Wednesday, November 20, 2013

សេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កន្លងមកថ្មីៗនេះ មានការចុះផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​លើ​សេ​ចក្តី​ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ជាពិសេស ពាក់ព័ន្ធ​នឹង​គម្រោង​ថវិកា​នៃ​ខ្ទង់​ចំណាយ​មិនទាន់បែងចែក ឬ ហៅម្យ៉ាងទៀតថា ជា ”ខ្ទង់ចំណាយផ្សេងៗ” របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការ​បក​ស្រាយ​បំភ្លឺជូន​សាធារណ​ជនជ្រាប​អំពី​គម្រោង​ថវិកា​នៃខ្ទង់​ចំណាយ​មិនទាន់បែងចែក ដូចតទៅ៖
ផ្អែកលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ រាជរដ្ឋាភិបាល​បាន​គ្រោង​ចំណាយ​នៅក្នុងខ្ទង់ចំណាយមិនទាន់បែងចែក មានចំនួន  ៦ ២២៤ ១៧៧ លានរៀល ស្មើនឹងប្រមាណ    ១ ៥៣៧ លានដុល្លារអាមេរិក ហើយត្រូវជាប្រមាណ ៤៥,៨% នៃចំណាយ​ថវិកាថ្នាក់ជាតិសរុប គឺកើន​ឡើង​ប្រមាណ ១០,៦% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១៣។ ជាក់ស្ដែង មួយ​ភាគ​ធំនៃ​ចំណាយ​មិន​ទាន់​បែង​ចែកនេះ មានមុខសញ្ញាអស់ហើយ រួមមាន៖ (១)- ចំណាយចរន្ដក្នុងការអនុវត្តគម្រោងចំនួន ១៥០ ០០០ លានរៀល (កញ្ចប់នេះមិនតម្រូវឲ្យបែងចែកជាមុនទេ ព្រោះជាថវិកាបដិភាគចរន្ដ ដែល​នឹង​ត្រូ​​វ​ប្រើ​ជាក់​ស្តែង​តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍ) (២)- សងការប្រាក់ទៅគេចំនួន ២៣០ ៨៧៧ លាន​រៀល(ឥណទាននេះមិនតម្រូវឲ្យមានការបែងចែកជាមុនទេ ព្រោះនឹង​ត្រូវអនុវត្ត​តាម​លក្ខ​ខណ្ឌ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង) (៣)-ឧបត្ថម្ភធនជូនរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ចំនួន ៣៧៥ ៣២៦ លាន​រៀល (៤)-បង្វិលសងអាករលើតម្លៃបន្ថែម (VAT) ចំនួន ៦០ ០០០ លានរៀល (ស្ថានបេសកកម្មការទូត អង្គការ​អន្ដរជាតិនានា សហគ្រាសនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស) (៥)- មូលនិធិថែទាំផ្លូវថ្នល់ ចំនួន ២៥០ ០០០ លានរៀល(កញ្ចប់ឥណទាននេះនឹងត្រូវផ្ទេរទៅឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ភ្លាមនៅដើមឆ្នាំ២០១៤ តាមរយៈអនុក្រឹត្យផ្ទេរឥណទាន) (៦)- ការងារអធិបតេយ្យភាពចំនួន ៥០ ០០០ លានរៀល (៧)- ឧបត្ថម្ភធនដល់អគ្គិសនីកម្ពុជាចំនួន ១៩២ ២៥០ លានរៀល (កញ្ចប់​ឥណ​ទាន​នេះ​មាន​តែ​អគ្គិ​សនី​កម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធិប្រើប្រាស់ គឺមិនអាចយកទៅប្រើក្នុងគោលដៅផ្សេងបានឡើយ) (៨)- ការទូ​ទាត់ប្រាក់កម្ចី ចំនួន ៣៣០ ៩២៤ លានរៀល (សង​ប្រាក់​ដើម​ទៅ​គេវិញ ដូចនេះ​មិន​ចាំ​បាច់​មាន​ការ​បែង​ចែក​​ជាមុនទេ ព្រោះនឹងត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀង) (៩)- ឲ្យអគ្គិសនី​កម្ពុជាខ្ចី​ចំនួន ៧៤ ៩២៥ លានរៀល (ដើម្បីឲ្យអគ្គិសនីកម្ពុជាយកទៅកសាងខ្សែបញ្ជូនអគ្គិសនីទៅកាន់តំបន់​ជន​បទ)​(១០)- បដិភាគវិនិយោគចំនួន ២៦៤ ០០០ លានរៀល (កញ្ចប់នេះមិនតម្រូវឲ្យបែងចែកជាមុនទេ ព្រោះ​​​ជាថវិកាបដិភាគមូលធន ដែលនឹងត្រូវប្រើជាក់ស្តែងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍ) (១១)- មូលនិធិទ្រទ្រងថវិកាដោយហិរញ្ញប្បទានក្រៅប្រទេសចំនួន ២៧០ ០០០ លានរៀល (ត្រូវ​បំពេញ​លក្ខ​ខណ្ឌស្របតាមកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍមុននឹងទទួលបានថវិកា ហើយបន្ទាប់ពីទទួលបានថវិកា ត្រូវមាន​ការពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍសិន មុននឹងចាយ) (១២)- ចំណាយមូលធនដោយ​ហិរញ្ញ​ប្ប​ទាន​ក្រៅប្រទេសចំនួន ៣ ៤៦០ ០០០ លានរៀល (ជាប្រភេទហិរញ្ញប្បទាន      ពីដៃគូអភិវឌ្ឍ ដែល​បានបែង​ចែក​ទៅតាមក្រសួង ស្ថាប័ន អស់ហើយ​ ស្របតាមកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍ)។
   
ដូចនេះ ជាសរុប ថវិកាមិនទាន់បែងចែកមានតែចំនួន ៥១៥ ៨៧៥ លានរៀល ប៉ុណ្ណោះ ស្មើ​ប្រ​មាណ៣,៨% នៃចំណាយថ្នាក់ជាតិសរុប ក្នុងនោះ (១)- ចំណាយវិនិយោគចំនួន ៤១៧ ០៧៥ លាន​រៀល ជាផ្នែកនៃឥណទានវិនិយោគសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវ​ថ្នល់ ស្ពាន ធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ សំណង់អាគារផ្សេងៗរបស់រដ្ឋ ។ល។ ដែល​ត្រូវ​ត្រៀម​បម្រុង​ទុកសម្រាប់អនុវត្តតាមកាលៈ-     ទេសៈចាំបាច់  រួមទាំងការខូចខាតដោយសារគ្រោះធម្មជាតិ និង (២)-ចំណាយចរន្ដត្រៀមបម្រុងចំនួន     ៩៨ ៨០០ លានរៀល គឺជា​ឥណ​ទាន​នៃ​ចំណាយ​ចរន្ត​​​សម្រាប់ប្រើប្រាស់ក្នុងគោលដៅនៃសេចក្ដីត្រូវការបន្ទាន់និងការចាំបាច់នានាជាយថាហេតុនានា រួម​​ទាំង​គោលដៅមនុស្សធម៌ គោលដៅដោះស្រាយផលវិបាកពីគ្រោះធម្មជាតិ និងសង្គម ក៏ដូច​ជា​ការ​ងារ​អធិបតេយ្យភាព និង សន្តិសុខជាតិផងដែរ។​

***************