Friday, September 6, 2013

សុខុមាលភាព​របស់​ប្រជាជន​កម្ពុជានឹងកាន់​តែ​ប្រសើរ​ឡើងនៅ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥

ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​លើក​ទី៨ កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សុខុមាលភាព និង​អភិវឌ្ឍន៍​អាស៊ាន​បូក​បី​លើក​ទី​​៤ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​នីតិកាល​ទី៥ នៃ​រដ្ឋសភា ​ដែល​នឹង​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ ដាក់​ខ្ពស់ និង​បង្កើន​កិច្ច​ប្រឹងប្រែង​ទ្វេដង ដើម្បី​អភិវឌ្ឍន៍​វិស័យ​សង្គម​កិច្ច​ឲ្យ​មាន​វិសាល​ភាព​ទូលំ​ទូលាយ និង​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​សុខុមាលភាព​របស់​ប្រជាជន​មាន​ស្ថាន​​ភាព​​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ពង្រឹងសេវា​សង្គម​កិច្ច សម្រាប់​ជួយ​ជន​រង​គ្រោះ និង​ជន​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ ព្រម​ទាំង​បង្កើន​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឲ្យ​កាន់​តែ​រឹង​មាំ សម្រាប់​​ធានា​រ៉ាប់​រង​ចំពោះ​ហានិភ័យ​សង្គម​ជា​យថាហេតុ និង​ដើម្បី​ធ្វើ​ឲ្យ​សេវា​សង្គម​កិច្ច​កាន់​តែ​​នៅ​កៀក​នឹង​ប្រជាជន ព្រម​ទាំង​មាន​ការ​ចូល​រួម​ដ៏​សកម្ម​ពី​ប្រជាជន​ផង​ដែរ។

សម្តេច​តេជោ​ថ្លែង​ថា កិច្ច​ប្រជុំ​ដែល​ប្រារព្ធ​នៅ​ពេល​នេះ​គឺ ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ សម្រាប់​រួម​ចំណែក​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ដ៏​ពិសិដ្ឋ​របស់​យើង ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង៣ ក្នុង​នោះ​មាន​ការ​លើក​កម្ពស់​សុខុមាលភាព ​និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​អាស៊ាន តាម​រយៈ​​ការ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​កាលានុវត្តភាព​ស្មើ​គ្នា សម្រាប់​ការ​អភិវឌ្ឍ​សុខុមាល​ភាព និង​យុត្តិធម៌​សង្គម ជា​ពិសេស​«ការ​អភិវឌ្ឍ​សេវា​សង្គម​កិច្ច​សម្រាប់​មនុស្ស​គ្រប់​គ្នា»

កិច្ចប្រជុំ​ជាច្រើន​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប ដែល​ចូល​រួម​ដោយ​រដ្ឋមន្រ្តី​ទទួល​បន្ទុក សុខុមាលភាព​សង្គម​អាស៊ាន និង​អភិវឌ្ឍន៍​អាស៊ាន ដោយ​រួម​មាន​ទាំង​កិច្ច​ប្រជុំ​បូក​បី​ផង​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​របស់​អាស៊ាន ក្នុង​ការ​ប្តេជ្ញា​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​ស្វាហាប់​ឆ្ពោះ​ទៅ​រក​ការ​កសាង ​«សហ​គមន៍​​អាស៊ានឆ្នាំ២០១៥» ដោយ​ផ្អែក​លើ​សសរស្តម្ភ​ទាំង​៣ គឺ«សហគមន៍​នយោបាយ និង​សន្តិសុខ​អាស៊ាន»​ «សហគមន៍​សេដ្ឋកិច្ចអាស៊ាន» និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន»​ដែល​​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា និង​មាន​ការ​ពាក់ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​កាត់​ផ្តាច់​បាន​នោះ។ សម្តេច​តេជោ​មាន​ប្រសាសន៍ដោយ​រំពឹង​ទុក​​ថា «ខ្ញុំ​សង្ឃឹម​ថា កិច្ច​ពិភាក្សា​ជា​ដៃ​គូ​នេះ​នឹង​បង្ហា​ញ​​​នូវ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ដ៏​ល្អ​ប្រសើរ​ច្រើន​​ទៀត​ជា​មិន​ខាន​ឡើយ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា មុន​ដំណាច់​ទសវត្សរ៍ទី ១ នៃ​សតវត្សទី ២១ នេះ​ប្រទេស​កម្ពុជា​មាន​បំណង​នឹង​ដណ្តើម​កាន់​កាប់​នូវ​ជោគ​វាសនា​របស់​ ខ្លួន​ឡើង​វិញ​ឲ្យ​បាន​ពេញ​លេញ ហើយ​ក្លាយ​ខ្លួន​ជា​ដៃគូ​ពិត​ប្រាកដ​ក្នុង​កិច្ចការ​តំបន់ និង​ពិភព​លោក ព្រម​ទាំង​ក្លាយ​ខ្លួន​ជា​ប្រជាជាតិ ដែល​មាន​សេរីភាព​ពិត​ប្រាកដ និង​រួច​ផុត​ពី​ភាព​ក្រីក្រ។

ឯកឧត្តម​អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ថ្លែង​ថា កិច្ចប្រជុំ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​លើក​ទី៨ កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ទទួលបន្ទុក​សុខុមាលភាព និង​អភិវឌ្ឍន៍អាស៊ាន​បូក​បី​លើក​ទី​៤ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​លើក​នេះ​ប្រព្រឹត្ត​ទៅ ក្រោម​ប្រធាន​បទ «ការ​អភិវឌ្ឍ​សេវា​សង្គម​កិច្ច​សម្រាប់​មនុស្ស​គ្រប់​រូប» ដោយផ្តោត​លើ​សុខុមាល​ភាពកុមារ ជន​ពិការ និង​មនុស្ស​ចាស់ ព្រោះ​កុមារ ជន​ពិការ និង​មនុស្ស​ចាស់​គឺ​ជា​ក្រុម​ជន​ងាយ​រង​គ្រោះ ដែល​ត្រូវ​បាន​ផ្តល់​អាទិភាព​ខ្ពស់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​យុទ្ធ​សាស្រ្ត​អាស៊ាន​ស្តីពី​សុខុមាល​ភាព​សង្គម និងការ​អភិវឌ្ឍ(២០១១-២០១៥)។ កម្ពុជា​ពិត​ជា​មាន​កិត្តិយស និង​មោទន​ភាព​ក្រៃលែង ដោយ​បាន​ទទួលធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​នេះ​​ប្រកប​ដោយ​ភាព​ម្ចាស់​ការ និង​ការ​ទទួល​ខុស​ត្រូវ សំដៅ​ឆ្ពោះ​ទៅសម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​រួម ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន ពោល​គឺ​ការ​បង្កើត​សហគមន៍អាស៊ាន​នៅ​ឆ្នាំ ២០១៥។

នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន​លើក​ទី ៨ កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សុខុមាលភាព និង​អភិវឌ្ឍន៍​អាស៊ាន​បូក​បី​លើក​ទី​​៤នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ផ្តល់​អនុសាសន៍​ជា ច្រើន​ដែល​មាន​ដូចជា៖

ទី១-ដើម្បី​ឈាន​ទៅ​ពង្រឹង​សសរស្តម្ភ​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ត្រូវ​យក​ចិត្ត​ទុក​ដាក់ លើក​កម្ពស់​នូវ​កិច្ច​គាំពារ​សង្គម ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​ស្រប​តាម​បរិការណ៍​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប ពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ជន​ពិការ ជន​ចាស់​ជរា យុវជន​បោះបង់​ការ​សិក្សា ពលករ​ចំណាក​ស្រុក និង​ជន​រង​គ្រោះ​ផ្សេងៗ​ទៀត មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​គាំពារ​សង្គម​ស្មើៗ​គ្នា និង​សេវា​សំខាន់ៗ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ការ​រស់​នៅ​របស់​ពួក​ គេ។

ទី២-ការអនុវត្ត​កិច្ច​គាំពារ​សង្គម គឺជា​សមិទ្ធផល​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ជា​បញ្ហា​អន្តរ វិស័យ​មួយ ដូច្នេះ​ក្នុង​ការ​អនុវត្ត​តម្រូវ​ឲ្យ​មាន​វិធី​សាស្រ្ត​សមស្រប ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។

ទី៣-កំណត់​ឲ្យ​បាន​ច្បាស់​លាស់​នូវ​គោល​ការណ៍​យុទ្ធសាស្រ្ត និង​យន្តការ​ក្នុង​ការ​ពង្រឹក​វិសាលភាព​កិច្ច​គាំពារ​សហគមន៍​របស់​យើង។

ទី៤-ត្រូវ​រៀប​ចំ​ឲ្យ​មាន​ផែន​ការ​សកម្មភាព​អនុវត្តន៍​ការ​ត្រួត​ពិនិត្យ និង​ការ​តាម​ដាន​វាយ​តម្លៃ​នៃ សេវា​កិច្ច​គាំពារ​សង្គម​គ្រប់​កម្រិត ដើម្បី​ធានា​បាន​នូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ជន​ទាំងអស់​គ្នា។

ទី៥-បន្ត​ធ្វើ​ការ​រួម​គ្នា​បន្ត​ថែម​ទៀត ដើម្បី​បន្ត​ភាព​ស្នូល​របស់​អាស៊ាន​ក្នុង​តំបន់ និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នៅ​គ្រប់​កម្រិត ជា​ពិសេស​តាម​រយៈ​ក្រប​ខ័ណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​បី ដោយ​ផ្អែក​លើ​ផែន​ការ​សកម្ម​ភាព​ជាក់​ស្តែង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ នៃ​សង្គម​វប្បធម៌​អាស៊ាន។ ក្នុង​នោះ​ត្រូវ​ធ្វើ​ឲ្យ​សកម្ម​ថែម​ទៀត ក្នុង​ការ​លើក​ឡើង​នូវ​អនុសាសន៍ និង​វិធាន​ការ​នានា ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន។

ទី៦-ពង្រឹង និង​ពង្រីក​សហប្រតិបត្តិ​ការ​ល្អ​ក្នុង​ចំណោម​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ សុខុមាល​ភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ក៏​ដូច​ជា​បញ្ហា​​ប្រឈម​ទាំង​ឡាយ  សំដៅ​ធ្វើ​ឲ្យ​គោលការណ៍​នៃ​ការ​អនុវត្ត​សេវា​សង្គម​កិច្ច​សម្រាប់​ទាំង​អស់​គ្នា​ទទួល​បាន​នូវ​ភាព​រលូន និង​ជោគ​ជ័យ។ ក្នុង​នោះ​ត្រូវ​ផ្តោត​ការ​សិក្សា​លើ​សង្គម ហើយ​បន្ត​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ លើ​លទ្ធភាព​ដែល​អាច​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ ពិសេ​ស​​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ដែល​ជា​បញ្ហា​ប្រឈម​កើត​ចេញ​ពី​ការ​ធ្វើ​សមាហរណ​កម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ។

ទី៧-ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ក្នុង​ចំណោម​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដៃ​គូ​អភិ វឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាល ដើម្បី​កៀរ​គរ​ប្រភព​ធនធាន​ថវិកា និង​បច្ចេក​ទេស​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​គាំពារ​សុខុមាលភាព​សង្គម ​ឲ្យ​មាន​ការ​រីក​ចម្រើន។ ប្រការ​នេះ​កិច្ច​គាំពារ​សង្គម គឺ​ជា​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ជាតិ ហើយ​ដែល​បាន​ផ្តល់​មក​វិញ​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ចំពោះ​ប្រជាពលរដ្ឋ​យើង។

ទី៨-យកចិត្ត​ទុក​ដាក់​ពិភាក្សា​និង​ផ្តល់​អនុសាសន៍​ទៅ​លើ​គោល​ការណ៍​យុទ្ធសាស្រ្ត និង​យន្ត​ការដែល​មាន​ក្នុង​សេចក្តី​ព្រាង នៃ​សេចក្តី​ថ្លែង​ការណ៍​អាស៊ាន​ស្តីពី​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម និង​​សេចក្តីថ្លែង​ការណ៍​ស្តីពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រ្តី និង​កុមារ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​​កិច្ច​ប្រជុំ​កំពូល អាស៊ាន​នៅ​ប្រទេស​ព្រុយណាដារ៉ូសាឡឹម នា​ខែ​តុលា ឆ្នាំ ២០១៣ ខាង​មុខនេះ។

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ តែង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ម្តង ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​ទាក់​ទង​នឹង​ការ​លើក កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​អាស៊ាន តាម​រយៈ​ការ​ផ្តល់​នូវ​ឱកាស​ស្មើគ្នា​ក្នុង​ការ​ទទួល​បាន​សេវា​សមស្រប​ សម្រាប់​ការ​អភិវឌ្ឍ​មនុស្ស សុខុមាលភាព និង​យុត្តិធម៌​សង្គម។កិច្ច​ប្រជុំ​នេះ​ប្រារព្ធ​ឡើង​លើក​ទី​១ នៅ​ឆ្នាំ១៩៧៧ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី និង​កិច្ច​ប្រជុំ​បន្ត​បន្ទាប់​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​បណ្តា​ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន។ ប្រទេស​កម្ពុជា​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មន្រ្តី​ទទួល​បន្ទុក​ សុខុមាលភាព​សង្គម និង​អភិវឌ្ឍន៍​អាស៊ាន ចាប់​តាំង​ពី​កិច្ច​ប្រជុំ​លើក​ទី៤ នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ ២០០១ មក​ម្ល៉េះ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅមុនពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុក សុខុមាលភាពសង្គម និងការអភិវឌ្ឍអាស៊ានលើកទី៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូរដ្ឋមន្រ្តីទទួល បន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍ អាស៊ានលើកទី៨ បូកបី ដឹកនាំដោយឯកឧត្តម Pehin Dato Paduka Haji Hazair Haji Abdullah រដ្ឋមន្រ្តីវប្បធម៌ យុវជន និងកីឡា នៃ ប្រទេស​ប្រុយ​ណេ។ ឯកឧត្តម Pehin Dato Paduka Haji Hazair Haji Abdullah មានប្រសាសន៍ថ្លែង នូវ​អំណរ​គុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងទទួលស្វាគមន៍គណៈប្រតិភូទាំង អស់ក្នុងភាពកក់ក្តៅបំផុត៕


កម្ពុជា​គាំទ្រ​ប្រទេស​ទីម័រ​ខាង​កើត​ឲ្យ​ចូល​ជា​សមាជិកទី១១នៃ​អាស៊ាន

តាមរយៈ​ ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao) នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ និង​សន្តិសុខ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រ​ខាងកើត ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជានា​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៣ បាន​ប្រកាស​គាំទ្រ​សាធារ​ណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​ខាង​កើត​ជា​សមាជិក​ទី ១១ របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN)

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​ បាន​ឲ្យ​ដឹង​​ថា នៅ​ក្នុង​​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao)នាយក រដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ និង​សន្តិសុខ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រ​ខាងកើត នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៣ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បា​ន​ជម្រាប​ជូន​ឯកឧត្តម កៃ រ៉ាឡា សាណា​ណា ហ្គោសម៉ៅ ថា ជំហរ​របស់​កម្ពុជា​ គឺ​គាំទ្រ​ប្រទេស​ទីម័រឲ្យ​ចូល​ជា​សមាជិក​អាស៊ានដោយ​ពុំ​​មាន​ការ​ជំទាស់​នោះ​ឡើយ។

ដោយ​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាង​កើត មក​កាន់​កម្ពុជា​​ថា​ជា​ការ​ចាប់​ផ្តើម​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ (កម្ពុជា-ទីម័រ) ​​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​ទីម័រ ដែល​មាន​ការ​រីក​ចម្រើន​ឡើង​យ៉ាង​ល្អ​ប្រសើរ ទោះ​បី​ជា​ក្នុង​កាលៈទេសៈ ដែល​ពិភព​លោក​ទទួល​រង​នូវ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាង​ណា​ក្តី។ សម្តេច​តេជោ​​បាន​ស្នើ​ឲ្យ​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាង​កើត និង​គណៈ​បរតិភូ​ទាំង​មូល ពិនិត្យ​មើល​លទ្ធភាព​វិស័យ​ផ្សេងៗ ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ពិសេស​លើ​វិស័យ​អង្ករ ដែល​កម្ពុជា​មាន​អតិរេក​ស្រាប់​នោះ។

ឯកឧត្តម​ អ៊ាង សុផល្លែត បានឲ្យ​ដឹង​ថា ​ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ បាន​មាន​​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​ នេះ​​គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ដើម្បី​ពិនិត្យ​មើល​វិស័យសក្តា​នុពល​​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ ដែល​អាច​ធ្វើ​កិច្ច​ប្រតិបត្តិការ​ជាមួយ​គ្នា​បាន​ផងដែរ។

ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ កើត​នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៤៦ នៅ​ម៉ា ណាទុទូ ប្រទេស​ទីម័រឡេស្ត។ នៅ​ឆ្នាំ ២០០២-២០០៧ ឯកឧត្តម​ជា​ប្រធានាធិបតី​ប្រទេស​ទីម័រ​ឡេស្ត។ នៅ​ខែ​សីហា ឆ្នាំ២០០៧ ជា​នាយក​រដ្ឋមន្រ្តី និង​នៅ​ខែ​សីហា ឆ្នាំ២០១២ ជា​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទីម័រ​ឡេស្ត​សម្រាប់​អាណត្តិ​ទី២។


ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao ) នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ និង​សន្តិសុខ នៃ​សាធារណរដ្ឋ​ទីម័រ​ឡេស្ត បាន​អញ្ជើញ​មក​ដល់​កម្ពុជា សម្រាប់​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​ ៥ថ្ងៃ (05.09-09.2013)។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao )  ភាគី​ទាំង​ពីរ​ក៏បាន​ចុះ​​​ហត្ថ​លេខា​លើ​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងបច្ចេក​ទេស​ផង​ដែរ៕

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ ស្តី​ពី​ការ​​បិទ​​បញ្ចប់ ការ​​ពិនិត្យ សម្រេច​​លើ​ករណី​​វិវាទកម្ម​ជុំវិញ​​ការ​​បោះ​ឆ្នោត​ ​


សេចក្តី​សម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ លេខ ១៤៣/០១៨/២០១៣ កបធ.ច ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣








សន្និសីទសារព័ត៌មាន ឯកឧត្ដម ទេព នីថា អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ បោះឆ្នោត ដើម្បី​ផ្សព្វ​ផ្សាយ​សៀវ​ភៅស ស្ដីពី​ការ​បោះ​ឆ្នោត​សកល​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាលទី៥ នៃរដ្ឋសភា នៃព្រះ​រាជា​ណាច​ក្រកម្ពុជា ឆ្នាំ២០១៣




សេចក្តីសម្រេច​របស់​​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ លេខ​១៤២/០១៧/២០១៣ កបធ.ច ចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៣​










លិខិត​របស់អភិបាល​ នៃគណៈអភិបាលរាជ​ធានីភ្នំពេញ លេខ៦៤៥ ឆត.ចសម ជម្រាបជូន​លោកប្រធានគណបក្ស​សង្រ្គោះជាតិ


លិខិត​របស់​ក្រសួង​មហា​ផ្ទៃ លេខ​១៤២៧ ស.ជ.ណ ជូន​ឯកឧត្តម អភិបាល​​នៃ​គណ់ៈ​អភិបាល​រាជធានីភ្នំពេញ



ព្រះ​រាជ​សង្ឍ​​ប្រកាស​ របស់​គណៈ​សង្ឍ គណៈ​មហា​និកាយ និងគណៈ​សង្ឍ​គណៈ​ធម្មយុត្តកិនិកាយ នៃព្រះរា​ជា​ណា​ចក្រកម្ពុជា




សេច​ក្តី​ថ្លែង​ការណ៍ របស់​ព្រះ​សហគម៍​កាតូលិក​កម្ពុជា


ខ្លឹម​​សារ​សង្ខេប សៀវ​​ភៅ​ស ៦ទំ​ព័រ របស់​​គជប​ ដែល​​បាន​​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ​២០១៣










  •  សៀវភៅស ស្តីពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៣

  • The 2013 General Election for the 5th Mandate of the National Assembly of the Kingdom of Cambodia
  • សេចក្តីសម្រេច​របស់​​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ លេខ​១៤១/០១៦/២០១៣ កបធច ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៣​







    សេចក្តី​ប្រកាសព័ត៌មាន​របស់​​ក្រុម​ប្រឹក្សាធម្មនុញ្ញ លេខ​១២៤/២០១៣ អ.កបធ.សជណ ចុះ​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២០១៣


    សេចក្តី​សម្រេច​​របស់​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លេខ១៤០/០១៥/២០១៣ ចុះ​ថ្ងៃទី​ ៣ ខែ កញ្ញា ឆ្នាំ​២០១៣