Thursday, March 14, 2013

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន និង​​លោក​ជំទាវ ឧបត្ថម្ភ​​ថវិកា​​ចំនួន ៤០លាន​​រៀល​​ដើម្បី​​ពង្រីក​​និង​​ពង្រឹង​​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​​មណ្ឌល​​គីរី

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០១៣ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤០លាន​រៀល ដែល​ជា​ថវិកា​ផ្ទាល់ខ្លួន​ និង​សប្បុរសជន ជូនកាយ​រឹទ្ធិជាតិកម្ពុជា​ខេត្ត​មណ្ឌល​គីរី និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែន​ដី ជួយ​សម្រួល​ដល់​កាយ​រឹទ្ធិជាតិ​កម្ពុជា​ខេត្ត​មណ្ឌល​គីរី ក្នុង​ការ​រៀបចំ​ទីតាំង​បោះ​ជំរុំ ដើម្បី​ទុក​ជាកន្លែង​ជួប​ជុំកាយ​រឹទ្ធិ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​សម្រាប់​ជា​គោ​ល​ដៅ​ទេសចរ​ណ៍​ក្នុង​ទឹក​ដី​ខេត្ត​ខ្ពង់​រាបដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​មានទេសភាព​ដ៏ត្រ​កា​ល​​នេះ​ផង​ដែរ។

នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីក្នុងពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែងដល់​នវកាយរឹទ្ធ​ជាតិ​​​កម្ពុជាខេត្ត​មណ្ឌល​គីរី​ចំនួន​ ២៩៧៩៤នាក់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​​ប្រសាសន៍​ឲ្យ​ដឹង​ថា កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​​បាន​បង្កើត​ឡើង​តាំង​ពី​ទស្សវត្សរ៍​ទី​២០ មក​ម្ល៉េះ តែ​​ទើប​ត្រូវ​បាន​អង្គការ​កាយ​រឹទ្ធិ​តំបន់ និង​ពិភពលោក​ទទួលស្គាល់​​ជា​សមាជិក​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ក្រោយពី​កាយ​រឹទ្ធិ​​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​នាឆ្នាំ​២០០៦។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​សម្តេច​អគ្គ​មហា​សេ​នា​​​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជា​គរុគុណនៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា ដែល​បាន​​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច​ដល់​ដំណើរការ​កាយ​​​រឹទ្ធិ​ជាតិ​កម្ពុជា ឲ្យ​ពង្រឹង​បាន​នូវ​តួនាទី និង​គម្រូ​ល្អ​របស់​ខ្លួន​នៅ​ក្នុង​សង្គម​សម្តៅ​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​នូវ​ឥរិយាបថ​របស់​យុវជន​ ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជ​មាន និង​ភាព​ជឿន​លឿន​ប្រកប​ដោយ​​សេចក្តី​ក្លាហាន និង​ផ្សារ​ភ្ជាប់​ខ្លួន​ទៅនឹង​ភារកិច្ច​ចំពោះ​ប្រទេស​ជាតិ​ និង​ព្រះ​ពុទ្ធ​សា​ស​នា​ ចេះ​អប់រំ​កសាង​ខ្លួន​ឯង​ឲ្យ​មាន​សុខ​ភាព​ល្អ កម្លាំងកាយ​មាំមួន ប្រាជ្ញាឈ្លាសវៃ ប្រកប​​ដោ​យ​​​ការ​ភ្ញាក់​រលឹក និង​មាន​សីលធម៌ល្អ ចេះ​គោរ​ព និង​ជួយ​ដល់​អ្នក​ដទៃ​។ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​ដាក់​ចេញ​នូវ​អនុសាសន៍ចំនួន​ ៧​ចំណុច ដើម្បី​ពង្រីក និង​ពង្រឹង​សកម្ម​ភាព​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​មណ្ឌល​គីរី ដែល​ជាអាទិ៍ឲ្យ​រៀប​ចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ផែន​ការ​​សកម្ម​ភាព រៀបចំ​វគ្គ​បណ្តុះ​បណ្តាល ជម្រុញ​ការ​ធ្វើ​តេស្ត​តម្លើង​ឋានន្តរស័ក្តិ​ដល់​សមា​ជិក​កាយ​រឹទ្ធិ រៀប​ចំ​ទីស្នាក់​ការ និង​ទីតាំង​សម្រាប់​បោះ​ជំរុំ​ជា​ដើម។

ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​ និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​មាតា​បិតា អាណាព្យាបាល លោក​គ្រូ​អ្នក​គ្រូ នៅ​ទូទាំង​ខេត្ត​មណ្ឌលគីរី ដែល​បាន​ជម្រុញ និង​លើក​ទឹក​ចិត្ត​ក្មួយៗ​ជា​សិស្សា​នុសិស្ស ឲ្យ​មក​ទទួល​ការ​បណ្តុះ​បណ្តាល​ និង​ចូល​ជា​សមាជិក​ជាតិ​កាយ​រឹទ្ធិ​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ក៏​បាន​អំពាវនាវ​ដល់​សប្បុរស​ជន និង​អាជ្ញាធរ​ដែន​ដី​ខេត្ត​មណ្ឌល​គីរី​សុំ​ឲ្យ​ជួយ​ពង្រឹង​ និង​ពង្រីក​ចលនា​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ឲ្យ​មាន​ចលនា​រីក​ចម្រើន​ខ្លាំងក្លា ដើម្បី​ផ្សារ​ភ្ជាប់​ខ្លួន​ទៅនឹង​ចលនា​កាយ​រឹទ្ធិ​ពិភពលោក​។

លោក​ ស្វាយ សំអ៊ាង អភិបាល​រង​នៃ​គណៈអភិបាល​ខេត្តមណ្ឌលគីរី និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សាកាយរឹទ្ធិ​ជាតិកម្ពុជាខេត្ត​មណ្ឌល​គីរី​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្តមណ្ឌលគីរី​បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០០២ ដែលមាន​សមាជិកតែ ៥៦​អ្នក (ស្ត្រី​ ២២នាក់) ប៉ុណ្ណោះ។ លុះ​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ២០០៣ សមាគមកាយ​រឹទ្ធិ​​កម្ពុជា​ខេត្ត​មណ្ឌល​គីរី​ ត្រូវ​បាន​បង្កើនមាន​សមាជិក​ ១០០នាក់ (ស្ត្រី ៣៧នាក់)។ ឆ្នាំ​២០១៣ នេះ កាយ​​​រឹទ្ធិ​ជាតិកម្ពុជា​ខេត្ត​មណ្ឌលគីរី មាន​សមាជិក​កើន​ដល់ ២៧៩៤នាក់ (ស្ត្រី ១២៦៣នាក់)។

សមាជិក​កាយ​រឹទ្ធិ​ជាតិកម្ពុជា​ខេត្ត​មណ្ឌលគីរី បាន​ចូល​រួម​ធ្វើ​សកម្ម​ភាព​សង្គម​ជា​ច្រើន ដូច​ជា​ ការ​​អប់រំ​សុខ​ភាពខ្លួន​ឯង និង​មិត្ត​ភ័ក្តិ ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគអេដស៍ និង​ជម្ងឺ​អេដស៍ ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ទប់​ស្កាត់​បាតុភាព​ក្មេង​ទំនើង ការ​ជួញ​ដូរ​ស្ត្រី និងកុមារ ចូល​រួម​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ក៏​ដូច​ជា ចូល​រួម​ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​តាម​សាលារៀន​។

កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​មណ្ឌល​គីរី បាន​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​យុវជន​ខេត្ត​ដាក់​ឡាក់ ខេត្តដាក់​ណុង និង​ខេត្ត​ប៊ិញភឿក នៃ​សាធារណដ្ឋ​សង្គម​និយម​វៀតណាម តាម​រយៈការ​សម្តែង​សិល្បៈ ការប្រកួត​កីឡា និង​ការ​ជជែក​ពិភាក្សា​តុមូល។

ជាគោល​ការណ៍​កាយ​រឹទ្ធិ​ជាតិកម្ពុជាត្រូវ​ភ្ជាប់​សកម្ម​ភាព​របស់​ខ្លួន ទៅនឹង​ភារកិច្ច​៣ ទី១,ភារកិច្ច​ចំពោះ​សាសនា ទី២,ភារកិច្ច​ចំពោះ​ប្រទេស​ជាតិ និង​មនុស្ស​ផង​ទាំង​ពួង និង​ទី៣, ភារកិច្ច​ចំពោះ​ខ្លួន​ឯង៕

សម្តេច​​តេជោ​​ដាក់​​ចេញ​​ទិស​ស្លោក ថ្ងៃនេះ និង​​ថ្ងៃ​ស្អែក កុំឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​

នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ក្នុង​រាជ​ធានីភ្នំពេញ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា នា​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៣ បាន​ដាក់​ចេញ​នូវ​ទិស​ស្លោក​មួយ​ឃ្លា​ថា “ថ្ងៃនេះ និង​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍” ដើម្បី​ជា​ការ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​នូវ​បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍ ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយនៅ​ក្នុងព្រះ​រាជាណាចក្រកម្ពុជា។ សម្តេច​តេជោ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជា​ជន រួម​ទាំង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ទន្ទេញ និង​ចូល​រួម​អនុវត្ត​នូវគោល​ការណ៍​នេះ។

បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ជា​កង្វល់​ដ៏​ធំ​របស់​រាជ​រដ្ឋាភិបាល​ ជាពិសេស​គ្រោះថ្នាក់​ចរា​ចរ​ណ៍​កាលពី​សប្តាហ៍​មុន​នៅ​រាជ​ធានី​ភ្នំពេញ ដែល​បង្កឡើង​ដោយ​និស្សិត​ពេទ្យ​ជា​ស្ត្រី និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដែលបង្ក​ដោយ​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​នោះ
នៅ​ក្នុង​​ពិធី​​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​​និស្សិត​ថ្នាក់​បរិ​ញ្ញា​បត្ររង​សរុប​ចំនួន ១៩៥៦នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ ២០០៩​-២០១០ និង​២០១០-២០១១ និង​ឆ្នាំ​សិក្សា ២០១១-២០១២ នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី សម្តេច​​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងអស់​នេះ ​គឺ​បណ្តាល​មក​ពី​​ការ​ធ្វេស​ប្រហែស​របស់​អ្នក​បើកបរ ដែល​ជា​កត្តា​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះនៅ​តាម​ផ្លូវ​ជាតិ​លេខ៤ក្នុងខេត្ត​ព្រះ​សីហនុ មាន​កើត​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ផ្ទួនៗ​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៦នាក់ និង​រង​របួស​មួយ​ចំនួន​ទៀត ដូច​គ្នា​នឹង​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ក្រសួង​មហាផ្ទៃក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​មនុស្ស​ស្លាប់​ចំនួន​៣នាក់​ជាក្មេង​សិក្សា​សាលា និង​របួស​មួយ​ចំនួន​ទៀត។ ទាក់​ទង​ករណី​នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រ​សា​សន៍​ថា យើង​មិន​ត្រឹមតែ​សោក​ស្តាយ​ចំពោះ​អ្នក​ស្លាប់​ទេ ប៉ុន្តែ​យើង​ស្តាយ​ចំពោះ​អនាគត​ក្មេង​ស្រី​ដែល​ជា​អ្នក​កាន់​ចង្កូត​រថយន្ត ដោយសារតែ​ឪពុក​ម្តាយ​ស្រឡាញ់​កូន​ពេក នៅ​ពេល​ដែល​កូន​មិន​ទាន់​ស្ទាត់​ជំនាញ។ ក្មេង​ស្រី​ជា​និស្សិត​នោះ​ នឹង​បាត់បង់​អនាគត​ព្រោះ​គេ​មិន​អាច​រួចផុត​ពី​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ សម្តេច​តេជោ​​មាន​ប្រសាសន៍​ថា ករណី​គ្រោះ​ថ្នាក់​នេះ​ វា​បាន​ដាស់តឿន​ដល់​ឪពុក​ម្តាយ ដែល​បាន​បណ្តោយ​កូន​ជ្រុល​ហួស​ហេតុ​ត​ពេក ហើយ​បាន​ក្លាយទៅជា​ការនាំ​ទុក្ខ និង​មាន​វិប្បដិសារី​អស់​មួយ​ជីវិត។ សម្តេច​តេ​ជោ​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ឲ្យដឹង​ផង​ដែរ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ​ថា វា​ជា​រឿងដ៏​គួរ​ឲ្យ​រន្ធត់ ហើយ​សម្តេចបាន​សំដែង​នូវ​ការ​សោកស្តាយ​ចំពោះ​អ្នកទទួល​មរណភាព និង​បាន​ស្នើ​ឲ្យ​ក្រ​សួង​​ពាក់ព័ន្ធ​ពិនិត្យមើល​ចំពោះ​បញ្ហា​បច្ចេកទេស​របស់​ រថយន្ត​កុង​តឺន័រ ដែល​ត្រូវ​តែ​មាន​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់ មុននឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាច​រណ៍​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បានធ្វើការ​ក្រើនរម្លឹក​ដល់មន្ត្រី​ទាំងអស់ថា ​ត្រូវ​អនុវត្ត​តាម​ច្បាប់កុំ​ចាំ​បាច់​តែមាន​អនុសាសន៍​របស់​សម្តេចទើប​អនុវត្តន៍​។ មន្ត្រី​ទាំងអស់​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​អនុ​វត្ត​ការងារដូច​ភ្លៀងរលឹម ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​រឹតបន្តឹង​លើ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ដើម្បី​កុំឲ្យ​មាន​សោកនាដកម្មដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដង​ផ្លូវកើតឡើង​ដូច្នេះ​ទៀត​។ រី​ឯ​ឡាន​កុងតឺន័រ ក៏​ត្រូវ​តែ​ចាប់​ខ្ចៅ​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។
ទាក់​ទង​ទៅនឹង​បញ្ហា​ឆ្លង​នៃ​ជម្ងឺ​ផ្តាសាយ​បក្សី និង​បញ្ហា​អគ្គីភ័យ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​យកចិត្ត​ទុកដាក់ការ​ពារ និង​ទប់ស្កាត់ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​។​ សម្តេច​តេ​ជោ​មានប្រសាសន៍​ថា សូម​យកចិត្តទុកដាក់​ជាមួយ​បញ្ហា​ជំងឺឆ្លង ជា​ពិសេ​ស​ជាមួយ​បញ្ហា​ជំងឺ​ផ្តា​សា​យ​បក្សី ដែល​ឥឡូវនេះ​មិន​គ្រាន់តែ​ផ្ទុះ​នៅតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ផ្ទុះ​នៅ​ទីកន្លែង​ដទៃ​ក្រៅ​កម្ពុជាយើង​ហើយ។ សូម​មន្ត្រី​ទាំងអស់​ មិនមែន​ត្រឹមតែ​មន្ត្រី​សុខាភិបាល កសិកម្ម​នោះ​ទេ ប៉ុន្តែ​ស្ថាប័នគ្រប់ផ្នែក​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ។ អ្នក​ដែល​សំខាន់​ជាងគេ​ គឺ​ប្រជាពលរដ្ឋ​ ប្រសិនបើ​ឃើញមាន​ស្ថាន​ភាព​មិន​ស្រួល​ដូចជា​សត្វ​ងាប់ ​ឬ​ឈឺ ត្រូវតែ​រាយ​ការ​ណ៍​​បន្ទាន់​ទៅ​ភ្នាក់ងារ​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ត្រួត​ត្រា​​សភាពការណ៍​នេះ។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា យើង​ត្រូវតែ​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​បានម៉ត់​ចត់ ​ហើយ​ប្រឹង​ប្រែង​ធ្វើ​ទាំងអស់​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ជម្ងឺ​នេះ​ផ្ទុះឡើង​កាន់តែ​ធំ។ នៅ​តំបន់​ដែល​មិន​ទាន់​មាន​ជំងឺ​នេះ​ផ្ទុះ​ឡើង ត្រូវតែ​ពិនិត្យ​អំពី​ការ​ឆ្លង​កាត់​នៃ​ពួក​សត្វ​បក្សា​បក្សី​​ចូល​ទៅ​ក្នុង​តំបន់​នោះ ចំណែក​ឯ​​តំ​បន់​ដែល​មាន​កើត​រួចហើយ ត្រូវ​ដាក់​ការ​ហ៊ុំព័ទ្ធ​កុំ​ឲ្យ​មាន​សត្វ​​ចេញពី​តំបន់​នោះ​ទៅកាន់​តំបន់​ដទៃ​ទៀត ហើយ​បើ​សង្ស័យ​ថា​ មាន​មនុស្ស​មាន​ជំងឺ​ក៏​ត្រូវ​​តែ​ទៅ​រក​ពេទ្យ​ឲ្យ​បាន​ឆាប់ ហើយ​ក្រសួងសុខាភិបាល ក៏​ដូចជា​មន្ទីរ​សុខាភិបាល​តាម​ខេត្ត ក្រុង ស្រុក ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​ស្ថានភាព​នេះ​ឲ្យ​បាន​ដិតដល់​បំផុត ហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​វិទ្យុ និង​ទូរទស្សន៍​ ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ឲ្យប្រជាពលរដ្ឋ​បាន​ដឹង និង​បាន​ជ្រួតជ្រាប​ចំពោះ​បញ្ហា​ដ៏​មាន​គ្រោះថ្នាក់​នេះ។ ចំណែក​លោកគ្រូ​អ្នកគ្រូ​ក៏ ត្រូវ​ផ្តល់​​ព័ត៌មាន​អប់រំ​ទៅដល់​សិស្សានុសិស្ស ហើយ​ព្រះសង្ឃ​ក៏​មាន​តួនាទី​ក្នុងការ​អប់រំ​បញ្ហា​នេះ​ដល់ ពុទ្ធបរិស័ទ​ផងដែរ។ ទាក់​ទង​នឹង​​បញ្ហា​គ្រោះ​អគ្គីភ័យ សម្តេច​​តេ​ជោ​ថ្លែង​ថា ដោយសារ​ក្នុង​ឆ្នាំ​នេះ​បញ្ហា​អគ្គីភ័យ​បាន​កើតមាន​ឡើង​ច្រើន​កន្លែង​នោះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា មិន​ថា​ជា​គ្រួសារ​អ្នកមាន ​អ្នកក្រ​នោះ​ទេ​ សូម​មេត្តា​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា។

នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​ថ្នាក់ បរិ​ញ្ញា​បត្ររង នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មីនោះ​ដែរ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ឲ្យ​បន្ត​អនុវត្តន៍​នូវ​សិល្បៈនៃ​ការ​ចែក​រំលែក ដែល​ជា​ប្រពៃណី​របស់​ខ្លួន​តាំងតែ​ពី​យូរយារ​ណាស់​មក​ហើយ​ៗ​បាន​ផ្តល់​នូវ​អត្ថិភាព​ដល់​គណបក្ស។

សម្តេច​តេ​ជោសែន​បាន​មាន​ប្រសាសន៍​ថា ការ​ជួយ​នៅ​តាម​ទី​អារាម នៅ​តាម​សា​លា​រៀន នៅ​តាម​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​នៅ​តាម​ទីកន្លែង​នានា​ ដែល​ត្រូវ​ជួយ​ដូចជា​ កុមារ​កំព្រា ជន​ពិការ​ជាដើម ដែល​សមាជិកសមាជិកា CPP ធ្លាប់​បាន​ធ្វើ និង​កំពុង​ធ្វើ​នោះ​ គឺជា​សិល្បៈ​​ចែក​រំលែក ហើយ​វិធី​របស់ CPP ដែល​ធ្វើ​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​រីក​លូតលាស់​ និង​រឹងមាំ​ឡើងជា​លំ​ដាប់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ពន្យល់​​ថា វិធីសាស្ត្រ​សិល្បៈ​នៃ​ការ​ចែក​រំលែក​នេះ​មិនមែន​កើត​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​តាំងពី​អរុណោទ័យ និង​នៅ​លើ​ភព​ផែនដី​របស់​យើង​មក​ម្ល៉េះ។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា CPP មាន​វិធី​នេះ​តាំង​ពី​ដើម​មក ហេតុដូច្នេះ​ហើយ​ទើប CPP មានលទ្ធភាព ដើម្បី​ជួយ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ប្រឡាយ​ទឹក វត្ត​អារាម​នៅ​គ្រប់​ទីកន្លែង ហើយ​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​រួចហើយ​ថា មាន​គម្រោង​ចំនួន​រាប់​ម៉ឺន​ដែល CPP កំពុង​តែ​បន្ត​ដែល​ជា​គម្រោង​ពិត​មិន​មែន​ជា​គម្រោង​ខ្យល់តាម​ការ​សន្យា​ណាមួយ​នោះ​ទេ​។

សម្តេចតេ​ជោ​សែនបាន​លើក​ជា​ឧទាហរណ៍​ថា មកដល់​បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក​នេះ​ក៏​នៅមាន​ទីកន្លែង ដែល​អនុវត្តន៍​នូវ​សិល្បៈ​នៃ​ការ​ចែក​រំលែក​នេះ​ដែរ ដូចជា​ប្រទេស​អ្នក​មាន​បាន​ចែក​ជា​ជំនួយ​ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​នេះ​ជា​ទិដ្ឋភាព​មួយ ហើយ​ទិដ្ឋភាព​មួយ​ទៀត​គឺ​អ្នកមាន​ខ្លះ បាន​បង្កើត​នូវ​មូលនិធិ​ដើម្បី​ជួយ​ដល់​ផ្នែក​ជំងឺ​អេដស៍​ជាដើម៕

ទស្សនៈ បន្ទាប់​ពី Subedi គឺ Comfrel ហើយ​តើមាន​អង្គការ​ណា ឬ​នរណា​ជា​បន្ត​មក​ទៀត?

ការវាយប្រហារសម្រុកដើម្បីកំទេចប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា បានឈាន​ជើង​ចេញ​ពី​ការិយា​ល័យ នៃ​អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជា​តិ​ស្តីពី ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជាដែលនោះ គឺលោក Surya Subedi ទៅដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGOs) តស៊ូមតិ​ផ្នែក​សិទ្ធិ​មនុស្ស​មួយ ដែលត្រូវ បាន​ហៅថា​គណៈកម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​សេរី និងយុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា (Comfrel) ដែល​ថ្មីៗ​ នេះបាន​ចេញ​របាយ​ការណ៍​មួយ​ដែល​មាន ចំណងជើងថា «ប្រជាធិប​តេយ្យ ការបោះ​ឆ្នោត និង​កំណែ​ទម្រង់ ក្នុង​ប្រទេស​កម្ពុជា​» ដែល​ត្រូវបាន​រាយការណ៍​ដោយ​សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ខែ មីនា ឆ្នាំ​២០១៣ ក្រោម​ចំណង​ជើង​ថា «ក្រុម​បោះឆ្នោត​គូស​បញ្ជាក់​អំពី​ស្ថានភា​ព​ប្រជាធិ​បតេយ្យ​ដែល​ងាយ​នឹង ប្រេះ​ស្រាំ»។ នេះមិនមែន​ជាការ​បន្តនៃ ឬការ​បន្ថែម​ពីលើ របាយ​ការណ៍​ចុះថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១២ របស់ Subedi​ ទេ ប៉ុន្តែ គឺជាការ​និយាយ​ដដែលៗ ដែល​ជាការ​ចម្លង​ពីគ្នា​ដោយ​ប្រើរបៀប​និយាយ​ផ្សេង​ប៉ុណ្ណោះ។ ប្រសិន​បើវាពិត​ដូច​អ្វីដែល Comfrel បានត្រូវដក​ស្រង់​សម្តីដោយ​សារព័ត៌មាន The Cambodia Daily ថា «ការដាក់​កម្រិតនៃ សេរីភាព​ដែល​ត្រូវបាន​កត់សម្គាល់​ក្នុងឆ្នាំ​២០១១ បានបន្ត​យ៉ាង​លឿនកាល​ពីឆ្នាំ​កន្លងមក» មែននោះ Comfrel នឹងមិន​អាច​មាន «សេរីភាព» ដើម្បី​បន្តការ​ផ្សព្វ​ផ្សាយ​ពាក្យ​សម្តីដែល​ត្រូវបាន​គិតថា ជាសម្តីអាទិទេពរបស់ Subedi សម្រាប់ Comfrel នោះទេ។

«សេរីភាព» ដែលត្រូវបានគាំទ្រដោយ Subedi និងត្រូវបានសរសេរជារបាយការណ៍មួយរបស់អង្គការ សហប្រជាជាតិ អាច​ត្រូវ​បាន​សង្ខេប​ជាប៉ុន្មាន​ប្រ​យោគ​ប៉ុណ្ណោះ​ ប៉ុន្តែល​ក្ខណៈ​ពូកែ​វោហា​សាស្រ្តរបស់គាត់​បាន ធ្វើឱ្យ​គាត់​ពង្រី​ករ​បាយ​ការណ៍​នោះយ៉ាង​វែង​អន្លាយ​ដល់​ទៅ១៧​ទំព័រ៖

 «សេរីភាព» ក្នុងការវាយប្រហារ រិៈគន់ និយាយបង្កាច់បង្ខូច និងដាក់កំហុសមកលើរាជរដ្ឋាភិបាល ដែលតម្រូវ​​​​ឱ្យពល​រដ្ឋ​របស់​ខ្លួន​គោរព​នីតិរដ្ឋ​ឱ្យបាន​យល់ដឹងដោយ​ផ្ទាល់​មាត់ ឬនៅក្នុងការបោះពុម្ព ផ្សាយនានា ដើម្បីតម្រូវឱ្យប្រជាពលរដ្ឋគោរពនីតិរដ្ឋឱ្យយល់ដឹងអំពី «សេរី​ភាព»​ ហើយ​និង​ការ​ ទទួល​ខុសត្រូវ ​ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា សូម្បីមាន​ហានិភ័យ​អាច​ធ្វើឱ្យប្រជា​ប្រិយ​ភាព​ធ្លាក់ចុះ​ និង បាត់​បង់​សំលេង​ក្នុង​ការ​បោះ​ឆ្នោត​ក៏ដោយ។

មិនមានការលើកឡើងអំពី (ថែមទាំងមានការបំភ្លេចចោលនូវការលើកទឹកចិត្តប្រជាពល​រដ្ឋ​​ឱ្យ​ និយាយ​​អំពី) ការ​ទទួល​ខុស​ត្រូវ​នៃប្រ​ជាពល​រដ្ឋ ប៉ុ​ន្តែគូ​ស​បញ្ជាក់​ម្តងហើយ​ម្តងទៀតថា «រដ្ឋាភិបាល ត្រូវធានា​ឱ្យមាន​ស្តង់ដារ​ខ្ពស់​ស្រប​ទៅតាម​កាត​ព្វកិ​ច្ចអន្តរ​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅមុន ​ក្នុងអំឡុង ពេល និងក្រោយការបោះឆ្នោត» ដោយប្រឹងបិទបាំងដោយស្ម័គ្រចិត្តនូវការប៉ុនប៉ងវាយប្រហារ សម្រុក​ទៅលើ​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​នៃរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ដោយនិយាយថា ច្បាប់ស្តី ពីការបោះឆ្នោត និងច្បាប់ដទៃទៀត «ជាទូ​ទៅផ្តល់​នូវ​ក្រប​ខណ្ឌ​ការងារ​ដែល​អាចអនុវត្តបាន និង យ៉ាងហោចណាស់នៅលើក្រដាសស្របទៅតាមស្តង់ដារអន្តរជាតិ និងបង្កើតស្ថាប័នចាំបាច់សម្រាប់ អនុវត្តន៍​ការ​បោះឆ្នោត» (យោងកថាខ័ណ្ឌ៤៨ និង៤៩នៃរបាយការណ៍នោះ)។

ចោទប្រកាន់ដោយមិនសមរម្យទៅលើរដ្ឋាភិបាលថា មិនមានសមត្ថភាពអនុវត្តន៍ការងារ​ ដោយ​ និយាយ​ថា «បញ្ហាស្ថិត​នៅក្នុង​ការ​អនុវត្ត​មិន​គ្រប់​គ្រាន់​នៃ​បញ្ញត្តិ​ច្បាប់» ដែលស្នើរ​ឡើងថា ប្រហែល​ ជាកម្ពុជា​ត្រូវបង្វិល​ពេល​វេលាវិល​ត្រឡប់​ថយក្រោយយ៉ាង​តិចក៏​២០ឆ្នាំដែរ ហើយ​សុំឱ្យ​អង្គការ សហប្រ​ជាជា​តិត្រឡប់​មករៀបចំ​ការបោះ​ឆ្នោត​ម្តង​ទៀត ឬ «បង្ខំកម្ពុជា​ឱ្យធ្វើ​ទៅតាម​សម្ពាធ​ក្នុង ស្រុក និង​អន្តរជាតិ ដើម្បីកែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ ដោយហេតុថាទាំងកំណែទម្រង់ជាក់ស្តែងក៏ គ្មាន ទាំងច្បាប់ដែលមានក៏មិនបានអនុវត្តន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៀត​ផង»។ នេះជា​អ្វីដែល​ Comfrel បាន​និយាយ ដោយ​មានគោល​បំណង​តែមួយ​គត់ គឺធ្វើឱ្យ​កម្ពុជា​ធ្វើតាម​វត្ថុបំណង​បរទេស ខាង​ក្រៅ ដូច​ដែល Subedi បានទទូច (កថាខ័ណ្ឌ៨២នៃរបាយការណ៍នេះ) ថា សមរង្ស៊ី ត្រូវ បាន​ដាក់​ទោស​ពីបទ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថាជាហេតុ​ផល​នយោបាយ​ ហើយ​ដំណោះស្រាយ​ នយោបាយគួរត្រូវបានស្វែងរកដើម្បីឱ្យសមរង្ស៊ី ដែលជាមេដឹកនាំនៃគណបក្សប្រឆាំង​ដើរតួ​នាទី ពេញ​លេញ​ក្នុង​នយោបាយ​កម្ពុជា ហើយត្រូវ​បាន​លើកឡើងដដែលដោយសារព័ត៌មាន The Cambodia Daily ដោយ​និយាយថា «ការ​បដិសេធ​ដោយ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​លោក​រង្ស៊ី ត្រឡប់​មក​កម្ពុជា និង​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត អាចនាំឱ្យមាន​ចលាចលវឹកវសង្គម»។

ការបង្កើតចរន្តបន្តគ្នាដើម្បីអនុវត្តន៍ចលនាជម្រុញ និងដាក់បញ្ចូលរង្ស៊ីក្នុង​ឆាក​នយោបាយ​របស់​កម្ពុជា វិញ​នោះ ទោះបី​ជារង្ស៊ី​មាន​ការ​ជាប់​ទោស​​ឧក្រិដ្ឋ និងមានស្ថានភាពមិនអាចនឹងត្រូវបោះឆ្នោតបាន និងមិន មានសិទ្ធិបោះឆ្នោតយោងតាមនីតិរដ្ឋរបស់កម្ពុជានោះ គឺជា​ករណី​ជា​ប្រពៃ​ណី​នៃ «ការ​បណ្តុះ​គ្រាប់​ពូជនៃ​ប្រភេទ មួយនៃ​និទាឃរដូវ» ដែលគ្រាប់​ពូជមួយ​នៃចំណោម​នោះ ត្រូវបាន​ធ្វើឱ្យ​ល្បីឈ្មោះ ប៉ុន្តែ​ប្រែ​ទៅជា​អនាធិ​បតេយ្យ រប៉ាត់​រប៉ាយ​នៅពេល​ក្រោយ។ Comfrel គឺជាផ្នែកមួយនៃចរន្តនេះ។ តើមានអង្គការណា ឬនរណាជាបន្តមក ទៀត?

ថ្មីៗនេះ ការព្រមានរបស់រង្ស៊ីថា «រង្ស៊ីខ្លួនគាត់ផ្ទាល់នឹងចាប់ផ្តើមចលនាមួយដ៏ខ្លាំង​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​ ណាក៏​ដោយ ដែល​កើត​ចេញ​ពីការ​បោះ​ឆ្នោតនោះ» ដូចដែល​បាន​រាយការណ៍​ដោយ​សារ​ព័តមាន AFP នៅ ថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៣ (ពីព្រោះ​តែមិន​អនុញ្ញាត​ឱ្យគាត់​ចូលរួម​ប្រកួត​ប្រជែង ដោយសារ​ការ​ពិត​មិន អាចរំលង​ចោល​បាន ដែលថា​គាត់គឺ​ជាជន​ជាប់​ទោស​ដែល​រត់គេច​ខ្លួនពីការ​ជាប់​ពន្ធនាគារ) គឺច្បាស់​ណាស់ ជាការ​អំពាវនាវឱ្យមានស្ថាន​ភាព​ហឹង្សា និងសង្គ្រាម។ តើ Comfrel និង Subedi នឹងនិយាយ​ថាយ៉ាង​ម៉េចទៅ ឬនឹង​ធ្វើយ៉ាង​ម៉េច​ទៅ​អំពី​បញ្ហា​នេះ? វានឹង​ទំនងជាថា ពួកគេនឹង​អបអរសាទរ​ចំពោះរង្ស៊ី នេះបើតាមខ្ញុំសន្និដ្ឋាន។

ថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៣
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ កម្ពុជា

​បទអត្ថា​ធិប្បាយ៖​ ​ឧត្តមភាព​នៃច្បាប់មិន​ត្រូវឱ្យអ្នក​ណារំលោភ​បំពានបាន​ទេ​



សម្ភាសន៍​ លោក​បណ្ឌិត ​ឈឹម ​ផលវរុណ​ ស្តីពី ​ទស្សនៈ​នយោបាយ​ផ្ទុយគ្នា ​រវាងមេដឹក​នាំគណបក្ស​ប្រឆាំង​ សម រង្ស៊ី ​និង ​កឹម សុខា​

ថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៣
លោក​ សត្យា រក្ស​
សំណួរ​៖ ​       ឥឡូវនេះ យើងឃើញថា មាន​លេចចេញនូវរូបរាងថ្មីមួយទៀត រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​ប្រឆាំង ​ថ្វីត្បិតតែ​គេបង្កើតជា​សំបកថ្មីមួយ ប៉ុន្ដែពួក​គេ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយគ្នា គួរ​​ឲ្យ​ប្រឈម​។​ ទាក់ទង​ទៅ​នឹង​​ទស្សនៈផ្ទុយគ្នានេះ សូម​លោកបណ្ឌិត​ធ្វើការ​បំភ្លឺ​ដើម្បី​ឲ្យបងប្អូន​ជន​រួមជាតិ​យើង ពិសេស​សមាជិក​អ្នកដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ហ្នឹង ស្វែង​យល់ឲ្យ​​ដឹង​អំពី​មាយាថ​នយោបាយ​របស់​មេបក្ស​គាត់ហ្នឹងឯង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ​ គឺលោក សម រង្ស៊ី និង លោក កឹម សុខា ដែល​គេ​សរសេរ​​ស្លាក​មួយ​ជ្រ​កជា​មួយគ្នា​​ក្រោមស្លាកថា បង្រួបបង្រួម។ ប៉ុន្ដែខ្ញុំមើលទិដ្ឋភាព​នយោបាយ​​នៃ​អ្នក​ទាំងពីរ ឃើញថាកំពុងតែមានការផ្ទុយគ្នា។ ភាពផ្ទុយគ្នាទីមួយ គឺត្រង់ថា ថ្មី​ៗ​​នេះ លោក សម រង្ស៊ី បាន​ចេញសេចក្ដីថ្លែងការណ៍​ និងធ្វើការអំពាវនាវ​ សុំឲ្យ​អ្នក​សង្កេតការណ៍​​​អន្ដរ​ជាតិ​កុំ​មក​សង្កេតការណ៍​នៅកម្ពុជា ​ក្នុងអំឡុងពេល​បោះឆ្នោតឆ្នាំ ២០១៣។
ប៉ុន្ដែផ្ទុយទៅវិញ លោក កឹម សុខា ដែលយើងហៅថា ជាសម្ព័ន្ធភាពអី​របស់​គាត់​ហ្នឹង មាន​ទស្សនៈ​ផ្ទុយទៅនឹង លោក សម រង្ស៊ី គឺ​សំណូមពរ សុំ​ឲ្យ​អន្ដរជាតិ​ មកសង្កេតការណ៍​ឲ្យ​បាន​ច្រើន​ ហើយ​ឲ្យ​បាន​យូរ រាយគ្រប់ខេត្ត ខណ្ឌ រហូតទៅដល់ភូមិ ឃុំ ទៅទៀត ដើ​ម្បី​ជា​ការ​ឃ្លាំ​មើល​នូវ​ដំណើរ​ការនៃការបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប សម្រាប់អាណត្តិទី ៥។
​​អញ្ចឹង​ទិដ្ឋ​ភាពដែលយើងឃើញថា មានលក្ខណៈ​ផ្ទុយគ្នាទាំងស្រុងបែបនេះ លោក​បណ្ឌិត​យល់​​ឃើញ​យ៉ាង​ម៉េច ដើម្បីពន្យល់​​ជូនទៅដល់​ជនរួមជាតិ?
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នេះគឺជាទឡ្ហីករណ៍ដែលស្ដែងចេញជូនប្រជាពលរដ្ឋបាន​ឃើញហើយ គឺ លោក សម រង្ស៊ី និង​លោក កឹម សុខា ពីដើមឡើយ ​គ្មានសារធាតុណាដូចគ្នាទេ​ ប៉ុន្ដែ​ចេះតែ​នាំគ្នា​បង្ខំ​ចិត្ត​ រួមគ្នា​ ហើយ​អស់​ពី​ជេរគ្នា​ ក៏​ទៅចូលជុំគ្នាវិញទៅ​។​ ហើយយើងមើលទៅ ការជុំគ្នាវិញនេះ វាគ្រាន់​តែ​ជុំ​គ្នា​ជា​សំបក​ដូច​​លោក​ សត្យា រក្ស បានលើកអំបាញ់មិញហ្នឹង។​ ប៉ុន្ដែ​សារធាតុ​នយោបាយ​របស់​បុគ្គល​មេដឹក​នាំរបស់ គណបក្សទាំងពីរហ្នឹង គឺខុសគ្នា។ លោក សម រង្ស៊ី មាន​មាយាទ​នយោបាយ​​របស់​គាត់​ មួយបែបផ្សឹង​។ លោក កឹម សុខា មាន​មាយាទ​នយោបាយ​របស់គាត់ ផ្សេងពីលោក សម រង្ស៊ី។ ​ចង់និយាយថា របៀបទំនើងចិត្ត គេហៅ​ថា​ឆ្នាស់​បែប​ទំនើងចិត្ត ហ្នឹង គឺ​លោក សម រង្ស៊ី ហើយ។​ ​មាយាទ​​នយោបាយឆ្នាស់តាមទំនើងចិត្ត នឹក​ឃើញថាអី បា្រវគ្មាន​គិតអី​ទាំងអស់​។ ឯលោក កឹម សុខា វិញ មិនមែន​ឆ្នាស់​តាមទំនើង​ចិត្ត​ទេ​ គឺអួតតាមទំនើងចិត្ត។​ លោក កឹម សុខា នេះ អួតតាមទំនើង​ចិត្តណាស់ សុទ្ធតែ​បរទេស​ហ្នឹង​ជួយ​គាត់​។ ហើយ លោក សម រង្ស៊ី ឆ្នាស់​តាមទំនើងចិត្ត អញ្ចឹងដល់​ពេល​សារធាតុ​នយោបាយ​ខុសគ្នា​ហ្នឹង​ វាបង្ហាញឲ្យឃើញថា ទោះបី​ជា​គាត់​ស្ថិត​​នៅក្នុង​សំបកពងមាន់​ថ្មី​ក៏​ដោយ​ ក៏នៅតែមិនមែនជាកូនភ្លោះពិតទេ គឺកូនភ្លោះ​សិប្បនិម្មិត​ទៅ​វិញ​​ទេ។
ឥឡូវយើងមើលទាំងអស់គ្នា កុំឲ្យថាកម្មវិធីយើងចេះតែនិយាយ។ បងប្អូន​ប្រជា​ពលរដ្ឋ​​ធា្លប់​តាមដាន លោក កឹម សុខា ហើយ​។​ ថ្មីៗហ្នឹង មិនទាន់យូរខែទេ យ៉ាងច្រើនមួយខែ ​ចាប់​​ផ្ដើម​វិញហើយ​ ។ គេទៅក្រៅប្រទេសរហូតដល់ទៅបារាំង។ ប៉ុន្មានថ្ងៃ​ថ្មីៗនេះទៀត ទៅអំពាវ​នាវ​​សហគមន៍​​អន្ដរជាតិ ឲ្យចូលមកសង្កេតការណ៍​បោះឆ្នោតនៅកម្ពុជា។ គេបញ្ជាក់​ទៅ​អ្នកគាំទ្រគាត់​ហ្នឹង ថា​បង​កុំភ័យ​ បរទេសតាមខ្ញុំ រឿងនេះគេមិនមែនមកសង្កេតការណ៍​តែ​មួយ​ភ្លែត​​ទេ គេមក​ច្រើន​នាក់​ ហើយយូរថ្ងៃទៀត ហើយរាយគ្រប់ភូមិស្រុក ដើម្បីមកមើល។​ គេ​សុទ្ធតែចោទ គ.ជ.ប ហ្នឹង​លួចសន្លឹកឆ្នោតអីអញ្ចឹង។ ហើយស្រាប់ដល់ងាកមកលោក សម រង្ស៊ី វិញ​ គឺ​ចេញ​ផ្សឹងពី​ កឹម សុខា ទៅ​ជាអំពាវនាវឲ្យបរទេសកុំ​មកចុះសង្កេតការណ៍ទៅវិញ​។
នេះជាព្រឹត្តិការណ៍​ដែលយើងមើលឃើញទស្សនៈពីរនាក់ហ្នឹងខុសគ្នា តើ​ហេតុអី? ។ បើ​សិន​​ជា​រឿងវាពិតដែល កឹម សុខា អួតទៅប្រជាពលរដ្ឋហ្នឹងថា ឈ្នះ ថាដូរ យើងឈ្នះហើយ​ពាក្យ​អស់ហ្នឹង។ បើសិនជាលោក សម រង្ស៊ី ក៏យល់ដូច លោក កឹម សុខា ថាពិតជាដូរមែន ពិតជា​ឈ្នះ​មែន ចុះម៉េចក៏មិនឲ្យបរទេសមកទៅ។ ក្រែងថា គ.ជ.ប ហ្នឹង លួច​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​​ប្រជាជន​។​ ហើយចុះបើខ្លួនឯងសង្ឍឹម​ថា​​ឈ្នះ កុំឲ្យគេលួច សុំ​ឲ្យ​បរទេស​មក​មើល​មក កុំ​ឲ្យ​បាត់​សម្លេង​។​ ចុះ​ហេតុអីបានជា លោក សម រង្ស៊ី មិនឲ្យបរទេសមកទៅវិញ​។ បានន័យថា លោក សម រង្ស៊ី ទទួលស្គាល់​ថាចាញ់រួចទៅហើយ ហើយទទួលស្គាល់ថា ការ​បោះឆ្នោត​ហ្នឹង ជាការ​ចាញ់​ពិត​ មិនមែន​នរណា​លួចសន្លឹកឆ្នោតទេ។ ពីព្រោះ គាត់ដឹងដែរ​តើ ដូចជា​ការ​ស្ទង់​មតិរបស់​ IRI ក៏គេមើលឃើញពី​ការ​គាំទ្រ​របស់ប្រជាពលរដ្ឋខ្មែរ ចំពោះ​ការអភិវឌ្ឍ​ប្រទេស ចំពោះការ​ដឹកនាំ​ប្រទេស ដោយគណបក្ស​ប្រជាជន មើលទៅ​វាឆ្លុះ​បញ្ចាំង​នឹង​សម្លេង​ឆ្នោតនោះដែរ​។
លោក សម រង្ស៊ី ក៏គាត់ដឹងពីសន្ទុះនយោបាយរបស់គាត់ធ្លាក់ចុះយ៉ាងណា ក៏​គាត់​មើល​​ដឹង​​ដែរ។ ប៉ុន្ដែលើកនេះ លោក សម រង្ស៊ី អត់បានប្រយោជន៍ពីការបោះឆ្នោតទេ ខុសពី ២០០៣ ២០០៨។​ តើ​ដោយសារអី?​ ២០១៣​ នេះ លោក សម រង្ស៊ី អត់មានសិទ្ធិបោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​​គេ​​បោះឆ្នោត​ទេ។ ដល់អញ្ចឹងការបោះឆ្នោតហ្នឹង អត់មានបានអីទៅគាត់សោះ បានន័យថា​គាត់​​អត់​​អាច​ធ្វើ​តំណាងរាស្ដ្រ​ផងហ្នឹង។ អញ្ចឹងគាត់ដឹងច្បាស់ហើយ អញ្ចឹងចរឹត​លោក សម រង្ស៊ី គឺ​ថា​​ឆ្នាស់​តាមទំនើងចិត្ត គឺថា បើអញមិនបានស៊ី ឈូស​ចោល​មិនបាន​ស៊ី​ទាំង​​អស់គ្នា។ បានន័យថា មិន​ឲ្យ​​គណបក្សប្រឆាំងដទៃទៀត ឬក៏សមាជិក​គណបក្ស​ប្រឆាំង​ដ៏ទៃ​​ទៀត​​ស៊ី​បានទេ​​ គឺ​ត្រូវ​ ឈូស​ចោល​​ទាំង​អស់​ ។​
លោក សត្យា រក្ស​
សំណួរ​៖ ដូច្នេះ បើ​តាមប្រសាសន៍របស់លោកបណ្ឌិតដែលបានលើកឡើង ទាក់ទង​ទៅនឹង​ចរឹត​ឆ្នាស់​​ ហើយនិងមានះរបស់លោក សម រង្ស៊ី ហ្នឹង ជុំ​វិញ​ការ​ឃាឃាំង និង​មាន​ចេតនា​មិនឲ្យ​​អ្នក​​សង្កេត​ការណ៍​អន្ដរជាតិចូលមកកាន់កម្ពុជា គឺមានន័យថា លោក សម រង្ស៊ី បាន​​បង្កប់​ពិសពុល​មួយ ដែល​ចង់លាក់​នូវភាពអាសោចរបស់​ខ្លួន ចំពោះ​លទ្ធផល​នៃការ​បោះឆ្នោត ។​​ចង់​និយាយ​ថា​​​ ពេលដែលអ្នកសង្កេតការណ៍អន្ដរជាតិ អញ្ជើញមកគ្រប់ច្រកល្ហក ទូ​ទាំង​​ប្រទេស​កម្ពុជា​ គ្រប់​ស្ថានីយ៍​បោះឆ្នោតទាំងអស់ គេនឹងបានមើលឃើញថា គណបក្ស​សម​ រង្ស៊ី ពុំមាន​សម្លេង​គាំទ្រ​ គឺ​​គាត់ចង់​លាក់នូវភាព​អាម៉ាស់ហ្នឹង លោកបណ្ឌិត​ចង់មាន​ប្រសាសន៍​​រឿង​ហ្នឹង ឬយ៉ាងម៉េច​?​
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ទីមួយ គឺគាត់អត់បានប្រយោជន៍អីទេ។ ទីពីរ ក្នុងន័យគណបក្សរបស់គាត់ គឺ​​ទោះបី​​ជា​​គាត់​ដូរ​​ប្រធាន​គណបក្សសម រង្ស៊ី មកប្រធានគណបក្សរួមគ្នាជាមួយ កឹម សុខា ក៏​គាត់​​ដឹង​ថា​ ជួស​ជុល​វា​មិនកើតដែរ។ កាល​ដែលគាត់ឈរឈ្មោះក្នុងនាម​ប្រធានគណបក្សសម រង្ស៊ី វាបាក់​មុខ​​អស់​ហើយ ដូច្នេះ​ឈរម្ដងទៀត ក៏អត់ប្រយោជន៍​ដែរ​។ អញ្ចឹងបានជា​គាត់​បង្ខំ​ចិត្ត​រួម​​ជាមួយ​​លោក កឹម សុខា បង្កើតសំបកពងមាន់ថ្មី ។ បានន័យថា ជាសម្ព័ន្ធភាពគណប​ក្ស​នយោបាយ​​​ថ្មី​។ យ៉ាងហោចណាស់ ក៏អាចរក្សាស្ថានភាពកុំឲ្យដាំដូងដែរ​។​ ប៉ុន្ដែឥឡូវនេះ គាត់​ដឹង​ថា​ វាអត់ជួស​ជុល​បានទេ។ ដោយសារ​ វាអត់ជួសជុលបាន សូម្បី​តែឲ្យ​បរទេស​មកដាក់​សម្ពាធ​​ឲ្យ​ លោក សម រង្ស៊ី មក​ចូលរួមបោះឆ្នោត ក៏ដាក់អត់បានទៅហើយ។ អញ្ចឹង​គាត់​មាន​តែ​វិធី​​មួយ​ទៀត​ដែល​ថា ដើម្បី​កុំ​ឲ្យ​ការអង្កេតការណ៍​អន្ដរជាតិមើលឃើញថា ការបោះឆ្នោត​ហ្នឹង រលូន​ល្អ​នោះ។ ឯរឿងអន់ គឺ​អន់​ គណបក្សរបស់ លោក សម រង្ស៊ី ខ្លួន​ឯងទេ​ ដែល​ប្រជា​ពលរដ្ឋ​​អត់​គាំទ្រ​ហ្នឹង។ អញ្ចឹងលោក សម រង្ស៊ី ដឹងខ្លួនហើយ គឺលាងមុខទុកមុន គឺនិយាយ​បង្ការ​ទុកមុន​កុំ​ឲ្យ​គេ​ដឹង​ពីភាព​អន់​របស់​ខ្លួន​។ ពីព្រោះ លោក សម រង្ស៊ី ដឹងច្បាស់ណាស់ថា ប្រជា​​ពលរដ្ឋ​​កាល​ពីមុនៗ​បោះឆ្នោតឲ្យគាត់ ដោយ​គេជឿថា គាត់ជា​បុគ្គលម្នាក់​ដែល​មាន​ឥទ្ធិពល​ទៅលើ​បរទេស និយាយ​មានទឹក​មាត់ប្រៃ បរទេស​ជឿ អាចមកជជែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​សម្រួល​ករណី​ខ្លះ​ដល់​ លោក សម រង្ស៊ី។ ហើយទិដ្ឋភាពពីមុនមក យើងឃើញ​ថា មានការ​សម្រប​សម្រួល​ខ្លះ​ដែរ​។ តែឥឡូវនេះ ៣ ឆ្នាំ​ជាង​មកហើយ លោក សម រង្ស៊ី ដែលសន្យាថា គាត់នឹង​មក​កម្ពុជា​ឆាប់ៗ​ហ្នឹង​ វាអត់ឃើញ​មានអីសោះ​។ អញ្ចឹងលោក សម រង្ស៊ី ដឹងថា បើទាញ​ប្រជាប្រិយភាព​តាម​ការ​អូសទាញ​បរទេសឲ្យ​នាំ​គាត់​​មក​ស្រុកខ្មែរហ្នឹង វាអស់ត្រឹមថ្ងៃដែលលោក អូបាម៉ា មក​កម្ពុជា​ហ្នឹង​ឯ​ង​។​ មកភ្នំពេញ គឺអត់មានឃើញ​លោក សម រង្ស៊ី តោងកន្ទុយមកផងហ្នឹង។ អញ្ចឹង​បានន័យថា​ គាត់ដឹង​ថា​ប្រជាពលរដ្ឋ លែង​ជឿ​គាត់ទៀត​ហើយ ទឹកមាត់គាត់​សាបហើយ។
លោក សត្យា រក្ស​
សំណួរ​៖ ទាក់ទងទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី នេះផងដែរ ដែលពុំ​​មាន​ចេតនាល្អចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣។ តើអំណះអំណាង​ និងការអំពាវនាវរបស់ លោក សម រង្ស៊ី ហ្នឹង លោកបណ្ឌិត​មើល​​ឃើញ​​ថា វាមានប្រសិទ្ធភាពទេ សម្រាប់បណ្ដាប្រទេសនានា ដែលគេស្ម័គ្រ​ក្នុង​ការ​សង្កេតការណ៍ ​ហ្នឹង​​?
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ​ត្រង់ហ្នឹង យើងអាចឲ្យប្រជាពលរដ្ឋថ្លឹងជាមួយយើងទាំងអស់គ្នា កុំឲ្យថា​យើង​ចេះ​តែ​ថាភូត​​គាត់​ ឬក៏ទាញគាត់។ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាថ្លឹងជាមួយយើង កាល​ដែល​លោក សម រង្ស៊ី ​ប្រើ​វិធី​ទប់​ស្កាត់​​កុំឲ្យ​លោក អូបាម៉ា មកកម្ពុជាហ្នឹង យើងឃើញថា ទប់វាមិនកើតទេ ព្រោះ​លោក​ អូបាម៉ា ​មិនមែនប្រធានលោក សម រង្ស៊ី ទេ លោក អូបាម៉ា ជាប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។​ គេ​ការ​ពារផលប្រយោជន៍​ប្រជាជនអាមេរិក និង​ផលប្រយោជន៍​​ប្រទេសអាមេរិក​ គឺ​ មិនមែន​​ទៅ​​ការ​ពារផលប្រយោជន៍ លោក សម រង្ស៊ី ឯណា អញ្ចឹង​ទប់មិនឈ្នះទេ។ ដល់អញ្ចឹង​លើក​នេះ គាត់​លេង​​អាល្បែងហ្នឹងទៀត ដើម្បីបំភន័្ត​ប្រជាពលរដ្ឋមួយសារ​ទៀត តែការ​បំភន្ត័​នេះ មិនមែន​​បំភន្ត័​​ដើម្បីថាគាត់ឈ្នះទេ គឺ​បំភន្ត័​ថាគាត់អត់បានចាញ់ ពីព្រោះ​គាត់អត់​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ​ ហើយ​អន្ដរជាតិ​អត់បាន​មក​មើល​។​ រឿងតែប៉ុណ្ណេះទេ​​ នៅក្នុង​រឿងបំភន្ត័​កុំ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​គាត់​ចាញ់​ប៉ុណ្ណឹង​ឯង​។ ការ​បំភន្ត័​នេះ គឺជាការ​បំភន្ត័​ដើម្បីគាត់យកលេសថា គាត់​អត់​បាន​ចាញ់​ គឺដោយសារមូលហេតុ​ ក ខ គ ឃ ង អញ្ចឹងទៅ។ ដល់​ងាកមកលោក កឹម សុខា គាត់​​ប្រើ​វិធីបំភន្ត័​ផ្សេង។ លោក សម រង្ស៊ី បំភន្ត័​តាមរយះ​​យកបរទេសមកបិទបាំងតាមបែបផ្សេង លោក កឹម សុខា បំភន្ត័​តាមវិធី​អួត​ថា​ ឈ្នះៗ បរទេស​ស្រឡាញ់​គាត់ ជឿគាត់ គាំទ្រគាត់។ លោក កឹម សុខា ថាឈ្នះ ប៉ុន្ដែ​ លោក កឹម សុខា ដាក់​សំណួរពី​ គ.ជ.ប អញ្ចឹងលោក កឹម សុខា ចាប់ផ្ដើម​រេ​ហើយ​ ចាប់ផ្ដើម​ទាល់​ហើយ​​។ ដល់ចាប់ផ្ដើម​ទាល់ ​ពួកគាត់ហ្នឹង​​ធ្វើ​វិទ្ធង្សនា​ ឬ​យុទ្ធនាការ​ចោទ​ប្រកាន់​ វាយប្រហារ គ.ជ.ប ថាជាស្ថាប័ន​នយោបាយគាំទ្រគណបក្សប្រជាជនកម្ពុជា មិនមែន​ជា​ស្ថាប័ន​បច្ចេកទេស​ លោក កឹម សុខា គាត់​ខូច។
ដល់​អញ្ចឹងគេហៅថា កាំបិតចិតដងឯង។ នៅពេលដែលគាត់ទៅចោទថា គ.ជ.ប អា​ក្រក់​អញ្ចឹង​ប្រជាពលរដ្ឋ​ធ្វើម៉េចនឹងជឿ បើ គ.ជ.ប អាក្រក់ធ្វើម៉េច កឹម សុខា ឈ្នះឆ្នោត យើង​គិត​​ឲ្យជ្រៅ​​​​បន្ដិចមើល។ ដល់អញ្ចឹង កឹម សុខា ភូតខ្លួនឯង ដឹងច្បាស់ដូចតែ សម រង្ស៊ី ដូចគ្នា ។ កឹម សុខា ដឹងថា មិនអាចឈ្នះគណបក្ស​ប្រជាជនទេ ប៉ុន្ដែគាត់ត្រូវតែភូត ដល់គាត់​ទៅភូត​កាំបិត​​ចិត​​ដងឯង នៅត្រង់ថាគាត់បានភូតប្រជាពលរដ្ឋថា គ.ជ.ប បន្លំសន្លឹកឆ្នោត។ អញ្ចឹង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​​សួរ​ថា​ តើ​ឈ្នះម៉េចនឹងកើត បើ គ.ជ.ប ខាង​គេ​។ ដល់អញ្ចឹង​ កឹម សុខា ចេញ​ពាក្យ​មួយទៀត ខ្ញុំ​បាន​​និយាយជាមួយបរទេសហើយ ជាមួយសហគមន៍​អន្ដរជាតិ ខ្ញុំទើបតែ​មក​ពីបរទេស​ថ្មីៗហ្នឹង កឹម សុខា និយាយអញ្ចឹង។ ថាអន្ដរជាតិគាំទ្រសំ​ណូម​ពរ​ខ្ញុំគេនឹងចុះ​មក​អង្កេតការណ៍​ ៦ខែ មុន​ការ​​បោះឆ្នោត គេនឹងមើលស៊ីជម្រៅ មិនមែនមកខ្លីៗអញ្ចឹងទៅ។ តាមពិត​ជាវិធីដោះទាល់ អួត​ច្រើន​​ៗ​​ចាញ់​អាត្មា។ ដល់ប្រជាពលរដ្ឋ​សួរភ្លាម​អញ្ចឹង​ទៅ​ដោះសារ​ ពីរនាក់ហ្នឹងចេញមកខុសគ្នា មួយ​ឆ្នាស់តាមទំនើងចិត្ដ មួយអួតតាមទំនើងចិត្ត ។ កាំបិត​វាចិត​ដងឯងអញ្ចឹង។
លោក សត្យា រក្ស​
សំណួរ​៖ ទាក់ទងទៅនឹងអំនួតរបស់លោក កឹម សុខា នេះ សូម្បីតែមេគណបក្សសម រង្ស៊ី ក៏​ធ្លាប់​ចាត់​ទុកដែរ​ថា កឹម សុខា នេះជាជើងឯក​ខាងអួត​ពី​អង្កាល នេះ​គឺ​ជាការ​លើក​របស់​ សម រង្ស៊ី​​ ពេល​ដែល​​គេមិនទាន់​ចុះ​សម្រុង​នឹង​គ្នា​នោះ​។ តែ​ឥឡូវហ្នឹង ក៏មិនប្រាកដថា​ចុះ​សម្រុង​គ្នា​​ផង​ដែរ គឺជាជើងឯក​ខាងអួតដែលជាប្រសិទ្ធិនាម​ដែល​គណបក្សសម រង្ស៊ី គេ​ប្រគល់​​ឲ្យ កឹម សុខា។
ទាក់ទងទៅនឹងប្រាក់ខែកម្មករ ១៥០ ដុល្លារ ដែល​ឥឡូវហ្នឹងពេលខ្លះគេថា ឡើងដល់​ ២០០ ដុល្លារទៀត។ មន្ដ្រីរាជការ ១លាន ចាស់ៗអាយុ ៦៥ ឆ្នាំ ហ្នឹង ១០ ដុល្លារ ប៉ុន្ដែគាត់​បែរ​ជា​អួត​ថា​ ត្រកួនមួយគីឡូក្រាមជាង ១០ដុល្លារ អញ្ចឹងត្រង់ហ្នឹងគឺច្រឡំបល់​មួយទៀតហើយ។
អញ្ចឹងត្រង់ចំណុចនេះ ​ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ចេញ​យោបល់ផងដែរ ដោយសារ​​តែ​​លោកបណ្ឌិតបានលើក​ឡើងពីភាពអស់សង្ឃឹមរបស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​ ទាំង កឹម សុខា ក៏ជាមនុស្សដែលកំពុងតែអស់សង្ឃឹម ទាំងលោក សម រង្ស៊ី ក៏​ជាមនុស្ស​ដែល​​កំពុង​​តែ​អស់​សង្ឃឹម​ដូច​គ្នា​ ចំពោះជោគជ័យ ឬក៏ការ​ដណ្ដើមប្រជាប្រិយភាពក្នុងថ្ងៃ​បោះឆ្នោត។ លោកបណ្ឌិត​យល់​ឃើញ​ថា តើដោយសារតែភាពអស់សង្ឃឹមដែលគាត់​ពុំបាន​ឃើញសញ្ញាណាមួយរឿងថា អាចនឹងយកឈ្នះគណបក្សប្រជាជនកម្ពុជា បានទេដឹង បាន​ជាគាត់សន្យា​ជ្រុល​ហួសហេតុ​បែប​នេះ​​?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ ទស្សនៈវិភាគរបស់លោក សត្យារក្ស គឺស្រដៀងគ្នា​ និង​​ការ​ពិចារណា​​របស់​​​ប្រជាពលរដ្ឋដែរ​ គឺ​​ស្រដៀងគ្នា។ កាលដែលគាត់លេង​​ល្បិចកាលបោះឆ្នោត​ ឃុំ សង្កាត់ គឺ​ កឹម សុខា អួត​ជ្រុល​ដោយសារខ្លួនឯងនឹកឃើញថា វាមិនអាចឈ្នះបានធ្វើមេឃុំណាមួយទេ។ អញ្ចឹង​គាត់​​អួត​​ហ្នឹងវាហួសដែលថា​ ឃុំមានមជ្ឈមណ្ឌលកសិកម្ម មួយភូមិមាន​មត្តេយ្យ​សាលា​មួយ ហើយ​ឃុំ​​​យ៉ាង​ហោចណាស់ក៏មាន ៥ ភូមិ មត្ដេយ្យសាលា ៥ ដែរ​​។ កឹម សុខា អួត​អញ្ចឹង​ទៅ​ ឬ​ក៏​សន្យា​អញ្ចឹង​ទៅ ក៏​​មិនជាប់ឆ្នោត ក៏​មិនបំពេញកិច្ចសន្យាដែរ។
អញ្ចឹងដូចលោក សត្យារក្ស បានទាញអញ្ចឹង ឥឡូវនេះសន្យាអញ្ចឹងទៀត​ហើយ​។​ ទោះ​សន្យា​ប៉ុន្មាន​​រយ​បា្រក់ខែកម្មករ សន្យាឲ្យនេះឲ្យនោះ ក៏គាត់មិនឈ្នះ​ដែរ​។​ដូច្នេះ​វាអត់​ជាប់​​ពាក់ព័ន្ធ​រឿង​ជំពាក់កិច្ច​សន្យា​ទេ។ ព្រោះ កឹម សុខា ដឹងច្បាស់​ថាមិនឈ្នះទេ ប៉ុន្ដែ​ការសន្យា​​របស់​លោក កឹម សុខា សម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងសម្រាប់​ការបោះឆ្នោត​ជាតិ​ហ្នឹង វាមាន​គោលដៅ​ និងផល​ប្រយោជន៍​ខុសគ្នា។ គោលដៅឃុំសង្កាត់ កឹម សុខា គាត់​អត់ចង់​បាន​ប្រយោជន៍​ពី​ឃុំសង្កាត់​ទេ។ អញ្ចឹង​គាត់​សន្យាដោយគ្មានការទទួលខុសត្រូវ ឲ្យវា​រួច​ទៅ តែ​ដល់​វា​ចៃដន្យ​ វាជាប់បាន​ ១៨ កៅអី ធ្វើឲ្យគាត់​កេងយកចំណេញ​រឿងហ្នឹង។ ធ្វើ​ឲ្យ​រំភើប​​ថានឹងអាច​បាន​សន្លឹក​ឆ្នោត​ល្អដែរ​នៅបោះឆ្នោតជាតិ​ដើម្បីដាក់សម្ពាធទៅលោក សម រង្ស៊ី ទេ។ អញ្ចឹង​ហើយ​បាន​ ១៨ ឃុំ នេះមិនមែនជា​ ១៨ ឃុំ​ដាក់​សម្ពាធ​ទៅ​គណបក្ស​ប្រជាជន​ទេ ព្រោះ ១៦៣០ ឃុំជាង ហើយ​បានតែ ១៨ តែ ១ភាគរយជាង​ហ្នឹង។ ហើយរឿងអី​ទៅដាក់​សម្ពាធ​អ្នកដែល​គេ​ឈ្នះដល់ ៩៩ ឬ ៩៨ ភាគរយនោះ វាទៅមិនរួច។ អញ្ចឹងគាត់យក ១៨ ឃុំហ្នឹង ទៅដាក់សម្ពាធ សម រង្ស៊ី។​ ម៉េច ល្មមចងសម្ព័ន្ធភាពល្មមស្រលាញ់​គ្នា​បានឬ​នៅ។ ប៉ុន្ដែទន្ទឹម​នឹងគាត់​មាន​មោទនភាព​ នឹង​នយោបាយ​ដែល​គាត់​ឈ្នះការបោះឆ្នោត​ឃុំសង្កាត់​​ដើម្បី​ដាក់​សម្ពាធ សម រង្ស៊ី ហើយ កឹម សុខា ក៏​ជាប់​ជំពាក់​ដែរ​។ យើងមិនបាច់និយាយអីទេ គ្រាន់​តែ​ប្រមូលរកកុំព្យូទ័រ ហើយនិងម៉ាស៊ីនកូពី សម្រាប់ ១៨ ឃុំ កឹម សុខា ចង់​ប្រកាច់ប្រកិន ដើរបោក​លុយគេនៅក្រៅប្រទេសនោះ ហើយ​សរុប​ទៅ​អស់​តែ​ មួយម៉ឺន ពីរម៉ឺន ហ្នឹង សម្រាប់ ១៨ ឃុំ កុំព្យូទ័រ មួយគ្រឿងក្នុងមួយឃុំនោះ។ ចុះ​នៅ​ជំពាក់​រឿង​ឡាន។​ ឡាន​មិនចាំបាច់​ទិញ​អាថ្លៃ​ទេ ទិញតែឡានមួយ ២៥០០ ទៅ ៣០០០ ក៏​បាន​ដែរ​។ ១៨ ឃុំ តើ​ប៉ុន្មានម៉ឺន យើង​គិត​មើល ប៉ុន្មាន​ម៉ឺន ហើយ កឹម សុខា ទៅរកលុយឯណាបាន មិន​ទៅ​បោកគេ។ ហើយសព្វថ្ងៃនេះ ឡាន​ទិញ​បាន​ប៉ុន្មាន មិនទាន់គ្រប់ ១៨ ឃុំទេ ហ្នឹង​មិនទាន់​និយាយ​ពី​សង់​មត្តេយ្យ​សាលា​ផង។​ ដូច្នេះ កឹម សុខា កំពុងតែដោះការជំពាក់ហ្នឹងរួចហើយ ហើយ​ឥឡូវ​នេះ គាត់គិតថា គាត់យក​សម្ពាធហ្នឹងដាក់ទៅ សម រង្ស៊ី ប៉ុន្ដែដល់ពេល​គាត់ទៅ​ក្រៅ​ប្រទេស ទៅរក​លុយ​ពីរូបភាព​រួមជាមួយ សម រង្ស៊ី ដើម្បី​មក​ដោះបញ្ហាជំពាក់ឃុំសង្កាត់អត់បាន កឹម សុខា ទៅ​បារាំង​កាល​មុន ​នៅសល់តែ ៨០០ យូរ៉ូ គឺ​ប្រហែល​​តែ ១ពាន់ដុល្លារ ទៅ​ដោះអី​ចេញ​។​
ដល់ឥឡូវនេះ ចូលដល់បោះឆ្នោតជាតិ កឹម សុខា សន្យាទៀតហើយ ដោយ​សារ​គិត​ថា វា​គ្មាន​ចៃដន្យឈ្នះទេ។ ចៃដន្យឈ្នះម៉េច គ្រាន់តែរឿង សម រង្ស៊ី និង កឹម សុខា ការរៀបចំ​បញ្ជី​​បេក្ខជនហ្នឹង មិនដឹងជាវ៉ៃគ្នាបាក់បង្អួចបាក់ទ្វារយ៉ាង​ម៉េចផង បាក់គ្រែ​បាក់អី​អស់ហើយ​មិនស្រួល​​ហ្នឹង​ ​និយាយអញ្ចឹងឃើញបញ្ហាមួយបាត់ហើយ។ អញ្ចឹង កឹម សុខា ត្រូវលេង​មួយក្បាច់​​ទៀត​សន្យា​ឲ្យ​​ហួស​ ព្រោះដូចលោក សត្យារក្ស បានលើក​ការសន្យាហ្នឹង​ដែលវា​មិនអាច​ក្លាយ​ជាការ​ពិត​នោះ ​ដូច្នេះ​ វាគ្មានជាប់ជំពាក់អ្វីទេ​។ ព្រោះគាត់​សន្យា​បងប្អូន​ប្រជាពលរដ្ឋ​គិតទៅ មិនមែន​គាត់​​សន្យា​ថា បើគាត់ជាប់ជាតំណាងរាស្ដ្រ នឹងឲ្យលុយ​បងប្អូន​ចាស់ៗ​ម្នាក់ ១០ដុល្លារ​ក្នុង​មួយ​ខែ​ទេ​ គាត់មិន​សន្យាអញ្ចឹងទេស្ដាប់ឲ្យច្បាស់ ទាល់តែគាត់​ធ្វើ​នាយករដ្ឋមន្ដ្រី​ ទើបបាន ១០ ដុល្លារ​ណា​ និយាយ​គ្នាឲ្យច្បាស់។
អញ្ចឹងបើ កឹម សុខា ជាប់ជាតំណាងរាស្ដ្រ ហើយប្រពន្ធលោក កឹ​ម សុខា ជាប់​ជា​តំណាង​រាស្ដ្រ​ទៅទៀត គឺបងប្អូន​នៅតែគ្មាន ១០ ដុល្លារដែរ។ ចាំចំណុចហ្នឹងឲ្យច្បាស់ មើល​ចំណុច​​ហ្នឹង​​ឲ្យច្បាស់ អញ្ចឹង ទីមួយ កឹម សុខា បាន ២ពាន់ដុល្លារ ប្រពន្ធ ២ពាន់ដុល្លារ ៤ពាន់​សម្រាប់​​រស់​ក្រុម​គ្រួសារ​របស់គេ​មុន​ នេះ​​ប្រសិនបើឈ្នះ​។ ចំណែក​រឿង ១០ ដុល្លារ​ចាំ​ដល់​សេះ​ដុះស្នែង ទៅ​។ អញ្ចឹងបងប្អូន​ត្រូវ​ចាំឲ្យច្បាស់ កឹម សុខា បញ្ជាក់ហើយ អញ្ចឹង​ការសន្យា​របស់ លោក កឹមសុខា គឺ​ជា​ការសន្យាដែលគ្មានថ្ងៃចៃដន្យកើតមាន។ អញ្ចឹងហើយ​ការ​ទទួល​ខុសត្រូវ​នយោបាយរវាង កឹម សុខា និង សម រង្ស៊ី គឺស្ថិតនៅក្នុងស្ថានភាពខុសគ្នា កឹម សុខា ឈរ​នៅត្រើយម្ខាងនៃសមុទ្រ ឯ សម រង្ស៊ី ឈរនៅត្រើយម្ខាងទៀតនៃសមុទ្រ​។
-មតិ​លោកសត្យា រក្ស​
នៅក្នុងឱកាសនេះ ខ្ញុំក៏ចង់ជម្រាបជូន​បងប្អូនដែរ ជាពិសេស​គឺបងប្អូន​ដែល​កំពុងតែ​ដោច​រោយ​ជាមួយ​ កឹម សុខា ទាំងងងឹតងងុលនោះ។​ បងប្អូនគួរតែភ្ញាក់រលឹក ហើយអ្វី​ដែលខ្ញុំ​បាន​​ផ្ដែផ្ដាំ​​​សុំឲ្យភា្ញក់រលឹក​ គឺនៅ​ត្រង់ថាមិន​ចង់ឃើញ​បងប្អូន​ចំណាយពេល​វេលាដែល​អត់​ប្រយោជន៍​។ ពីព្រោះថាសញ្ញានៃការឈ្នះ​របស់​ កឹម សុខា ក្ដី ឬក៏សញ្ញានៃការឈ្នះរបស់ សម រង្ស៊ី ក្ដី មកទល់ម៉ោងនេះ គឺអត់ទាន់មានសញ្ញាណា​មួយដែលថា ឆ្ពោះទៅរកការឈ្នះ ឬក៏ឆ្ពោះ​ទៅ​រក​ជោគជ័យ​នោះនៅឡើយទេ។ ហើយមួយទៀត​សូមបងប្អូនចងចាំថា បក្សដែល​គេថា​នឹង​បង្កើត​ថ្មីនេះ​ វាគ្រាន់តែជាសំបកមួយទេ ហើយអ្នក​ដឹកនាំគឺដដែល។ ហើយអ្នកទាំងពីរនេះទាំង សម រង្ស៊ី ទាំង កឹម សុខា ក្ដី មិនមែនមនុស្សមិន​ធ្លាប់​ចាញ់ឆ្នោត​ទេ ចាញ់ឡើងជ្រេញ មុខ​ដដែលៗ​ ការឃោសនាក៏​ដដែលៗ។​ និយាយឲ្យចំបើគេហៅ​ថា ចាញ់ៗឡើងអស់សាច់ លោកបណ្ឌិត​ គឺអស់សាច់រលីងគួរណាស់បើដឹងថា ខ្លួនអន់ សម រង្ស៊ី ក្ដី កឹម សុខា ក្ដី បើដឹងថា​ខ្លួន​​អន់​ហើយ វាគួរណាស់តែលាចេញពីមេបក្សទៅ ទុកឲ្យក្មេងៗជំនាន់​ក្រោយគេ​ធ្វើការ​ម្ដង​ទៅ ក្រែង​អាចមានប្រជាប្រិយភាពជាងខ្លួន ឬក៏គណបក្សប្រឆាំងនៅកម្ពុជា​គ្មាន​អ្នកដែល​ស្នង​ទេ គ្មាន​យុវជន​ទេ បានជា​ទុកឲ្យអ្នកចាញ់ហើយនិងដឹងថា ចាញ់ហើយហ្នឹង ចេះ​តែរុញ​ឲ្យ​ឡើង​ប្រកួតនេះ ហើយ​បើប្រដាល់គេទះងាប់ហើយ​។
អញ្ចឹងជុំវិញព្រឹត្តិការណ៍ថ្មីបន្ដទៀត ដោយសារតែគណបក្សប្រឆាំងនេះ គឺកំពុង​តែសាប​​ព្រោះ​នូវ​ល្បិចកល​នៃការបោកប្រាស់គ្រប់ប្រភេទតែម្ដង។ ហើយ​និយាយឲ្យ​ចំ​ទៅ​ការ​បោក​ប្រាស់​​របស់ពួកគាត់​ដដែលៗ ហើយទង្វើខុសឆ្គងរបស់គាត់ហ្នឹង គឺដដែលៗទៀត ។
លោក​ សត្យា រក្ស​
សំណួរ​៖ ថ្មីៗនេះ លោក គង់ គាំ ដែលគេហៅថាជាប្រធានចាំផ្ទះប្រធានស្ដីទីអីនេះ ឬបើ កឹម សុខា គាត់ហៅ គង់ គាំ ប្រធាន​ទីងមោង​ ហើយអនុប្រធានទីងមោង​​។ មុន​នឹង​និយាយ​​អី​ទាល់តែ​សុំ​យោបល់ពីគេសិន បានហាន​និយាយគ្មានអំណាចសិទ្ធិអីទេ ទូងៗដូ​ច​ស្គរ​នៅ​ចាំផ្ទះ​ទេ ហ្នឹងខ្ញុំនិយាយតាម កឹម សុខា ទេ​។ អញ្ចឹង​ប៉ុន្មានថ្ងៃនេះ គេកំពុងតែ​យក​គម្រូ​តាម​លោក សម រង្ស៊ី យក​ពាក់​កណ្ដាល​ ឃើញរបៀបទៅអើត​អើម​ព្រំដែនអីនោះ​ណា ហើយ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​ទៀត​ហើយ​។
អញ្ចឹងទង្វើនេះ លោកបណ្ឌិតមានអីដើម្បីជាការពន្យល់ទៅដល់ប្រជាពលរដ្ឋ ហើយ​ទុក​ជា​បទពិសោធន៍ និងទុកជាមេរៀនខ្លះ ក្រែងលោក គង់ គាំ គាត់អត់យល់ដឹងអំពីច្បាប់ ឬក៏​មិន​​បាន​​ស៊ី​ជម្រៅ​ទៅនឹ​ង​តួនាទី​នៃការគ្រប់គ្រងរដ្ឋនោះ?
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ មេ​បក្ស​ដែល​ស្នងពីលោក សម រង្ស៊ី ដែល​លោក កឹម សុខា ហៅថា​អនុប្រធានទី​ង​មោង​នោះ​ ឥឡូវនេះ​បានឡើងទៅជាប្រធានទីងមោង​ហើយ​។​ ប្រធានទីងមោង​នេះ​ តែងតែនិយាយ​ដោយភ្លេចគិតអំពីសាវតា​របស់ខ្លួន​ គឺ​មានន័យ​ថា​ នៅពេលដែលខ្លួន​កាន់​កាប់គណបក្ស​ហើយ​ ហើយ​ សម រង្ស៊ី លែងជាប្រធានបក្ស​ក៏ដោយ​ នៅពេលដែល​មានរឿង​នៅ​ផ្ទៃក្នុង​​គណបក្ស​ ក៏នៅតែ​កាន់ក្រដាស​​ទៅ​សុំ​យោបល់​ លោក សម រង្ស៊ី នៅបារាំង​ដែរ​។​ ប៉ុន្តែ​ មិនទាន់បានទៅដល់​ជួប​ សម រង្ស៊ី ផង​ ក៏ត្រូវ​កូនចៅ​នៅក្នុង​គណបក្ស​នេះ​ ដែលមានឥទ្ធិ​ពល​​ ខ្លាំងជាង​មេបក្ស​ទីងមោង​នេះ​ បានទូរស័ព្ទ​ទៅលោក​ សម រង្ស៊ី​ ដើម្បីដេញ​ចោល​ ឬក៏​ព្រមាន​​ដល់​ពួក​ដែល​ចង់ងើបបះបោរ​នៅផ្ទៃ​ក្នុង​បក្ស​រួចទៅហើយ​ ដោយលោកប្រធាន​ទីងមោង​ មិនទាន់​បាន​ដឹង​ ហើយ​​ដែល​​ចង់​ការពារ​អ្នក​ចង់​​បះបោរ​ក្នុងបក្ស​ទាំង​នោះ​។​ ដោយ​សារ​គាត់​មិន​ស្គាល់អំពី​សាវតា​ខ្លួន​បែបនេះ​ហើយ ទើប​គាត់ក្លាយទៅជាប្រធានទីងមោង​ ហើយ​បាន​ដើរទៅចោទ​គេ​ ថាគេ​ចំ​ណុះអ្នកនេះ​ ឬអ្នកនោះ​ ជាដើម​។​
ឥឡូវនេះ​ ប្រធានទីមោង​នេះ​ បានទៅធ្វើ​​របៀប​ សម រង្ស៊ី​ ទៀតហើយ​​​​។ កាលលោក សម រង្ស៊ី​ គឺគាត់ទៅដកបង្គោល​ ចំណែក​មេបក្ស​ទីងមោងនេះ​មិនហ៊ាន​ធ្វើ​ឲ្យដូច សម រង្ស៊ី​ ទេ​ គឺនៅ​ញញើត​ខ្លាច​ច្បាប់​ខ្លះដែរ​។​ យើង​សូម​ផ្តាំទៅលោក​ប្រធានទីងមោង​ថា​ រឿង​បង្គោល​ព្រំដែន​​នេះ​ គឺធ្លាប់មានបទពិសោធន៍​ពេលដែល លោក សម រង្ស៊ី​ បានធ្វើ​ គាត់​បាន​ទៅ​ញុះញង់​​ប្រជា​ពលរដ្ឋ​​ឲ្យ​មក​ប្រព្រឹត្តិជាមួយគាត់​ ដោយ​ប្រជាពលរដ្ឋ​ លោកមិនបានដឹង​អំពី​ផ្លូវច្បាប់​ថា​អាច​ជាប់​ទោស​។ ដូច្នេះ​សង្ឃឹម​ថា​ លោក ប្រធានទីងមោង​ពេលនេះ​ មិនធ្វើ​ឲ្យ​ប្រឡាក់ប្រឡូក​ទៅដល់​ប្រជាពលរដ្ឋ​ទេ​ គឺ​ទុកឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​មុខរបរ​របស់​ពួកគាត់​ ដើម្បី​ជីវភាព​គ្រួសារ​គាត់ទៅចុះ​។ ប្រសិនបើ​លោក​ប្រធាន​ថ្មីនេះ​ គាត់​ចង់ជាប់​គុគ​ ជាប់ច្រវ៉ាក់​ ឬចង់ឲ្យតុលាការ​ផ្តន្ទាទោស​គឺ​ជាប់​តែលោក​ម្នាក់​ទៅចុះ​ និង​សូមឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​គិត​ថា​មុននឹងធ្វើអ្វីគឺត្រូវគិត​អំពី​អធិបតេយ្យភាព​របស់ប្រទេស​ គិត​អំពីផ្លូវច្បាប់​ និង​គិត​​អំពី​អ្វីដែល​ជា​សម្បត្តិ​សាធារណៈ​​ និង​មិនត្រូវធ្វើតាម​ការ​ចញ្ចើចបញ្ជោរ​របស់​អ្នក​នយោបាយ​​ទុច្ចរឹត​​ឡើយ​ ពីព្រោះ​​វាអាច​ធ្វើឲ្យ​បងប្អូន​​ប្រឈម​ជាមួយ​​ច្បាប់​​។​
រឿងនេះ​​ ប្រសិន​បើ​​មេបក្ស​ទីងមោង​ ដែលជាសមាជិកព្រឹទ្ធ​សភា​ និង​​អ្នក​តំណាងរាស្ត្រ​ សម រង្ស៊ី និងតំណាងរាស្ត្រ​ កឹម សុខា​ ដែល​ទៅជាមួយគ្នា​នោះ​បានប្រព្រឹត្តិ​នូវ​ការបំផ្លាញ​បង្គោល​ព្រំដែនទៀត​នោះ​ គឺ​ប្រាកដ​ជា​មិនអាច​ឲ្យ​លោក អូបាម៉ា​ ជួយ​ ឬប្រទេស​បារាំង​ជួយ​បានទេ​ គឺបណ្តា​ប្រទេស​នៅសហគមន៍​ អឺរុប​ក្តី​ គេ​មានតែជម្រុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​​ទោស​ក្រម​ព្រហ្មទណ្ឌ​ ទៅលើអ្នកទាំងអស់នោះ​ថែមទៀត​។​
លោក​ សត្យា រក្ស​
សំណួរ​៖ ទាក់ទង​និងរឿង​ព្រំដែននេះ​ យើងឃើញថា​អស់លោក​បក្ស​ប្រឆាំង​កំពុង​តែ​បន្លឺ​សម្លេង​​ថា​ខ្លួន​ស្រឡាញ់​ខ្លាំងណាស់​ ហើយ​ថា​ខ្លួនចង់​ការពារ​ ចង់​ថែរក្សា​ ចង់អភិវឌ្ឍ​ នឹងរឿងព្រំដែននេះខ្លាំងណាស់​។ ប៉ុន្តែ​មកទល់​ពេលនេះ​ តើអ្វីទៅ​ដែលជាសមិទ្ធផល​ ឬជា​ស្នាដៃ​​​ដែល​បក្ស​​ប្រឆាំង​​បាន​​កសាង​ ដើម្បី​ជា​ប្រយោជន៍​​នៅក្នុងការ​ការពារ​អធិបតេយ្យភាព​ ការពារ​បូរណភាពទឹកដី​ ការពារ​នូវអ្វីដែលជាបំណងរបស់ប្រជាពលរដ្ឋ​ ដើម្បីជាមរតក​សម្រាប់​មនុស្ស​​ជំនាន់ក្រោយ​ដូចការអះអាងរបស់ពួកគេដែរឬទេ?​
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ប្រសិន​បើ​គណបក្ស​ប្រឆាំងពិតជាស្រឡាញ់ទឹកដី​ ស្រឡាញ់​ប្រទេសជាតិ​ពិត​មែន​ នៅពេលដែលកម្ពុជា​ប្រឈមមុខ​ការពារបូរណភាពទឹកដី​នៅប្រាសាទព្រះ​វិហារ​​ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​​ ដែលជារបស់ខ្មែរ​ ហេតុ​អ្វី​បានជាលោក សម រង្ស៊ី និងលោក កឹម សុខា​ មិនទៅចូលរួម​លើកទឹកចិត្ត​កងទ័ព​?​ លោក កឹម សុខា ប្រមូលស្បៀងបានបន្តិចបន្តួច​ មិន​​បាន​ប្រគល់ទៅឲ្យ​ក្រសួងការពារជាតិ​ ឬប្រគល់ទៅឲ្យ​គណៈកម្មការ​ការពារជាតិ​នៃ​រដ្ឋសភា​ទេ​​ គឺគាត់​ធ្វើ​ដើម្បី​ចង់​កេញចំណេញ​នយោបាយ​ ឬដើម្បី​បង្ហាញ​មុខ​តែប៉ុណ្ណោះ​។​ ផ្ទុយទៅវិញ​ កាលពីព្រឹត្តិការណ៍​នោះ​ គឺ​មានតាំងពី​កុមារា​ កុមារី អាជីវករ​ រួមទាំងបងប្អូន​អ្នករត់ម៉ូតូឌុប​ក៏បានចូលរួមថវិកា​រ​របស់ខ្លួន​មកចូលជាមួយមូលនិធិបាយ៍ន​ដែរ​។​ ការដែលគណបក្ស​ប្រឆាំង​មិនបាន​ចូលរួម​វិភាគទាន​ឧបត្ថម្ភ​ដល់​កងទ័ព​ នៅពេល​ប្រទេស​ជាតិ​មាន​បញ្ហា​នោះ​ ជាការ​បញ្ជាក់​​ថា​ គណបក្ស​ប្រឆាំង​មិនបាន​មាន​ចិត្ត​ជួយការពារទឹកដី​នោះទេ​ ផ្ទុយទៅវិញ​គឺពួកគេ​ចង់​កេង​​ចំណេញ​​នយោបាយ​​ទៅ​វិញ​ទេ​។​​
ចំណុច​ដែលគណបក្ស​ប្រឆាំង​បានប្រើនូវនយោបាយ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​មក​ដក​បង្គោល​​ព្រំដែន​​ គឺមិនមែនជានយោបាយការពារជាតិនោះទេ​ តែវា​ជានយោបាយ​បង្ក​រឿង​ឈ្លោះ​ទាស់ទែងគ្នា​ជាមួយប្រទេសជិតខាងទៅវិញទេ​។​ ឧទា​ហរណ៍​ ដូចក្រុមអាវលឿងថៃ​ ដែល​​​​ចង់​មក​​ដកបង្គោល​ព្រំដែន​​ គឺជា​ការបង្ករឿង​ជាមួយកម្ពុជា​ ដូច្នេះ​រដ្ឋាភិបាលថៃ​មិន​អនុញ្ញាត្តិ​​​ឲ្យ​​ធ្វើ​​ទេ​​។ ដូច្នេះ​កម្ពុជា​ក៏​មិនអាចធ្វើបែបនេះបានដែរ​ ពីព្រោះវា​នាំឲ្យមាន​ការបង្ករឿង​ជា​មួយ​ជាតិ​ដ៏ទៃ​​ ហើយអន្តរជាតិ​ក៏មិនគាំទ្រដែរ​ ហើយយើង​ក៏មិនអាចឈ្នះ​លើ​ឆាក​អន្តរជាតិ​ទេ​ ប្រសិនបើយើង​ប្រើនយោបាយការពារជាតិ​បែបនេះ​ដូចគណបក្ស​ប្រឆាំង​ធ្លាប់ធ្វើ​។​ ផ្ទុយ​ទៅ​វិញ​ គឺជា​ទង្វើ​​បំផ្លាញ​​នយោបាយ​ការពារជាតិទៅវិញ​ទេ​​។ សរុបមក ទង្វើ​របស់​ លោក សម រង្ស៊ី និងមេបក្ស​ទីងមោង​ រួមទាំងទង្វើរបស់លោក កឹម សុខា ក្តី​គឺជា​ទង្វើ​បំផ្លាញ​នយោបាយ​ការពារ​ជាតិ​​។​
នយោបាយ​របស់គណបក្ស​ប្រឆាំង​ គឺគ្មាននយោបាយសម្រាប់ជីវិតជាតិ​ទេ​។ ឧទាហរណ៏​​ បញ្ហា​ព្រំដែន​ គឺការកំណត់​អំពី​ខ្សែរ​បន្ទាត់​ព្រំដែន​។​ ពួកគណបក្ស​ប្រឆាំង​តែងតែ​យក​រឿងអតីតកាល​មកលង​រឿង​បច្ចុប្បន្នកាល​។ ការលើកបែបនេះគឺជាការបញ្ឆេះ​កំហឹង​ជាតិ​និយម​​ដើម្បី​បំផ្លាញ​ជាតិខ្មែរ​​។ កាល​ណាភ្លើង​សង្គ្រាម​កើត​ឡើង​​ ជីវិតមនុស្ស​ត្រូវជួប​ប្រទះ​នូវ​សោកនាដកម្ម​ ហើយ​កម្ពុជា​ គឺកំពុងតែទ្រុឌទ្រោម​ គឺយើង​ទើបតែ​បានរីកលូត​លាស់​តែជាង​១០ឆ្នាំ​ ចុងក្រោយនេះ​ទេ​បន្ទាប់​ពីនយោបាយឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន​ ។​ ចំណុច​មួយទៀត​ គឺការគូសវាស​ខ្សែរបន្ទាត់ព្រំដែន បើអស់​លោកទាំងអស់​នោះទទួល​ស្គាល់​ការ​ពិត​​ គឺត្រូវ​​បញ្ចប់​បញ្ហា​អស់ហ្នឹង​​ដោយការ​គូសវាស​ខ្សែ​រ​បន្ទាត់​ និងការបោះបង្គោល​ហើយ​ ដើម្បី​កុំឲ្យបញ្ហា​ព្រំដែន​ក្លាយទៅជាបរិបទ​នយោបាយ​ កំប្លែងសម្រាប់គណបក្ស​ប្រឆាំង​​ កម្ទេច​ បំផ្លាញជីវិត​មនុស្ស​​​​។​ សព្វថ្ងៃនេះ​ គណបក្ស​ប្រឆាំងតែងតែ​លើក​យក​រឿង​ខ្សែរ​បន្ទាត់ព្រំដែន​ ទឹកដី​របស់ខ្មែរ​ត្រឹម​នេះ​ ឬត្រឹមនោះ​ មកលេងសើច​ ពីព្រោះរឿងអតីតកាល​គឺជារឿង​ឈឺចាប់​មួយ​រួចទៅហើយ​ ដូច្នេះ​យើង​មិនត្រូវ​លើក​ឲ្យវាឈឺចាប់តទៅទៀតទេ​។ ដូច្នេះ​ដើម្បីជំនះ​នូវរឿង​អតីតកាល​ទាំងនោះ​ គឺត្រូវ​ចូលរួម​ដោយស្មោះ​ស្មគ្រ​​ជាមួយគ្នា​​ គាំទ្រ​ការ​អារកាត់​របស់​ប្រមុខ​រដ្ឋាភិបាល​​ ក្នុងការធ្វើឲ្យបានសម្រេច​នូវការគូសវាសខ្សែរបន្ទាត់​ព្រំដែន និងការបោះ​បង្គោល​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​​ទាំងបី​ ពីព្រោះ​​ចំនួន​បង្គោល​នៅសល់បន្តិច​បន្តួច​​​ប៉ុណ្ណោះ​​។​ត្រង់នេះ​ហើយគឺជានយោបាយធានា​​ផ្តល់​នូវលទ្ធភាព​ក្នុងការអភិវឌ្ឍ​ និង​សន្តិភាព​​នៅតាមព្រំដែន​ ដើម្បី​ដឹកនាំ​ប្រទេស​ឈានទៅមុខ​ ហើយ​គ្រប់គណបក្ស​នយោបាយ​​អាច​​ប្រកួត​​​ប្រជែង​​គ្នា​​នៅ​​ក្នុង​នយោបាយ​ លើ​ទីលាន​នយោបាយ​​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​​។​​
-មតិ​លោក សត្យា រក្ស​
សរុបមក​ ក្រោយ​ពីបាន​ស្តាប់នូវការបកស្រាយ​របស់លោក​បណ្ឌិត​ គឺបងប្អូន​ប្រជា​ពលរដ្ឋ​​​អាច​ពិចារណា​ និងអាចដោះខ្លួន​ឲ្យរួចផុត​ពីឥទ្ធិពល​ និងក្រញ៉ាំ​នៃការ​បោកប្រាស់​របស់​បក្ស​​​ប្រឆាំង​​​ជា​មិនខាន​។ បងប្អូន​ អាច​មើលឃើញអំពី​ហេតុ​ផល​ ជាពិសេស​គឺ​ប្រវត្តិ​របស់​គណបក្ស​​ប្រឆាំង​​ឲ្យ​បាន​ច្បាស់​ ថា​តើប៉ុន្មានអាណត្តិមកហើយ​ដែលគណបក្ស​ប្រឆាំង​បាន​ចាញ់​ឆ្នោត​​?​ ហើយ​ការដែលគណបក្ស​ប្រឆាំងចាញ់ឆ្នោតកន្លងមក​នោះ​ តើ​គោលនយោបាយ និង​​ចរឹត​នៃ​ការ​ឃោសនា​​​​របស់​គាត់​​នោះយ៉ាងម៉េច?​ សរុបមក​ ការឃោសនា​របស់​គាត់​គឺ​ដដែល​ៗ​ ​គឺគ្មាន​អ្វី​ក្រៅពី​យួ​ន​យក​ដី​​ រំកិលព្រំដែន​ ពុករលួយ ហើយ​គណបក្ស​របស់គេ​នោះ​នឹង​ឈ្នះ​​ដោយ​សារ​​ការ​ទទួល​​ការគាំទ្រ​​ពី​អន្តរជាតិ​ ជាពិសេសអាមេរិក​ គឺដដែលៗ​។ ផ្ទុយទៅវិញ​ បើ​​និយាយ​អំពី​លទ្ធផល​វិញ​​គឺ​គណបក្ស​​ប្រឆាំង​​​កាន់​តែ​ដុន​ដាប​​ទៅ​ជា​លំដាប់​។​ អញ្ចឹង​សូម​បងប្អូន​​ប្រជាពលរដ្ឋ​ឈប់​ចាញ់​បោក​​គេ​ត​ទៅទៀត​ទៅ​​។ បងប្អូនគួរតែងាកមករក​អ្វីដែលជា​​​ភាពចម្រុងចម្រើន​សម្រាប់​​សង្គមជាតិ​ ពីព្រោះប្រជាពលរដ្ឋ​ជាកម្លាំងរបស់ប្រទេស​។ ជាតិ​មួយ​ដែល​អាច​រីក​ចម្រើន​​​ទៅមុខបាន​ អាស្រ័យដោយ​សារ​តែប្រជាពលរដ្ឋ​មានឆន្ទៈ មានសេចក្តី​ក្លាហាន​ ស្មោះត្រង់​នឹងជាតិ​ បម្រើជាតិដោយ​សុទ្ធចិត្ត​ និង​ចូលរួមពូនជ្រុំ​ជាមួយរាជ្យវង្ស​ និង​រាជរដ្ឋាភិបាល​​ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែប្រសើរឡើង​ និងធ្វើឲ្យជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។​
បើនិយាយ​អំពីចរឹត​​របស់​អ្នកនយោបាយ​ប្រឆាំង​​មកទល់​សព្វ​ថ្ងៃ​នេះ​ ​គឺគ្មាន​អ្វី​ក្រៅ​ពីការ​អួត​​​ ក្រៅពីការ​សន្យា​ទេ​។ ការសន្យានេះ​ គឺជាការបោកប្រាស់​យ៉ាង​ពិតប្រាកដ​។ បងប្អូន​អាច​ពិចារណា​​មើល​​ថា​ នៅពេលដែល​កម្ពុជា​ធ្លាក់​ទៅក្នុង​គ្រោះ​មហន្តរាយ​នៃរបប ប៉ុល ពត​ បើសិន​ណា​ជា​ សម្តេច ទាំងបី​ ពេលដែល​ចេញទៅក្រៅប្រទេស​ ហើយ​គាត់​បំពងសម្លេង​ពី​ក្រៅ​ប្រទេស​​​​ដោយប្រើពាក្យ​សន្យា​ដូច​គណបក្ស​ប្រឆាំង ​ដែលកំពុងតែប្រើប្រាស់​តាមប្រព័ន្ធ​ឃោសនា​​​​ពីក្រៅ​ប្រទេស​​មកវិញនោះ​ ប្រហែល​ជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិនអាច​រស់រាន​មាន​ជីវិត​​មក​ដល់​ពេលនេះ​​ទេ​ ​ហើយ​ក៏មិនអាច​ទទួលបាននូវការហូបចុកគ្រប់គ្រាន់ និងមិន​អាច​ជួប​ជុំគ្រួសារ​​ដូចពេលនេះទេ​។ ដូច្នេះ ការសន្យា​គឺមិនអាចជាការពិតបាន​ទេ​ បងប្អូនគួរ​តែ​ងាក​​មក​ទទួល​យក​នូវអ្វី​​ដែលជា​ការពិត​ អ្វីដែល​ជាភាព​ជាក់ស្តែង​​ អ្វីដែលជាសមិទ្ធផល​កំពុង​ទទួល​បាន​ ដែលយើងអាច​ទាញ​យក​មកអភិវឌ្ឍជាតិ​ និងចម្រុងចម្រើន​ដល់ក្រុមគ្រួសារ​របស់​យើង​​៕​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី

បទវិចារ​ណកថា​៖ ​អសម​ត្ថភាព​ខ្លួនឯង​ ​ដើរលាប​ព័ណ៌ឲ្យ​គេ



បទអត្ថា​ធិប្បាយ​៖ ​សម្តេចនាយក​រដ្ឋមន្ត្រីៈ​ “ការកសាង​ប្រទេសពីបាត​ដៃទទេ ​និងមានរបួស​ទៅទៀត”​




សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​រាត្រី​ស​មោស​​​រ​មូល​​និធិ​ “យុវជន​​ក្នុង​​បុព្វ​ហេតុ​មាតុ​ភូមិ”​

សុន្ទរកថា 
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ក្នុងពិធីរាត្រីសមោសរមូលនិធិ​ “យុវជនក្នុងបុព្វហេតុមាតុភូមិ”​
រាជធានីភ្នំពេញ ថ្ងៃទី0៩ ខែមីនា ឆ្នាំ២០១៣
­œœ
-      ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
-      ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា
-          អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិង​អន្តរជាតិ​ និងក្មួយៗយុវជនទាំងអស់ ជាទីមេត្រី​!
ថ្ងៃនេះ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ដោយបានមក​ចូលរួម​ក្នុងពិធី រាត្រីសមោសរមូលនិធិ «យុវជនក្នុងបុព្វហេតុមាតុភូមិ» ជាមួយឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា​ អស់លោក លោកស្រី សប្បុរសជន ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិទាំងអស់ ជាពិសេស ក្មួយៗ​​ យុវជននៃសហភាព​សហព័ន្ធយុវជន​កម្ពុជា។ ខ្ញុំសូមកោតសសើរ និងវាយ​តម្លៃ​​ខ្ពស់​ចំពោះ​​​គំនិតផ្តួចផ្តើម និងកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ក្មួយ ហ៊ុន ម៉ានីនិងក្មួយៗជា​ថ្នាក់​ដឹកនាំ​នៃ​សហ​ភាព​សហព័ន្ធយុវជន​កម្ពុជា ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​បណ្តាស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​និងសហគ្រាស​ឯកជន សមាគម អង្គការមិនមែន​រដ្ឋាភិបាល និងសប្បុរសជន​ទាំង​ឡាយ​​ក្នុងការរៀបចំឱ្យ​មាន​ការជួបជុំគ្នាដ៏មហោឡាឫកនេះ។

 ការជួបជុំគ្នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​គំនិត​ច្នៃ​ប្រឌិត​​ដ៏​ឈ្លាស​វៃ​ ​និងសមិទ្ធផលការងារជាបន្តបន្ទាប់របស់សហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែល​ខ្ញុំ​មាន​​មោទន​ភាព​និងគាំទ្រជានិច្ច ចាប់តាំងពីពេលដែល​សហភាព​នេះត្រូវបានបង្កើតឡើង។ យើង​​ទាំងអស់គ្នាមាន​សេចក្តី​សប្បាយរីករាយ​ ដោយបានឃើញយុវជនកម្ពុជា​កំពុង​បំពេញ​សកម្មភាព​​​ការងារក្នុងបេសកកម្ម​ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍ​សង្គមជាតិ​ប្រកប​ដោយ​​​ចិរភាព ដោយទទួលបានផ្លែផ្កា​គួរឱ្យ​កត់សម្គាល់ ។

ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោក​ ហ៊ុន ម៉ានី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលបានបង្ហាញអំពី​សមិទ្ធផលការងារ សំខាន់ៗ​​​របស់​ខ្លួន​នាពេល​កន្លងមក ក៏ដូចជាចក្ខុវិស័យសម្រាប់អនាគត។ ខ្ញុំសូមកោតសសើរ​និង​វាយតម្លៃខ្ពស់​ចំពោះ​ស្នាដៃការងារដែលស្តែងចេញ តាមរយៈសកម្មភាពសំខាន់ៗរបស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា មានជាអាទិ៍ ការលើកកម្ពស់ការយល់ដឹង​របស់​យុវជន​​អំពី​ប្រវត្តិសាស្រ្ត​កម្ពុជា ការជំរុញ​ឱ្យ​យុវជន​​​ចូលរួមក្នុង​ការងារសង្គមនិងមនុស្សធម៌ និង​ការជួយ​ដល់​យុវជនក្នុងការអប់រំ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កីឡា និងការទទួលបានព័ត៌មាន​អំពីទីផ្សារ​ការងារ ជាដើម។ សកម្មភាពទាំងនេះ ពិតជាមានសារៈសំខាន់​ណាស់នៅក្នុងបរិបទនៃការអភិវឌ្ឍ​​ប្រកប​ដោយ​​ចិរភាព ដែលទាមទារឱ្យមានតួនាទី​និង​ការចូលរួម​យ៉ាងសកម្មរបស់​យុវជន​​ក្នុង​​ការរួមចំណែក​ដោះស្រាយបញ្ហាប្រឈមក្នុងដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។ ការចូលរួមរបស់យុវជន​មិនត្រឹមតែ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង​ការអភិវឌ្ឍ​ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ​​ថែម​ទាំង​ជាការផ្តល់ឱកាសដ៏ល្អសម្រាប់យុវជនក្នុងការពង្រឹង​សមត្ថភាពរបស់ខ្លួន​​ ​ដើម្បីក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិនិងសក្តិសមជា “ទំពាំងស្នងឫស្សី” ពិតប្រាកដថែមទៀតផង។ ក្នុង​ន័យនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ តែងតែយកចិត្តទុកដាក់ខ្ពស់​ក្នុងការលើក​កម្ពស់​តួនាទី​របស់​យុវជនឱ្យបាន​ចូលរួម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារជាតិ​ ការថែរក្សា​វប្បធម៌ និងការ​​អភិរក្ស​បេតិកភណ្ឌជាតិ​ និងថែមទាំង​ទទួលបាន​សិទ្ធិក្នុង​ការធ្វើ​នយោបាយ​ទៀតផង។ ​ជាក់ស្តែង ​ការចូលរួម​របស់​យុវជន​ក្នុង​ការអនុវត្ត “គោលនយោបាយចាស់សកម្មភាពថ្មី” គឺ​ជា​សក្ខី​ភាពដ៏​លេច​ធ្លោ​​ ដែល​បង្ហាញ​​​​​នូវ​គំរូ​វីរៈភាព​របស់​យុវជន​​ស្ម័គ្រចិត្តសម្តេចតេជោ​ក្នុង​បេសកកម្ម​​ជាប្រវត្តិសាស្រ្ត​របស់​ខ្លួន​ ក្នុង​​ការ​ងារ​វាស់វែង​ដីធ្លី ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ និងក្មួយៗយុវជន​ទាំងអស់

យើងទាំងអស់គ្នាដឹងហើយថា ប្រទេសកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប​ ហើយត្រូវបាន​អ្នកជំនាញ​កា​រ​មួយចំនួនទទួលស្គាល់ថា​ កម្ពុជាជាអធិរាជាណាចក្រនៃបេតិកភណ្ឌ។ ជាក់ស្តែង ពិភពលោក​បា​ន​ទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌជាតិយើង និងបាន​ចុះតំបន់រមណីយ​ដ្ឋាន​អង្គរ​ ទៅក្នុងបញ្ជីបេតិក​ភ​ណ្ឌពិភពលោកដែល​ងាយ​រង​គ្រោះ​ថ្នាក់នៅ​ឆ្នាំ១៩៩២ និងក្រោយ​មកត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ងាយ​រង​គ្រោះ​នេះ​នៅ​ឆ្នាំ​២០០៤​ រីឯ​ប្រាសាទ​​​​ព្រះវិហារ​ត្រូវបានចុះ​ក្នុង​​​បញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ​២០០៨។ ពិភពលោក​ក៏កោត​សរសើ​​រផងដែរ​ ចំពោះ​បេតិកភណ្ឌអរូបីពីរទៀតរបស់​កម្ពុជាគឺ របាំព្រះរាជ​ទ្រព្យដែលត្រូវបានចុះបញ្ជីនៅឆ្នាំ២០០៣ និង​ល្ខោនស្បែកធំ នៅឆ្នាំ​២០០៥។

ជាងនេះទៀត នៅឆ្នាំ២០១៣នេះ ព្រះ​រា​ជា​ណា​ចក្រកម្ពុជានឹងរៀបចំអបអរសាទរ​ខួប​លើកទី​២០ ​​​​​នៃការចុះ​បញ្ជី​តំបន់​អង្គរជាបេតិ​ក​ភ​ណ្ឌ​ពិភពលោក ហើយដែលពិធីរំលឹក​ខួប​អបអរ​សាទរនោះនឹងប្រព្រឹត្តទៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​​​លើកទី៣៧ និង​ជា​ប្រធាន​​របស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែល​មាន​ ១៩០​រដ្ឋ​ភាគី​ជា​សមាជិក​។ ព្រឹត្តិការណ៍​ដ៏សំខាន់នេះ​ឆ្លុះ​បញ្ចាំង​​ឱ្យ​​ឃើញ​អំពីជោគជ័យនៃ​កិច្ចសហ​-ប្រតិបត្តិការ​​រវាងរាជរដ្ឋាភិបាល​ និង​អង្គការ​យូណេស្កូ ក្រោមក្របខ័ណ្ឌ​នៃ​គណៈកម្មាធិការ​អន្តរជាតិសម្របសម្រួលកិច្ចគាំពារ​ និងអភិវឌ្ឍ​រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ​ប្រកបដោយជោគជ័យ ដែលអង្គការ​យូណេស្កូ​បានយកទៅអនុវត្តនៅប្រទេសដទៃទៀត​ ។

នៅក្នុងវិស័យបេតិកភណ្ឌនេះដែរ យុវជនក៏ត្រូវបានអង្គការយូណេស្កូផ្តោត​ការយក​ចិត្ត​ទុកដាក់ និងបាន​ផ្តល់តួនាទីយ៉ាងសំខាន់ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទស្សនទានរួម​មួយ​ក្រោម​ពាក្យ​ស្លោក​ថា​ «​យុវជន​និង​បេតិកភណ្ឌ​» ឬ «បេតិកភណ្ឌ​នៅក្នុង​ដៃយុវជន» ដើម្បី​ឱ្យ​យុវជន​​បានស្វែងយល់អំពីតម្លៃវប្បធម៌​និងបេតិក​ភណ្ឌ​​របស់ខ្លួន និងរបស់​ជាតិ​សាសន៍​ដទៃ ដែលនាំឱ្យមានការគោរពស្រឡាញ់វប្បធម៌ និងបេតិក​ភណ្ឌ​របស់ខ្លួននិងរបស់អ្នកដទៃ​ផង សម្រាប់​ជាមូលដ្ឋានក្នុងការបង្កើនការយោគយល់គ្នា​ទៅវិញ​ទៅមក ដែលនាំដល់ការ​កាត់​បន្ថយ​​ជម្លោះ ​និង​រួមចំណែក​ដល់ការពូនជ្រុំ​វប្បធម៌​សន្តិភាព។ ជាក់ស្តែង វេទិកាយុវជនគឺជា​ផ្នែក​មួយ​​​​មិនអាច​កាត់ផ្តាច់បាននៅក្នុងសម័យប្រជុំ​របស់គណៈ​កម្មា​ធិការបេតិកភណ្ឌ​ពិភពលោកជារៀងរាល់ឆ្នាំ ហើយ​នៅក្នុងឆ្នាំ២០១៣នេះ ព្រះរាជា​ណា​ចក្រកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ គណៈកម្មាធិការ​បេតិក​ភណ្ឌ​​ពិភពលោក​​លើកទី​៣៧ បានរំលេចឡើងនូវប្រធានបទដ៏សំខាន់មួយ​គឺ «បេតិកភណ្ឌរស់ ៖ ប្រាសាទ បរិស្ថាន និង​ប្រជាជន»​។ ប្រធានបទនេះ មានគោលដៅសំខាន់ដើម្បីបញ្ជ្រាប​​ការយល់ដឹង​អំពី​ទំនាក់​ទំនង​ប្រកបដោយភាព​សុខុដុម​រមនានឹងគ្នា រវាងវប្បធម៌ បរិស្ថានដែលរួមមានទឹក​និងព្រៃឈើ និង​សហគមន៍។ ក្នុង​ការ​អនុវត្ត​កិច្ចការ​​ដ៏​មាន​សារៈសំខាន់​នេះ​ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​យុវជន​កម្ពុជា​និង​យុវជន​អន្តរជាតិ ដែល​ស្ថិត​​ក្រោម​ការ​ដឹកនាំ​​​របស់​សហភាព​សហព័ន្ធ​​​យុវជន​កម្ពុជា​ នឹង​សម្រេច​បាន​ជោគ​ជ័យ​ថ្មីៗ​ថែមទៀត​ សំដៅ​ចូលរួម​លើក​មុខ​មាត់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ក្នុង​កិច្ចការ​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ​និង​បេតិកភណ្ឌ​ពិភពលោក​។

ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសហភាព​សហ​ព័ន្ធ​​​យុវជនកម្ពុជា​ដែលមានគម្រោងរៀបចំកម្មវិធី «អង្គរសង្រ្កាន្ត» ដែលនេះគឺជាការចូលរួម​ចំណែកថ្មី​ថែម​ទៀត​​​ដល់ការលើក​ស្ទួយ​ និង​អភិរក្សវប្បធម៌ ទំនៀមទំលាប់ និង​បេតិកភណ្ឌ​របស់​កម្ពុជា​ដែល​មានចំណាស់​ដ៏យូរលង់។ ការរៀបចំកម្មវិធីនេះ មិនត្រឹមតែចូលរួម​ផ្សព្វផ្សាយ​​​​និងលើកកម្ពស់​វប្បធម៌ ប្រពៃណី និង​អរិយធម៌ខ្មែរដល់មហាជននិងយុវជន​ ឱ្យបាន​ជ្រួតជ្រាប​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ចូលរួមចំណែក​ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌​ និង​បេតិកភណ្ឌ ដែលជា​ប្រភពបង្កើតការងារដ៏ចម្បង​សម្រាប់​ប្រជាជន​និងយុវជន និងចូលរួមដោយផ្ទាល់ក្នុង​ការកាត់​បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​​។ អាស្រ័យហេតុនេះ ដើម្បីឱ្យ​គម្រោង​​នេះ​​ទទួលបាន​ជោគជ័យ ទាមទារឱ្យមានការចូលរួមនិង​សហការ​យ៉ាង​ជិតស្និទ្ធ​​ពីសំណាក់​អាជ្ញាធរ​​​​​​​​ពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា ព្រមទាំង​វិស័យ​ឯកជន និងសប្បុរសជននានា។

ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ និងក្មួយៗយុវជន​ទាំងអស់

ជោគជ័យនៃសកម្មភាពទាំងឡាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពិតជា​មិន​អាច​​​កាត់​ផ្តាច់ពី​ការចូលរួម​គាំទ្រ​​យ៉ាងផុលផុសពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូចដែលក្មួយ ហ៊ុន ម៉ានី ​បាន​លើក​ឡើង​នៅ​ក្នុងសុន្ទរកថាស្វាគមន៍ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះការចូលរួមវិភាគទាន​ដ៏ថ្លៃថ្លាពីបណ្តា​ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជន​ទាំងអស់។ អាស្រ័យហេតុនេះ ការជួបជុំគ្នាដ៏សប្បាយរីករាយនៅថ្ងៃនេះ ​គឺជាឱកាស​ដ៏ល្អ​ប្រសើរ​​​​​សម្រាប់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជន​ទាំងអស់ ​ចូលរួម​ជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តឧបត្ថម្ភ​គាំទ្រ​ដល់​ «ចលនា​យុវជនក្នុងបុព្វហេតុ​មាតុភូមិ» តាម​ការអំពាវនាវរបស់លោកប្រធាន​សហភាពសហព័ន្ធ​​យុវជនកម្ពុជា ដើម្បីឱ្យ​ចលនា​​នេះ​​​​​​បន្ត​សម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន និង​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​ជូន​សង្គមជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងក្មួយៗយុវជនទាំង​អស់ រីករាយជាមួយ​នឹងរាត្រី​សមោសរ​ដ៏អធិក​អធម​នេះ និងសូមជូនពរ​សុខភាព​​​​​​​ល្អ ​ជោគជ័យ​គ្រប់​​ភារកិច្ច និង​​សុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!!