Friday, April 12, 2013

ប្រមុខ​ថ្នាក់ដឹកនាំ​ចិនរំពឹង​ថា​សម្តេចតេជោ​និង​គណបក្ស​ប្រជាជន​កម្ពុជានឹងបន្ត​ឈ្នះ​ការបោះ​ឆ្នោតនៅ​ខែ​កក្កដា​



នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ២០១៣ ក្នុង​ឱកាស​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពី​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មេដឹកនាំ​ថ្មី​របស់​ចិន ឯកឧត្តម Xi Jinping ប្រធា​នា​ធិបតីចិន ក៏​ដូច​ជា ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិន នៅ​ក្នុងជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា បាន​បង្ហាញ​ក្តី​រំពឹងថា សម្តេចអគ្គ​មហាសេនាតេជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខនេះ។
ឯកឧត្តម ចម ប្រសិទ្ធ បាន​លើកឡើង​ថា ជាមួយនឹង​ក្តីរំពឹង​លើ​ជ័យជម្នះ​របស់​សម្តេ​ចតេជោ បេក្ខជន​នាយករដ្ឋមន្ត្រី​ និង​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ មេដឹកនាំ​ថ្មី​របស់​ចិន ទាំង​នាយក​រដ្ឋមន្ត្រី និង​ទាំង​ប្រធានាធិបតី​ចិន ក៏​បាន​ប្រកាស​សន្យា​បន្ត​ផ្តល់ជំនួយ និង​ជួយ​ដល់​សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ពង្រឹង​ឯក​ភាព​ជាតិ និង​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា។
ទាក់​ទង​នឹង​ជំនួយ​ពីសាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជំនួយ​របស់​ចិនកន្លងមក ត្រូវបាន​ប្រើប្រាស់ដើម្បី​ពង្រឹង​នូវ​ឯករាជ្យភាព​របស់​កម្ពុជា តាមរយៈ​ការកសាង​ផ្លូវ និង​ស្ពាន​ធំៗ រួមទាំង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្សជាដើម​។ ចិន​ក៏​បាន​សន្យា​ជំរុញ​អ្នកវិនិយោគ និង​អ្នកទេសចរ ចូល​មក​កាន់​កម្ពុជា​ផងដែរ​។​
ឯកឧត្តម ចម ប្រសិទ្ធ បានមាន​ប្រសាសន៍ថា ប្រមុខ​ដឹកនាំ​កម្ពុជា និង​ចិន នៅក្នុង​កិច្ចប្រជុំ​ប្រកប​ដោយ​ផ្លែផ្កា ក៏​បាន​ឯកភាព​បង្កើត​គណៈកម្មការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ និង​អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​កម្ពុជា និង​ចិន ដែល​ត្រូវបាន​តម្លើង​ដល់​កម្រិត​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ចាប់តាំងពី​ឆ្នាំ​២០១០​។
ឯកឧត្តម ចម ប្រសិទ្ធ ក៏បាន​លើកឡើងផង​ដែរ​ថា ក្រៅ​ពី​ជំនួប​ប្រកបដោយ​ផ្លែផ្កា​រវាង​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី ព្រម​ទាំង​នាយក​រដ្ឋមន្ត្រី​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិនលើក​នេះ ចិន​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​នូវ​ទឹកប្រាក់ ៣០០លាន​យ័ន ស្មើ​ប្រមាណ ៤៨លាន​ដុល្លារ​អាមេរិក និង​ប្រាក់​កម្ចី​សម្បទាន ក្នុង​កម្រិត​ការប្រាក់​ទាបចំនួន ៥០០លាន​ដុល្លារ​អាមេរិក​។ ប្រាក់​កម្ចី​សម្បទាន​នេះ នឹងត្រូវ​ប្រើ​ប្រាស់​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័​ន្ធ ពិសេស​ប្រែក្លាយផ្លូវ​លំចាក់​កៅស៊ូប្រវែង ៤០០ គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និង​សាង​សង់​ធារា​សា​ស្ត្រ ប្រឡាយទឹកជាដើម​។ ក្នុង​រយៈពេល ១០ឆ្នាំ​មកនេះ ចិន​ជា​អ្នកផ្តល់ជំនួយ​ធំជាងគេ សម្រាប់​ការកសាង​ផ្លូវ​ស្ពាននៅ​កម្ពុជា​។
ឯកឧត្តម ​ចម ប្រសិទ្ធ ​បានមាន​ប្រសាសន៍​ឲ្យដឹងថា មេដឹកនាំ​កម្ពុជា និង​ចិន ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ដែលមាន ៩ចំណុច ដើម្បី​បញ្ជាក់​ជាថ្មីទៀត លើ​ទំនាក់ទំនង​កម្ពុជា និង​ចិន ដែល​ត្រូវបាន​តម្លើង​ដល់​កម្រិត កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០១៣​នេះ ជា​ខួប​លើក​ទី​ ៥៥ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា និង​ចិន និង​ជា​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា​។​
ឯកឧត្តម ចម ប្រសិទ្ធ ក៏បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេចតេជោ នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​៦ ខែ​មេសា ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ សម្តេច​ក៏​បាន​ចូល​រួម​វេទិកាក្រុងប៊ូ​អាវ សម្រាប់ទ្វីបអាស៊ី ហើយ​សម្តេច​បាន​ឡើង​ថ្លែងការណ៍​ក្នុង​វេទិកា​តំបន់​អាស៊ី​នោះ​។ ប្រមុខ​ដឹកនាំ​ថ្មី​របស់​ចិន និង​កម្ពុជា ក៏​បាន​ធ្វើ​ជា​សាក្សី ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​វិនិយោគ​នៅ​កម្ពុជា និង​អនុស្សារណៈសរុប​ចំនួន៨ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ២ពាន់​លាន​ដុល្លារ​។
ឯកឧត្តម​ ចម ប្រសិទ្ធ បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា ក្នុង​កិច្ចព្រមព្រៀង​ទាំង៨ នោះ ក៏​មាន​កិច្ច​ព្រម​ព្រៀង​មួយ និយាយ​ពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តីពី​គម្រោង​ចម្រាញ់​ប្រេង​ចំនួន ៥លាន​តោន ក្នុង​មួយ​ឆ្នាំ រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន សាជីវកម្ម​ធានារ៉ាប់រង​ឥណ​ទាន និង​នីហរ័ណ​ចិន និង​សាជីវកម្ម​ឧស្សាហកម្ម​គ្រឿង​យន្ត​ចិន ជាមួយនឹង​ក្រុមហ៊ុនខេ​ម​បូ ឌា​ន​ភេត្រូ​ខេមី​ខុល ខូ​អិល​ធី​ឌី របស់​កម្ពុជា ដែល​មាន​ទឹកប្រាក់ ១.៦៧០លាន​ដុល្លារ​អាមេរិក​។ អនុស្ស​រណៈ​នោះ ចុះហត្ថលេខា​ដោយ​លោក​ឧកញ៉ា ហា​ន់ ឃៀង ប្រធាន​ក្រុមហ៊ុន ខេ​ម​បូឌាន ភេ​ត្រូ ខេ​មី​ខុល ខូ​អិល​ធី​ឌី ជាមួយនឹង​លោក Dai Chunning អនុប្រធាន​សាជីវកម្ម ធានា​រ៉ាប់​រង​ឥណ​ទាន និង​នីហរ័ណ​ចិន ព្រមទាំង​លោក Zhang Sugang ប្រធាន​សាជីវកម្ម​ឧស្សាហ​កម្ម គ្រឿង​យន្ត​ចិន និង​លោក Zheng Zhijie អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន​។
ចំពោះ​គម្រោង​ចម្រាញ់​ប្រេងកាត​ ត្រូវបាន​ឯកឧត្តម ចម ប្រសិទ្ធ គូស​បញ្ជាក់​ថា ប្រមុខ​ដឹកនាំ​កម្ពុជា និង​ចិន បាន​ឯកភាព​ជាគោលការណ៍ថា រោងចក្រ​ចម្រាញ់​ប្រេង​នោះ អាច​នឹង​ត្រូវ​សាង​សង់​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ចន្លោះ​ពី​ខេត្ត​កំពតទៅ​វាលរេញ ស្ថិតនៅ​ជើង​ភ្នំ​បូក​គោ ផ្នែក​ខាង​សមុទ្រ ក្នុង​ទឹកដី​ខេត្ត​កំពត​។
សូម​បញ្ជាក់​ថា ក្នុងឱកាសដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ​ទី​៦ ខែ​មេសា ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ នេះ​ដែរ សម្តេច​ក៏​បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សា​ការ​ងារ​ជាមួយ​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មុន​ពេល​វេទិកា​បូ​អាវ ​សម្រាប់​សន្និសីទ​តំបន់​អាស៊ី​ប្រចាំឆ្នាំ២០១៣ បាន​បើក​ជា​ផ្លូវការ​។
នៅ​ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ដែល​ជា​ថ្ងៃទី​២ នៃ​ការ​ស្នាក់​អាស្រ័យ​នៅ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​ឯកឧត្តម ចាង តេ​ជាង ប្រធាន​សភា​ប្រជាជន​ចិន និង​ឯកឧត្តម វេន ជា​ប៉ាវ អតីត​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​មហា​វិមាន​ប្រជាជន​ចិន​ ដែល​ភាគី​ទាំង​ពីរ​បាន​​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​សន្ទុះ​នៃ​ទំនាក់ទំនង​កំរិត​ខ្ពស់​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការរ​វាង​រដ្ឋាភិបាល រដ្ឋសភា និង​គណ​បក្ស​នយោបាយ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ការ​ផ្លាស់ប្តូ​រលើ​ផ្នែក​អភិបាលកិច្ច និង​ជម្រុញ​ទំនាក់ទំនង​កិច្ច​សម្រប​សម្រួល​លើ​កម្រិត​ផ្សេងៗ​ទៀត។
នៅ​រសៀល​ថ្ងៃ​ទៅ​ទី៩ ខែ​មេសា ​ឆ្នាំ២០១៣ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​ប្លង់​មេ​អភិវឌ្ឍន៍​ទីក្រុង​ប៉​កាំ​ង របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​អវកាស​ចិន ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន។
សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ព្រមទាំង​អ្នកធុរកិច្ចកម្ពុជា​ធំៗ ទៅធ្វើ​ទស្សនកិច្ចជា​ផ្លូវការ​នៅ​សាធារណរដ្ឋប្រជា​មានិត​ចិន​ចិន ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣​។ ក្នុង​ឱកាស​ស្នាក់​អាស្រ័យ​នៅ​ទៅ​នោះសម្តេច​តេជោ​នាយករដ្ឋមន្ត្រី និងឯកឧត្តម Li Keqiang នាយក​រដ្ឋមន្ត្រីចិន បាន​ធ្វើ​ជាអធិបតី​ ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​វិនិយោគ​នៅ​កម្ពុជា និង​អនុស្សារណៈ សរុប​ចំនួន៨ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ២ពាន់​លាន​ដុល្លារ​។
ទី១- ផែនការ​សកម្មភាព​ស្តី​ពី​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ ការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ដែល​ចុះ​ហត្ថ​លេខា​រវាង​លោកជំទាវ សឿន រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ជាមួយ​ឯក​ឧត្តម Zhang Yesui អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន។ ទី២- អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​រវាង​គណៈកម្មការ​ប្បញ្ញត្តិ​កម្ម​ធនាគារ​ចិន និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ចុះ​ហត្ថ​លេខា​រវាងឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ជាមួយឯកឧត្តម Shang Fulin ប្រធាន គណៈកម្មការ​ប្បញ្ញត្តិ​កម្ម​ធនាគារ​ចិន។ ទី៣- កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និងបច្ចេក​ទេស​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ជា​ជំនួយឥត​សំណង​មាន​ទឹកប្រាក់ ៣០០លានយ័ន ​ប្រហាក់ប្រហែល ៤៨លាន​ដុល្លារ។ ទី៤- កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌ ស្តីពី​ការ​ផ្តល់​ឥណទាន សម្បទាន​ដោយ​ភាគី​ចិន​ដល់​ភាគី​កម្ពុជា សម្រាប់​គំរោង​​សាងសង់​ស្ពាន​កោះធំ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​ចិន​មាន​ទឹកប្រាក់ ១២៦ លាន​យ័ន ​ប្រហាក់​ប្រហែល ២០លាន​ដុល្លារ។ ទី៥- លិខិត​ប្តូរ​សារ​ស្តីពី​គំរោង​សាលា​វិជ្ជាជីវៈ​កសិកម្ម​ខេត្តក្រចេះ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាលចិន​ ដែល​ចុះ​ហត្ថ​លេខារ​វា​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានឧត្តម​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម Gao Hucheng រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។ ទី៦- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ស្តីពី​គំរោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​អាង​ស្ទឹងស្ទោង​ជំហាន​ទី១ រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ ជាមួយធនាគារ​អា​ហរ​ណ៍ នី​ហរ​ណ៍​ចិន មាន​ទឹកប្រាក់ ៣២៩  ៧៥០ ០០០យ័ន ​ប្រហាក់ប្រហែល ៥២លាន ដុល្លារ។ ទី៧- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ស្តីពី​គំរោង​សាងសង់​ស្ពាន​កោះធំ ខេត្ត​កណ្តាល​រវាងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ធនាគារ​អាហរ័ណ នីហរ័ណ​ចិន ​មាន​ទឹកប្រាក់ ១២៦លានយ័ន ​ប្រហាក់ប្រហែល ២០លាន​ដុល្លារ ​ចុះហត្ថលេខា​រវាង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយ​និង​ឯកឧត្តម Sun Ping អនុប្រធាន​ធនាគារ Eximbank និង ​ទី៨- អនុ​ស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គំរោងចម្រាញ់​ប្រេង​ចំនួន ៥លាន​តោន ​ក្នុង​មួយឆ្នាំ ​រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន​សាជីវកម្ម ធានារ៉ាប់រង​ឥណទាន និង​នី​ហរ​ណ៍​ចិន និង​សាជីវកម្ម ឧស្សា​ហ​កម្ម​គ្រឿងយន្ត​ចិន​ជាមួយ​ក្រុមហ៊ុនខេ​ម​បូ​ឌា​ន​ភេ​ត្រូ​ខេ​មី​ខុល ខូ​អិ​ល​ធី​ឌី មាន​ទឹកប្រាក់ ១ ៦៧០លាន​ដុល្លារ ​ចុះហត្ថលេខា​រវាង​លោក ឧកញ៉ា ហាន់ ឃៀង ប្រធានក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ភេ​ត្រូ​ខេ​មី​ខុល ខូ​អិ​ល​ធី​ឌី ជាមួយ​លោក Dai Chunning អនុប្រធាន​សាជីវកម្ម ធានារ៉ាប់រង​ឥណទាន និង​នី​ហរ​ណ៍​ចិន លោក Zhang Sugang ប្រធាន​សាជីវកម្ម​ឧស្សាហកម្ម គ្រឿងយន្ត​ចិន និង​លោក Zheng Zhijie អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន៕
អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស

បទអត្ថាធិប្បាយ៖ ដឹងជាមុនថា« ចាញ់ឆ្នោត » រកលេសធ្វើ​បាតុកម្មប្រឆាំង ដើម្បី​បំ​ផ្លាញការបោះ​ឆ្នោត



          គណបក្សប្រឆាំងបានចាញ់នៅក្នុងការបោះឆ្នោតសកលចំនួន ៣ អាណត្តិ ជាប់ៗគ្នា​មក​ហើ​យ បើគិតតាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន។ ម្ល៉ោះហើយ គណបក្សប្រឆាំងនេះ ខិតខំ​​រកមធ្យោ​បាយ​​​គ្រប់​បែបយ៉ាងដើម្បីដណ្តើមយកជ័យជំនះ ពីរាជរដ្ឋាភិបាលដែលដឹក​នាំដោយ​គណបក្សប្រជា​ជន​កម្ពុជា ប៉ុន្តែគោលបំណងនេះ នឹងមិនអាចទទួលបានជោគជ័យនោះទេ។  
    
តាមរយៈការផ្សាយកម្មវិធីសំឡេងប្រជាធិបតេយ្យ(VOD) កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ​២០១៣ អ្នក​តំ​ណាងរាស្ត្រ គួយ ប៊ុនរឿន នៃគណបក្ស​ប្រឆាំង​បាន​ព្រមានថា« នឹង​ធ្វើ​បាតុកម្ម​ដើម្បី​​ទាម​ទារឲ្យគណៈកម្មាធិការជាតិរៀប​ចំការ​បោះ​​ឆ្នោតផ្អាកការបោះ​ឆ្នោត និងធ្វើវិសោធន​កម្ម​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើង​វិញ»។

វាគ្មាន​អ្វីជាការចំ​ឡែកទេ ដែល​គណបក្សប្រឆាំង​ព្រមាន​ធ្វើ​បាតុកម្ម​ ពី​ព្រោះបក្សប្រឆាំង​បាន​ប្រកាន់​យក​នូវ​វប្បធម៌បែប​នេះ​ជាយូរយាណាស់​មក​ហើយ ដែលគេនៅចងចាំជាប់​រហូត​មក​ថា មេបក្សប្រឆាំង​ គឺ សម រង្ស៊ី បាន​ធ្វើ​ជាដង្ខៅបាតុកម្មជាប់រហូតមក ។

            ការព្រមានអោយពន្យាពេលបោះឆ្នោតក៏ត្រូវ​បាន​ លោក សម រង្ស៊ី យកធ្វើ​ជាលេស​ដើម្បី​​​​ប្រយោជន៍នយោបាយរបស់ខ្លួន​ បន្ទាប់ពី លោក សម រង្ស៊ី បាននិយាយថាយុទ្ធ​សាស្ត្រ​ឈ្នះ‑ឈ្នះ គឺលោក​នឹង​មិន​ចូល​រួមបោះឆ្នោត​ទេនាពេល​ខាងមុខ។ 

គេបានកត់សំគាល់ឃើញថា លោក សម រង្ស៊ី សំ​បូរដោយភាពក្រឡិច​ក្រឡុចបំ​ផុត​ដែលមិនអាចទុកចិត្តបានឡើយ គឺមិនបានប៉ុន្មានថ្ងៃផង ម្តងនិយាយថា នឹង​មកចូល​រួម​បោះ​ឆ្នោត បន្ទាប់មក ថា មិន​មកទេ នឹង​ថ្មីៗនេះ ប្រកាសពន្យាពេលបោះឆ្នោត ។ 

ការពិត គ្មានបញ្ហា​ណាមួយ​ដូច​ការ​ចោទប្រកាន់​របស់​បក្សប្រឆាំង​ អំពី​ បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោតថាមាន​ភាព​មិន​ប្រក្រតី​នោះទេ។​ គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​និង​កំ​ពុង​បំ​ពេញការងាររបស់​ខ្លួន​ដោយ​ឯករាជ្យ ក្នុង​ស្មារតីទទួលខុសត្រូវ ដោយអនុវត្តតាម​ច្បាប់​បោះឆ្នោត ប្រព្រឹត្តទៅ​ដោយសេរី ស្មើភាព​ និង​យុត្តិធម៌បំ​ផុត។

 ដូច្នេះ ការលើកឡើងរបស់បុគ្គល សម រង្ស៊ី និង​ក្រុម​ប្រឆាំង​អំពី​ការព្រមាន​ធ្វើ​បាតុកម្ម ពាក់​ព័ន្ធ នឹង​បញ្ជីឈ្មោះបោះឆ្នោត គឺមិន​អាច​ទៅ​រួចនោះទេ ពីព្រោះគណបក្ស​នយោ​បាយ​​​ជា​ច្រើន​រួមទាំងគណបក្ស​ខ្លួន​ឯង​ផងដែរ រូប​ភាព​ជាក់​ស្តែង​ គឺ បាននិងកំពុង​តែ​មមា​ញឹក​​ខ្លាំង​ណាស់​ក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត តាម​មណ្ឌល​​នីមួយៗ និងបានត្រៀម​បណ្តុះ​បណ្តាលអ្នកសង្កេតការណ៏ និងបានធ្វើសកម្មភាព​យ៉ាង​​សកម្ម​នៅតាមមូលដ្ឋាន​ក្នុងការ​ដណ្តើម​យក​អ្នកគាំទ្ររបស់គណបក្សនយោបាយរៀងៗខ្លួន តាម​លក្ខណៈប្រជាធិបតេយ្យ។ ហេតុអ្វី​ បាន​ជា បក្សប្រឆាំង​បោកប្រាស់​ខ្លួន​ឯង និង​ប្រជាពល​រដ្ឋ ថា ពួក​គេមិន​ចូល​រួម​បោះឆ្នោត និង​ស្នើ​សុំ​ពន្យាពេល?ពីព្រោះកាលណាមានការពន្យាពេលលោក សម រង្ស៊ី នៅមានសង្ឃឹម ហើយ  លោក សម រង្ស៊ី បានដឹងច្បាស់ថា រូបលោក មិនអាចចូលមកបាន​ទេគឺអ្វីៗ​ស្ថិតនៅក្នុងដៃលោក កឹម​ សុខា

ការភូត​កុហកនេះ មិនដូច​អ្វីដែល​ពួក​គេទើប​នឹង​បានផ្គូផ្គងនូវ​តំ​ណែង​ បេក្ខជនសម្រាប់​ដឹក​នាំក្នុងស្ថាប័ននិតិ​ប្រតិ​បត្តិ និង​បញ្ញត្តិ និងកាលពី​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣អំឡុងពេល   សមាជ​របស់​គណបក្សសង្រ្គោះជាតិកន្លងមកនេះ។ 

ដូច្នេះ កាលបរិច្ឆេទ​ការបោះ​ឆ្នោត​សក​ល និង​នៅ​តែប្រព្រឹត្តទៅ​មុខជាធម្មតា គ្មាន​ការ​ពន្យាពេល​បាន​នោះ​ទេ។ ក្នុង​ន័យ​ថា ដំ​ណើរការប្រជាធិបតេយ្យ និតិរដ្ឋ និង​ការបោះ​ឆ្នោតនៅ​កម្ពុជា​​ មិន​ត្រូវ​បាន​អនុញ្ញាតិអោយ​ក្រុម​បក្សប្រឆាំង​យក​ធ្វើ​ជាចំ​ណាប់​ខ្មាំង​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ បើបក្សប្រឆាំង​ពិត​ជាមាន​បំណងចង់ដឹក​នាំធ្វើ​បាតុកម្ម​ប្រឆាំង​មែន​នោះ​ គ្រាន់តែបន្លឺ​សំលេង​ដើម្បី​ទាក់ទាញការចាប់អារម្មណ៏មតិជាតិ អន្តរជាតិ ដែលជាការយកលេសបិទ​បាំង​នូវ​ភាព​បរាជ័យ​របស់ខ្លួនពេលបោះឆ្នោតខាងមុខ។

អត្ថបទដោយៈ រួម ជាតិ​