ទេ​ ព្រោះ​បង់​ពន្ធ​គយបង់អី អញ្ចឹងប្រជាពលរដ្ឋ បានមួយចំណែក ក្រុមហ៊ុនឯកជន​ក៏ត្រូវ​បាន​មួយ​ចំណែក​ ហើយធ្លាក់​​មករដ្ឋ​បន្ដិចហ្នឹង។ រកចំណេញរស់ដែរឬអត់​ បើ​ធ្វើ​​អញ្ចឹង?​​ សេដ្ឋកិច្ចហ្នឹង គឺ​សេដ្ឋកិច្ច​នយោបាយបំផ្លាញជាតិ សុទ្ធសាធតែម្ដង។ ប៉ុន្ដែ ហេតុអីបានលោក សម រង្ស៊ី អត់ត?​ គឺ​ដូច​​លោក សត្យារក្ស បាននិយាយប្រហែលជាគាត់ទើសទាល់​ចង់​ថប់ដង្ហើមម្ដងៗ រឿង​កឹម សុខា ល្ងង់​ខាងសេដ្ឋកិច្ច ហើយធ្វើអាឡិអាឡក់អញ្ចឹង។ ប៉ុន្ដែ គេហៅកត្តាបរាជ័យ ចេះតែអត់​ធ្មត់​​ទៅ​ដើម្បី​យ៉ាង​ហោច​ណាស់ក៏ស្រោច​ស្រង់ខ្លួនឯងបាន។ មួយទៀត យើងគិតទៅឥឡូវថា អំបាញ់​មិញ ​ម្ទេស ឲ្យ ៣០ ទៀត តើ កឹម សុខា មួយឆ្នាំ ទូទាំងប្រទេសខ្មែរអាចនាំម្ទេសបាន ១០ តោនឬ​ទេ?​ តើអាចរកទីផ្សារនៅពិភពលោកត្រូវការ ១០ តោនម្ទេសទេ? បើស្រូវអីរាប់រយតោន ដល់​​លាន​តោន​ក៏បាន​ដែរ​ ហ្នឹងគឺផលិតកម្ម សេចក្ដី​ត្រូវ​ការ​វា​ខុស​គ្នា ប៉ុន្ដែម្ទេសហ្នឹង នរណា​ត្រូវ​ការ​ម្ទេស​​ដល់​រាប់​តោន។ តែបើយកម្ទេសស្រស់គឺខ្ទេចតែម្ដង អញ្ចឹង១០ តោន ១គីឡូក្រាម​ចំណេញ​ ២០ ដុល្លារ ប៉ុន្តែ​ជាក់ស្ដែងវាអត់ចំណេញដល់​អញ្ចឹងទេ។​
 
លោក​ សត្យា រក្ស
សំណួរ​៖ ​ ឧទាហរណ៍​ថា កឹម សុខា ធ្វើបានទៅចុះ​ ដោយគាត់ទិញ​ត្រកួន​ ១គីឡូក្រាម ជាង​១០ ដុល្លារ​ ម្ទេស ១គីឡូក្រាម ជាង​២០ ដុល្លារ ហើយ​លុយ​ខ្យល់​ដែលគាត់ថា​ជាងៗ​នោះ​ ទុកឲ្យគាត់ចំណេញទៅចុះ​ ហើយទិញពីប្រជាពលរដ្ឋ​គឺ​ត្រកួន​តែ១០ ដុល្លារ ឬ​ម្ទេស​តែ ២០ ដុល្លារ​បានហើយ​។ តាមពិត​ទៅគឺវាមិនអាចទៅរួច​ទេ​ តែយើងលើក​តាម​សម្តី​គាត់ភូត​ភរ​​​​​មក​បង្ហាញ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​​ ពីព្រោះ​សម្តីភូត​ភរ​នេះ​យើងមិនអាច​ទទួលយក​បាន​​​ ហើយ​ដែល​យើង​លើកយកមកជូនបងប្អូន​យើងដើម្បីពិចារណា​ទាំងអស់គ្នា​។​ ប្រសិនបើ​ករណី​​​របស់​គាត់​​នោះ​វា​អញ្ចឹង​មែន​​ តើ​​ប្រជាពលរដ្ឋ​ខ្មែរនៅក្នុងប្រទេស​ អាចមានលុយ​ឯណា​ដើម្បី​ទិញ​ទទួល​ទាន​ទៅ​ បើ​១គីឡូក្រាម​ជាង​១០ ដុល្លារ​ទៅហើយ​?​​ បើគិតពីប្រាក់ខែ​របស់ កឹម សុខា​ ដែល​សន្យា​​ថា​នឹង​ឡើង​ឲ្យ​១៥០ ដុល្លារវិញ​​ គឺយកទៅទិញ​ត្រកួន​មិនបា​ន​១៥គីឡូក្រាម​ផង​។​តើ​រឿងនេះ​វាពិត​ដូចការសន្យា​ របស់ កឹម សុខា​ ដែរឬទេ​?​សូមលោកបណ្ឌិត​ជួយពន្យល់​?​​​
 
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ប្រសិនបើលោក កឹម សុខា គាត់មើលឃើញ​ការចំណេញ​ពិតមែននោះ​ គឺគាត់ច្បាស់ជា​ឲ្យប្រពន្ធគាត់រកស៊ី​រឿងនេះ​ហើយ។​ការនាំ​ប្រជាពលរដ្ឋ​ ឲ្យរកស៊ី​បែបនេះ​គឺជា​ការ​បំផ្លាញ​សេដ្ឋកិច្ច​​​គ្រួសាររបស់ប្រជាពលរដ្ឋ​ យ៉ាងពិតប្រាកដ​ គឺមិនចាំបាច់និយាយ​ទៅដល់​សេដ្ឋ​កិច្ច​ជាតិ​នោះ​ទេ​​។ ឥឡូវនេះ​ ប្រសិន​បើគាត់​ធ្វើ​បានមែន​​គឺ​ប្រជាពលរដ្ឋ​មិនទាន់​យកលុយ​ពី​គាត់​ភ្លាម​ទេ ​ គឺ​យើងឲ្យគាត់ជំពាក់លុយ​១ខែ​មុន​ ហើយប្រជាពលរដ្ឋ​ប្រមូលផ្កាស្នោរ​ ស្លឹក​ចេក​ ឬត្រយូង​ចេក​ ត្រប់ ឬម្ទេស​ទៅលក់​ឲ្យ កឹម សុខា នៅភ្នំពេញ​នេះ​ ហើយ​ឲ្យ លោក កឹម សុខា ធ្វើកិច្ចសន្យា​នាំចេញទៅលក់​នៅក្រៅប្រទេស​ទៅ​ ហើយ​ពេលលក់​បាន​ត្រូវ​សង​លុយ​​​មក​​កសិករ​វិញ​​​​។ ពេលនោះ​ច្បាស់ជាសេដ្ឋកិច្ច​គ្រួសារ​របស់ កឹម សុខា រលាយជាមិនខាន​ គឺមិនបាច់និយាយ​ទៅ​ដល់​សេដ្ឋកិច្ច​ជាតិ​​ទេ​​។​
 
ទាក់ទងទៅនឹងរឿង​សន្យា​ខ្យល់​មួយទៀត​ គឺរឿង​ ៤ម៉ឺន​ យើង​ឃើញថា​ បើ កឹម សុខា ហ៊ានទិញ​ត្រកួន១គីឡូក្រាម​រហូត​ទៅដល់​​១០ ដុល្លារ​​ ទៅហើយ​ អញ្ចឹង​គឺរឿង​ ៤ម៉ឺន​ សម្រាប់​ចាស់ៗ​​នោះ​ គឺគាត់អាចចែកគ្រាប់ត្រកួន​តែមួយក្តាប់ទៅ​ គឺចាស់ៗអាចបានច្រើនជាង​១០ ដុល្លារ​ដែល កឹម សុខា សន្យា​ ចិញ្ចឹម​ទៅ​ទៀត​។
 
ដូច្នេះ នយោបាយភូត​សុទ្ធសាធ​​របស់ កឹម សុខា នេះ គឺជានយោបាយ​បំផ្លាញ​សេដ្ឋកិច្ច​​​គ្រួសារ​ និងបំផ្លាញសេដ្ឋកិច្ចជាតិ​ទាំងស្រុង​ ពីព្រោះគាត់​ធ្វើឲ្យប្រជាពលរដ្ឋ​មាន​អារម្មណ៍​​រំភើប​​ជ្រុល​​ហួស​ហេតុ​ ហួស​ពី​ការ​ពិត​​​​ ដោយ​ការកុហក់​របស់គាត់​។ នយោបាយ​បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ​​​ របស់ កឹម សុខា នេះគឺមិនចុះសម្រុង​គ្នា​ជាមួយនឹងក្រុម​លោក សម រង្ស៊ី រួចទៅហើយ​ ពីព្រោះ​គាត់ភូត​ខ្លាំងពេក​។​​ហើយ​បងប្អូន​ចាំ​តាមដានមើលទៅ​ ថាតើ​ក្រុម​លោក​ សម រង្ស៊ី មាន​និយាយ​​​ពី​​នយោបាយ​លក់​ផ្កាត្រកួន ផ្កាស្នោរ​ នេះដែរ​ឬទេ?​​​ គឺអត់​មាន​ទេ​។​​
 
លោក​ សត្យា រក្ស​
សំណួរ​៖ ត្រង់ចំណុចនេះ​ ចំពោះក្រុម​របស់ លោក សម រង្ស៊ី ដែលមានតួនាទី​តូច​តាច​នៅ​តាម​ខេត្ត​ ឬក៏​សកម្មជន​របស់ សម រង្ស៊ី​ នោះគឺកំពុងតែបាន​បន្លឺពាក្យ​ ដោយ​សង្ស័យថា​ តើ កឹម សុខា ដែលកំពុងតែនិយាយ​ពាក្យ​ទាក់ទងទៅនឹងកសិកម្ម នយោបាយសេដ្ឋកិច្ច​កសិកម្ម​របស់​​គាត់​នោះ​ គឺជាការមួយធ្វើឲ្យអាប់ឱន​ដល់គណបក្ស សម រង្ស៊ី ដែរ​។ ដូច្នេះ​ សកម្មជន​ទាំង​​នោះ​​កំពុង​តែ​​ឆ្ងល់​ថា​ ប្រហែលជា​ កឹម សុខា គឺជាមនុស្ស​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន​ ​ឲ្យទៅបំផ្លាញគណបក្ស សម រង្ស៊ី មែនដែរ​ឬទេ​​?​
 
លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ​ត្រង់នេះ​ ខ្ញុំឃើញ​មន្ត្រីគណបក្ស សម រង្ស៊ី​ ដែលទៅ​ចូល​រួម​ក្នុង​វេទិកា​​ អាវ៉ាសែ​ជាមួយ កឹម សុខា គឺហៅ កឹម សុខា ថាសុទ្ធតែលោកប្រធាន​ៗ​។ ការលើក​បែប​នេះ​​​គឺ​​​មាន​​​លក្ខណៈ​ដូចជាការបញ្ចើចបញ្ចើរ​ ពីព្រោះ​តាំងពីដើម​​ រហូតមក​ដល់​ពេល​នេះ​គឺពួក​គេ​​មិន​​ដែល​​ត្រូវ​គ្នា​​ទេ​។ ប៉ុន្តែ​នៅពេលដែលគេលើក​ បែបនេះ​គឺ កឹម សុខា ហាក់បីដូចជា​ជោរ​​​​តាម​​គេ​​ដែរ​​។ អញ្ចឹង​ យើងឃើញថា​ អ្នកទាំងពីរ​នេះ​គឺ​ សម រង្ស៊ី និង កឹម សុខា​ ​​​​​សុទ្ធ​​តែ​​សាក​​ចិត្តគ្នា​​​ទៅវិញ​ទៅ​មក​​។ ដូច្នេះ​ ខ្លឹមសារ​នយោបាយរបស់ក្រុមលោក សម រង្ស៊ី គឺ​សឹងតែ​គ្មាន​អ្វី​ដែល​អភិវឌ្ឍ​​ល្អ​​ជាង​ទេ​ រីឯខាង កឹម សុខា គឺគ្របដណ្តប់​ទៅដោយ​សម្តី​អួត​ក្អេងក្អាង​​​។ ដូច្នេះ​ ទាំង​ពីរនាក់​នោះកំពុងតែបាត់អត្តសញ្ញាណ​ហើយ​ ពិសេសគឺខាងក្រុមលោក សម រង្ស៊ី​ តែម្តង​។ ប៉ុន្តែ​ តាមពិតគឺពួកគេកំពុងតែបោកគ្នាទៅវិញទៅមក​។ សម រង្ស៊ី កំពុង​តែ​រុញ​​មន្ត្រី​​របស់​គាត់​ឲ្យ​បញ្ចើច​បញ្ចើរ កឹម សុខា​ ដើម្បីបន្លំប្រជាពលរដ្ឋថា ក្រុម សម រង្ស៊ី​ ពិត​ជា​ចង់​​រួបរួម​​ជាមួយ កឹម សុខា​ ពីព្រោះនៅពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​ គឺខាង កឹម សុខា បានចោទថា​គឺ​ខាង​ សម រង្ស៊ី ទេ​ដែលមិនព្រមរួបរួម​។ ប៉ុន្តែឥឡូវនេះ​ គឺខាង សម រង្ស៊ី​ ព្រម​រួបរួម​ហើយ​ និង​បាន​​ធ្វើ​ជា​ប្រធានបក្ស​ថ្មីជាផ្លូវការទៅហើយ​ ចំណែក កឹម សុខា គឺមិន​ទាន់​ចេញ​​ពី​បក្ស​​ចាស់​​របស់​​ខ្លួន​ទេ​​។​​ ម៉្យាង​ទៀត​​​ លោក សម រង្ស៊ី មិនដែល​និយាយអំពី​របៀប​រៀបចំ​គណបក្ស​​​ថ្មី​​​​នោះ​​ទេ​ ហើយ​​គ្រាន់តែបញ្ជាឲ្យមន្ត្រីរបស់ខ្លួន​ទៅតែជាមួយ កឹម សុខា បាន​ហើយ។ ចំណុចនេះ​ សូម​បង​ប្អូន​ពិចារណា​។ បើតាមការវិភាគរបស់ខ្ញុំ​ គឺមន្ត្រី​របស់ សម រង្ស៊ី កំពុង​​តែប្រើប្រាស់​ កឹម សុខា ដើម្បី​ទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី ត្រឡប់មកវិញ​​​​​​ ពីព្រោះ កឹម សុខា ពេលមុនបានទាញយកសកម្មជន​របស់គណបក្ស សម រង្ស៊ី​ អស់មួយចំនួន​។ ចំណុចនេះ កឹម សុខា​ មិនបាន​មើលឃើញ​ទេ​ ដោយសារតែក្រុមលោក​ សម រង្ស៊ី​ តែង​តែ​លើក កឹម សុខា ថា​​លោក​ប្រធាន​ៗ​​ ហើយពួកគេ​មិនបានលើកអំពី​នយោបាយ​ ផ្កាស្នោរ​ ផ្កាកំប្លោក​ ដូច កឹម សុខា ទេ​ គឺគេលើកតែ​ការទាញយក​ប្រជាប្រិយភាព​ពី​អតីត​សកម្មជន​របស់​ខ្លួន​​ដែល​​បាន​ បាត់បង់​ពីមុន​តែប៉ុណ្ណោះ​។​ រឿង​នេះខ្ញុំជឿថា​​ ​​នៅចុងខែ មេសា ឬដើមខែឧសភា​ ពេល​នោះ​រឿងរ៉ាវ​បែកបាក់វានឹងផ្ទុះឡើង​ ឬ​ដោយ​សារ​ភាព​មិន​ចុះសម្រុង​គ្នា​​មិន​អាច​ទៅ​រួច​ គឺ សម រង្ស៊ី នឹងប្រើឥទ្ធិពល​គណបក្សថ្មី ដើម្បី​គ្រប​ដណ្តប់​​ទៅ​លើ​​គណបក្ស​​ក្នុង​នាម​ខ្លួន​​ជា​ប្រធាន​។​ ទោះបីជាមានការឯកភាពគ្នា​ថា​ការ​សម្រេច​​​អ្វី​ៗ​ គឺត្រូវសម្រេចជាឯកច្ឆន្ទ​ក៏ដោយ​​​​ ក៏រឿង​នេះ​មិនអាចទៅរួចទេ​ ពីព្រោះ​គណបក្ស​ កឹម សុខា គឺជា​គណបក្ស​​តូច​តាច​​ប៉ុណ្ណោះ គឺ​បីអាសនៈ​ ទល់នឹង២៣​​​។​ អញ្ចឹង យើង​ឃើញ​ថា​លោក សម រង្ស៊ី គាត់​គ្មាន​​សង្ឃឹម​​ក្នុង​ការ​​ប្រមូល​​​យក​អ្នកបោះឆ្នោត​ពីគណបក្សប្រជាជន​ កម្ពុជា​​និង​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​​ ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ អាចយកសម្លេង​គាំទ្រ​ថែម​ទៅ​វិញ​ទេ​​ រីឯ​ គណបក្ស​ សម រង្ស៊ី គឺពិបាក​​ក្នុងការទប់​កុំ​ឲ្យ​អ្នក​ដែលធ្លាប់​​បោះឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី រត់ទៅបោះឆ្នោត​ឲ្យ​គណបក្សប្រជាជន ឬក៏​ងាក​បន្តិច​បន្តួច​​ទៅ​​បោះឆ្នោត​ឲ្យ​​គណបក្ស ហ៊្វុនស៊ីនប៉ិច​​​​​​​ ឬក៏​​ចំនួន​បន្តិចបន្តួច​មួយទៀត​ទៅបោះឲ្យ កឹម សុខា​។ ប៉ុន្តែ​ សម រង្ស៊ី មិនអាច​ទប់​ចរន្ត​នេះ​ទេ​ គឺ សម រង្ស៊ី ខ្លាចចរន្តទាំងអស់នេះ​រត់ទៅគាំទ្រ កឹម សុខា​ អញ្ចឹង​ហើយ​ទើប​ប្រើ​​វិធី​​រួបរួម​ហ្នឹង​​​ ដោយ​យ៉ាង​ហោច​ណាស់​​សង្ឃឹមថា​ខ្លួនអាចធានានូវ​ការគាំទ្រអប្បបរមា​ក្នុង​ការ​ រក្សា​​អាសនៈ ៤ ទៅ ១០ កៅអីតទៅទៀត​​។​ ចំណែក កឹម សុខា ដឹងថាខ្លួនទៅអត់រួច​ អញ្ចឹង​ហើយ​​ទើបខំប្រឹង​​ទាញ​សម្លេង​ឆ្នោត​ពី​ សម រង្ស៊ី​ ដូច​កាលពីការបោះឆ្នោត​ឃុំ សង្កាត់​ អញ្ចឹងដែរ​ ពីព្រោះ​​បើមិន​ទាញ​សម្លេង​​ពី​ សម រង្ស៊ី គឺ កឹម សុខា មិនដឹងទាញ​ពីណាទេ​។ ដូច្នេះ​ហើយ គឺ កឹម សុខា ត្រូវតែ​ធ្វើ​ដូច​ការ​ធ្លាប់​​ទាយ​ទុក​របស់​ខ្ញុំថា​ត្រូវ​តែទៅ​ចូលរួម​ ជាមួយ​​ លោក សម រង្ស៊ី ។ ប៉ុន្តែ​ នៅខណៈ​ចុង​ក្រោយ​​នៃ​ការធ្វើ​បញ្ជីបេក្ខជនឈរឈ្មោះ​ គឺជា​ពេល​ដែល​បញ្ជាក់​ថា​ តើនរណា​ចាញ់ នរណា​​ឈ្នះ​​ រវាង​ កឹម សុខា និង សម រង្ស៊ី​​ ជា​មិន​ខាន​ គឺនៅ​ថ្ងៃ​ចុងក្រោយ​នៃការសម្រេច​ដាក់បញ្ជីបេក្ខជន​ឈរឈ្មោះ​ទៅ គ ជ ប ​។​
 
លោក សត្យា រក្ស​
សំណួរ​៖ រឿង​រៀបលេខរៀងឈរឈ្មោះតាមលំដាប់​នេះ​ គឺនៅតាមខេត្ត​ខ្លះមានសញ្ញា​ធ្លាយ​ចេញ​ខ្លះ​ៗដែរ​ ឬប្រហែលជា កឹម សុខា ច្រឡំមាត់​ដោយសារគាត់មានកំហឹងក្នុងចិត្ត​ទប់​មិន​បាន​ក៏​​ធ្លាយ​មាត់​ចេញ​មក ​នូវសញ្ញាមិនល្អ​ ដោយទី១​គឺ​បញ្ហា​លេខរៀង​ គឺ​ កឹម សុខា បាន​លើក​ថា​​គណបក្ស​​សិទ្ធិមនុស្ស​​របស់គាត់​ដែល​មករួបរួមជាមួយគណបក្ស សម រង្ស៊ី មិនដែល​ចង់​បាន​លេខ​រៀង​ ឬក៏លេខល្អអីនោះទេ​ គឺគាត់ចង់តែមករួបរួម​ទេ​។ ប៉ុន្តែ​ ជាក់ស្តែង​ដែល​លោក​​បណ្ឌិត​​​ធ្លាប់​​ធ្វើការ​​ជាមួយ កឹម សុខា នៅក្នុងអង្គការសិទ្ធិមនុស្ស​ជាមួយ​គាត់កាល​ពីមុន​មក​នោះ តើ​​លោកបណ្ឌិតយល់ថា​ចរឹត​របស់ កឹម សុខា គឺជាមនុស្ស​ដែលគិត​ពីបញ្ហាជាតិ​ ជាង​បញ្ហា​​បុគ្គល​​អញ្ចឹង​មែន ឬ​យ៉ាង​ម៉េច?​​
 
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ កាលពីនៅជាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ​លោក កឹម សុខា គ្មាន​ខួរក្បាល​​ជា​មួយ​​នឹង​​​អង្គការ​​ក្រៅរដ្ឋាភិបាល​ទេ​​ គឺគាត់ធ្លាប់បានជជែកជាមួយខ្ញុំ​ថា​គាត់​យកមុខ​របរ​នយោបាយ​​ចិញ្ចឹម​ជីវិត​ និង​ប្រពន្ធ​កូន​​គាត់​​ហ្នឹងឯង​។​ នៅក្នុងគណបក្ស សម រង្ស៊ី ក៏មាន​ក្រុម​របស់​គាត់​​នៅ​ក្នុង​ហ្នឹង​​ដែរ​ អញ្ចឹង​គាត់​​មាន​ផ្លូវពីរ​ គឺទី១​ត្រូវ​​ជ្រៀត​ចូលទៅក្នុង​គណបក្ស សម រង្ស៊ី និងទី២​បើជ្រៀតចូលមិនបានគឺត្រូវបង្កើតគណបក្ស​ខ្លួន​ឯង​។ ដូច្នេះ ចុង​ក្រោយ​​ ​គាត់​ក៏​​បង្កើត​​​គណបក្ស​​​ខ្លួន​ឯង​​​។​ ប៉ុន្តែ​ កឹម សុខា មានមហិច្ឆតា​គ្រាន់តែ​ចង់ធ្វើត្រឹម​ជាតំណាងរាស្ត្រ​ប៉ុណ្ណោះ​​ គឺគ្រប់គ្រាន់ហើយ​ គឺមិនអាចទៅធ្វើអ្វីផ្សេងទៀតបានទេ​​ ពីព្រោះ​សមត្ថភាព​បាន​ត្រឹម​ប៉ុណ្ណឹង​​។ ហើយនៅអាណត្តិ​ក្រោយ​នេះ​គឺចង់បានធ្វើតំណាងរាស្ត្រ​ខ្លួនឯងផង និង​ប្រពន្ធ​ខ្លួន​ឯង​ផង​​ ដោយ​ធ្វើម៉េច​កុំឲ្យ​រំលង​អ្នកទាំងពីរ​នេះ​។ កាលពីអាណត្តិមុន គឺជាការសំណាងណាស់​ដែល​ជាប់​បាន៣កៅអី​ កាលពីឆ្នាំ​២០០៨​ មានដោយ កឹម សុខា មួយដែរ​។ ប្រសិន​បើជាប់​៣កៅអី​ដែរ​​ តែអត់មានជាប់ កឹម សុខា ប្រហែលជានយោបាយ​របស់គណ​បក្ស​ កឹម សុខា ត្រូវ​ស្លាប់​បាត់​ទៅ​ហើយ​​ ​។​ ឥឡូវនេះ​ គាត់មិនចង់​ដណ្តើមធ្វើបេក្ខជននាយករដ្ឋមន្ត្រីទេ​ ប៉ុន្តែ​ដើម្បីជាមុខមាត់​របស់គណបក្ស​គាត់​​ គឺចេះតែ​ឈរទៅ​ ដើម្បីកុំឲ្យគេថា​ខ្លួនអន់ ពីព្រោះ សម រង្ស៊ី នៅក្រៅ​​ហើយ​​។ គាត់ថែមទាំងបានដឹងថា ក្រុមរបស់លោក សម រង្ស៊ី មិនព្រម​ឲ្យគាត់​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជ​ន​​នាយក​រដ្ឋមន្ត្រី​ទេ​​ ចំណែក កឹម សុខា ដោយ​​សារ​ខ្លួន​ដណ្តើមមិនបាន​ក៏ត្រូវ​ធ្វើ​លក្ខខណ្ឌ​​ថ្នូរ​ ដោយឲ្យប្រពន្ធគាត់​បាន​ឈរលេខល្អ​​។​ រឿង​នេះ គឺវាមានតែប៉ុណ្ណឹង​ទេ​ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​​ចាំ​មើល​ទៅ​​។ នៅក្នុងគណបក្ស កឹម សុខា​ ពេលនេះគឺមាន​ទំនាស់ផ្ទៃក្នុង​រវាង​លោក កឹម សុខា និអគ្គលេខា​ធិការ​​ខ្លួន​ឯង​​ហើយ​ គឺទំ​នាស់ដោយសារ​ការ​លុកលុយ​ចូល​ក្នុង​នយោបាយ​របស់​ប្រពន្ធ កឹម សុខា​ ។​ ទំនាស់​នេះជា​ទំនាស់​ធ្ងន់ធ្ងរ​ គឺមិន​ដូចការ​លើក​របស់ កឹម សុខា ដែលថា​មិនគិត​អំពីលេខលំដាប់នោះ​ទេ​។ ឧទាហរណ៍​ ​នៅ​ខេត្ត​​ព្រៃវែង​ ប្រសិន​បើ​ប្រពន្ធ​ កឹម សុខា ទៅដណ្តើមឈរលេខរៀង​ល្អជាង​ អ្នក​នយោបាយ​ក្តាមគ្រោង​​មក​ពី​បារាំង​នោះ​ គឺប្រាកដជាផ្ទុះទំនាស់​ហើយ​។​ ឧទាហរណ៍មួយទៀត​ ប្រសិន​បើប្រពន្ធលោក កឹម សុខា ទៅ​ឈរ​លេខ​ល្អ​នៅ​​ខេត្តកណ្តាល​លើ​អ្នក​នយោបាយ ដែលមកពីអាមេរិកមួយពូជ​នោះ ក៏ប្រាកដ​​ជា​មាន​រឿង​ជា​មិនខាន​​​​​​​។​ ដូច្នេះ​ កឹម សុខា មិនអាចឲ្យប្រពន្ធរបស់ខ្លួន ទៅឈរ​ឈ្មោះ​នៅ​​កន្លែង​​ណា​ផ្សេង​បាន​ទេ​ក្រៅពី​កន្លែងទាំងបីនោះ​ ពីព្រោះ កឹម សុខា បានយក​ខេត្ត​កំពង់ចាម​ហើយ​​ អញ្ចឹង​​ប្រពន្ធ កឹម សុខា បើមិនយក​​ខេត្ត​កណ្តាល គឺ​ត្រូវយក​ខេត្តព្រៃវែង​។​ ប៉ុន្តែ​ បើ​ទាមទារ​ទៅឈរឈ្មោះនៅកន្លែងផ្សេងទៀត​នោះ សម រង្ស៊ី មិនឲ្យទេ​។ គេអាចឲ្យឈរ ប៉ុន្តែ​នៅលេខរៀង​ខាងក្រោមគេ​។ អញ្ចឹង សម រង្ស៊ី​ មិនអនុញ្ញាត្តិ​ឲ្យ​ខាង​ កឹម សុខា មាន​លទ្ធភាព​ ហើយ​ខាង សម រង្ស៊ី​ ខ្លួនឯង​អត់លទ្ធភាពបានទេ​។​​​ នេះគ្រាន់តែ​ជាការ​ប្រមើលមើល​ប៉ុណ្ណោះ​ ហើយ​រឿង​ពិត​យើងនឹងឃើញនៅដើមខែមេសា ជាមិនខាន​។​
 
ចំពោះ​ក្រដាស​លំដាប់​លេខរៀងបេក្ខជន​​ ដែល កឹម សុខា យកទៅលក់​ដើម្បី​ដូរ​ឡាន​នោះ​ គឺនៅជំពាក់​ការ​សន្យា​នៅឃុំ​ សង្កាត់​មិនទាន់​ដោះចេញនៅឡើយទេ​។​ ការដែល កឹម សុខា ទៅបារាំងលើកនេះ​ លោក សម រង្ស៊ី លែងល្ងង់​ទៀត​ហើយ​ ដោយ​មិនឲ្យ កឹម សុខា យកឈ្មោះ​ការចូលរួមជាមួយ សម រង្ស៊ី ដើម្បី​ទៅប្រមូល​លុយ​មន្ត្រី​ សម រង្ស៊ី នៅក្រៅប្រទេស​​ ដើម្បី​​យក​មកដោះ​ពាក្យ​សន្យា របស់ កឹម សុខា កាលពីបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ២០១២​ នោះ​ទៀត​ទេ​។​ ដូច្នេះ​ហើយ​ ក្រោយ​ពី កឹម សុខា ត្រឡប់មកពីបារាំង​​វិញគឺនៅសល់លុយ​តែ​៨០០ អឺរ៉ូ ប៉ុណ្ណោះ​​​។​ ឥឡូវនេះ​ ឮថា​កំពុងចង់ទៅអាមេរិក​ដើម្បី​រក​លុយ​ទៀត​ហើយ​។​ អញ្ចឹង​ហើយ កឹម សុខា នៅជំពាក់​ការសន្យា​កាលពីឆ្នាំ​២០១២ ហើយនៅឆ្នាំ២០១៣នេះ​ សម រង្ស៊ី កំពុង​គៀប​ កឹម​ សុខា មិនឲ្យ​រើខ្លួនរួចឡើយ​។​
 
សរុបមក​ កម្មវិធី​របស់យើង​ តែង​តែលើកយក​នូវ​ខ្លឹមសារ​ខុសឆ្គង​មួយចំនួន​ដែល​គណបក្ស​​​​ប្រឆាំង​​​កំពុង​ ​តែ​​សាបព្រោះ​​ទាំង​ងងឹត​ងងល់ដល់​ប្រជាពលរដ្ឋ​​​​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ទង្វើ​​​ខុសឆ្គង​​ទាំងនោះ​ ដើម្បី​ឲ្យអ្នក​នយោបាយ​ប្រឆាំង​ត្រូវកែ​ខ្លួន​ធ្វើ​នយោបាយ​ឲ្យមាន​ប្រយោជន៍​ ​​ សម្រាប់​​​សង្គម​ ហើយ​បើ​ធ្វើនយោបាយ​ចាញ់​ត្រូវ​ចាញ់​ក្នុងសេចក្តីថ្លៃថ្នូរ​ បើឈ្នះ​ត្រូវ​ឈ្នះ​​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ ដើម្បីជាប្រយោជន៍ ជាតិ​ សាសនា ព្រះមហាក្សត្រ​ ដែលយើង​កំពុង​ដង្ហែរ​តាម​​ ហើយ​យើង​ទាំងអស់គ្នា​ក៏កំពុងតែអបអរ​សាទរ​នឹងសមិទ្ធផលជាតិ​ ដែល​កំពុង​តែរីក​ដុះដាល​​ ក្រោម​​ការ​ដឹក​នាំ​​របស់​​រាជរដ្ឋា​ភិបាល​​បច្ចុប្បន្ន​​៕​​​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី