Friday, January 10, 2014

រាជ​​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​បៀវត្ស​មូលដ្ឋាន​ជូន​មន្ត្រី​រាជ​ការ​ស៊ីវិល​ ការ​បង្កើន​ប្រាក់​អាហារ​ប្រចាំ​ជូន​យោធិន​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធធានាគារ និង​ការ​ផ្តល់​ប្រាក់​​កម្រៃ​បន្ថែម​ជូន​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា

 



សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធ​ផល នៃ​សម័យ​ប្រជុំ​ពេញ​អ​ង្គ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៤




បទអត្ថាធិប្បាយ៖ រ៉ុង ឈុន និងគូកន កំពុងតាំងខ្លួនជាឧក្រិដ្ឋជនបង្កវិទ្ធង្សនាសេដ្ឋកិច្ច

នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅថ្មីៗនេះ លោក រ៉ុង ឈុន និងគូកនបានតាំង ខ្លួនជាឧក្រិដ្ឋជន បង្កវិទ្ធង្សនា ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ តាមរយៈការ ដឹកនាំធ្វើបាតុកម្ម កូដកម្ម ដែលបានឈានដល់កុប្បកម្ម។ ហើយអំពើកុប្បកម្មយ៉ាងអនាធិបតេយ្យនេះ ក៏បានឈានដល់បង្កើតអោយមានការរំលោភសិទ្ធិការងាររបស់កម្មករ កម្មការិនី ទូទាំងប្រទេស ព្រមទាំងវាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ និងបង្កភាពគ្មានសណ្តាប់ធ្នាប់សង្គម តាមរយៈការបិទផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ។ តើនេះអាចជាទង្វើបែបវិទ្ធង្សនារបស់លោក រ៉ុង ឈុន និងគូកន ដើម្បីបំផ្លាញសេដ្ឋកិច្ចជាតិ និងសេចក្តីសុខសាន្តរបស់មហាជនទូទៅដែរឬទេ? តើ រ៉ុង ឈុន និងគូកន បាននិងកំពុងរំខានការរកស៊ីទទួលទានរបស់អ្នកវិនិយោគទុនក្នុងស្រុក និងអ្នកវិនិយោគទុនបរទេសឬទេ? តើមហាជនទូទៅអាចទទួលយកការរំខានទាំងអស់នោះ ដែលបង្កឡើងដោយលោក រ៉ុង ឈុន និងគូនកន បានឬទេ?
ជាការពិតណាស់ មហាជនទូទៅ មិនអាចទទួលយកបាន នូវការរំខានដល់ការរកស៊ីទទូលទានរបស់ពួកគេ តាមរយៈការធ្វើកូដកម្ម និងកុប្បកម្មយ៉ាងអនាធិបតេយ្យ ព្រមទាំងបំផ្លាញលទ្ធិប្រជាធិបតេយ្យបានឡើយ។ ប៉ុន្តែ ការធ្វើបាតុកម្ម និងកូដកម្មណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគោរពច្បាប់ និងមិនធ្វើអោយខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ពិសេសទ្រព្យសម្បត្តិឯកជនរបស់វិនិយោគិនបរទេស ដែលកំពុងរកស៊ីទទួលទានយ៉ាងសុខសាន្ត និងកក់ក្តៅក្នុងប្រទេស​​​​​​​កម្ពុជា។
គួរកត់សំគាល់ថា ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានចាប់ផ្តើមរីកចំរើនតាំងពីឆ្នាំ ១៩៩៤ មកម្លេះ ដែលបងើ្កតបានជិតមួយពាន់រោងចក្រ ក្នុងព្រះរាជាណាចក្រកម្ពុជាហើយបានផ្តល់ការងារប្រមាណ ប្រាំមួយសែន ដល់យុវជន យុវនារីខ្មែរ។​ តាមរយៈការងារនេះ ពិតជាបានផ្តល់នូវជីវភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដល់បងប្អូនកម្មករ កម្មការិនី និងដល់គ្រួសាររបស់ពួកគេផងដែរ។ ម្យ៉ាងវិញទៀត ការហូរចូលវិនិយោគិនបរទេសនេះ បានជំរុញយ៉ាងប្រត្យក្ស នូវកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន ដែលគេចាត់ទុកកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់។
អ្វីដែលបានរៀបរាប់ខាងលើ បានបង្ហាញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋា​​ភិបាល ក្នុងការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរបស់កម្មករ កម្មការិនី ក៏ដូចជាជីវភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសទាំងអស់ផងដែរ។
ម្យ៉ាងទៀត ថ្មីៗនេះ រាជរដ្ឋាភិបាលបានសំរេចបង្កើនប្រាក់ឈ្នួលអប្បបរមាពី ៨០​ដុល្លារ ដល់​ ១០០ដុល្លារអាមេរិក សំរាប់កម្មករ កម្មការិនី ដោយបន្ថែមលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលមានស្រាប់។
ផ្ទុយទៅវិញ លោក រ៉ុង ឈុន និងគូកន មិនបានឯកភាពនឹងសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល និងផលវិបានៅចំពោះមុខ អំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នឡើយ។​ លោក រ៉ុង ឈុន បែរជាសំរេចយកការធ្វើបាតុកម្ម និងកូដកម្ម ជាឧបករណ៍នយោបាយ ដើម្បីសំរេចគោលដៅរបស់ខ្លួន និងគូកនដោយខុសច្បាប់ទៅវិញ ដោយមិនបានគិតពីផលវិបាកនានាដែលអាចកើតចេញពីការផ្ទុះបាតុកម្ម និងកូដកម្មនោះឡើយ។​ លោក រ៉ុង ឈុន ​​ភ្លេចគិតថា ខ្លួនជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ដែលជាសហជីពខុសច្បាប់​ ដែល​មាន​ទំនោរ​គាំទ្រ​កម្មវិធី​នយោបាយ​របស់គណបក្ស​ប្រឆាំង​។​ ទង្វើខុសច្បាប់របស់លោក រ៉ុង ឈុន នេះ គឺគ្មានការ​​ទទួលខុសត្រូវដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេស ផលវិបាកនានាដែលកើតចេញពីអំពើញុះញង់របស់ខ្លួនឡើយ។​

ដូច្នេះ សកម្មភាពរបស់លោក រ៉ុង ឈុន និងគូកន ពិតជាបានបង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជនរបស់វិនិយោគិន និងដល់ផលប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនី ដែលពួកគេចង់ធ្វើការងារដែលមហាជនទូទៅមិនអាចទទួលយកបានឡើយ ហើយសកម្មភាពទាំងអស់នេះ ពិតជាទង្វើវិទ្ធង្សនាបំផ្លាញសេដ្ឋកិច្ចជាតិ និងអសន្តិសុខសង្គមផងដែរ។