Monday, October 21, 2013

លិខិត​​ ឧបនាយក​​រដ្ឋមន្ត្រី ផ្ញើ​​ជូន​​​អភិបាល​​រាជ​ធា​នីភ្នំ​ពេញ​ ស្តី​ពី​ការ​​ជូន​​ដំ​ណឹង​​ធ្វើ​​បាតុកម្ម​​អហិង្សា​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ



លិខិតរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជូនលោកនិពន្ធនាយកសារព័ត៍មានខេមបូឌាដេលី ចុះថ្ងៃទី ២១ តុលា ២០១៣



សន្និសីទសារព័ត៌មាន គណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ច






បទអត្ថា​ធិប្បាយ​៖ តើ​​កម្ពុជា​​កំពុង​​មាន​​វិបត្តិ​នយោបាយ​​​​មែន​​ឬ?

ដោយ ពង្ស​ សុក្រឹត្យ
          វាជារឿង​ធម្មតា​ ស្ទើ​រតែ​គ្រប់​ប្រទេស​ ដែល​ប្រកាន់​នូវ​របបប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​​ទៅ​ហើយ​ ដែល​គណបក្ស​​ចាញ់​ឆ្នោត​តែង​តែ​ឡាំប៉ា​ ថា ការ​បោះ​ឆ្នោត​មិនសេរី​ មិនយុត្តិ​ធម៌​ ឬមាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម​។ ឧទាហរណ៍​ ការ​បោះឆ្នោត​នៅ​ប្រទេស​ ម៉ាឡេ​ស៊ី កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ ​ក៏​​គណបក្ស​ដែល​ចាញ់​ឆ្នោត​ លើក​ឡើង​​ស្រដៀង​គ្នា​នេះ​ដែរ​។​

ងាកមក​គណបក្ស​នយោបាយ​​នៅកម្ពុជា​ ក៏​ដូចគ្នា​ដែរ​ ក្រោយ​ការ​បោះឆ្នោត​ និង​បន្ទាប់​​​ពី​ស្ថាប័ន​ គ ជ ប បានប្រកាស​នូវ​លទ្ធផល​​ជាផ្លូវការ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​ធ្វើការ​ដោះ​ស្រាយ​នូវ​បណ្តឹង​របស់​បក្ស​ប្រឆាំង​ តាម​នីតិវិធី​ ប្រកប​​ដោយ​គតិយុត្តិ​ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​ និង​មាន​តម្លាភាព​​ និង​អាច​ទទួល​យក​បាន​​​ហើយ​ដែរ​។ ក៏ប៉ុន្តែ រហូត​មកដល់​ពេលនេះ​ ក្រុម​បក្ស​​ប្រឆាំង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ត្រដរ​ខ្យល់​ លើក​​ឡើង​​របៀប​​ទន្ទេញ​ចាំមាត់​ ថា​​ មាន​ការ​ជាប់​គាំង​​នយោបាយ​ ឬមានវិបត្តិនយោបាយនៅកម្ពុជា​ ក្នុង​​​គោល​បំណង​​​មិនទទួល​​ស្គាល់​​នូវ​​​លទ្ធ​ផល​​បោះឆ្នោត​ ដោយ​បាន​​ប្រើ​​គ្រប់​​វិធី​សាស្ត្រ​ និង​យុទ្ធសាស្ត្រ​ ភូត​កុហក​ បំភ្លៃ​ការ​ពិត​ ថាសភាព​ការណ៍នយោបាយ​​នៅកម្ពុជា​ មាន​ភាព​មិន​ប្រក្រតី​ ។ល។​ តើកម្ពុជា​ កំពុង​មាន​វិបត្តិ​នយោបាយ​ មែនឬទេ​?​

តាម​ពិត​ សម័យ​​ប្រជុំ​របស់​រដ្ឋ​សភាដំបូង​ ក្រោម​ព្រះរាជាធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ​ បាន​ប្រព្រឹត្តិ​​ទៅ​យ៉ាង​រលូន​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​​ ព្រម​ទាំង​មាន​តំណាង​​​​អង្គ​ទូត​​នា​នា​ ប្រចាំ​នៅកម្ពុជា​ បាន​ចូលរួម​ជាសាក្សី​ទៀត​ផង​។​

គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​ទទួល​បាន​សម្លេង​ឈ្នះ​ឆ្នោតដាច់​ខាត​​ ត្រូវ​​បាន​ព្រះ​មហា​ក្សត្រ​ ត្រាស់​បង្គាប់​ឲ្យ​បង្កើត​គណៈរដ្ឋ​មន្ត្រី​ ដើម្បី​បន្ត​ដឹកនាំ​និរន្តរភាព​ប្រទេស​ ប្រកប​ដោយ​សុខ​សន្តិភាព​​ និង​រក្សា​បាន​នូវ​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈ​ដែល​ចរន្ត​សេដ្ឋកិច្ច​ នៅ​លោក​ខាង​លិច​កំពុង​ជួប​នូវ​វិបត្តិ​បំណុល​ឡើង​ដល់​កំពូល​។ ទន្ទឹម​គ្នា​នោះ​ ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ជាច្រើន​ រួម​ទាំង​ប្រទេស​មហាអំណាច​ចិន​ផង​​ដែរ​ បាន​ផ្ញើ​សារ​លិខិត​ អបអរសារទរ​ ជាបន្ត​បន្ទាប់​ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ សម្តេច​តេជោ ហ៊ុន សែន ដែល​​បាន​បន្ត​ដឹក​នាំ​ប្រទេស​តទៅទៀត​។​

នាពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ប៊្រុយណេ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន សែន​ ត្រូវ​បាន​​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំ​កំពូល​ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​សេដ្ឋកិច្ច​នានា នៅក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក​ ​ ​ ដើម្បី​បន្ត​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​ សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ផង​ដែរ​។​ ក្នុង​កិច្ច​ប្រជុំ​​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​​ជួបពិភាក្សា​ទេ្វ​ភាគី​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក តូ​នី អា​បបុត (Tony Abbott) នាយករដ្ឋមន្ត្រី​ណូវែល​ហ្សេ​ឡង់ លោក​ច​ន ឃី (John Key)​និង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន និង​​បាន​ដោះ​ស្រាយ​នូវ​ការ​ងារ​ប្រទេស​ជាតិ ជាធម្មតា​​។​

ភស្តុតាង​ខាង​លើ​បង្ហាញ​ថា​ ទាំង​ស្ថាប័ន​នីតិ​បញ្ញត្តិ​ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ នៅ​កម្ពុជា​ គ្មាន​ការ​ជាប់​គាំ​ង​ ឬមាន​វិបត្តិ​ដូច​ការ​ឃោសនា​ បំភ្លៃ​របស់​ក្រុម​ប្រឆាំង​ឡើយ​។​

ការ​បំភ្លើស​ដោយ​គ្មាន​មូល​ដ្ឋាន​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ របស់​ក្រុម​ប្រឆាំង​ទាំង​នោះ​ គឺ​ជា​លេស​ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​ឱកាស​បន្ត​អាជីព​នយោបាយ​ និងដើ​ម្បី​​ពង្រឹង​ស្មារតី​​​​អ្នក​គាំទ្រ​​កុំ​​ឲ្យ​អស់​​សង្ឃឹម​ ចំពោះ​​​ការ​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។
ក្រុម​​បក្ស​ប្រឆាំង ដែល​រួម​មាន​​អង្គការ​សង្គម​ស៊ី​វិល​មួយចំនួន​តូច​ និង​អ្នក​វិភាគខ្លះ​​ ដែល​មាន​និន្នាការ​ប្រឆាំង​ គឺ​ជាក្រុម​តែ​មួយ​។ ពួក​គេ​ រួម​គ្នា​បំពុល​ បរិយាកាស​នយោបាយ​នៅកម្ពុជា​ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ ឬកូដកម្ម​ តវ៉ា​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ ដែល​មាន​លក្ខណៈ​​​ជាប្រព័ន្ធ ហើយ​​ដែល​ប្រជាពលរដ្ឋ​បាន​ចាប់​ផ្តើម​ធុញ​ទ្រាន់​ និង​សកម្មភាព​ដើរ​អុជអាល​ ញុះញង់​តាម​ទី​សាធារណៈ​ និង​រំខាន​ដល់​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ពួក​គាត់​ ទាំង​​នៅ​ទីក្រុង​ ក៏ដូច​ជានៅជន​បទ​ និង​តាម​ប្រព័ន្ធ​វិទ្យុបរទេស​ផ្សាយ​ជា​ខេមរៈ​ភាសា​​ខ្លះ​ ជាដើម​​។​

ចរឹត​រឹង​រូស​ មានះ​ របស់​មេ​បក្ស​ប្រឆាំង​ បង្ហាញ​​កាន់​តែ​​ច្បាស់​​ថែម​​ទៀត​ តាម​រយៈ​សកម្មភាព​ឆ្លេរឆ្លា​ទៅ​បំពុល​មតិ​​​អន្តរជាតិ​​ ​រួម​មាន​​សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជា​ជាតិ កុំឲ្យ​ទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យ​កាត់​ផ្តាច់​ជំនួយ​ ឬ​ប្រាក់​កម្ចី​​ដល់​ប្រជាជន​កម្ពុជា​។​

ក៏ប៉ុន្ដែ​​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេសកម្ពុជា គឺ​នៅ​តែ​រក្សា​បាន​នូវ​និរន្តរភាព​ដដែល​។​ តាម​មតិ​របស់​ប្រជាពលរដ្ឋ​​ ដែល​បាន​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ បាន​វាយ​តម្លៃ​ថា​ កិច្ច​ខិតខំប្រឹងប្រែង​របស់មេ​បក្ស​ប្រឆាំង​ គឺ​ជា​ការ​​ចំណាយ​ពេលឥតប្រយោជន៍ ព្រោះ​​នៅ​ក្រៅ​កិច្ច​ប្រជុំកំពូលអាស៊ានសម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​​​ការងារ​​ទ្វេភាគីជាមួយលោក បាន គីមូន អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​ ហើយ​​លោក​​ក៏​​បាន​វាយតម្លៃខ្ពស់ និងកោត​សរសើរ ចំពោះ​ដំណើរ​ការបោះឆ្នោត​នៅ​ប្រទេស​​កម្ពុជា​ កាលពីថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ដែល​បានប្រព្រឹត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្ដិធម៌​ និងប្រកបដោយសុខសន្ដិភាព​។

ដូច្នេះ​ ជំនួប​រវាងសម្ដេច តេជោ ហ៊ុន សែន ជាមួយ​លោកអគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​​បាន​បង្ហាញយ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ អាណត្ដិទី៥ ជាផ្លូវ​ការរួចទៅហើយ​​ ហើយ​​ករណីដែលលោកសម រង្ស៊ី កំពុងសុំ អន្ដរាគមន៍ ឱ្យអង្គការសហ​ប្រជាជាតិ​កុំទទួលស្គាល់រដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្ដិ​ទី៥ ក្នុងប្រទេសកម្ពុជា គឺជាការ​ចំណាយពេលឥតប្រយោជន៍ និងពុំមានន័យអ្វីឡើយ​។​

សរុប​មក​ បក្ស​ប្រឆាំង​គ្មាន​ជម្រើ​អ្វី​ ក្រៅ​តែ​ពី​ការ​ទទួល​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ និង​វិល​មក​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋ​​សភា​ ​ដែល​ប្រសូត្រ​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ពិត​ប្រាកដ​នោះ​​ទេ​។​ ទោះបី​ជា​ មេបក្ស​ប្រឆាំង​ បាន​ប្រើ​ប្រាស់​នូវ​ល្បិច​កល​គ្រប់​បែប​យ៉ាង​ និង​គ្រប់​រូប​ភាព​ ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ ដើម្បី​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​ក៏​ដោយ​ ក៏​ការ​ពិត​នៅ​តែ​ជាការពិត​ដដែល​ ហើយ​ឱកាសចុង​ក្រោយ​តែ​មួយគត់​ របស់​បក្ស​ប្រឆាំង​រហូត​មក​ដល់​ពេល​នេះ​ គឺ​ទ្វាររដ្ឋសភា នីតិកាលទី៥ នៅតែបើកចំហរង់ចាំ តំណាងរាស្ដ្រគណបក្ស​សង្គ្រោះ​ជាតិ​មកចូលរួមជានិច្ច​ តែ​បើហួស​រយៈពេល​៣ខែ អ្វីៗអាចនឹង​មាន​ការផ្លាស់ប្ដូរជាមិនខាន៕​