Monday, October 14, 2013

ឯកឧត្តម​បណ្ឌិត​ សុខ អាន និង​តំណាង​ភ្នាក់​ងារ សហ​ប្រតិ​ប​ត្ដិ​ការ​​អន្ដរជាតិ​កូរ៉េចុះហត្ថ​លេខា​លើ​កំណត់​ហេតុ​​​កិច្ច​ពិភាក្សា​ម្រាប់​​គម្រោង​​សាង​សង់ មជ្ឈម​ណ្ឌល​​បណ្ដុះ​បណ្ដាល​​អា​កាស​ចរណ៍​​ស៊ីវិល​​នៅ​​កម្ពុជា



កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ (R,D) ម្រាប់​គម្រោង​សាងសង់ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាស​ចរណ៍​ស៊ីវិល​នៅ​កម្ពុជាហៅកាត់ថា (CATC) ដែលមាន​ទឹកប្រាក់​ចំនួន ១០,១​លាន​ដុល្លារ​អាមេ​រិក​​ជា​ជំនួយឥត​សំណង​របស់​រដ្ឋា​ភិបាល និង​ប្រជាជន​នៃសាធារណរដ្ឋកូរ៉េ ត្រូវ​បាន​​​​ចុះហត្ថ​លេ​ខា​ដោយ ឯកឧត្តមបណ្ឌិតសភា​ចា​រ្យ សុខ អាន​ឧប​នាយក​រដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី ទទួល​បន្ទុក ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី និង​លោកស្រី Baek Sook Hee តំណាង​ទីភ្នាក់ងារ សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា​នារសៀល​ថ្ងៃ សុក្រ​ទី​១១ ខែតុលា ឆ្នាំ​២០១៣ នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រីដោយមាន​ការ ចូល​រួម​​ពី​ឯកឧត្តមគឹមហាន់​ស៊ូ​ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារ​ណរដ្ឋកូរ៉េនៅកម្ពូជា និងប្រតិភូ​របស់​ទីភ្នាក់ងារសហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ KOICA និង​មន្ដ្រី​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត សុខ អាន ​ក្នុងនាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បានមានប្រសាសន៍​ថ្លែងអំណរ​គុណ​​​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សា​ធា​រ​ណ​រដ្ឋកូរ៉េ​សម្រាប់ការគាំទ្រ ​និង​បន្ដ​កិច្ច​សហ​​ប្រតិបត្ដិការជាមួយ​កម្ពុជា ក្នុង​ការ​ផ្តល់​ថវិការ​សាង​សង់មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​​អាកាស​ចរណ៍​​ស៊ីវិលជាលើកដំបូង​នៅ​កម្ពុជា ដែល​ជា​មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​ដ៏មាន​សារ​សំខាន់។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​ឲ្យដឹងថាៈ         ​គម្រោង​"​ការ​បង្កើត​​មជ្ឈ​មណ្ឌលបណ្ដុះបណ្ដាល​អាកាសចរ​ស៊ីវិល​នៅក្នុងប្រទេស​កម្ពុជា "គឺមាន​សារ​សំ​ខាន់​​ខ្លាំងណាស់​ក្នុងការជួយ​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ចំណេះដឹង និង​បច្ចេក​​វិទ្យា​ចាំ​បាច់​​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវវិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​របស់ខ្លួន​។ លើសពីនេះ​ទៀត​​គម្រោង​នេះ ក៏​ជាឱកាស​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់ប្រទេស​កូរ៉េ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​របស់ខ្លួន​នៅក្នុង​វិស័យ​អាកាសចរណ៍​ ក្នុងការ​ពង្រឹងភាពជា​ដៃ​គូ​ដ៏​រឹងមាំ និង​កិច្ច​សហប្រតិ​ប​ត្ដិ​ការរវាង​រដ្ឋាភិបាល និង​ប្រជាជននៃ​សាធារណរដ្ឋកូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​។ រាជរដ្ឋាភិបាលកម្ពុជា​បាន​យក​ចិ​ត្ដ​ទុកដាក់ ជាពិសេស​ក្នុងការ​បណ្ដុះបណ្ដាលអ្នកជំនាញ​ផ្នែកអាកាសចរណ៍ និង​ការអប់រំ ដើម្បីបង្កើន​សមត្ថភាព​ជាតិ ដើម្បី​ឱ្យ​វិស័យអាកាសចរណ៍​ដំណើរការ​ទៅ​ប្រកបដោយ​សុវត្ថិភាព ដែលជា​ការជំរុញ​បង្កើន​វិស័យ​ទេសចរណ៍ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

ឯកឧត្តមបណ្ឌិត​ឧបនាយក​រដ្ឋ មន្ដ្រី​បាន​មានប្រសាសន៍ថា ឧស្សាហកម្មដឹកជញ្ជូន​ផ្លូវ​អាកាស​​​បាន​ដើរតួនាទីយ៉ាងសំខាន់​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ចពិភពលោក​ និង​ជា​វិស័យ​មួយ​​ដែលមាន​ការរីកលូតលាស់លឿន​បំផុត។ ឯកឧត្តម សុខ អាន ​បានឲ្យដឹងថា ប្រទេស​កម្ពុជា​បានទទួល​អ្នកដំណើរ​ផ្លូវអាកាស​ចំនួន ​៤,៣​លាន​នាក់ ​ក្នុង​ឆ្នាំ​២០១២ កើនឡើង​១៤,៧​ភាគរយ បើ​ប្រៀបធៀប​ទៅក្នុង​ឆ្នាំ​២០១១ ​មានអ្នកដំណើរ​ផ្លូវអាកាសចំនួន ​៣,៦៦ លាន​នាក់ ។ អ្នកដំណើរ​តាមផ្លូវ​អាកាសពី​ខែមករា​ដល់​ខែសីហា ឆ្នាំ២០១៣​​ បាន​ឡើងដល់​៣,៣២​លាន​នាក់ កើនឡើង​១៥,៦ ភាគរយ​បើ​ប្រៀបធៀប ទៅនឹង​២,៧​លាន​នាក់​សម្រាប់​រយៈ ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១២ ។

សូមបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​អាកាសចរណ៍​ស៊ីវិលនៅ​កម្ពុជា​​នឹងត្រូវ​អនុវត្ដ​ក្នុងរយៈពេល​៤​ឆ្នាំ ដោយ​ចាប់​អនុវត្ដ​ពី​ខែតុលា ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​២០១៧​។ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាសចរ​ស៊ីវិល ​នឹងត្រូវ​សាងសង់​ក្នុង​អាកាស​យាន​ដ្ឋានអន្ដរជាតិ​ភ្នំពេញ។ រដ្ឋាភិបាលសាធារណរដ្ឋ​កូរ៉េ​បានផ្ដល់ ១០,១​លានដុល្លារ​អាមេ​រិក (USD1០,1០០,០០០) សម្រាប់​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះ បណ្ដាល​អាកាសចរណ៍​ស៊ីវិល ការបង្កើត​ផែនការមេ សម្រាប់​អភិវឌ្ឍ​ធនធាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បញ្ជូន ជំនាញ​ការ​​កូរ៉េ​មក​កម្ពុជា​បណ្ដុះបណ្ដាលនៅ​ប្រទេស ​និង​ផ្ដល់​ឧបករណ៍​បរិក្ខារ​។

បើ​យោងទៅតាម​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​សម្រាប់​ចំនួន ៥០​ភាគរយ​នៃ​ភ្ញៀវទេសចរ​អន្ដរជាតិ​មកកាន់​ប្រទេស​កម្ពុជា តាមផ្លូវ​អាកាស​។ ការហោះហើរ​នេះ​បាន​ឈានដល់ ៤៨.៧៨៩ ជើង​ក្នុង​ឆ្នាំ​២០១២ កើន ឡើង​៨,២​ភាគរយ បើ​ប្រៀបធៀប​ទៅ នឹង​ឆ្នាំ​២០១១ មាន​ជើងហោះហើរ ចំនួន​៤៤.៧៨០​ជើង​។​​    ​ការព្យាករណ៍​របស់ ICAO ​ចរាចរ​ផ្លូវអាកាស​នឹង​កើន​ទ្វេដង​នៅក្នុង​រយៈពេល​ ១៥​ឆ្នាំ​បន្ទាប់។ បណ្ដាប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោកកាន់តែខ្លាំង​ឡើងជា​រៀងរាល់ឆ្នាំ​ផ្អែក លើ​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍ ដើម្បី​​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាងសំខាន់ រួមចំណែក​ដល់​សុខភាព​សុខុមាលភាព និង​សេដ្ឋ​កិច្ច​ជារួម៕

សម្តេច​តេជោ​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ជំនាន់​​ក្រោយ​រក្សាទុក​ថ្ងៃទី​១៥ តុលា ជាថ្ងៃ គោរព​​ព្រះវិញ្ញាណ​ក្ខន្ធ​ព្រះបិតាជាតិ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ បាន​អំពាវនាវ និងធ្វើការ​ផ្តាំផ្ញើ​ទៅដល់​អ្នកជំនាន់ក្រោយ ដែល​ត្រូវ​បន្តវេន​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​ចាំ​ទុក​ថា ព្រះបិតា​ជាតិ ជា​ព្រះបិតា ជា​រៀងរហូត និងសូម​រក្សាទុក​ថ្ងៃទី១៥តុលា ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ជាតិ​។

នៅក្នុង​សុន្ទរកថាថ្លែង​នៅ​ចំពោះ​ព្រះ​ភ័​ក្រ្ត ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ក្នុង​ពិធី​សម្ពោ​ធ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនះកោដ្ឋ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំព្រះករុណាខ្ញុំ សូម​ធ្វើការ​អំពាវនាវ និង​ធ្វើការ​ផ្តាំផ្ញើ​ទៅដល់​អ្នក​ជំនាន់​ក្រោយ ដែល​ត្រូវ​បន្តវេន​ដឹកនាំ​រាជរដ្ឋាភិបាល​ថា ព្រះបិតា​ជាតិ​របស់​យើងមិន​គ្រាន់​តែ​ជា​ព្រះបិតានៅក្នុង​បច្ចុប្បន្ននេះ​ទេ ផឹកទឹក​នឹក​ដល់​ប្រភពទឹក ទទួលទាន​ផ្លែឈើ នឹក​ដល់​អ្នក​ដាំ ព្រះបិតា​ជាតិ​របស់​យើង ទ្រង់​ជា​ព្រះបិតា​ជាតិ ជា​រៀងរហូត​”​។

សម្តេច​តេ​ជោបាន​មានប្រសាសន៍​ដោយ​ទទូចថា​៖ “​ដូច្នេះ​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម​អំពាវនាវ​ចំពោះ​អ្នកជំនាន់​ក្រោយ សូម​មេត្តា​រក្សាទុក ថ្ងៃ​១៥ ខែតុលា ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្កើន​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ជាតិ​។ យើង​ជំនាន់​នេះ កំពុងតែ​ត្រួស​ត្រាយផ្លូវ សម្រាប់​អ្នកជំនាន់ក្រោយ សង្ឃឹមថា អ្នក​បន្តវេន​រាប់សិប​ឆ្នាំ រាប់​រយឆ្នាំ​តទៅទៀត នៅតែ​បន្ត​រក្សា​ថ្ងៃទី​១៥ ខែតុលា ជា​រៀងរាល់ឆ្នាំ សម្រាប់​ប្រជាពលរដ្ឋ មក​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ត​ព្រះវររាជបិតា​ជាតិខ្មែរ​”​។ ជាមួយនេះ យើង​ទាំង​អស់គ្នា​នៅក្នុង​ទីនេះ ក៏ដូចជា​ទៅ​អនាគត​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជាណាចក្រ​កម្ពុជា និង បន្ត​ស្ថិតស្ថេរ​ជា​អមតៈ ដែល​យើង​ត្រូវ​មើលឃើញដើម្បី​ការពារ​រាជានិយម ការពារ​រាជបល្ល័ង្គ ការពារ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ ក៏ដូចជា​សម្តេចម៉ែ ដែល​កំពុង​គង់ប្រថាប់​។​  រាស្ត្រ​ខ្មែរ និង​ដើម្បី​ចារឹក​ព្រះអង្គ​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​យើង​ជា​រៀងរហូត​។

រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី៤នៃរដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច និង​ប្រកាស​ឱ្យ​សាងសង់​វិមាន​ព្រះ​បរម​បដិមា​នៃ​ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​ជា​និម្មិត្តរូប​នៃ​ការដឹង​ព្រះ​គុណ​សម្តែង​នូវ​កតញ្ញូតា​ធម៌ និង​ចងចាំ​នូវ​ព្រះរាជ​ជីវប្រវត្តិព្រះរាជ​បូជនីយកិច្ច និងស្នា​ប្រ​ហស្ត​ដ៏​មហិមា របស់​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​​អនុគណៈកម្មការ​ព័ត៌មាន​ផ្សព្វផ្សាយ​ និងសាងសង់​ព្រះ​បរម​រូប ក្នុង​ព្រះ​រាជពិធី​សម្ពោធ​​វិមាន​ព្រះ​បរម​រូប ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ បានធ្វើ​របាយការណ៍ អំពី​ការសាងសង់​វិមាន​ព្រះ​បរម​បដិមា​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ឲ្យ​ដឹងថា​​ វិមាន​ព្រះ​បរម​បដិមា ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​បញ្ចុះបឋមសិលា​សាងសង់ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការសាងសង់​វិមាន ​និង​ព្រះ​បរម​បដិមា ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​៧ ខែមីនា ដល់​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០១៣ មាន​រយៈពេល ៨ខែ ដោយ​ក្រុម​សិលា​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​មាន​សិល្បករ វិចិត្រករស្មូន​រូប និង​អ្នកជំនាញ​ខាង​ស្ថាបត្យកម្ម សរុប​ចំនួន ១១៧ នាក់ ចែកចេញជា ៩ក្រុម និង​ចំណាយ​ថវិកា​សរុប​ចំនួន ១.២២៩.៨២០ដុល្លា​អាមេរិក។ ចំពោះ​ការរៀបចំ​បរិវេណ​ជុំវិញ​វិមាន​ព្រះ​បរម​បដិមា សាលា​រាជធានី​ភ្នំពេញ ជា​អ្នករៀបចំ​ចាត់​ចែង​។ ​បន្ទាប់​ពី​បានប្រារព្ធពិធី​ក្រុងពាលី​តាមវិធី​សាសនា​នា​រសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ ដោយ​មាន​ការ​យាង​ចូលរួម​ពីសម្តេច​ព្រះសង្ឃរាជ និង​ឯកឧត្តម​បណ្ឌិត​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្តេច​ជហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ព្រះបរមរាជវាំង ព្រម​ទាំងសមាជិក​សមាជិការ​នៃរាជរដ្ឋាភិបាល​ជា​ច្រើនរូប​រួចមកនៅ​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ព្រះរាជពិធី​សម្ពោធ​វិមាន​ព្រះ​បរម​បដិមា​នៃ​ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​​បំផុត រួមជាមួយ​វត្តមាន​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ,​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច ព្រះអង្គម្ចាស់ ទ្រង់ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ និង អន្តរជាតិ ព្រមទាំង​មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ​។​

ព្រះករុណា​ព្រះមហាក្សត្រ​ព្រះបរមនាថនរោត្តមសីហមុនី និង​សម្តេចម៉ែ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធ សភា​បាន​យាង​ចុច​ប៊ុ​តុង បញ្ជា​បើក​សម្ពោធ​​ព្រះ​បរម​រូប​ជា​ផ្លូវការ បន្ទាប់មក​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​អុជ​ធូប និង​ដាក់​កម្រងផ្កា ព្រមទាំងថ្វាយបង្គំ ចំពោះ​ព្រះ​បរម​រូប ព្រះ​បរមកោដ្ឋ។ ពិធី​សម្ពោធ​បាន​បញ្ចប់​នៅវេលា​ម៉ោង ៩ និង​៣០​នាទី​៕​

ព្រះ​រាជ​ពិធី​សម្ភោធ​វិមាន​តម្កល់​ព្រះបរ​មរូប ព្រះករុណា​ ព្រះបរម​រតកោដ្ឋ





ព្រះ​រាជ​ពិធី​សម្ភោធ​វិមាន​តម្កល់​ព្រះបរ​មរូប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរម​រតកោដ្ឋ ក្រោម​ព្រះ​រាជា​ធិបតីភាព ព្រះករុណា​ព្រះ​បាទ សម្តេ​ច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ