Monday, December 9, 2013

សម្តេច​តេជោ​ជម្រុញ​ឲ្យ​រៀប​ចំ​បង្កើត​និង​កំណត់​ឧទ្យាន​ក្រោម​បាត​សមុទ្រ​កម្ពុជា

ថ្លែងនៅក្នុងមហាសន្និបាតលើកទី៩ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃប្រ ទេស CMLV និង​កិច្ច​ប្រជុំ​ក្រុម​ការងារ​មហា​អនុ​តំបន់​មេ​គង្គ (GMS) នៅ រមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍ ឲ្យមាន​ការ​សហការរៀបចំបង្កើត «ឧទ្យានក្រោមបាតសមុទ្រកម្ពុជា» ក្នុងពេលខាងមុខនោះ។
 
សម្តេចតេជោថ្លែងថា «ខ្ញុំ សូមស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រ​កម្ពុជា​សហកា​រ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​រៀប​ចំ បទដ្ឋានគតិយុត្តិបង្កើត និងកំណត់ «ឧទ្យានក្រោមសមុទ្រកម្ពុជា» នេះ។
 
ដោយឡែកសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ណែនាំថា ក្រសួង​ទេសចរណ៍​ត្រូវយក​ចិត្ត​ទុកដាក់​ទៅលើ​ការ​អភិវឌ្ឍ​ទេសចរណ៍​មុជក្រោមសមុទ្រ ដែលជាផលិតផលទេសចរណ៍កំពុងលេចធ្លោ និងគាំទ្រនូវរាល់គម្រោងនៃការអភិវឌ្ឍទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យនេះ ដូចជាការបង្កើត «ឧទ្យានក្រោមបាតសមុទ្រ» ជាដើមដើម្បីការពារ និងអភិរក្សធនធានចម្រុះធានា និរន្តរភាពប្រព័ន្ធអេកូឡូស៊ីក្រោមសមុទ្រ ចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ប្រជាជន ដែលអាស្រ័យផលពីធនធានធម្មជាតិទាំងនេះ ដោយគួរជ្រើសរើសយកតំបន់កោះរ៉ុង កោះរ៉ុងសន្លឹម និងតំបន់ជុំវិញឆ្នេរអូត្រេះ សម្រាប់ការអភិវឌ្ឍជំហានដំបូង។
 
សូមបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាតលើកទី៩ នេះ មានការចូលរួមពីគណៈប្រតិភូចំនួន ២៩ ឆ្នេរ មកពី១៨ ប្រទេស ដែ​លមា​ន​ចំនួន​សរុប​ប្រមាណ​១១០ រូប ក្នុងនោះឆ្នេរជាសមាជិកចំនួន ២៤ ឆ្នេរ។ ឆ្នេរជាសមាជិកថ្មីចំនួន១ (Sakarun) របស់ប្រទេស (Croatie)។ ឆ្នេរដាក់សុំបេក្ខភាពចំនួន៣ ឆ្នេរ (ឆ្នេរ Matsushima និងឆ្នេរ Toyama របស់ប្រទេសជប៉ុន ឆ្នេរ Nekour  Al hocema របស់ប្រទេស Morr Occo ឆ្នេរសង្កេតការណ៍១ ឆ្នេរ (ឆ្នេររបស់ប្រទេស Vanautu) ទទួលបានការអនុម័តក្នុងកិច្ចប្រជុំនេះ។
 
ទាក់ទងកិច្ចប្រជុំនេះ សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសង្ឃឹមមុតមាំថា កិច្ចពិភាក្សាក្នុងមហាសន្និបាតលើកទី៩ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេស CMLV និងកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គនឹងអាចទាញយកនូវទស្សនទានល្អៗបន្ថែមទៀត យកមកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំបទដ្ឋានគតិយុត្តិចាំ បាច់នានា ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ប្រកបដោយការទទួលខុសត្រូវ។ “ខ្ញុំរំពឹងថា អង្គមហាសន្និបាតនឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍បូកគោ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព នៅក្នុងថ្ងៃទី០៧ ខែធ្នូ នេះ”។
 
សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន ប្រសាសន៍កត់សម្គាល់ថា តាមរយៈនេះ កម្ពុជាកាន់តែមានលទ្ធភាពក្នុងការធ្វើពិពិធកម្ម និងបង្កើនការផ្សព្វផ្សាយ អំពីទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហការទេសចរណ៍ ក្នុងក្របខណ្ឌ CMLV និង GMS សំដៅសម្រេចបាននូវចក្ខុវិស័យរួមគ្នា ក្នុងការទាក់ទាញទេសចរណ៍អន្តរជាតិឲ្យបាន ២៥ លាននាក់មកកាន់ប្រទេស CMLV នៅឆ្នាំ២០១៥។
នៅឆ្នាំ២០១២ កន្លងទៅនេះ ចំនួនទេសចរអន្តរជាតិ ដែលមកទស្សនាតំបន់ឆ្នេរមានចំនួន ២ ៨០ ៦៥៨ នាក់កើន ឡើង ៤៥.៣% និងទេសចរក្នុងស្រុក ១ ៨២៧ ៩២៧ នាក់កើនឡើង ៨%ធៀបនឹងឆ្នាំ២០១១។ សម្រាប់រយៈពេល១០ខែ ដើមឆ្នាំ២០១៣ នេះចំនួនទេសចរអន្តរជាតិមកទស្សនាតំបន់ឆ្នេរ មានចំនួនប្រមាណ៤២ ម៉ឺននាក់កើនឡើង ៨៤.១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១២។ តាមការព្យាករណ៍នៅឆ្នាំ២០១៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចនឹង ទទួលបានទេសចរអន្តរជាតិចំនួន១ លាននាក់ និងឆ្នាំ២០២០ ទទួលបានប្រមាណ២ លាននាក់។
 
សម្តេចតជោមានប្រសាន៍ថា ដើម្បីឆ្លើយតបទៅនឹង​កំណើន​យ៉ាងឆាប់រហ័សនៃភ្ញៀវទេចរ និង​លើក​កម្ពស់​គុណភាព សេវាទេសចរណ៍ឲ្យស័ក្កិសមជា «ឆ្នេរសមុទ្រកម្ពុជាៈតារារះនាទិសនិរតី» ក្រសួង​ទេសចរណ៍​គួររៀបចំ​បង្កើត​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ជំនាញឆ្នេរសមុទ្រឲ្យបានឆាប់ ហើយ​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ចំពោះ​ទីភ្នាក់​ងារ​បារាំង​សម្រាប់ការអភិវឌ្ឍន៍ ដែល​កំពុង​សហការជា​មួយ​ក្រសួងទេសរណ៍ ក្នុងការ​បង្កើត​សាលា​បណ្តុះ​បណ្តាល នេះនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
 
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងពីជំហររាជរដ្ឋាភិបាលកម្ពុជាថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះនឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឲ្យការអភិរក្ស រីឯការអភិរក្សបម្រើឲ្យការអភិវឌ្ឍ»។ ខ្ញុំសូមថ្លែងនូវការគាំទ្រលើការពិភាក្សាលើប្រធានបទនៃមហាសន្និ បាតលើកទី ៩ ស្តីពី «សមុទ្រខៀវស្រងាត់ ទីក្រុងបៃតង» នេះ។ ខ្ញុំក៏នៅតែជំរុញដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ដែលនឹងនាំទៅដល់ការអភិវឌ្ឍជាទីក្រុងបៃតងតំបន់ បៃតង ការគ្រប់គ្រងដោយហ្មត់ចត់លើកាកសំណល់ ការប្រើប្រាស់ថាមពល ទឹក និង ការលើកកម្ពស់គុណភាពនៃសេវា ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់។
 
ឆ្នេរសមុទ្រកម្ពុជា (ប្រវែង ៤៤០គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តតំបន់ឆ្នេរទាំង៤ គឺខេត្តព្រះ សីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុង Toubacouta ប្រទេស Senagal ក្រោមឈ្មោះរួមតែមួយគឺឆ្នេរសមុទ្រកម្ពុជា។ 
 
សម្តេចតេជោ ហ៊ុន សែន  បានប្រសិទ្ធនាម«ឆ្នេរសុទ្រ កម្ពុជា៖តារារះនាទិសនិរតី»កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ ក្នុងពិធីប្រកាសជាផ្លូវការនៅក្រុងព្រះសីហនុ៕

បទអត្ថាធិប្បាយ៖ លទ្ធិប្រជាធិបតេយ្យមួយថ្មីទៀតរបស់អាមេរិកបន្ថែមសំរាប់ប្រជាជនកម្ពុជា

មកទៀតហើយ! មកទៀតហើយ! និងមានតទៅទៀត!

គ្មាននណាម្នាក់អាចតាមដាន តើប៉ុន្មានដងហើយដែលអ្នកនយោបាយអាមេរិកាំងនិយមស្តាំ ជ្រុលបានចេញបទបញ្ជាដល់ប្រជាជនកម្ពុជាអំពីថាតើប្រជាជនកម្ពុជាគួររៀបចំខ្លួនឯងយ៉ាងណា

តើពួគេចំណាយពេលវេលាសន្ធឹកសន្ធាប់បែបនេះដោយរបៀបណា? សមាជិកសភា និងព្រឹទ្ធភាអាមេរិកាំង សរុបមានតែ ៥៣៥ រូប ប៉ុណ្ណោះ ។ ពលរដ្ឋអាមេរិកាំងមានជាង ៣១៧ លាននាក់ ហើយសុខុមាលភាពរបស់ពលរដ្ឋទាំងនេះត្រូវសមាជិកសភាទាំងអស់ យកចិត្តទុកដាក់ ក្នុងនោះ ដោយមិនគិតពីប្រជាជនរាប់លាននាក់ទៀតដែលពុំមានសញ្ជាតិអាមេរិកកាំង ដែលត្រូវគេជាន់ឈ្លី និងនិរទេសចេញពីសហរដ្ឋអាមេរិក។ ជាសរុបមានន័យថា សមាជិកសភាម្នាក់ត្រូវមើលការខុស ត្រូវលើប្រជាពលរដ្ឋប្រមាណ ៥៩៣.០០០ នាក់ នេះមិនគិតពីសេវាត្រួតគ្នាផង

ដូច្នេះប្រសិនបើសមាជិកសភាជាមធ្យមមិនបានដេក ឬទទួលទានអាហារ ឬបញ្ជូនរូបភាព ក្រខ្វក់ចុះឡើងតាមហ្វេសប៊ុក ឬមិនធ្វើអ្វីផ្សេងក្រៅពីគិតអំពីពលរដ្ឋដែលខ្លួនតំណាង (មិនរាប់ ប្រជាជនមិនមែនពលរដ្ឋអាមេរិកដែលត្រូវនិរទេសខ្លួន) សមាជិកសភាជាមធ្យមក្នុងមួយឆ្នាំ​អាច លះបង់ពេលវេលា ៥៣ វិនាទី ប៉ុណ្ណោះសំរាប់ពលរដ្ឋម្នាក់ៗដែលខ្លួនតំណាង។

ក៏ប៉ុន្តែសមាជិកសភាខ្លះ ដូចជា លោក Ed Royce ជាដើម ដែលមូលដ្ឋាននៅរដ្ឋកាលីហ្វនីញ៉ា ដែលនៅក្នុងជួរបក្សសាធារណៈរដ្ឋនៅតែអាចរកពេលវេលាតាមដានស្ថានភាពសេដ្ឋកិច្ច និងនយោ- បាយនៅកម្ពុជា សិក្សាពីប្រវត្តិសាស្រ្ត អានរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដើម្បីជ្រមុជខ្លួនទៅក្នុង វប្បធម៌កម្ពុជា ដឹងពីប្រជាជនកម្ពុជា ដើម្បីអាចចេញបទបញ្ជាឲ្យប្រជាជនកម្ពុជាធ្វើអ្វីខ្លះ ដោយ លោក Royce មានជំនឿច្បាស់ថា គំនិតរបស់ខ្លួនអាចដោះស្រាយបញ្ហាទាំងអស់របស់កម្ពុជាបាន ដូចខ្លួនដោះស្រាយរាល់បញ្ហានានានៅសហរដ្ឋអាមេរិកអញ្ចឹងដែរ

តាមពិតទៅ អ្វីដែលខ្ញុំបានរៀបរាប់ខាងលើវាមិនអាចពិត ១០០% នោះទេ។ សមាជិកសភា អាមេរិកកាំងគ្រប់រូប មិនប្រាកដថា ខ្លួនធ្វើកិច្ចការទាំងឡាយដោយឯងនោះទេ ពួកគេមានមន្ត្រី ជំនួយការស៊ីប្រាក់ខែជាប្រចាំ ជួយពួកគេតាមដានអំពីតំរូវការរបស់ប្រជាពលរដ្ឋដែលពួកគេទទួល ខុសត្រូវប្រមាណ ៥៩៣.០០០នាក់ នោះ។ ម្យ៉ាងទៀត លោក Royce ក៏ត្រូវមានបុគ្គលិកមិន​អចិន្រ្តៃ​យ៍ ជាច្រើនរូបទៀត តែក៏ត្រូវបើកប្រាក់ខែយ៉ាងក្រាស់ក្រែលនៅប្រចាំការមូលដ្ឋាននៅរដ្ឋកាលីហ្វនីញ៉ា ផងដែរ

យោងទៅតាមអត្ថបទកាសែត Cambodia Daily  ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៣ Ed Royce បានជំនួយពីលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ទទួលបាននូវព័ត៌មានលំអៀង មួយ។ លោក Royce មិនបានឆ្លុះបញ្ចាំងការពិតពីលោក កឹម សុខា ទាល់តែសោះ ។ ដោយជឿ តាមលោក កឹម សុខា យ៉ាងនោះហើយ ទើបលោក  Ed Royce បានប្រកាសផ្សាយតាមកាសែតថាកម្ពុជាត្រូវការពិតប្រាកដគឺលោក ហ៊ុន សែន លាលែងតំណែងនាយករដ្ឋមន្រ្តី

ប្រសិនបើអ្នកគិតថា វាចម្លែកដែលមេដឹកនាំនៃគណបក្សឈ្នះឆ្នោតមិនត្រូវធ្វើនាយករដ្ឋមន្រ្តី នោះ ដោយសារអ្នកមិនយល់ពីលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។ នៅក្នុងការជួបជុំគ្នាមួយ នៅទីក្រុងឡុងបិច អ្វីដែល លោក Royce បាននិយាយនោះ ធ្វើឲ្យលោក កឹម សុខា សរសើរលោក Royce ណាស់ ពីព្រោះ “កឹម សុខា ចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិត ដូចពលរដ្ឋ អាមេរិកដែរ”។

នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដរបស់សហរដ្ឋអាមេរិក គណបក្សរបស់លោក Ed Royce គឺគណបក្សសាធារណៈរដ្ឋ ទទួលបានអសនៈភាគច្រើនគឺចំនួន ២៣៤ ក្នុងចំណោមអសនៈ ៤៣៥ នៅក្នុងសភាតំណាងរាស្រ្ត។ គណបក្សទួលបានអសនៈនេះក្នុងការបោះឆ្នោតឆ្នាំ ២០១២ ដោយទទួលបានសំលេងឆ្នោតទូទាំងប្រទេស ៤៦,៩%។ រីឯគណបក្សប្រជាធិបតេយ្យដែលទទួល បានសំលេងឆ្នោតច្រើនជាងប្រមាណ ១,៥ លាន សន្លឹក (គឺចំនួន ៤៨,៣%)  ទទួលបានអសនៈតែ ២០១ ប៉ុណ្ណោះ។

ក្នុងករណីនេះ គេងាយនឹងយល់ពីមូលហេតុដែលមេដឹកនាំបក្សសង្រ្គោះជាតិ រត់ទៅរក គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកធ្វើជាគំរូ។ ដូចពួកសាធារណរដ្ឋនៅអាមេរិកដែរ លទ្ធផលនៃការបោះឆ្នោតលើកនេះ បក្សប្រឆាំងនៅកម្ពុជា ទទួលសន្លឹកឆ្នោតលំដាប់ទី ២ តិចជាង គណបក្សប្រជាជនកម្ពុជា ។ តែចម្លែកចាប់ពីពេលនោះមក កឹម សុខា និង សម រង្ស៊ី នៅតែស្រែក ឡាំប៉ាថា ពួកគេត្រូវតែទទួលបានអសនៈច្រើនជាងនៅក្នុងរដ្ឋសភា បក្សប្រឆាំងស្រមៃថា ប្រសិន បើគេអាចធ្វើបែបនេះបាននៅសហរដ្ឋអាមេរិក បក្សប្រឆាំងក៏អាចធ្វើបាននៅកម្ពុជាដែរ ។ តើនេះ ពុំមែនជាលទ្ធិប្រជាធិបតេយ្យបែបឆ្នៃប្រឌិតនៅសហរដ្ឋអាមេរិក ទេឬអី?
នុប្រធានបក្សប្រឆាំង មានរឿងផ្សេងទៀតជាមួយបក្សសាធារណរដ្ឋនៅអាមេរិក។ គេទទួល បានប្រាក់កំរៃយ៉ាងច្រើនពីបក្សនេះសំរាប់កិច្ចប្រឹងប្រែងរបស់គេក្នុងការដឹក​នាំយកលទ្ធិប្រជាធិបតេយ្យ បែបសហរដ្ឋអាមេរិកមកកម្ពុជា។ ដូចអត្ថបទកាសែត Cambodia Daily បានកត់សំគាល់ថា លោក កឹម សុខា ទួលបានប្រាក់ចំនួន ៤៥០,០០០ដុល្លារ ពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ពេលគេបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានាឆ្នាំ ២០០២។​ សមា​ជិកមួយរូប​នៃគណៈកម្មាធិការ នាយក IRI បានថ្លែងប្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍សភាអាមេរិកនៅឆ្នាំ ២០០៤ ថា “IRI បាន គាំទ្រមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) តាំងពីពេលបង្កើតនៅឆ្នាំ ២០០២”។ នៅខែ វិច្ឆិកា ឆ្នាំ ២០០៤ មន្រ្តី IRI ឈ្មោះ Ron Abney បានប្រាប់អ្នកសម្ភាសន៍ម្នាក់ថា ការផ្តល់ថវិការបស់ IRI ដល់អង្គការ CCHR នៅឆ្នាំនោះគឺមានចំនួន ៩០០,០០០ ដុល្លារអាមេរិក ។ នៅទីក្រុងឡុងបិច នាពេលនោះ លោក កឹម សុខា បាននិយាយថា “លោកបានទទួលជំនួយហិរញ្ញវត្ថុផ្ទាល់ខ្លួនពី រដ្ឋាភិបាលសហរដ្ឋអាមេ​រិក​​ដើម្បីពង្រីកលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាង ៥ ឆ្នាំ។”
ខ្ញុំមិនដែលបានឃើញតួលេខថវិកាសំរាប់ឆ្នាំផ្សេងៗទៀតទេ ប៉ុន្តែប្រាកដណាស់ការចំណាយ លុយលើលទ្ធិប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិកមិនថោកទេ គឺថ្លៃណាស់។ ប្រសិនបើគ្មានលុយ សប្បុរសបែបនេះពីសហរដ្ឋអាមេរិកទេ ពួកអ្នកស្រុកខ្មែរប្រហែលជាគ្មានលទ្ធភាពបែបនេះទេ។

នៅឆ្នាំ ២០០៧ លោក កឹម សុខា សំរេចចិត្តចូលធ្វើក្នុងនយោបាយវិញ ដោយលោក បានលាលែងពីប្រធានអង្គលារ CCHR ។ ប៉ុន្តែ វាហាក់ដូចជាចម្លែកបន្តិច ចំពោះពេលវេលាទៅ ចូលប្រឡូកក្នុងនយោបាយ។ លោក កឹម សុខា បានបង្កើតអង្គការ CCHR នៅខែ វិច្ឆិកា ឆ្នាំ ២០០២ ហើយបានលាលែងពីអង្គការនេះ នៅខែមីនា ឆ្នាំ ២០០៧ បើគិតទៅគឺមានរយៈពេលតិចជាង ៤ ឆ្នាំកន្លះ។ ប៉ុន្តែ លោក កឹម សុខា បាននិយាយថា “លោកបានទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល អាមេរិក​” (តាមរយៈ IRI) អស់រយៈពេលជាង ៥ ឆ្នាំ។ នោះ បានន័យថាជំនួយខ្លះកើតមានមុន ក្រោយ​លោកធ្វើប្រធានអង្គការ CCHR (ពេលដែលលោកជាសមាជិកព្រឹទ្ធសភារបស់គណបក្ស​ហ៊្វុន​ស៊ីនបិច ឬ​ក៏​ជាប្រធានបក្សសិទ្ធិមនុស្ស)

ជាការពិតណាស់ កម្ពុជាគ្មានច្បាប់ប្រឆាំងនឹងគណបក្សនយោបាយដែល​ទទួលជំនួយ​ពី បរទេស​ទេ។ នេះគឺជាចំណុចមួយដែលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខ្វះខាតដើរពីក្រោយសហរដ្ឋ អាមេរិក។ នៅ​សហរដ្ឋអាមេរិកអ្នកនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលជំនួយពីបរទេសទេ ទោះបី​ម្ចាស់​ជំនួយនោះមិនទទួលលុយពីរដ្ឋាភិបាលរបស់ខ្លួនក៏ដោយ។ ប្រសិនបើ មានករណី​នេះ​កើត​ឡើង​ទាំងម្ចាស់ជំនួយ និងអ្នកនយោបាយដែលជាអ្នកទទួលជំនួយនោះអាចជាប់ពន្ធនាគារ ទាំងអស់គ្នា

តាមពិតទៅ ប្រសិនបើអ្នកនយោបាយសហរដ្ឋអាមេរិកាំងបានចូលនិវត្តន៍​ឈប់ធ្វើនយោបាយ​ហើយមកបង្កើតអង្គការមិនមែនរដ្ឋាភិបាលមួយ ឧទាហរណ៍ឈ្មោះថា “Good Things for America ហើយអង្គការនេះ ទទួលប្រាក់រាប់លានដុល្លាពីអង្គការបរទេសណាមួយ ដែលទទួលថវិកាពីរដ្ឋា​ភិ​បាលបរទេស ហើយពីរបីឆ្នាំក្រោយមកអ្នកនយោបាយរូបនោះវិលត្រឡប់ចូលក្នុងនយោបាយ​វិញ​ជាប្រធានគណបក្សថី្មមួយឈ្មោះ “គណបក្ស American Good Things Party” អ្នកនយោបាយ​នោះ​ប្រាកដណាស់នឹងប្រឈមមុខការស៊ើបអង្កេតមួយចំនួន និងការចោទសួរដ៏អាម៉ាស់ផង​ដែរពី​រដ្ឋអាជ្ញានៅមូលដ្ឋានរបស់ខ្លួន។ នេះអាចជាករណីមួយដែលកម្ពុជាគួរយកគំរូតាមលទ្ធិ​ប្រជាធិ​ប​តេយ្យបែបសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ ការជួបជុំនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វនីញ៉ា ដែលលោក Ed Royce និង លោក កឹម សុខា បាន​បង្ហាញ​នូវក្តីសង្ឃឹមថា នឹងនាំយកនូវការដឹកនាំដោយអ្នកជាប់ឆ្នោតបាន សម្លេងតិចប្រជាធិបតេយ្យ​បែបសហរដ្ឋ​អាមេរិក​មកកម្ពុជា គឺជាព្រឹត្តិការណ៍នៃការរៃអង្គាសថវិកា សំរាប់បក្សប្រឆាំងនេះឯង

ដោយលោក៖ Allen Myers

 

សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសទិវា​សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០១៣



បទអត្ថាធិប្បាយ​៖ ប្រឆាំង​ផ្កាប់​មុខ​ គឺ​ជាចរឹត​ របស់​បក្ស​សង្គ្រោះ​ជាតិ​

ដោយ ពង្ស សុក្រឹត្យ

ទោះ​បី​ជារាជរដ្ឋាភិបាល​បាន​ខិតខំ​ ប្រឹង​ប្រែង​កសាង​ប្រទេស​​ រហូត​ដល់​មាន​ការ​អភិវឌ្ឍ​ន៍​រីក​ចម្រើន​ និង​មាន​សិទ្ធិ​ស្មើ​មុខ​មាត់​ក្នុង​តំបន់ និង​លើ​ពិភព​លោក​ដូច​បណ្តាប្រទេស​ដ៏ទៃ​ ជាពិសេស​សិទ្ធិ​ស្មើ​មុខ​ក្នុង​បណ្តាប្រទេស​អាស៊ាន​ហើយ​ក៏​ដោយ​ ក៏​បក្ស​ប្រ​ឆាំង និង​​​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង តែង​តែ​រិៈរក​វិធី​ និង​ហេតុ​ផល​ផ្សេងៗ​ ដើម្បី​ទម្លាក់​កំហុស​មក​លើ​រាជ​រដ្ឋាភិបាល​​ជានិច្ច។​ ចរឹត​ « ប្រឆាំង​ផ្កាប់​មុខ »​​ បែប​នេះ​ គឺ​មិន​បាន​ចូល​រួម​ចំណែក​​ក្នុង​​ការ​អភិវឌ្ឍន៍​​ប្រទេស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គឺ​មាន​តែ​ការ​អូស​ទាញ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ ថយ​នូវ​ល្បឿន​អភិវឌ្ឍ​​​ និង​អូស​បន្លាយ​នូវ​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​រាជរដ្ឋាភិបាល​ ចំពោះ​ប្រជាពលរដ្ឋ​​តែ​ប៉ុណ្ណោះ ។​​
កាល​ពី​ដើម​សប្តាហ៍មុន​ ស្ថានទូត​អាល្លឺម៉ង់​បាន​​ប្រកាស​​ថាអាល្លឺម៉ងបាន​​សន្យា​ផ្ដល់​ជំនួយ​​​​​​​ចំនួន​​៦៤​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជាសម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ​ដែល​ធ្វើ​ឲ្យ​ជំនួយ​​​​​​​​ផ្លូវ​ការ​​របស់​អាល្លឺម៉ង់​​​ ដល់​ប្រទេស​កម្ពុជា​​កើន​ឡើង​​​​ច្រើន​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​​​។​ ផ្ទុយ​ទៅវិញ​ មន្ត្រី​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ចរឹតប្រឆាំង​របស់​ខ្លួន​ជាថ្មី​ម្តង​ទៀត​ក្នុង​​ការ​រារាំង​ការ​សន្យា​​​ផ្ដល់ជំនួយរបស់​អាល្លឺម៉ង់​​​​កាលពី​ថ្ងៃ​ពុធ​ ដោយ​សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​មួយនេះ ​​ពន្យា​រ​ពេល​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ជាមួយរាជ​​រដ្ឋាភិបាល អាណត្តិ​ទី​៥​ ​ ដែល​ដឹក​នាំ​ដោយ​សម្តេច​ ​ហ៊ុនសែន បើ​ទោះ​បី​​ជាកញ្ចប់​ជំនួយ​ថ្មី​របស់​អាល្លឺម៉ង់​នាឆ្នាំ​នេះ​ ភាគ​ច្រើន​ជា​កញ្ចប់​ថវិកា​​​ ដែល​នឹង​ចំណាយ​ទៅ​​លើ​វិស័យ​សុខា​ភិបាលនិង​អភិវឌ្ឍន៍​ជន​បទ ​ក៏​ដោយ​។
ម្យ៉ាងទៀត​ ធនាគារ​ពិភព​លោក​បាន​និយាយ​កាលពី​ខែ​មុន​ថាខ្លួន​ក៏​កំពុង​រៀបចំ​     ផែន​ការ​​​យុទ្ធ​សាស្ត្រ​រយៈ​ពេល​ពីរ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ ហើយ​ក៏ទំនង​ជា​មាន​កញ្ចប់​ជំនួយ​​​​ថែម​ទៀត​​​សម្រាប់​រាជ​​រដ្ឋាភិបាលអាណត្តិ​ថ្មី​នេះ​​​។
ទង្វើ ​បែប​ប្រឆាំង​ផ្កាប់មុខ​ របស់​បក្ស​ប្រឆាំង​នៅកម្ពុជា​​ គឺ​ខុស​ស្រឡះ​ពី​បក្ស​ប្រឆាំង​នៅ​បណ្តា​ប្រទេស​​នានា​ ដែល​បក្សប្រឆាំង​​របស់​គេ​ជំទាស់​តែ​លើ​បញ្ហា​ការជម្រុញ​ឲ្យ​មាន​ការ​រីក​ ចម្រើន​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​​ និង​សិទ្ធិ​មនុស្ស​នៅក្នុង​សង្គម​តែ​ប៉ុណ្ណោះ​ គឺ​គេ​មិន​ដែល​​ជំទាស់​​ ឬ​រារាំង​ការ​ផ្តល់​ជំនួយ​ផ្សេងៗ​ ដើម្បី​ជួយ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​គេ​ឡើយ​។​
ប៉ុន្តែ​ ទោះ​បី​ជា​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប ​របស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ពហិការ​​​មិន​ចូល​​រដ្ឋសភា ​ព្យាយាម​បញ្ចុះ​បញ្ចូល​ អន្តរជាតិ​ និង​ញុះញង់​ប្រជាពលរដ្ឋ​​ឲ្យ​តវ៉ា​ ម្តង​ហើយ​​ម្តងទៀត​ យ៉ាង​ណា​ក៏​ដោយ​ ក៏អ្នក​វិភាគ​នយោបាយ​ភាគច្រើន​ និយាយថា ទង្វើ​របស់​គណបក្ស​សង្គ្រោះជាតិ​ នឹង​រឹត​តែ​ផ្តល់​នូវ​ផលប្រយោជន៍​ កាន់​តែ​ច្រើន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ពីព្រោះ​បក្ស​ប្រឆាំង​​មិនអាច​ជំទាស់​ទៅនឹង​​ដំណើរការ​នានា​ឲ្យ​មាន​ប្រសិទ្ធិភាព​​បាន​ទេ នៅពេល​​ដែល​ខ្លួន​មាន​សិទ្ធិមិនទាន់​​ស្រប​ច្បាប់​ជាតំណាង​​រាស្ត្រ​ ​ដោយសារ​តែ​ខ្លួន​ នៅក្រៅ​រដ្ឋសភា​។​
          ជាក់​ស្តែង​ សូម្បី​តែធនាគារ​​អភិវឌ្ឍអាស៊ី ដែល​ជាដៃ​គូរ​ផ្ដល់​ជំនួយ​ដ៏ធំនាពេល​បច្ចុប្បន្ន​របស់​​កម្ពុជា​​ ក៏នៅ​តែ​អះអាង​ថា​ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​​​ជាមួយរាជរដ្ឋាភិបាលនៅឡើយ​ដែរ​។ ​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ របស់​ធនាគារ​​អភិវឌ្ឍអាស៊ី​ លោក​ភីធើព្រីមបលបាន​បញ្ជាក់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​គោល ​​​ការណ៏​​របស់​ធនាគារ​នេះ​មិន​​អនុញ្ញាត​ឲ្យ​ខ្លួន​ជាប់​ពាក់​ព័ន្ធ​​នៅ​​ ក្នុង​​កិច្ច​​ការ​​​នយោបាយ​របស់​ប្រទេស​​ជា​សមាជិក​ណាមួយ​ឡើយ​។ លោកព្រីម​បលបាន​បន្ថែម​ថាធនាគារ​អភិវឌ្ឍន៍​អាស៊ីនឹង​ផ្ដល់​ជំនួយ​ចំនួន​៥២៥​លាន​ដុល្លារ​ សម្រាប់​គម្រោង​ថ្នាក់​ជាតិ​និង​ក្នុង​តំបន់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥​។​ លោក​បាន​បន្ត​​​​​​​​ថាតាម​រយៈ​ក្រុម​ការ​ងារ​​​​ដោះស្រាយ​​​បញ្ហា​ថ្នាក់​​ក្រោម​ឥឡូវ​នេះ​ម្ចាស់ ​​​ជំនួយ ​កំពុង​​ចូល​រួម​ជា​មួយរាជ​​រដ្ឋាភិបាល​​នៅ​ក្នុង​ផែន​ការ​​អភិវឌ្ឍន៍​​ យុទ្ធសាស្ត្រ​​ថ្នាក់​​ជាតិ​​លើក​​ក្រោយ​របស់​ខ្លួន។​

សរុប​សេច​ក្តី​មក​ ទោះ​បី​ជាគណបក្ស​សង្គ្រោះ​ជាតិ​ ប្រឹង​ស្វះស្វែង​រក​ការ​​គាំទ្រ​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ម្តង​ហើយម្តងទៀត​តាមរយៈ​ការធ្វើ​បាតុកម្ម​យ៉ាងណា​ ក៏​មិនអាច​សម្រេច​នូវ​មហិច្ឆតា​របស់​មេដឹក​នាំ​ខ្លួន​ ដែល​ចង់​មក​ដឹក​នាំ​ប្រទេស​តាម​របៀប​រដ្ឋ​ប្រហារ​ប្រជាជន​បាន​ដែរ​។​ ការដឹក​នាំ​ដែល​ស្រប​ច្បាប់​ គឺ​មាន​តែការ​ដឹកនាំ​តាម​បែបលទ្ធិប្រជាធិបតេយ្យ​ តាមរយៈការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​ការ​បោះ​ឆ្នោត ​ដោយ​ទៀង​ទាត់ ​រៀង​រាល់​៥ឆ្នាំ​ម្តង​​​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​តែប៉ុណ្ណោះ​៕​

សារ​លិខិត​​ជូនពរ សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាខួបជន្មាយុគម្រប់ ៥៩ ឈាន ៦០ឆ្នាំ