Friday, March 15, 2013

សម្តេចតេជោ៖មេដឹកនាំ​គណបក្ស​ប្រឆាំង​បរាជ័យ៣ដង​រួច​មក​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​សកល​



សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ២០១៣ បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​ធ្លាប់​បរាជ័យ ​ជាមួយ​សម្តេច​ ៣ដង​ រួច​មក​ហើយ ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​សកល​នា​ពេល​កន្លង​មក​។

​នៅ​ក្នុង​ពិធី​បញ្ចុះសីមា និង​សម្ពោធ​សមិទ្ធផល​នៅ​ក្នុង​វត្ត​ន​ន្ទ​មុនី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ដោយ​មិន​បញ្ចេញ​អត្ត​សញ្ញាណមេដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​​ថា លោក​ឯង​ថា ខ្ញុំ​កំសាកញី​យ៉ាង​ដូចម្តេច? មិនមែន​មិន​ធ្លាប់​ប្រកួត​ជា​មួយ​​គ្នាឯង​ណា លោក​ឯង​ធ្លាប់​ប្រកួត ហើយ​ខ្ញុំ​វាយ​ដួល​ចំនួន ៣ដង ​រួចហើយ បើសិនជា​ខ្ញុំ​វិញ​ដួល​​ប៉ុណ្ណឹង ខ្ញុំ​លាលែង​ឈប់​ធ្វើ​ប្រ​ធាន​បក្ស​ហើយ។ សម្តេច​តេជោ​ថ្លែង​ថា លោក​ឯង​និយាយ​ថា ខ្ញុំ​អត់​ហ៊ាន​ប្រកួត​ជាមួយ​លោក​ឯង​ទេ​កំសាកញី តែ​លោក​ឯង​ចាំ​បានទេ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និង​ឆ្នាំ២០០៨ លោក​ឯង​ជេរ​ខ្ញុំ​​នៅមុខ​ផ្ទះ​របស់ខ្ញុំ​ ក្នុង​ពេល​យុទ្ធនាការ (ដូរ ឬ​មិន​ដូរៗ!!!) ហើយ​​នៅតែ​ចាញ់​ក្នុង​ការ​បោះឆ្នោត​រហូត។

សម្តេចតេជោសែនមាន​ប្រសាសន៍​ថា នៅ​ពេល​លោក​ឯង​ចេញទៅ​ លោក​ឯង​និរទេស​ខ្លួនឯង មិនមែនរាជរដ្ឋាភិបាល​ដេញ​ទេ ហើយ​នៅ​ម៉ោង​នេះ ពេលនេះ​ អត់​មាន​អ្នកណា​រារាំង​លោក​ឯង​​មិន​ឲ្យ​មក​ទេ សុំ​អញ្ជើញ​មកវិញ មក​ប្រកួត​មក​ អ្នកណា​គេ​ហាមឃាត់​បំពេញ​ផ្លូវ​ច្បាប់​យ៉ាង​ណា​ជា​រឿង​របស់​លោកឯង វា​មិនមែន​ទាក់ទង​ជា​មួយ​​ខ្ញុំ​ទេ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បញ្ជាក់​​ថា លោក​​ឯង​ចេញទៅ​ ខ្ញុំ​ក៏​មិនបាន​ដេញ​ លោក​ឯង​មកវិញ​ខ្ញុំ​ក៏​មិន​ឃាត់ «ផ្លូវច្បាប់​សុទ្ធសាធ ខ្ញុំ​អត់​​មាន​សិទ្ធិ​អ្វី​លើស​ពី​ហ្នឹង​ទេ»

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា លោក​ឯង​ធ្លាប់​និយាយ​ជិះ​យន្តហោះ​មក​ជា​មួយ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិកាំង​​ទៀត​ផង។ ពួក​ប្រឆាំង​នៅ​ភ្នំពេញ​គេ​សប្បាយចិត្ត​ណាស់ គេ​និយាយ​ថា​ហ្នឹងហើយ​លទ្ធផល​នៃ​ការ​កៀប​សង្កត់ មេ​យើង​នឹង​មកដល់ ហើយ​ជិះ​យន្តហោះ​ជាមួយ​ប្រ​ធានា​ធិបតី​អាមេរិក​ទៀត​ផង។ ទាក់​ទង​នឹង​បញ្ហា​នេះ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា តាមពិត​លោក អូ​បា​ម៉ា មិនបាន​និយាយ​មួយ​ម៉ាត់​ពី​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង នៅ​ពេល​ដែល​បាន​ជួប​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១២ នៅ​រាជធានី​ភ្នំពេញ​នោះ។

ទាក់​ទង​នឹង​ការ​ចរចា ដើម្បី​បង្រួប​បង្រួម​ជាតិ​រវាង​ភាគី​ខ្មែរ នា​ពេល​កន្លង​មក សម្តេចតេ​ជោ​នាយក​​រដ្ឋមន្ត្រី​មានប្រសាសន៍ថា បើ​និយាយ​ពី​ការចរចាកាលពី​ពេលមុន ​សុទ្ធតែ​អស់ទាស់​ហើយ។ ខ្ញុំ​អាយុ ៣៥ឆ្នាំ ត្រូវ​ចូល​ចរចា​ជាមួយ​ដៃគូ៣ ដែល​ជា​អ្នក​ជើងចាស់​ដូចជា​ព្រះករុណា ព្រះបិតា​ជា​ប្រធានាធិបតី​កម្ពុជា​ប្រជាធិបតេយ្យ សឺ​ន សាន ដែល​ជា​អតីត​នាយក​រដ្ឋ​​មន្ត្រី​ជាន់​ដើម ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំ​ផន ធ្លាប់​ជា​ប្រធាន​រដ្ឋ​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ជា​អនុប្រធាននៃ​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច​តេ​ជោ​ថ្លែង​ថា ខ្ញុំ​ចរចា ៣ ទល់ ១ ខ្ញុំ​សូម​ប្រាប់​អ្នកឯង​ទៅ អ្នកឯង​មិន​មែន​ជា​​ដៃគូរ​របស់ ហ៊ុន សែន ទេ។ សូម្បីតែ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឫទ្ធិ ក៏​មិន​មែន​ជា​​ដៃគូរ​របស់ ហ៊ុន សែន ទេ ឪ​របស់​សម្តេច​ក្រុមព្រះ​ទេ​ ​ទើប​ជា​ដៃគូរ​របស់ ហ៊ុន សែន។ ហ៊ុន សែន មិនដែល​ខ្លាច​អ្វី​ទាំង​អស់​​ចាប់​តាំង​ពី​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ១៩៧៧ ហ៊ុន សែន​ ដឹកនាំ​ការ​តស៊ូ​មិន​ខ្លាច​ស្លាប់​ទេ។ ព្យុះ​ភ្លៀង​យ៉ាងណា​ទ្រាំ​រស់ ស៊ី​អត់​ស៊ី​ឃ្លាន ​នៅ​ជាមួយ​ប្រជាជន។

សម្តេចតេជោ​សែនមាន​ប្រសាសន៍​ថា ខ្លួនឯង​ខ្លាច​ស្រមោល​ខ្លួនឯង​ រត់​ខ្លួនឯង​ចោល​កូនចៅ ហើយ​​ទៅ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​លោកស្រី  អ៊ុង សាន​ស៊ូ​ជី  របស់​ប្រទេស​ភូមា។ លោក​ស្រី អ៊ុង សាន​ស៊ូ​ជី រដ្ឋាភិបាល​មី​យ៉ា​ន៉​ម៉ា ចង់​ឲ្យ​ចេញទៅ​ក្រៅ​ប្រទេស​ តែ​លោកស្រី អ៊ុង សាន​ស៊ូ​ជី សុខចិត្ត​ជាប់គុក តែ​ម្នាក់​នេះ (មេដឹកនាំ​គណបក្ស​ប្រឆាំង) គិតតែ​ពី​រត់ចោលស្រុក ព្រោះ​គេ​អាង​មាន​លិខិតឆ្លងដែន២ ដូច្នេះ​អ្នក​ន​យោ​បាយ​មាន​សញ្ជាតិ២ នេះ​កុំ​សូវ​ទុកចិត្ត​ពេក។

សូម​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ​មាន​វិទ្យុបរទេស​មួយ ​​បាន​ដកស្រង់​សំដី​របស់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​ធ្វើការ​វិភាគទាក់​ទង​នឹង​ករណី​សម្តេច​ក្រុម​ព្រះ នរោត្តម រណ​ឫទ្ធិ ​ចង់វិល​ចូលក្នុងឆាក​​នយោបាយជាមួយ​គណបក្ស​ប្រឆាំង​ មក​ផ្សាយដោយ​ចោទ​ប្រកាន់​​​ថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​មិន​អនុញ្ញាត​ឲ្យ​សម្តេច​ក្រុម​ព្រះ​​នរោត្តម រណ​ឫទ្ធិ ​ចូល​នយោបាយ​វិញ​ជាដាច់ខាត។ ការ​ចង់​ប្តឹង និង​មិន​ចង់​ប្តឹង ​គឺជា​ការសម្រេច​របស់ CPP ទេ ប៉ុន្តែ CPP នឹង​ឆ្លើយតប​ជាមួយ​នឹង​ការ​គំរាម​​កំហែង ដែល​ខ្ញុំ​មើល​ទៅ​បើ​សម្តេច​ក្រុម​ព្រះ​ចូល​ក្នុង​បក្ស​ប្រឆាំង បក្ស​កាន់អំណាច​នឹង​ប្រតិកម្ម​ហើយ។ បើ​សិន​ព័ត៌មាន​ខាងលើ​ជា​ការ​ពិត សម្តេច​ក្រុម​ព្រះ​បាន​ក្លាយខ្លួន​ជា «ចំណាប់ខ្មាំង​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន» ហើយ។
ឆ្លើយតប​នឹង​ការវិភាគ​បែបនេះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងនៅ​ក្នុង​ពិធី​បញ្ចុះសីមា និង​សម្ពោធ​សមិទ្ធផល​នៅ​ក្នុង​វត្ត​ន​ន្ទ​មុនី​​នោះ​ថា នេះ​ជា​រឿង​គួរ​ឲ្យ​អស្ចារ្យ។ រឿង​នេះ​​សម្តេច​ក្រុម​ព្រះ​ ធ្វើ​យ៉ាងម៉េច? ​ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ព្រះអង្គ​គឺ​មិន​ខ្ជីខ្ជា​នោះ​ទេ។ ពាក់​ព័ន្ធនឹង​បញ្ហា​បណ្ដឹង​របស់​លោក​ ញឹក ប៊ុនឆៃ ប្តឹង​សម្តេច​ក្រុម​ព្រះ​​ថា ​លក់​ឧទ្ធម្ភាគចក្រ ខ្ញុំ​បាន​ប្រាប់​ទៅ​ឯកឧត្តម ញឹក ប៊ុនឆៃ កាលពី​រាត្រី​ថ្ងៃទី១៣ ខែ​មីនា​ ឆ្នាំ​២០១៣ ថា «ការ​ប្តឹង​សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ស្មើ​នឹង​ការ​ប្តឹង ហ៊ុន សែន ហើយ​មូលហេតុ​ងាយ​យល់​ទេ ព្រោះ​សម្តេច​ក្រុម​ព្រះ​ចង់​យក​យន្តហោះ​ទៅ​ណា​ត្រូវសុំ​ការអនុញ្ញាត​ពី​នាយ​ក​រដ្ឋមន្ត្រី ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ភាព​ឈ្លាសវៃ​ ជាង​នេះ​បន្តិច​បាន​ទេ។ ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំ​អន់ចិត្ត​ដែរ​រឿង​នេះ។
 
សម្តេច​តេ​ជោបាន​​មានប្រសាសន៍បញ្ជាក់​ថា ខ្ញុំ​មិន​ជឿ​ថា សម្តេច​ក្រុម​ព្រះ​ដល់​ថ្នាក់​ទៅ​ធ្វើ​ជា​​បក្ស​ប្រឆាំង​ទេ ព្រោះ​ជា​ការ​ប្រមាថ​​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​ព្រះបិតា​របស់ព្រះអង្គ ក៏ដូចជា​ព្រះរាជ​វង្សា​នុវង្ស។ ខ្ញុំ​មិន​ជឿ​ថា សម្តេច​​​ក្រុមព្រះ​ដាក់​ព្រះ​កាយ​ឲ្យ​គេ​មើលងាយ មើល​ថោក រត់​ពី​កន្លែង​​មួយ​ទៅ​កន្លែង​មួយ​នោះ​ទេ ហើយ​ព្រះអង្គ​ក៏​ទើប​ប្រកាសក្នុងពេលថ្មីៗនេះ​ មិន​ឲ្យ​រាជ​វង្សា​នុវង្ស​ចូល​ក្នុង​នយោបាយ​ទៀត​ផង។ ម្យ៉ាងទៀត ​ទើបនឹង​ធ្វើបុណ្យ​ព្រះបរម​សព ព្រះ​បរម​រតន​កោដ្ឋ​ រួចហើយ ​ទើបនឹង​ជួបជុំគ្នា​ព្រះ​រាជវង្សានុវង្ស និង​អ្នក​នៅ​ជាមួយគ្នា បែរ​ជាប្តឹង​គ្នា ហើយ​មាន​អ្នក​វិភាគ​ឡប់ៗ​មក​លើក​ឡើង​ថា រឿង​ប្តឹង​មិន​ប្តឹង​ស៊ីសង​លើ CPP ទៅ​វិញ?។

សម្តេចតេជោ​មានប្រសាសន៍​ដោយ​ធ្វើ​ការ​សន្និដ្ឋាន​​ថា ព្រះអង្គ​មិន​ដាក់ខ្លួន​ធ្វើ​បែប​នេះ​ទេ ព្រោះ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា CPP ដង្ហែការពារ​រាជានិយម​ស្មោះ​ស្ម័គ្រ​​ប៉ុណ្ណឹង​​ហើយ ព្រះអង្គ​ទៅ​នៅ​ជាមួយ​គណបក្សប្រឆាំង មិន​ខុស​​​អ្វី​ដែល​ព្រះអង្គ​ចង់​ឲ្យ​រាជា​​និយ​ម​​គង់វង្ស ប៉ុន្តែ​ព្រះអង្គ​នឹង​បំផ្លាញ​រាជា​និយម​ខ្លួនឯង។ សម្តេច​តេជោ​មានប្រសាស​ន៍​ថា សម្តេច​ក្រុម​ព្រះ​អស់​ទាំង​ផ្លូវ​ដើរ ព្រះអង្គ​ទៅ​តោង​ជើង​ពួក​ប្រឆាំង ដែល​ធ្លាប់​ជា​កូនចៅ​ខ្លួន ដែល​ព្រះ​អង្គ​មិន​អាច​​ធ្វើ​ទៅ​កើត​ទេ ត្រូវ​វិភាគ​កន្លែង​នេះ។ ប្រការ​មួយទៀត​បើ​ព្រះអង្គ​ទៅ​មែន​​សូម​កុំ​ភ្លេច​ថា កាលពី​ដើមឡើយ សម្តេច​ក្រុមព្រះ​បាន​ប្រើ​ព្រះនាម​ព្រះបិតា ព្រះបាទ​សម្តេច​​ព្រះ​នរោត្តម សីហនុ ក្នុង​ការ​ឃោសនាបោះឆ្នោត​ជា​មួយ​ខ្ញុំ​នៅឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ ២០០៣ ឆ្នាំ២០០៨ ហើយ​ខ្លឹម​សារ​ពិត​នៅ​ពេល​នោះ​ គឺ​បោះឆ្នោតប្រណាំងប្រជែង​រវាង​ព្រះ​ករុណា​​សម្តេច​ព្រះ​នរោត្តម សីហនុ និង​ ហ៊ុន សែន ព្រោះ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​និយាយ​ថា បើ​ស្រឡាញ់​សម្តេច​ឪ បោះឆ្នោត​ឲ្យ​ហ៊្វុនស៊ិនប៉ិច។ ចំណែក CPP និយាយ​ថា បើចង់​ឲ្យ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី បោះឆ្នោត​ឲ្យ CPP

ពាក់ព័ន្ធនឹង​ការ​​វិភាគ​របស់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា សម្តេច​តេជោ​មានប្រសា​សន៍​វាយ​តម្លៃ​ថា បើ​ឡប់​តែ​ធុន​ហ្នឹង​ធ្វើ​អ្នកវិភាគ​យ៉ាង​ដូចម្តេច​កើត? គួរចៀស​ឆ្ងាយ​ពី​ខ្ញុំ​បន្តិច​បានទេ?​។ សម្តេច​​តេ​ជោ​ថ្លែង​ថា លោក អ៊ូ វីរៈ លោក​គួរតែ​ចេះ​ដឹង​ជាង​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​បានទេ។ លោក​ពិត​ជា​មាន​សិទ្ធិ ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដែរ ខ្ញុំ​គិត​ថា ការវិ​ភាគ​​របស់​លោក​​អន់​ណាស់ គួរតែ​ទៅ​រៀន​សារ​ជា​ថ្មី​ជាមួយ​សិស្ស​នៅ​បឋមសិក្សា​ ឬ​មធ្យម​សិក្សា​​វា​ គ្រាន់​បើ​ជាង។

គួរ​បញ្ជាក់​ថា សមិទ្ធផលខាង​អាណាចក្រ និង​ពុទ្ធិ​ចក្រ ដែល​ចូល​រួម​កសាង​ឡើង​ដោយ​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​ត្រូវ​បាន​កាត់​ឫស​សីមា និងសម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​រួមគ្នា​នៅ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ពេល​នោះ​រួមមាន​ព្រះ​វិហារ​​ទំហំ ២៤ម​x១២ម កំពស់ ៣២ ម៉ែត្រ រួម​ទាំង​ឧបដ្ឋានសាលា របង ក្លោង​ទ្វា ការ​ចាក់​សាប​ក្នុង​បរិវេណ​​វត្ត​ដែល​សរុប​ថវិកា​អស់​ចំនួន​ជាង ៤០ ម៉ឺន​ដុល្លារ​សហ​អាមេរិក និង​ប្រាក់​រៀល​ចំនួន​ជាង ២០០ លាន រៀល៕

អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស

សម្តេច​តេជោ​​ដឹក​នាំ​​គណៈ​ប្រតិភូ​​ជាន់​​ខ្ពស់​​ កម្ពុជា​​ធ្វើ​មាតុ​​ភូមិ​និវត្តន៍​ពីកិច្ច​​ប្រជុំ CLV, CLMV និង ACMECS ​ប្រ​កប​​ដោយ​​ជោគ​ជ័យ

       
សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ២០១៣ បាន​ធ្វើមាតុភូមិ​និវត្តន៍​មក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា បន្ទាប់​​ពី​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ទៅចូល​រួម​ក្នុង​កិច្ច​ប្រជុំ CLV, CLMV និង ACMECS នៅ​សាធា​រណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​​ឡាវ​ប្រ​កប​ដោ​យ​ជោគជ័យ។

នៅក្នុងសន្និសីទ្ធកាសែត​ដែល​ធ្វើ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម ហោ ណាំហុង ឧប​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ ឯកឧត្តម ចម ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​​កំពូល​ CLV, CLMV និង ACMECS សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ជា​សំណូម​ពរ​ឲ្យ​ប្រទេស​ជា​អ្នក​ភូមិ ​ផង​របង​ជាមួយ​កម្ពុជា ​អនុវត្តន៍​គោល​នយោ​​បាយ​ជួយ​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការទប់ស្កាត់​ពាណិជ្ជក​ម្ម​នៃ​ឈើ​គ្រញូង ជា​ឈើ​​មូល​ក្តី ជា​ឈើ​កែច្នៃ​ហើយ​ក្តី។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​មាន​ប្រសាស​ន៍​​ថា សូម​ឲ្យ​ជួយ​ទប់​ស្កាត់ ព្រោះ​ចាប់​ពី​ពេល​នេះទៅ​ កម្ពុជាមិន​អនុញ្ញាត​ឲ្យ​មានការ​កាប់​ឈើ​គ្រ​ញូង​ទៀត​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ ទោះ​ជា​ឈើ​នោះ​មូល​​ក្តី ឈើ​នោះ​ច្នៃ​ហើយ​ក្តី ដែល​នេះ​ជា​ការ​ការពារ​បរិស្ថាន​ផង និង​ការពារ​អាយុជីវិត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ដែល​ចេះតែ​ឆ្លងដែន​លួច​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ជិតខាង ហើយ​ត្រូវ​បាន​គេ​បាញ់សម្លាប់​។
 
ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំង ៣ នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ស្នើ​ហើយ ស្នើ​ទៀត ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ជិត​ខាង​យើង​​គាំទ្រ​ការ​សម្រេច​របស់​សម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ហាមឃាត់​នូវ​ការ​ជួញ​ដូរ​ឈើ​គ្រញូ​ង​នេះ ដោយ​សារ​ឈើគ្រញូង​នេះកាប់​នៅ​ស្រុក​យើង​ហើយ យើង​ចាប់​ជា​បន្ត​បន្ទាប់ តែ​អ្នក​កាប់​បន្ត​ទៅ​កាប់​នៅ​ប្រទេស​ជិត​ខាង​រហូតដល់​ករណី​បាញ់​គ្នា​ ហើយ​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​តាម​ព្រំ​ប្រទល់​ទៀត​ផង។
 
ទាក់​ទង​នឹង​កិច្ច​ប្រជុំ ឯកឧត្តម ហោ ណាំហុង បាន​មានប្រសាសន៍​ថា វេទិកា​តំបន់​ទាំង៣ នេះ​ មាន​គោលដៅ​តែមួយ គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ឈាន​ទៅ​ធ្វើ​សមាហរណកម្ម ដើម្បី​ឈាន​ទៅ​​​បង្កើត​សហ​គមន៍​អា​ស៊ា​ននៅឆ្នាំ២០១៥ ខាង​មុខ​នេះ។
 
ឯកឧត្តម ហោ ណាំហុង មាន​ប្រសាសន៍​ថា ទិសដៅ​នៃ​ការ​បង្កើត CLMV នេះ ​គឺ​ធ្វើ​យ៉ាងណា​ឲ្យប្រទេស​ទាំង៤ នេះ​មានការ​អភិវឌ្ឍ​ឲ្យ​បាន​លឿន ដើម្បី​បន្ថយ​គម្លាត​នៅ​ក្នុង​អាស៊ាន ហេតុ​ដូច្នេះ​​ហើយទើប​មាន​គម្រោង​រហូត​ដល់​ទៅ៥៨ ត្រូវ​បាន​ដាក់​ចេញ ហើយ​មាន​គម្រោង​អាទិ្ធ​ភាព​​ចំនួន១៦ ត្រូវ​បាន​កំណត់ ដែល​ក្នុង​នោះ​មាន​គម្រោង​ចំនួន៤ បាន​អនុវត្តន៍​រួច គម្រោង​ចំនួន២ កំពុង​ដំណើរ​ការ និង​ចំ​នួន ១០គម្រោង​ទៀត ​មិន​ទាន់​មាន​​ហិរញ្ញប្បទាន​ ដើម្បី​អនុ​វត្តន៍។ អង្គ​ប្រជុំ​បាន​ពិភាក្សា​គ្នា​ធ្វើ​យ៉ាង​ណាកែសម្រួល​គម្រោង​នេះ ដើម្បី​ស្វែងរក​ឥណទាន​ពី​ប្រ​ទេស​ដៃគូ ដែល​មាន​ដូចជា ជប៉ុន ចិន កូរ៉េ​ខាង ត្បូង ឥណ្ឌា និង​សហភាព​អឺរ៉ុប។
 
ឯកឧត្តម ហោ ណាំហុង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​អេក​ម៉ិច​មាន​គោលដៅ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ប្រទេស​ទាំង៥ នៅ​ក្នុង​តំបន់​មេគង្គ​នេះ ​មានការ​អភិវឌ្ឍ​ស្មើៗ​គ្នា ដែល​គម្រោង​អភិ​វឌ្ឍន៍​សហប្រតិបត្តិ​ការ​ចំនួន៨ ក្នុង​នោះ​មាន​ពាណិជ្ជកម្ម និង​វិនិយោគ ការ​ត​ភ្ជាប់​​ការ​ដឹក​ជញ្ជូន កសិកម្ម ឧស្សាហកម្ម ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ទេស​ចរណ៍ សុខាភិបាល និង​បរិស្ថាន។
 
កិច្ចប្រជុំ​នេះ​ បាន​ពិភាក្សា​អំពី​ការ​ត​ភ្ជាប់​​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​តាម​អាកាស​រវាង​ ប្រទេស​ភូមា ឡាវ វៀតណាម កម្ពុជា។ ការ​ត​ភ្ជាប់​ផ្លូវគោក​រវាង​ប្រទេស​​ភូ​មា ឡាវ វៀតណាម កម្ពុជា​ ព្រមទាំង​ការ​ធ្វើ​យ៉ាងណា​ជម្រុញ​ឲ្យ​មានការ​វិនិយោគ​នៅ​ក្នុង​ប្រទេស ​ដែលមាន​ភាព​អន់​ថយ​ខាង​ការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច​រវាង​ប្រទេស​ផ្សេងទៀត​ ក្នុងប្រទេស​ទាំង៥ នេះ។
 
ឯកឧត្តម ចម ប្រសិទ្ធ ក៏បានមានប្រសាសន៍ថា នៅ​ក្នុង​កិច្ចប្រជុំ CLV ដែល​នាយករដ្ឋមន្ត្រី​វៀត​ណាម​ធ្វើ​ជា​ប្រធាន​នោះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង៣ បាន​រំលឹក​ឡើងវិញ​នូវ​ការអនុវត្ត​ប្លង់​មេ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​ក្នុង​តំបន់​ត្រី​កោណដែល​មាន ៤ផ្នែក​របស់​កម្ពុជា ៤ផ្នែក​​របស់​ឡាវ និង៥ផ្នែក​របស់​វៀតណាម។ នៅ​ក្នុង​ការអនុវត្ត​នេះ ​យើង​ឃើញ​ថា ល្បឿន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ខេត្តរបស់​កម្ពុជា​ក្នុង​ឆ្នាំ​កន្លង​ទៅ​បាន​ កើន ៩% បើប្រៀបធៀប​នឹង​កំណើន​សេដ្ឋកិច្ច​របស់​​កម្ពុជា​ដែល​មាន ៧,៣% ដែលបង្ហាញ​ថា តំបន់​ត្រី​កោណ​កម្ពុជា​ពិត​មែន​តែ​ក្រ ប៉ុន្តែ​បាន​ទទួល​ការ​អភិវឌ្ឍ​លឿន​ដោយ​សារ​គោល​នយោ​បាយ​ត្រឹមត្រូវ​របស់​ រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន សែន ជា​ប្រមុខ​អ្នកដឹកនាំ។ ខេត្ត​ជាប់​ព្រំដែន​ដែល​ចាត់​ចូល​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​នៅ​ ក្នុងប្រទេសឡាវ​ សម្រេច​បាន ១០% បើ​ប្រៀប​ធៀប​​នឹង​មធ្យមភាគ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ជាតិ​និង​នៅ​វៀតណាម​ សម្រេច​បាន ១១% បើ​ប្រៀបធៀប​នឹង​មធ្យម​ភាគ​​នៃ​​កំណើន​សេដ្ឋកិច្ច​របស់​ជាតិ​មានតែ៥% ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ ​ថ្លែង​ថា ការ​រីក​ចម្រើន​នេះ​ គឺ​ដោយសារ​គោល​នយោបាយប្រទេស​ទាំង៣ ​ អនុវត្ត​ត្រឹមត្រូវ​ក្នុង​ការ​​ជួយ​ដល់​តំបន់ក្រីក្រ​ទាំងនោះ។
 
សូម​បញ្ជាក់​ថា ក្រៅ​ពី​កិច្ចប្រជុំ CLV កិច្ចប្រជុំ CLMV និង​កិច្ចប្រជុំ ACMECS ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀង​ច័ន្ទ​នោះ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ ក៏បាន​ទទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ឯក​ឧត្តម ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឯកឧត្តម​បណ្ឌិត សៃ មុខខាំ (Sai Mauk Kham) អនុប្រធានា​ធិបតី នៃ​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ារ និង​លោក​ជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​ថៃ។
 
នៅ​ក្នុង​កិច្ច​​ពិភាក្សា​ការងារជាមួយ​ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ២០១៣។ ភាគីទាំងពីរ ​បាន​សំដែង​នូវ​ការ​វាយតំ​លៃ​ខ្ពស់​ និង​កោត​សរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ បើ​ទោះបីជា​ការ​កើតមាន​ឡើង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ​កាល​ពីពេល​ថ្មីៗ​ក៏ដោយ។
 
​ឯកឧត្តម ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី​វៀតណាម​មានប្រសាសន៍​ជំរាប​ជូន​សម្តេច​អគ្គ​មហា​សេនាបតីតេ​ ជោ​តេ​ជោ ហ៊ុន សែន ថា បើទោះបីជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កើត​មាន​ឡើង នៅតាម​បណ្តា​ប្រទេស​មួយ ចំនួន​លើ​ពិភពលោក​ក៏​ពិតមែន ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម នៅ​តែមាន​ការ​កើនឡើង ក្នុង​នោះ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​វៀត​ណាម​ក្នុង​ឆ្នាំ២០១២ បាន​កើនឡើង​ជាង ៥% ដោយឡែកកំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១២ មានការ​កើនឡើង​ជាង​៧%។
 
នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ប្ដេជ្ញា​រួមគ្នា​ថា​ នឹង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ ​ឡើង​ថែមទៀត តាមរយៈ​ការពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត។ ឯកឧត្តម ង្វៀន តាន់​យ៉ុង បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេ​ស​​កម្ពុជា​ ដែល​បានដឹកនាំ និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២០-២១ ដែល​បញ្ចប់​ទៅ​ប្រកប​ដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​បំផុត បើទោះបី​ជាមាន​បញ្ហា​មួយចំនួន​កើត​មាន​ឡើង​នៅក្នុង​កិច្ចប្រជុំ​ក៏ពិតមែន។
 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ស្វាគមន៍ ​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​ឯក​ឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ពង្រីក​កិច្ចស​ហ​ប្រតិ​ប​ ត្តិការនៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់​ប្រទេ​ស​​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ ទ្វេ​ឡើង​ថែមទៀត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​កោត​សរសើរ​​ចំ​ពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀត​ណា​មលើក​ទី៧ នៅ​ប្រទេសឡាវ បន្ទាប់ពី​ការ​អាក់ខាន​កាលពីពេល​កន្លងមក​នោះ៕
 
ដោយឡែកនៅ​ក្នុង​ជំនួបរវាង​សម្តេច​អគ្គមហាសេនា​បតីតេជោហ៊ុន និង​ឯកឧត្តម​បណ្ឌិត សៃ មុខខាំ (Sai Mauk Kham) អនុ​ប្រធា​នា​ធិបតីនៃ​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា។ ឯកឧត្តម​បណ្ឌិត សៃ មុខខាំ មាន​ប្រសា​សន៍​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា ចាប់​តាំង​​ពី​ប្រទេស​​យើង​ទាំង​ពីរ​បង្កើត​នូវ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ គ្នា​ ចាប់​តាំងពី​ឆ្នាំ១៩៥៥ រហូត​មក​ដល់​​ពេល​នេះ មាន​ភាព​ជិតស្និទ្ធ និង​មាន​ការ​រីក​ចំរើនគួរ​ឲ្យ​កត់​សំគាល់​ ពិសេស​នៅ​ពេល​បច្ចុប្បន្ន​​នេះ​ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំងពីរ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង ​ទៀងទាត់ ក្នុង​នោះ​កិច្ច​ព្រមព្រៀង​ជាច្រើន​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​ តួ​​យ៉ាង​ដូច​ជា​កិច្ច​ព្រមព្រៀង​លើ​វិស័យ​ទេស​ចរណ៍ កិច្ច​ព្រម​ព្រៀង​លើ​សេវា​កម្ម​ផ្លូវ​​អាកាស និង​ការ​ចង​សម័្ពន្ធ​មេត្រី​ភាព​រវាង​ទីក្រុងសៀម​រាប​របស់​ប្រទេស​កម្ពុជា ជាមួយ​ទីក្រុង​បាហ្កាន​របស់​ប្រទេសមីយ៉ាន់ម៉ា ​រួម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​ផង​ដែរ។ ឯកឧត្តម​អនុប្រធានាធិបតី​មីយ៉ាន់ម៉ាបាន​ជំរាប​ជូន​សម្តេច​តេជោ​នាយក​ រដ្ឋមន្រ្តីផង​ដែរ​​ថា ប្រ​ទេ​ស​មីយ៉ាន់ម៉ា មាន​បំណង​រៀន​សូត្រ​ពី​ប្រទេស​អា​ស៊ាន​ទាំងអស់ ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​​ផង​ដែរ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ដឹក​នាំ​ និង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ពន្ធ័​ដទៃ​ទៀត ដោយសារ​តែ​ប្រទេស​មីយ៉ាន់ម៉ារ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០១៤ ខាងមុខ។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ប្រទេស​យើង​ទាំង​ពីរ​ធ្លាប់​បាន​ជួយ​គ្នា​ទៅ​វិញ ទៅ​មក​លើ​វិស័យ​ជាច្រើន ក្នុង​នោះ​រាប់​ទាំង​ប្រទេស​កម្ពុជា​បាន​គាំទ្រ​ដល់​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ខណៈដែល​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​រាប់​ទាំង​សហគមន៍​អឺរ៉ុប បាន​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេសមីយ៉ាន់ម៉ារ​ មិន​ឲ្យ​ចូល​ជា​សមាជិក​របស់ ​ASEM រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ជាច្រើន​បាន​ដក​ទណ្ឌ​កម្ម​ពី​មីយ៉ាន់ម៉ារ។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាស​ន៍​​ថា ប្រទេស CLMV ក៏ដូចជាប្រទេស​អេកម៉ិក​ទាំង​អស់ ​គួរ​តែ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ ជា​មួយ​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​ក្នុង​ការ​ប្រែ​​ក្លាយ​ទៅ​ជា​ ប្រទេស​ផលិត​អង្ករ​នាំ​ចេញ​ដ៏​ធំ​របស់​ពិភព​លោក។ ​សម្តេច​តេជោក៏បាន​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​ថា ប្រទេស​មីយ៉ា​ន់​ម៉ានឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដឹក​នាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​ក្នុង​ឆ្នាំ២០១៤ ខាង​មុខ​នេះ។
 
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​ថៃ ក៏បាន​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុ​ ស្សរណៈ​ នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើត​ក្រុម​​ប្រឹក្សា​​ធុរកិច្ច​កម្ពុជា-ថៃ រវាង​សភាពាណិជ្ជ​កម្ម​កម្ពុជា ជាមួយ​គណៈកម្មាធិការ​អចិន្រៃ្ត​យ៍​ចំរុះ​​​ពាណិជ្ជ​កម្ម-ឧស្សាហកម្ម និង​ធនាគារ​ថៃ។
 
អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏ មាន​​សារៈសំខាន់​នេះ ជាមួយ​លោក​ប្រធាន​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​ចំរុះ​ពាណិជ្ជកម្ម ឧស្សា​ហកម្ម និង​ធនាគារ​ថៃ។ ពិធី​ចុះហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​នោះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពីសំ​ណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា អស់លោក លោកស្រី ជា​ឥស្សរជន​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល ប្រទេស​ទាំងពីរ និង​ផ្នែក​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ថៃ​ជា​ច្រើន​រូប​ផង​ដែរ។
 
អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មានប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​សភា​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ យោគយល់​គ្នា​ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា-ថៃ ជាមួយ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​ចំរុះ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​ថៃ។ អ្នកឧញ៉ា​បន្ត​ថា អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​​ផ្តល់​នូវ​បទពិសោធន៍បច្ចេកទេស ច្បាប់ និង​ចំណេះ​​ដឹង​ផ្សេងៗទៀត ដល់​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ។ អ្នកឧកញ៉ា​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ខាងមុខ​សភាពាណិជ្ជកម្ម​កម្ពុជា និង​រៀបចំ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​អនុ​ស្សារណៈ​​ដូចគ្នា​នេះ ​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​ សំ​ដៅ​​ធ្វើយ៉ាងណា​ឲ្យ​អ្នក​វិនិយោគ​ទុន​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​នូវ​លំនឹង​ថែមទៀត ក្នុង​ការ​​​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ខាងក្រៅ​ ក៏ដូចជា​ការស្វែងរកឱកាស​វិនិយោគ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។
 
គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០១៣ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើដំណើរ​ទៅកាន់​ សាធា​រណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​ឡាវ តាម​ជើង​យន្ត​ហោះពិសេស ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ CLV លើក​ទី៧ កិច្ចប្រជុំ CLMV លើក​ទី៦ និង​កិច្ចប្រជុំ ACMECS លើក​ទី៥ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀង​ច័ន្ទ​៕
អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស