Thursday, August 1, 2013

សម្តេច​​តេជោ​ប្រកាស​​ត្រៀម​​ជួប​ពិភាក្សា​​ជា​មួយ​​ឯកឧត្តម សម រង្ស៊ី ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​



ក្នុង​ឱកាស​អញ្ជើញ​ចុះពិនិត្យ​ការ​ដ្ឋាន​សាងសង់​ស្ពាន​អាកាសស្ទឹង​មាន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ ២០១៣ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្តេច​កំពុង​នៅ​ក្នុង​ប្រទេសរួម​សុខរួម​ទុក្ខ​ជាមួយ​ប្រជា​ពលរដ្ឋ​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្រ្តី ដែល​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​មក​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​អំណាច​បាន​ឡើយ។ សម្តេច​តេជោ​សែន​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​បេក្ខ​ជន​នាយករដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ទី​៥ នៃ​រដ្ឋ​សភា ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា សម្តេច​ត្រៀម​នឹង​ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ និង​ប្រទេស​ជាតិ។

វត្ត​មាន​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​បោះ​ឆ្នោតសកល​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លង​មក​នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ​បាន​ផ្ញើ​សារ​ជូន​ប្រជា​ពលរដ្ឋ​តាម​រយៈផ្តល់​នូវ​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​ថា ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​ថ្លែង​ជូន​ទៅ​កាន់​ព្រះសង្ឃ និង​ប្រជា​ពល​រដ្ឋ​ថា ឥឡូវ​នេះ​ខ្ញុំ​នៅ​ក្នុង​ប្រទេស និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាន់​អំណាច​ជា​នាយករដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៤ ហើយ​ក៏​សូម​អះអាង​បញ្ជាក់​ថា តើមាន​អ្នក​ណា​មួយ​ទៅ​ដែល​មាន​សិទ្ធិ​មក​បង្ខំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ក្នុង​តំណែង ដែល​ជា​នាយក​រដ្ឋមន្រ្តី​ជាប់​ឆ្នោត​បោះ​បង់​ចោល​ការងារ ហើយ​ទទួល​យក​តំណែង​នោះ។ តើ​មាន​អ្នក​ណា? មិន​ថា​កង​ទ័ព មិន​ថាកម្លាំង​ដទៃ​ទៀត​ ឬ​ក៏​ឥស្សរជន​នយោបាយ​ដទៃ​ទៀត​នោះ​ទេ វាជា​ការ​ដើរ​ផ្ទុយ​ជាមួយ​នឹង​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។ សម្តេច​តេជោមាន​ប្រសាសន៍​ថា ឥឡូវ​ការ​បោះ​ឆ្នោត​បាន​កន្លង​ផុត​ទៅ​ហើយ ប្រជាជាតិ​យើង​បាន​សំដែង​នូវ​មតិ​រួច​ស្រេច​ទៅ​ហើយ​កាល​ពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ ២០១៣ បន្ទាប់​ពី​យុទ្ធនាការ​អស់​រយៈ​ពេល​ពេញ​មួយ​ខែ។ ប្រជាពលរដ្ឋ​របស់​យើង​បាន​ខិត​ខំ​យ៉ាង​ច្រើន​ជាមួយ​នឹង​ការ​រក្សា​ការ​ពារ​ភាព​អត់ធ្មត់ ភាព​ថ្លៃថ្នូរ​ក្នុង​ឋានៈ​ជា​អ្នក​ចាស់​ទុំ​ផ្នែក​នយោ​បាយ និង​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ​“ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ក៏​ដូច​ជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រម​ទាំង​ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​នេះ​ផង​ដែរ”។

សម្តេច​តេជោ​សែន មាន​ប្រសាសន៍​ថា ទោះ​បី​លទ្ធផល​បោះឆ្នោត​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ ប៉ុន្តែ​គេ​អាច​ដឹង​ថា មាន​តែ​គណបក្ស​នយោ​បាយ២ ប៉ុណ្ណោះ​ ដែល​នៅ​ក្នុង​រដ្ឋសភានីតិកាល​ទី៥ ដែល​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា  “បក្ស​ណា​ឈ្នះ បក្ស​ណា​ចាញ់​វា​មិន​សំខាន់​ទេ​សម្រាប់​គណបក្ស​នយោបាយ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ជាតិ​របស់​យើង​ជា​អ្នក​ឈ្នះ”។ ចំណុច​នេះ​មាន​សារៈ​សំខាន់​ណាស់ ខ្ញុំ​ឲ្យ​សារ​នយោបាយ​ជា​បន្ត​បន្ទាប់ ហើយ​ចុង​ក្រោយ​ខ្ញុំ​ឲ្យ​សារ​នៅ​ស្រុក​បាធាយថា «សូម​កុំ​ឲ្យ​ការ​បោះឆ្នោត​មួយ​ក្លាយ​ទៅ​ជា​ការ​បែក​បាក់​ជាតិ» នេះ​ជា​ចំណុច​ពិសេស ហើយ​ប្រជាជន​របស់​យើង​ចង់​បាន​អ្វី? តើ​ប្រជាជន​ត្រូវ​ការ​បិទ​ផ្សារ បិទ​តូប​លក់​ដូរ បិទ​ហាង​កាហ្វេ ឬ​ក៏​បិទ​ការ៉ាស់​សាំង បិទ​ធនាគារ ដែល​នេះជា​បញ្ហា​ត្រូវ​ដាក់​សំណួរ​ចំពោះ​ម្ចាស់​ឆ្នោត។

សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ឥឡូវ​នេះ​ប្រជាពលរដ្ឋ​បាន​បញ្ចេញមតិ​រួច​ហើយ ទោះ​បី​បក្ស​មាន​សម្លេង​ភាគ​ច្រើន បក្ស​មាន​សម្លេង​ភាគ​តិច បក្ស​ដែល​អត់​មាន​អាសនៈ ក្នុង​សភា​សុទ្ធ​តែ​ទទួល​បាន​សម្លេង​ឆ្នោត​ទាំងអស់ ដូច្នេះ​នេះ​ជា​ជ័យ​ជម្នះ​របស់​អ្នក​ណា ជា​ជ័យ​ជម្នះ របស់​ប្រជាជាតិ​របស់​យើង។ ឥឡូវ​បោះឆ្នោត​រួច​ហើយ តើ​យើង​ចង់​បាន​អ្វី​ទៀត? តើចង់​បាន​ស្ថានការណ៍​វិល​ត្រឡប់​ទៅ​រក​ឆ្នាំ១៩៧៥ ដែល​បង្ក​ជា​ការ​វឹកវរ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ទីក្រុង?។ ​ជាក់​ស្តែង​នៅ​ល្ងាច​ថ្ងៃទី២៨ ខែកក្កដា ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្អើល​ទៅ​ដក​ប្រាក់​នៅ​ក្នុង​ធនាគារ ហើយ​ចាក់​សាំង និង​ប្រមូល​ទិញ​សម្ភារៈ។ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​ដោយ​ប្រជាពលរដ្ឋ​របស់​យើង​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​នៅ​តាម​បណ្តា​ខេត្ត​មាន​ភាព​ចាស់​ទុំ ហើយ​មាន​ភាព​ឈ្លាសវៃ​ខាង​នយោ​បាយ។ ខ្ញុំ​បាន​មក​កាន់​ទី​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​ចរាចរ​យ៉ាង​ច្រើន និង​ការ​លក់​ដូរ​ជា​ធម្មតា​របស់​ប្រជាពលរដ្ឋ។ បញ្ហា​សំខាន់​របស់​យើង​នៅ​ទី​នេះ មិន​ថា​អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់​ទេ​ គឺ​ត្រូវ​ធ្វើ​ឲ្យ​ជាតិ​យើង​ឈ្នះ ហើយ​បង្រួប​បង្រួម​ជាតិ​ឲ្យ​បាន​សុខ ព្រោះ​យើង​លំបាក​ណាស់​ទម្រាំ​នឹង​ដើរ​មក​ដល់​ការ​ឯកភាព​ជាតិ ឯកភាព​ទឹក​ដី ដែល​គ្មាន​តំបន់​អបគមន៍ ដូច​មុន​ឆ្នាំ១៩៩៨ ដែល​ប្រទេស​កម្ពុជា​មួយ​មាន​តំបន់ត្រួត​ត្រា​ច្រើន មាន​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​គ្នា​ច្រើន។ ឥឡូវ​យើង​ផ្ទេរ​ពី​ស្ថានភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្នា​ដោយ​អាវុធ ដោយ​គ្រាប់​កាំ​ភ្លើង មក​កាន់​ការ​ប្រកួត​ប្រជែង​តាម​រយៈ​សន្លឹក​ឆ្នោត​វិញ ដែល​នេះ​ជា​ស្ថានភាព​ឈ្នះ ឈ្នះ សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល។

សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា បើ​សិន​អ្នក​ណា​មួយ​បង្ក​ឲ្យ​មាន​ចលាចល​សម្រាប់សង្គម តើ​ផល​ប៉ះពាល់​ប៉ុន​ណា​ទៅ​លើ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស ហើយ​ជាង​នេះ​ទៅ​ទៀត​បញ្ហា​ទាក់​ទង​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច​តែម្តង។ តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឃើញ​ថា ត្រូវ​ឈរ​បន្ត​គ្នា​ដើម្បី​ទិញ​អង្ករ ទិញ​នំប៉័ង ឬ​បន្ត​អង្គុយ​បន្ត​កន្ទុយ​គ្នា​ដើម្បី​ចាក់​សាំង ហើយ​ទៅ​រក​ចាក់​សាំង​ក៏​គ្មាន​សាំង​លក់​ទៅ​ទៀត ដោយ​សារ​ប្រទេស​ជាតិ​មាន​សភាព​ការណ៍​ចលាចល។

ទាក់​ទិន​ទៅនឹង​ការ​បំពុល​បរិយាកាស​តាម​រយៈបណ្តាញ​ឃោសនា​សង្គម (Facebook) សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ នៅ​ទូទាំង​ប្រទេស​ទុក​ចិត្ត​លើ​សភាព​ការណ៍​នៃ​ការ​គ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល ហើយ​ទុក​ចិត្ត​ទៅ​លើ​ខ្លួន​ឯង ដែល​ត្រូវ​ដោះ​បញ្ហា​ដែល​ជា​អាយុ​ជីវិត​របស់​ជាតិ។​ មិន​មែន​ប្រជា​ពលរដ្ឋ​ ទាំងអស់​ដែល​ជា​អ្នក​បោះ​ឆ្នោត​ត្រូវ​ឡើង​ទៅ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ឬ​រដ្ឋមន្រ្តី​ទេ ព្រោះ​មាន​មុខ​តំណែង​តែ​មួយ​ចំនួន​ទេ ដូច្នេះ អ្នក​ដែល​ខំ​បង្កើត​ឡើង​នូវ​បញ្ហា​នេះ បញ្ហា​នោះ បំផុស​នូវ​បញ្ហា​នេះ បញ្ហា​នោះ បើ​ទោះ​បី​ជា​ប្រឹង​បំផុស យ៉ាង​ណា​ក៏​មិន​បាន​ធ្វើ​នាយក​រដ្ឋមន្រ្តី​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​រដ្ឋមន្រ្តី​ដែរ។ Facebook មួយ​ចំនួន​បាន​បង្ហោះ​រឿង​មិន​ធម្មតា ប៉ុន្តែ​យើង​ដាក់​ជា​សំណួរ​ថា អ្នក​ដែល​បង្ហោះ​Facebookនោះ ​តើ​អ្នក​ហ្នឹងៗ​អាច​ឡើង​ធ្វើ​រដ្ឋ​មន្រ្តី​បាន​ទេ? គេ​ឲ្យ​ធ្វើ​រដ្ឋមន្រ្តី​ទេ? ​បាន​ជា​ខំ​បង្ក​បរិយាកាស​ដែល​ធ្វើ​ឲ្យ​សភាព​ ការណ៍​ជាតិ​លិច​លង់? ដែល​នេះ​ជា​ចំណុច​ដែល​ត្រូវ​ថ្លឹងថ្លែង។

សម្តេច​តេជោ​សែន មានប្រសាសន៍​ថា ការ​បោះ​ឆ្នោត​បាន​កន្លង​ផុត​ទៅ​ហើយៗ​អ្វី​ដែល​សេស សល់​គឺ​ការ​ដោះស្រាយ​បន្ត​តាម​រយៈ​ច្បាប់​ដែល​មាន​ជា​ធរមាន ហើយ​តាម​រយៈ​យន្ត​ការ​ដែល​មាន​ជា​ធរមាន មិន​អាច​ធ្វើ​លើស​ពី​នេះ​បាន​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​បាន​ទទួល​ដំណឹង​មិន​ទាន់​ជា​ផ្លូវ​ការ​ពេក​ទេ ក៏​ប៉ុន្តែ​មាន​គេ​ជូន​ព័ត៌មាន​ឲ្យ​ខ្ញុំ​ថា គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នឹង​ដំណើរ​ការ​ដោះស្រាយ ហើយ​ដំណើរ​ការ​ដោះស្រាយ​នោះ​គឺ​តាម​រយៈ​នៃ​ការ​ចូល​រួម​ដោយ​បណ្តា​គណបក្ស​នយោបាយ និងសង្គម​ស៊ីវិល បើ​សិន​ជា​រឿង​ហ្នឹង​វា​ពិត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា យន្ត​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដើម្បីដោះ​ស្រាយ​ បញ្ហា​សេស​សល់ ហើយ​ដែល​ត្រូវ​បាន​បញ្ចូល​បន្ថែម ដោយ​ការ​ចូល​រួម​ពី​បណ្តា​បក្ស​នយោ​បាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ខ្ញុំ​យល់​ថា នេះ​ជា​ដំណើរ​វិជ្ជមាន ដែល​ជា​ការ​បើក​ផ្លូវ​មួយ​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​សេស​សល់​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់ ព្រោះ​ថា ​គណៈ​កម្មការ​នេះ ជា​គណៈកម្មការ​ទាក់​ទង​នឹង​ការ​បោះឆ្នោត ទាក់​ទង​នឹង​វិវាទ​នៃ​ការ​បោះឆ្នោត​ គឺ​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ជាតិ​គ្រប់​ថ្នាក់​មាន​ភារកិច្ច​ដោះ​ស្រាយ។ ប៉ុន្តែ​បើ​សិន​ជា​គណៈ​កម្មា​ធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត​យល់​ឃើញ​ថា មាន​ការ​ចាំ​បាច់​ឲ្យ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ចូល​រួម​សម្រាប់​រាជ​រដ្ឋាភិបាល ក៏​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​​ក៏​សូម​ស្វាគមន៍​នូវ​ការ​បើក​ទូលាយ​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា សភាព​ការណ៍​នៅ​កម្ពុជា​គឺ​វា​ដូច្នេះ​ឯង ប៉ុន្តែ​យើង​ធ្លាប់​រក​ដំណោះ​ស្រាយ​ចេញ​ដោយ​ឆ្នាំ១៩៩៣ ក៏​មាន​បញ្ហា ១៩៩៨ ក៏​មាន​បញ្ហា ឆ្នាំ ២០០៣ ក៏​មាន​បញ្ហា ហើយ​ឆ្នាំ២០០៨ មាន​បញ្ហា​បន្តិចបន្តួច។ ចំណុច​នេះ​មិន​អាច​ឆ្លង​ផុត​ពី​ផ្លូវ​ច្បាប់​បាន​ទេ ព្រោះ​យើង​កំពុង​អនុវត្ត​ច្បាប់ ហើយ​ចំណុច​នានា​ពាក់​ព័ន្ធ​នឹង​ការ​សម្រប​សម្រួល​គ្នា​រវាង​បណ្តា​បក្ស​នយោបាយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​សូម​ជម្រាប​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រជុំ​គណៈ​អចិន្រ្តៃយ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃទី២៩ ខែកក្កដា ក្នុង​នោះ​គឺ​យើង​បាន​ត្រៀម​ខ្លួន​បើក​ចំហ​ដើម្បី​ពិភាក្សា​នយោបាយ​រវាង​បក្ស​ដែល​មាន​អាសនៈនៅ​ក្នុង​សភា ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​របស់​រដ្ឋសភា ដែល​ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណាដោះ​ស្រាយ​ជំនួស​ខ្មែរ​ និង​ខ្មែរ​គ្នា​ឯង​បាន​ទេ មិន​អាច​យក​បរទេស​មក​ដោះស្រាយ​ជំនួស​យើង ហើយ​បរទេស​មាន​តែ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​សន្ទនា​គ្នា​ទៀត​ផង ហើយ​ខ្ញុំ​ក៏​មាន​ជំនឿ​ជឿ​ជាក់​ថា​ប្រជាជនកម្ពុជា​ក៏​មាន​ជំនឿ​ជឿ​ជាក់​ទៅ​លើ​អ្នក​ដឹក​នាំ​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ​ថា នឹង​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​តាម​ផ្លូវ​នយោបាយ នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​សភា​បាន​ដំណើរ​ការ​ទៅ​មុខ។

សម្តេចតេជោនាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ទេ ​គឺ​មាន​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​រង់​ចាំ​បន្ត​ទៀត​ដោយ​ភាព​អំណត់ ដោយ​ភាព​ចាស់​ទុំ ប៉ុន្តែ​ក្នុង​ពេល​វេលា​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ខិត​ខំ​រួម​គ្នា​ការពារ​ស្ថិរភាព​នយោបាយ ការពារ​ស្ថិរភាព​ជីវភាព​សេដ្ឋកិច្ច​សង្គម​ឲ្យ​ដំណើរ​ការ​ទៅ​ជា​ធម្មតា។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​របស់​យើង​គាត់​នឹង​អាច​យល់​ថា បើ​បោះ​ឆ្នោត​ម្តង​វា​មាន​បញ្ហា​ម្តង តើ​ថ្ងៃ​ក្រោយ​ប្រជាពលរដ្ឋ​យើង​នឹង​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​បោះ​ឆ្នោត​ទៀត​ទេ។ បើ​សិន​ជា​បង្កើត​ការ​ញុះញង់​ហើយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ភាព ​លិច​លង់​ស្រមោល​អតីត​កាល​នឹង​វិល​ត្រឡប់​នោះ​ តើ​ប្រជាជន​យើង​ចង់​បាន​ទេ ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណា​ចង់​បាន​ទេ ហើយ​គ្មាន​អ្នក​ណា​ចង់​វេច​បង្វេច​រត់​ទៀត​ទេ។

ទាក់​ទង​នឹង​ការ​ទទួល​បាន​អសនៈ​ក្នុង​សភា​របស់​គណបក្ស​នីមួយៗ សម្តេច​តេជោ​ថ្លែង​ថា បញ្ហា​ធ្លាក់​ចុះ​អាសនៈ​ច្រើន​ ឬ​តិច​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ផ្តល់​ឲ្យ ហើយ​ចំពោះ​ការ​លើក​ឡើង​ថា លោក ហ៊ុន សែន ប្រហែល​ជា​មិន​ធ្វើ​នាយក​រដ្ឋមន្រ្តី​នៅ​អាណត្តិទី៥ ​ទេ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​ណា​នឹង​មក​យក​តំណែង​ពី ហ៊ុន សែន។ មហា​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជាឯកច្ឆន្ទ​ក្នុង​ការ​ដាក់​តំណែង ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី៥ បន្ថែម​លើ​នោះ​សន្លឹក​ឆ្នោត ដែល​បាន​បោះ​ឲ្យ​គណបក្ស​ប្រជាជន​គឺ​ជា​សន្លឹក​ឆ្នោត​ដែល​បោះ​ប្រាប់​ថា ហ៊ុន សែន ត្រូវ​ធ្វើ​នាយក​រដ្ឋមន្រ្តី ដូច្នេះ​គ្មាន​អ្នក​ណា​ហ៊ាន​មក​លូក​លាន់​ជាមួយ​នឹង​បញ្ហា​បេក្ខភាព​នាយក​ រដ្ឋមន្រ្តី​នេះ​ទេ លើក​លែង​តែ​ខ្ញុំ​ស្លាប់ លើក​លែង​តែ​ខ្ញុំ​ធ្វើ​ការ​មិន​បាន នេះ​ជា​សភាព​ការណ៍​ដែល​គេ​ត្រូវ​មើល​ឃើញ ហើយ​ត្រូវ​សិក្សា​អំពី​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់​សិន ។ ខ្ញុំ​គិត​ថា ​បណ្តា​បក្ស​នយោបាយ​ត្រូវ​តែ​មាន​ការ​សម្របសម្រួល​គ្នា ហើយ​យើង​ក៏​បើក​បេះដូង​ក្នុង​ការ​ធ្វើ​ការ​​សម្រប​សម្រួល ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីនរបស់​រដ្ឋ​សភា ដើម្បី​ឲ្យ​ដំណើរ​ការ​ឲ្យ​ប្រទេស​របស់​យើង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​គ្រប់គ្រាន់ហើយ បញ្ហា​អាសនៈ​ឡើង​ ឬ​អាសនៈ​ចុះ​វា​មិន​សំខាន់​សម្រាប់​យើង​ទេ ប៉ុន្តែ​វា​សំខាន់​សម្រាប់​ជាតិ​របស់​យើង​ទាំង​មូល។

សម្តេចតេជោសែន ​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ស ខេង ឯកឧត្តម សាយ ឈុំ និង​ឯកឧត្តម សុខ អាន ដើម្បី​ត្រៀម​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​មេ​បក្ស​ប្រឆាំង ដោយ បាន​ថ្លែង​ថា ឯកឧត្តម សម រង្ស៊ី ដោយ​សារ​តែ​គាត់​ធ្លាប់​បាន​ធ្វើ​លិខិត​ចូល​រួម​មរណ​ទុក្ខ​ឪពុក​របស់​ខ្ញុំ ដូច្នេះ​ឯកឧត្តម សម រង្ស៊ី ប្រាកដ​ណាស់​គាត់​ច្បាស់​ជា​យល់​នៅ​ពេល​វេលា​ដ៏​លំបាក​របស់​ខ្ញុំ​ក្នុង​ការ​កាន់​ទុក្ខ ដូច្នេះ​ការ​ដោះស្រាយ​នានា ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​យន្តការ​មួយ​សម្រាប់​ការ​ត្រៀម​រៀប​ចំ​ការ​ពិភាក្សា ជាមួយ​នឹង​ឯកឧត្តម ស ខេង ឯកឧត្តម សាយ ឈុំ និង​ឯកឧត្តម សុខ អាន ដែល​បញ្ហា​នេះ​វា​ត្រូវ​មាន​ការ​សម្រប​សម្រួល​មួយ «ប៉ុន្តែ ​ក្នុង​ករណី​ចាំ​បាច់​ខ្ញុំ​ក៏​អាច​នឹង​ប្រើប្រាស់​ពេល​វេលា​ដ៏​លំបាក​របស់​ ខ្ញុំ​ដើម្បី​សន្ទនា​ជាមួយ​នឹង​ឯកឧត្តម សម រង្ស៊ី ផង​ដែរ»។

សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឲ្យ​ត្រៀម​ការ​ពារ​ប្រជាពលរដ្ឋ​ទៅ​នឹង​ គ្រោះ​ធម្ម​ជាតិ​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ។

វត្តមាន​ជា​សាធារណៈ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្រ្តី​នីតិកាល​ទី៤ នៃ​រដ្ឋសភា​បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម ដែល​បាននិយាយ​ថា សម្តេច​តេជោ​បាន​ចេញ​ទៅ​បរទេស និង​បាន​លា​ឈប់​ពី​មុខ​តំណែង​នាយក​រដ្ឋមន្រ្តី ហើយ​ក៏​ជា​សារ​បញ្ជាក់​ទៅ​កាន់​ពួក​អគតិ​មួយ​ចំនួន​ថា ជានិច្ចកាល​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ តែង​តែ​នៅ​ជាប់ជាមួយ​ប្រជាជន​កម្ពុជា​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ ជា​ពិសេស​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​នឹង​ការ​លំបាក​នោះ។

យោង​តាម​លទ្ធផល​បឋម​ក្រៅ​ផ្លូវ​ការ ​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥ បាន​ឲ្យ​ដឹង​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន៦៨ ចំណែក​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ចំនួន៥៥៕

សេច​ក្តីថ្លែង​ការណ៍ របស់​អ្នក​នាំ​ពាក្យ​ក្រសួង​កា​របរ​ទេស​ជប៉ុន ស្តីពីការ​បោះ​ឆ្នោត​ជ្រើរើស​តំណាង​រាស្រ្ត នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា


Statement by the Press Secretary, Ministry of Foreign Affairs on the National Assembly Election in the Kingdom of Cambodia


សេច​ក្តីថ្លែង​ការណ៍ ស្តីពី​គោល​ជំហរ​របស់​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លើ​ដំណើ​រ​ការនៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិទី