Tuesday, July 16, 2013

គណ​បក្ស​ប្រជាជន​កម្ពុជា មាន​រចនា​សម្ព័ន្ធ​រឹងមាំ​ពីកំពូល​ដល់ភូមិ ក្រុម

ដូច្នោះ​ជោគ​ជ័យ​របស់គណបក្សប្រជាជនកម្ពុជា មិនមែនជាចៃដន្យឡើយ


 ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិក​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជន​កម្ពុជា បានមាន​ប្រសាសន៍​ឲ្យដឹង​នាព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ នៅឃុំបាស្រែ ស្រុក​មង្គលបូរី ខេត្តតាកែវថា ជោគជ័យនៃការ​បោះ​ឆ្នោត​៤អាណត្តិកន្លងមកនេះ របស់គណបក្ស​ប្រជាជន​កម្ពុជា គឺមិន​មែន​ជាការចៃដន្យទេ តែគឺ​ដោយ​សារ​ការ​ជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស ដែលកន្លងមក ក្រៅពី​រំដោះ​​ប្រជា​ពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា គឺបាននាំមកនូវសុខ​សន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ និងការអភិវឌ្ឍ​ប្រទេស​ជាតិ ដែលនេះ​គឺជាសរស​រស្ត​ម្ភពីរ​ដ៏សំខាន់​របស់​គណបក្ស​ប្រជាជនកម្ពុជា  ។

ក្នុងពិធីជួបសំណេះសំណាល ដែល​មាន​​ប្រជា​ពលរដ្ឋជាសមាជិក សមា​ជិកា​គណបក្ស​ប្រជា​ជន​​​កម្ពុជាជិត១ម៉ឺននាក់ មកពី​បណ្តា​​ឃុំក្នុង​ស្រុក​មង្គល​បូរីចូលរួម ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែលជា​បេក្ខជន​តំណាង​​រាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តី​ទីV បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្សប្រជាជនកម្ពុជា ជាគណ​បក្ស​ដែល​មាន​បទ​ពិសោធន៍​​មាន​រចនា​សម្ព័ន្ធរឹងមាំរហូតដល់ក្រុម ភូមិ ដែលធ្វើឲ្យ​គណ​បក្ស​អាចយល់ដឹងអំពីតម្រូវការ និងទុក្ខលំបាករបស់សមាជិក និងប្រជាពលរដ្ឋ ដើម្បីធ្វើការ​ដោះស្រាយ ។
ដោយទទួល​បានកា​រ​ប្តេជ្ញា​ចិត្តគាំ​ទ្រពី​​​ប្រជា​ពល​រដ្ឋ​ជាសមាជិក សមាជិកា​របស់​​​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​មង្គល​បូរី ដែលចាត់ទុកថា​ការបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង និងដើម្បីការអភិវឌ្ឍជាតិ និងដោយសំអាងថា គណបក្សប្រជាជន​កម្ពុជាក្នុងខេត្តតាកែវ កើនអសនៈ​ជាបន្ត​បន្ទាប់​ក្នុង៤​អាណត្តិ​កន្លង​មកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានប្រកាសថា ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្តអាណត្តិទីV នៅថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះនៅមណ្ឌលខេត្តតាកែវ គណបក្សប្រជាជនកម្ពុជានឹងទទួលបាន ៧អសនៈ លើ​អសនៈ ដែលមានចំនួន៨ ​។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា សុខ​សន្តិភាព​ដែល​ប្រទេស​កម្ពុជាទទួលបានពេញលេញ ក្រោយ​ឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែលជា​នយោ​បាយ​របស់​គណ​បក្សប្រជាជនកម្ពុជា ត្រូវ​បាន​ចាត់ទុក​ថាជា​សុខ​សន្តិភាព ជាប្រវត្តិសាស្រ្ត ៥០០ឆ្នាំ ដែល​កម្ពុជាទើបទទួលបាន ។
ជាមួយ​នឹងការ​រំលឹកអំពីការ​ស្នើ​សុំ​​លើកលែង​ទោស​ពីព្រះ​មហាក្សត្រ ដោយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជូន​លោក សម រង្សី គឺជា​ផ្នែកមួយ​នៃនយោបាយ​បង្រួម​បង្រួម​ជាតិ​របស់​គណ​បក្សប្រជាជនកម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ពន្យល់ថា ​​ផ្តើមចេញពីសុខសន្តិភាព និង​​ស្​ថិរភាព​នយោបាយ​ដែល​ទទួល​បានពី​ការ​បង្រួម​បង្រួមជាតិ ដែលជាគោលនយោបាយ​ចម្បង​របស់​គណបក្ស​ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសេដ្ឋកិច្ចរីកចម្រើន ដោយសារមាន​ការ​វិនិយោគពីបរទេស មានកំណើនភ្ញៀវទេសចរ បានធ្វើឲ្យភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលមាន១០០​ភាគរយ នាក្រោយ​ថ្ងៃរំដោះត្រូវបានកាត់បន្ថយមកត្រឹមប្រមាណ ១៧ភាគរយប៉ុណ្ណោះក្នុងឆ្នាំ​២០១៣ ។

ពាក់ព័ន្ធទៅ​នឹងការឃោស​នាសន្យា​របស់​គណបក្សប្រឆាំង ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បានមានប្រសាសន៍ពន្យល់ថា កម្ពុជាជា​ប្រទេសប្រកាន់​នយោបាយ​ទីផ្សារសេរី រដ្ឋគោរព​សេរីភាពផ្នែក​ឯកជន ដូច្នោះ​ការ​សន្យា​តម្លើង​ថ្លៃស្រូវ ការលុបបំណុលរបស់ធនាគារ គឺមិនសមស្របនឹងនយោបាយ ទីផ្សារ​សេរី​ឡើយ ។ ឯការសន្យាតម្លើងប្រាក់ខែ ដោយ​មិន​សិក្សា​ពីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាគោល ការណ៍រដ្ឋបាល ដែលតម្រូវ​ឲ្យការ​ប្រើ​ប្រាស់​ថវិកាសម្រាប់បៀវត្សមន្រ្តីរាជការមិនឲ្យលើសពី៤ភាគរយ នៃ ផសស វានឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច តម្លៃប្រាក់រៀលដែលកំពុងមានស្ថេរភាពនឹងត្រូវធ្លាក់ចុះ ធ្វើឲ្យប៉ះ ពាល់​ដល់​ជីវភាព​របស់​ប្រជាពល​រដ្ឋ​ និង​អ្នកវិនិយោគ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានឲ្យដឹងថា ថវិកាដែល​បាន​មកពី​ភ្ញៀវ​ទេស​ចរចូលទស្សនារមណីដ្ឋានអង្គរ គឺមិនមានច្រើនដូចការឃោសនារបស់គណបក្ស ផ្សេងនោះទេ ហើយក៏​មិនគ្រប់គ្រាន់សម្រាប់ការថែរក្សា និងជួសជុលប្រសាទបូរាណរបស់ខ្មែរ ជាមួយ​ដៃ​គូ​អន្តរជាតិ​​ផងដែរ ដូច្នោះ​មិនអាច​ដកមក​ប្រើប្រាស់​ដើម្បី​បើក​ប្រាក់​ខែឲ្យ​ចាស់ៗ​ដូច​ការ​ឃោសនា​នោះឡើយ ។









សេចក្តី​ណែនាំ​ ស្តីពី ការផ្អាកមិនឲ្យលក់ដូរ​ និងពិសាគ្រឿងស្រវឹង​មួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបើឆ្នោតជ្រើសតាំងតំណាងរាស្រ្ត