Friday, November 8, 2013

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពីលទ្ធផល នៃកា​រ​​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​​ ថ្ងៃទី ០៨​ ខែ វិច្ឆិកា ឆ្នាំ ២០១៣




បទអត្ថាធិប្បាយ៖ ការ​ដាក់​ឱសានវាទ លើអ្នក​ឈ្នះ​​ នៅ​ពេលដែល ​បក្សរបស់​​ខ្លួនកំ​ពុង​ទន់​ខ្សោយ

គឺជាការ​ខុសឆ្គង​បំ​ផុតសម្រាប់​អ្នក​នយោបាយប្រឆាំង​នៅ​កម្ពុជា​ នៅ​ពេល​ដែល​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​គេដឹង​ថា កំ​ពុង​​​ទន់​​ខ្សោយ  តែបែ​រ​ជា​ព្រហ៊ើន​ប្រើពាក្យ​ « ដាក់ឱសាទវាទ » មក​លើ​​​គណ​បក្ស​ទទួលសម្លេងភាគច្រើន ( គណបក្ស​ប្រជាជន​កម្ពុជា)ដែលជា​ដៃគូចរចាដ៏មាន​ប្រៀប​នោះ។
  
បច្ចុប្បន្ន បញ្ហារបស់​គណបក្ស​ប្រឆាំងដែល​បដិសេធមិន​ចូល​ប្រជុំ​សភា និង​ព្យាយាម​បង្កើត​​​ហេតុផល​ផ្សេង​ៗបន្លំ​ភ្នែក​គេឯង​ថា កម្ពុជា​កំ​ពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយនោះ វាមិន​មែន​ជា​​ទឡ្ហី​ករណ៍សច្ចៈ ​ក្នុង​ការ​បង្ខំ​ឱ្យ​ម្ចាស់​ឆ្នោត​ជឿតាម​បាន​នោះ​ឡើយ។ 

គេបាន​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជាដែល​ឈ្នះ​ឆ្នោត និង​គណបក្សសង្គ្រោះ​ជាតិ​ ជា​បក្ស​​​ចាញ់​ឆ្នោត បានជួប​ប្រជុំ​គ្នា​ចំ​នួន​៣លើក​រួច​មក​ហើយ ក្នុង​នោះ​មាន​ទាំង​ចំ​ពោះ​ព្រះ​ភ័ក្រ​ព្រះ​មហាក្សត្រគង់​ជា​អាជ្ញាកណ្តាល ការ​ជួប​ចរចាផ្ទាល់​រវាងមេដឹក​នាំ​គណបក្ស​ទាំង​ពីរនៅ​រដ្ឋសភា និង​​ចុង​ក្រោយ​នេះ ការជួប​គ្នា​រវាង​ក្រុម​ការងារ​បច្ចេក​ទេស។ 

ជំ​នួបជា​​បន្ត​បន្ទាប់​កន្លង​មក​នេះ ជា​ពិសេស ជំ​នួប​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ ចំ​នុចទី​១ គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​គោរព​ និង​អនុវត្តដោយ​ហ្មត់​ចត់​តាម​ព្រះ​រាជ​សារ​របស់​​ព្រះ​មហាក្សត្រ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ដែល​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​ប្រកាន់​យក​ប្រពៃ​ណី​អហិង្សា ខិត​ខំ​យោគ​យល់គ្នា​ អត់ធ្មត់​ជា​អតិបរិមា​ដើម្បី​បញ្ចៀសអស្ថិរភាព​នៃ​ជាតិ​ រក្សាភាព​ថ្លៃ​ថ្នូរ និង​ស្ងាត់​ស្ងៀម​ និង​ខំ​ប្រឹង​រក​ដំ​ណោះ​ស្រាយ​បញ្ហាជាតិ​ទាំង​អស់​គ្នា​។ ចំ​នុចទី​២ ភាគី​ទាំង​ពីរព្រម​ព្រៀង​​គ្នា​ នឹង​បង្កើត​យន្តការមួយ​ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ និង​ចំ​នុចទី​៣ ភាគី​ទាំងពីរនឹងបន្ត​ជួប​ចរចាគ្នា​តទៅ​ទៀត​តាម​គ្រប់​កម្រិត​ ដើម្បី​ដោះ​ស្រាយ​បញ្ហាជាតិ​។ 

បើ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​វិវត្តន៍ បន្ទាប់ពី​មាន​សេចក្តី​ប្រកាសរួមនៃជំ​នួប​កំ​ពូល​រវាង​គណ​បក្ស​​ទាំង​ពីរ តើ​គណបក្ស​ណា​មាន​សុឆន្ទៈពិត​ប្រាកដក្នុង​ការ​ដោះ​ស្រាយ​ ហើយ​គណបក្ស​ណា​និយម​ពង្រីកបញ្ហា​ និង​ដើរផ្ទុយ​ពី​សេចក្តី​ប្រកាសរួម​នោះ? 

វា​គ្មាន​អ្វី​ដែល​ពិបាកយល់​នោះ​ឡើយ ការប្រជុំ​ក្រុម​បច្ចេក​ទេសកាលពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ គឺ​ជាការ​​អនុវត្តនូវ​ការ​ឯកភាព​គ្នាតាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​លើក​មុន។ ចំ​ពោះ​គណបក្ស​ប្រជាជន​កម្ពុជាដែល​ឈ្នះ​ឆ្នោត ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​ បាន​ចាប់​យក​ការ​ឯកភាព​គ្នា​យក​មក​អនុវត្ត​ភ្លាម​ៗតាម​រយៈ​ការ​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​ ចុះ​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ​២០១៣ អំ​ពី​កិច្ច​ការ​ចាំ​បាច់​មួយ​ចំ​នួន​នៃ​ដំ​ណើរការ​កំ​ណែ​ទម្រង់​ការបោះ​ឆ្នោត​នាពេល​ខាង​មុខ ដោយ​បានប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​មហាផ្ទៃសម្រប​សម្រួល​រៀប​ចំ​សិក្ខាសាលាជាតិ​មួយ​ ដើម្បី​ប្រមែប្រមូល​មតិ​យោបល់​ និង​អនុសាសន៍​នានាពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ សំ​ដៅ​កសាង​ឱ្យ​បាន​នូវ​ក្រប​ខ័ណ្ឌកំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ស្រប​តាម​គោល​ការណ៍​​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​នីតិរដ្ឋ។ 

សិក្ខាសាលានេះ គ្រោង​នឹង​រៀប​ចំ​នៅ​មុន​ដំ​ណាច់​ឆ្នាំ​២០១៣ និង​មាន​ការ​ចូល​រួម​ពី​តំ​ណាង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ​ តំ​ណាង​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី តំ​ណាង​ខាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ តំ​ណាង​សង្គម​ស៊ី​វិល​ អង្គការ​អន្តរជាតិ​ ដៃ​គូអភិវឌ្ឍន៍​នានា ស្ថាប័ន​ និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​។ នេះ គឺជា​សុឆន្ទៈដ៏ច្បាស់​លាស់​ និង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ 

ចុះ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជាតិ បន្ទាប់​ពី​បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣? 

ចំ​លើយ​ បក្ស​ប្រឆាំង​ពិត​ជា​មិន​ទំ​នេរមែន​ គឺបាន​ប្រឹង​ប្រែង​ធ្វើ​គ្រប់​បែ​បយ៉ាងដោយ​ភាព​អានា​​​ធិបតេយ្យ​បំ​ផុត​នៅ​តាម​ដង​ផ្លូវ​ និងធ្វើ​​គ្រប់​សកម្ម​ភាព​ក្នុង​ការ​បំ​ពុល​បរិយាកាសសង្គម​ ក្នុង​នោះ​​រួម​មាន​៖ ការ​ដុត​បញ្ឆេះ​កំ​ហឹងប្រជាពល​រដ្ឋ​ឱ្យ​ចូល​រួម​ធ្វើ​មហាបាតុកម្ម​ ក្នុង​ពេល​ប្រជាពល​រដ្ឋ​កំ​ពុង​​រង​​គ្រោះ​​ដោយ​សារ​ទឹក​ជំ​នន់  ដើរល្បួង​ប្រជាពល​រដ្ឋ​ឱ្យ​ផ្តិត​ស្នាមមេដៃប្តឹង​ទៅ​បណ្តាស្ថានទូត​នានា​​​ប្រចាំ​​​នៅ​​​កម្ពុជា និង​ប្តឹង​ទៅ​ អ.​ស.ប ការ​ចេញ​លិខិត​ចំ​ហរ ដើម្បី​បង្អាក់​អ្នក​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ការ​ព្យាយាម​លើក​យក​ប្រធាន​បទ​នានាដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ប្រជុំ​រវាង​មេដឹក​នាំ​គណបក្ស​ទាំង​ពីរដែល​បាន​ឯកភាព​គ្នា​ បង្ក​នូវ​ភាព​តាន​តឹង​ថ្មី​ៗដ៏​សំ​បូរ​បែប​ ជា​ពិសេស ការ​ដាក់​ឱសាន​វាទ​ ដល់​គណបក្ស​ប្រជា​ជនកម្ពុជា​ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​មុខដ៏​សែន​​ឆ្ងាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចំ​ពោះ​ជាតិ​។ 

ល្បែង​នយោបាយ​របស់​បក្ស​ប្រឆាំង​ ដែល​ប៉ុនប៉ង​ចាប់​គណបក្ស​ឈ្នះ​ឆ្នោត​ ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​ គឺនឹង​ត្រូវ​សាប​ និង​អស់​ឥទ្ធិ​ពល​ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ ពោរពេញ​ទៅ​ដោយ​ការ​ភូត​កុហកជា​បន្ត​បន្ទាប់​ និង​មិន​ចេះ​អស់​មិន​ចេះ​ហើយ​។  

ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ មាន​តែ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ទេ ដែល​គួរតែ​ជា​អ្នក​ដាក់​ចេញ​នូវ​គោល​ការ​ណ៍​ដឹក​មុខក្នុង​ការ​ចរចា និង​ក៏​ត្រូវ​តែជា​អ្នក​ដាក់​ឱសាន​វាទ​ដល់​អ្នក​ចាញ់ និង​រឹង​រូស ហើយ​ក៏​មាន​តែ​អ្នក​ឈ្នះ​ផង​ដែរ គួរ​តែ​ជា​អ្នក​បញ្ចេញ​សាច់​ដុំ​តាម​រយៈអាវុធច្បាប់​ និង​កម្លាំង​បង្ក្រាប​ទៅ​លើ​ក្រុម​អានាធិបតេយ្យ​ នៅ​ពេល​ដែល​ភាគីម្ខាង​ទៀត​ចចេះ​ មានៈ ​មិន​ព្រម​អនុវត្តនូវ​គោល​ការ​ណ៍​ច្បាប់​​ និង​បង្ក​នូវ​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ​។ប៉ុន្តែ គេបាន​ដឹង​ថា គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បន្ទន់​ឥរិយាបថ​ច្រើន​ពេក​ហើយ​ ដើម្បី​លើក​កំ​ពស់​ការ​ឯកភាព​ជាតិ និង​មុខមាត់​របស់​ប្រទេស​  គឺ​មិន​មាន​ទម្លាប់ដូច​គណបក្ស​ប្រឆាំង ដែល​តែង​តែ​ ​បន្ទាប​បន្ថោក​ និងលាប​ពណ៌​ជាតិ​សាសន៍​ឯង​ឱ្យ​អន្តរជាតិ​ស្អប់​ខ្ពើម ឬ​លូក​ដៃ​កកូកកាយផ្ទៃ​ក្នុង​នោះ​ទេ។​  

ដូច្នេះ​ គណបក្ស​ប្រឆាំង ជា​បក្ស​ដែល​ចាញ់​ឆ្នោត​​ គួរ​គប្បី​ដឹង​ឱ្យ​ច្បាស់​ថា ខណៈនេះ ទង្វើ​បំ​ពាន​ច្បាប់​ណាមួយ​ដែល​ក្រុម​ បក្ខពួក​ខ្លួន​ មាន​ផែន​ការ​ធ្វើសកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ តាម​​​រយៈការ​ព្រមាន​ធ្វើ​មហាបាតុកម្ម​ ដោយ​ដាក់​ឱសាន​វាទ​ មកលើ​​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ គឺ​រាជ​រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​ ដើម្បី​ការ​ពាររដ្ឋ​ធម្មនុញ្ញ និងការពារ​​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ ជាពិសេស ការ​ពារឆន្ទៈប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​ដែល​បានបោះ​ឆ្នោត​​គាំ​ទ្រគណបក្ស​ប្រជាជនឱ្យ​​ទទួល​​បាន​សំ​ឡេង​ ៦៨ អាសនៈ​៕

ដោយ៖ រួម​ ជាតិ​

សេច​ក្តីអំពាវ​នាវ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា លេខ៣០ ស.ជ.ណ ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៣