Sunday, June 16, 2013

សុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ អាន ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក



វិមានសន្តិភាព,  រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៣

-        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា
-        លោកជំទាវ Irina Bokova អគ្គនាយិការនៃអង្គការយូណេស្កូ
-        លោកជំទាវ Katalin Bogyay ប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ
-        លោកជំទាវ Alissandra Cummins ប្រធានគណៈប្រតិបត្តិនៃអង្គការយូណេស្កូ
-        ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ និងអ្នកជំនាញការនៃស្ថាប័នពិគ្រោះយោបល់
-        ឯកឧត្តម លោកជំទាវគណៈប្រតិភូ អស់លោក លោកស្រី 

ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា សូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ ឯកឧត្ត លោកជំទាវ អស់លោក​​ លោកស្រី ក្នុងការស្នាក់នៅលើ​ទឹកដី​នៃមាតុភូមិរបស់ខ្ញុំ នៅមុនពេលកិច្ចប្រជុំលើកទី៣៧របស់យើងនេះ។

ពិធីបើកកិច្ចប្រជុំ​នេះនឹង​ប្រព្រឹត្តឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសមេ្តចនឹងថ្លែងជា​កិត្តិយស​ក្នុង​ឱកាសនេះ។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេច​ចិត្តយ៉ាង​ពិសេស និងដ៏កម្រ ក្នុងការអញ្ជើញគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់យើង​មករៀបចំ​សម័​យ ​​​​ប្រជុំ​​លើក​ទី៣៧ នៅវិមានសន្តិភាពក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តីនេះ។ ជាការពិតណាស់ ក្នុង​នាម​គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលជាប្រធានគណៈកម្មាធិការ សូម​សម្តែ​ង ​​នូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​បាន​​ជួយជ្រោមជ្រែងឱ្យមានព្រឹត្តិការណ៍នេះឡើង។

ឯកឧត្តម លោកជំទាវ
សហការីទាំងអស់
អស់លោក លោកស្រី ជាទីមេត្រី
ទី១

ជាបឋម ខ្ញុំសូមថ្លែងអំពី
គណៈកម្មាធិការអន្តររដ្ឋាភិបាល និងប្រធានរបស់គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក

ដូចយើងទាំងអស់គ្នាដឹងហើយថា រហូតមកដល់ថ្ងៃនេះ ចំនួនរដ្ឋភាគីនៃអនុសញ្ញា​បេតិកភណ្ឌ​ពិភព​លោ​ក បានឈានដល់ចំនួន១៩០ប្រទេសដោយសារអង្គការយូណេស្កូមានសមាជិក១៩៥ប្រទេស នេះ​មា​ន​ ន័យ​ថា ​អនុស​ញ្ញា​នេះស្ទើរតែក្លាយជាលិខិតូបករណ៍គតិយុត្តិសកលទៅហើយនាពេលឥឡូវនេះ។  ដូ​ច្នេះ បេសក​កម្មរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលគឺជាបេកសកម្មសកល។ អំណារបស់​គណៈកម្មាធិការមានលក្ខណៈទូលំទូលាយ ចម្រុះ និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ផ្នែកវប្បធម៌ ធម្មជាតិ និង​សង្គ

និយា​យឱ្យច្បាស់ជាងនេះ គណៈកម្មាធិការមានកាតព្វកិច្ចក្នុងការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ដោ​យ​ ផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ថាតើគួរចុះបញ្ជី ឬមិនចុះបញ្ជីសម្បត្តិណា​មួយក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភពលោកគណៈកម្មាធិការក៏មានកាតព្វកិច្ចផងដែរក្នុងការសិក្សាលើស្ថានភាពអភិរក្ស​នៃ​សម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីហើយ ដែលជួនកាលអាចត្រូវប្រកាសថាជាសម្បត្តិបេតិកភណ្ឌ​កំពុងរងគ្រោះ។ ក្នុងករណីដែលសម្បត្តិបេតិកភណ្ឌមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាក់លាក់​ណាមួយ និងនៅពេលដែលលែងមានភាពគ្រោះថ្នាក់ សម្បត្តិបេតិកភណ្ឌនោះនឹងត្រូវដកចេញពីបញ្ជី​បេតិ​ក​ភណ្ឌ​កំពុង​រងគ្រោះថ្នាក់។

យើងទាំងអស់គ្នាឯកភាពថា ការទទួលខុសត្រូវទាំងអស់នេះគឺពិតជាមានសារៈសំខាន់ណាស់ ហើយ​វា​គឺជាបេះដូងនៃប្រព័ន្ធបេតិកភណ្ឌពិភពលោក។ ប្រសិនបើខ្ញុំនិយាយយោងលើអត្ថបទអនុសញ្ញានេះ វា​មិន​​មែនមិនសំខាន់នោះទេ ប៉ុន្តែវាជាការបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវហ្មត់ចត់​ដែលបានផ្តល់​ឱ្យ​គណៈ​គម្មាធិការនេះ និងសមាជិកនីមួយៗរបស់ខ្លួន។ ក្នុងន័យនេះ នៅពេលដែលយើងមាន​កិត្តិយ​ស​ នៅក្នុងគណៈកម្មាធិការនេះ វាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ និងធានាថា ការ​សម្រេចចិត្តរបស់យើង គឺត្រូវផ្អែកយ៉ាងម៉ឹងម៉ាត់លើទិន្នន័យនិងឯកសារដែលផ្តល់ឱ្យដោយរដ្ឋភាគី និងការវាយតម្លៃដែលធ្វើឡើងដោយស្ថាប័នពិគ្រោះយោបល់ទាំងអស់។

ថ្ងៃនេះ ក៏ដូចជាអ្វីដែលយើងតែងតែអនុវត្តកន្លងមកដែរ ការសម្រេចចិត្តនានាដែលយើងធ្វើឡើង ពុំត្រូវ​ផ្អែកលើការយោគយល់ ដែលធ្វើឱ្យប៉ះដល់ដល់កិត្តិយស​របស់គណៈកម្មាធិការអន្តររដ្ឋាភិបា​​របស់យើ ឡើយ។

នៅពេលដែលយើងនិយាយអំពីបេសកកម្មរបស់គណៈកម្មាធិការ យើងមិនអាចមិននិយាយអំពីតួនាទី​របស់​ប្រធានគណៈកម្មាធិការបានទេ

សូមអនុញ្ញាតឱ្យខ្ញុំជម្រាបថា ខ្ញុំប្តេជ្ញាអនុវត្តតាមវិធាននីតិវិធី និងយកចិត្តទុកដាក់ជាពិសេសលើលទ្ធភាសម្រប​សម្រួលណាមួយក្នុងការសិក្សា និងការដោះស្រាយនូវ​បញ្ហា​ពិបាកៗ

ដូច្នេះហើយ ទើបខ្ញុំបានទៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីសចំនួនពីរលើក លើក​​​ទីមួយ​កាលពីថ្ងៃទី៦ ទី៧ និងទី៨ ខែមករា ឆ្នាំ២០១៣ និងលើកទីពីរកាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៣ការទៅទីស្នាក់ការកណ្តាលយូណេស្កូ​នេះគឺជាកិច្ចប្រជុំ​បន្ថែមដើម្បីប្រមូលព័ត៌មា និងដើម្បីធ្វើការសន្ទនា ពិគ្រោះយោបល់ជាដំបូងជាមួយនឹងសហការីរបស់ខ្ញុំ សមាជិកគណៈកម្មាធិការ ជាពិសេសជាមួយ​អនុប្រធាន បន្ទាប់មកជាមួយនឹងតំណាងមកពីស្ថាប័នពិគ្រោះ​យោបល់ ព្រមទាំងជាមួ​​នឹងមន្រ្តីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដែលដឹកនាំដោយលោក Kishore Rao និងបណ្ឌិត Mechtild Rossler ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីទាំងអស់នាពេលនេះ។

ទី២

ឥឡូវនេះ ខ្ញុំសូមលើកអំពី
បេតិកភណ្ឌមនុស្សជាតិ និងអនាគតរបស់អនុសញ្ញាបេតិកភណ្ឌ​ពិភពលោក

ជាការពិត ប្រសិនបើបញ្ហាការផ្តល់ហិរញ្ញវត្ថុអន្តរជាតិនៅតែជាបញ្ហាយ៉ាង​ណា​ក៏​ដោយ ក៏យើងមិនត្រូវភ្លេច​​​​គិតពីគោលដៅ និងការអភិវឌ្ឍប្រកបដោយវិជ្ជមាននោះទេ។

ក្នុងទស្សនៈ​របស់​យើង អនុសញ្ញាពាក់ព័ន្ឋនឹងការការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិភពលោក នៅតែជាប្រភពនៃមោទនភាព នេះគឺពិតជាលិខិត​តូប​ករណ៍​​គតិយុត្តិអន្តរជាតិដែលមានលក្ខណៈ​ពិសេសជាងគេ  ដូចដែលយើងបានឯកភាពគ្នានាពេលថ្មីៗ​នេះនៅក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២) នៅពេល​ដែលយើងប្រារព្វខួបលើកទី ៤០ នៃអនុញ្ញា ដែលបានអនុម័តដោយមហាសន្និបាត​អង្គការ​យូណេស្កូកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧២។

នៅក្នុងសុន្ទរកថាបើករបស់ខ្ញុំនៅក្នុងទីក្រុងក្យូតូ ខ្ញុំបានគូសបញ្ជាក់អំពីសារៈសំខាន់​នៃភាព​ចម្រុះនៃ​វប្ប​​​ធម៌ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយខ្ញុំក៏បានលើកឡើងផងដែរថា យើង​ត្រូវ​តែ​មានមោទនភាពលើទិដ្ឋភាពជាច្រើន។
​​
ដូច្នេះ ឥឡូវនេះ បេតិកភណ្ឌពិភពលោកត្រូវបានគេគោរព និងប្រារព្ធអបអរសាទរឡើងជាសកល។ ប៉ុន្តែ​​ទន្ទឹមគ្នានោះផងដែរ យើងត្រូវដឹង​ថា អនុសញ្ញានេះនៅថ្ងៃអនាគតទំនងជាប្រឈមនឹង​បញ្ហាប្រឈ​​ធំៗជាច្រើន។ ការលំបាកជា​ច្រើន​​បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើការចុះបញ្ជី​និង​​ការវាយតម្លៃលើស្ថានភាពអភិរក្សនៃ​សម្បត្តិ​បេតិកភណ្ឌមួយចំនួនដែលមានភាពមិនច្បាស់លាស់។ ដូច​​ដែល​ខ្ញុំគួរផ្តល់អនុសាសន៍ ពោលគឺមានភាពចាំបាច់ណាស់ក្នុងការបញ្ចៀសនូវភាពតានតឹងនានានៅក្នុងគណៈកម្មាធិការ និង​ពិចារណា​យ៉ាង​​ល្អិតល្អន់​​លើស្ថានភាព ព្រមទាំង​រកវិធីសាស្រ្ត​និង​មធ្យោបាយនានា ដើម្បីឈានទៅមុខឱ្យបានលឿន និង ប្រសើរជាងនេះ

អនុសាសន៍

ជាទីបញ្ចប់ ខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើអ្វីដែលខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង ​នោះគឺអនុសាសន៍ចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោក

អស់រយៈ​កាល​ជាងមួយ​ទសវត្ស​មកហើយ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសេចក្តី​ព្រាង​និង​ការ​អនុវត្តកម្មវិធី​អភិរក្ស និងអភិវឌ្ឍអង្គរ ដែលជារមណីយដ្ឋានបេតិកភណ្ឌខ្មែរដ៏សំខាន់ខ្ញុំអនុវត្ត​ការងារ​នេះ​ក្នុង​នាម​ជាប្រធានអាជ្ញាធរអប្សរា ដែលអាជ្ញាធរនេះជាអ្នកគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងតាមរយៈការ​​ចូលរួមរបស់ខ្ញុំក្នុង​កិច្ច​ប្រជុំ​ពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការសម្របសម្រួល​​អន្តជាតិអង្គរ។ តាមរយៈការងារនេះ ​ខ្ញុំបានដឹងច្បាស់ពីបញ្ហាជាច្រើនដែលគណៈកម្មាធិការបេតិកភណ្ឌកំពុងតែដោះស្រាយ។

ឈរលើមូលដ្ឋាននៃបទ​ពិសោធន៍នេះ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍សម្រាប់​ធ្វើការពិភាក្សាស្តីអំពី​អនាគត​របស់​អនុសញ្ញា​នេះ។

អនុសាសន៍ទីមួយរបស់ខ្ញុំទាក់ទងជាមួយនឹងមូលនិធិបេតិកភណ្ឌពិភពលោក។ ជាការពិតណាស់ ខ្ញុំសូ​​​ លើក​ឡើងថា ស្ថានភាពនៃមូលនិធិបេតិកភណ្ឌនេះបានខិតមកដល់ស្ថានភាពប្រកាស​អាសន្ន​ហើយ។ គំលាតកាន់តែធំ​រវាងធនធាន​ហិរញ្ញវត្ថុ​ដែលមាន និងការចាំបាច់សម្រាប់ដំណើរប្រតិបត្តិការឲ្យបានរលូន​​ក្នុងការអនុវត្តអនុសញ្ញានេះ គឺថាការស្នើសុំ​ចុះ​បញ្ជី និងការធ្វើរបាយការណ៍ស្តីពីស្ថានភាពអភិរក្សសម្បត្តិ​បេតិកភណ្ឌ។ បន្ថែម​ពីលើ​នេះ គឺជាការវិភាគលើសំណើសុំ​ជំនួយ​ពីអន្តរជាតិ ដែលមានសារៈ​សំខាន់បំផុត​សម្រាប់​បណ្ដា​ប្រទេសក្រីក្របំផុត ឬសម្រាប់ប្រទេស​ដែលមិនមានមធ្យោបាយគ្រប់គ្រាន់

ខ្ញុំសូមជំរុញដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ព្រម​ទាំងតំណាងរដ្ឋភាគី​ទាំង​អស់។ អនុសញ្ញាមួយនេះគឺជារបស់យើងទាំងអស់គ្នា ហើយអនាគតរបស់អនុសញ្ញានេះគឺសម្រាប់យើង​ទាំងអស់គ្នា។ ពិតណាស់ គឺមានតែយើងទាំងអស់គ្នានេះហើយ ដែលអាចធ្វើឲ្យស្ថាន​ភាព​មូល​និធិ​បេតិកភណ្ឌពិភពលោកប្រសើរឡើង។ យើងទាំងអស់គ្នាអាចបរិច្ចាកធនធានដោយស្ម័គ្រចិត្ត ឬក៏​បរិច្ចាកផ្ទាល់ទៅឱ្យកម្មវិធីប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលលើការអនុវត្តនៃអនុសញ្ញា។ ខ្ញុំ​សូម​ទទូចឱ្យមាន​ការ​ចូល​រួមដូច្នេះ។

អនុសាសន៍ដ៏សំខាន់មួយទៀតរបស់ខ្ញុំ គឺជាការគោរពរបស់យើងទាំងអស់គ្នាចំពោះអនុសញ្ញា។ ភាពជោគជ័យរបស់អនុសញ្ញាគឺអាស្រ័យជាចម្បងទៅនឹងការគោរពតាមបែបបទ និងនីតិវិធីពីអតីតកាល​ទៅ​​តាមជំហាននីមួយៗកន្លងមកនេះ យើង​ទាំងអស់គ្នា​និយាយ​ដោយមោទនភាពថា “បេតិកភណ្ឌពិភពលោកគឺជាបេតិកភណ្ឌរួមដូច្នេះ​ការចុះបញ្ជីត្រូវបន្តតម្រូវ​ឲ្យមានការជឿជាក់បានជាបន្តបន្ទាប់។ នេះ​ហើយគឺជាទំនួលខុសត្រូវរបស់​យើង​ទាំង​​អស់​គ្នា។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយសូមកោតសរសើរដោយស្មោះចំពោះស្ថាប័នពិគ្រោះយោបល់​សម្រាប់​កិច្ចការដ៏មានសារៈ​សំខាន់ៗដែលស្ថាប័នបានធ្វើ។ ហើយខ្ញុំសូមរំឮកដល់ស្ថាប័នទាំងនេះថា អ្នក​​ជំនាញការ​របស់ពួកគេ គួរតែមានការប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យមានភាពមន្ទិលសង្ស័យទៅលើ​កិត្តិ​នា​ម​​​របស់ ICOMOS និងIUCN។ ខ្ញុំក៏សូមលើកឡើងផងដែរថា មានតែការសន្ទនាជាមួយរដ្ឋភាគីនៃ​អនុ​សញ្ញា​នោះទេដែល អាចធ្វើឱ្យប្រសើរឡើងនៃលក្ខខណ្ឌនៃការអនុវត្តអនុសញ្ញានេះ

សូមអរគុណចំពោះការ​យក​ចិត្តទុកដាក់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី