Thursday, October 31, 2013

Is the Royal Government of the Fifth Mandate Really Illegitimate





បទ​អត្ថា​ធិប្បាយ៖ ការ​ប៉ុន​ប៉ង​បំផ្លិច​បំផ្លាញ​សេដ្ឋ​កិច្ច​ជាតិ គឺជា​នយោ​បាយ​អត្ត​ឃាត​ខ្លួនឯង

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហមួយរបស់ខ្លួនដែលធ្វើឲ្យមតិជាតិ និង អន្តរជាតិ មានការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ មិនគួរគណបក្សនេះ ហ៊ានសម្រេចចិត្តបែបនេះ ដែល​ផ្ទុយ​ពី​បំណង​ប្រាថ្នា​ជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

គោលដៅរបស់បក្សប្រឆាំង នៃការបញ្ជាក់ជំហរចំពោះប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគ គឺជា​ការ​ប៉ុនប៉ងបង្វែរការចាប់អារម្មណ៍របស់ស្ថាប័នទាំងនោះ ឲ្យផ្អាកសកម្មភាពផ្តល់ជំនួយ និង ការវិនិយោគរបស់ពួកគេ នៅ​កម្ពុជា នៅពេលដែលសកម្មភាពនយោបាយរបស់បក្សប្រឆាំង នាពេលកន្លងមក ទាំងការធ្វើបាតុកម្ម សមាជ​គណ​បក្ស (នៅទីលានប្រជាធិបតេយ្យ) និង ការប្រមូលស្នាមមេដៃអ្នកគាំទ្រខ្លួន ទទួលបរាជ័យ គ្មាន​ប្រសិទ្ធ​ភាព​ណា​មួយ​មក​លើ​រាជរដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជាគ្មានការគាំទ្រពីអន្តរជាតិនោះ។
ជម្រើសចុងក្រោយរបស់ពួកគេ គឺការ​ចាប់​យក​សេដ្ឋកិច្ចជាតិ មកចោទជាបញ្ហា ដោយពួកគេយល់ថា ជា​អាវុធ​នយោ​បាយ​​មួយ អាចបង្កចលាចលសេដ្ឋកិច្ច សង្គម ដោយជំរុញឲ្យទំនិញឡើងថ្លៃ ប្រាក់រៀលចុះថ្លៃ លទ្ធភាព​របស់​រដ្ឋ​ក្នុង​ការ​បន្ត​​សាងសង់ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប្រព័ន្ធស្រោចស្រប់។ល។ ជាពិសេសបច្ចុប្បន្ន កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​​លំបាក នៅក្រោយពេលទឹកជំនន់ដែលប៉ះពាល់ដល់អាយុជីវិត និង ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដោយ​ផ្ទាល់ និង ដោយប្រយោល ប្រមាណ១៥ ខេត្ត។ អំពើនេះ ប្រទេសខ្លះ គេ​ចាត់​ទុក​ថា​ជា​អំពើ​ក្បត់​សេដ្ឋ​កិច្ច​ជាតិ​ទៅ​ហើយ ដែលអាចចោទប្រកាន់ឲ្យមានទោសគុកអស់មួយជីវិត ឬក៏ទោសប្រហារជីវិត។

តើជម្រើសនេះ មានផលអ្វីខ្លះ មកលើសង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរ? ប្រសិនបើល្បិចកលនយោបាយនេះ បាន​សម្រេច​នោះ មិនមែនរាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់នោះឡើយ គឺប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​នោះទេ ដោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជួបប្រទះការលំបាក់ជីវភាពប្រចាំថ្ងៃ ប្រជាជនគ្មានការងារធ្វើ ផលិត​ផលកសិកម្ម ស្រូវអង្ករ ពោតសណ្តែក ដំឡូងមី សិប្បកម្ម សេវាកម្ម ឧស្សាហកម្ម គ្មានទីផ្សា ដែលប្រជាជន ជាអ្នក​ចាញ់ទៅវិញ គឺចាញ់ប្រកបដោយមហន្តរាយបំផុត មិនមែនគណបក្សប្រឆាំង ដែលកំពុងតែចាញ់នោះទេ។

ជម្រើសនេះ មានចេតនា ទី១ ធ្វើឲ្យបរទេសមួយចំនួនដែលស្គាល់កម្ពុជា មិនច្បាស់នោះ យល់ថា មានបញ្ហា ដែល​ជា​ហេតុ​នាំឲ្យប្រឡាក់ដល់ភាពស្របច្បាប់របស់រដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ ធ្វើ​ឲ្យ​ប្រ​ជា​ជន ដកសេចក្តីទុកចិត្តលើរាជររដ្ឋាភិបាល និង រដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

ក៏ប៉ុន្តែជម្រើសនយោបាយរបស់បក្សប្រឆាំង គឺកំពុងដើរផ្ទុយពីបំណងប្រាថ្នាជាក់ស្តែង និង ជាមូលដ្ឋាន របស់​ប្រជា​ពល​រដ្ឋខ្មែរ ដែលចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សា​ធារ​ណៈ ពោលគឺចង់ឲ្យមានទីផ្សារលក់ផលិតផលកសិកម្ម ឲ្យបានកាន់ទូលំទូលាយថែមទៀត ស្ថាន​ភាព​តម្លៃគ្​រឿង​ឧប​ភោគ​បរិភោគ មានតម្លៃថោកសមរម្យ និង កាត់បន្ថយអត្រាអតិផរណា ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ហើយ​ជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកែលំអរ ដែលទាំងអស់នេះ គឺ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ដឹក​នាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាបន្តនិរន្តរភាពនៃភាពល្អប្រសើរ និង ភាព​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​សង្គ​មក​ម្ពុជា។

ជាងនេះទៅទៀត បណ្តាប្រទេស ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគទាំងនោះ បាន​យល់​យ៉ាង​ច្បាស់​អំពី​ភាព​ស្រប​ច្បាប់នៃរដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំណងផ្លូវច្បាប់អន្តរជាតិ ដែល​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាលនៅក្នុងអាណត្តិបន្តបន្ទាប់ មានកាតព្វកិច្ចត្រូវតែគោរពជាដាច់ខាត មិនអាចប្រកែកបាន ពី​ព្រោះ​ប្រជាពល​រដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើរតួនាទី និង ប្រើ​សិទ្ធិ​អំណាច​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ត្រួត​​​ពិនិត្យរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល នៅក្នុងអំណាចនីតិបញ្ញត្តិ គឺរដ្ឋសភា និង ព្រឹទ្ធសភា មិន​មែន​តាម​រយៈ​ការ​អំពាវ​នាវបែបនេះឡើយ។

ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការមិនទទួលស្គាល់ និង ការពិនិត្យសើរើកិច្ចសន្យា កិច្ចព្រមពៀងវិនិយោគ ក៏ដូចជាការផ្តល់បា្រក់កម្ចីវិនិយោគនានា របស់រាជរដ្ឋាភិបាល គឺជាអំពើក្បត់សេដ្ឋកិច្ចជាតិ ជាការ​សម្លាប់​ប្រជាជន​ខ្មែរ​ទាំង​មូល រួមទាំងសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរបស់ខ្លួនផងដែរ។

ម្យ៉ាងទៀត ជម្រើសនយោបាយបែបនេះ គឺបានឆ្លុះបញ្ចាំងនូវភាពទល់ច្រកផង នូវចរិតនយោបាយផង និង ប្រៀប​បាន​ទៅ​នឹង​ចលនាជំរុញដល់នយោបាយអត្តឃាត នៅពេលដែលគណបក្សនេះ មិនអាចឆ្លើយតបបាន ទៅនឹង​ការ​សន្យា​របស់​ខ្លួន​ចំពោះម្ចាស់ឆ្នោត។
ដោយ ស្វាយ សុវណ្ណរិទ្ធ