Wednesday, January 15, 2014

កាលពី៣៥ ឆ្នាំមុន កូនមាសឳពុក...






បទអត្ថាធិប្បាយ៖ ល្បិចស្វា ចង់​ពាក់ស្បែកចចក!

 អត្តបទដោយ: ឧត្តម សក្តិ


មេដឹកនាំគណបក្សប្រឆាំងដែលកំពុងប្រឈមជាមួយនិតិវិធីផ្លូវច្បាប់ តាមដីកាកោះ​របស់​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំនុំរឿងព្រហ្មទណ្ឌ ដើម្បី​សាកសួរ​ដំណើររឿង ការញុះញុងអោយប្រព្រឹត្តបទឧក្រិដ្ឌ ឬប្រព្រឹត្តអំពើបង្កអោយមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​សង្គម បាន​ប៉ុន​ប៉ង​ចាប់​យក​អ្នក​ដទៃ ហើយ​នឹង​បង្វែបញ្ហា​ទៅ​កាន់​តុលាការ​អន្តរជាតិ​ ដើម្បី​បិទ​បាំង​​កំ​ហុសរបស់​ខ្លួន​។

វាជា​ការ​ប្រញ៉ាប់​ប្រញាល់​ហួសហេតុ​ពេក នៅ​ពេល​ដែល​បុគ្គល​ជាអ្នក​ដទៃ គេមិន​បាន​អើពើ រវល់ ឬ​ឯកភាពណាមួយ ​ដើម្បី​ការ​អម​ដំ​ណើ​រទៅ​ជា​មួយ​ក្រុម​ខ្លួន​ដែលមាន​កាតព្វ​កិច្ច​បំ​ភ្លឺ​​នៅ​ចំ​ពោះ​មុខតំ​ណាង​អយ្យ​ការ​នោះ​។

១សប្តាហ៍មុន​ពេល​ចូល​ខ្លួន​ទៅ​បំ​ភ្លឺនៅ​តុលាការ ​គណបក្ស​សង្គ្រោះ​ជាតិ​ បានចេញ​ផ្សាយ​សេចក្តី​ជូនដំណឹងប្រកាសជា​សាធារណៈ នៅ​ថ្ងៃទី៩មករា ថា លោក​ស៊ូ​ប៊ែ​ឌី​នឹងចូលរួម​អម​ដំណើរ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​​សាលា​ដំបូង​​រាជធានីភ្នំ​ពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី១៤ ខែមករា។ ប៉ុន្តែ ការពិត​វា គឺជា​ការ​បំ​ភ្លើស​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ដោយ​គ្មាន​ការអៀន​ខ្មាស ពី​ព្រោះ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា អ្នក​រាយកាណ៍​របស់​អង្គការ​សហប្រ​ជា​ជាតិ​​ស្តី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជារូប​នេះ​​ មិន​បាន​ទៅ​បង្ហាញ​វត្តមាន​នៅ​តុលាការ​នោះ​ឡើយ។

ហេតុផល​នៅពី​ក្រោយ​ការ​បដិសេធ​ មិន​ចូល​រួម​អម​ដំ​ណើ​ររបស់​ លោក ស៊ូយ៉ា​ ស៊ូ​ប៊ែឌី ជា​មួយ​មេបក្ស​ប្រឆាំង​ទាំង​ពីរ គឺបានវាយ​បំ​បាក់​នូវ​គោល​បំ​ណង​របស់​ពួក​គេ ដែលខ្លួន​ឯង​ប្រៀប​​បាន​​នឹង​ស្វា ​តែង​តែ​ស្រមៃ ចង់​ពាក់​ស្បែក​​ចចក​នោះ។

គេបាន​ដឹង​ថា ជាការ​សំ​ញើញ​ឬទ្ធិបន្ថែម​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាសដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​តុ​លាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ នៅ​ពេល​ដែល​ធាតុ​ផ្សំ​​នៃ​បទ​ល្មើសនានារបស់​មេបក្ស​ប្រឆាំង នៅ​ពី​ក្រោយ​ការញុះញុង​អោយ​ប្រព្រឹ​ត្ត​​បទ​​​ឧក្រិដ្ឌ ឬ​ប្រព្រឹត្តអំពើបង្កអោយមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​សង្គម ត្រូវ​បាន​តុលាការ​កំ​ពុង​ស៊ើប​អង្កេត​បន្ត​។

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្យាយាមនាំ​យក​ករណី​នេះ​ទៅកាន់​​តុ​លាការ​ព្រហ្ម​ទណ្ឌ​ អន្តរជាតិ​ គឺ​គ្រាន់​តែ​ជាការ​រន្ថើន​វោ​ហារ​ស័ព្ទនយោ​បាយ​ ដើម្បី​បំ​ពងសំ​ឡេង​ឲ្យ​អន្តរជាតិ​ឮ តែ​ប៉ុណ្ណោះ​ ។

ដោយដឹងយ៉ាងច្បាស់ថា ពួកខ្លួនអាចនឹងមានទោសបន្ទាប់ពីបានបង្ករសកម្មភាព បំផុស បំផុលចលនាបះបោរបែប​អនាធិបតេយ្យ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន បំពុល​បរិយាកាស​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈក្នុងគោលដៅផ្ដួល​រំលំរាជរដ្ឋាភិបាល ស្រប​ច្បាប់ តាមរូបភាពបដិវត្ត​ន៍​​មហាជន​បែបហិង្សា​ ក្នុងទម្រង់​នៃសកម្មភាពជាច្រើ​ន​បែប​ច្រើន​យ៉ាង​ រួម​មាន​ទាំង​​ហិង្សាលើ​សកម្មភាព ពាក្យ​សម្ដី សម្ភារៈ ដែលជាកំហុសមានការជាប់ជំ​ពាក់​ចូល​យ៉ាង​ជ្រៅក្នុងសំនុំរឿងព្រហ្មទណ្ឌ ។

បក្ស​ប្រឆាំង​ បាន​ប្រកាន់​នូវ​ទម្លាប់បំ​ពាន​ច្បាប់​ និងការ​​ព្យាយាម​យក​ជាតិសាសន៍​ដទៃ​ជាខែល ដើម្បីធ្វើ​ជារបាំងការពារ​​កំហុស និង​បទល្មើរបស់ខ្លួន ស្របពេលដែលលោក​ ស៊ូរិ​យ៉ា ប្រាសាទ ស៊ូប៊ែឌី​ អ្នក​រាយ​ការណ៍​​​ពិសេស​​អង្គការ​​សហ​ប្រជាជាតិ​​ស្តីពី​​បញ្ហា​​សិទ្ធិមនុស្ស​​នៅ​កម្ពុជា​ បានធ្វើ​​ដំណើរ​ទស្សនកិច្ច​តាម​ទម្លាប់ជាធម្មតា និង​ជាប្រចាំ ​ដែល​ជានិច្ចកាល​ត្រូវធ្វើ​ឡើង២ដង​ក្នុង​មួយឆ្នាំ។

តើ ស៊ូប៊ែឌី​ ដែលមានតួនាទីជាការទូត ជាអ្នករាយការណ៍​​ពិសេស​​អង្គការ​​សហ​ប្រជា​ជាតិ​​ស្តីពី​​បញ្ហា​​សិទ្ធិមនុស្ស​​នៅកម្ពុជា ស្ម័គ្រចិត្តធ្វើ​ជាជើងកាង ឬអ្នកហែហម​ក្រុមប្រឆាំង​នៅ​កម្ពុជា​ដែរ​ឬទេ?

ទោះជា​យ៉ាងណាក៏ដោយ អ្វីដែលក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ​កម្ពុជាមើល​ឃើញ ទាក់ទង​នឹង​សេចក្តីប្រកាស់ពត័មានរបស់បក្សប្រឆាំងដោយភ្ជាប់ លោក​ស៊ូ​ប៊ែ​ឌី​ ក្នុង​សំណុំ​រឿង​ក្តីក្តាំ​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា​នោះ បើយោងតាមការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បានប្រកាស​នៅក្នុង​គេហទំព័រ​របស់ខ្លួន​ជា​ភាសា​អង់គ្លេស​ថា វត្តមាន​​របស់​លោក​​ស៊ូ​ប៊ែឌី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី១៤មករា​នោះ មិន​មាន​​នៅក្នុង​កម្មវិធី​ទស្សនកិច្ច​​របស់លោក ​ពីថ្ងៃ​ទី១២ដល់​ថ្ងៃទី១៧មករា​នោះទេ ។

ប៉ុន្តែ អ្វីដែល​គួរឱ្យ​ភ្ញាក់​ផ្អើល និង​កត់​សម្គាល់​នូវ​សញ្ញាវិជ្ជមានជា​ផ្នែក​មួយ​នៃទំ​នាក់​ទំ​នង​ឈាន​ទៅ​រក​ការ​វិវឌ្ឍទៅ​មុខនៃ​ភាព​រឹង​មាំ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ត្រូវ​បាន​ស្តែង​ឡើង​តាម​រយៈការ​ផ្តល់​ឱ្យ​កាសដល់​លោក ស៊ូយ៉ា ស៊ូ​ប៊ែឌី បាន​ចូល​ជួប​សំ​ដែង​ការ​គួរសម​ និង​ពិភាក្សាការងារ​មួយ​ចំ​នួន​ ជា​មួយ​សម្តេច​តេជោ ទើប​ជា​ព័ត៌មាន​ដែល​មហាជន​ចង់​ដឹង​ ចង់​ឃើញ​ បន្ទាប់​ពី​សម្តេច​តេជោ បាន​បិទ​ផ្លូវចំ​ពោះ​លោក​ ស៊ូ​យ៉ា​ ស៊ូ​ប៊ែឌី មួយ​រយៈកន្លង​មក​នេះ​។

សរុបមកសកម្មភាពទាំងនេះ អាចសរបញ្ជាក់អោយឃើញកាន់តែច្បាស់ណាស់ថា បក្ស​ប្រឆាំងកំពុងប្រើល្បិចនយោបាយ ស្វាប៉ុនប៉ង​ពាក់ស្បែកចចក ដើម្បីការពារខ្លួន​ពីគ្រោះភ័យដែល​បង្កទ្បើងដោយខ្លួនឯង ។

 បើទោះជា លោក​សម រង្ស៊ី និង​លោក​កឹម សុខា ព្យាយាម យកស្បែក អ្នក​រាយការ​ណ៍​​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​​​នៅ​កម្ពុជា លោក​ស៊ូយ៉ា ស៊ូ​ប៊ែឌី និង តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​មកគ្រប​ដណ្តប់​យ៉ាងណាក៏ដោយចុះ ក៏មិន​អាច​គេចផុតពីវិធានការផ្លូវច្បាប់របស់កម្ពុជាបានដែរ ព្រោះកម្ពុជាជា​រដ្ឋអធិបតេយ្យ មានឯករាជ្យភាព មាន​រដ្ឋធម្មនុញ្ញ ដែលមិនអាចមានបុគ្គល​ណាម្នាក់​រំលោភលើឆន្ទានុសិទ្ធិ​របស់តុលាការបាន​ទ្បើយ៕