Saturday, November 22, 2014

មន្ត្រី​ជំ​នាញ រិះ​គន់សារព័ត៌មាន​ The​ Cambodia Daily ថា បានផ្សព្វ​ផ្សាយ​បំ​ភ្លើស​ អំពីគម្រោងវារីអគ្គីសនីស្ទឹងតាតៃ

មន្ត្រី​​ជំ​នាញ​ដែល​កំ​ពុង​អនុវត្ត​គម្រោងវារី​​អគ្គីសនីស្ទឹង​​តាតៃ ដែល​មាន​ទី​តាំងស្ថិត​​​នៅ​ក្នុង​ខេត្ត​កោះ​កុង បានបញ្ចេញ​​ប្រតិកម្មខ្លាំង​ៗ តបទៅនឹង​អត្ថបទ​​​​បំ​ភ្លើសរបស់​សារព័ត៌មាន​ The Cambodia Daily ដែល​បានចុះផ្សាយ​កាលពី​ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ​២០១៤  (ជាភាសាខ្មែរ)​ និង ថ្ងៃទី ២១  ខែ វិចិ្ឆកា ឆ្នាំ ២០១៤ ​ស្តីពី​​គម្រោងវារី​អគិ្គសនី​ស្ទឹងតាតៃ  ដោយ​មន្ត្រីជំ​នាញ​​រូប​នោះ​ បាន​រិះ​គន់​ចំ​ៗថា The Cambodia Daily ផ្សព្វ​ផ្សាយ​មិន​គោរពឲ្យបាន​ត្រឹម​ត្រូវ​តាម​វិជ្ជា​ជី​វៈ និង​ផ្សាយ​ព័ត៌មាន​ភូត​កុហក ដែល​អាច​នឹង​នាំឲ្យ​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​មាន​ការ​ភ័ន្ត​ច្រឡំ​។​

មន្ត្រី​ជំ​នាញ បាន​ឲ្យ​ដឹង​ថា គម្រោងវារីអគិ្គសនីស្ទឹងតាតៃ នៅ​ក្នុង​ខេត្តកោះកុង មាន​កម្លាំង ២៤៦ មេហ្កាវ៉ាត់ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាកល្បង គឺមិនទាន់រួចរាល់សម្រាប់ដាក់ឲ្យដំណើរការជា​ផ្លូវការ​​នៅ​ឡើយ​ទេ ហើយ​ថា គម្រោងនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆមាសទី១ ឆ្នាំ ២០១៥ ខាង​មុខ។​

មន្ត្រី​រូប​នេះ​ បាន​បន្ត​ថា « ដូចនេះ រាជរដ្ឋាភិបាល​មិនមានការបាត់បង់​ប្រាក់ប្រមាណ ៧៤លាន​ដុល្លារ​​អាមេរិក ដូច​ដែលសារព័ត៌មាន The Cambodia Daily បាន​ចុះ​ផ្សាយ​នោះ​ឡើយ »        ហើយ​រូប​គាត់​ក្នុង​នាម​ជា​អ្នក​ជំ​នាញ​ ដែល​សិក្សាផ្ទាល់​អំ​ពី​បញ្ហា​នេះ សូម​បដិសេធព័ត៌មានដែលបានចុះផ្សាយ ដោយ​គ្រាន់​តែយោង​សំដី​របស់ លោក ជា ស៊ីថា អនុប្រធានក្រុមហ៊ុន Brightway Group ដែលនិយាយ​ដោយគ្មានមូលដ្ឋាន​ និងខ្វះ​ការ​ទទួល​​ខុសត្រូវ ។
និយាយជា​រួម​ មន្ត្រី​ជំ​នាញរូប​នេះ បាន​សំ​ដែង​នូវការសោកស្ដាយជា​ខ្លាំងចំ​ពោះ​សារព័ត៌មាន​ The Cambodia Daily និង​ថាសារព័ត៌មាន​នេះ បាន​ចុះផ្សាយព័ត៌មានរបស់​ខ្លួន បំ​ពុល​សាធារណមតិ​ ដោយ​ពុំបាន​ធ្វើការផ្ទៀតផ្ទាត់ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន» ក្នុង​បំ​ណងបង្ខូច​​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូររបស់​រាជ​រដ្ឋាភិ​បាល​​។

បើទោះបី​​​ជា​មន្ត្រី​ជំ​នាញ​រូប​នេះ មិន​បាន​ទាម​ទារឲ្យ​សារព័ត៌មាន The Cambodia Daily ធ្វើ​​ការ​ផ្សព្វផ្សាយ​កែ​តម្រូវ​អត្ថបទ​របស់​ខ្លួន​ឡើង​វិញ​ក្តី ប៉ុន្តែ សារព័ត៌មាន​មួយ​នេះ គួរគប្បី​បញ្ឈប់​នូវ​ការ​ភូត​កុហក សាធារណៈមតិ ដោយ​មន្ត្រីជំ​នាញ​​បាន​បញ្ជាក់​ ថា បរិមាណអគ្គិសនី​ដែលបានមក​ពីប្រភពវារីអគ្គិសនី តែង​តែ​មាន​ការប្រែ​ប្រួលតាមបរិមាណទឹកដែលមានជាធម្មតា។ ដូចនេះ ដើម្បីបំពេញតម្រូវការ​អគ្គិសនី​ជាក់​ស្ដែង​ឲ្យបានគ្រប់គ្រាន់នូវរដូវប្រាំង អាចធ្វើឲ្យមានការលើសនូវរដូវវស្សា។  ហេតុ​នេះ មន្ត្រី​ជំ​នាញ​ បាន​ចាត់​ទុក​ចេតនាដែល​ភ្ជាប់​ការលើសអគ្គិសនីនៅរដូវវស្សាជាមួយការអះអាងរបស់​ The Cambodia Daily ពីការ ខាត បង់ថវិការរដ្ឋដល់ទៅ ៧៤លាន​ដុល្លារ​អាមេរិក​ គឺជាការសន្និដ្ឋានមួយ​ដែល​បំ​រើ​ឲ្យ​នយោបាយ​ក្រុម​ប្រឆាំង និង​ពុំ​បាន​គោរព​នូវ​​វិជ្ជាជី​វៈ​​របស់​ខ្លួន​៕


Tuesday, November 18, 2014

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន ស្តីពីការ​ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ


Monday, November 17, 2014

សេចក្តីជូនដំណឹង ក្រសួងការបរទេស, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ញើញ​ចូលរួម​ប្រជុំកំពូល​កម្ពុជា - ឡាវ - វៀតណាម​ លើកទី៨ ថ្ងៃទី២៤ ដល់ ២៥ វិច្ចិកា ២០១៤ នៅប្រទេសឡាវ



បទអត្ថាធិប្បាយ​ ដោយ៖ ពង្ស​ សុក្រឹត្យ​​ «ច្បាប់​​ ​និង​​ដំណោះ​ស្រាយ​នយោបាយ​ មិនអាច​លាយឡំ​គ្នា​បានទេ»

« ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ »​​ គឺ​ជាពាក្យ​ស្លោក​ ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​​​សង្គម​​​ប្រជាធិបតេយ្យ​ យកមក​អនុវត្ត​ នោះ​ទើប​ជាប្រទេស​​​ដែល​មានអរិយធម៌​ ស៊ីវិល័យ និង​ជឿន​លឿន​​​​។
ថ្មី​ៗ​នេះ​ មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្តែង​ដោយ​​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ប៉ុន្តែ​ដោយ​សារ​តែ​មនុស្ស​ទាំង​នោះ​ជាសកម្ម​ជន​របស់​គណបក្ស​​សង្គ្រោះ​ជាតិ ទើប​មន្ត្រី​គណបក្ស​នេះ​ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ​​គាប​​សង្កត់​​ខាង​​នយោបាយ​​ទៅ​វិញ​។​ ការ​ចោទ​ប្រកាន់​នេះ​​ គឺ​ខុស​ស្រឡះ​តែ​ម្តង​ ហើយក៏​ជាការដែល​​គួរសោក​ស្តាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ យក​ការ​ងារ​គ្រប់​គ្រង​និតិរដ្ឋ​​មក​លាយ​ឡំ​ជាមួយ​នឹង​គោល​នយោបាយ​របស់​គណបក្ស​។​​
ទន្ទឹម​នឹង​នោះ​ក៏មាន​ក្រុម​សង្គម​ស៊ីវិល​ និង​​អ្នក​វិភាគ​មួយចំនួនដែល​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង​ក៏​បាន​នាំ​គ្នា​បន្ទរ​សម្លេង​ចោទ​រាជរដ្ឋាភិ​បាល​ ថា​បាន​ដាក់​ការ​គាប​សង្កត់​ទៅលើ​បក្ស​ប្រឆាំង តាម​រយៈ​ប្រព័ន្ធ​តុលាការផង​ដែរ​ ​​ដោយ​សារ​តែ​​​​សកម្មជន​របស់​​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ត្រូវ​បាន​តុលាការ​ បើក​ចំណាត់​​ការ​តាម​នីតិវិធី​ ​​​។​​​
បើ​តាម​ការ​សង្កេត​មើល​របស់​ប្រជាពលរដ្ឋ​ ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ចំ​នួន​​ គឺ​ពិត​ជាក្រុម​តែ​មួយ​ ពី​ព្រោះ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​បែប​ណា​ គឺ​ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​​បែប​ប្រឆាំង​ទាំង​នោះ​តែង​តែ​លើក​ហេតុ​ផល​​ដូច​គ្នា​ជានិច្ច​។ មាន​ពេល​ខ្លះ​ក្រុម​របស់​គេ​ក៏​បើក​ឱកាស​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ស្រែក​​មុន​ រួច​ទើប​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​បន្ទរ​វិញ​ម្តង​ មើល​ទៅ​វាហាក់​ដូច​ជាត្រូវ​ដង​ ត្រូវ​ផ្លែ​គ្នា​ខ្លាំង​ណាស់​។​
តាមពិត​ ការឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​នាពេល​នេះ​ «​គឺជា​ការអនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​របស់​សមត្ថ​កិច្ច​» យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ​ក្នុង​ការ​ចា​ត់​វិធានការណ៍ច្បាប់​​ ទៅ​លើ​​​ជន​​​ដែល​​បាន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ។​ បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ ទាំង​នោះ​គួរ​មាន​ភាពសុច្ចរិត​ ក្នុង​ការ​បែង​ចែកឲ្យ​ដាច់​ស្រឡះ ​រវាង​ទិដ្ឋភាព​ច្បាប់​ ទិដ្ឋភាព​បទល្មើស​ និង​ទិដ្ឋភាព​នយោបាយ​ ។ ពួក​គេ​មិន​គួរ​ចាត់​ទុក​ការ​អនុវត្ត​នីតិ​រដ្ឋ​របស់​ប្រទេស​ មក​រួម​បញ្ចូល​ជាមួយ​កិច្ច​ព្រម​ព្រៀង​នយោបាយ ​ដែល​គណបក្ស​ទាំង​ពីរ​​បាន​ព្រម​ព្រៀង​គ្នា​កន្លង​មក​នោះ​ទេ​។​​
ទាក់​ទង​រឿង​សកម្មជន​គណបក្ស​ប្រឆាំង​​ ប្រព្រឹត្តិ​បទល្មើស​អំពើហិង្សា​​ វាគឺ​ជា​បទល្មើស​​​​ជាក់​ស្តែង​ របស់​បុគ្គលម្នាក់​ៗបាន​ប្រព្រឹត្តិ​ ហើយបុគ្គល​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​នៅ​​​ចំពោះ​មុខ​ច្បាប់​ ដោយ​មិន​អាច​យក​មក​រាប់​បញ្ចូលជាកញ្ចប់​​ នៅក្នុង​បញ្ហា​ដំណោះ​ស្រាយ​​​​​​នយោបាយ​ បាន​ឡើយ។​
ការ​យល់​ច្រឡំ​ដ៏ខុស​ឆ្គង​ នូវ​អត្ថន័យ​របស់​ពាក្យ «​ដំណោះ​ស្រាយ​នយោបាយ»​ដែល​​បាន​​​ព្រម​ព្រៀង​គ្នា​​កាល​ពី​ថ្ងៃ​ទី​​២២ ខែកក្កដា​ ឆ្នាំ​២០១៤ គឺ​ជារឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ​។
​កិច្ចព្រម​ព្រៀងនយោបាយ​​ គឺ​មិន​បាន​រួម​បញ្ចូល​គ្នា​នូវ​អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​​ច្បាប់​របស់​ប្រទេស​ និ​ង​ការ​ប្រើ​អំពើ​ហិង្សា​របស់​បុគ្គល ​ឬក្រុម​​ណា​មួយ​ ដែល​បាន​រំលោភ​លើ​សិទ្ធិ​​ពលរដ្ឋ​​​ដូច​គ្នា​​ថា​នឹង​មិន​ទទួល​ទោសទណ្ឌ​នោះ​ទេ​​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា​ ពល​រដ្ឋ​​គ្រប់​​​រូប​ត្រូវ​បាន​ការ​ពារ​ដោយ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​។​​ ការ​​​បង្កើតនូវ​វប្បធម៌​​​និ​ទណ្ឌ​ភាព​នៅ​ក្នុង​​សង្គម​  គឺ​ជារឿង​អយុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ ហើយ​​ «យុត្តិធម៌​និង​​នយោបាយ​មិនអាច​លាយឡំ​គ្នា​បានទេ» សង្គម​មួយ​ដែល​រស់​ក្នុង​​នីតិរដ្ឋ​ រាល់​ការ​ទាម​ទារ​​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ គឺជា​ការ​ដើរខុសផ្លូវ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

កន្លង​មក​ គណបក្ស​សង្គ្រោះ​ជាតិ​​តែង​តែ​លើក​ឡើង​កុំ​ឲ្យ​មាន​និទណ្ឌ​ភាពនៅ​កម្ពុជា​ ហើយ​តែង​​ចោទ​ស្ថាប័ន​តុលាការ​ថា​មិន​ឯក​រាជ្យ​ ឬ​នៅក្រោម​ការ​បញ្ជារបស់​អ្នក​នយោបាយ​ ប៉ុន្តែ​ពេល​​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ បង្ក​អំពើ​ហិង្សា​ បែរ​ជា​ មន្ត្រី​គណបក្ស​នេះ​ ព្រមាន​​​ដល់​ស្ថាប័ន​តុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ល្មើស ដែល​ជាការ​បង្គាប់​បញ្ជា​ទៅ​លើ​ស្ថាប័ន​តុលាការ​ ដែល​ជាស្ថាប័ន​ឯករាជ្យមួយ​ក្នុង​ចំណោម​ស្ថាប័ន​ឯករាជ្យ​ទាំង​បី​ ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​​ ទៅ​វិញ​។ តើ​ឯណាទៅ​យុត្តិ​ធម៌​ សម្រាប់​ជន​រង​គ្រោះនោះ​​?​​

​តាមពិត​ មក​ដល់​តំណាក់​កាលនេះមន្ត្រី​គណបក្ស​ប្រឆាំង​ មិនគួរ​ប្រើ​ពាក្យព្រមាន​ អុជអាល ញុះញង់ ឬ​បំភ្លៃ​រឿង​ពិត ដែល​ជំរុញ​ឲ្យ​​បក្សនយោបាយទាំង​ពីរ​ ​បន្ត​ឈ្លោះ​គ្នា​តទៅទៀតនោះទេ​​។​ ប្រ​ការ​​​ដែលមិន​បាន​បែង​ចែក​ច្បាស់​លាស់​អំពី​ទិដ្ឋភាព​ច្បាប់​ និង​ទិដ្ឋភាព​​នយោបាយ​ វា​នឹង​នាំឲ្យ​​សង្គម និង​ប្រទេស​ជាតិ​ ​កាន់តែ​ប្រេះស្រាំ​គ្មាន​ទីបញ្ចប់ ហើយ​​ទី​បំផុត​ពាក្យ​ នីតិរដ្ឋ​ ដែល​បក្ស​សង្គ្រោះ​​ជាតិ តែង​តែ​ប្រើ​ប្រាស់​ ដើម្បី​សុំ​សន្លឹក​​ឆ្នោត​​ពី​ប្រជាពលរដ្ឋ​ នឹង​មិន​អាច​មាន​ក្នុង​សង្គម​ខ្មែរ​​បានឡើយ​​។ ត្រង់​ចំណុច​នេះ​ ចង់​បញ្ជាក់ថា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ ពិត​​​ជាបាន​ដឹង​ច្បាស់​ថា​ សកម្មជន​របស់​ខ្លួន​ពិត​ជាបាន​ប្រព្រឹត្តិ​នូវ​​បទល្មើស​ព្រហ្ម​ទណ្ឌ​​យ៉ាង​ពិត​ប្រាកដ​ ទើប​ពេល​នេះ​​មន្ត្រី​នោះ​ ស្នើ​​ឲ្យ​​មាន​ការ​ដោះ​លែង​សកម្មជន​​ទាំង​នោះ​ ដោយ​​រាប់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​​ «​ដំណោះ​ស្រាយ​​នយោបាយ​» ទៅវិញ​។​​

ដូច្នេះ​ ប្រសិន​បើ​រាល់​ពេល​ដែល​ជន​ល្មើស ពាក់​​ស្លាកជាសកម្មជន ​នយោបាយ​របស់​គណបក្ស​ណា​មួយ​​​ ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ សុទ្ធតែ​ត្រូវបាន​លើក​លែង​ទោស​​បែប​នេះ​ តើ​ប្រទេ​ស​​ អាច​អនុវត្ត​នូវ​នីតិរដ្ឋ​ បាន​ដែរ​ឬទេ​?​ ​ គួរ​រួម​គ្នា​បញ្ឈប់​នូវ​វប្បធម៌​និទណ្ឌភាព​ សម្រាប់​ប្រទេស​ជាតិ​យើង​។​


ជារួម​ កិច្ចព្រមព្រៀង​លើ​ដំណោះ​ស្រាយ​នយោបាយ​ មិន​អាច​យក​មក​អនុវត្ត​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ទេ​ ប្រសិន​បើ​គ្រប់​អ្នក​នយោបាយ​​ចង់​បាន​ប្រទេស​មួយ​ដែលប្រកប​ដោយ​នីតិរដ្ឋ​ មាន​ការ​​គោរព​សិទ្ធិ​មនុស្សពេញ​លេញ​​ និង​ការ​អនុវត្ត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​​ពិតៗ​ ៕​

Friday, November 14, 2014

ជំទាវមុខលុយ ជម្រិតទារលុយពីអ្នករត់តាក់ស៊ី ដោយគ្មានធម៍មេត្តា (ទង្វើដ៏អាក្រក់នោះ ស្មើនឹងការអារកខ្យងយកឈាម)

នៅទីបំផុតប្រាក់៤ពាន់ដុល្លារត្រូវបានបដិសេធពីកាកបាទក្រហមកម្ពុជា មិនទទួលយកលុយ ដែលកើតចេញ​ពីការ​ជម្រិត​​យកលុយលើទុក្ខ​លំបាកអ្នក​ក្រពីសំណាក់​លោកជំទាវម្នាក់​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ដែល​ជាភរិយា​របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមជម្រាបជូនពីសាវតារេឿងដែលពាក់ព័ន្ធនឹងទឹកប្រាក់សំណង៤ពាន់ដុល្លារ ដែលកើត​ចេញពី​សប្បុ​រសជន​អ្នកប្រើ​ប្រាស់​បណ្តាញផ្សព្វផ្សាយសង្គមថ្មី ដើម្បីជួយ​សង្រ្គោះទុក្ខ​លំបាក​របស់​អ្នករត់​តាក់ស៊ីម្នាក់ដែល​ត្រូវបានក្រុម​លោកជំទាវ​អ្នកមាន​អំណាចជិះជាន់ កេងប្រវ័ញ្ច ច្របាច់ក ជំរិតយកលុយ យ៉ាងព្រៃផ្សៃបំផុត!

-សំណងថវិកាចំនួន ៤០០០ពាន់ដុល្លារ ត្រូវបានយកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ និងមិត្តភក្តិរបស់ខ្លួន ៣នាក់ផ្សេងទៀត ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មាន​ការយោគ​យល់​បន្តិច​ណា​ឡើយ ទោះបីបុរសជាអ្នករត់តាក់ស៊ី ធ្លាប់បានសរសេរលិខិតសុំទោស និងសុំក្តីមេត្តា​សណ្តោស​ពីលោកជំទាវទាំង ៤នាក់យ៉ាងណាក្តី។

ទឹកប្រាក់ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរសរត់តាក់ស៊ីនោះទេ ពោលលុយទាំងនេះបានមកពីការរ៉ៃអង្គាស របស់សប្បុរសជន ដែលជាមន្រ្តីធំៗក្នុង​ជួររដ្ឋាភិបាល ​មាន​ទឹកចិត្ត ពោរពេញក្តីសប្បុរស ក្នុងនោះមាន រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញ៉ារីទ្ធ ៥០០ដុល្លារ, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន និង លោក នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ, លោកស្រី LaLa Dalin ១លានរៀល, លោកស្រី នឹម វណ្ណ: ១០០ដុល្លារ, កញ្ញា Sou Chhi ២០០ដុល្លារ, លោក ជុំ កុសល ១០០ដុល្លារ, លោក គឹម សន្តិភាព ១០០ដុល្លារ, លោក ផែង វណ្ណៈ ២០​ម៉ឺន​រៀល..​.​រួមនិងសប្បុរសជនជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏មានការជួយ​ឧបត្ថម្ភពី​ក្រុម​ចលនា​យុវជន​១៥៧ផងដែរ។

លោក ផែង វណ្ណៈ អ្នកផ្តើមគំនិតរៃអង្គាសប្រាក់ពីសប្បុរសជន ជាមួយលោក ព្រំ សាន មន្រ្តីក្រសួងព័ត៌មាន បានថ្លែងប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ទឹកប្រាក់ទាំង ៤ពាន់ដុល្លារ ត្រូវបានរូបលោក និងភរិយារបស់បុរសរត់រថយន្តឈ្នួល ព្រមទាំងលោក ព្រំ សាន យកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រួចរាល់ហើយ ។ រីឯរថយន្តត្រូវបានសមត្ថកិច្ច ប្រគល់ជូនម្ចាស់វិញហើយ ក្រោយបានផ្តល់សំណងរួចរាល់។

លោក ខឹម មករា អ្នករត់តាក់ស៊ីបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា វេលាម៉ោងជិត ៨ព្រឹក រថយន្តតាក់ស៊ីប្រភេទទេសចរ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AA-8934 បើកបរដោយបុរស ឈ្មោះ ខឹម មករា ចេញដំណើរពីចំណតរថយន្តមុខស្ថានីយរថភ្លើង ភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដោយដឹកអ្នកដំណើរ ១៥នាក់។ លុះដល់វេលាម៉ោងប្រហែល ៤៖៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ខណ:ពេលកំពុងបើកបររថយន្តបានខូចដាច់រ៉ូទីល ធ្លាក់ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរមានរងរបួសគ្រោះថ្នាក់អ្វីទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។

ក្រោយកើតហេតុខូចរថយន្ត អ្នកដំណើរចំនួន ១០នាក់ បាននាំគ្នាជិះរថយន្តផ្សេងបន្តដំណើរទៅមុខទៀត លើកលែងតែលោកជំទាវ សម មុន្នីកា និងមិត្តិភក្តិ ៣នាក់ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត និងប្ដឹងឲ្យនគរបាលឃាត់រថយន្តតាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាចរបស់ពួកគាត់ម្នាក់ៗ ១.០០០ដុល្លារ ៤នាក់ស្មើនឹង ៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្តគ្មានលុយឲ្យ រថយន្តត្រូវបាននគរបាលឃាត់ទុក រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនដោះស្រាយ។

ក្រោយពីមានការប្ដឹងពីអ្នកដំណើរ ម្ចាស់រថយន្តតាក់ស៊ី លោក ខឹម មករា បានសរសេរលិខិតសុំទោសចំនួន ២លើករួចហើយ ផ្ញើជូនទៅលោកជំទាវដើមបណ្ដឹង។ នៅក្នុងលិខិតសុំទោស ម្ចាស់រថយន្តបានសារភាពថា គាត់ពិតជាមានការខ្វះខាតត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តមែន។ ប៉ុន្តែលោកជំទាវដើមបណ្ដឹងមិនព្រមអនុគ្រោះនោះឡើយ ដោយនៅតែទទូចចង់ទាមទារសំណង ៤.០០០ដុល្លារដដែល។

ទន្ទឹមនឹងការដោះស្រាយមិនទាន់ចប់ ម្ចាស់រថយន្តបានស្នើសុំរថយន្តទៅជួសជុសប្រើប្រាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត តែគ្មានសមត្ថកិច្ចណាហ៊ានអនុញ្ញាតទេ ដោយសមត្ថកិច្ចលួចបង្ហើបប្រាប់ថា មានអ្នកមានអំណាចបញ្ជាមក មិនឲ្យដោះលែងរថយន្តនោះទេ ។

ដោយក្តីអាណិតអាសូរ និងមើលឃើញថា បុរសរត់រថយន្តទួរីសមានជីវភាពខ្វះខាត មិនមានលទ្ធភាពសង លោក ផែង វណ្ណៈ រួមអ្នកលេងបណ្តាញសង្គម Facebook បានអំពាវនាវស្វែង រកការជួយ ឧត្ថម្ភពីអ្នកមានទឹកចិត្តសប្បុរស រ៉ៃអង្គាសលុយគ្នាតាមទឹកចិត្តសទ្ធា រកលុយបានរហូតគ្រប់ ៤០០០ដុល្លារ ប្រគល់ជូនលោកជំទាវទាំង ៤នាក់ ដើម្បីបញ្ចប់សំណុំរឿងយករថយន្ត ប្រគល់ជូនទៅម្ចាស់ប្រកបរបរ ចិញ្ចឹមជីវិតបន្ត។

សំណុំរឿងប្តឹងផ្តល់ទារសំណង ព្រោះតែការភិតភ័យកើតចេញពីការ ជិះរថយន្តឈ្នួលនេះ បានធ្វើឲ្យក្រុមលោកជំទាវ នៅក្នុងក្រសួងទេសចរណ៍ ដែលគេដឹងថា មានស្វាមីជាមន្រ្តីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃនោះ រងនូវការរិះគន់យ៉ាងចាស់ដៃពីក្រុមអ្នកនិយមលេង Facebook និងមជ្ឈដ្ឋានទូទៅ។ ពួកគេបានហៅការលើកដៃយកលុយ ៤ពាន់ដុល្លារកើតចេញពីការរ៉ៃអង្គាសគ្នា ដែលមានទាំងមន្រ្តីតូចតាចក្នុងក្រសួងទេសចរណ៍ផងនោះថា គឺជាការស្រឡាញ់ទឹកប្រាក់លើសលប់គ្មានទឹកចិត្ត សណ្តោសប្រណីជាសណ្តានថ្លៃថ្នូរជាមនុស្សនោះឡើយ។

ក្រុមអ្នកលេងបណ្តាញសង្គម Facebook បានលើកឡើងបន្តថា ប្រសិនបើបុរសអ្នករត់រថយន្តឈ្នួល ពិតជាបានបើកបរដោយមិនមានការប្រុងប្រយ័ត្ន ជាហេតុបង្កការតក់ស្លុត ដល់លោកជំទាវនោះ យ៉ាងហោចណាស់ពិន័យត្រឹមការសុំទោស ឬការអប់រំដល់ពួកគាត់ ព្រោះអ្នករត់រថយន្តឈ្នួលទឹកប្រាក់ ៤.០០០ដុល្លារ ជាចំនួន មួយដ៏លើសលប់ ជិតស្មើនឹងតម្លៃរថយន្តទៅហើយ ពួកគាត់ប្រាកដជាគ្មានលទ្ធភាពរកសងនោះឡើយ។ តែសោកស្តាយលោក ជំទាវទាំង ៤រូប គ្មានការយោគយល់ នៅតែចិញ្ចឹមចិត្តទារសំណង ៤ពាន់ដុល្លាររហូតបានសម្រេច។

ការទទួលយកលុយដ៏ច្រើន ដែលប្រៀបបាននឹងការអារកខ្យងយកឈាមនេះ គឺត្រូវបានមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុក រិះគន់យ៉ាង​ខ្លាំងពីការ​ខ្វះចិត្តមនុស្សធម៍​របស់លោកជំទាវ​មុខលុយ ហើយកាន់ដំណែងធំក្នុងជួររាជរដ្ឋាភិបាលទៀតនោះ គួរតែត្រូវបានប្រមុខរាជរដ្ឋាភិបាលពិចារណា ថា តើត្រូវទុកមន្ត្រីជាន់ខ្ពស់របៀបហ្នឹងឲ្យស្អុយដល់អ្នកដៃទៃ ឬក៏ត្រូវតែផ្លាស់ប្តូរ ដកហូតដំណែង។

បន្ទាប់ពីមុខក្រាស់ទទួលយកលុយ៤ពាន់ដុល្លារហើយនោះ ជំទាវមុខលុយ សម មុន្នីកា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV បានប៉ុនប៉ង​យកលុយនោះ​ទៅផ្តល់ជូនកាក​បាទក្រហម​កម្ពុជា ។ ប៉ុន្តែ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចេញសេចក្តីជូនព័ត៍មាន ដោយបដិសេធមិនទទួលយកប្រាក់៤ពាន់ដុល្លារនោះជាដាច់ខាត។
សូមអានសេចក្តីជូនព័ត៍មានរបស់កាកបាទក្រហមកម្ពុជា!






ក្រុម​ប្រឹក្សា​ភិបាល​សហជីព​ជាតិ​កម្ពុជា សំដែង​ការគាំទ្រ​ជា​ឯកច្ឆ័ន ចំពោះ​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បប​រមាកម្មករ​ឆ្នាំ២០១៥

ភ្នំពេញៈ នៅថ្ងៃ ព្រហស្បត្តិ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រុមប្រឹក្សាភិបាលសហជីពជាតិកម្ពុជា ដែលមាន​សមាជិ​ក៦៣​សហព័ន្ធ​សហជីព និងមានសមាជិកសរុបទាំងអស់ចំនួនជាង៥០ម៉ឺននាក់ បានធ្វើសន្និសីទសារព៌តមាន ដើម្បីប្រកាស​ពីការគាំ​ទ្រចំពោះ​លទ្ធផល​នៃកិច្ចប្រជុំប្រាក់ឈ្នួលរបស់ កម្មករនិយោជិកឆ្នាំ២០១៥នេះ ដែលតួរលេខចុងក្រោយគឺ១២៨ដុល្លារ។

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិល​មិញ​នេះ​យោង​តាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នៅក្រសួងការងារមានតួរលេខនៃការបោះឆ្នោត សំរេច​ចុងក្រោយ​ឃើញ​ថា​មាន​សម្លេងភាគច្រើន បានបោះគាំទ្រយកការតំឡើង១២៣ដុល្លារ ដែលជាប្រាក់ឈ្នួលទាបបំផុតអប្បបរមារបស់កម្មករ សំរាប់ឆ្នាំ២០១៥។ ក្រោយ​ពីការសំរេចនេះ សមាជិកពេញសិទ្ធ៥រូបក្នុងចំណោម៧រូប ពីខាង សហជីពរបស់ លោក សោម អូន បានចេញ​សេច​ក្តីថ្លែង​ការណ៍មួយមិនពេញចិត្ត និងចំនួន១២៣ ដុល្លារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទី១ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺយើងបាន បង្ហាញការមិនពេញចិត្ត និងសូមឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមទៀត ទៅលើប្រាក់ឈ្នួល ចំនួន១២៣ដុល្លានេះ និងសុំអន្តរាគមន៍ទៅលើការ តំឡើងថ្លៃផ្ទះជួលក៏ដូចជាមធ្យបាយ ធ្វើដំណើររបស់កម្មករ ដែលចេះតែឡើងទៅតាមការតំឡើងប្រាក់ឈ្នួលកម្មករ។ លោក សោម អូន បានបន្តថានៅល្ងាចម្សិលមិញនេះ ដោយមានសេចក្តីថ្លែងការណ៍របស់ខាងសហជីពជាតិ កម្ពុជា និងដោយមានរបាយការណ៍របស់ក្រសួងការងារ ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន បានធ្វើការសំរេចបន្ថែម​៥ដុល្លារទៀតទៅលើលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ ការងារ។

គួរបញ្ជាក់ថាមកដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករផ្លូវការ គឺកម្មករសាកល្បង១ខែ ចំនួន១២៣ដុល្លារ ហើយចំពោះកម្មករពេញសិទ្ធិគឺ១ខែចំនួន១២៨ដុល្លារ។ តួរលេខចុងក្រោយ របស់ក្រសួងនេះគឺក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានសំរេចចិត្តស្វាគមន៍ជាពិសេស គឺគាំទ្រ និងថ្លែងអំណរគុណ ទៅដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរប្រើឆន្ទានុសិទ្ធិក្នុងនាម នាយករដ្ឋមន្ត្រីគឺបន្ថែម៥ដុល្លារទៀតទៅលើលទ្ធផលរបស់យើង។ ដោយឡែកចំពោះការសំដែង ការមិនសប្បាយចិត្តពីខាងសមាគមន៍រោងចក្រកាត់ដេរកម្ពុជា ជុំវិញតួលេខបឋម១២៣ដុល្លារ លោក សោម អូន បានលើកឡើងថារោងចក្រតូចៗដែលដេរស៊ីឈ្នួលរោងចក្រធំៗគឺអាច មានផលប៉ះពាល់ខ្លះៗ ហើយសំរាប់រោងចក្រធំៗ នឹងរោងចក្រមធ្យម លោកគិតថាមានការ ប៉ះពាល់តិចតួច នេះបើតាមអ្វីដែលខាងលោក បានធ្វើការវាយតំលៃបន្ទាប់ពីតំឡើងប្រាក់ឈ្នួល។ នៅក្នុង ដំណោះស្រាយរឿងនេះ លោក សោម អូន បានបង្ហាញជំនឿថារាជរដ្ឋាភិបាលកម្ពុជា និងអាច បើកកិច្ចប្រជុំក្រុមការងារទី៨ រឺយើងហៅថា​ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ដើម្បីស្តាប់នូវសំណូមពររបស់ភាគីនិយោជក ដើម្បីយើងអាចបញ្ចៀសឲ្យបាននូវផល ប៉ះពាល់ធំ ទៅលើវិស័យនេះ។ ចំពោះការតវ៉ារឺការមិនពេញចិត្តនូវលទ្ធផលប្រាក់ឈ្នួលដែលយើងតែងតែ ឃើញកើតមានកន្លងមកពីខាងសហជីពមួយចំនួនតូច​នោះ លោក សោម អូន បានចាប់ អារម្មណ៍ថា ការចរចារពីប្រាក់ឈ្នួលក្នុងប្រទេសប្រជាធិបតេយ្យ គឺតែងតែមិនអាចស្វែងរក ការឯកភាពជាឯកច្ឆ័នបានឡើយ។ ប៉ុន្តែយ៉ាងណាគេត្រូវតែទទួលយក និងគាំទ្រនូវមតិភាគច្រើន ហើយម៉្យាងទៀតវាជាវប្បធម៌ទៅហើយ សំរាប់ប្រទេសកម្ពុជាពាក់ព័ន្ធនិងបញ្ហាប្រាក់ខែនេះ យើងមិនដែលប្រជុំស្វែងរកការឯកភាពជាឯកច្ឆ័ន ពីគ្រប់សហជីពដែលមកពីគ្រប់និន្នាការនយោ បាយនោះទេ។ លោក សោម អូន បានបន្តថាដូចជានៅពេលនេះក្រសួងការងារ រឺក៏គណៈ កម្មការត្រីភាគី បានព្យាយាមប្រជុំដើម្បីស្វែងរកធ្វើយ៉ាងណា ឲ្យមានការឯកភាពគ្នាជាឯកច្ឆ័ន ទាំងអស់គ្នាដែលបានចំណាយរយះពេលប្រជុំដល់ទៅ៦ខែ និងរួមទាំងមានសិក្ខាសាលាដើម្បីជួយ ប្រឹក្សាយោបល់បច្ចេកទេសរូបមន្តពីអង្គការ ILO ផងហើយពីដៃគូរពាក់ព័ន្ធផង ហើយចុងក្រោយ គ្រាន់តែអាចសំរួលថាការសំរេចចុងក្រោយតួលេខគឺនៅជិតគ្នា។ លោក សោម អូន បន្ថែមថា សហជីពមួយចំនួនដែលមិនយល់ស្រប គឺជាសិទ្ធិរបស់គាត់ តែសូមឲ្យការធ្វើសកម្មភាពផ្សេងៗ ធ្វើយ៉ាងណាកុំឲ្យគាត់ប៉ះពាល់ដល់កម្មករ ដែលស្វាគមន៍ហើយពេញចិត្តទៅលើតួលេខនេះ។

គួរកត់សំគាល់ថា បើយើងប្រៀបធៀបទៅនិងការដំឡើងប្រាក់ឈ្នួលនាពេលកន្លងមក គឺលើក នេះមានចំនួនច្រើនជាងលើកមុនៗ ហើយតួលេខនេះជាតួលេខមួយដែលសមស្របទៅតាម ស្ថានភាពសង្គម និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសកម្ពុជាយើង ហើយជាទូទៅយើង សង្កេតឃើញថា ការតំឡើងប្រាក់ឈ្នួល១២៨ដុល្លារនេះ គឺនៅតែធានាបាននូវការប្រកួតប្រជែង និងស្ថេរភាពនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ លោក សោម អូន ​បានគូសបញ្ជាក់ថាទោះបី ជាការសំរេចអំពីប្រាក់ឈ្នួលចុងក្រោយនេះ នៅមិនទាន់មានភាពល្អប្រសើរខ្លាំងសំរាប់ជីវភាព កម្មករក្តី ប៉ុន្តែវាអាចកាត់បន្ថយការលំបាករបស់កម្មករបានខ្លះ ព្រោះកាលណាប្រាក់ខែគោលឡើង ពេលដែលគាត់ធ្វើការថែមម៉ោងនោះ និងធ្វើឲ្យប្រាក់ខែសរុបរបស់ពួកគាត់កើនឡើងខ្ពស់ដែរ។
ដោយៈ ច័ន្ទ ទេវី





Wednesday, November 12, 2014

សេចក្តីថ្លែងការណ៍របស់​សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា

ព្រះមហាក្សត្រ សព្វ ព្រះរាជហឫទ័យ​យាងជាព្រះរាជាធិបតី​ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពន្លត់ភ្លើងជ័យ​បិទទិវាបុណ្យ ឯករាជ្យជាតិ ០៩ វិច្ឆិកា ខួបអនុស្សាវរីយ៍ លើកទី៦១






​សេចក្តីថ្លែង​ការណ៍ របស់ គណបក្ស​ប្រជា​ជនកម្ពុជា​​ ទាត់ចោល​ការចោទប្រកាន់ ​របស់​គណបក្ស​សង្រ្គោះជាតិ លើការ​ចាប់ខ្លួន​មន្រ្តី​មួយចំនួន


សេចក្តីប្រកាសព័ត៌មាន ស្តីពី​ការកំណត់​ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ និង​ផលិត​ស្បែក​ជើង​នៅកម្ពុជា ឆ្នាំ២០១៥



ប្រកាស ស្តីពី​ការកំណត់ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់​កម្មករនិយោជិក ផ្នែកវាយ​នភណ្ឌ កាត់ដេរ និងផលិត​ស្បែកជើង សម្រាបឆ្នាំ២០១៥



សេចក្តីថ្លែងការណ៍ របស់គណៈកម្មការ​ប្រឹក្សាការងារ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​ជួប​សាម​ណ​និស្សិត ‑ និស្សិត​កម្ពុជា ដែល​គង់ និង​បន្តកម្ម​សិក្សា​​នៅ​​​សាធារណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ារ

នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ​២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បានទទួលជួបសាមណនិស្សិត និងនិស្សិតកម្ពុជាចំនួន១១អង្គ-នាក់ ដែលនិមន្ត​មក​គង់និង​បន្តកម្ម​សិក្សានៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ ឯកឧត្តម សៀន ប៊ុនវុធ ឯកអគ្គ​រាជទូតកម្ពុជាប្រចាំ​មីយ៉ាន់​ម៉ារ មាន​ប្រសាសន៍ឲ្យដឹងថា សាមណនិស្សិត និងនិស្សិតទាំង១១អង្គ-នាក់នេះ បាននិមន្តមកគង់ និង​​បំពេញការសិក្សាសាកលវិទ្យាល័យ​ពុទ្ធសាសនទូត​ថេរវាទអន្តរ​ជាតិ ក្នុងទីក្រុងរ៉ង់ហ្គោនថ្នាក់បណ្ឌិតឆ្នាំទី៣ មានចំនួន២អង្គ សាមណនិស្សិតសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី៣ មានមាន២អង្គ សាមណនិស្សិតសិក្សាថ្នាក់​បរិញ្ញាបត្រ ឆ្នាំទី២មានចំនួន២អង្គ សាមណនិស្សិត​សិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ មានចំនួន៤អង្គ និងសមា​ជិកសិស្ស សិក្សាបរិយត្តិធម៌​ខាងក្រៅ​សាកល​វិទ្យាល័យមានចំនួន១រូប  ក្រោមការផ្តល់អាហារូបករណ៍ពី​សំណាក់​រដ្ឋាភិបាលមីយ៉ានីម៉ារ។ ឯកឧត្ត​ម​ឯកអគ្គរាជទូតមានប្រសាសន៍បន្តថា ក្រោមការជួយឧបត្ថម្ភ​ពី​សំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ារ និងការ​ទំនាក់ទំនងជាមួយនិង មន្រ្តីស្ថានទូតកម្ពុជា សាមណនិស្សិត​ទាំង១អង្គ-នាក់នេះ បានធ្វើការសិក្សា​ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍កោតសរសើរ ប្រគេនចំពោះសាមណនិស្សិតទាំងអស់ ដែល​​បានចំណាយកាយពល និងពេលវេលា និមន្តមកគង់ប្រថាប់ដើម្បីបន្តការសិក្សាថ្នាក់ នៅ​សាធា​រ​ណ​រដ្ឋ​សហភាពមីយ៉ាន់ម៉ារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សម្តេចតេជោ ​នាយករដ្ឋមន្រ្តីមានប្រសា សន៍ក្រើនរលឹកដល់សាមណនិស្សិត និស្សិតកម្ពុជាទាំងអស់ ត្រូវបន្តការសិក្សាក្រេបជញ្ជក់នូវចំណេះដឹងដ៏ល្អៗ ពីវប្បធម៌ក៏ដូចជាចំណេះដឹងខាងជំនឿសាសនា ដើម្បី​យកទៅបណ្តុះបណ្តាលជូនដល់សាមណសិស្ស សាមណនិស្សិត និងនិស្សិតកម្ពុជា ដែលមិន​បាននិមន្តនិងមកសិក្សានៅទីនេះ។ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី ក៏បានធ្វើការណែនាំដល់​សាមណ​និស្សិត និងនិស្សិតកម្ពុជាទាំងអស់ ដែលគង់ស្នាក់នៅរៀនសូត្រនៅ ក្នុងប្រទេសមីយ៉ាន់ម៉ារ​នៅ​ពេលនេះ ត្រូវមានមនសិកាគោរពស្រឡាញ់ក្នុងជួរសាមណនិស្សិត និងនិស្សិតទាំងអស់ ពិសេស​ត្រូវ​ចូល​រួមក្នុងកិច្ចការសង្គម និងដើរឲ្យទាន់ពីសន្ទុះនៃការរីកចំរើនរបស់ពិភពលោក ដែលតម្រូវឲ្យ​យើងទាំងអស់គ្នា ត្រូវតែចូលរួមសហការគ្នាដើម្បីពិភពលោកឲ្យមានការរីកចំរើននិងការអភិវឌ្ឍ ពិសេ​​សការរស់នៅក្នុងភាពសុខដុមរមនា និងសុខសន្តិភាព។ ជាមួយគ្នានេះសម្តេចតេ​ជោ​នាយក​រដ្ឋ​មន្រ្តី ​មានប្រសាសន៍ប្រគេន សាមណនិស្សិត និងនិស្សិតទាំង១១អង្គ‑ នាក់ នៅពេល​បញ្ចប់ការ​សិក្សា​នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារហើយនោះ សម្តេចនឹងចំណាយថវិកា​ផ្ទាល់របស់​សម្តេ​ច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការទិញសំបុត្រយន្តហោះវិល​ត្រឡប់ទៅកាន់​មាតុ​ប្រទេស​វិញ។

ព្រះភិក្ខុ កុន សុគាម ប្រធានសមាគមសាមណនិស្សិតខ្មែរ មានសង្ឃដិកាថ្លែងនូវអំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតំលៃ ក្នុងការ ផ្តល់នូវឱកាសឲ្យសាមណនិស្សិតទាំង១១អង្គ‑ នាក់ បានចូលជួបសំដែងការគួរសម ពិសេស​បានទទួលនូវ ការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាប្រទីបនៅ​ក្នុងការសិក្សា​រៀនសូត្រឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសទៅទៀតនោះ គឺដើម្បីដឹង​គុណដល់​រូប​សម្តេចដែលតែងតែផ្តល់នូវ ទំនុកបំរុង ឧបត្ថម្ភ និងជួយសំរួលដល់សាមណនិស្សិតគ្រប់អង្គ បានបន្ត​មក​​សិក្សាក្នុងប្រទេសមីយ៉ាន់ម៉ារ។

សេច​ក្តីជូន​ព័ត៌មាន របស់​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ ពិធីចុះ​ហត្ថ​លេខា​​លើ​លិខិត​ប្តូសារ និង​កំណត់​​ត្រា​ពិភា​ក្សាស្តីពី​​ការ​ផ្តល់​ជំនួយ​​ឥត​សំណង



Tuesday, November 11, 2014

បទយក​ការណ៍ ស្តីពី​​ពិពណ៌​ការងារ​​ថ្នាក់​ជាតិ​​លើកទី​៤ ឆ្នាំ២០១៤ (វគ្គទី១១០)

​អ្នក​ធ្វើ​ការ​នៅ​​​​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​គេដឹង​ថា ជាមេខ្លោង​ញុះញង់​​ និង​ជម្រុញ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​សាធារណៈ

ពល​រដ្ឋ​សហគមន៍​បឹង​កក់៧​នាក់ និង​មនុស្ស​មួយ​ចំ​នួនទៀត ដែល​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ ត្រូវ​បាន​គេទំ​លាយ​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​សាធារណៈ​នៅ​ខាង​មុខសាលារាជធានី​ភ្នំ​ពេញ​កាលពី​ម្សិល​មិញ​ គឺ​ប្រជាពល​រដ្ឋ​ធ្វើ​តាម​ការញុះ​ញង់​និង​ការ​ជម្រុញដោយ​បង្ខំ​​ពី​អ្នក​ធ្វើ​ការឲ្យ​​​វិទ្យុ​អាស៊ី​សេរីតែ​ប៉ុណ្ណោះ​​។

ប្រភព​ច្បាស់​ការពី​មន្ត្រីតុលាការ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សាកសួរ​ចម្លើយ​ អ្នក​ភូមិបឹង​កក់ បាន​បញ្ជាក់​ថា  ​អ្នកធ្វើ​ការឲ្យ​​​វិទ្យុ​អាស៊ី​សេរី​ បាន​​បង្ខំ​ពួកគាត់ ដោយ​និយាយថា «  បើ​​ប្រជាពលរដ្ឋ​នាំ​គ្នា​​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជ​ធានី​ភ្នំ​ពេញ គឺពួក​គេ( វិទ្យុ​អាស៊ី​សេរី​) » នឹង​ជួយ​ផ្សព្វ​ផ្សាយ​ឲ្យ​។

នេះ​មិន​មែន​ជា​លើក​ទី​១ទេ  គឺ​ជានិច្ចកាល​​វិទ្យុ​អាស៊ី​សេរី​ ត្រូវ​បាន​គេដឹង​ថា នៅ​ពី​ក្រោយ​ខ្នង​នៃ​អំ​ពើ​ញុះ​ញង់ អុចអាល​ បះ​បោរ ជម្រុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំ​ពើ​ល្មើសច្បាប់​នានា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​ដឹក​នាំ​មួយ​ចំ​នួន​ធ្វើ​ការ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ គឺ​ភាគ​ច្រើ​នជា​សាច់​ញាតិរបស់​លោក កឹម សុខា ហើយ​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី​តែង​តែ​ទទួល​នូវ​ការ​ណែ​នាំ​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដើម្បី​ផលិត​ព័ត៌មាន​​មិន​ពិត និង​បំ​ពុល​សាធារណៈមតិជាញឹក​ញាប់​។ ​ដោយ​ការ​បំ​រើនយោបាយ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ហើយ ទើបវិទ្យុ​អាស៊ី​សេរី​តែង​តែ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មានភូត​កុហក ប្រាស​ចាក​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈរបបអ្នក​សារព័ត៌មាន​ជាប់​រហូត​មក​ ក្នុង​អ្វី​​ដែល​គេដឹង​យ៉ាង​ច្បាស់​ថា បេសកកម្ម​ដ៏ចម្បង​របស់​វិទ្យុ​អាស៊ី​សេរី​ ក្រៅ​ពី​ការ​ផលិតព័ត៌មាន​បំ​ភ្លើស លំ​អៀង​ គាំទ្រ​គណបក្ស​ប្រឆាំង ដើម្បី​បានទទួល​ប្រាក់​​ខែ​ដ៏​ច្រើន​ពី​សហរដ្ឋ​មេរិក ​វិទ្យុ​អាស៊ី​សេរី​ មាន​ទិសដៅរបស់​ខ្លួន​​ដ៏​សំ​ខាន់​មួយ​ទៀត     គឺចេទនា​បំ​ផ្លាញ​​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​​​សង្គម​ និង​មានបំ​ណង​រុញច្រាន​​ ​​សង្គ​ម​កម្ពុជា​​ឲ្យ​ធ្លាក់​ចូល​ក្នុង​សភាព​វឹក​វរចលាចល។

យោង​តាម​ការ​ប្រកាសព័ត៌មាន​របស់​សាលារាជធានី​ភ្នំ​ពេញ ចុះ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ មាន​ប្រជាពល​រដ្ឋ​តំ​បន់​បឹង​កក់​ប្រមាណ​៤០នាក់  បាន​មក​ប្រមូល​ផ្តុំ​គ្នា​​នៅ​មុខ​សាលារាជ​ធានី​ភ្នំ​ពេញ​ ក្នុ​ង​គោល​បំ​ណង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​លិចទឹក​តំ​បន់​បឹង​កក់ ហើយ​ថា ចំ​ពោះ​សំ​ណើរនេះ​សាលារាជធានី​ភ្នំ​ពេញ​ បានទទួល​យក ​និង​កំ​ពុង​មាន​ចំ​ណាត់​ការ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ដោះ​ស្រាយ​ទឹក​ចេញផុត​ពី​ការ​ជន់​លិច​ក្នុង​តំ​បន់​នោះ។ ប៉ុន្តែ​  ប្រជា​ពេល​រដ្ឋ​ទាំង​នោះ​បាន​ធ្វើ​សកម្ម​ភាព​តវ៉ា​ទាំង​បំ​ពានច្បាប់ ដោយ​បាន​ប្រមូល​ផ្តុំ​គ្នាបិទ​ផ្លូវ​ព្រះ​​​មុន្នី​​វង្ស ដែល​ស្ថិត​នៅ​ចំ​ខាង​មុខ​សាលារាជធានី​ភ្នំ​ពេញ​ បង្ក​ឲ្យ​មាន​ការ​កកស្ទះជា​ខ្លាំង​​ដល់​​ចរាចរណ៍​សា​ធារណៈ ។

 ក្នុង​គោល​បំ​ណង​រក្សាសណ្តាប់​ធ្នាប់ និង​ផល​ប្រយោជន៍​សាធារ​ណៈ​របស់​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​ ទើប​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ខំ​ចិត្ត​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ។

យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា៧៨ បានចែងយ៉ាងច្បាស់ថា ជនណាបាន​ប្រើ​ប្រា​ស់​​មធ្យោបាយណាមួយ ដើម្បីជាឧបកសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្តន្ទាទោសដាក់​ពន្ធនា​គារ ពី​មួយ​(១)ខែ ទៅមួយ(១)ឆ្នាំ និងពិន័យជាប្រាក់ ពី​ម្ភៃម៉ឺនរៀល ទៅពីរលានរៀល ។

គេនៅ​រង់​ចាំ​មើល​ថា តើ​បញ្ហានេះ នឹង​ត្រូវ​បាន​ក្រុម​ប្រឆាំង​ពង្រីក​សាច់​រឿង និង​បង្វែជា​បញ្ហា​នយោបាយ​ដោយ​វិធី​យ៉ាង​ណា​ទៀត​នោះ​ទេ​ ពី​ព្រោះ​ ករណី​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​តំ​បន់​បឹង​កក់ ក៏​មាន​​​​ការ​បកស្រាយ​ប្រាស់​ចាក​អំ​ពី​គោល​ការ​ណ៍​ច្បាប់ ​ដោយ​មន្ត្រី​អង្គ​ការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំ​នួន​ បាន​និយាយគាំ​ទ្រ​ទង្វើ​ល្មើសច្បាប់​ទាំង​ទទឹង​ទិស​ថា ការ​ចាប់​ខ្លួន ជា​ការ​បំ​បិទសិទ្ធិ​បញ្ចេញ​មតិ និង​ជា​ការ​គំ​រាម​កំ​ហែង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ប៉ុន្តែ​ ​ពួក​អង្គ​​ការ​សង្គម​ស៊ី​វិល​ទាំង​នោះ មិន​បាន​លើក​ឡើង​សូម្បី​តែ​មួយ​ម៉ាត់​អំ​ពីមេខ្លោង​នៅ​ពី​ក្រោយ​ខ្នង និង​​​ទង្វើ​​​បំ​ពានច្បាប់ ​នៃ​ការ​បិទ​ផ្លូវ​សាធារ​ណៈ ដែល​នាំ​ឲ្យ​មាន​ការ​រំ​ខាន និង​ប៉ះ​ពាល់​​​​ដល់​សន្តិសុខ សណ្តាប់​សង្គ​ម​នោះ​ឡើយ៕

Monday, November 10, 2014

ចិន​នឹង​​បន្ត​ផ្តល់​​ជំនួយ និង​​គាំទ្រ​​គ្រប់​បែប​​យ៉ាង​​ដល់​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ​​របស់​​ប្រទេស​​កម្ពុជា

​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ឲ្យដឹង​ថា ប្រទេសចិន​នឹង​បន្ត​ផ្តល់​ជំនួយ និង​បន្តការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែរីក​ចម្រើន ទ្វេ​ឡើង​ថែមទៀត។

គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នា​ល្ងាច​ថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០១៤ បាន​និវត្តន៍​មកកាន់​មាតុ​ប្រទេស​វិញ ប្រកប​ដោយ​សុខ​សុវត្ថិភាព បន្ទាប់​ពី​បាន​ចំណាយ​ពេល ៣ថ្ងៃ នៅ​ទីក្រុង​បេកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដើម្បីពង្រឹង​ភាពជា​ដៃគូ​នៃ​ការ​តភ្ជាប់ ​និង​កិច្ច​ប្រជុំ​កំពូល​នាយក​ប្រតិបត្តិ ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ាស៊ីហ្វិក(APEC) ដែលចាប់ផ្តើម ពីថ្ងៃ​ទី​៧ ដល់ ថ្ងៃទី​៩​ខែវិច្ឆិកា ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​ប៉េកាំង​។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី ដែល​អម​ដំណើរ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅទីក្រុងប៉េកាំង នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន រយៈ​ពេល​៣​ថ្ងៃ គឺនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ ក្រៅ​ពី​អញ្ជើញ​ចូលរួម ក្នុង​កិច្ចសន្ទនា និង​កិច្ច​ប្រជុំ​កំពូល​ខាងលើ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏​បាន​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយប្រធានា ធិបតីចិន ឯកឧត្តម ស៊ី ជីនភីង(XI Jinping), ជាមួយ​អនុ​ប្រធា​នា​ធិបតី​ចិន ឯកឧត្តម លីយ៉ុនចាវ (LI Yuanchao) និង​ទទួល​ជួប​ជាមួយ ឯកឧត្តម វង់ ជារុយ អនុប្រធាន​សភា​ពិគ្រោះ​នយោបាយ និង​ជារដ្ឋមន្រ្តីគណៈ​ទាក់ទង​អន្តរជាតិ​នៃគណៈកម្មាធិការ​កណ្តាល​បក្សកុម្មុយ​នីស្ត​ចិន និង​បាន​អនុញ្ញាត​ឲ្យប្រធាន​ក្រុមហ៊ុន​ចិន​ចំនួន​បី ផ្សេង​ទៀត ចូលជួប​សំដែង​ការគួរសម​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ពេល​នៃជំនួប​ពិភាក្សា ជាមួយ​នឹង​ការ​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​សម្ដេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជារៀងដ៍រាប​មក បាន​ប្រកាន់​ជំហរ​គាំទ្រ​នយោ​បាយ «ចិនតែមួយ» នោះ​ ឯកឧត្តម​ ស៊ី ជិនភីង (XI Jinping) ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បញ្ជាក់​ថា ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ និង​បន្ត​ការគាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែរីក​ចម្រើន​ទ្វេ​ឡើង​ថែម​ទៀត។ ដោយ​ឡែកទាក់​ទិន​នឹងទំនាក់​ទំនង​ទ្វេ​ភាគី សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​ស្នើ​ឲ្យ​ភាគីចិន​បន្ត​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឲ្យកាន់​តែ​ស្អិត​ល្មួត​ទ្វេឡើង​ថែម​ទៀត ជាពិសេស​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្រប់​កំរិត ចាប់​តាំង​ពីថ្នាក់​ដឹកនាំ​នយោ​បាយ រហូត​ដល់​កំរិត​មហាជន និង​ប្រជាជន, បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុងការ​រៀបចំ​ការ​ចងសម្ព័ន្ធ​មេត្រី​ភាព រវាង​ខេត្ត និងខេត្ត ទីក្រុង និងទីក្រុង នៃ​ប្រទេស​ទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ជាពិសេស​ការ​ផ្លាស់​ប្តូរ​យុវជន ក៏ដូចជា​សមាគមនារី នៃ​ប្រទេស​ទាំង​ពីរ។

សម្តេច​តេជោក៏​បាន​ស្នើ​ដល់ភាគី​ចិនផង​ដែរ​ឲ្យបន្តជួយ​គាំទ្រ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការផ្តល់​កម្ចី​ហិរញ្ញប្បទាន ពី៥០០​លាន​ដុល្លា ទៅ៧០០​លាន ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ និង​បើក​ចំហ​ទីផ្សារ​របស់​ប្រទេស​ចិន ក្នុងការ​ទទួល​យក​កសិផល​កម្ពុជា ពិសេស​ការនាំ​ចូល​អង្ករ​ពី​កម្ពុជា មកកាន់​ប្រទេស​ចិន​ និង​បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​ចិន ជួយ​ជំរុញ​ទេសចរណ៍​ចិន មក​កាន់​កម្ពុជា ឲ្យ​កាន់​តែច្រើន​ឡើង​ថែម​ទៀត ដោយ​កម្ពុជា​ចង់​ឃើញ​ទេសចរណ៍​ចិន ឈរ​ក្នុង​អាត្រា​កំណើន​ចំណាត់​ថ្នាក់​ទី១​នៅ​កម្ពុជា។

ដោយផ្អែក​លើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (ចិន-កម្ពុជា) ឈាន​ដល់​កំរិត​ទំនាក់​ទំនង​កិច្ច​សហប្រតិការ​ ​ដៃគូយុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​ប្រធានាធិបតីចិន បាន​លើក​ឡើងថា ចិន​បាន​ចាត់​ទុក​កម្ពុជា គឺជា​ប្រទេស​ដ៏មាន​សារៈ​សំខាន់ និង​ចាត់​ទុក សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ គឺជាមិត្ត និង​ជា​បងប្អូន។ ​ប្រទេស​ចិន​នឹង​ស្វាគមន៍​ជានិច្ច ចំពោះ​វត្តមាន​សម្តេចតេជោ​សែន ក្នុង​ការ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ ក្នុង​នោះ​ដែរ ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​អំពីការ​ជួយ​ឧបត្ថម្ភ​ដល់​យុវជ​នក​ម្ពុជា ចំនួន​១០០​នាក់ ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ២០១៥​ផងដែរ។

គួបញ្ជា​ក់ផងដែរ​ថា ឯកឧត្តម ស៊ី ជីពីង ប្រធានាធិបតី​ចិន នៅក្នុង​ពិធី​បើក​កិច្ចសន្ទនា​ ស្តីពី​ការពង្រឹង​ ភាពជា​ដៃគូ នៃ​ការត​ភ្ជាប់​(Dialogue on Strengthening Connectivity Partnership) របស់​កិច្ចប្រជុំ​កំពូល​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក (APEC) ដែល​បាន​ប្រារព្ធ​ពិធីបើក​ជា​ផ្លូវការ​ នៅ​រសៀល​ថ្ងៃទី ៨ ខែ វិច្ឆិកា នៅ​ទីក្រុង​ប៉េកាំង​ បាន​មានប្រសាសន៍ថា រដ្ឋាភិបាលចិន ​នឹង​ចំណាយ​ថវិកា​ប្រមាណ ៤ពាន់​លាន​ដុល្លារ ​អាមេរិក ដើម្បី​បង្កើត​ផ្លូវដែក ​នៅក្នុងប្រទេស​ប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ារ ឡាវ កម្ពុជា ម៉ុង​ហ្គោ​លី និង តាជី​គី​ស្ថាន និងប្រទេស​ចិន។ ការប្រកាសនេះគឺចិនចង់បញ្ជាក់ថា ​គោលដៅ​សំខាន់ៗ​របស់​ចិន ​ទាំង​អតីត​កាល​បច្ចុប្បន្នកាល​ និង​អនាគត ​គឺ​ធ្វើការ​រួមចំណែក​លើ​ការកសាង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​និង​សំខាន់​បំផុត​គឺ​រួមចំណែក​កសាង​ជាមួយ និងបណ្តា​ប្រទេស​ផ្លូវ​សូត្រ ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ។

ដូចគ្នា​និង​សុន្ទរកថា ​របស់​បណ្តា​មេដឹកនាំ​ នៃ​ប្រទេស​ដែលជា​ដៃគូត​ភ្ជាប់ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះ​រាជាណាចក្រ​​កម្ពុ​ជាបានមាន​ប្រសាសន៍ចាត់​ទុក​ថា ​ផែនការមេ ស្តីពី​ការតភ្ជាប់​តំបន់      អាស៊ាន បាន​បង្កើត​ក្របខណ្ឌ​ មិន​ត្រឹមតែ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ជា​វេទិកា ​សម្រាប់​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ ពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​បូក​១ និង​អាស៊ាន​​បូក​៣ ​ដើម្បី​ផ្តល់​ការគាំទ្រ ​ដល់​ការអនុវត្ត​ផែនការ​មេនោះ​ ទាំង​ការតភ្ជាប់ហេ​ដ្ឋារចនាសម្ព័ន្ធផ្នែក​រឹង​ និង​ផ្នែក​ទន់​ ជាពិសេស​លើ​ការតភ្ជាប់​គមនាគមន៍ ​ទាំងផ្លូវគោក ​ផ្លូវទឹក ផ្លូវ​រដែក (ផ្លូវរថភ្លើង) និងផ្លូ​វ​អាកាស​ ​ព្រមទាំង​ការតភ្ជាប់​នាវា​សមុទ្រជាដើម។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការស្វាគមន៍ និង​ការគាំទ្រ​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម ​ខ្សែក្រ វ៉ាត់​ផ្លូវ​សេដ្ឋកិច្ច​សូត្រ​ និង​ផ្លូវ​សូត្រ​សមុទ្រ​ សម្រាប់​សតវត្ស​ទី២១ ដែល​នឹង​ធានា​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាចរួមចំណែក​ដល់​ការតភ្ជាប់ ​កាន់តែ​ទូលំទូលាយ ​និង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ រវាង​គ្រប់​អនុតំបន់​ និងបានស្វាគមន៍ ​ចំពោះ​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​ដែលជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ចិន ​និង​មានជំនឿថា ​ធនាគារ​នោះ ​នឹង​ផ្តល់​អាទិភាព ជាពិសេស​ដល់​សេចក្តីត្រូវការ ​ក្នុង​ការតភ្ជាប់​ទាំង​របស់​អាស៊ាន​ និយាយ​ជារួម និង​ទាំង​របស់​កម្ពុជា​ និយាយ​ដោយឡែក​៕









សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈប្រតិភូ ទៅប្រជុំនៅសាធារណៈរដ្ឋប្រជាមានិតចិន