Thursday, October 17, 2013

សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី និង​​ប្រធាន​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន​​ពិភាក្សា​​អំពី​​ការ​ប្រើ​ប្រាស់​​ថវិកា​​ដើម្បី​​ជួយ​ជំរុញ​ការ​​អភិវឌ្ឍ​​កម្ពុជា

នៅក្នុងឱកាស​​ចូលជួប​សំដែង​​ការ​គួរ​សម ជាមួយ​​សម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នៅ​​វិមាន​​សន្តិភាព កាល​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣  ឯកឧត្តម Li Ruogu ប្រធាន​​ក្រុម​​ប្រឹក្សា​​ភិបាល​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន បាន​ឲ្យ​​ដឹង​​អំពី​ការ​​រួម​​ចំណែក​​របស់​​ធនាគារ​​នីហរ័ណ-​អាហរ័ណ​​ចិន ក្នុង​ការ​​ជួយ​​អភិ​វឌ្ឍន៍​កម្ពុជា នៅ​​លើ​​វិស័យ​ជា​ច្រើន​។
 
 
ឯកឧត្តម អ៊ាង សុផ​ល្លែត ជំនួយ​ការ​​សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី បាន​ឲ្យ​​ដឹង​​ថា​ លោក Li Ruogu ​បាន​ជម្រាប​ជូន​​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា លោក​​បាន​ជួប​​ពិភា​ក្សា​ជា​មួយ​​ឯកឧត្តម ឧបនាយក​រដ្ឋ​​មន្រ្តី​​ប្រចាំ​ការ គាត ឈន់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​​បាន​ចុះ​​ហត្ថ​លេខា លើ​​កិច្ច​ព្រម​ព្រៀង​​ចំនួន​ ២ ទី១ គឺកិច្ច​​ព្រម​ព្រៀង​​ជាមួយ​ធនាគារ​​អភិវឌ្ឍន៍​​ជន​បទ​​កម្ពុជា និងទី២ គឺការ​ចុះ​​ហត្ថ​លេខា លើ​កិច្ច​​ព្រម​​ព្រៀង​​ជាមួយ​​ក្រុមហ៊ុន Cambodian Petrochemical Co. ltd ផង​ដែរ។ លោក Li Ruogu បាន​​ថ្លែង​​ថា លោក​​សង្ឃឹម​​ថា គម្រោង​ទាំង ៦ ដែល​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន បាន​​ចុះ​​ហត្ថ​​លេខា​​ជាមួយ​​ធនាគារ​អភិវឌ្ឍន៍​​កម្ពុជា នឹង​ចាប់​ផ្តើម​អនុវត្តន៍​​ជាក់​ស្តែង​​ក្នុង​ពេល​​ឆាប់ៗ​​ខាង​​មុខនេះ។
 
 
លោក Li ក៏បាន​ជម្រាប​ជូនសម្តេចតេជោ​អំពីការយកចិត្ត​ទុកដាក់​របស់​ធនាគារនីហរ័ណ-អាហរ័ណ​លើវិស័យ​កសិកម្ម ដោយសារ​យល់ឃើញ​ថា វិស័យក​សិកម្ម គឺជាវិស័យអាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុងការ​កែឆ្នៃ និង​នាំអង្ករចេញ ហើយ​ធនាគារនីហរ័ណ-អាហរ័ណ​ចិន នឹង​ជួយដល់​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការកែ​ច្នៃអង្ករ​នាំចេញ​ពី​កម្ពុជា តាម​រយៈ​ការជួយ​ប្រមូល​ទិញ ការស្តុក ទុក និង​ការកិន​ស្រូវ​សម្រាប់​នាំចេញ។
 
 
លោក Li ក៏បាន​ជម្រាប​ជូនសម្តេចតេជោ​អំពីផ្លូវ​ល្បឿនលឿន​ពីភ្នំពេញ​ទៅកាន់​ខេត្តព្រះសីហនុ និង​ផ្លូវល្បឿន​លឿនពីភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប ក៏ដូចជា​ការសិក្សា​លើហេដ្ឋា​រចនា​សម័្ពន្ធ​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ទូរគមនាគមន៍ ដោយបាន​ថ្លែង​ថា ធនាគារ​របស់លោក​មានលទ្ធភាព​ជួយ​ធ្វើ​ការ​សិក្សាលើ​វិស័យ​ទាំង​នេះ ព្រោះសុទ្ធសឹង​តែជាវិស័យ​ដែលជួយ​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។
 
 
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានស្វាគមន៍​ចំពោះការចុះហត្ថលេខា លើកិច្ចព្រម​ព្រៀង​ទាំង ២ ដោយ​បានប្រសាសន៍​ថា ពាក់ព័ន្ធ​នឹងការចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ជាមួយ Cambodian Petrochemical Co. ltd លោកបាន​ជួបជាមួយ​ក្រុមហ៊ុន​ទាំងពីរ​រួច​ហើយ ហើយ​ក៏បានជំរុញ​ក្រុម​ហ៊ុនទាំង ២ ធ្វើយ៉ាងណា​ឲ្យចាប់ផ្តើម​អនុវត្តន៍ និងធ្វើយ៉ាងណា​ឲ្យផលិត​ប្រេងបាន​នៅឆ្នាំ ២០១៨ ខាងមុខ នេះ។ ពាក់ព័ន្ធនឹងការ​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា សម្តេច​តេជោមាន​ប្រសាសន៍ថា ការផ្តល់ឥណទាន ម៉ាក្រូហិរញ្ញវត្ថុ គឺមាន​សារៈ​សំខាន់​ណាស់​ក្នុងការជំរុញ​សហគ្រាសធុន​តូច​ក៏ដូចជា​ប្រជាកសិករ ហើយនេះ គឺជាគម្រោង​គាំទ្រ​ផលិតកម្ម​ស្រូវ​សម្រាប់​ការនាំចេញ​ផងដែរ។
 
 
នៅ​ក្នុង​ជំនួប​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បាន​ផ្តល់អនុសាសន៍​ឲ្យធនាគារ​នីហរ័ណ-អាហរ័ណចិន ពិចារណា​ក្នុងការ​ផ្តល់កំចី​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន និង​កសិករ​តែម្តង ដើម្បី​ពង្រីក​លទ្ធភាព​ផលិតកម្ម​របស់កសិករ​លើវិស័យ​កសិកម្ម និង​ទៅលើ​កម្រិត​កែច្នៃផងដែរ​។ ពាក់ព័ន្ធ​នឹង​ការសិក្សា សម្តេចតេជោ​បានស្នើ​ឲ្យធនាគារ​ចិន ជួយ​កម្ពុជា​សូមឲ្យ​មាន​ការសិក្សា​ជា កញ្ចប់ ដោយប្រើប្រាស់​ជំនួយឥត​សំណង ដោយសូម​ឲ្យសិក្សាផែ​នការ​ទាំង​ឡាយ​ប្រទាក់​ក្រឡា​គ្នាជាមួយ​នឹងផែនការ​មេរបស់កម្ពុជា នៅក្នុងយុទ្ធសាស្រ្ត​ចតុកោណ ដែលមានចែង​ទៅ​ដល់​ការសិក្សាផែន​ការមេ​នេះ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏​បាន​ស្នើ​ឲ្យធនាគារនីហរ័ណ-អាហរ័ណ​ចិន ធ្វើយ៉ាងណា​ជួយសិក្សា​ទាំងផ្នែក​ទូរគមនា​គមន៍ បណ្តាញ​ផ្លូវជាតិ ផ្លូវ ដែក អគ្គិសនី ធារាសាស្រ្ត ដើម្បី​ឈានទៅដល់ការ​វាយ​តម្លៃតំបន់​ផលិត និង​សិក្សា​តាមរបៀប​សេដ្ឋ​កិច្ច​តែម្តង៕

សារ​លិខិត​អបអរ​សាទរ លោកជំទាវ រដ្ឋមន្ត្រី​ការ​បរទេស អូស្ត្រាលី ជូន​ឯក​ឧត្តម រដ្ឋមន្ត្រី ក្រសួង​ការ​បរ​ទេស​កម្ពុជា


តើរដ្ឋាភិបាលអាណត្តិទី៥ ពិតជាមិនស្របច្បាប់មែនឫ?