Wednesday, April 10, 2013

សម្ភាសន៍​ លោក​បណ្ឌិត​ ឈឹម ផលវរុណ​ ស្តីពី​ នយោបាយ​ទាល់ច្រក​ របស់​លោក​ សម​ រង្ស៊ី




ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៣
លោកសត្យា រក្ស
សំណួរ ឥឡូវនេះ លោក សម រង្ស៊ី បានផ្លាស់ប្ដូរឥរិយាបថ កែប្រែសម្ដីរបស់គាត់​ពី​ការវិលមកកម្ពុជាក្នុងពេលឆាប់ៗ មកជាការអត់មកកម្ពុជាទេ ដើម្បីជាការចំណេញផល​ប្រយោជន៍ទៅដល់​គណបក្សថ្មីរបស់គាត់។ គាត់ថា ការដែលគាត់មិនវិលមកកាន់ប្រទេសកម្ពុជា ដើម្បី​ចូលរួម​បោះឆ្នោតនេះ ដើម្បីជាការចំណេញដល់គណបក្សថ្មីរបស់គាត់ ហើយក៏ជាសកម្មភាពមួយ ដើម្បី​ឲ្យសហគមន៍អន្ដរជាតិ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និង​មិនទទួលស្គាល់​រដ្ឋាភិបាលថ្មីចំណុចនេះ តើលោកបណ្ឌិត​​យល់ឃើញយ៉ាងណាដែរ ?​

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ នេះជាបរិបទនយោបាយបច្ចុប្បន្នភាពមួយ របស់គណបក្សប្រឆាំង ជាពិសេស​​ភាព​​ទាល់​ច្រក​របស់លោក សម រង្ស៊ី។ ប៉ុន្ដែ ខ្ញុំចង់ជម្រាបទៅបងប្អូនប្រជាពលរដ្ឋខ្មែរ ដែល​​កំពុងតែតាមដាន និងត្រៀមសម្រេចឆន្ទៈនយោបាយរបស់ខ្លួន នៅលើសន្លឹកឆ្នោត នៅថ្ងៃ ២៨ កក្កដា ២០១៣ នេះ អាចមើលឃើញហើយ ជាពិសេសអ្នកគាំទ្រ និងសមាជិក សមាជិកា​​ របស់គណបក្សប្រឆាំង​​របស់លោក សម រង្ស៊ី ហ្នឹង។ បានសេចក្ដីថា លោក សម រង្ស៊ី គាត់ជាមនុស្សភូតភរ ហើយ​ជាអ្នក​នយោបាយភូតកុហក់សុទ្ធសាធ។ ភូតកុហក់យ៉ាងម៉េច ហើយ​​ជាមនុស្សភូតភរយ៉ាងម៉េច? យើង​អាចមើលឃើញ នៅពេលដែលគាត់ប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ បានទៅ​ដក​បង្គោល​តម្រុយ​ព្រំដែននោះ គាត់ចាកចេញពីកម្ពុជា ហើយក្រោយមកតុលាការបានកាត់ទោសគាត់ ឲ្យមាន​ទោស។

ចាប់ពីពេលនោះមក លោក សម រង្ស៊ី គាត់និយាយថា គាត់នឹងមកកម្ពុជាឆាប់ៗ ហើយ​មិនមែនតែ លោក សម រង្ស៊ី ទេ ទាំងអនុប្រធានគាត់ ឥឡូវក្លាយជាមេបក្សទីងមោងហ្នឹង ក៏​សន្យា​ថាមកឆាប់ៗដែរ
 ​​
លោកសត្យា រក្ស សូម្បីតែសង្គមស៊ីវិល ដែលគាំទ្របក្សប្រឆាំងហ្នឹង ក៏គេបន្ទរដែរ ថា សម រង្ស៊ី នឹង​វិល​មក​វិញឆាប់ៗ​។ ហើយជាពិសេស លោកបណ្ឌិតចាំទេ គ្រាន់តែវត្តមានរបស់ បារ៉ាក់ អូបាម៉ា អញ្ជើញ​មកប្រជុំអាស៊ាន របស់យើងហ្នឹង ក៏គេបានអះអាងដែរ គេនឹងជិះយន្ដហោះជាមួយ អូបាម៉ា មក​កម្ពុជាទៀត

លោកបណ្ឌិតឈឹម ផលវរុណយើងមើលអ្វីដែលគាត់ថា គឺសុទ្ធតែរបស់ភូត ហើយមុននឹងលោក សម រង្ស៊ី ក្រុមមេដឹកនាំ​បន​នយោបាយប្រឆាំងរបស់គាត់ហ្នឹង ភូតប្រជាពលរដ្ឋ ជាពិសេសភូតសមាជិក សមាជិកា និង​អ្នក​គាំទ្រគណបក្សប្រឆាំង គឺដំបូងបំផុត គឺគាត់ភូតខ្លួនឯងសិន។ ដែលខ្ញុំហ៊ានថា លោក សម រង្ស៊ី ភូតខ្លួនឯងនៅត្រង់ថា លោក សម រង្ស៊ី មិនមែនមិនដឹងថា គាត់មកកម្ពុជាមិនបានទេ គាត់​ដឹងច្បាស់ណាស់ ហើយមិមែនគាត់មិនដឹងថា មកកម្ពុជាអត់បាន ដោយសាររដ្ឋាភិបាល​អត់​ឲ្យ​មកទេ រដ្ឋាភិបាលពុំ​បានដេញគាត់ចេញទេ ហើយរដ្ឋាភិបាល ក៏ពុំបានហៅ ឬហាមគាត់​មិនឲ្យចូលដែរ។ រឿងរបស់គាត់ទាំងអស់ ជាការសម្រេចចិត្តរ​បស់គាត់ គាត់ចេញក៏គាត់ចូលគាត់​មិន​​ចូលជារឿងរបស់គាត់។ ឯរឿងទទួលទោស វាជារឿងនៃការទទួលខុសត្រូវខាងច្បាប់ទេ ហើយ​ជា​ធម្មតាបើលោក សម រង្ស៊ី ក្លាហាន គួរតែគាត់ មិនមែនមកទទួលទោសទេ មកតវ៉ាតស៊ូមតិនៅ​ក្នុង​សវនាការតុលាការទៅ ប្រសិនបើគាត់ជាមនុស្សក្លាហាន។ ប៉ុន្ដែលោក សម រង្ស៊ី ភូតខ្លួនឯង គឺគាត់​មិនមក បែរទៅជាថា បរទេសនឹងយកគាត់មក ឬក៏បរទេសនឹងដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជា​ដើម្បី​​បើកផ្លូវឲ្យ សម រង្ស៊ី មក។ ត្រង់ហ្នឹង មុននឹងគាត់បញ្ចេញសម្លេងភូតទៅសមាជិក សមាជិកា និងសមាជិកគណបក្សរបស់គាត់ហ្នឹង អ្នកគាំទ្រគណបក្សគាត់ហ្នឹង គឺលោក សម រង្ស៊ី ភូតខ្លួនឯងបាត់ទៅហើយ។ ភូតខ្លួនឯងហើយ លោកម៉ី លោកថោង រួមទាំងអនុប្រធានគាត់ពី​មុន​ ហើយ​ឥឡូវជាមេបក្សទីងមោង និយាយឲ្យអស់ទៅ ប៉ុន្មានអាទិត្យមុន សូម្បីតែភរិយាគាត់ ក៏​បន្ទរ​តាមលោក សម រង្ស៊ី ដែរ​​ ថាលោកប្រធាននឹងមក។ អញ្ចឹងមុននឹងបន្លើការភូតហ្នឹង ទៅដល់​ត្រចៀកប្រជាពលរដ្ឋ គឺគាត់ភូតខ្លួន​ឯងរួចបាត់ហើយ។

ខ្ញុំជឿថា លោក សម រង្ស៊ី មិនមែនមិនដឹងថា បរទេសអត់យកចិត្តទុកដាក់គាត់ទេ គាត់​ដឹង តែគាត់ខំបំប៉ោងពាក្យបរទេសឲ្យស្ដាប់ទៅវាល្អមើល។ ហើយគាត់មិនមែនមិនដឹងថា គាត់​អត់​ហ៊ានមក គាត់ដឹងថាគាត់អត់ហ៊ានមកតែម្តង ព្រោះគាត់ដឹងថា បើមកតស៊ូនៅក្នុងសវនាការ​តុលាការ ក៏ទៅអត់កើតដែរ។ ពីព្រោះគេមានភស្ដុតាងជាក់ស្ដែង ហើយបើធៀបទៅនឹង លោក ម៉ម សូណង់ដូ គឺតម្លៃខុសគ្នាបាត់ហើយ។

-មតិលោក សត្យា រក្ស
ជា​ការពិតហើយ លោកបណ្ឌិត នេះគឺជាចំណុចមួយដែលខ្ញុំឃើញថា អ្នកដែលត្រូវ​ខក​ចិត្ត​ធ្ងន់​បំផុតមិនមែនត្រឹមតែ សម រង្ស៊ី ទេ សូម្បីតែសកម្មជនរបស់ សម រង្ស៊ី ដែល​មាន​ស្វាមីភក្ដិ​ជាមួយ សម រង្ស៊ី នៅពេលដែល សម រង្ស៊ី បាន​បញ្ជាក់ចុងក្រោយថា មិនមកចូលរួមបោះឆ្នោតនេះ អ្នកដែលគាំទ្រ សម រង្ស៊ី ហ្នឹង​ ក៏​អស់កំលាំងចិត្តនៅក្នុងបុព្វហេតុ នៃការតស៊ូតទល់​​ដើម្បី​ដណ្ដើម​ប្រកួតប្រជែងក្នុងការបោះឆ្នោតដែរ។ ពីព្រោះអ្វីដែលពួកគាត់តស៊ូហ្នឹង មិនមែនបាន​តែ សម​ រង្ស៊ី ឯណា បានទៅលើ កឹម សុខា ដែលជាអតីតសត្រូវស៊ីសាច់ហុតឈាម​ជាមួយគ្នា​​ ពីព្រោះ​មក​ទល់ពេលនេះ ខ្ញុំជឿជាក់ថា សមាជិក សមាជិកាគណបក្ស ស​ម រង្ស៊ី ហ្នឹង មិនមែនទៅស្មោះ​ត្រង់​ងាកមកស្វាមីភក្តិជាមួយ កឹម សុខា ទេ។ នេះ សុទ្ធតែស្នៀតដាក់កាំបិតក្រោមតុដូចគ្នាទេ។ 

សំណួរ អ្វីដែលខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ជាក់បន្ថែម ដើម្បីជាការ​ស្វែងយល់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្រៅពីចំណុច​ដែល សម រង្ស៊ី ភូតកុហក់​ពី​រឿង​ថា នឹងមកពេលឆាប់ៗអីជាដើមនេះ នៅមានចំណុចសំខាន់មួយត្រង់ថា អវត្តមាន​របស់គាត់ជាការចំណេញទៅដល់គណបក្សថ្មី ហើយ​ជាពិសេសនោះ គឺ​ជាការមួយ​ដើម្បី​អំពាវនាវដល់សហគមន៍​អន្ដរជាតិ ទីមួយ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ទី​ពីរ​ អវត្ត​មានរបស់គាត់ក្នុងការចូលរួមបោះឆ្នោត ធ្វើ​ឲ្យ​សហគមន៍​អន្ដរជាតិ មិន​ទទួល​ស្គាល់រដ្ឋាភិបាល​ថ្មី។ អញ្ចឹងចំណុចនេះ លោកបណ្ឌិត​​មានអីដើម្បីពន្យល់ជូនប្រជាពលរដ្ឋ បន្ថែមលើការយល់​ឃើញរបស់បងប្អូនទៀត?

លោកបណ្ឌិត ឈឹម ផលវរុណ
អ្វីដែលលោក សម រង្ស៊ី ខំ​និយាយថា គាត់ឥឡូវសម្រេចចិត្តមិនមក ដើម្បី​ជាយុទ្ធសាស្ដ្រ​ ឈ្នះ ឈ្នះ របស់គាត់ ហើយ​ដើម្បីឲ្យបរទេសអត់ទទួលស្គាល់​លទ្ធផលបោះឆ្នោត អត់ទទួលស្គាល់រដ្ឋាភិបាលថ្មី។ ពាក្យ​អះអាងរ​បស់គាត់ទាំងអស់ហ្នឹង ប្រៀបដូចជា​យកកន្សែងជូតទឹកភ្នែក ថា​ជាពាក្យពេចន៍​នៃ​កន្សែង​ជូតទឹកភ្នែក។ បានន័យថា គាត់ភូតខ្លួនឯង ប្រៀបដូចជា​​ការហូរទឹកភ្នែកទៅហើយ ​នៅ​ពេលដែលគាត់សម្រេចចិត្តថា អត់ត្រឡប់មកកម្ពុជា គឺទឹកភ្នែក​ហូរហើយ។ ដល់​អញ្ចឹង​ដើម្បី​កុំ​ឲ្យគេឃើញទឹកភ្នែកគាត់ហូរ គាត់​មុនឹង​ចេញទៅបង្ហាញ​​សម្លេង​​ទៅប្រជាពលរដ្ឋ​ គាត់​យក​កន្សែងជូតទុកឲ្យហើយ នេះជាវិធីកន្សែងជូតទឹកភ្នែកទេ។ ហើយម៉េចបានយើងហ៊ានថា ជា​វិធី​សាស្ដ្រ​យកកន្សែងជូតទឹកភ្នែក ដោយសារតែ ទីមួយ ការ​បោះឆ្នោត​មួយដែលមិនមែនជា​ការ​បោះឆ្នោតជ្រើសរើសប្រធានាធិបតី ផ្ទុយទៅវិញជាការបោះឆ្នោតតាមបែបសភានិយម គឺ​បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ហើយផលនៃលទ្ធផលបោះឆ្នោតរដ្ឋសភា​បានកើតជា​ការ​ជ្រើសតាំងនាយករដ្ឋមន្ដ្រី និង​រាជរដ្ឋាភិបាលអាណត្តិថ្មី សួរថា ការបោះឆ្នោតហ្នឹង អាចទទួល​យក​ជា​ប្រជាធិបតេយ្យ សេរី​ យុត្តិធម៌ ដោយ​ពឹងផ្អែក​ទៅលើ​តួអង្គ សម រង្ស៊ី ឬក៏​គេគណនា​ទៅ​លើដំណើរការប្រព្រឹត្តទៅ នៃដំណើរការរៀបចំ និងការ​ចូលរួម​របស់ប្រជាពលរដ្ឋ​ ?​ បើ​សិន​ជា​លោក សម រង្ស៊ី ជា​តួអង្គ ឬក៏ជាអង្គវត្ថុនៃប្រជាធិបតេយ្យ កម្ពុជាប្រហែលជាមិនពិបាក​អីទេ ដាក់​តែ​លោក សម រង្ស៊ី នៅលើធ្នើរ​ទៅ​បាហើយ ហើយ​ដើរកាត់លោក សម រង្ស៊ី ទៅ​ប្រជាធិបតេយ្យ​ត្រឡប់មកវិញកាត់លោក សម រង្ស៊ី ប្រជាធិបតេយ្យបាត់ទៅហើយ យើងចាំបាច់ទៅហត់នឿយ​អី​ កសាងប្រទេសជាជំហានៗធ្វើអី នាំគ្នាទៅដើរកាត់មុខ សម រង្ស៊ី ទៅ ប្រជាធិបតេយ្យបាត់​ទៅ​ហើយ។ ហើយ​ដាក់គាត់នៅលើ​ធ្នើរមិនចាំពិបាកឲ្យគាត់រត់ទៅណាទេ ប៉ុន្ដែប្រជាធិបតេយ្យ​មិន​មែន​អាស្រ័យលើ លោក សម រង្ស៊ី ឈរនៅលើធ្នើរទេ ប្រជាធិបតេយ្យ​វាអាស្រ័យ ថាតើ​ប្រជាធិបតយ្យ​នៃការបោះឆ្នោត ថា​តើ​ដំណើរ​ការនៃការរៀបចំបោះឆ្នោតហ្នឹង រួមទាំងការ​ចុះបញ្ជីឈ្មោះ និង​សុឆន្ទៈ និងភាពស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋ ក្នុង​ការប្រើសេរីភាពនយោបាយរបស់​ខ្លួន​ប៉ុណ្ណា?​ ហើយ​លទ្ធភាពនៃក្របខណ្ឌ ​នៃការសម្រេចបោះឆ្នោតហ្នឹង គេហៅសេរីភាពនៃការ​បោះឆ្នោត​ហ្នឹង មាន​កម្រិតប៉ុណ្ណា​?​ ការប្រកួតប្រជែងគណបក្ស ដែលមានកម្មវិធីនយោបាយជាក់លាក់ហ្នឹង​ មាន​កម្រិតប៉ុណ្ណា?​ ហ្នឹង​ដែលជាការបញ្ជាក់អំពី​លក្ខណៈសម្បត្តិ គុណសម្បត្តិ នៃការបោះឆ្នោត​។ ដោយសារតែលោក សម រង្ស៊ី គាត់​អត់យល់បែរទៅជាតាំងខ្លួនឯងជាអង្គសំខាន់នៃ​ប្រជាធិបតេយ្យហ្នឹងហើយ បានយើងឃើញថា គាត់រៀបគណបក្សគាត់មួយមិនបានផង។ ហើយ​រៀបចំឲ្យមានស្ថេរភាពមួយមិនបានផង ឃើញតែសមាជិកគណបក្សគាត់ដើរចេញរហូត។ ចេញហើយ​ឈ្លោះ​គា្នមិនចេះចប់មិនចេះហើយ ហើយ​ប្រជាធិបតេយ្យផ្ទៃក្នុងបក្សដែលមាន សម រង្ស៊ី ក្នុង​វត្តមានក្នុងផ្ទៃបក្សគាត់រៀបមិនបានផងហ្នឹង។ បើនិយាយពីការប្រកួតប្រជែងកន្លងមក សម រង្ស៊ី គាត់មានវត្តមានទេតើ។ គាត់ចាញ់តែរហូត គាត់កៀកក កឹម សុខា ទៅសហភាពអឺរ៉ុប កាលឆ្នាំ​ ២០០៨ ថាទៅប្ដឹង ប៉ុន្ដែបរទេសឯណាគេទៅទុកចិត្ត បើបណ្ដឹង លោក សម រង្ស៊ី និង​ កឹម សុខា វាគ្មានភស្ដុតាងដាក់​បន្ទុកណាមួយ ឲ្យគេជឿជាក់បាន។ ដល់ត្រង់ហ្នឹងហើយ ដែល​ជា​ផល​បច្ច័យអាក្រក់ ដែលបរទេស​លែគាំទ្រលោក សម រង្ស៊ី។ ហើយមួយទៀត យើង​អាច​ពិចារណា​គឺពីរនាក់ហ្នឹង អួតដូចគ្នា កឹម សុខា ក៏អួតថា គេហ្នឹងជាអ្នកប្រជាធិបតេយ្យ គ្រាប់ពូជប្រជាធិបតេយ្យ​ ឯ សម រង្ស៊ី អួតខ្លួនឯង សុទ្ធតែអ្នកប្រជាធិបតេយ្យ ហើយ​ឲ្យតែក្រុមប្រឆាំងនឹងគណបក្ស​ប្រជាជន​កម្ពុជា ប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គេ​ចាត់ទុកថា ក្រុម​គេ​ហ្នឹង ក្រុមប្រជាធិបតេយ្យហើយ។ ហើយ​ កឹម សុខា គេសុទ្ធតែគ្រាប់ពូជប្រជាធិបតេយ្យ បិតា​ប្រជាធិបតេយ្យ ហើយ​ចុះអត់ សម រង្ស៊ី ម៉េចក៏រលាយ​អស់​រលី​ង​អញ្ចឹង ប្រជាធិបតេយ្យនោះ។ ត្រង់ហ្នឹងដែលយើងចង់មើលថា ហ្នឹងហើយជាការ​​វាយចំមួយកំផ្លៀងរបស់​ កឹម សុខា ដែល សម រង្ស៊ី ធ្វើហ្នឹង។ ពីព្រោះ បើសិនជាក្រុមគណបក្សប្រឆាំង មាន​ទាំង កឹម សុខា ជា​បិតាប្រជាធិបតេយ្យ បើអត់ សម រង្ស៊ី ក៏វានៅមាន កឹម សុខា ដែទេតើ  ជាអ្នក​ប្រជាធិបតេយ្យនោះ ចុះម៉េចអភ័ព្វអី កឹម សុខា ហ្នឹង គ្រាន់តែ​អត់ សម រង្ស៊ី ទៅជា​អស់​រលីងអត់មា​ន​ប្រជាធិបតេយ្យ។ អញ្ចឹងបងប្អូនប្រជាពលរដ្ឋអាចទទួលយកដឹងទៅ បើ សម រង្ស៊ី ខ្លួនឯងជា​តួអង្គ​ប្រជាធិបតេយ្យនៃក្រុមគណបក្សប្រឆាំង អញ្ចឹងបើអត់ សម រង្ស៊ី ហើយ កឹម សុខា ក៏មិនអាច​កសាងប្រជាធិបតេយ្យក្នុងគណបក្សប្រឆាំងដែរ មិនបាច់ទៅគាំទ្រទេ ព្រោះអត់ សម រង្ស៊ី ។ ហើយ​អញ្ចឹង​បក្សទីងមោងឲ្យគណបក្ស​ សម រង្ស៊ី រួមទាំងជួរដឹកនាំ នយោបាយ​ប្រឆាំងទាំងអស់​ហ្នឹង គឺអត់បានការទេ ពីព្រោះលោក សម រង្ស៊ី អត់បានទទួលស្គាល់អ្នកហ្នឹង ជាអ្នកប្រជាធិបតេយ្យ​បាត់ទៅហើយ។ សម រង្ស៊ី ខ្លួនឯងចាត់ទុកថា មានតែគាត់ទេ​​ប្រជាធិបតេយ្យ។ ឥឡូវបើ​អត់​គាត់​បងប្អូនជឿថា ក្រុមហ្នឹង ក្រុមរបស់គណបក្ស​ប្រឆាំងហ្នឹង អាចរៀបប្រជាធិបតេយ្យបានទេ? អញ្ចឹង​មិនបាច់​គិត​ពីរឿងថា បោះឆ្នោតប្រជាធិតេយ្យ មិន​ប្រជាធិបតេយ្យទេ គិតថា ក្រុមហ្នឹង​គ្មានប្រជាធិបតេយ្យបាត់ហើយ នៅពេលអត់ សម រង្ស៊ី។ ដូច្នេះ បងប្អូនមិនបាច់​ទៅរំពឹងទុកក្នុង​ការបោះឆ្នោតទៅសម្លឹងឃើញក្រុមគណបក្សប្រឆាំង របស់លោក សម រង្ស៊ី លោក កឹម សុខា អាច​ធ្វើអីបានទេ ព្រោះអត់ទៅរួចទេ។

-មតិលោកសត្យា រក្ស
រឿងគណបក្សប្រឆាំង ជាពិសេស លោក សម រង្ស៊ី ដែល​បាន​បន្លើ​សំឡេងពីរឿងបញ្ហាអវត្តមានរបស់គាត់ គឺមានន័យថា លទ្ធផលនៃការ​បោះឆ្នោត គ្មាន​អ្នក​ទទួល​ស្គាល់​ អវត្តមានរបស់គាត់ គឺ​រដ្ឋាភិបាលថ្មី គឺជារដ្ឋាភិបាលមិនស្របច្បាប់ជាដើម នេះ សម្ដី​របស់ សម រង្ស៊ី ប៉ុន្ដែខ្ញុំចង់ឲ្យបងប្អូនជនរួមជាតិ​ពិចារណាត្រង់ចំណុចមួយ ដែលលោក សម រង្ស៊ី ប្រើពាក្យថា ការដែលគាត់មិនវិលមកកម្ពុជាដើម្បីចូលរួមក្នុងការបោះឆ្នោត គឺជាការមួយ​ដែល​ធ្វើ​ឲ្យសហគមន៍អន្ដរជាតិ និង​អន្ដរជាតិទូទាំងពិភពលោកហ្នឹង គេមិនទទួលស្គាល់រដ្ឋាភិបាលថ្មី។ អញ្ចឹងពាក្យថា រដ្ឋាភិបាលថ្មី មានន័យថា រដ្ឋាភិបាលដែលកើតឡើងក្រោយការបោះឆ្នោត ហើយ​រដ្ឋាភិបាលដែលកើតឡើងក្រោយការបោះឆ្នោត ដែល​ សម រង្ស៊ី អំពាវនាវមិនឲ្យទទួលស្គាល់ គឺ​ប្រាកដជារដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ សម រង្ស៊ី ខ្លួនឯង រួម​ជាមួយនឹងបរិវាបនភឿន​របស់ សម រង្ស៊ី ហ្នឹង ក៏គេយល់ច្បាស់ និង​ដឹងខ្លួនឯងរួចហើយថា គណបក្សប្រឆាំងរបស់គេ បើទោះជាគេរួមក្ដី​ មិនរួមក្ដី ក៏នៅតែចាញ់គណបក្ស​ប្រជាជនកម្ពុជា​​ដែរ។ អញ្ចឹងហើយ​ជាយុទ្ធសាស្ដ្ររបស់គេ គឺ​គេចង់បង្ហាញ និងបន្លំប្រជាពលរដ្ឋ ថា​អវត្តមាន​របស់​គេនេះ គឺនាំឲ្យបរទេស មិនទទួលស្គាល់រដ្ឋាភិបាលថ្មីអីជាដើមហ្នឹង មានន័យថា គេត្រៀមមិន​ទទួលស្គាល់លទ្ធផលបោះឆ្នោត មិន​ខុសអីពីអាណត្តិមុនៗ ដែល សម រង្ស៊ី ធ្លាប់​ឡាំប៉ា ដែល សម រង្ស៊ី ធ្លាប់បដិសេធលទ្ធផលនៃការបោះឆ្នោត និង​ធ្លាប់អំពាវនាវឲ្យបរទេសហ្នឹង មិន​ទទួល​ស្គាល់រដ្ឋាភិបាល --

សំណួរសម្ដីរបស់ សម រង្ស៊ី គាត់ថា ការដែលគាត់មិនចូលរួម​ក្នុង​ការបោះឆ្នោតនោះ គឺជាការចំណេញ​​ដល់​គណបក្ស​ថ្មី​របស់គាត់ សូមលោកបណ្ឌិតជួយរំលេចមើល​ថា តើវា​មាន​ផល​ចំណេញដូចការដែល សម រង្ស៊ី អះអាងមែនទេ?​ ឬក៏វាជាការខាតបង់របស់​គណ​បក្ស​របស់គាត់ទៅវិញទេ? ក៏ជាការបន្លំ​​ប្រជាពលរដ្ឋ ដើម្បីផ្ដល់កំលាំងចិត្តទៅ​ដល់​អ្នកដែលកំពុងគាំទ្រគាត់ ឬមួយក៏យ៉ាងម៉េច? 

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ចំណុចនឹងហើយ ដែលជាទឡ្ហីករណ៍បញ្ជាក់ថា លោក សម រង្ស៊ី ជាមនុស្សភូត អ្នក​នយោបាយភូតកុហក់ហ្នឹង។ ដូចដែលខ្ញុំបាននិយាយពីដើមហ្នឹងថា សម រង្ស៊ី ដឹងខ្លួនឯងថា មក​អត់​កើត តើហេតុអីបានគាត់មិនព្រមថា គាត់មកអត់កើត ហើយ​ម៉េចក៏មិនព្រមរៀបចំនយោបាយ​ដែល​អវត្តមាន សម រង្ស៊ី នៅកម្ពុជាទៅ​ ?​។ រយៈពេលប៉ុន្មានឆ្នាំនេះ យើង​អាចយកមកប្រៀបធៀបបាន ឥឡូវ​ថា យើងបង្ហាញគំរូនៃការដឹកនាំប្រទេស ដោយគណបក្សប្រជាជន ក្រែង សម រង្ស៊ី គេមិនទទួល​យក។ ឥឡូវខ្ញុំឲ្យទៅយកគំរូ លោក ថាក់ស៊ីន ទៅ។ លោក ថាក់ស៊ីន នៅពេលដែលគាត់និរទេស​ចេញពីប្រទេសថៃ ដោយហេតុផលអីផ្សេងក៏ដោយ ប៉ុន្ដែគាត់ពុំបានភូតប្រជាពលរដ្ឋថៃ ដែល​គាំទ្រគាត់ ថា​គាត់នឹងមកវិញឆាប់ៗទេ។ ផ្ទុយទៅវិញលោក ថាក់ស៊ីន រៀបចំនយោបាយនៅក្នុង​ស្រុកជាមួយនឹង​ក្រុមនយោបាយរបស់គាត់ គឺជាការរៀបចំគោលនយោបាយ ដែលគ្មានលោក ថាក់ស៊ីន។ ត្រង់ហ្នឹងហើយ ការទទួលស្គាល់ភាពពិតជាក់ស្ដែង ដែល លោក ថាក់ស៊ីន ទទួល​ស្គាល់ការពិតហ្នឹង ទើបលោក ថាក់ស៊ីន អាចជាមេដឹកនាំនយោបាយមួយ ឃ្លាតឆ្ងាយពី​ប្រទេស​ប៉ុន្ដែរៀបចំឲ្យក្រុមគាត់ អាចបន្ដដឹកនាំប្រទេសបាន រហូតដល់អ្នកកាន់អំណាចនៅទីក្រុងបាងកក​រកវិធីកំចាយក្រុមរបស់លោក ថាក់ស៊ីន ម្ដងជាពីរដង។ រហូតដល់ចុងក្រោយប្រើវិធីផ្សេង រហូត​ដល់ទីបញ្ចប់ការបោះឆ្នោត​​ចុងក្រោយ នៅតែក្រុមលោក ថាក់ស៊ីន ឈ្នះរហូតដល់​ឥឡូវ​ក្រុម​លោក ថាក់ស៊ីន ដដែល គឺអ្នកស្រី យីងឡាក់។

លោកសត្យា រក្ស
ត្រង់ចំណុចនេះ ប្រហែលជា លោក សម រង្ស៊ី គាត់គ្មាន​ប្រជាប្រិយភាពដូចលោក ថាក់ស៊ីន ទែដឹងលោកបណ្ឌិត?​

លោកបណ្ឌិត ឈឹម ផលវរុណ
ត្រង់ហ្នឹង គឺដោយសារ លោក សម រង្ស៊ី គាត់មិនព្រមទទួលស្គាល់ការពិត។ គាត់ស្រែក​បំប៉ោង​សុទ្ធ​តែប្រជាពលរដ្ឋគាំទ្រគាត់ណាស់ ដូច កឹម សុខា អញ្ចឹង។ ចាញ់ឆ្នោតគាត់ថា គេបន្លំ គាត់​មិន​ថា គាត់អន់ទេ។ ដល់​អញ្ចឹង បើសិនគាត់ធ្វើនយោបាយអត់ទទួលស្គាល់ការពិតពាក្យ​ដែល​ទទួលស្គាល់ការពិត មិន​ចាំបាច់ថា ល្បីដូចលោក ថាក់ស៊ីន ទេ។ ឲ្យទទួលស្គាល់ថា គាត់​មិនអាចមកកម្ពុជាបាន ដើម្បីឲ្យគាត់រៀបចំយុទ្ធសាស្ដ្រនយោបាយ ដោយគ្មាន ត្តមាន​​គាត់។ ដូច​លោក ថាក់ស៊ីន អញ្ចឹង។ រឿងប្រជាប្រិយមិនប្រជាប្រិយ វាជាតម្លៃនៃទម្ងន់ គេហៅ​សក្ដានុពល​នយោបាយរបស់បុគ្គល ប៉ុន្ដែសក្ដានុពលនយោបាយរបស់បុគ្គល នឹង​អាចសាបសូន្យ បើសិន​ជា​បុគ្គលនោះ មិនទទួលស្គាល់ការពិត។ ផ្ទុយទៅវិញបុគ្គលនោះ ទៅជាភូតខ្លួនឯងហើយ ភូត​ប្រជាពលរដ្ឋទៀត

លោកសត្យា រក្ស
សំណួរទាក់ទងទៅនិង​​ប្រជាប្រិយភាពនេះផងដែរ។ យើងឃើញថា បើ​ប្រៀបធៀបតួអង្គលោក ថាក់ស៊ីន ជាមួយនឹងអ្នកនយោបាយខ្មែរ គឺលោក សម រង្ស៊ី ហ្នឹង ឃើញថា លោក សម រង្ស៊ី គឺគ្មានប្រជាប្រិយភាពអី ក្រៅពីភាពអសោធរបស់គាត់ ក្រៅពីសកម្ម​ភាពដែលគាត់បង្កនូវភាពចលាចលក្នុងប្រទេស ក្រៅពីអ្នកគាំទ្រគាត់ ដក​សេចក្ដីទុកចិត្ត ពី​ សម រង្ស៊ី ជាបន្ដបន្ទាប់ប៉ុណ្ណោះទេ។ ប៉ុន្ដែនៅមានចំណុចអាថ៌​កំបាំងមួយទៀត ខ្ញុំគិតថា រឿង​ប្រជាប្រិយភាពនេះ គឺគាត់វាមិនសូវមានទៅហើយ។ បើមិនសូវមានទៅហើយមិនមែនថា គាត់​អត់​មានទេ គាត់មានខ្លះដែរ ដោយសារថា នៅមានអ្នកគាំទ្របន្ដិចបន្ដួច។ ប៉ុន្ដែរឿងសំខាន់មួយទៀត​ខ្លាចក្រែងគាត់គ្មានប្រជាប្រិយភាព នៅក្នុង​បក្សនោះ ដែលកូនចៅរបស់គាត់ កំពុងតែ​បង្ក​បញ្ហាប្រទាញប្រទង់គ្នា ដណ្ដើមអំណាចបក្ខពួកនិយម គ្រួសារនិយមនៅក្នុងផ្ទៃបក្ស តើ​វា​អាច​ជា​ហេតុផលមួយ ដែល សម រង្ស៊ី មិនអាចគ្រប់គ្រងបក្សខ្លួន​ឯងហ្នឹងបានផង ឬវាយ៉ាងម៉េច បាន​ជា​គាត់មិនព្រមដើរតាមនយោបាយ ដែលគាត់នៅក្រៅប្រទេស មិន​អាចចូលស្រុកបាននោះ ?​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ត្រង់នេះគឺបញ្ជាក់ថាផ្ទៃក្នុងគណបក្សនេះគ្មានប្រជាធិបតេយ្យទេបើគណបក្ស​​​​មួយ​​​មាន​​ប្រជាធិបតេយ្យ​​​ផ្ទៃក្នុង​​​បក្សទោះបីជាអវត្តមានក៏ការឃ្លាតឆ្ងាយរបស់មេបក្ស​​​ក៏ដោយប៉ុន្តែដំណើរការ​​​ប្រកបដោយសក្តានុពលនៅផ្ទៃក្នុងបក្សគឺនៅតែមាន ចំណែក​​​​​គណបក្ស​​​ប្រឆាំងវិញគឺមានលក្ខណៈ ជាគណបក្សដែលមានមនុស្សតែម្នាក់អាចដឹកនាំ អញ្ចឹង​​គណបក្សសម រង្ស៊ីយើងបានឃើញជាយូរមកហើយថាបើលោកសម រង្ស៊ីនៅក្រៅ​​ប្រទេសគឺគណបក្សបក្សនេះតែងតែបែកបាក់ផ្ទៃក្នុង​​ជាបន្តបន្ទាប់និយាយរួមគណបក្ស​​នេះ​​​គឺ​​ដក​​​ដង្ហើម​​ចេញចូល​​តាម​​ខ្យល់​​ សម រង្ស៊ី​ ​សុទ្ធសាធនេះហើយដែលគេហៅថាគណបក្សមានមនុស្សតែម្នាក់គត់​​ដែលចេះ​​ដឹកនាំហើយគណបក្សនេះពុំមានឱកាសរៀបចំខ្លួន​​​ទៅជាគណបក្ស​​មួយ​​ដែលមានប្រជាធិបតេយ្យ​​ផ្ទៃក្នុងបក្សទេ

នៅពេលដែលលោក សមរង្ស៊ី ដឹកនាំផ្ទាល់នៅកម្ពុជាក៏មិនអាចរៀប​​ចំ​​រចនា​​សម្ព័ន្ធផ្ទៃក្នុង​​បក្ស​​បាន​​ផង​​ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺឃើញមានតែអ្នកចាកចេញពីបក្ស ដល់អញ្ចឹងទៅគណបក្ស​​របស់​​គាត់នៅពេលដែលអត់គាត់ទៀតគឺគាត់ព្រួយថាពិតជាគណបក្សនេះធ្លាក់ដុនដាបទៅៗជាមិនខានដូច្នេះគាត់ត្រូវខិតខំភូតជួរដឹកនាំនៃបននយោបាយគាត់និងភូតសមាជិកសមាជិកាអ្នកគាំទ្រគណបក្ស​​គាត់ ថាគាត់នឹងមកវិញក្នុងពេលឆាប់ៗ បើមិននិយាយថាមកវិញឆាប់ៗទេគឺខ្លាចមនុស្សនៅក្នុងបក្សនោះខាំគ្នាហែកហួរគ្នាដណ្តើមតួនាទីគ្នាប៉ុន្តែមកដល់ពេល​​នេះគឺជាពេលទាល់ច្រកចុងក្រោយមិនអាចភូតតទៅទៀតបានដូច្នេះត្រូវសារភាពថាអ្វីពីមុននោះគឺគាត់និយាយភូតទាំងអស់មែនប៉ុន្តែដើម្បីលុបលាងការភូតនេះគាត់ក៏ប្រើយុទ្ធសាស្ត្រថ្មី ថាឈ្នះៗឬធ្វើអញ្ចឹងទើបចំណេញគណបក្សគាត់អីជាដើមទៅ​​​

-មតិលោកសត្យារក្ស
សម្រាប់​​ពាក្យ​​ដែលសម រង្ស៊ី និយាយថា គាត់មិនមកកម្ពុជាវាចំណេញដល់គណបក្សថ្មីរបស់​​គាត់​​​​នេះ​​​ បើតាម​​ខ្ញុំ​​វិញ​​យល់​​ថាបើពិនិត្យអំពីប្រវត្តិគឺលោក សម រង្ស៊ី នេះដឹកនាំបក្សរបស់គាត់ជិត២០ឆ្នាំហើយហើយ២០ឆ្នាំរបស់ សម រង្ស៊ីនេះក៏មិនខុសពីពាក្យដែលនិយាយថា២០ឆ្នាំនៃការបរាជ័យរបស់សម រង្ស៊ីនោះដែរភាពអាម៉ាស់នៃការចាញ់ឆ្នោតរបស់សម រង្ស៊ី​​​៣អាណត្តិកន្លងមកនេះបញ្ជាក់ថាសម រង្ស៊ីបានបាត់បង់នូវភាពជឿជាក់ពីប្រជាពលរដ្ឋទាំងស្រុងហើយសូម្បីតែក្មេង​​បៀមដៃ​​ក៏អស់ជំនឿលើសម រង្ស៊ីដែរ។ការដែល សម រង្ស៊ីលើកថាគាត់មិនមកកម្ពុជាគឺជាការចំណេញរបស់គាត់នោះ ខ្ញុំយល់ថាពិតជាមានចំណេញ ពីព្រោះទោះបីមានវត្តមាន ឬអវត្តមានរបស់ សម រង្ស៊ី ក្តី ក៏គណបក្សថ្មីរបស់គាត់បរាជ័យដែរបើគង់តែនឹងបរាជ័យ​​ដដែលនោះអញ្ចឹងការមិនមកកម្ពុជារបស់សម រង្ស៊ីនេះវាអាចជាការសន្សំបានខ្លះនូវកេរិ៍្តឈ្មោះដោយយកឡេះថាកុំតែខ្ញុំមិនបានមកឈរឈ្មោះកុំតែខ្ញុំមិនបានមកប្រកួតទេកុំអីខ្ញុំឈ្នះហើយ នេះគឺជាការចំណេញទី១  ​​របស់សម រង្ស៊ី ការចំណេញទីទៀតនោះគឺការមិនអស់លុយសំបុត្រយន្តហោះជិះមកចូលរួមប្រកួតប្រជែងនេះទៀត

ប៉ុន្តែ​​ តាមពិតគំនិតទុច្ចរិត​​របស់សម រង្ស៊ីគឺដើម្បីបិទបាំងនូវភាពអសមត្ថភាពក្នុងការដឹកនាំគណបក្សរបស់​​ខ្លួនតែប៉ុណ្ណោះ ខ្ញុំក៏សូមសំដែងនូវការគោរពដ៏ជ្រាលជ្រៅចំពោះលោកតា លោកយាយនិងបងប្អូនជនរួមជាតិទាំងអស់ដែលបានស្គាល់នូវមាយាទពិតរបស់ សម រង្ស៊ីហើយបងប្អូនតែងតែដាក់ទណ្ឌកម្មដល់គណបក្សប្រឆាំង ហើយងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតជាពិសេសគាំទ្រដល់គោលនយោបាយដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាទីពឹងរបស់យើង

សំណួរទាក់ទងទៅនឹងប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាសប្តាហ៍កន្លងមកនេះដោយសម្តេចបានលើកនូវប្រយោគសំខាន់ចំនួនបួនថា
 
 « បើស្រឡាញ់ហ៊ុនសែន បើអាណិតហ៊ុន សែន បើជឿជាក់និងទុកចិត្តហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ » ប្រសាសន៍របស់សម្តេចកន្លងមកនេះបានធ្វើឲ្យ​​គណបក្សប្រឆាំងប្រតិកម្មភ័យស្លន់ស្លោហើយបែរជាចោទប្រកាន់សម្តេចថាបានឃោសនាស្វែងរកសន្លឹកឆ្នោតមុនការឃោសនាអីជាដើម ដូច្នេះសូមលោកបណ្ឌិតជួយធ្វើការប្រៀបធៀប​​​ពន្យល់​​ ទាក់ទងទៅនឹងប្រសាសន៍របស់​​ សម្តេចជាមួយនឹងការឃោសនារបស់ពួកប្រឆាំង​​អស់​​រយះពេល៥ឆ្នាំកន្លងមកនេះថាតើតម្លៃ និងចរឹតនៃការឃោសនាហ្នឹងមានលក្ខណៈខុសគ្នា​​យ៉ាងម៉េច​?​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះយើងឃើញមានប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាខេមរភាសាគេចោទប្រកាន់ថាប្រមុខនៃរាជរដ្ឋាភិបាលឆ្លៀតឱកាសឃោសនា ក្នុងការ​​បោះឆ្នោត ពួកគេមិនបានមើលឃើញអំពីសកម្មភាពឃោសនា​​​របស់ លោក កឹម សុខា និងលោក សម រង្ស៊ីទេក្នុងរយះពេល៥ឆ្នាំកន្លងមកនេះ ពួកគេមិនត្រឹមតែឃោសនាបោះឆ្នោត​​​ឲ្យគណបក្ស​​ខ្លួនទេ​​ គឺគេថែមទាំងឃោសនាបង្ខូចមិនឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជន​​កម្ពុជាថែមទៀត នេះជានយោបាយដ៏ថោកទាបរហូតដល់ពួកគេ​​ប្រើពាក្យសុទ្ធតែដូរ​​​តៃកុង​​ឡាន​​អញ្ចេះអញ្ចុះវាយប្រហារទៅដល់លក្ខណៈសម្បត្តិបុគ្គលទៅទៀត

អ្វីដែល សម្តេចប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍​​​នោះ វាជាពេលវេលាដែលពេលខ្លះ​​ត្រូវធ្វើការ​​ឆ្លើយតប​​ដែរ​​​ វាមិនមែនជារឿងខុសទេទោះបីជាមានពាក្យថា បោះឆ្នោតឲ្យគណបក្សប្រជាជនក៏ពិតមែនប៉ុន្តែប្រមុខរាជរដ្ឋាភិបាលចង់បញ្ជាក់អំពីធាតុពិតជាក់ស្តែងដែលប្រជាពលរដ្ឋស្រឡាញ់ពេញចិត្តចំពោះសម្តេច ម្យ៉ាងទៀតដើម្បីគាំទ្រចំពោះសមត្ថភាព​​ក្នុង​​ការដឹកនាំ​​ប្រទេស​​​របស់សម្តេចគឺមានតែវិធីបោះឆ្នោតឲ្យគណបក្សប្រជាជនតែ​​ប៉ុណ្ណោះពីព្រោះនៅកម្ពុជាមិនមែនជាការបោះឆ្នោតតាមបែបប្រធានាធិបតីទេគឺបោះឆ្នោតរដ្ឋសភានាយករដ្ឋមន្ត្រីជាប់ឆ្នោតតាមរយះរដ្ឋសភា ដូច្នេះវាជាការផ្តាំផ្ញើពន្យល់អំពីរបៀបរបបចង់ឲ្យកម្ពុជាដើរតាមគន្លងនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺមានតែ​​វិធី​​​មួយទេគឺការជ្រើសរើសនាយករដ្ឋមន្ត្រីត្រូវបោះឆ្នោតរដ្ឋសភាគាំទ្រគណបក្សប្រជាជនកម្ពុជា​​ម្យ៉ាងទៀតនៅក្នុងមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលបានធ្វើ​​កាល​​ពីពេលថ្មីកន្លងទៅនេះគឺកម្មវិធីនយោបាយសម្រាប់ចូលរួមប្រកួតការបោះឆ្នោតសភា​​​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ នោះ គឺមាន១១ នៅក្នុង ទី គឺបានបង្ហាញ​​នូវការ​​​ទទួល​​ស្គាល់​​បេក្ខភាពជានាយករដ្ឋមន្ត្រីរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលសម្រាប់​​អាណត្តិ​​នេះ និងអាណត្តិបន្តបន្ទាប់ តើហេតុអ្វីបានប្រមុខរាជរដ្ឋាភិបាលលើកចំណុចនេះឡើងគឺដើម្បីឲ្យប្រជាពលរដ្ឋដឹងជាមុនថាគណបក្សប្រជាជនកម្ពុជាទទួលស្គាល់នូវការពិតនៅត្រង់​​ជោគជ័យនៃការដឹកនាំប្រទេសដែលប្រជាពលរដ្ឋបានផ្តល់សេចក្តីទុកចិត្តដល់គណបក្ស​​​ប្រជាជនពីមួយអាណត្តិទៅមួយអាណត្តិជាការតបស្នងបញ្ជាក់ថាជោគជ័យនោះអាស្រ័យទៅនឹងវីរៈភាពនិងសមត្ថភាពដ៏ខ្ពង់ខ្ពស់ដែលដឹកនាំដោយសម្តេចប្រមុខរាជរដ្ឋាភិបាល​​ ហើយដែលគណបក្សប្រជាជនកម្ពុជាបានធ្វើការជ្រើសរើសសម្តេចជាបេក្ខជន​​នាយករដ្ឋមន្ត្រីប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្វើការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី​​មិនត្រឹមត្រូវនោះសក្តានុពលនយោបាយរបស់គណបក្សប្រាកដជាប្រជាពលរដ្ឋមិនទទួល​​ស្គាល់ទេ

បើយើងធ្វើការប្រៀបធៀបទៅគណបក្សសម រង្ស៊ី និងគណបក្ស កឹម សុខា វិញយើងសួរថាពួកគាត់បានទទួលស្គាល់ការពិតដែរទេ​​?​ គណបក្សពីរនេះគឺគ្មានសមត្ថភាពនោះទេ ទី១សមត្ថភាពនិងសក្តានុពលនយោបាយរបស់សម រង្ស៊ី មិនបានឆ្លុះបញ្ចាំងអំពីសមត្ថភាពនយោបាយរបស់គណបក្ស​​ខ្លួនទេ។ បើគណបក្ស សម រង្ស៊ីដឹកនាំបានល្អពេលនោះគេនឹងមើលឃើញថាលោក សម រង្ស៊ីគ្មានសមត្ថភាព​​​ក្នុងការដឹកនាំគណបក្សដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាទេ ដូច្នេះគេត្រូវតែដូរលោក សម រង្ស៊ី មិនឲ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីតទៅទៀតទេ ប៉ុន្តែដោយសារតែគណបក្ស សម រង្ស៊ីជាគណបក្សរបស់ សម រង្ស៊ី មិនមែនជាគណបក្សរបស់ប្រជាពលរដ្ឋទេ​​ ដូច្នេះទោះបីជាលោកសមរង្ស៊ី ចាញ់ឆ្នោត១លាន ដងក៏ដោយក៏នៅតែលោក សម រង្ស៊ី ឈរឈ្មោះដដែល​​ អញ្ចឹង ការឈរឈ្មោះ​​បន្ត​​របស់​​លោក សម រង្ស៊ី គឺជាការ​​ប្រឆាំង​​នឹងឆន្ទៈ ប្រជាពលរដ្ឋភាគច្រើន

សម្តេចប្រមុខរាជរដ្ឋាភិបាលបានប្រើប្រយោគដ៏មានខ្លឹមសារមួយថា« បើស្រឡាញ់សម្តេចអាណិតសម្តេច ទុកចិត្តសម្តេចជឿជាក់លើសម្តេច សូមបោះឆ្នោតជូនគណបក្សប្រជាជន​ » នេះគឺជាសារនយោបាយដ៏ពិតមួយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិដើម្បីសម្តេច​​បានធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលដឹកនាំការកសាងប្រទេសទាំងហេដ្ឋារចនា​​សម្ព័ន្ធរូបវន្ត័ និងគ្រប់ផ្នែកគ្រប់វិស័យទាំងអស់បន្តទៀត

ការមិនទទួលស្គាល់ការពិតរបស់គណបក្សប្រឆាំងនៅក្នុងបច្ចុប្បន្នភាពនយោបាយរបស់​​​​ប្រទេសគឺគណបក្សប្រឆាំងពិបាកនឹងធ្វើនយោបាយហើយ នៅក្នុងរបបប្រជាធិតេយ្យ​​​សេរី​​ពហុបក្សតួឯកដែលសំខាន់គឺគណបក្សប៉ុន្តែគណបក្សក៏អាស្រ័យទៅនឹងភាពជាអ្នក​​​ដឹកនាំ​​​របស់គណបក្សដែរ ភាពជាអ្នកដឹកនាំនេះគឺផ្តើមចេញពីប្រជាធិបតេយ្យផ្ទៃក្នុងបក្សដែលមហាសន្និបាតបក្សសមាជបក្សជាអ្នកជ្រើសតាំង អញ្ចឹងគណបក្សប្រជាជនកម្ពុជាបាន​​ធ្វើមហាសន្និបាតវិសាមញ្ញរយះពេល២ថ្ងៃគឺមិនមែនធ្វើតែកន្លះថ្ងៃដូចគណបក្សប្រឆាំង​​នោះ​​ទេ​​​​ ពីព្រោះវាជាការពិភាក្សាការងារសម្រាប់រយះពេល៥ឆ្នាំទៅមុខទៀតគណបក្សប្រជាជន​​កម្ពុជា​​ បានអនុវត្តនូវរបបប្រជាធិបតេយ្យផ្ទៃក្នុងបក្សក្នុងការជ្រើសរើសមេដឹកនាំគណបក្សនិង​​​​ឥស្សរៈជន​​​ដឹកនាំ​​​​ប្រទេសជាតិ
 
លោកសត្យា រក្ស
សំណួរ តើមូល​​ហេតុអ្វីបានជាពួកគណបក្សប្រឆាំងប្រតិកម្មភ័យព្រួយនឹងប្រសាសន៍​​​​របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនចំនួនតែបួនប្រយោគបែបនេះ​? 

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ ត្រង់ចំណុចនេះខ្ញុំជឿថាប្រជាពលរដ្ឋមិនទាន់ភ្លេចនៅឡើយទេ កន្លងមកគេតែងតែចោទប្រកាន់ថាសម្តេចនាយករដ្ឋមន្ត្រីកាន់អំណាចរហូតជាង៣០ ឆ្នាំហើយមិនដែល​​មានទេនៅប្រទេសប្រជាធិបតេយ្យ តាមពិតពួកគាត់ឈ្នានីសគេមិនមែនបញ្ហានៃការ​​យល់​​​ដឹងពីប្រជាធិបតេយ្យទេ បើរបបប្រធានាធិបតីនិយមគេកំណត់ថាមនុស្សម្នាក់អាចធ្វើ​​ប្រធានាធិបតីតែ អាណត្តិទេរឿងនេះគឺត្រឹមត្រូវហើយប៉ុន្តែសម្រាប់ប្រទេសដែលអនុវត្ត​​​តាម​​​ប្រព័ន្ធគ្រប់គ្រង​​បែបសភានិយម​​​ គេមិនដែលកំណត់នូវអាណត្តិនាយករដ្ឋមន្ត្រីទេគឺវាអាស្រ័យ​​ទៅនឹងលទ្ធភាព​​ផ្ទៃក្នុងរបស់គណបក្សនីមួយៗពីព្រោះគណបក្សជាអ្នកឈរឈ្មោះ​​បោះឆ្នោត​​តំណាង​​អសនៈ នៅ​​ក្នុងសភា។ អញ្ចឹងបើកាលណាគណបក្សគេយល់​​ឃើញ​​ថា​​ឥស្សរៈជន​​នយោបាយ​​ណា​​​ ជាឥស្សរៈជនកំពូលក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនោះវាជាសិទ្ធិផ្តាច់មុខរបស់គណបក្សនោះ ដូច្នេះគឺមិនមានការកំណត់ទេ

ចំណែកខាងកឹម សុខា ក្តី សម រង្ស៊ី ក្តីតែងគិតថាដរាបណាសម្តេចតេជោ ហ៊ុន សែននៅតែឈរឈ្មោះជាបេក្ខជននាយករេដ្ឋមន្ត្រីពួកគេយល់ថាតំណែងនេះពិតជាមិនអាច​​ទទួលបានទេ​​​ ពីព្រោះពួកគេខ្មាស់​​មិនហ៊ាននិយាយថាសម្តេចតេជោមានប្រជាប្រិយភាពជាងពួកគេ ដូច្នេះគេក៏កាឡៃទៅជាចោទថាសម្តេចតេជោក្រាញអំណាច​​ទៅវិញ​​ នៅពេលដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សមួយដែលមានចំនួនចេះតែកើនឡើងគឺយើងត្រូវតែទទួលស្គាល់នូវឆន្ទៈប្រជាពលរដ្ឋហើយបើប្រជាពលរដ្ឋបោះឆ្នោតទម្លាក់ចុះឲ្យមានចំនួនកាន់តែតិចនោះទើបយើងអាចនិយាយថា​​ មិនព្រមចុះចេញពីអំណាចទើបត្រឹមត្រូវ​​​ ​

បើយើងពិនិត្យមើលចំពោះគណបក្សប្រជាជនកម្ពុជាគឺចំនួនសន្លឹកឆ្នោតមានការកើនឡើងជា​​លំដាប់​​ ទាំងចំនួនសន្លឹកឆ្នោត និងអសនៈរដ្ឋសភាគឺពី៥១ ទៅ៦៤ បន្ទាប់មក៧៣ រហូតដល់៩០ តើមានហេតុផលអ្វីដែលបញ្ជាក់ថានាយករដ្ឋមន្ត្រីអនុវត្តនូវគោលនយោបាយ​​​ធ្វើ​​ឲ្យ​​ប្រជាពលរដ្ឋ​​មិនពេញចិត្តនោះ​​?​ តើមានហេតុផលអ្វីដែលធ្វើឲ្យគណបក្សប្រជាជន​​កម្ពុជាដកសេចក្តីទុកចិត្តទៅលើបេក្ខភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នោះទេ​? ចំណុចនេះចង់បញ្ជាក់ថាគឺសមរង្ស៊ី និងកឹម សុខា ទេដែលមានការឈ្នានីសទៅលើបេក្ខភាព​​នាយករដ្ឋមន្ត្រី​ ​របស់គណបក្សប្រជាជនកម្ពុជានៅពេលដែល​​​ សម រង្ស៊ី និងកឹមសុខា ចង់ឈរឈ្មោះជានាយករដ្ឋមន្ត្រីប៉ុន្តែខ្លួននៅតែអស់សង្ឃឹមនៅពេ​​ដៃគូប្រកួតមានវត្តមានសម្តេចប្រមុខរាជរដ្ឋាភិបាល​​

ដូច្នេះគ្រាន់តែប្រយោគបួនឃ្លារបស់សម្តេចគឺ« បើស្រឡាញ់អាណិតជឿ និងទុកចិត្តហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជន »​ គឺបានធ្វើឲ្យគណបក្សប្រឆាំងភ័យស្លន់ស្លោ​​ជា​​ខ្លាំង​​ នេះដោយសារតែ គណបក្សប្រឆាំងកំពុងតែត្រូវរបួសខ្លាំងដោយសារប្រជាពលរដ្ឋកំពុង​​រិៈគន់ នូវការឈ្នានីសរបស់ពួកគេដូច្នេះប្រសាសន៍របស់ សម្តេចបានបង្ហាញជូន​​ដល់ប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋមានសុភវិនិច្ឆ័យ​​​ចំពោះសច្ចៈភាពដែលគណបក្ស​​​ប្រជាជន​​​កម្ពុជាបានខិតខំកសាងនិងអភិវឌ្ឍប្រទេស​​ ប្រសាសន៍ របស់សម្តេចបានបង្ហាញ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌក្រមសីលធម៌នៃអ្នកនយោបាយកម្រិតខ្ពស់ដើម្បីជាការ​​ឆ្លុះបញ្ចាំងនិងប្រៀបធៀបទៅគណបក្សនយោបាយដ៏ទៃទៀតនៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលលោកបាន​​បង្ហាញជាគំរូ​​​មុនគេក្នុងការឃោសនាដោយគោរព​​​នូវក្រមសីលធម៌នៃអ្នកនយោបាយដោយ​​​មិនធ្វើការវាយប្រហារទៅលើគណបក្សនយោបាយដ៏ទៃឡើយ ប្រយោគរបស់សម្តេចគឺមានតែការផ្សារភ្ជាប់រូប​​សម្តេចផ្ទាល់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ​​ គឺ​​​​មិនបានវាយប្រហារទៅលើគណបក្សសម រង្ស៊ីវាយប្រហារទៅលើគណបក្ស កឹម សុខាវាយ​​​ប្រហារ​​ទៅលើគណបក្សដ៏ទៃទៀតដែលកំពុងតែធ្វើសកម្មភាពនយោបាយដោយសេរីនៅកម្ពុជា​​នោះទេ។ នេះជាចំណុចសំខាន់មួយ ដែលអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងមើលឲ្យឃើញនិងលើកសរសើរព្រមទាំងបង្ហាញនូវភាពជាគំរូនៃប្រសាសន៍របស់សម្តេចនេះផង​​​

សម្រង់ព័ត៌មាន លោក នូ សាវុធឌី​​