Monday, October 28, 2013

សម្តេច​តេជោ​ផ្តល់​​អនុសាសន៍​ឲ្យ​ក្រុមហ៊ុន​​មក​​ពី​ខេត្ត​​សានទុង​វិនិយោគ​មូល​ដ្ឋាន​ផលិត សម្រាប់​កែច្នៃ​នាំចេញ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៣ បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​មក​ពី​ខេត្ត​សាន​ទុង នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិនវិនិយោគ​ទៅលើ​មូលដ្ឋាន​ផលិត​សម្រាប់​កែច្នៃ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​វិញ​។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ដឹង​។

នៅក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ខេត្ត​សាង​ទុង ដឹកនាំ​ដោយ​លោក វ៉ាង ជុន​នី​ន ( Wang Junnin) អនុ​លេខា​បក្ស​ខេត្ត​សាន​ទុង ចូលជួប​សំដែង​ការគួរសម និងពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ាង សុផល្លែត ​បាន​ឲ្យ​ដឹងថា ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ទទួល​ស្គាល់​ថា កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​វិនិយោគ​ជាមួយ​ខេត្តកំពត គឺជា​ដំណើរការ​ដ៏​ត្រឹមត្រូវ​មួយហើយ តែ​សម្តេច​តេជោ​បានផ្តល់ជា​អនុសា​សន៍​ឲ្យ​ប្រតិ​ភូវិនិយោគិនខេត្ត​សាង​ទុងដឹកនាំ​ដោយ​ឯកឧត្តម វ៉ាង ជុន​នី​ន មិនគួរ​គិតតែ​សហការ​ជាមួ​យ​នឹង​កសិដ្ឋាន​ទេ គឺ​ត្រូវ​យកចិត្តទុកដាក់​ជាមួយនឹង​ការដាំដុះ​របស់​ប្រជាជន និង​បរិស្ថាន​ទាំង​មូល​ផងដែរ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា នៅ​កម្ពុជា​បញ្ហា​ទីផ្សារ​មិនជា​ក់លាក់ គឺ​មិនមាន​អ្នកទិញ​និង​អ្នក​កែច្នៃ​។ ក្នុងន័យនេះ​សម្តេច​តេ​ជោ​បាន​ស្នើឱ្យ​ប្រតិភូ​ទាំងមូល​ពិនិត្យមើល​លទ្ធភាព ដ៏ទៃទៀត ដែល​អាច​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន ហើយ​ធ្វើការ​កែច្នៃ​ដើម្បី​នាំទៅ​ប្រទេ​ស​ចិន​ព្រោះថា តាម​កម្មវិធី​ទទួលផល​ដើមរដូវ​របស់​អាស៊ាន​-​ចិន គឺ​កំពុងតែ​ផ្តល់នូវ​ភាព​អនុ​គ្រោះ​រហូតដល់​ទៅ ៩៥ ភាគរយ​នៃ​បន្ទាត់​ពន្ធគយ​។

ឯកឧត្តម វ៉ាង ជុន​នី​ន បាន​ជំរាប​សម្តេច​តេ​ជោ​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ មកកាន់​កម្ពុជា ហើយ​ទិសដៅ​របស់ឯកឧត្តមមកកាន់​កម្ពុជា​នាពេលនេះ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ចិន និងកម្ពុជា ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ស្របតាម​សេចក្តីសំរេច​របស់​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំងពីរ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ​។

ឯកឧត្តម វ៉ាង ជុន​នី​ន បាន​មានប្រសាសន៍ឲ្យ​ដឹងថា ឯកឧត្តម​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​កំពតដោយបាន​ពិភាក្សា និង​ចុះ​អនុស្សារណៈ​រវាង​ខេត្តកំពត និង​ខេត្ត​សាន​ទុង ព្រមទាំង​បាន​ពិនិត្យមើល​លើ​ការសិក្សា​គម្រោង​ដាំ​ម្រេច និង​ធូ​រ៉េ​ននៅ​ខេត្តកំពត និង​បានធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​ខេត្តសៀមរាប និងបាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដោយ​សង្ឃឹមថា គឺ​ធ្វើយ៉ាងណា​ជំរុញ​អ្នកទេសចរ​ប្រជាជន​ចិននៅ​ខេត្ត​សាង​ទុងឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។

ឯកឧត្តម វ៉ាង ជុន​នី​ន បាន​ជំរាប​សម្តេចតេជោ​ថា សព្វថ្ងៃនេះ​ក្រុមហ៊ុន​ដែល​មកពី​ខេត្ត​សាន​ទុងមាន​ចំនួន៦៨ ក្រុមហ៊ុន​ កំពុង​អនុវត្ត និង​ធ្វើ​គម្រោង​ចំនួន៦៨ គំរោង​។ ​ឯកឧត្តម វ៉ាង ជុន​នីន បាន​គោរព​សុំ​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ឱ្យ​គាំទ្រ​លើ​គម្រោង​ទាំងឡាយ​ដែល​អ្នក​វិនិ​យោគ​មកពី​ខេត្ត​សាន​ទុង កំពុងតែ​វិនិយោគពង្រីក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

សារ​លិខិត​ថ្វាយ​ព្រះពរ របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី៩ នៃការ​យាង​គ្រងព្រះបរម​សិរី​រាជ​សម្បត្តិ


សារ​លិខិត​ថ្វាយ​ព្រះពរ របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ក្រាប​បង្គុំ​ទូល​ថ្វាយ ព្រះករុណា​​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី៩ នៃការ​យាង​គ្រងព្រះបរម​សិរី​រាជ​សម្បត្តិ