Thursday, October 24, 2013

បទ​អត្ថាធិប្បាយ៖ តើ​អ្នក​ណាមាន​សិទ្ធិ​រំ​លាយ ​គ.ជ.ប?

          គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(​គ.ជ.ប) ជា​ស្ថាប័នឯករាជ្យ ដែល​បាន​​បង្កើត​ឡើង​ដោយ​រដ្ឋសភា ដើម្បី​បំ​ពេញ​កិច្ច​ការ​ដ៏ឧត្តុង្គឧត្តមក្នុង​ការបំ​រើ​ប្រជា​ពល​រដ្ឋ​ តាម​រយៈការ​រៀប​ចំ​ដំ​ណើរ​ការ​បោះ​ឆ្នោតដោយ​ផ្ទាល់​ ដោយ​សម្ងាត់​ សេរី​ ត្រឹម​ត្រូវ​ តម្លាភាព​ និង​យុត្តិធម៌ ផ្អែក​តាម​គោល​ការ​ណ៍​​ច្បាប់ និង​បទ​ដ្ឋាន​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

          បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិឱ្យ​ចូល​ក្នុង​អន្ទាក់នៃ​ការ​បោក​ប្រាស់​​​របស់ខ្លួន​ពុំ​បាន​​សម្រេច មេដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្វែរការ​ចាប់​​អារម្មណ៍​សាធារ​ណ​មតិ​ជាថ្មី​ទៀត​ តាម​រយៈគំ​រាម​ត្រង់​ៗ «ឱ្យ​​រំ​លាយ​ចោល​ជាបន្ទាន់​នូវ​ស្ថាប័ គ.ជ.ប» ដើម្បី​អ្វីមួយ​​ដែល​​ពួក​គេ​ ​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥នេះ គ្មាន​​ឯករាជ្យភាព​ គ្មាន​យុត្តិធម៌ និង​មាន​​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន។ល។

          តើ​មាន​បុគ្គល​ណាមួយដែល​តាំង​ខ្លួន​ឯង​ថា ជាបញ្ញាជន បែរជា​ទម្លាក់​ចោល​នូវ​ភាព​ជា​អ្នក​ចេះ​ដឹង​អំពី​ច្បាប់​ទម្លាប់​ ហើយ​ហ៊ាន​មក​​សម្រច​ចិត្តក្នុងការ​រំ​លាយ​ ឬ​កំ​ទេច​ចោល​នូវ​ស្ថាប័ន​ គ.ជ.ប ដែល​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ និង​មាន​អាណត្តិ​របស់​ខ្លួន​ដ៏ត្រឹម​ត្រូវ​នោះ?

នៅ​ក្នុង​កាលៈទេសៈនេះ  គឺប្រាកដជា​មិន​មាន​អ្នក​ច្បាប់​ ឬ​ក៏អ្នក​នយោបាយ​ណា​ម្នាក់​​ដែល​ប្រកប​ដោយ​​ឧត្តម​គតិហ៊ាន​ធ្វើ​នូវ​អំ​ពើ​បំ​ពាន​ច្បាប់​បែប​នោះ​ទេ គឺ​មាន​តែ​ក្រុម​វង្វេង​រដ្ឋធម្មនុញ្ញ និង​ពួក​ប្រឆាំង​​តែ​ប៉ុណ្ណោះ​ដែលប្រកាសខ្លួន​ធ្វើ​​ជា​តួ​ឯក​ក្នុង​ការ​ប្រព្រឹត្តនូវ​រាល់​សកម្មភាព​ទាំង​នេះ​។

​តួឯក​នៅ​ក្នុង​សាច់​រឿង​នេះ គឺគ្មាន​អ្នក​ណា​ក្រៅ​ពី​ សម រង្ស៊ី និង​ កឹម សុខា នោះ​ទេ ពី​ព្រោះបុគ្គល​ទាំង​ពី​រនាក់​នេះ មិន​ដែល​ឱ្យ​តម្លៃច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយ​ក៏​មិន​ខ្វល់​អំ​ពី​ផល​ប្រយោ​ជន៍​​ជាតិ​ដែរ ។ មិន​តែប៉ុណ្ណោះ ពួក​គេតែង​តែ​អង្គុយ​លើ​ច្បាប់​ជានិច្ច ដូច​ជា​ មាក់​ងាយ​ស្ថាប័ន​សភាជាតិ ថា ជា​សភា​គូថ​មាន់ .. និងបាន​ធ្វើ​ការ​បន្ទាប​បន្ថោក​មកលើស្ថាប័ន​ គ.ជ.ប ដោយ​ពាក្យ​អសុរោះ ដូច​ជាចោទ​ថា ជា​ គ.ជ.ប ជាចោរ​លួច ចោរប្លន់​សន្លឹក​ឆ្នោត​ជាដើម។

ប៉ុន្តែ បើ​ក្រឡេក​មើល​ទៅ​លើគោល​ជំ​ហរ​របស់​រាជ​រដ្ឋាភិបាល ដែល​កើត​ឡើង​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា​វិញ គឺប្រាកដជា​គ្មាន​ឆន្ទៈ ក្នុង​ការ​រំ​លាយ​ គ.ជ.ប នោះ​ទេ ពី​ព្រោះ​ តែបាន​ដឹង​យ៉ាង​ច្បាស់​ថា គ.ជ.ប បាន​បំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​បាន​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ប្រកប​ដោយ​ភាព​ឯករាជ្យ ឥត​លម្អៀង និង​អនុវត្តតាម​និតិ​វិធី និង​ច្បាប់ដូចបាន​កំ​ណត់រួច​ហើយ​។

ស្ថាប័ន​ គ.ជ.ប ក៏ដូច​ជា​ស្ថាប័ន ឬ​ក៏អង្គភាព​ប្រតិបត្តិករក៏​ទៃទៀត​ដែរ បើ​សិន​ស្ថាប័ន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភាជាតិ គេមិន​អាច​ធ្វើ​ការ​រំ​លាយ​ទៅ​វិញ​ដោយ​ងាយ​ៗនោះ​ទេ បើល្គឹះ​ណា​គ្មាន​ការ​ឯកភាព​​គ្នា​​ពី​សមាជិក​សភា​តំ​ណាង​រាស្ត្រ​តាម​រយៈនៃ ​ការ​បោះ​ឆ្នោត​អនុម័តជា​ថ្មី​។ ហើយ​ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរស្ថាប័ន​នេះ​ទៀត​សោត ​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រាណា​តែមាន​ភាព​ចាំ​បាច់​បំ​ផុត​ក្នុង​​សង្គម​​ និងក៏​ត្រូវ​​ពិនិត្យ​ ស្រាវ​ជ្រាវឱ្យ​បាន​ស៊ី​ជម្រៅ​​ផង​ដែរ ថា តើស្ថាប័ន​នោះ​ពិតជា​មិនបាន​ដំ​ណើរ​ការ ឬអស​កម្ម​​ក្នុង​​​ការ​បំ​ពេញ​កិច្ច​ការ​របស់​ខ្លួន​ ឬ​ក៏បាន​ប្រព្រឹត្តផ្ទុយ​ពី​គោ​ល​ការណ៍​ច្បាប់​ដែល​បាន​ប្រគល់​ភារកិច្ច​​ឱ្យ​អនុវត្ត។  ក្នុង​បរិបទ​នេះ ស្ថាប័ន​ គ.ជ.ប មិន​បាន​ស្ថិត​នៅ​ក្នុង​ចំ​ណាប់​ខ្មាំង​របស់​គណបក្ស​ចាញ់​ឆ្នោត​នោះទេ។ ផ្ទុយ​ទៅ​វិញ​ វាគ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​របស់ក្រុម​អ្នក​ចាញ់​ឆ្នោត​តែប៉ុណ្ណោះ ដែ​ល​ប្រកាន់​យក​វប្បធម៌​ មិន​ទទួល​យក​ការពិត​តាំង​តែ​ពី​ដើម​រៀង​មកម៉្លេះ។

 ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​លើ​ទី​លាន​ប្រជា​ធិបតេយ្យ គួរគប្បី​អ្នក​ប្រកួត​ត្រូវធ្វើ​​ចិត្តឱ្យ​ដូច​ជា​អ្នកកីឡា« ចាញ់​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ខ្លួន​ខ្សោយ សុខចិត្ត​ចុះ​ចាញ់»។ ប៉ុន្តែ ចំ​ឡែក​តែ​នៅ​ស្រុក​ខ្មែរ ចាញ់​ឆ្នោត បែរ​ជាទម្លាក់​កំ​ហុស និង​ជេរប្រមាថទៅ​លើ​អាជ្ញារកណ្តាល​ទៅ​វិញ​។​​

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥ កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣​កន្លង​ទៅ​ អត្រាប្រជា​ពល​រដ្ឋ​ខ្មែរដែល​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំ​នួន​ជាង​៦៩​ភាគរយ​  គឺ​ជា​ចំ​នួន​ដ៏ច្រើ​ន​លើសលប់ បើ​ធៀប​ទៅ​នឹង​បណ្តាប្រទេស​មួយ​ចំ​នួន។ ប្រជាពល​រដ្ឋ​បាន​ប្រើ​សិទ្ធិរបស់​ខ្លួន​រួច​ហើយ​តាម​រយៈសន្លឹក​ឆ្នោត ដែល​ គ.ជ.ប បាន​ប្រកាសជា​ផ្លូវ​ការថា គណបក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥អាសនៈ។

ប៉ុន្តែ គណបក្សសង្គ្រោះ បន្ទាប់​ពី​ចាញ់​ឆ្នោត​ហើយ បាន​ខិតខំ​ប្រើ​គ្រប់​ឧបាយកលទុចរិត​ និង​គ្រប់​មធ្យោបាយ ទាំង​ការ​បំ​ភ្លៃ ភូតកុហកដ៏សំ​បូរ​បែប និង​បាន​និយាយបោកប្រាស់​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​អៀន​ខ្មាស់​ ដូច​ជា​បន្លំ​ម្ចាស់​ឆ្នោត​ ថា គណបក្សរបស់​ខ្លួន​ទេ ជា​អ្នក​ឈ្នះ ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​ ស្ថាប័ន​ គ.ជ.ប និង​គណបក្ស​កាន់​អំ​ណាច​ថា ជាចោរ​លួចសន្លឹក​ឆ្នោត​ ដោយ​ពុំ​មាន​ភ័ស្តុតាង​ ឬឯកសារ​ណាមួយ​ធ្វើ​ជា​មូល​ដ្ឋាន​ច្បាស់​លាស់​សោះ​ឡើយ។

តាម​រយៈហេតុផល​មួល​បង្កាច់ ភូត​កុហកដ៏​អាក្រក់ទាំង​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ​បាន​យក​ធ្វើ​ជា​លេសដោយ​អត្តនោម័តជាឯកបក្ស​ ដើម្បី​​រំ​លាយ​ចោល​នូវ​ គ.ជ.ប ដែល​គ្មាន​កំ​ហុស ក្នុង​ខណៈដែល​គណបក្ស​ប្រឆាំង​មួយ​នេះ ជាបក្ស​ចាញ់​ឆ្នោត និង​មិន​ព្រម​ទទួល​ស្គាល់​នូវ​ការ​បរាជ័យ​ ថែម​​ទាំង​ប៉ុនប៉ង​ មិន​ត្រឹម​តែ​ចង់​នាំ​ប្រជា​ពល​រដ្ឋងើប​ឡើង​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ស្រប​ច្បាប់ប៉ុណ្ណោះ​ទេ គឺ មាន​ចេតនាកំ​ទេចចោល​ទាំង​ស្រុង​នូវ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំង​អស់​របស់​កម្ពុជា។ ជា​ជំ​នួសមក​វិញ​ គណបក្ស​ប្រឆាំង​ជ្រើសយក​​ច្បាប់​ព្រៃមក​ប្រើក្នុង​សង្គម​ខ្មែរ ក្រោមក្រសែភ្នែក​មហាជន​ដែលបានមើល​ឃើញ​ថា បក្សប្រឆាំង​តែង​តែប្រើពាក្យ​គំ​រាម​ថា អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​គាំ​ទ្រនូវ​សកម្មភាព​របស់​ក្រុម​ខ្លួន។ តែ​ការពិត​ មក​ទល់​ពេល​នេះ​ មាន​បណ្តាប្រទេស​ជា​ច្រើន​ ដែល​ជា​មិត្ត​របស់​កម្ពុជា​ គឺគេមិន​យល់​ស្របតាម​​ដូច្នោះ​ទេ គេស្គាល់​ច្បាស់​ណាស់​អំពី​ដំ​ណើរការ​ប្រជា​ធិបតេយ្យ​ និង​ការ​បោះ​ឆ្នោតជាពហុបក្សកន្លង​មក​ ថាបានប្រព្រឹត្តទៅ ដោយ​សេរី​  ត្រឹម​ត្រូវ​និង​យុត្តិធម៌​បំ​ផុត​​។

ផ្ទុយ​ទៅ​វិញ ការ​ពិត​ ទាំង​ សម រង្ស៊ី និង​ កឹម សុខា បាន​ក្លាយ​ខ្លួន​ជាមេដឹក​នាំប្រឆាំង​ទាំង​ទទឹង​ទិស និងគ្មាន​ហេតុ​ផល​ច្បាស់​លាស់ គឺអ្នក​ទាំង​ពីរ និង​បក្ខពួក​ ហាក់​ដូច​ជា បាន​ និង​កំ​ពុង​​អនុវត្តតាម​ការ​បង្គាប់​បញ្ជាពី​ជន​បរទេសណា​មួយ​ ដែល​មាន​លក្ខណៈជា​បុគ្គល​ប្រជាធិបតេយ្យ​ជ្រុល​និយម និង​ប្រកា​ន់​ខ្ជាប់​នូវ​គំ​និត​​អស្មិមានៈ គ្មាន​គោរព​ច្បាប់​ទម្លាប់ និង​គ្មាន​នូវ​​ទស្សនវិស័យ​នយោបាយ​វែង​ឆ្ងាយ​នោះ​ឡើយ។

ការ​ធ្វើ​អាជី​វកម្មនយោបាយ តាម​ភាព​ច្រឡោង​ខាម​ដែល​បង្ហាញ​ពី​ការ​ដើរផ្ទុយពី​ផល​ប្រយោជន៍​​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោតនោះ ​គឺ​សម្លេង​នៃ​ការ​ចង់សម្លាប់​ប្រជាពល​រដ្ឋខ្លួន​ឯង តាម​រយៈការប្រកូក​ប្រកាសឱ្យ​ប្រទេសម្ចាស់​ជំ​នួយ​ផ្តាច់​ជំ​នួយ​សម្រា​ប់ការ​អភិវឌ្ឍន៍នានា ក្នុង​ខណៈដែល​ប្រជាពល​រដ្ឋ​ខ្លួន​ឯង​កំ​ពុង​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​ទឹក​ជំ​នន់​ដ៏ធ្ងន់​ធ្ងរ។ លើសពី​នេះ​ទៅ​ទៀត មេបក្ស​ប្រឆាំង​ហាក់​ដូច​ជា​មិន​ខ្វល់​សូម្បី​តែ​បន្តិចសោះ​ឡើយ ​អំពី​កង្វល់​ជាក់​ស្តែង​របស់​ប្រជាពល​រដ្ឋ​ក្នុង​ជី​វភាព​ប្រចាំ​ថ្ងៃ​ គឺគិត​តែ​​ពី​​ការ​ញុះ​ញុងឱ្យ​ប្រជាពល​រដ្ឋចូល​រួម​ធ្វើ​មហាបាតុ​កម្មម្តង​ហើយ​ ម្តងទៀត ​ដើម្បី​តែបំ​រើ​មហិច្ឆិតារបស់​ក្រុម​ខ្លួន​ ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេថែម​ទាំង​ធ្វើ​សកម្ម​ភាព​រំ​ខាន ដើរ​គោះ​​ទ្វារ​ប្រទេស​ដ៏ទៃ​ឱ្យ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ រំ​លោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា​ថែម​​ទៀត​ផង​​។

ដូច្នេះ ការ​ប្រកាសរំ​លាយ​ស្ថាប័ន​ គ.ជ.ប ដោយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​សបញ្ជាក់​ឱ្យឃើញ​ថា គណបក្ស​ប្រឆាំងមួយនេះ បាន​​យក​រដ្ឋធម្មនុញ្ញដាក់ក្រោម​បាតជើង ពីព្រោះ​ គជប បាន​បង្កើត​ឡើង​ដោយ​រដ្ឋសភា មិន​មែន​កើតចេញ​ពី​​ក្រុម​អានាធិបតេយ្យដូច​គណបក្ស​ប្រឆាំងដែលប្រកា​ន់​ទម្លាប់អនុវត្តតាម​​ច្បាប់​ព្រៃ​នោះទេ។ គណបក្សប្រឆាំង​ ល្មមដល់​ពេល​បញ្ចប់​ទៅនូវទង្វើ​ភូត​កុហក បោក​ប្រាស់​ប្រជារាស្ត្រ​ ដែល​​នាំ​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ និងធ្វើ​ឱ្យមាន​ភាព​​ វឹក​វរ កាឡាហល​នោះ៕

អត្ថបទដោយ​៖ សុខ សំ​ណាង