Wednesday, October 30, 2013

បទអត្ថាធិប្បាយ៖ គណបក្សប្រឆាំងត្រូវមានចិត្តជាអ្នកកីទ្បា

អត្តបទដោយ: ឧត្តម សក្តិ
https://mail.google.com/mail/u/0/images/cleardot.gif


 ពាក្យចាស់បានពោលថា (បើលេងកុំខ្លាចចាញ់ បើខ្លាចចាញ់កុំលេង) សុភាសិតនេះ មានន័យ ខ្លឹមសារអប់រំក្រើនរម្លឹកដល់​មនុ​ស្ស​គ្រប់​រូប​ ឲ្យ​ចេះ​មាន​ការ​ទទួ​ល​ខុស​ត្រូវ​ចំ​ពោះ​​ទង្វើ និងសកម្មភាព របស់ខ្លួន ហើយហ៊ានទទួលយកនូវការពិត។

យ៉ាងណាមិញ គណបក្ស​ប្រ​ឆាំ​ង​នៅកម្ពុជា ដោយដឹងថា ខ្លួននឹងចាញ់រួចជាស្រេចទៅ ហើយ​នោះ ពួក​គេបា​ន​រៀ​ប​ចំ​ឧបាយកល​ទុច្ចរិត​នានា​ ក្នុង​ការ​ចោទ​ប្រកាន់​ទៅលើ​នីតិ​វិធី​នៃការ​បោះ​ឆ្នោត និងល្បិច​កល​ក្នុង​ការ​បដិសេធ​លទ្ធ​ផល​នៃ​​ការ​បោះឆ្នោត តាំង​តែ​ពី​ដំណាក់​កាល​មុនការ​បោះឆ្នោត ​ពេល​យុទ្ធ​នាការ ​និងក្រោយ​ពេល​បោះឆ្នោត រួមទាំងការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ ដោយ​​គណៈកម្មាធិការ​ជាតិ​​រៀបចំការ​បោះឆ្នោតមកម្ល៉េះ។ ក្នុង​ន័យនេះ គណបក្ស​សង្រ្គោះ​ជាតិ មិ​ន​​បាន​ធ្វើ​ចិត្ត​ជា​អ្នក​កីឡាទេ​ ដោយ​ខ្លួន​ចាញ់​ឆ្នោតហើយ មិន​ព្រម​ទទួល​ស្គាល់ការ​ពិត។  បើ​តាំ​ង​ខ្លួ​ន​ជាអ្នកកីទ្បាមែន​នោះ​ គួរគប្បី​ហ៊ាន​ទ​ទួល​ស្គា​ល់ពី​លទ្ធ​ផល​នៃ​ការ​បរា​ជ័​យ​រប​ស់​ខ្លួន?

នរណាក៏បានដឹងដែរថា ភាព​ត្រឹម​ត្រូវ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត ក្នុង​អាណត្តិ​ទី​ ៥​ នេះ គឺ​គណបក្ស​​ប្រជាជន​កម្ពុជា​បាន​ទទួល ៦៨​ អាសនៈ និង​គណបក្ស​សង្រ្គោះជាតិ ទទួល​បាន​តែ​ ៥៥​អា​ស​នៈ​​តែ​ប៉ុណ្ណោះ។  ប៉ុន្ដែ ​គណបក្ស​សង្រ្គោះ​ជាតិ​មិនត្រឹ​មតែ​មិន​ទទួ​ល​ស្គា​ល់​លទ្ធ​ផ​ល​រប​ស់​ខ្លួន​ប៉ុ​ណ្ណោះ​​ទេ ពួកគេថែមទាំងបាននិយាយ​បំផ្លើស​បោកបញ្ឆោតប្រជាពលរដ្ឋថា បក្ស​ខ្លួន​ជាអ្ន​ក​ឈ្នះ​ទទួលបាន​ម្ដង​ថា ៦៣ អាសនៈ ម្ដងថា ៧៣ អាសនៈ និងម្ដង​ថា ៧៦ ​អាសនៈ ដែល​គ្មាន​​អ្វី​ជា​​មូលដ្ឋានច្បាស់​លាស់​សោះ​​ឡើយ។

ដោយសំអាងលើលទ្ធផលដែលកើតចេញពីអំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុហក និង​បំភា​​ន់​​​សាធា​រ​ណៈ​​​​មតិ គណបក្សសង្រ្គោះជាតិបានដឹកនាំធ្វើមហា​បាតុ​កម្មមិនបានផល ជាច្រើនលើក​កន្លងមកហើយ ដើម្បីទាមទារឲ្យមានការបង្កើ​ត​គ​ណៈ​ក​ម្មការ​​ឯករាជ្យដោះស្រាយភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត ក្រោមលេសរកយុត្តិធម៏ជូនម្ចាស់ឆ្នោតស្អីគេនោះ។

ក្រោយ​ពី​​​ការ​ប្រមូ​ល​ផ្តុំ​ទាមទារមិនបានទទួលផលកន្លងមក ចល​នា​ថ្មីមួ​យ​ទៀ​ត​ រប​ស់​​មេ​ដឹក​នាំ​គណបក្ស​ជំទាស់ គឺការ​បញ្ជូន​ញត្តិ ​ដាក់​ជូន​មេដឹកនាំ​ពិភពលោក​ តាម​រយៈ​ស្ថានទូត​របស់​បណ្តាប្រទេស​មួយ​ចំ​នួន និង​ផ្ញើ​ស្នាម​មេដៃ​ដែល​គ្មាន​តម្លៃ​គតិយុត្តិប្រមាណជាង​ ២ លាន​ស្នាម​មេដៃ ​ទៅ​កាន់ ​លោក​អគ្គលេខាធិការ ​អ.ស.ប.​ បាន គី​មូ​ន ​ ​ក្នុងគោលបំណង​ឲ្យប្រទេស​ទាំងអស់​នោះ​ ដាក់សម្ពាធលើរាជរដ្ឋាភិបាលស្រប​ច្បាប់​ដឹក​នាំ​ដោយ​សម្តេច​តជោ ហ៊ុន សែន​។ ក៏ប៉ុន្តែ សកម្ម​ភាព​របស់បក្សប្រឆាំង ត្រូវបានក្រុមអ្នកវិភាគនយោបាយវាយតម្លៃ​ថា កា​រ​ធ្វើមហាបាតុកម្ម​នោះ​ ពុំមានប្រសិទ្ធភាពទេ ព្រោះគណប​ក្ស​ប្រ​ជា​ជ​នកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត បានបង្កើត​រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល​របស់​ជាតិ​រួចទៅហើយ។

ការតវ៉ារ​បស់គ​ណ​ប​​ក្សសង្រ្គោះជាតិ គ្រាន់តែជាការចំណាយពេលវេលាឥតប្រយោជន៍ និង​បង្កើតនូវភាពអនាធិបតេយ្យ បង្កចលាចលសង្គម រំខានដល់ដំណើរនៃសង្វាក់​ផលិតកម្ម​របស់​ប្រជាពលរដ្ឋ បង្អាក់ការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។

ធម្មា​នុរូ​ប​ភា​ព​រប​ស់​កម្ពុជា គឺស្ថិតនៅលើតម្លៃនៃសន្លឹកឆ្នោតដែលកើតពីឆន្ទៈប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ ហើយ​បាន​បង្កើ​ត​ឲ្យ​មា​នរា​ជ​រដ្ឋា​ភិ​បា​ល​ស្រ​ប​ច្បាប់មួយ​ មិនមែនស្ថិត​នៅលើស្នាម​មេដៃ​បែបអនាធិបតេយ្យដែលមិនមានទម្ងន់ផ្លូវច្បាប់ ហើយ​អង្គ​ការ​ស​ហ​ប្រ​ជា​ជា​តិ និងបណ្តា​ប្រទេ​សមហាអំណាចនៅ​លើពិភពលោក មិន​មាន​សិទ្ធិណា​មួយ​ក្នុង​ការ​ដោះស្រាយបញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត តាមរយៈ​ស្នាម​មេដៃ​នោះ​ទេ ពី​ព្រោះ​វា​ ជា​អធិបតេយ្យភាព​ នៃ​រដ្ឋ​ឯករាជ​របស់​កម្ពុជា​។​ ជា​ពិសេសជាងនេះទៅទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងមេដឹកនាំ​នៃបណ្តាប្រទេសធំៗមួយចំនួន ដូចជា ចិន​ រុស្សី បារាំង ឥណ្ឌា​និង​អូស្រ្តាលី​ជាដើម បានគាំទ្រ​រួច​ជា​ស្រេចហើយ តាម​រយៈសារលិខិត​អប​អរ​សាទរចំ​ពោះ​រាជរ​ដ្ឋា​ភិ​បាល​ថ្មី​ ដែល​មាន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ក្នុង​ដំ​ណាក់​កាល​នេះ ជំរើសតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដែល​អាចចូល​រួម​​បំ​រើ​​​ប្រជាពល​រដ្ឋបាន​នោះ គឺការ​ងាក​មក​គោរព​ច្បាប់​ និង​បំ​ពេញ​កាតព្វ​កិច្ច​ជា​អ្នក​តំ​ណាង​រាស្ត្រ និង​ត្រូវតែទទួលស្គាល់ការពិត គឺ​គួរគប្បី​ចាប់យកអាសនៈដែលខ្លួនទទួលបានក្នុងអង្គសភា មិនគួរ​ធ្វើខ្លួនជាតំណាងរាស្រ្តទំនើង ដើរស្រែក​ឡូឡាតាមចិញ្ចើមផ្លូវ តាម​ទីសាធារណៈ បង្កើត​ភាព​ភយ័​ខ្លាចដល់ប្រជាពលរដ្ឋ ទើប​ហៅ​ថា ជា​ក្រុម​អ្នក​ស្នេហាជាតិ​នោះ​ទេ​។    មានន័យថា ក្រុម​មេដឹក​នាំ​គ​ណ​​បក្ស​សង្រ្គោះជាតិត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោត  តាមចំ​នួន​អាសនៈ៥៥ ដែល​ ប្រជា​ពលរដ្ឋបាន​ផ្តល់​ជូន និង​​មិ​ន​​ត្រូ​វបង្កើន​ល្បឿន​ធ្វើសកម្មភាព​ខុសច្បាប់បន្ថែម​ទៀត​​ ដើម្បី​តែបំ​រើ​ផលប្រយោជន៍ និងអំណាច តាមមហិច្ឆតារបស់ខ្លួននោះ​ទេ  គឺ​គួរ​ត្រូវហ៊ាន​ធ្វើចិត្ត​ជា អ្នកកីទ្បា


ម៉្យាង​វិញ​ទៀត​ ប្រសិនបើអ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រឆាំងទាំង​៥៥រូប​ នៅ​​តែបន្ត​ធ្វើ​ការងារ​​​ក្រៅ​ច្បាប់​ និង​ក្រៅ​របង​រដ្ឋ​សភា មិនព្រម​ចូលស្បថ ចូល​ប្រជុំសភា​ទេនោះ​ សង្ឃឹមថា តំណាង​​​រាស្រ្ត​គណ​បក្ស​ប្រឆាំ​ង​ក៏​មិន​ត្រូវ​ទាម​ទារ​ប្រា​ក់​ខែ​រម្លឹកក្នុង​១ខែ​ៗប្រមាណ​២ពាន់​ដុល្លារ​អាមេ​រិក​ ​ខណៈ​ ដែលខ្លួ​នមិនបា​នបំពេ​ញកាតព្វ​កិច្ចជាអ្នក​តំណាង​រាស្រ្តនា​ពេលក​ន្លង​ម​ក​នោះ​​​ទេ​៕