Tuesday, December 24, 2013

សេចក្តី​​អំ​ពាវ​​នាវ​​របស់​​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជី​វៈ ស្តី​ពី​​ការ​​ដំ​ឡើង​​ប្រាក់​​ឈ្នួល​អប្បប​រមា​សម្រាប់​​កម្មករ​និយោ​ជិត​ធ្វើ​​ការ​​ផ្នែក​​វាយ​នភ័ណ្ឌ កាត់​​ដេរ​ និង​​ផលិត​​ស្បែក​​ជើង​


ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើញ​​បិទ​​សន្និសីទ​អន្តរ​ជាតិ​លើកទី៣ ស្តីពី​ខួប​ ៥៥ឆ្នាំ នៃ​ទំនាក់​ទំនង​ការ​ទូតកម្ពុជាចិន

សន្និសីទអន្តរជាតិលើកទី៣ ដែល​បាន​កត់​សំគាល់​និង​រំលើក​វិញអំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​​មិត្តភាពកម្ពុជាចិន រៀបចំ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី រាជ​បណ្ឌិត​សភា និង​វិទ្យា​ស្ថាន​ខុងជឺ បាន​បិទបញ្ចប់នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ក្រោយ​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង វត្តមាន​លោកជំទាវ ពូ ជាន​គ័រ ឯកអគ្គ​រដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រកម្ពុជា។

ដោយចាត់ទុកសន្និសីទអន្តរជាតិលើកទី៣ ស្តី​ពី​ខួប​ ៥៥ឆ្នាំ នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា​ចិន មាន​សារៈសំខាន់ បណ្ឌិតសភាចារ្យ សុខ អាន​ បានមានប្រសាសន៍ថា ការ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ទៀង​ទាត់​នូវ​សន្និសីទ​អន្តរជាតិ​ដ៏មាន​សារៈ​សំខាន់​នេះ ស​បញ្ជាក់ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពីការ​យក​ចិត្ត​ទុកដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋា​ភិបាល​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ក្នុងការពង្រឹង និង​ពង្រីក​ឲ្យ​កាន់​តែល្អ​ផូរ​ផង់​នូវទំនាក់​ទំនង​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​ដែលមាន​តាំង​ពីយូរ​លង់​ណាស់​មក​ហើយ។​

សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន​ត្រូវ​បាន​បង្កើត​ឡើយ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ នៅ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃនៃ​អគ្គ​មគ្គុ​ទេស​ក៏ដ៏​ឆ្នើម​របស់​ទាំងពីរ​ គឺក្រោយ​ពេលដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពីអា​ណា​និគម​និយម​បារំាង។ ទោះបីជា​យ៉ាង​ណាឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍​ឲ្យដឹងថា ការពិតទំនាក់​ទំនង​កម្ពុជា​ធ្លាប់​មាន​តាំង​ពីសម័យ​បុរាណ​មក​ម្លេះ​គឺមិនតិចជាង២០០០ឆ្នាំ បើគិត​ចាប់ពីពេល​ដែល​បេសកជនចិន លោក ជូយីង និង​លោក កាំងថៃបានធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅកម្ពុជា​នៅ​សម័យ​ហ្វូណន។ ជាង​នេះ​ទៀត​យើងសុទ្ធតែបានស្គាល់អ្នកការទូតចិនឈ្មោះ ជីវតាក្វាន់ ដែលបាន​កត់​ត្រា​ពី​​ប្រពៃណី និង​ជីវភាព​សង្គមទូទៅរបស់កម្ពុជានាសម័យអង្គរ។ កំណត់​ត្រានេះ​ត្រូវ​ចាត់​ថា​ជា​ស្នា​ដៃ​ដ៏មានតម្លៃមហាសាល ​និង​ត្រូវ​បាន​គេប្រើ​ជាមូល​ដ្ឋាន​ដ៏មាន​សារៈសំខាន់ក្នុងការសិក្សា ស្រាវជ្រាវ​អំពី​ប្រវត្តិ​សាស្រ្ត​សម័យអង្គរ។

ជាមួយនិងការរំលឹក​ អំពីការ​រីក​ចំរើន​របស់​វិទ្យាស្ថាន​ខុងជឺ  ក្រោយពេលឯកឧត្តម​ ដែល​បាន​​ចូល​រួម​សម្ពោធ​ដាក់ឲ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​ជាមួយ ឯកឧត្តម ហ្ស៊ី ជីងពីង កាល​នៅជា​អនុ​ប្រ​ធា​នា​ធិ​បតី​នៃសា​ធារណ​រដ្ឋប្រជាមានិត​ចិន​កាល​ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ប្រសាសន៍​បញ្ជាក់​​អំពី​ទំនាក់​ទំនងមិត្តភាពកម្ពុជាចិនថា ដោយ​ដើរតាម​មាគា៍ដ៏​វិសេស​វិសាល​​របស់​ព្រះ​មហាវី​រក្សត្រ​នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​​នាំ​ប្រកប​គតិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជ​ណាចក្រកម្ពុជាបានបន្តពូនផ្តុំទំនាក់ទំនងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្ត​ការ​រវាងកម្ពុជា និង​ចិនឲ្យកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។

ដោយ​ឡែក ជាមួយនិងការ​ចាត់​ទុក​សន្និសីទ​អន្តរ​ជាតិលើកទី៣ ស្តីពីខួប​ ៥៥ឆ្នាំ នៃ​ទំនាក់​ទំនង​​ការ​​ទូត​កម្ពុជាចិន មាន​សារៈ​សំខាន់​ដើម្បី​បូក​សរុប​បទ​ពិសោធន៍​ពី​ប្រវត្តិ​សាស្ត្រ និង​ឆ្ពោះ​ទៅកាន់​អនា​គត​​ លោកជំទាវ ពូ ជានគ័រ​ បាន​មាន​​ប្រសាសន៍ថា ក្រោម​ការ​បណ្តុះ​រួម​គ្នារ​បស់​ថ្នាក់​ដឹក​នាំរាល់​ជំនាន់​នៃប្រទេសទាំងពីរ បច្ចុប្បន្ន​​ទំនាក់​ទំនង​ចិនកម្ពុជា​កំពុង​ស្ថិត​នៅ​ដំណាក់​កាលល្អបំផុត។ លោក​ជំទាវ ឯកអគ្គ​រដ្ឋទូត​ចិន​បញ្ជាក់​ថា ប្រទេសទាំងពីរជាអ្នកជិតខាងល្អ មិត្តភក្តិល្អ ដៃគូល្អ និង​បង​ប្អូនល្អ កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ចិនកម្ពុជា ទទួល​បាន​លទ្ធផល​​ជាផ្លែផ្លា​លើ​គ្រប់​វិស័យ​ហើយបាន​នាំមក​នូវផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​ប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បានមាន​ប្រសាសន៍​ឲ្យដឹងថា សន្និសីទអន្តរជាតិលើកទី៣ ស្តីពីខួប​ ៥៥ឆ្នាំ នៃទំនាក់​ទំនង​ការទូត​កម្ពុជាចិន ដែល​ប្រព្រឹត្ត​រយះពេល​មួ​យថ្ងៃ បានបង្ហាញឲ្យ​ឃើញ​ពីផល​ប្រយោជន៍​នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​កម្ពុជា​ចិន​​ និងពីវិធីនៃ​ការលើក​កំពស់​នៃទំនាក់​ទំនងនេះឲ្យបានកាន់តែល្អប្រសើរ។