Wednesday, August 14, 2013

ញត្តិគាំទ្រ សមាគមន៍​ខ្មែរ​ទីក្រុង​ហ្វីឡា​ដែល​ហ្វីយ៉ា ស.រ.អា. លទ្ធផល​បឋម​នែការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិ​កាលទី៥


អគ្គ​ទេ​សា​ភិបាល​​ប្រទេស​​នូវែល​ហ្សេ​ឡង់​​ទទួល​​ស្គាល់​​ថា​​ការបោះឆ្នោត​​នៅ​កម្ពុជា​​ប្រព្រឹត្ត​ទៅ​​ដោយ​​សេរី ត្រឹម​ត្រូវ គ្មាន​​អំពើ​ហឹង្សា

ឯកឧត្តម ឧត្តមសេនីយ៍ឯក Sir Jerry Mateparae អគ្គ​​ទេសា​ភិបាល នៃ​ប្រទេស​នូវែល​ហ្សេឡង់​មាន​ប្រសាសន៍​​នារ​សៀល​ថ្ងៃទី១០ ខែ​សីហា ឆ្នាំ​២០១៣ បាន​ចាត់​ទុក​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើស​​តាំង​​តំណាង​រាស្រ្ត​នីតិ​កាល​ទី៥ កាល​ពីថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ ថា ប្រព្រឹត្ត​ទៅ​ដោយ​​សេរី ​ត្រឹម​ត្រូវ គ្មាន​អំពើ​ហឹង្សា និង​ដោយ​សន្តិភាព។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ក្នុងជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក Sir Jerry Mateparae បានមាន​ប្រសាសន៍​ថា ឯកឧត្តម​សូម​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥ កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ ថា ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ គ្មាន​អំពើ​ហឹង្សា ​និង​ដោយ​សន្តិភាព ជាមួយ​គ្នានេះ ឯកឧត្តម សូម​គាំទ្រ​នូវរាល់​នីតិវិធី ដែល​កំពុង​តែ​ដំណើរ​ការ​ក្នុង​ការ​ត្រួត​ពិនិត្យ​លទ្ធផលបោះឆ្នោតផងដែរ។
 
ឯកឧត្តម ឧត្តម​សេនីយ៍​ឯក Sir Jerry Mateparae បាន​ថ្លែង​ថា ឯកអគ្គ​រដ្ឋទូត​នូវែល​ហ្សេ​ឡង់​ប្រចាំ​កម្ពុជា​បាន​ចូល​រួម​ធ្វើ​ជាអ្នក​សង្កេត​ការណ៍​នៃដំណើ​រការ​បោះ​ឆ្នោត​នេះ ហើយតាម​ការ​វាយ​តំលៃ​របស់​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត ដែល​ឯកឧត្តម​ទទួលបាន​នោះ គឺការ​បោះឆ្នោត​កាល​ពីថ្ងៃទី២៨ ខែកក្កដា បាន​ប្រព្រឹត្ត​ទៅដោយ​គ្មាន​អំពើហឹង្សា និងដោយ​មាន​ការចូលរួម​យ៉ាង​ច្រើនកុះករ​ពីសំណាក់​ប្រជាជន​កម្ពុជា។​ ឯកឧត្តម Jerry Mateparae មានប្រសាសន៍​ថា ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នៅពេល​នេះ គឺដើម្បី​បញ្ជាក់​នូវការ​ប្តេជ្ញាចិត្ត​ របស់​ប្រទេស​នូវែល​ហ្សេឡង់​ពាក់ព័ន្ធ​ទៅនឹង​វិស័យធនា​គារ​នៅក្នុង​ប្រទេស​កម្ពុជា និងម៉្យាង​វិញទៀត ដើម្បីជំរុញ​ទំនាក់​ទំនង​រវាង​ប្រជាជន​ និងប្រជាជន​ដែលជាកត្តាដ៏មានសារៈសំខាន់ ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់​តែរឹង​មាំរីក​ចម្រើន​ទ្វេឡើង​ថែមទៀត។
 
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ច របស់​ឯកឧត្តម​អគ្គ​ទេសាភិបាល នៃប្រទេស​នូវែល​ហ្សេឡង់​មកកាន់​ប្រទេស​កម្ពុជា​នៅពេល​នេះ នឹង​ពង្រឹង​បន្ថែមទៀតនូវ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ​កម្ពុជា-នូវែលហ្សេឡង់​ឲ្យកាន់​តែរឹងមាំ​ថែមទៀត។
 
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននូវែលហ្សេឡង់ ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាព ពិសេសបានបញ្ជូនកម្លាំងតាមរយៈអ៊ុនតាក់ ដើម្បីស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី​ក៏បាន​ថ្លែងនូវ​អំណរ​គុណ​ជូនចំពោះ​ប្រជាជន​នូវែល​ហ្សេឡង់​ ដែល​បានផ្តល់​នូវ​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ក្នុង​នោះ​រួម​ទាំង​ជំនួយដល់ការអភិវឌ្ឍធនធានមនុស្សផងដែរ។
 
សូមបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៥ថ្ងៃនេះ ឯកឧត្តមអគ្គទេសាភិបាលនូវែលហ្សេឡង់ និងលោកជំទាវក៏បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ និងបាន​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា និងជួបជាមួយឯកឧត្តម សាយ ឈុំ អនុប្រធានទី ១ ព្រឹទ្ធសភា​ផងដែរ៕