Tuesday, March 5, 2013

សម្តេច​​តេជោ​​រិះ​គន់​​ពួក ​NATO ​នៅ​​កម្ពុជា​​ដែល​​បាន​​តែថា​​តែ​អត់​​ធ្វើ




នៅ​ក្នុងឱកាស​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​គ្រូបង្រៀន​កម្រិត​ឧត្តម (បរិ​ញ្ញា+១) ជំនាន់​ទី១៧ និង​គ្រូបង្រៀន កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង-ខ្មែរ ​ជំនាន់​ទី៤ ដល់​គរុ​និស្សិត និង​គរុ​សិស្ស​នៃ​វិទ្យា​ជាតិ​អប់រំ ក្នុង​រាជ​ធានីភ្នំពេញ នា​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ​២០១៣ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​រំលឹក​ឡើង​វិញ​នូវ​ពាក្យ NATO ដែល​សម្តេចចង់​គូស​បញ្ជាក់​ថា NATO នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ក្រុម​បានតែ​និយាយ​ តែអត់​ធ្វើ «No Action Talk Only» ​មិន​មែន​សម្តៅ​ទៅ​រក​ខ្លឹម​សារ​ពិត​នៃ​អង្គការ​សន្ធិ​សញ្ញា​អាត្ល​ង់​ទិ​ក​ខាងជើង  (North Atlan Tic Treaty Organizaion) នោះ​ទេ។ ​

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ពន្យល់​ថា ការ​ធ្វើដំណើរ​រាប់​ពាន់​រាប់​ម៉ឺន​គីឡូ​ម៉ែត្រ ​ត្រូវ​ចាប់​មួយ​ជំហាន​ម្តងៗ មិន​អាច​ហោះហើរ​ទៅ​បាន​ទេ។ សម្តេច​តេ​ជោ​មានប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​គិត​ថា វា​មិន​សម​ហេតុ​សម​ផល​ធ្វើជា​មនុស្ស​ទេ បើ​គ្រាន់តែ​ខ្លួន​ថា កើត​ពី​កន្លែង​ណា ចេញពី​កន្លែង​ណា ក៏​ខ្លួន​មិន​ហ៊ាន​ទាំង​ទទួល​ស្គាល់​ផង។ តើ​គុណធម៌​នេះ វា​​ជា​គុណ​ធម៌​របស់​មនុស្ស ឬក៏​ជា​គុណធម៌​របស់​តិរច្ឆាន? ព្រោះ​តិរច្ឆាន​វា​អត់​ស្គាល់​ម៉ែ ស្គាល់​ឪ​របស់​​វា​ទេ ទោះ​ជា​ម៉ែឪ​របស់​វា ​កូន​របស់​វា​ក៏​វា​ពាក់​ដែរ។ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាស​ន៍​សង្កត់​ធ្ងន់​ថា សម្រាប់​យើង​ជា​មនុស្ស យើង​មិនបាន​ថា​គេ​ជា​តិរច្ឆាន​ទេ ប៉ុន្តែ​ជា​ធាតុ ហើយ​ជា​ការ​ពិត​យើង​បាន​កើត​ចេញ​មកពី​ឪពុក​ម្តាយ​របស់​យើង ហើយ​ឪពុកម្តាយ​របស់​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​កាលពី​ដំណាក់​កាល​ចាប់​ផ្តើម​ដើមដំបូង តើ​ជីដូន​ជីតា​របស់​យើង​ឆ្លង​កាត់​របៀប​ណា?។ «សង្គ្រាម គ្រាប់បែក របប​ប្រល័យពូជសាសន៍» បាន​ធ្វើ​ឲ្យ​ប្រទេ​ស​ជាតិ​រលំ​រលាយ វា​ជា​រឿង​ដែល​អកុសល​ណាស់ ហើយ​គ្មាន​ប្រទេស​ណា​នៅ​លើ​ពិភ​ព​លោក​ ដែល​មាន​ទីក្រុង​ហើយ​គ្មាន​មនុស្ស​នៅ​នោះ​ទេ ហើយក៏​គ្មាន​ប្រទេស​ណា ដែល​នៅ​ចុង​សតវត្ស​ទី​២០ បែរ​ជា​ប្រទេស​មួយ​គ្មាន​ចាយវាយ​ប្រាក់ គ្មាន​សាលារៀន គ្មាន​អ្វីៗ​ទាំងអស់។ យើង​ចាប់​ផ្តើម​ពី​បាតដៃ​ទទេ ហើយ​បាតដៃ​ដែល​របួស​ទៀត​ផង។

គួរ​រំលឹកថា កាលពី​ថ្ងៃទី៣ ខែ​មីនា ឆ្នាំ២០១៣ ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី១៥ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​ធ្វើការរិះ​គន់​ទៅដល់​ក្រុម​បាន​ត្រឹមតែ​និយាយ តែ​មិន​ធ្វើ (NATO: No Action Talk Only) ដែល​បាន​បំភ្លេច​ចោល​​នូវ​អតីត​កាល​ដ៏​ជូរចត់​ក្នុង​ការ​ឆ្លង​កាត់​របប​ប្រល័យពូជ សាសន៍ ហើយ​បាន​យក​ប្រទេស​កម្ពុជា​ ទៅ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​មិន​ធ្លាប់​បាន​ឆ្លង​កាត់​អតីត​កាល​ដូច​កម្ពុជា។
 
សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា សម្តេច​មិនមែន​ដៀមដាម​ឲ្យ​នរណា​ម្នាក់​នោះ​ទេ តែ​វា​ហួសហេតុ​ពេក ហើយ​ចំពោះ​បញ្ហា​ខ្មែរ​ក្រហម​​វិញ ​គឺ​ឥឡូវនេះ​ទើប​ពួកគេ​នាំ​គ្នា​កាត់​ទោស ប៉ុល ពត ប៉ុន្តែ​កាលពី​អតីត​កាល​គេ​យក ប៉ុល ពត ទៅ​អង្គុយ​នៅ​អង្គការសហ​ប្រជា​ជាតិ វា​អយុត្តិធម៌​នៅ​កន្លែង​ហ្នឹង។ យើង​មិន​ថា​អី​ឲ្យ​គេ​ទេ ប៉ុន្តែ​គ្រាន់តែ​ពេលខ្លះ យើង​ដូចជា​ចង់​អស់​សំណើច​ដែរ។ ​សម្តេច​តេជោ​មាន​ប្រសាសន៍​ថា  "ថ្ងៃមុន ​គាំទ្រ ប៉ុល ពត ឲ្យ​អង្គុយ​នៅ​អង្គការ​សហ​ប្រជាជាតិ ថ្ងៃនេះ​ទាមទារ​កាត់​ទោស ប៉ុល ពត លើស​យើង​ទៅទៀត។ សម្តេច​តេ​ជោ​បញ្ជាក់​ថា យើង​កាត់​ទោស​កាល​ពីឆ្នាំ១៩៧៩ គេ​អត់​ទទួល​ស្គាល់​ថា​ការ​កាត់​ទោស​នោះ​ត្រឹម​ត្រូវ​ទេ ឥឡូវ​នេះ​កាត់​ទៅ កំពុង​តែ​កាត់ទោស​ស្រាប់​ហើយ​តើ"។

សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ថា បើ​ខ្លួន​មិន​ទទួលស្គាល់​ទៅដល់​ប្រភព​ដើម​របស់​ខ្លួន​ផង តើ​ខ្លួន​ទៅ​ធ្វើ​អ្វី​កើត​ទៀត ហើយ​គុណធម៌​របៀប​ហ្នឹង​តើ​វា​ជា​ប្រភេទ​តិរច្ឆាន ​ឬក៏​ជា​មនុស្ស?​។ “ខ្ញុំ​និយាយ​នេះ អត់​ហួសហេតុ​ទេ ព្រោះ​ខ្ញុំ​គ្រាន់តែ​សុំ​សិទ្ធិ​បកស្រាយ​បំភ្លឺ​អំពី​ចរិត​មនុស្ស តើ​ធាតុ​ជា​មនុស្ស​ ឬ​ធាតុ​ជា​តិរច្ឆាន? បើ​វា​អត់​ស្គាល់​ប្រភព​ដើម​ផង​នោះ”។ សម្តេច​តេជោ​បាន​លើក​ជា​សំណួរ​ថា ហ្នឹងហើយ​ជា​របប​ផ្តាច់​ការ នៅ​ពេល​ដែល​អ្នកឯង​កំពុងតែ​ទិតៀន​ខ្ញុំ? នោះ​ហើយ​បង្ហាញ​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅពេល​ដែល​គេ​ជេរ​ថា របប​ផ្តាច់ការ ប៉ុន្តែ​ពាក្យ​ដែល​គេ​ប្រើ​ថា​ផ្តាច់ការ ​គឺ​មាន​ន័យ​ស្មើ​ថា មាន​សិទ្ធិ​បញ្ចេញ​មតិ។ សម្តេច​តេជោ​មាន​ប្រ​សា​សន៍បញ្ជាក់​ថា ក្នុង​ភាពជា​មនុស្សដែល​មិន​មែន​ជា​តិរច្ឆាន​គួរតែ​ត្រូវ​ដឹង​ថា ខ្លួន​ចេញ​ដំណើរ​​ពី​កន្លែង​ណា ហើយ​ដើរ​តាម​ផ្លូវ​ណា​ហ្នឹង​មាន​គោលដៅ​ទៅ​ណា​ឲ្យ​ច្បាស់ បើ​ខ្លួន​បដិ​សេធ​ចោល សូម្បីតែ​ការ​ចេញ​ដំណើរ​ហើយ​ គឺមិនធម្មតា​ហើយ។

សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ ខាង​មុខនេះ។ ទាក់​ទង​នឹង​បញ្ហា​នេះ ​សម្តេច​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​កម្ពុជា​មិន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០១៥ ឬ​ឆ្នាំ​២០១៧ ឲ្យ​ហើយ​ទៅ?។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​មាន​ប្រសាស​ន៍​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ទុន​វិនិយោគ ដើម្បី​បម្រើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​មុន​សិន ​ដូចជា​ការ​ធ្វើ​ផ្លូវ ស្ពាន សាលារៀន ប្រឡាយ​ទឹក និង​មន្ទីរពេទ្យ​ជាដើម ហើយ​បញ្ហា​នេះ​សម្តេច​ក៏បាន​ពន្យល់​ទៅ​ថ្នាក់ដឹកនាំ​នៃ​ប្រទេសជាសមា​ជិក​អាស៊ាន​ផង​ដែរ។​ សម្តេច​តេជោ​បាន​បញ្ជាក់​ថា ប្រទេស​ឡាវ​បានធ្វើជា​ម្ចាស់​ផ្ទះកី​ឡា​ស៊ីហ្គេម​រួចហើយ ចំណែក​ឯប្រទេស​ភូមា​ឆ្នាំ​នេះក៏បានធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ផង​ដែរ ប៉ុន្តែកម្ពុជា​មាន​តម្រូវ​ការត្រូវ​ធ្វើអ្វីៗ​ផ្សេង​ទៀត។ សម្តេច​តេជោ​បានពន្យល់​ថា សម្រាប់កន្លែង​ប្រកួត​មិនមែន​ជា​បញ្ហា​ធំនោះ​ឡើយ ប៉ុន្តែការ​ស្នាក់​នៅ​របស់​កីឡាករ​ដែល​មាន​ចំនួន​ប្រមាណ ៦ពាន់​នាក់ គឺជាបញ្ហា​ធំ។ សម្តេច​តេជោ​បាន​បញ្ជាក់​ថា ប្រទេស​ឡាវ គេបាន​ចំណាយ​ថវិកាចន្លោះពី ២០០-៣០០លាន​ដុល្លារ ក្នុងការរៀប​​ចំការ​ប្រកួត​កីឡាស៊ី​ហ្គេម​នេះ។

ទាក់​ទងនឹង​តួនាទី​ដឹក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០២៣ ដែល​ត្រូវ​រៀបចំការ​ប្រកួត​កីឡា​ស៊ីហ្គេម ខាងមុខ​នោះ សម្តេចតេ​ជោ​នាយ​ក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ​នៅ​ពេល​នោះ​ សម្ដេច​មាន​អាយុ ៧១ឆ្នាំ ហើយ​នឹង​មាន​នាយករដ្ឋ​មន្ត្រី​ថ្មី ប៉ុន្តែ​សម្រាប់​ខ្ញុំ​គ្រាន់​តែ​អាច​តែ​ប៉ុណ្ណោះ។ មាន​មនុស្ស​មួយ​ចំនួន​គេ​និយាយ​ថា ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​យូរ​ណាស់​ហើយ។ “រឿង​យូរ ​ឬ​ឆាប់​វា​អត់​សម្រេច​​លើ​ខ្ញុំ​ទេ យូរ​ ឬ​ឆាប់​លើ​ប្រជា​ជន​បោះឆ្នោត​ទេ ហេតុ​ដូច​ម្តេច​ក៏​ចាប់​បង្ខំ”។ បើអស់លោក​ឈ្នះ ​ខ្ញុំ​នឹង​ទៅ​ផ្ទេរតំណែង​នៅ​វិមាន​សន្តិភាព។ សម្តេច​​តេ​ជោ​មាន​ប្រសាស​ន៍​ថា ម្ខាង​ចង់ពង្រឹង​នីតិរដ្ឋ ប្រជាធិប​តេយ្យ​ត្រូវតែ​អម​ដោយ​នីតិរដ្ឋ បើ​ប្រជាធិបតេយ្យ​មិន​អម​ដោយ​ច្បាប់ ​គឺ​អានា​ធិបតេយ្យ​ហើយ ដល់​អានាធិប​តេយ្យ អ្នក​ដែល​គ្រោះថ្នាក់​គឺ​ប្រជា​ជន៕

សូម​បញ្ជាក់​ថា នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​នា​ព្រឹក​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ​២០១៣ មាន​ប្រាព្ធ​ពិធី​ប្រគល់​សញ្ញា​បត្រគ្រូ​បង្រៀន​កម្រិតឧត្តម (បរិញ្ញា​បត្រ​បូក១ ជំនាន់ទី១៧) និង​គ្រូបង្រៀន កម្រិត​​មូល​ដ្ឋាន​ឯកទេស​ភាសា​បារាំង-ខ្មែរ ​ជំនាន់ទី៤ ដល់​គរុ​និស្សិត និង​គរុ​សិស្ស​នៃ​វិទ្យា​ជាតិ​អប់រំ​សរុ​ប​ចំនួន​ ១០៥៣​នាក់ ក្នុង​នោះ​មាន​ស្រីចំនួន ៣០៩​នាក់៕