Thursday, April 4, 2013

សម្តេច​​តេជោ​​និង​​លោក​​ជំទាវ​​ចូល​​រួម​​សប្បាយ​​ រីក​រាយ​​ជាមួ​យ​កុមារ​​គថ្លង់​នៅ​​សាលា​​ពិការ​​ភ្នែក និង​កុមារ​​គថ្លង់​​ភ្នំពេញ​​ថ្មី

សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បង្ហាញ​នូវ​ភាព​រីក​រាយ​ក្រៃលែងក្នុង​ពិធី​ជួបជុំ​ប្រចាំឆ្នាំ ក៏​ជា​ការ​ប្រារព្ធ​បុណ្យ​ប្រជុំញាតិ​លើក​ទី៨ និង​ខួប ២២ឆ្នាំ​ នៃ​អង្គការ​គ្រួសារ​ថ្មី​ ជា​មួយ​កុមារ​ពិការ និង​កុមារគថ្លង់ នៅ​ឯ​សាលា​កុមារ​ពិការ​ភ្នែក និង​កុមា​រគថ្លង់​ភ្នំពេញ​ថ្មី ក្នុងខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុង​នាម​ជា​ ជន​ពិការ​ ដើម្បី​បុព្វ​ហេតុ​ប្រទេសជាតិមួយ​រូប ​បាន​ថ្លែង​អំណរគុណ ចំពោះ​សប្បុរសជន ដែល​បាន​ជួយ​គាំទ្រ​ដល់​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគ​ថ្លង់​ភ្នំពេញ​ថ្មី សាលា​កុមា​រគថ្លង់​ច្បារ​អំពៅ និង​បុរី​កុមារកំព្រា ASPECA និង​សាលារៀន​កុមារ​ពិការ​នានា​នៅ​ទូទាំង​កម្ពុជា ក៏​ដូច​ជា​ចំពោះ​សកម្មភាព​របស់​គណៈគ្រប់គ្រង និង​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ស្ថាន​ភាព​របស់​កុមារ​ពិការភ្នែក និង​គ​ថ្លង់ មាន​ភាព​កក់ក្តៅ​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំគ្រប់​ គ្រង​ទាំង​ខ្មែរ និង​បរទេស។ សម្តេច​តេ​ជោ​សែន​មាន​ប្រសាសន៍​ថា ខ្ញុំ​សប្បា​យ​រីករាយ​ជាមួយ​នឹង​អ្វីដែល​អស់​លោក​អ្នក​បាន​ជួយ​ចំពោះ​ចៅៗ​ ទាំង​ឡាយ ដែល​បានធ្វើ​ឲ្យ​ស្ថាន​ភាព​របស់​កុមារពិការ​ទាំងឡាយ​របស់​យើង​មាន​សភាព​ល្អ​ ប្រសើរ ដោយ​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​សុ​វ​ត្ដិ​ភាព​ក្នុងការ​ស្នាក់អាស្រ័យ ​និង​ការរៀនសូត្រ។
 
សម្តេច​តេ​ជោក៏​បាន​ថ្លែង​អំណរគុណ​ដល់​ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែ​ល​បាន​យក​ចិត្ត​ទុកដាក់​លើ​ការ​គ្រប់គ្រង​ស្ថានភាព​ កុមារ ​មិន​ត្រឹមតែ​នៅ​អង្គការ​គ្រួសារ​ថ្មី​នេះ​ទេ គឺ​នៅមាន​អង្គការ​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះដែរ។ ជាមួយ​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ទីកន្លែង​ទាំងអស់​ដែល​បាន​ យកចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ទាំងឡាយ ដូចជា​សន្តិសុខ សណ្តាប់​ធ្នាប់ ដើម្បី​ឱ្យ​កុមារ​ទាំងអស់​អាច​ទទួល​បាន​នូវ​ការថែទាំ​មួយ​ត្រឹមត្រូវ។ សម្តេច​បាន​អរគុណ​ផងដែរ ​ចំពោះ​មន្ត្រី​ថ្នាក់​ដឹកនាំ​ស្ថាប័ន​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល រួមមាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង ,ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និង​លោកជំទាវ, ឯកឧត្តម ខៀវ កញ្ញា​រី​ទ្ធ និង​លោកជំទាវ, ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទទួល​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​នៅ​មជ្ឈមណ្ឌល​របស់​ អង្គការ​គ្រួសារ​ថ្មីនៅ​ខេត្ត​បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ចាម។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ សម្តេចតេជោ​ ​និង​លោកជំទាវ​ បានទទួល​ឧបត្ថម្ភ​សាលា​ចំនួន២ ទី១, គឺ​សាលា​កុមារ​ពិការ​ភ្នែក និង​កុមា​រគ​ថ្លង់​ភ្នំពេញ​ថ្មី និង​សាលា​កុមារ​គ​ថ្លង់​ច្បារអំពៅ។
 
ភាព​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​រាក់ទាក់ប្រៀ​ប​បាន​នឹងឪពុក​ម្តាយ​ធ្វើ​ចំពោះ​កូន ​បាន​កើត​ឡើង​នៅពេល​ទទួលទានអា​ហារ​​ ដោយ​សម្តេច​តេ​ជោ និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ និង​លោក​ជំទាវ ដែល​អមដំណើរ​បានចាប់​ម្ហូប​អាហារ​ឆ្ងាញ់ៗដាក់​ចាន និង​បញ្ចុក​ពួកគេ​។ វត្តមាន​របស់​សម្តេច​តេ​ជោ និង​លោកជំទាវ​ ក្រៅ​ពី​បាន​បង្ហាញ​ពី​សេចក្តី​អាណិត​ស្រលាញ់ និង​ភាពស្និទ្ធស្នាល និង​សេចក្ដី​នឹករលឹក​ដល់​បងប្អូន​ជន​ពិការ​ទាំងអស់ គឺ​ជា​សកម្ម​ភាព​លើក​ទឹក​ចិត្ត​ចំពោះ​ការតស៊ូ​ និង​ការប្ដេជ្ញា​ចិ​ត្ដរបស់ក្មួយ​ៗ​កុមារ ​ក៏ដូចជា​បងប្អូន​ជនពិការ​ទូទាំង​ប្រទេស​ក្នុងការ​រស់​នៅរៀន​សូត្រ​ និង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និង​វប្បធម៌ បើ​ទោះជា​ខ្លួន​ជា​ជន​ពិការ​ក៏ដោយ។
 
មាន​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់ ចំនួន ១.២១៥នាក់ រួមទាំង​បុគ្គលិក​គ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ចំនួន ៣១១នាក់ ​មកពី​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់ភ្នំពេញ​ថ្មី សាលា​កុមា​រគថ្លង់ ច្បារ​អំពៅ និង​បុរី​កុមារកំព្រា ASPECA បានមក​ចូលរួម​ក្នុង​ពិធី​អាហារ​ថ្ងៃ​ត្រង់នេះ ដែល​រៀងចំឡើង​ដើម្បី​ចូលរួម​អបអរសាទ​ទិវា​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់ បញ្ច​ស័ក ពុទ្ធ សករាជ ២៥៥៧ ដែល​នឹង​ឈានចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។
 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ និង​លោក​ជំទាវ នា​ឱកាស​នោះបានផ្តល់​​អំណោយ​សំរាប់​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់ ដែល​ចូលរួម​ផងដែរ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ៥ម៉ឺន​រៀល។ លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា ១០ម៉ឺន​រៀល។ ជូន​សាលា​កុមា​រគថ្លង់ ច្បារ​អំពៅថវិកា ៣លាន​រៀល។ ជូន​បុរី​កុមារកំព្រា​អេស​ប៉េ​កាថវិកា​ចំនួន ៣លាន​រៀល។ ជូន​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគថ្លង់​ភ្នំពេញ​ថ្មីថវិកា​ចំនួន ៥លាន​រៀល​ផងដែរ៕



ឯកអគ្គ​​រាជ​ទូត​អូស្ត្រាលី​​កត់​សម្គាល់​​លើ​​ចំណុច​​វិជ្ជមាន​​នៃទំនាក់​​ទំនង​​ទ្វេភាគី​​កម្ពុជា-​អូស្ត្រាលី



លោក​ជំទាវ ផេនី រីឆាត (Penny Rechards) ឯកអគ្គរាជទូត​អូស្រ្តាលី ដែលត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការ​ទូតនៅ​កម្ពុជា​បាន​ជម្រាប​ជូន​ម្តេច​ អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៣​ ថា នៅ​ក្នុង​អណត្តិ​រយៈ​ពេល ២ឆ្នាំ ៦ខែ នៃ​បេសក​កម្ម​ការទូត​នៅ​កម្ពុជា លោក​ជំទាវ​បាន​កត់សម្គាល់នៅការ​រីក​ចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ ប្រទេស​ទាំង​ពីរ (អូស្ត្រា​លី-កម្ពុជា)។ លោក​ជំទាវ ផេនី រីឆាត បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជម្រាប​លា​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោនាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា ចំណុច​វិជ្ជ​មាន​ដែល​លោក​ជំទាវ ផេនី រីឆាត កត់សម្គាល់​រួម​មាន៖ ទី១, នៅ​ក្នុង​អំឡុង​នៃ​បេសកកម្ម​របស់​លោកជំទាវ គឺ​ទំនាក់ទំនង​កិច្ច​ពិភា​ក្សា​ទ្វេភាគី​លើបញ្ហា​នយោបាយ​បាន​ប្រព្រឹត្ត​ទៅ​ យ៉ាង​សកម្ម និង​ល្អ​ប្រសើរ។ ទី២, កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​រីក​ចម្រើន បើ​គិត​ពីជំនួយ​របស់​អូស្រ្តាលី​មក​កាន់​កម្ពុជា បាន​កើន​ឡើង​ពី​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក រហូត​ដល់ ៨០លានដុល្លារ​អាមេរិក​ដែលសុទ្ធ​សឹង​តែជា​ជំនួយ​ឥត​សំណង ដែល​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ទៅ​ដល់​វិស័យ​កសិកម្ម វិស័យ​សុខមាល​ភាព ជាពិសេស​សុខមាលភាព​កុមារ ហេដ្ឋា​រចនាសម័្ពន្ធ និង​ប្រព័ន្ធ​យុត្តិធម៌។ ទី៣, វិស័យ​វិនិយោគ និង​ពាណិជ្ជកម្ម ដោយ​លោក​ជំទាវ​ឯកអគ្គរាជទូត បានមាន​ប្រសាសន៍​ថា ទោះ​បីមា​ន​ការ​រីក​ចម្រើនមែន ក៏​ប៉ុន្តែ​ស​ក្តានុពល​ក្នុង​ការ​ពង្រីក​ទៅលើ​វិស័យ​ពាណិជ្ជ​កម្ម និងវិនិ​យោគ​នេះនៅ​មាន​ច្រើន​ណាស់ និង​ទី៤, លោក​ជំទាវ​ឯកអគ្គរាជទូត បាន​សំដែង​នូវការ​រីក​រាយ​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជា​ជន ដែល​សព្វថ្ងៃ​នេះ មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​​អូស្រ្តាលី​មកកាន់​កម្ពុជា ​ដែលមាន​ប្រមាណ​ពី ៨០នាក់ទៅ ១០០នាក់ ហើយក៏​មាន​ការ​គាំទ្រ​ពីរាជរដ្ឋា​ភិបាល​កម្ពុជា​ទៅ​ដល់ជន​ស្ម័គ្រ​ ចិត្តអូស្រ្តាលី​ផង​ដែរ។ ជាមួយ​គ្នា​នេះ អូស្រ្តាលី​នឹង​ផ្តល់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត​ប្រមាណ ៥០​នាក់​ទៅ ៥៥​នាក់​ផងដែរ។

លោក ​ជំទាវ ផេនី រីឆាត ឯកអគ្គ​រាជទូត​អូស្ត្រាលី ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ជូន​ចំពោះ​មន្រ្តី​រាជការ​ទាំង​អស់ ដែល​បានផ្តល់​នូវ​ការគាំទ្រ​ធ្វើ​ឲ្យ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​នៅ​ កម្ពុជា​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។ “ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លះ​កន្លង​មក​នេះ ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេសទាំង​ពីរ​កម្ពុជា-អូស្រ្តាលី​ មាន​ការរីក​ចម្រើន ហើយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក៏​កាន់​តែ​មាន​ភាពជិតស្និទ្ធ​ថែម​ទៀត”។

សម្តេច ​តេជោ​នាយក​រដ្ឋមន្រ្តី ​បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ប្រទេស​អូស្រ្តាលី ដែល​តែងតែ​បាន​​ផ្តល់​ជំនួយ​ដល់​កម្ពុជា ជាពិសេ​ស​ការផ្តល់​ជំនួយ​សង្រ្គោះ​នៅ​ពេល​កម្ពុជា​ជួបប្រទះ​ទឹក​ជំនន់​កាល​ ពី​ឆ្នាំ២០១១ កន្លងទៅ​នេះ។

សម្តេច ​តេជោ​ក៏បានឯកភាព​ជាមួយ​លោក​ជំទាវ ផេនី រីឆាត ពាក់ព័ន្ធ​នឹង​សក្តានុពល​លើ​បញ្ហា​វិនិយោគ និងការ​ធ្វើ​ពាណិជ្ជកម្មនៅ​កម្ពុជា​ ដោយ​សម្តេច​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ (កម្ពុជា-អូស្ត្រាលី) គប្បី​ស្វែងរក​សក្តា​នុពល​នេះ​ ឲ្យ​បាន​កាន់តែ​រីក​ធំធាត់​ឡើង​ថែម​ទៀត ជា​ពិសេស​ទៅ​លើបញ្ហា​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាដើម៕

ទស្សនៈ បន្ទាប់ពី Subedi និង Comfrel គឺ NDI

 កាលពីថ្ងៃទី១៤ ខែមីនា ខ្ញុំបានសរសេរ «អត្ថបទទស្សនៈ» មួយ ស្តីអំពី ការវាយប្រហារទៅលើ លទ្ធិ​ប្រជា​ធិប​តេយ្យ​ដែល​ទើប​តែចាប់​ផ្តើម​រីក​លូត​ លាស់ក្នុងប្រទេសកម្ពុជា ដោយ Surya Subedi ហើយ បន្ទាប់មកដោយគណៈកម្មាធិការសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌ (Comfrel) ក្នុងប្រទេសកម្ពុជា នៅក្រោមចំណងជើងថា «បន្ទាប់ពី Subedi គឺ Comfrel ហើយតើមានអង្គការណា ឬនរណាជាបន្តមក ទៀត?»។ ខ្ញុំមាន​ចម្លើយ​ហើយឥឡូវនេះ។ នោះ គឺវិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ (National Democratic Institute NDI)។

NDI ឆ្លាតណាស់ដែលប្រើឃ្លាថា «សវនកម្មលើការចុះឈ្មោះបោះឆ្នោតក្នុងប្រទេសកម្ពុជា ឆ្នាំ ២០១៣»។ ពាក្យថា «សវនកម្ម» ផ្ទាល់ បង្កប់​នូវ​អត្ថន័យ​ស្តង់ដារ​ក្រមសីល​ធម៌​ខ្ពស់ ដោយមានសវនករមាន សមត្ថភាព និងមានការទទួលស្គាល់ ដើម្បីអនុវត្តន៍ការធ្វើសវនកម្ម និង​ការ​ចែក​រំលែកលទ្ធផលសវនកម្ម ជាមួយ​នឹងស្ថាប័ន​ដែលត្រូវ​បានធ្​វើសវន​កម្ម ដែលអាចឱ្យស្ថាប័នដែលត្រូវបានគេធ្វើសវនកម្មនេះ ឆ្លើយតប និង​បង្ហាញភ័ស្តុតាងដើម្បីជម្រះនូវស្ថានភាពដែលគួរឱ្យសង្ស័យទាំងអស់ មុនពេល​ដែល​ចេញ​ផ្សាយរបាយ ការណ៍សវនកម្មនោះ។

ខ្ញុំប្រាថ្នាថា NDI នឹងចែករំលែក «ដំណើរការសវនកម្ម»របស់ខ្លួនជាមួយនឹងសាធារណជន ដើម្បី ឱ្យមានការពិនិត្យពិច័យ មុនពេល NDI សម្តែង និង​បង្ហាញ​នូវភាព​ក្រអើត​ក្រទម ជាមួយនឹងវិធីសាស្ត្រ «វាយប្រហារទៅវិញគ្រប់ពេលវេលា» ដែលបានត្រូវគេស្គាល់ច្បាស់នោះ តាម​ការ​វាយប្រហារខ្លាំងៗទៅ លើអ្នកដទៃថា «មិន​យល់​ដំណើរ​ការ​សវនកម្ម» របស់ NDI។ ខ្ញុំនឹងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យដែល បាន​បង្កើត​ឡើង​នៃដំណើរការសវនកម្មរបស់ NDI ដើម្បីភាពអាចជឿទុកចិត្តបាន និងគុណភាពដែល ទទួលយកបាន។ ខ្ញុំជឿ​ថា​ខ្ញុំ​មាន​សិទ្ធិ​ចោទ​សួរ​ដោយ​ហេតុថា ប្រព័ន្ធផ្សព្វផ្សាយ និងសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប. ទៅកាន់សាធារណជន បាន​បង្កើន​ការចោទ​ប្រកាន់​ទៅ​លើ គ.ជ.ប. ពីសំណាក់ NDI ថា «គ.ជ.ប. មិនបានយល់អំពីខ្លឹមសារនៃរបាយការណ៍រិៈគន់ និងដំណើរការសវនកម្មនោះទេ» ដូចដែលបាន ធ្វើ​សេច​ក្តីរាយការណ៍​ដោយសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៣ ទៅជាករណីមួយដ៏គួរចាប់អារម្មណ៍ថា «នរណា​ត្រូវ ហើយនរណាខុស?» ហើយថា សាធារណជនអាច ទទួល​បាន​ការ​យល់​ដឹង​យ៉ាង​ច្រើន​ពីការ​ប្រឈមុខ​ដាក់គ្នា​នៃអ្នក​ខ្លាំង​ ទាំង​ពីរ។​ ខ្ញុំក៍បានដឹងដែរថា គ.ជ.ប. នៅល្ងាចថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៣ បានស្នើរឱ្យ NDI ផ្ញើរទិន្នន័យ (ខ្លះ) ហើយដែលខ្ញុំមិនស្ថិតក្នុង ស្ថានភាព​ដែលត្រូវដឹងថា តើទិន្នន័យទាំងនោះ ត្រូវបានផ្តល់ឱ្យដោយ NDI និងទទួលបានដោយគ.ជ.ប. ដែរឬអត់។

ម្យ៉ាងវិញទៀត ប្រសិនបើលទ្ធផលនៃរបាយការណ៍សវនកម្មរបស់ NDI នេះ មានបំណងផ្តល់ការ គាំទ្រជាចុងក្រោយដល់ សម រង្ស៊ី ដើម្បី​វាយ​ប្រហារកម្ពុជា ក្រោយពី Subedi និង Comfrel បានបរាជ័យ នោះ អញ្ចឹងការប៉ុនប៉ងនេះ គឺមិនអត់ប្រយោជន៍នោះទេ។ សមាជិក​ខ្លះ​នៃ​សភាសហភាពអឺរ៉ុប និងអ្នក នយោបាយ មួយចំនួននៅក្នុងប្រទេសដទៃមួយចំនួន បានដឹងថា សម រង្ស៊ី បានស្លរតួរលេខ «១៧%នៃ អ្នក​គ្មាន​សិទ្ធិបោះឆ្នោត» កាលពីខែ កុម្ភៈ ឆ្នាំ២០១២ ហើយបន្ទាប់មកគាត់បានស្លរតួរលេខ «អ្នកបោះ ឆ្នោតប្រឌិត ១០%» នៅក្នុងខែ មករា ឆ្នាំ​២០១៣​ ដើម្បីបង្កើតការភាន់ច្រឡំថា គណបក្សប្រឆាំង «ត្រូវ បានព្យារករណ៍ ថានឹងឈ្នះក្នុងការបោះឆ្នោតខែ កក្កដា ឆ្នាំ២០១៣» នៅ​ពេល​ដែល​បូកបន្ថែម ៣១% នៃ សន្លឹកឆ្នោតដែលគណបក្សប្រឆាំងបានទទួលក្នុងការបោះឆ្នោតឃុំ-សង្កាត់ កន្លងមក។

វាហាក់ដូចជាមានន័យថា NDI គិតថា គឺនៅតែអាចទៅរួចដើម្បីជួយសង្គ្រោះ សម រង្ស៊ី ហើយមិន ឱ្យ «ការវិនិយោគ» របស់​គេ​ក្លាយ​ជា​ឥត​ប្រយោជន៍​ ដោយគ្មានការតស៊ូដ៏ខ្លាំងក្លាដល់នាទីចុងក្រោយ ទោះ បីជា សម រង្ស៊ី ខ្លួនគាត់ផ្​ទាល់​បាន​បោះ​កន្សែង​សចូល​ទៅ​ក្នុង​សង្វៀន​ទៅ​ហើយ​ក៏ដោយ ដោយបាននិយាយ ថ្មីៗនេះថា វាមិនសំខាន់សម្រាប់គាត់ក្នុងការត្រឡប់មកប្រទេសកម្ពុជា ដើម្បីចូល​រួមការ​បោះ​ឆ្នោត​ជាតិ​ខាង​ មុខនេះទេ។

សម្រាប់ សម រង្ស៊ី «សវនកម្ម» ដោយ NDI ដែល សម រង្ស៊ី ខ្លួនគាត់ បានហៅថា «ការចោទសួរ ស្វែងយល់» ប្រហែល​ជា​សម្រាប់​ហេតុ​ផល​អ្វីមួយ​ចំនួន​នោះ បានផ្តល់ដល់ សម រង្ស៊ី នៅដង្ហើមចុងក្រោម ថ្មីមួយទៀត ដើម្បីប្រមាថដល់ពិភពលោកទាំងមូល ជាពិសេស​អ្នកគាំ​ទ្រ​បរទេស​របស់​គាត់ថា ពិតជាល្ងង់ ខ្លៅដែលពិភពលោកទាំងមូលនៅតែរក្សាទំនាក់ទំនងការទូត វប្បធម៌ និងពាណិជ្ជកម្ម អស់រយៈពេលរាប់ ទសវត្សរ៍​ជាមួយប្រទេសមួយដែល «គ្រប់គ្រងដោយរដ្ឋាភិបាលមិនស្របច្បាប់» ដែល នេះជាពាក្យសម្តី សម រង្ស៊ី ជាមួយ​នឹងការ​អំពាវ​នាវ​ដ៏សា​ហាវយង់ឃ្នងរបស់គាត់ឱ្យ «សហគមន៍អន្តរជាតិដុតស្ពានទំនាក់ ទំនងជាមួយកម្ពុជាចោល»។ ការប្រមាថនេះ នឹងឡង​ទៅ​ដល់​គាត់​វិញ។ គឺ សម រង្ស៊ី កំពុងតែដុតស្ពាន ខ្លួនគាត់ចោលហើយ។

តួរលេខ NDI ដែលត្រូវបានធ្វើសេចក្តីរាយការណ៍ដោយសារព័ត៌មាន The Cambodia Daily បានបង្កឱ្យមានចម្ងល់តាំងពីដំបូងដោយ គ.ជ.ប  នឹងបន្តឱ្យមានចម្ងល់ពីសំណាក់សាធារណៈជនថែមទៀត ប្រសិនបើ NDI មិនពន្យល់បង្ហាញឱ្យទាន់ពេលវេលាអំពី «ដំណើរការសវនកម្ម» របស់ខ្លួន និងមិនចែករំលែក «ទិន្នន័យ» ដែលត្រូវការ និងស្នើរសុំដោយ គ.ជ.ប ដើម្បីធ្វើការបញ្ជាក់។

ប្រសិនបើ NDI មិនស្អាតស្អំនោះទេ តួរលេខជាក់លាក់ចំនួនពីរនៃ «លទ្ធផលសវនកម្មរបស់ NDI» ដែលនោះគឺ «១ក្នុង១០» និង «៩%» នឹង​ត្រូវ​បាន​មើលឃើញថា ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱ្យ សម រង្ស៊ី នូវឱកាសក្នុងដៃមួយសម្រាប់ សម រង្ស៊ី គិត​ឃើញ​នូវ​សមី​ការ​ល្បែង​លទ្ធផល​សរុបសូន្យ (zero-sum game) ថ្មីពីរ និងធម្មតាបំផុត ប៉ុន្តែមិនសមហេតុផល ដោយដកចេញ ២០% ពីគណបក្សប្រជាជន ហើយ យក២០% ទៅឱ្យគណបក្សប្រឆាំង ដើម្បីឱ្យឈានដល់ «ការព្យារករណ៍» មួយដែលថា គណបក្សប្រឆាំង នឹងឈ្នះ ៥៧% ហើយ​គណបក្ស​ប្រជាជន​នឹងឈ្នះតែ ៤៣% ក្នុងការបោះឆ្នោតជាតិខែ កក្កដា ខាងមុននេះ។

រហូតមកដល់ពេលនេះ ខ្សែច្រវ៉ាក់មួយខ្សែដែលបិទមុខជារង្វង់មួយ ឬខ្សែច្រវ៉ាក់បិទជិតមួយ  ត្រូវបានបង្កើតឡើង ដែលនូវក្នុងនោះ កង​ច្រវ៉ាក់​​នីមួយៗ ជួយដល់កងដទៃទៀត និងរស់ដោយសារ កង ដទៃ។ ហើយមកទល់ពេលនេះ កងដែលគេស្គាល់ទាំងបួនគឺ៖ Suriya Subedi Comfrel NDI ជាមួយនឹង NICFEC និង CAS ហើយនិង សម រង្ស៊ី។ ភាពជាប់ពាក់ព័ន្ធរបស់ សម រង្ស៊ី ក្នុងបញ្ហា នយោបាយកម្ពុជា មិន​ពឹង​ផ្អែកលើ Suriya Subedi Comfrel NDI ជាមួយនឹង NICFEC និង CAS ទេ ប៉ុន្តែពឹងផ្អែក​លើឆន្ទៈ​ប្រជាជន​កម្ពុជា​ដែល​មាន​បំណង​ចង់រស់​នៅក្នុង​ សន្តិភាព សុខុដុមរមនា ជាមួយ​នឹង​ការរីកចំរើនសេដ្ឋកិច្ច និងសង្គម។ តើនរណា ឬអង្គការណា នឹងទៅជាកងច្រវ៉ាក់ ដែលគេនឹង​ស្គាល់​ជា បន្ទាប់ទៀតនៃប្រព័ន្ធដ៏អសោចកេរ្តិ៍ឈ្មោះនេះ?

ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៣
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា
pngoeun@puthisastra.edu.kh

សម្តេច​​តេ​ជោ​ដាក់​​ចេញ​​អនុសាសន៍​​ដើម្បី​​បង្កើន​​វឌ្ឍន​ភាព​​វិស័យ​មីន​​នៅ​​កម្ពុជា

      
សម្តេច​អគ្គមហា​ សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​ ៥ចំណុច​ សំខា​ន់ៗ ដើម្បី​បង្កើនល្បឿន​វឌ្ឍនភាព និ​ង​ឈាន​ទៅ​សម្រេច​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម ទៀត​ក្នុងការ​អនុវត្ដ​សកម្មភាព​បោសសម្អាត​គ្រាប់​មីន និងយុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។
 
អនុសាសន៍​ដែល​សម្តេច​តេជោ បាន​ដាក់​ចេញ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និ​បាត​ជាតិ ​វិស័យ​សកម្មភាព​មីន ​នៅ​វិមាន​សន្ដិភាព នា​ល្ងាច​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៣ រួម​មាន​៖
 
ទី១, ក្រសួង​ស្ថាប័ន អាជ្ញាធរ អង្គភាព និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ត្រូវ​បន្ដ​កិច្ច​ សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​ជំរុញ​ការ​អនុវត្ដ​ផែនការ​សកម្មភាព នៃ​ការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅតាម​តំបន់​គោលដៅ​ទាំង​អស់ ឱ្យ​សម្រេច​បាន​ជោគជ័យ​តាម​កាលវិភាគ និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា ​ដែល​បាន​គ្រោង​ទុក។ ក្នុង​នោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ដ​សហការ និង​វិភាជ​ថវិការដ្ឋ​ដល់​អាជ្ញាធរ​មី​ន​កម្ពុជា​ឱ្យបាន​សមស្រប និង​ទាន់​ពេលវេលា ទៅ​តាម​ដំណាក់​កាល​នីមួយៗ ដើម្បី​គាំទ្រ​រាល់​សកម្មភាព​អនុវត្ដ​ការងារ​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ឱ្យ​ប្រ​ព្រឹ​ត្ដ​ទៅ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​មាន​និរន្ដរ​ភាព​។
 
ទី២, គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​ដែល​តម្រូវ​ឱ្យ​មាន​ការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ​ត្រូវ​សហការ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​កំណត់​នូវ​វិធានការ​ចាំបាច់ និង​វិធីសាស្ដ្រ​ប្រសើរ​បំផុត​សម្រាប់​ដោះ​ស្រាយ​បញ្ហា និងដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​នានា ដែល​អាច​កើត​មាន​ឡើង ដោយ​សារ​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ ក្នុងនោះ​ការចុះ​កិច្ចសន្យា​ត្រូវធ្វើ​ឡើង​តែ​ជា​មួយ​ប្រតិ​ប​ត្ដិករ​ដោះមីន ​ដែលមាន​អាជ្ញាប័ណ្ណ ពី​អាជ្ញាធរ​មីន​កម្ពុជា​តែ​ប៉ុណ្ណោះ ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា​គ្រប់ប្រតិ​ប​ត្ដិ ការដោះមីន​ក្នុង​គម្រោង​របស់ខ្លួន​ពិតជា​បាន​គោរព​ទៅតាម​បទ​ប្ប​ញ្ញ​ត្ដិ គុណភាព សុវត្ថិភាព និង​ស្ដង់ដារ​នៃការបោស​សម្អាត​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ ទន្ទឹម​នេះ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និងយុវ​នីតិសម្បទា ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​ញែក​ទិន្នន័យ​ស្ដីពី​ការគាំទ្រ និង​ការផ្ដល់​សេវា​ដល់​ជនរងគ្រោះ ដោយ​សារ​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចេញពី​កំណត់ត្រា​ទូទៅ​នៃ​វិស័យ​ពិការភាព​ទាំងមូល។
 
ទី៣, អាជ្ញាធរ​មីន​កម្ពុជា ​ត្រូវ​បន្ដ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​បន្ដ​ជំរុញ​ល្បឿន​នៃ​វឌ្ឍនភាព​ក្នុង​ការដឹកនាំ​ការ​អនុវត្ដ​ យុទ្ធសាស្ដ្រ​ជាតិសកម្មភាព​មីន ​ឱ្យសម្រេច​បាន​ជោគជ័យ​តាម​គោលដៅ​អភិវឌ្ឍន៍សហស្ស​វត្ស​កម្ពុជា និង​ត្រូវ​ដាក់​ចេញនូវ​យន្ដការ​តាម​ដាន​ត្រួតពិនិត្យ ​ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ជាតិសកម្មភាព​មីន​ នៅ​កម្ពុជា​។ ទន្ទឹមនេះ អាជ្ញាធរ​មីន​កម្ពុជា ត្រូវ​បន្ដ​ផ្ដល់​ជា​ត្រីវិស័យ​ដល់​បណ្ដា​ប្រតិ​ប​ត្ដិករ​ដោះមីន ទាំង អស់​ដើម្បីឱ្យ​ប្រតិ​ប​ត្ដិករ​ទាំងនោះ​អាច​យល់​ដឹង និង​គោរព​បាន​ដោយ​ត្រឹមត្រូវ​តាម​គោល​ការ​ណ៍​ណែនាំ​ក្នុង​ការរៀបចំ​ផែនការ​ បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ព្រមទាំង​ធានា​ថា គោលដៅ​ជា​យុទ្ធសាស្ដ្រ​ទាំង​អស់​អាចអនុវត្ដ និង​សម្រេច​ទៅបាន​ដោយ​ជោគជ័យ។
 
ទី៤, សម្រាប់​ដៃគូ​អភិវឌ្ឍន៍​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ​សប្បុរសជន និង វិស័យ​ឯកជន​នានា ​សូម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មីន នៅ​ពេល​ជ្រើសរើស​ប្រតិ​ប​ត្ដិករ​ និង ទីតាំង​ដែល​នឹងត្រូវ​បោស​សម្អាត​ដែល​ការធ្វើ​ដូច្នេះ មិន​ត្រឹមតែ​នាំឱ្យ​គម្រោង​នានា​របស់​ខ្លួន ដើរ​ស្រប​ទៅ​តាម​ផែនការ​អាទិភាព​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ប្រើប្រាស់​ថវិកា​បាន​ចំ​ទិស​ដៅ​ និងមាន​ស្រិ​ទ្ធ​ភាព​ទៀតផង​។
 
ទី៥, បណ្ដា​វិនិយោគិន​ក្រុមហ៊ុន​អាជីវកម្ម និង​អ្នក​សាងសង់​គម្រោង​ឯកជន​ទាំង​អស់ ដែល​ទី​តាំង​វិនិយោគ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​មាន​ការ​គំរាម​ ឬសង្ស័យ​ថា មាន​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ត្រូវខិតខំ​ស្វះស្វែងរក​កិច្ចសហការ​ និង​ពិភាក្សា​ជាមួយ​អាជ្ញាធរមីន​កម្ពុ​ជា អាជ្ញាធរ​ខេត្ដ ឬអង្គភាព​ធ្វើ​ផែនការ​សកម្មភាព​មីន នៅតាម​ខេត្ដ​ជាដើម​ដើម្បី​កំណត់​អត្ដ​សញ្ញា​ណ​ពិតប្រាកដ​នៃ​ទីតាំង​ដែល​ មានការ​គំរាម និងចាំបាច់​ត្រូវ​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាមុន មុននឹង​ចាប់ផ្ដើម​អនុវត្ដ​ការសាងសង់ ឬធ្វើ​សកម្មភាព​នានា​របស់​ខ្លួន ដោយ​ត្រូវ​ជ្រើសរើស​ប្រតិ​ប​ត្ដិករ​បោសសម្អាត​ ដែលមាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​មីន​កម្ពុជា​។
 
ជាមួយ​នឹង​ការ​ប្រកាស​ដាក់​ចេញ​នូវ​ អនុសាសន៍​ទាំង​ ៥ចំណុច​ខាង​លើ​នេះ សម្តេច​តេ​ជោ​នាយ​ក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ សប្បុរសជន និង​បណ្ដា​ប្រទេស​ជា​មិ​ត្ដ​ទាំងអស់ សូម​បន្ដ​ផ្ដល់​កិច្ចសហការ​ល្អ និង​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ និងថវិកា​បន្ថែមទៀត ចំពោះ​សកម្មភាព​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​យើង​អាច​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​ទាំងស្រុង និង​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​យើង នូវ​សេចក្ដី​សុខសាន្ដ សន្ដិសុខ និង​សុវត្ថិភាព​ជានិច្ច​និរន្ដរ៍។
 
ថ្លែង​នៅ​ក្នុង​ពិធី​បិទសន្និបាត​ជាតិ​ វិស័យ​សកម្មភាព​មីននេះ​ដែរ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ករណី ដែល​រាជ​រដ្ឋាភិបាល​បាន​បញ្ជូន​កង​យោធ​ពលខេមរៈ​ភូមិន្ទ ចូល​រួម​ក្នុង​បេសកកម្ម​កំចាត់​មីន​នៅ​បរទេស​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជា​ ជាតិ​ថា ការ​ចេញ​ទៅ​ដោះមីន​របស់​កងកម្លាំង​កម្ពុជា​នៅ​ក្រៅប្រទេស​ មិនមែន​ជា​ការ​ស៊ីឈ្នួល ហើយក៏​មិន​មែន​ដើម្បី​ទៅ​រក​ប្រាក់​ចំណេញ​ដែរ​។​
 
សម្ដេច​តេជោសែនមាន​ប្រសាសន៍​បញ្ជាក់ថា «​យើង​មិន​បាន​គិតថា យើង​បញ្ជូន​កម្លាំង​ដោះ​មីន​ទៅ​ក្រៅប្រទេស​ ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​ទេ ប៉ុន្តែ​បញ្ហា​វា​ស្ថិត​នៅ​ត្រង់​ថា អង្គការ​សហ​ប្រជា​ជាតិ​បាន​តម្រូវឱ្យ​យើង​បំពាក់​បរិក្ខារ​មុន​ជូន​ទៅ​ដល់​ អង្គភាព​ដោះ​មីន ​ហើយ​ទើប​អង្គការ​សហ​ប្រជាជាតិ​ទូទាត់​មក​ឱ្យ​វិញ​តាម​ក្រោយ​ ដែល​តម្លៃ​នៃ​ការទូទាត់​នោះ វា​មាន​ចំណែក​លើស​ពី​ចំនួន​ដែល​កម្ពុជា​បាន​ទិញ​ទៅ​ប៉ុណ្ណោះ​»​។ «​មិន​មាន​ប្រាក់​ចំណេញ​ទេ ហើយ​យើង​ក៏​មិន​ចង់​ប្រើប្រាស់​នូវ​ការបញ្ជូន​កងកម្លាំងរ​បស់​យើង​ទៅ​ ក្រៅប្រទេស​ដើម្បី​នឹង​យក​ប្រាក់​កម្រៃ​នោះទេ​កុំ​គិត​ថា កម្ពុជា​ទៅ​ធ្វើ​ទាហាន​ស៊ីឈ្នួល ដើម្បី​យក​ប្រាក់​ចំណេញ​នោះ»។
 
សម្តេច​តេជោមាន​ប្រសាសន៍​ឱ្យដឹង​ដែរថា កងទ័ព​ដែល​ទៅ​ធ្វើ​ប្រតិបត្តិការ​នោះ​ទៀតសោត​រដ្ឋ​មិន​បាន​កាត់​ប្រាក់​ពី​ ប្រាក់​ខែ​ពួកគេ​១​កាក់​មួយ​សេន​ណា​ទាំងអស់​។ ក្នុងនោះ​ទី​មួយ​.ប្រាក់​ដែល​កងទ័ព​ទាំងនោះ​មាន​នៅក្នុង​ស្រុក​គឺ​ត្រូវបាន​ បើក​ឱ្យ​ក្រុមគ្រួសារ​នៅ​ក្នុងស្រុក​, ទី​ពីរ​.មុន​នឹង​ចេញ​ដំណើរ​ទៅ​រាជរដ្ឋាភិបាល​តែង​ចេញ​ប្រាក់​ឧបត្ថម្ភ​ សម្រាប់​ដាក់​ហោប៉ៅ​ឱ្យ​ពួកគេ​, ហើយ​ទី​បី​.ប្រាក់​ដែល​គេ​សន្សំ​បាន​គឺ​ឱ្យ​គេ​ទាំង​អស់​រដ្ឋ​អត់​ចង់​យក​ ផលចំណេញ​នោះ​អ្វី​ទេ​។​
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ គូសបញ្ជាក់​បន្ថែមថា «​យើង​ចង់​ធ្វើ​កិច្ចការ​នេះ​ថែម​ទៀត​យើង​បាន​ត្រៀម​កម្លាំង​របស់​យើង​ច្រើន ​ណាស់​ដែរ ​ដើម្បី​ធ្វើ​ការដោះមីន​ទៅតាម​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ​ ក៏ប៉ុន្តែ​យើង​ក៏​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ថា មាន​អ្វី​កើតឡើងដោយ​ត្រូវ​តាមដាន​ឱ្យ​ជាប់​ដូច​ករណី​នៅ​ស៊ូដង់​ដែលមាន​ ជម្លោះ​រវាង​ស៊ូដង់​ខាងត្បូង និង​ស៊ូដង់​ហើយ​និ​ង​ករណី​នៅ​លី​បង់​ជា​ដើម​។​
 
ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​បានមាន​ប្រសាសន៍​ដោយ​ធ្វើ​ការ​សន្និដ្ឋាន​ ចំពោះ​ការ​ងារ​កំចាត់​មីន​ថា ទោះបីជា​យើង​ទទួលបាន​ជោគ​ជ័យ​ជាច្រើន​កន្លងមក ក៏​ប៉ុន្ដែ​យើង​ក៏​នៅមាន​កំណាត់​ផ្លូវ​ដ៏​វែងឆ្ងាយ​ទៀត ដែល​ត្រូវ​បន្ដធ្វើ ដំណើរ​លើ​វិថី​ឆ្ពោះទៅ​សម្រេច​គោលដៅ​ចុងក្រោយនៃ​ការងារ​បោសសម្អាត​គ្រាប់​ មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និងការជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា។ ឯកឧត្តម ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍​ថា ជាការ​ពិតយើង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​កង្វះ​ធនធាន​ហិរញ្ញវត្ថុ សម្រាប់ ផ្ដល់​ហិរញ្ញប្បទាន​ចំពោះ​ការ​អនុវត្ដ​សកម្មភាពនៅក្នុង​វិស័យនេះ ពីព្រោះថា ប្រភព​ហិរញ្ញប្ប​ទាន​ដែលមាន​កន្លងមក កំពុង​មាន​ការប្រែប្រួល​ថមថយ​គួរឱ្យកត់សម្គាល់​។
 
លើស​ពីនេះ​ទៀត តាម​ការស្រាវជ្រាវ​ជា​មូលដ្ឋាន​របស់​អាជ្ញាធរ​មីនកម្ពុជា​ ដែល​ទើបបាន​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ បានបង្ហាញ​ឱ្យឃើញនូវ​រូបភាពកាន់តែច្បាស់អំពី​ទំហំ​នៃ​បញ្ហា ដែល​ត្រូវដោះ​បន្ដ​ស្រាយ ក្នុងនោះ មាន​ផ្ទៃដី​ចំនួន ១៧០០គីឡូម៉ែត្រ​ក្រឡា កំពុង​រង​ការ​គំរាម​ដោយសារ​គ្រាប់​មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និងត្រូវ​បន្ដ​ធ្វើការ​បោសសម្អាត​។
 
ចំនួន​នេះនៅ​ពុំទាន់​រាប់បញ្ចូល​ផ្ទៃដី​ នៅក្នុង​ស្រុក​ចំនួន ២០ទៀត ស្ថិតនៅ​ភាគ​ខាងកើត​ទន្លេ​មេគង្គដែល​ត្រូវបាន​សង្ស័យថា មានការ​គំរាម​ពី​គ្រាប់មីន និងយុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែលជា​កេរដំណែល​នៃ​ការទម្លាក់​គ្រាប់បែក​មកលើ​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​សង្គ្រាម​នៅ​ឥណ្ឌូ​ចិន ហើយ​ដែលយើង​ពុំទាន់​បានធ្វើការ​ស្រាវជ្រាវ​នៅឡើយ៕
 
ទាក់​ទង​នឹងសមត្ថ​ភាព​របស់​កង​កម្លាំង​បោស​ សម្អាត​មីន​កម្ពុជា​នៅ​បរទេសឯកឧត្តម​ ប្រាក់ សុខុន បាន​ឱ្យដឹងថា ​អង្គភាព​ដោះមីន​របស់​កម្ពុជានៅ​ស៊ូដង់ បាន​ឈរ​នៅ​លំដាប់​លើ​គេ​ក្នុង​រយៈពេល ៦​ឆ្នាំ​នេះ​ជាប់​៕