Wednesday, August 28, 2013

សេចក្តី​​ប្រកាស​ព័ត៌មាន របស់​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ ស្តីពីការបើកសវនាការជា​​សាធារណៈ នៅអគារ «ស» វិមាន​រដ្ឋ​ចំការ​មន


អភិបាល​​រដ្ឋ​​ម៉ា​ឡា​កា​​របស់​​ម៉ាឡេស៊ី​​សន្យា​ជួយ​​ជំរុញ​ក្រុមហ៊ុន​ម៉ាឡេ​ស៊ី​​មក​វិនិយោគ​​នៅ​កម្ពុជា​​លើ​វិស័យ​​កែច្នៃ​អង្ករ

ឯកឧត្តម ទុន ដា​តុ ស្រ៊ី អ៊ូ​តា​ម៉ា មហា ម៉ា​ដ ខា​លី​ល ប៊ីន យ៉ា​កុប (TUN Datukseri ​ Utana Mohd Khalil bin yaakob) អភិបាល​រដ្ឋ​ម៉ា​ឡា​កានៃ​ប្រទេស​ម៉ាឡេស៊ី​បានមាន​ប្រសាសន៍ឲ្យ​ដឹងនៅ​រាជធានីភ្នំពេញ ​នា​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០១៣ ថា ឯកឧត្តម​​នឹង​ធ្វើ​ការណែនាំ​ឲ្យ​ក្រុមហ៊ុន​ម៉ា​មី ដែល​ជា​ក្រុមហ៊ុន​ផលិត​គុយទាវ ​មី​ ធ្វើ​ពី​អង្ករ ​មក​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ឯកឧត្តម​យល់ថា​ ​កម្ពុជា​ជាប្រទេស​មួយ​ដែល​មាន​អតិរេក​អង្ករ ដែល​អាច​ប្រើប្រាស់​ផលិត​ជា​មី​ ឬ​គុយទាវ​ធ្វើ​ពី​អង្ករ​បាន។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព ឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក និង​គណៈប្រតិភូ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នាពេល​នេះ​គឺ ដើម្បី​សិក្សា​អំពី​ការចាត់ចែង និង​គ្រប់គ្រង​អង្គរវត្ត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) ​បានវាយតម្លៃ​ខ្ពស់​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​​កម្ពុជា ក៏ដូចជា​ការ​រីកចម្រើន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំង​កម្ពុជា​ ហើយ​ក៏បាន​សាទរ​ចំពោះ​កម្ពុជា​ ដែលទទួល​បាន​ជោគជ័យ ​​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ឯកឧត្ត អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) មានប្រសាសន៍ថា អ្វីៗ​គឺ​មាន​ការ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត បើប្រៀបធៀប​ពេល​លោក​មកកាន់​ព្រះរាជា​ណា​ចក្រកម្ពុជា​នៅក្នុង​រយៈពេល​ កន្លងមក ហើយ​អ្វីដែល​ជាការ សំខាន់​នោះ​គឺ​ការលូតលាស់​របស់​កម្ពុ​ជា រក្សាបាន​នូវ​ស្ថាបត្យកម្ម​កម្ពុជា ដែល​លោក​សូម​គោរព​សំដែង នូវ​ការ​អបអរសាទរ ហើយ​មានប្រសាសន៍ថា នេះ​មកពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​។

ក្នុង​ជំនួប​ជាមួយឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ២០១៣ នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​មាន​ប្រមាណ ៧,៦% ហើយកម្ពុជា​កំពុងតែ​ជំរុញ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​កាន់តែ​ខ្ពស់​ថែមទៀត ក្នុងនោះ​វិស័យ​កសិកម្ម​ដើរ​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋ​កិច្ច។ ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី សម្តេច​តេ​ជោ​មានប្រសាសន៍​ថា កម្ពុជា​កំពុងតែ​ព្យាយាម​ទាក់ទាញ​អ្នក​វិនិយោគ​ម៉ាឡេស៊ី ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​​កែច្នៃ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​ជា​បញ្ហា គឺ​កម្ពុជា​ចង់បាន​ការចូលរួម​ក្នុង​ការ​កែច្នៃ​អង្ករ​សម្រាប់​នាំចេញ​នេះឯង៕

បទអត្ថាធិប្បាយ ដោយៈ ពៅ បូរី ៖ គណបក្សប្រឆាំងគួរបញ្ឈប់យុទ្ធសាស្រ្តរុកឲ្យខ្ទេច កំទេចឲ្យសូន្យ



បទវិភាគ : តើ​​កម្ពុជា​​គួរ​​ដើរ​​តាម​​លំអាន បដិវត្ត​ន៍​សផ្កា​ម្លិះ​​នៅ​អារ៉ាប់-​អំណា​ច​ប្រជាជន​ ដែរ​​ឬទេ?

ដោយ៖ សម​សុត្ថា
ជាបឋម​យើង​គួរ​ដឹងរឿងរ៉ាវ​ខ្លះពី​បដិវត្តន៍​ផ្កាម្លិះ​នៅ​អារ៉ាប់ តើ​ហេតុអ្វី​បាន​ជាបដិវត្តន៍​នេះ​​ផ្ទុះ​ឡើង? តើផលវិបាកវាយ៉ាងដូចម្តេច? តើ​វា​អាច​ជះឥទ្ធិពល​មក​កម្ពុជា​ដែរឬទេ? សំណួរ​ទាំង​អស់​នេះបាន​ចោទ​ឡើង​ដោយសារ​តែ​ពេលថ្មីៗនេះ វា​ហាក់​ដូច​ជា​មាន​ជំនោរជ្រៅ​លើ​ទឹក​ចិត្ត​ខ្មែរ​យើង​​មួយ​ចំនួន ដែល​​​រស់​នៅ​បែប​ផ្សេងៗគ្នា​ក្នុង​សង្គម។
 រឿងដែលងាយយល់​នៃការចាប់​ផ្ដើមកើតបដិវត្ត​ន៍ផ្កាម្លិះ​នៅ​អារ៉ាប់នោះ គឺកាល​ពី​ ខែ​ធ្នូ​ ឆ្នាំ​២០១០ នៅ ​ប្រទេស​ទុយណេស៊ី មានយុវជន​ម្នាក់អាយុ២៧​ឆ្នាំ ជា​អ្នក​លក់​បន្លែ​​តាម​រទេះ​ ដែល​ជា​មុខ​របរសង្ឃឹម​ចុង​ក្រោយ​​​ក្នុងការ​ចិញ្ចឹម​ជីវិតរបស់គេ បាន​ដុត​សម្លាប់​ខ្លួន​ឯងប្រឆាំង​ទៅអំពើ​​ដ៏​​​គួរ​ឲ្យ​ខ្មាសដែល​​ប៉ូលីស​បាន​ចាប់​រឹប​អូស​យក​រទេះគាត់​ទាំងកម្រោល។ ទង្វើ​នេះ​ហើយ ដែល​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញការ​មិន​ពេញ​ចិត្ត​ ចំពោះ​សភាព​ការណ៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទុយ​ណេស៊ី​។ កំរិត​កំដៅ​សីតុណ្ហភាព​​នៃ​ការ​​រំជើប​រំជួល​ក្នុងសង្គមឡើង​កាន់​តែ​ខ្ពស់ទៅៗ បានក្លាយ​ជាព្យុះបោក​បក់​​ពី​ប្រទេស​មួយទៅ​ប្រទេសមួយ​ ​ទូទាំង​ពិភព​អារ៉ាប់ ដែល​គេសន្មត់ហៅគ្រប់ៗមាត់ថា «បដិវត្ត​ន៍​ផ្កាម្លិះ​នៅ​អារ៉ាប់» ។
នៅ​ចុង​ឆ្នាំ​២០១១ ប្រទេស​មួយចំនួន​​នៅពិភព​អារ៉ាប់​មាន ទុយណេស៊ី អេ​ហ្ស៊ីប លីប៊ី និង​ យ៉េមែន ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ ត្រូវ​បាន​គេ​ទម្លាក់តាម​របៀបការ​​បះបោរ​របស់​ប្រជាជន​យ៉ាង​កម្រោល​​​​​​ ដែលពេល​នោះជា​ការ​ចាប់​ផ្ដើម​នូវ​អ្វី​ដែល​គេ​ហៅថា «អំណាច​ប្រជាជន» ។ កាល​ណោះនៅ​ប្រទេស​ទុយ​ណេ​ស៊ី លោក​ប្រធានាធិបតី បិន អាលី (Ben Ali) បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​​ បន្ទាប់​ពីមានការ​បះបោររយៈ​​ពេល​តែ​មួយខែ ហើយ​​រដ្ឋាភិបាល​ថ្មីក៏បាន​រៀប​ចំ​ឡើង។ បន្ទាប់មក ប្រទេស​ទុយណេស៊ី ​បាន​ជួប​ប្រទះ​នូវ​វិបត្តិ​នយោបាយ​យ៉ាង​ខ្លាំង ដោយរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ការ​គ្រប់​គ្រង​ប្រទេស​​មានការ​​​ប្រទាញ​ប្រទង់​គ្នា។ ក្រុម​បក្ស​ប្រឆាំង​នៅ​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​បាន​ធ្វើបាតុកម្ម​ជំទាស់​តវ៉ា​តទៅទៀត។​ ​បាតុករ​​រាប់​ម៉ឺននាក់បានសុំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​លាលែង​​តំណែង។
បដិវត្តន៍​ផ្កាម្លិះ​បាន​ឆ្លង​​ដល់​ប្រទេស​អេហ្ស៊ីប នៅក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។​អំណាច​​​​ប្រជាជន​​ ទទួលបានជ័យជំនះដោយបាន​ទម្លាក់​ប្រធានាធិបតី ហ៊ូសនី មូបារ៉ាក់ (Hosni Mubarak) ហើយដែល​បន្ទាប់​មក​តុលាការ​បាន​កាត់​ទោសលោក ដាក់​ពន្ធ​នាគារ​​មួយជីវិត។ រដ្ឋាភិបាល​បណ្ដោះអាសន្ន​បាន​រៀបចំ​ឡើង ហើយ​បាន​រៀបចំ​ការ​បោះឆ្នោត​ជា​បន្ដបន្ទាប់​ ជាច្រើ​ន​លើក​ក្នុង​នោះ​គឺ៖ ការ​បោះ​ឆ្នោតធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ការ​បោះឆ្នោត​ជ្រើ​សរើ​ស​តំណាង​រាស្ដ្រ និង​ចុង​ក្រោយគឺ ​ការបោះឆ្នោត​ជ្រើស​រើ​ស​ប្រធានា​ធិបតី។ លោក​ មហាមេត ម៉រស៊ី (Mohamed Morsi) តំណាងឲ្យ​គណបក្ស​បងប្អូន​ឥស្លាម (Brotherhood) ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។
ប៉ុន្ដែ​អ្វី​ដែលគេនឹកស្មានមិនដល់នោះគឺ​​ បន្ទាប់​ពីចលនា​​ទម្លាក់លោក​​ប្រធានាធិបតី ម៉ូបារ៉ាក់​ ដែល​​ជា​អ្នក​ដឹកនាំប្រទេស​​ ដ៏​យូរ​លង់​មកហើយ​នោះ ប្រទេស​អេហ្ស៊ីប​ បាន​ជួប​ប្រទះ​​នឹង​វិបត្តិ​នយោបាយ​យ៉ាងខ្លាំង រវាង​គណបក្ស​នយោបាយ​ ក្រុមនិយម​សាសនា​ឥស្លាម ​ក្រុមនិយម​សាសនា​​គ្រិស្ដ និង​ក្រុម​អ្នក​មិន​កាន់សាសនា និងជាមួយ​​ក្រុមមេ​ទាហាន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​យូរ​យាមកហើយ។ បាន​តែ​ប្រមាណ​មួយ​ឆ្នាំបន្ទាប់​ពីការ​បោះឆ្នោត​ប៉ុណ្ណោះ លោក ម៉រស៊ី ដែល​បាន​គេ​ជ្រើស​តាំង​ជា​ប្រធានាធិបតីស្រប​ច្បាប់ តាម​លទ្ធិ​ប្រជាធិបតេយ្យនោះ ក៏ត្រូវ​បាន​គេ​ច្រាន​​ទម្លាក់​ពី​តំណែងទៅទៀត។ ខណៈ​នោះ អ្នក​គាំទ្រ​លោក ម៉រស៊ី រាប់​សែន​នាក់ បាន​ប្រកូក​ប្រកាស​គ្នាប្រជុំ​ជា​ក្រុម​ធំៗ​អង្គុយ​ដោយ​មិន​ទៅ​ណាសោះ ទាម​ទារ​តវ៉ា​ឲ្យមេដឹកនាំ​យោធា​ផ្ដល់​បុព្វ​សិទ្ធ​ជូន​ដល់​លោក ម៉រស៊ី វិញ។ ខាងយោធា ពុំ​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅនឹង​ការ​ទាម​ទារ​នោះ​ទេ តែ​​ផ្ទុយទៅវិញ បាន​ប្រើ​អំណាច​យ៉ាង​ឃោរឃៅ បំបែក​ក្រុម​​បាតុករ ដែល​បានធ្វើឲ្យ​ស្លាប់​មនុស្ស​ជាង ៦០០​នាក់ និង​របួស​រាប់​ពាន់​នាក់។ ព្រឹត្តការណ៍ដ៏រន្ធត់នេះបានធ្វើឲ្យ​ប្រទេស​មួយ​​ចំនួន​ថ្កោល​​​ទោស​នូវ​អំពើ​ឃោរឃៅ​​នេះ ក៏ប៉ុន្តែក៏​មាន​ប្រទេស​មួយ​ចំនួន​ដែរ បានបែរខ្នងឈរ​ឆ្ងាយ​ពី​សភាព​ការណ៍នេះផង​ដែរ។
បន្ទាប់ពីប្រទេសអេហ្ស៊ីប ​ខ្យល់​ព្យុះ​​បដិវត្តន៍​ផ្កាម្លិះ​នៃ​ប្រទេស​ទុយណេ​ស៊ី​​ បាន​បក់បោក​ទៅ​ដល់ ប្រទេសលីប៊ី គឺជា​បដិវត្ត​ន៍ប្រឆាំង​នឹងមេដឹកនាំ​ លោក មូអាម៉ា កាដាហ្វី (Muamma Gaddafi) ដោយគេ​បាន​​ប​ង្កើត​​ជាក្រុម​ឧទ្ទាមវាយប្រហារ​ប្រឆាំង​នឹងកង​កម្លាំង ​ដែល​ស្មោះ​ត្រង់​នឹង ​លោក កាដាហ្វី។ ខណៈ​នោះសង្រ្គាម​ស៊ីវិល​បាន​ផ្ទុះ​ឡើង។ ដើម្បី​ទប់​ទល់នឹង​កង​កម្លាំង​ឧទ្ទាម ដែល​មាន​កម្លាំង​យោធារបស់​អង្គការ​អូតង់(OTAN-NATO)នៅ​ពីក្រោយ លោក កាដាហ្វី បាន​ជួល​ក្រុម​អ្នក​រក​ស៊ី​​ធ្វើ​សង្រ្គាម​មក​ពី​ប្រទេស​ជិតខាង មក​ជួយ​ដល់​កងកម្លាំង​របស់​ខ្លួន។ ការ​ប្រយុទ្ធ​គ្នា​ទៅវិញ​ទៅ​មក មាន​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ កង​កម្លាំង​ទ័ព​របស់ លោក កាដាហ្វី ត្រូវ​ទទួល​បរាជ័យ រីឯ​លោក​ កាដាហ្វី ខ្លួន​ឯង​ផ្ទាល់​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់។ ពួក​ក្រុម​ឧទ្ទាម​ដែល​មាន​កម្លាំងពីបស្ចឹម​ប្រទេសគាំទ្រ​នោះ បាន​រៀបចំ​ធ្វើការ​បោះឆ្នោត​ជ្រើស​រើស​រដ្ឋាភិបាល​របស់​ខ្លួន​ឲ្យដឹកនាំប្រទេស​ឡើងវិញ។ បច្ចុប្បន្ន គេនៅតែឃើញការផ្ទុះអាវុធ ការ​សម្លាប់​គ្នា​នៅ​តែមិន​ទាន់​ផុត​រលត់។
ប្រទេសទី៤ ដែលដំណាល​គ្នា​នឹងការ​បះ​បោរ​នៅ​ប្រទេស​ទុយណេស៊ី​នោះដែរ ខ្យល់​ព្យុះ​​បដិវត្តន៍ផ្កាម្លិះ ក៏បា​ន​បោកបក់​ដល់​ ប្រទេស​យ៉េមែន ដែល​បាន​ឈាន​ទៅដល់​ការ​លាលែង​​តំណែង​របស់​លោក​ប្រធានាធិបតី អាលី អាប់​ឌុល​ឡាស​ សាឡែស (Ali Abdullah Saleh) ។ ​មុន​នឹង​គេ​ទម្លាក់​ ​លោក សាឡែស បាន ប្រទេស​យ៉េមែន បាន​ត្រូវ​ឆ្លង​កាត់រលកព្យុះបាតុកម្ម​​ អស់​រយៈ​ពេល​ប្រមាណ​​មួយ​ឆ្នាំ ដោយ​កង​កម្លាំងរបស់​ លោក សាឡែស បាន​ធ្វើ​ការ​បង្ក្រាប​ក្រុម​បាតុករ​​ជា​ច្រើន​លើក​ច្រើន​សារ ដែល​បណ្ដាល​ឲ្យ​មហន្តរាយដល់ជីវិត​មនុស្ស​​ជាង​ ២ពាន់នាក់ និង​របួស​ជាង ២ម៉ឺន​នាក់។ នៅ​ចុង​បញ្ចប់​ ប្រទេសយ៉េមែនបាន​ត្រឹមតែ ​ស.រ.អា អារ៉ាប់​ប៊ី​សាអូឌី និង​ក្រុម​ប្រឹក្សា​សម្រប​​សម្រួល​ប្រទេស​ក្នុងឈូង​សមុទ្រ​ (​GCC) បាន​ចរចា​គ្នា​ជាមួយ​ក្រុម​ប្រឆាំង​ដើម្បី​ផ្ដល់​អភ័យ​ឯក​សិទ្ធិ​​​ដល់​លោក សាឡែស បាន​ចេញ​ពី​​យ៉េមែនទៅ​​ ស.រ.អា។
រាជា​ណា​ចក្រ​បារ៉េន​ ​ដែលមាន​ប្រជាជន​តិច​ជាង​​១លានកន្លះ​នោះ ក៏​ត្រូវ​បាន​ព្យុះ​បដិវត្តន៍​ផ្កា​​ម្លិះ​​បក់​​នៅដើមឆ្នាំ២០១១ដែរ។ ​បា​តុ​កម្ម​បាន​ផ្ទុះ​ឡើង ដោយ​​បា​តុ​​ករ​​សុទ្ធ​​តែ​ជា​ជនជាតិភាគ​ច្រើន​​​​“ស្សាអ៊ីត”​ បាន​ងើប​​​ឡើង​​​ត​​​វ៉ា​​ប្រ​​ឆាំង​​នឹង​​ក្រុម​​​គ្រួ​សារ​ស្តេច ​ដែលជា​​អ្នក​​ដឹក​​នាំ​ប្រទេស​ ដែល​ជា​ជន​ជាតិ​ភាគ​តិច“​​សាន់​នី” ​។ ​ក្រុម​បាតុ​ករ​បាន​ទាមទារ​​​​ឲ្យមាន​ការបើក​ទូ​លាយ​នូវលទ្ធិ​​ប្រ​ជា​ធិប​តេយ្យ​និង​ការ​​កែរ​ទម្រង់់។​​​ ព្រះ​រា​ជាណា​ចក្រ​ដែល​ជាប្រទេសជិត​ខាង​ជាច្រើន​ បាន​ផ្តល់​ជំ​នួយ​​រាប់​​ពាន់​លានដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋ​កិច្ច ​និងសង្កម​ ហើយ​ទន្ទឹម​នឹង​នេះក៏​បានផ្តល់​នូវ​កម្លាំង​ដើម្បី​ទប់​​ទល់​នឹង​ក្រុមបាតុ​ករ​ផង​ដែរ។ ប៉ុន្តែ​ដោយ​បា​តុ​កម្មបាន​ប្រ​ព្រឹត្តទៅ​រាំរ៉ៃយូរពេក គេ​ពុំ​​អាច​​រក​ថ្នាំ​​ទឹព្វ​​អ្វី​មកព្យា​បាលបាន​ឡើយ។ ដូច្នេះដើម្បី​ទប់​ទល់​នឹង​បាតុកម្ម នៅ​ពេល​ថ្មី​ៗនេះ ព្រះ​មហាក្សត្រ​បាន​អនុម័ត​ច្បាប់វិសោធនកម្មលើ​ច្បាប់ឆ្នាំ​១៩៧៣ ស្ដី​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​ជាសាធារណៈ ហើយ​បាន​​ប្រកាស​ថា ​រាល់​ការ​ប្រមូល​ផ្ដុំ​អង្គុយ​តវ៉ាទាំងអស់​គឺខុសច្បាប់​។ ដោយ​សារ​បាតុកម្ម​គ្មាន​ឈប់​គ្មាន​ឈរនោះ ទើប​បាន​ជាព្រឹត្តិការណ៍​ពិភព​លោកធំៗ​មួយ​ចំនួន ​ត្រូវ​បានគេ​សំរេច​មិន​ឲ្យ​​កើត​មាន​​នៅ​ប្រទេស​បារ៉េន​។
យើង​គួរ​លើក​ប្រទេស២ទៀត មក​ឆ្លុះ​បញ្ចាំង​ដែរ គឺអាល់ហ្សេរី និង​ហ្ស័រដានី ​ក៏​ត្រូវ​ទទួល​នូវ​ព្យុះ​បដិវត្ត​ន៍ផ្កា​ម្លិះ​បោក​បក់​ទៅលើ​ដែរ​។ ប្រធានាធិបតី​ប្រទេស​អាហ្សេរី និង​ព្រះ​មហាក្សត្រ​ប្រទេស​ហ្ស័រ​ដានី​ បាន​ខិត​ខំ​ប្រឹងប្រែងធ្វើការ​កែ​ទម្រង់​ជាទូទៅ ក្នុងនោះ​មានការកែទម្រង់រចនា​សម្ព័ន្ធ​រដ្ឋា​ភិបាល​ ​​ការ​ធ្វើឲ្យ​ប្រសើ​រ​ឡើងនូវ​កម្មវិធី​សង្គម​នានា ការ​ហ្វឹក​ហ្វឺន​មុខ​វិជ្ជាជីវៈ និង​ការ​បង្កើន​ការ​ងារ​ដល់​យុវជន ទៅតាម​ការ​ទាម​ទារ​របស់​ពួកគេ។ ការ​ចាត់​ការ​បែប​នេះ ក៏បាន​ធ្វើ​ឲ្យ​ពួក​បាតុករ​ទាំងនោះ បាន​រំងាប់​ស្ងប់​ចិត្ត​បន្ដិច។
រីឯនៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ គេ​បាន​សង្កេត​ឃើញ​ប្រទេស​ម៉ាឡេស៊ី ក៏​បានទទួល​ខ្យល់​ព្យុះ​បដិវត្ត​ផ្កាម្លិះនៅ​អារ៉ាប់ បោក​បក់​មួយអន្លើ​ដែរ​។ នៅ​ឆ្នាំ​២០១១ បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏​មាន​បំណង​ទម្លាក់​រដ្ឋាភិបាលដែរ​ ដោយ​បាន​ប្រកូក​ប្រកាស​ប្រមូលផ្ដុំគ្នា​ជាមហា​បាតុកម្ម។ ក្រុម​បក្ស​ប្រឆាំង​បាន​​ប្រមូល​ផ្ដុំ​គ្នារាប់ម៉ឺន​នាក់​ ធ្វើ​ចលនា​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី ដោយ​ទាមទារ​តវ៉ាថា រដ្ឋាភិ​បាល​​​បាន​ទាត់​ចោល​ពាក្យ​បណ្ដឹង​របស់ខ្លួន​​ ក្នុង​ការ​សើរើ​ឡើង​វិញនៃ​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត និង​វិធាន​ការណ៍​​​ម៉ឺងម៉ាត់មួយ​ ដើម្បីទប់​ស្កាត់​នូវ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ពួក​គេ​ទាំងនោះ បាន​នាំ​គ្នា​ប្រើពាក្យ​ថា “បដិវត្តន៍​ផ្កាម្លិះ​​ម៉ាឡេស៊ី” ។ ខណៈ​នោះ លោក​នាយករដ្ឋមន្ដ្រី​ម៉ាឡេ​ស៊ី បាន​ថ្លែង​យ៉ាង​ម៉ឺង​ម៉ាត់​ថា រដ្ឋាភិបាល​មិន​ខ្លាច​បដិវត្តន៍​ផ្កាម្លិះម៉ាឡេស៊ីទេ។ អាជ្ញាធរ​បាន​ចាប់​ផ្ដើម​ចាប់​​ខ្លួន​ពួក​បាតុករ​ជា​ច្រើន​រយ​នាក់ ហើយ​បាន​ប្រើប្រាស់​​គ្រាប់​បែក​ផ្សែង ប្រើ​កាណុង​បាញ់​ទឹក​ដែល​គេ​ចោទ​ថា Chemical-laced ដើម្បី​បំបែក​ក្រុម​បាតុករ។ ទន្ទឹម​នឹង​នេះ ដើម្បី​បង្រ្កាប​បាតុកម្ម រដ្ឋ​សភា​បាន​អនុម័ត​​ច្បាប់​មួយ ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នៅតាម​ផ្លូវ​សាធារណៈ ច្បាប់​នេះអនុញ្ញាតត្រឹម​​​ឲ្យប្រជា​ពល​រដ្ឋ​​អាច​ធ្វើ​បាតុកម្ម​បាន​តែ​នៅ​ទី​កន្លែង​ដូចជា ទីលាន​កីឡា ឬក៏​​​សាល​ធំៗប៉ុណ្ណោះ។
​ថ្មី​ៗ​នេះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សកល​លើក​ទី​១៣ ម៉ា​ឡេ​ស៊ី​ក៏ជួប​ប្រទះ​នឹង​ការ​តវ៉ា​ជំទាស់​លទ្ធ​ផល​បោះ​ឆ្នោត​ ដោយ​បាន​ជំរុញ​ឲ្យមាន​​មហា​បាតុកម្មជា​ថ្មី​​ទៀត។ តែ​កម្លាំង​មហា​បាតុកម្ម​បាន​រំសាយ​ដោយ​ខ្លួន​ឯង​ ព្រោះ​ប្រជាជន​ចាប់​ផ្ដើម​នឿយ​ណាយ គេ​ចង់​ឲ្យ​គណបក្ស​ទាំងអស់​ថយខ្លួនទៅ​ធ្វើ​ការ​បម្រើ​ប្រទេស​ ជាជាងនាំ​គ្នា​បះ​បោរ​តវ៉ា ដែល​គេ​ថាជា​លទ្ធិ​​ប្រជាធិប​តេយ្យ​ ព្រោះ​ថា លទ្ធ​ផល​វា​បាន​ត្រឹម​តែ​បង្ក​នូវ​ការ​លំបាក​លំបិនដល់​ការ​រស់​នៅ​របស់​ប្រជាជន​ប៉ុណ្ណោះ។
ជា​សរុប ​ព្យុះ​ “បដិវត្ត​ន៍ផ្កា​ម្លិះ​នៅ​អារ៉ាប់” បាន​បង្ហាញ​យ៉ាង​ច្បាស់ នូវ​ផលវិបាក​យ៉ាង​ធ្ងន់​ធ្ងរ។ បដិវត្ត​ន៍​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ស្នាម​ដោយ​ភាព​ចលាចល ភាព​ច្របូក​ច្របល់​ផ្នែក​នយោបាយ ការ​ដណ្ដើម​អំណាច​គ្នា ​​ការ​ប៉ះ​ទង្គិចគ្នាគួរ​ឲ្យ​រន្ធត់ ​ដោយ​ការ​ប្រើ​ប្រាស់​អាវុធ​ និង​ការ​ទប់បង្ក្រាប​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា។ ​សម្រាប់​ប្រជាជន​សាមញ្ញ ពួកគេ​បាន​ទទួល​រង​គ្រោះ​លើ​ផល​វិបាកពី​ការ​វឹក​វរ​ក្នុង​សង្គម ដែល​ជះ​ឥទ្ធិ​ពល​​ដល់ផ្នែក​​សេដ្ឋកិច្ច ហើយ​និង​ប៉ះ​ពាល់​មក​លើ​ជីវភាព​ពួក​គេ​យ៉ាង​ធ្ងន់​ធ្ងរ​​។ លើស​ពីនេះ​ទៅទៀត ភាព​ចលាចល​ក្នុង​សង្គម​ក៏បាន​បន្ទុច​បង្អាក់ បាន​​ធ្វើ​ឲ្យ​ក្រុម​វិនិយោគទុន ក៏ដូច​ពួក​អ្នក​ទេសចរណ៍​មានការ​ភ័យ​ខ្លាច​ មិនហ៊ានរស់នៅ ឬ​ក៏​ពុំ​ហ៊ាន​ចូល​មក​​ក្នុងប្រទេសនោះដែរ។
​ទន្ទឹម​នឹង​ព្រឹត្តិការណ៍​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា បើ​ប្រៀបធៀប​ទៅ​នឹង​ករណី​​ខាងលើ គេ​ត្រូវ​នាំ​គ្នា​ទន្ទេញ​ចាំមាត់ថា ការ​ផ្សះផ្សា​ជាតិ​ដើម្បី​សន្ដិ​ភាព​មួយ ដែល​ជួយ​សម្រប​សម្រួល​ពី​អង្គការ​សហប្រជាជាតិ ចាប់​ពីឆ្នាំ ១៩៩១ មកនោះ កម្ពុជា​បាន​ឆ្លង​កាត់​​ការ​បោះ​ឆ្នោត​សកល​ចំនួន​ ៥លើក​ហើយ រួម​ទាំង​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំសង្កាត់ ៣​លើក​ទៀត។ ប្រវត្តិ​សាស្ដ្រ​នៃ​ភាព​ឃោរឃៅ និង​ការ​សម្លាប់​រង្គាល និង​ប្រវត្តិសាស្ដ្រ​នៃ​ការ​ធ្វើ​បដិវត្តន៍​ជា​ច្រើន​លើក​ច្រើន​​សា​រនៅ​កម្ពុជា មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កើត​មាន​ឡើង​វិញ​នៅ​កម្ពុជា​ទេ។ ប៉ុន្មាន​ទសវត្សន៍​​ចុងក្រោយនេះ រហូត​ដល់​កម្ពុជា​​ទទួល​បាន​សន្ដិ​ភាព​ពេញ​លេញ គឺ​បន្ទាប់​ពី​ការ​រំលាយ​ទាំង​ស្រុង​នូវ​អង្គការចាត់​តាំង​យោធា និង​នយោបាយ​របស់​ក្រុម​ខ្មែរ​ក្រហម ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ បាន​ឆ្លង​កាត់​នូវ​ការ​ឈឺ​ចាប់​ នូវ​វិនាសកម្ម​យ៉ាង​ធំធេង។ បច្ចុ​ប្បន្ន​ ពិសេស​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី​រដ្ឋាភិបាល​អាណត្តិ​ទី៤ ​ក្រោម​​អគ្គមគ្គុទេស សម្ដេច​តេជោ នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​ ប្រជាជន​កម្ពុជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង ដោយ​បានរ​ស់​នៅ​សុខ​សាន្ដ​ និងរស់​នៅ​​ក្នុង​ភាព​អភិវឌ្ឍ។
ក្នុង​បរិការ​នេះ ប្រជាជន​កម្ពុជា មិន​ត្រូវ​ការ «បដិវត្ត​ន៍​ផ្កាម្លិះ​កម្ពុជា» នោះទេ។ កម្ពុជា​មិន​ត្រូវ​ការ«​អំណាច​ប្រជាជន» ​តាមរយៈ​ការ​ប្រឆាំង​ប្រទ្រូស​រ៉ាយគ្នា នៅ​តាម​ដង​ផ្លូវ​នោះ​ទេ ក៏ប៉ុន្ដែ​កម្ពុជា​ត្រូវ​ការ​ «អំណាច​ប្រជាជន» ​តាមរយៈ​សន្លឹក​ឆ្នោតរបៀប​ប្រជាធិ​បតេយ្យប៉ុណ្ណោះ។
-----------
កំណត់​អ្នក​និពន្ធ៖ “បទ​វិភាគ​នេះ ជា​ទស្សនៈ​ផ្ទាល់​របស់​អ្នក​និពន្ធ។”

សេចក្តី​សម្រេច​ អនុញ្ញាត្តិឱ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បើក​កញ្ចប់​សុវត្ថិភាព​ «ក» មួយ​ចំ​នួន​នៅ​ក្នុង​ខេត្តសៀមរាប