Monday, January 20, 2014

សម្ដេច​​តេជោ​​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើ​​ប្រាស់​​ភូមិ​​កុមារ SOS​ ក្រចេះ

នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ​ឆ្នាំ២០១៤ ​​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​ ភូមិ​កុមារ SOS ក្រចេះ ស្ថិត​នៅក្នុង​សង្កាត់​អូរឫស្សី ​ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​ជា​សមិទ្ធផល​ទី៩ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ជាមួយ​អង្គការ​ភូមិ​កុមារ​ SOS ​អន្តរ​ជាតិ។

ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទូទៅ ដែលបាន​បរិច្ចាគ​ធនធាន​ឧបត្ថម្ភ​ដល់​អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ និង​ក្នុង​នាម​រាជ​រដ្ឋាភិ​បាល​កម្ពុជា សម្តេច​តេជោ​បាន​ឯកភាព​ផ្ដល់​ទីតាំង​សម្រាប់​កសាងភូមិ​កុមារ SOS ចំនួន​២ កន្លែង​ទៀត នៅ​ខេត្តកំពត និង​ខេត្តព្រៃវែង។ សម្រាប់​គម្រោង​នៅ​ខេត្តកំពត ដែល​ជា​គម្រោង​ទី១០ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ត្រៀម​ទីតាំង ដែល​មាន​ផ្ទៃដី​ទំហំ ៣ហិកតា ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់នា​ដើម​ឆ្នាំ​២០១៤​នេះ។

ដោយ​ឡែក​សម្រាប់​ ភូមិ​កុមារ SOS ក្រចេះ ដែល​​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ដោយ​សម្តេច​តេជោ ត្រូវ​​បាន​សាងសង់​លើ​ទីតាំង​ដី​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា ដែល​មាន​ទំហំ​១០ ២៣០ ម៉ែត្រក្រឡា​ស្ថិត​នៅក្នុង​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ ខេត្តក្រចេះ។  ភូមិ​កុមារ SOS ក្រចេះ ​បាន​ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី ២៥ មករា ឆ្នាំ ២០១២ និង​បាន​បញ្ចប់​គម្រោង​សាងសង់​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០១៣។ ភូមិ​កុមារ SOS ក្រចេះ​មាន​ អាគារ​ចំនួន​១៨ ក្នុងនោះ​មានផ្ទះ​គ្រួសារ​ចំនួន​១២ ផ្ទះ​សហគមន៍​១ ផ្ទះ​ភ្ញៀវ​ស្នាក់នៅ​១ ផ្ទះ​បុគ្គលិក​១​អាគារ​ការិយាល័យ១ ផ្ទះ​មេភូមិ​១ និង​សាលា​មត្តេយ្យ​ចំនួន​១។ ភូមិ​នេះ​អាច​ទទួល​កុមារ​ស្នាក់​នៅ​បាន ​១៣០នាក់ និង​អាច​ទទួល​សិស្ស​ចូលរៀន​សាលា​មត្តេយ្យ​សិក្សា​ចំនួន​ ១២០​នាក់។

ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ និង​យុវនីតិ​សម្បទា​បាន​ឲ្យ​ដឹង​ថា តម្លៃ​លើ​ការសាងសង់ និង​បំពាក់​សម្ភារ​សម្រាប់​ភូមិ​កុមារ SOS ក្រចេះ ចំណាយថវិកា​សរុប​ជាង ១ ៣៣៣ ៤៨៤ ដុល្លារ​អាមេរិក​ ជា​ថវិកា​របស់​អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ ដែល​ជា​ថវិកា​ឧបត្ថម្ភ​ដោយ លោក ស្ទី​ហ្វិ​ន (Mr.Stefam) និង​លោកស្រី គ្រីស្ទី​ន បេង​សុន​(Mrs.Kristin Bengtsson) ជនជាតិ​ស៊ុយអែត។

សូម​បញ្ជាក់​ថា អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ ​ជា​អង្គការ​មនុស្សធម៌​អន្តរជាតិ មួយ​ដែល​បម្រើ​ឲ្យ​វិស័យ​សុខុមាលភាព​កុមារ មាន​ទីស្នាក់ការ​នៅ​ប្រទេស​អូទ្រីស និង​បាន​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត ហ័​រ​ម៉ាន ម៉ៃ​ន័​រ នៅ​ឆ្នាំ ១៩៤៩ ដោយ​បាន​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ចំនួន​១៣៣ នៅ​លើ​សកលលោក។ សមិទ្ធផល​ធំៗ​ដែល​អង្គការ​នេះ​បានរួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា រួមមាន​ការបង្កើត​ភូមិ​កុមារ​កម្មវិធី​ផ្ទះ សម្រាប់​ផ្តល់​សេវា​សង្គមកិច្ច​ផ្ទះ​សម្រាប់​យុវជន មត្តេយ្យសាលា សាលារៀន​ហ័​រ​ម៉ាន​ម៉ៃ​ន័​រ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ និង​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​ជាដើម។

ក្នុង​រយៈពេល​ជាង ១០ឆ្នាំ គិតពី​ឆ្នាំ​១៩៩៩ មកដល់ពេលនេះ អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ​បាន​អនុវត្តន៍​គម្រោង​ចំនួន៩ នៅ៥ រាជធានី​-​ខេត្ត គឺ​គម្រោង​ទី​១ គឺ​ភូមិ​កុមារ SOS ភ្នំពេញ​ថ្មី ទី​២​ភូមិ​កុមារ SOS អង្គរ​សៀមរាប ទី​៣​សាលារៀន SOS​ហ័​រ​ម៉ាន​ម៉ៃ​ន័​រ​សៀមរាប ទី​៤ ភូមិ​កុមារ SOS បាត់ដំបង ទី​៥ សាលារៀន SOS​ហ័​រ​ម៉ាន​ម៉ៃ​ន័​រ​បាត់ដំបង ទី​៦ សាលារៀន SOS ហ័​រ​ម៉ាន​ម៉ៃ​ន័​រ បាត់ដំបង​,​ទី​៧.​ភូមិ​កុមារ SOS​រតនគិរី ទី​៨​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ថ្នាក់ជាតិ​ភ្នំពេញ និង​គម្រោង​ទី​៩ ភូមិ​កុមារ SOS ក្រចេះ ​ដែល​បាន​ដាក់​សម្ពោធ​នា​ថ្ងៃនេះ។ សរុប​គម្រោង​ទាំង ៩ គឺ​បានផ្តល់​ការងារ​ដល់​អ្នកគ្រប់គ្រង បុគ្គលិក អ្នក​ម្តាយ​ថែ​ទាំង​កុមារ លោក គ្រូ អ្នកគ្រូ​ចំនួន ៣៤៥នាក់ ដែល​ផ្តល់​សេវា​កំពុង​ស្នាក់នៅ ៧០៤​នាក់ និង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​បាន​ចូល​សិក្សា ចំនួន​ ១.៥៩៩​នាក់ ដោយ​បាន​ចំណាយ​ថវិកា​សរុប​ជាង​ ១២លានដុល្លារ​អាមេរិក។ លើស​ពី​នេះ​ទៀត អង្គការ​បាន​ចំណាយ​សម្រាប់​ប្រតិបត្តិការទាំង​ភូមិ និង​ទាំង​សាលារៀន ប្រមាណ ២ លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ៕

សម្តេច​តេជោ៖ ការ​​ដោះ​​ស្រាយ​​បញ្ហា​​ត្រូវ​ធ្វើ​​នៅ​​លើ​​តុច​រចា នៅ​ក្នុង​​សភា មិន​​អាច​ធ្វើ​តាម​​ចិញ្ចើម​​ថ្នល់​​បាន​​ទេ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពី​ទី​រួម​ខេត្តក្រចេះ នា​ព្រឹក​ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០១៤ បាន​ប្រកាស​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ពុំបាន​ស្នើ​ឲ្យ​មាន​អាជ្ញា​កណ្តាលពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ សម្រាប់​ការចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងឱកាស​ដែល​សម្តេច​បាន​ទទួ​ល​សវនាការ​​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គកា​រ​សហប្រជាជាតិ​ប្រចាំកម្ពុជា កាល​ពី​ ថ្ងៃទី​១៥ ខែ​មករា​ឆ្នាំ​២០១៤​នោះទេ ដោយសម្តេច​បាន ស្នើ​ឲ្យ​សារព័ត៌មាន​មួយចំនួន​ធ្វើការ​កែតម្រូវ​ ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​របស់ខ្លួន​ផង​ដែរ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ SOS អន្តរជាតិ ក្នុង​ខេត្ត​ក្រចេះ​ថា ក្នុង​ជំនួប​ជាង​បី​ម៉ោង​ជាមួយ​ខ្ញុំ​លោក Surya Prassad Subedi បានលើក​ស្នើសុំ​ធ្វើជាអាជ្ញាកណ្ដាល​ពីរ​លើក។ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លើយតប​ថា អត់​ទេ កម្ពុជា​ចាស់ទុំ​ហើយ​មិនចាំបាច់​បរទេស​ណា​ដឹក​ដៃ​ឲ្យ​ជួបគ្នា​ទេ យើង​មានលទ្ធភាព​ជួបគ្នា​បាន ទេតើ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក Surya Prassad Subedi បាន ​និយាយថា ឲ្យ​គាត់​ធ្វើ​អ្វី?។ ខ្ញុំ​បាន​ប្រាប់​ទៅ​លោក Surya Prassad Subedi ថា ឲ្យ​ប្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ទៅ ខ្ញុំ​បាន​ប្រាប់​តែ​ប៉ុណ្ណឹង​ទេតើ ខ្ញុំ​មិនបាន​ស្នើ​ឲ្យឲ្យ​គាត់​ធ្វើ អាជ្ញា​កណ្ដាល​ឯណា។

ទាក់​ទង​នឹង​តួនាទី​ជា​អាជ្ញា​កណ្តាល​សម្រាប់​ដោះ​ស្រាយ​បញ្ហានយោបាយ​​ក្នុង​ប្រទេស សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ពន្យល់​ថា អាជ្ញាកណ្ដាល​បើ​ត្រូវធ្វើ​គឺ​ព្រះរាជ​តួនាទី​របស់​ព្រះករុណា ព្រះ​មហាក្ស​ត្រ​ជាទី​សក្ការៈ​របស់​យើង ប៉ុន្តែ​បើ​នៅគម្លាត​គ្នា​ឆ្ងាយ​ពេក​កុំ​រំខាន​ព្រះមហាក្សត្រ​នាំ​បរា​ជ័យ រង់ចាំ​គណបក្ស​ទាំងពីរ​ស្រុះស្រួល​គ្នា​ជិត​បញ្ចប់​បញ្ហា​ហើយ ចាំ​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ថ្វាយ​ព្រះរាជ​តួនាទី​ផ្សះផ្សា​ទៅ​ព្រះមហាក្សត្រ​ទៅ។

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំ​មិនបាន​ស្នើសុំ​អ្នករាយ​ការណ៍​ពិសេស​ទេ បើ​សារព័ត៌មាន​ណា​ផ្សាយ​ខុស សុំ​បញ្ជាក់​សំដី​ខ្ញុំ​ឡើងវិញ ព្រោះ​កម្ពុជា​មិនទាន់​ដល់​ដំណាក់កាល ដែល​ត្រូវ​ឲ្យ​បរទេស​ដឹក​ដៃ​ទេ យើង​នៅ​និយាយ​គ្នា​បាន​ទេតើ ត្រូវ​គ្នា​មិន​ត្រូវ​គ្នា​និយាយ​គ្នា​ទៅ កុំ​ប្រើ​ហិង្សា ហើយ​ហិង្សា​កន្លងទៅ អ្នកណា​ទទួលខុសត្រូវ​នូវ​អំពើ​ហិង្សា​នោះ សូមកុំ​មើល​តែ ឈើ​មួយ​ដើមៗ​ត្រូវ​មើល​ព្រៃ​ទាំងមូល (បញ្ហា) ចាប់ផ្ដើម​ពីអ្វី អ្នកណា​បង្កហេតុ?។ ទាក់​ទង​ទៅនឹងការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​កម្មករ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ចំណែក​រឿង​បៀវត្សរ៍​កម្មករ​ត្រូវ​នៅ​ដាច់ដោយឡែក​អត់​មក​ឡូកឡំ​រឿង​នយោ​បាយ​ទេ ប៉ុន្តែ​មេដឹកនាំ​បក្ស​ប្រឆាំង​នាំគ្នា​ទៅ​បំផុស​តាម​រោងចក្រ ចូលក្នុង​រោងចក្រ​គេៗ មិន​ចេញមក​គំរាម​គេ វាយកម្ទេច​ទ្វារ រោងចក្រ​គេ អ្នកណា​ជា​អ្នកទទួលខុសត្រូវ។

សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ខ្ញុំ​បាន​និយាយប្រាប់​លោក Subedi ថា បើ​និយាយ​ឲ្យត្រឹមត្រូវ​តាមច្បាប់ ការ​ចូល​គាស់​ទ្វារ បំផុសបំផុល​ក្នុង​រោងចក្រ​ត្រូវ​ចាប់ខ្លួន​ភ្លាម ព្រោះ​នេះ​ជា បទ​ល្មើស​ជាក់ស្ដែង ប៉ុន្តែ​យើង​ទុក​ថ្លៃ​សន្ទនា​ខាង​នយោបាយ យើង​មិន​ចាប់ខ្លួន​ទេ ហើយ ពេល​ចូល​តុលាការ តុលាការ​ក៏​មិន​បាន​ចេញ​ដីកាឃុំខ្លួន​ដែរ សុំ​ឲ្យ​យល់​ផង សុំ​ទៅ​គិត​ទៅ។

សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​រំលឹក ពី​លទ្ធផល​នៃ​ការ​ចរចា​រវាង​សម្តេច​ ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៣ ផង​ដែរ តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រែក្រឡាស់។

សម្ដេចតេជោ​​បាន​លើក​ឡើង​ថា បើ​ចាំបាច់ (លទ្ធផល​នៃការ​ចរចា​នោះ​) ត្រូវ​បង្ហោះ​គ្រប់​វេ​ប​សាយ​ទាំងអស់ ដែល​គេ​បាន​ទទួល​រួចហើយ​នូវ​បី​ចំណុច ទី១ គឺ​ឈប់​ទាមទារ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស្វែងរក​ការពិត នៃ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ គឺ ទទួលស្គាល់​លទ្ធផល ៦៨ និង ៥៥ និង​ទី ៣ គាំទ្រ​សម្ដេច ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី។
សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​ចំណុច​ច្បាស់​ណាស់​ក្នុង​កំណត់ហេតុ​ត្រឹមត្រូវ​នៃ​ការចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពេល​ចេញ​ពី​កិច្ចប្រជុំ មេបក្ស សង្គ្រោះ​ជាតិ​បែរជា​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង ឲ្យ​បោះឆ្នោត​ឡើងវិញ គេ​ទៅ​និយាយ​ចំពោះ​មុខ​អ្នកគាំទ្រ​ផ្សេង មក​និយាយ​ជាមួយ​យើង​ផ្សឹ​ង ហើយ​បើ​សុំ​វិញ​គឺ​សុំ​ធ្វើ​ប្រធាន​សភា ។ ខ្ញុំ​បាន​ប្រាប់​ថា វា​មិន​ដែលមាន​នៅលើ​ពិភពលោក បក្ស​ប្រឆាំង​សំឡេង​ភាគតិច​ធ្វើ​ប្រធាន​សភា ហើយ​សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា​ស្មើគ្នា​វា​នឹង​ធ្វើ​ឲ្យ​គាំង​ រាជរដ្ឋាភិបាល។ ការ​ទាមទារ​នៅ​ទីនេះ​គឺ​ចង់​ធ្វើ​ប្រធាន​សភា និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា​ស្មើគ្នា មិនមែន​ទាមទារ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះ​ទេ។ ឥឡូវ​សួរថា ការចរចា​ទៅមុខ​បាន​ទៀត​ឬ​អត់ ? បាន​បើ កន្លងមក​ដើរ​បាន ទៅ​មុខ​ទៀត​គង់តែ​ទៅ​បាន​ទេ​កុំ​ឆ្ងល់​ពេក ហើយ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់ ធ្វើ​ខុសច្បាប់​គឺ​មាន​រឿង។

ទាក់​ទង​នឹង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រអាណត្តិ​ទី​៥ នៃ​រដ្ឋសភា នាពេល​កន្លង​មក សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា គេ​ចោទ​កម្លាំងប្រដាប់អាវុធ​ជា​អ្នក​លួច​សន្លឹកឆ្នោត ក្នុងពេល ជាមួយគ្នា​គេ​ប្រកាស​ថា កម្លាំងប្រដាប់អាវុធ ៧០% បោះឆ្នោតឲ្យ​ខ្លួន។​ ម្ដេចក៏​ឆ្កួត​ឡប់​អញ្ចឹង? ហើយ​ថា គណបក្ស​ប្រជាជន​លួច​សន្លឹកឆ្នោត វា​មិន​ត្រឹមត្រូវ​ទេ ព្រោះ​មិនដែល​លួច​តាំងពី ៩០ អាសនៈ​មក​នៅ ៦៨ អាសនៈ​ទេ បើ​លួចបាន​គេ​លួច​ឲ្យ​ច្រើនជាង ៩០ អាសនៈ។

សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ ​អំពី​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ ដែល​ប្រើ​ប្រាស់​កម្លាំង​ប្រជា​ជន​ធ្វើ​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធ​ទៅលើតុចរចាថា ការ​ជួប​ចរចា​ជាមួយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ថា ថ្ងៃ​ចរចា​ខ្ញុំ​ប្រាប់​ថា យក​បាតុកម្ម​សង្កត់​តុ​ចរចា​វា​ខុស​ហើយ កុំ​ថា ១ ម៉ឺន​ឬ​ពីរម៉ឺន សូម្បីតែ ១០ ម៉ឺន​ក៏​វា​នៅតែ​តិច​ដែរ ប្រៀបធៀប​ទៅ​នឹង​ប្រជាជន ១៤ លាន​នាក់។ ម្យ៉ាងទៀត​ប្រជាជន​បាន​បញ្ចេញមតិ និង​ឆន្ទៈ​ហើយ​តាមរយៈ​ការបោះ ឆ្នោត​ថ្ងៃទី ២៨ ខែកក្កដា​ឆ្នាំ ២០១៣។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា​គេ​លើក​ឡើងថា ​ឆន្ទៈ​ប្រជាជនៗ ប៉ុន្តែ​ឆន្ទៈ​តែ​ខាងខ្លួន មិន​គិតពី​ឆន្ទៈ​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ទេ​ឬ? ឲ្យ​វា​គិតដល់​គេឯង​ផង។ បើ​អ្នកគាំទ្រ គណបក្ស​ប្រជាជន​បញ្ចេញ​ឆន្ទៈ​ម្ដង​តាមរយៈ​បាតុកម្ម​ដែរ​បើ​មិន​រត់​ប្រាស​ អាយុ តែ​ខ្ញុំ​មិន​ឲ្យ​ធ្វើ ទេ តែ​បើសិនជា​ចង់​ធ្វើ​នេះ​ក៏​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែរ តែ​ខ្ញុំ​គ្រាន់តែ​អង្វរករ​យក​ល្អ​គឺ​កុំ ដល់​តែ​ឃើញ​គេ​កុំ​ឯង​នេះ​វា​ឡើងចាង​វា​អញ្ចឹង ឃើញ​ខ្លាក្រាប​កុំ​ថា​ខ្លា​សំពះ ឃើញ​ដេក​គង ថ្ងាស​កុំ​ថា​គេ​ដេក​ទ្រមក់ មិនមែន​ទេ​គ្រាន់តែ​ថា​គេ​ទុកពេល​ប៉ុណ្ណោះ។

ទាក់​ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ និង​សំណើរ​ផ្សេងៗ​ដើម្បី​ឲ្យ​សម្តេច​ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​ស្រប​ច្បាប់ ដែល​ផ្ទុយរដ្ឋ​ធម្មនុញ្ញ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បញ្ជាក់​ថា ព្រះរាជាណា​ចក្រ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ ហើយ​ការធ្វើខុស​រដ្ឋធម្ម​នុញ្ញ​ គឺ​ស្មើ​នឹង​ធ្វើរដ្ឋប្រហារ ដែល​មិន​អាច​អត់​ឱនឲ្យ​បាន​នោះ​ទេ។

សម្តេចតេជោ​មាន​ប្រសាសន៍ថា «ប្រទេស​កម្ពុជា​មានរដ្ឋធម្មនុញ្ញ មិន​អាច​ធ្វើ​ខុស​រដ្ឋធម្ម​នុញ្ញ​បាន​ទេ ធ្វើខុស​ពីរដ្ឋធម្មនុញ្ញ​ស្មើ​នឹង​ធ្វើ​រដ្ឋប្រហារ»។ បញ្ហា​សំខាន់​របស់​យើង​គឺត្រូវ ធ្វើ​យ៉ាង​ណា​ឲ្យសេដ្ឋកិច្ច​របស់​គ្រួសារ របស់​សហគមន៍ និង​របស់ជាតិ​ទាំង​មូល សាលារៀន នៅ​បន្ត​បង្រៀន មន្ទីរពេទ្យ​នៅដំណើរ​ការ ចរាច​នៅដំណើរការ​ធម្មតា ពន្ធដារ​ត្រូវ​បង់ ប្រាក់ខែ​ត្រូវ​បើក ដែល​វាជា​រឿង​ធម្មតា​របស់​ប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​លើក​ជាឧទាហរណ៍​មក​ពន្យល់​ថា ការ​លើក​យោ​បល់​ឲ្យព្រះករុណា ព្រះមហាក្សត្រ ដាក់​រាជ្យ​ដើម្ប​មកធ្វើ​ជានាយក​រដ្ឋមន្រ្តី ការផ្តល់​យោបល់​ឲ្យ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន គឺ​ជាទង្វើ​ផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ​ទាំង​អស់ ដែល​មាន​តម្លៃ​ស្មើ​នឹង​រដ្ឋប្រហារ មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​សូម​បញ្ជាក់ថា ព្រះករុណា ព្រះមហា​ក្សត្រ​របស់​យើង ព្រះអង្គ​មិនលុះ​ទៅដោយ​ការញុះញង់​ណាមួយ​ទេ ទោះ​បី​ជា​មាន​មតិ​លើក​ឡើង​ថា ត្រូវ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ ហើយ​យាងព្រះករុណា​ជាអម្ចាស់​ជីវិត​លើ ត្បូង​ដាក់​រាជ្យ​មក​ធ្វើ​ជានាយករដ្ឋមន្រ្តី​ក្តី។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍សំដៅ​ទៅ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពល​រដ្ឋ​ទូទៅ​ថា «បងប្អូនអ្នកបោះឆ្នោតឲ្យគណបក្ស​ប្រជាជន កម្ពុជា​ទាំង​ឡាយ ហើយ​បង​ប្អូទាំង​ឡាយ ដែល​មើល​ឃើញ​អំពីសកម្មភាព​ផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ប្រឆាំង​តបជាមួយ​ទង្វើ​ទាំង​ឡាយ ដែល​ខ្វះ​ការទទួល​ខុស​ត្រូវ និង​មានចរឹត​ជា​រដ្ឋប្រហារ មាន​ចរឹត​ផ្តួល​រំលំ ដែល​មិនអាច​ទទួល​យក​បានទេ»។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​ដំណោះ​ស្រាយ​ថា ការដោះ​ស្រាយ​បញ្ហា​ត្រូវធ្វើ​នៅ​លើ​តុចរចា នៅ​ក្នុង​សភា មិន​អាច​ធ្វើតាម​ចិញ្ចើម​ថ្នល់​បាន​ទេ ហើយ​បញ្ហា​សំខាន់នៅ​ទីនេះ​របស់​យើង​គឺជីវភាព​នយោបាយ សង្គម​ដំណើរ​ការជា​ធម្មតា។

នៅ​ទីនេះ​មិនមែន​អេហ្ស៊ីប មិន​មែន​លីប៊ី ហើយ​ក៏មិនមែន​ទុយនីស៊ី​ដែរ ហើយ​នៅ​គ្រប់ទី​កន្លែង​អ្នក​ដែល​មិនគាំទ្រ​ទង្វើ​អាក្រក់​ចាប់​ប្រទេស​ធ្វើ​ជា​ចំណាប់​ខ្មាំង​នេះ សូម​ងើប​ឈរ​ឡើង​ត្រៀម​ខ្លួន​បើគេហ៊ាន​ប្រថុយ​យើង​នឹងដោះ​ស្រាយ។

សម្តេចតេជោ​បាន​ព្រមាន​ថា សកម្មភាព​ណា​ដែលហួសហេតុ​រាជរដ្ឋាភិបាល​នឹង​ចាត់​វិធានការ ហើយ​មិនមែន​ជា​ការ​គំរាម​ទេ តែនេះ​គឺជាការអនុវត្ត​ច្បាប់ ការអនុវត្ត​ការពារ​រដ្ឋធម្មនុញ្ញ។ រាជ​រដ្ឋាភិ​បាលបាន​បណ្តោយ​ប៉ុន្មាន​ខែ​ហើយ ល្មម​ហើយ បាន​ហើយ ការចូល​សភា ឬ មិនចូល​ជា​រឿង​របស់​គណបក្ស​សង្រ្គោះជាតិ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានប្រដូចការ​មិន​ចូល​សភា​ដោយ​អ្នកតំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ទៅនឹង​សិស្ស​មួយថ្នាក់​ចុះ​ឈ្មោះ​ចូល រៀន​មាន​ចំនួន ១២៣នាក់ ហើយ​ថ្ងៃចូល​រៀន កូន​សិស្ស​ចូល​រៀន ៦៨​នាក់ ៥៥នាក់ មិន​បាន​ចូល​រៀន មិន​បាន​លុប​ឈ្មោះ​ទេ ប៉ុន្តែ​បើគាត់​សុំលុប​ឈ្មោះខ្លួនឯង​ជារឿងមួយ​ផ្សេងទៀត​ហើយ តែ​គាត់​មិន​បាន​លុបឈ្មោះ​ដូច្នេះកូនសិស្ស​នៅ​តែ ១២៣​នាក់​ដដែល។

សម្តេចតេជោ​ក៏បាន​បញ្ជាក់ដែរ​ថា កន្លង​មក​នេះគណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ប្រើប្រាស់​កម្លាំង​សមាជិក សមាជិកា និង​អ្នកគាំទ្រ​របស់​ខ្លួន​ដើម្បីចេញ​មុខ​ទេ។ យើង​មិន​ចង់ធ្វើ​បែប​នោះ​ទេ យើង​មិនចង់​ប្រើ​វិធីយក​បន្លា​ជួស​បន្លាទេ ព្រោះ​វានាំ​ទៅដល់​ស្ថាន​ភាព​នៃការប្រ​ឈម​មុខ​រវា​ង​ប្រជា​ជន និង​ប្រជាជន យើង​ចង់ឲ្យ​មាន​សាមគ្គី​នៅក្នុងចំណោម​ប្រជាជន មិនថា ពួក​គា​ត់​បោះ​ឆ្នោត​ឲ្យ​បក្សនយោបាយ​ណា​ទេ។

ប្រជាជន​បោះឆ្នោត​ឲ្យបក្ស​ណា​វាជា​សិទ្ធិ​របស់​ពលរដ្ឋម្នាក់ៗ ហើយ​សិទ្ធិនេះ​ត្រូវ​បាន​រក្សា​សម្ងាត់​តាមរយៈ​ការបោះ​ឆ្នោត​សម្ងាត់ ប៉ុន្តែ​គេបែរ​ជានាំគ្នា​ផ្តិត​មេដៃ ដែល​ការ​ផ្តិត​មេ​ដៃ​នេះ​វា​អត់​មាន​តម្លៃ​នោះ​ទេ ហើយ​វាផ្ទុយ​នឹងគោលការណ៍​នៃការ​បោះ​ឆ្នោត​ផង​ដែរ។

សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​រំលឹក​ឡើងវិញផង​ដែរ អំពី​បំណង​របស់​សម្តេច​សម្រា​ប់​ការផ្សះផ្សារ​ជាតិ ដោយ​បាន​ធ្វើ​ការ​ចុះហត្ថលេខា ស្នើ​ទៅ​ព្រះ​មហាក្សត្រ ដើម្បី​លើក​លែង​ទោស​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១២ ​ខែ​កក​ក្កដា ​​ទាំង​ទឹកភ្នែក នៅ​ពេល​ដែល​បិតា​របស់​លោក​បាន​ទទួល​មរណភាព ​ដើម្បីអោយ​លោក​ចូលរួម​ការបោះឆ្នោត​ដែល​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ​ ប៉ុន្តែ​ពេល​នេះ លោក សម រង្ស៊ី មិន​ដែល​និយាយ​យោង​ដល់​ការ​បង្រួប​បង្រួម​ជាតិ​ទេ ហើយ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ទៅវិញ៕

បទ​​វិចារណ​កថាៈ តើ​ដី​កាកោះ​​របស់​តុលាការ​ជា​ចំណាត់​ការ​តាម​ច្បាប់ ឬ​ជា​រឿង​នយោបាយ​?

នៅ ​ថ្ងៃ​ទី​ ១៤ ខែ​មករា ឆ្នាំ​២០១៤ កន្លង​មក​នេះ មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​បាន​​​​ចូល​ទៅ​កាន់​​តុលាការ​តាម​ការ​ កោះ​ហៅ​របស់​​ព្រះ​រាជ​អាជ្ញា​នៃ​​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ចោទ​សួរ​ពី​ករណី «ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្ដិ​សុខ​សង្គម ។ »
មតិ​ជាតិ ​និង​អន្ដរ​ជាតិ មាន​ការ​ភ្ញាក់​ផ្អើល​​នូវ​ភាព​ក្លា​ហាន​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ ​​ដែល​ហ៊ាន​ដើរ​ចូល​ទៅ​កាន់​សវនាការ ​ក្នុង​ខណៈ​ខ្លួន​ធ្លាប់​ជា​ទណ្ឌិត​នោះ។ ព្រោះ​ថា​ ក្នុង​ខ្លឹម​សារ​ដីកា​កោះ​​នោះ គេ​យល់​ថា វា​ជា​រឿង​ធ្ងន់​ធ្ងរ​ដែល​​អាច​ឈាន​​​ដល់​ការ​ឃាត់​ខ្លួន​នៃ​សាមី​ជន​នោះ​បាន​។ ទន្ទឹម​នឹង​នេះ នរណា​ក៏​គេ​យល់ដែរ​​ថា មេ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​បង្ក​​ចលាចល ​​អសន្ដិ​សុខ វឹក​វរ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ទាំង​មូល ដោយ​សារ​មេ​ដឹកនាំ​​បក្ស​ប្រឆាំង​ បាន​បង្ហាញ​ទាំង​សម្ដី និង​កាយវិការ ​​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា នៅ​ពី​ក្រោយ​ពួក​នោះ មាន​ជន​ដៃ​ដល់ និង​​​ក្រុម​អនា​ធិ​ប​តេយ្យ​។ គេ​យល់​ទៀត​ថា ​​អំពើ​ញុះញង់​ពី​មេ​​ដឹកនាំ​បក្ស​ប្រឆាំង​ ធ្វើ​ឲ្យ​ក្រុម​​អនាធិបតេយ្យ​បង្ក​សកម្ម​ភាព​កុបកម្ម​ទាំង​កម្រោល​ វាយ​​កម្ទេច​​សម្បត្តិ​ឯក​ជន ​មន្ទីរ​ពេទ្យ​ឯកជន ​សម្បត្តិ​រោង​ចក្រ និង​វាយនភ័ណ​ជាច្រើន ដែល​គេ​ប៉ាន់​ប្រមាណ​មើល​ទៅ​ឃើញ​ថា ការ​​ខូច​ខាត​នោះ មាន​កម្រិត​​ប្រមាណ ៣០០​លាន​ដុល្លារ។
​ ដូច​បាន​រៀប​រាប់​ខាង​លើ រាជ​រដ្ឋាភិ​បាលយល់​​ឃើញ​​ថា ក្រុម​បក្ស​ប្រឆាំង​មិន​ត្រឹម​តែ​ស្រែក​ប្រកូក​​ប្រកាស​ក្ដែង​ៗរៀង​រាល់​ ថ្ងៃ​ ថាមិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​សកល​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ​ទេ ​ព្រោះ​​ពួក​គេ​​បាន​ធ្វើ​ចលនា​​កេណ្ឌ​ប្រជាជន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​ ជិត​កន្លះឆ្នាំ​ ព្រោះ​​ពួក​គេ​​​សំអាងថា ​កម្ពុជា​កំពុង​​ដើរ​​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​។ ប៉ុន្តែ​បក្ស​ប្រឆាំង​ភ្លេចគិត​​ថា ​លទ្ធិ​​ប្រជាធិបតេយ្យ​ ពលរដ្ឋ​គ្រប់​ៗ​​រូប គឺ​​មានសិទ្ធិ​​សេរី​ភាព ​​សិទ្ធិ​ក្នុង​ការ​ការ​ពារ​ខ្លួន សិទ្ធិ​ក្នុង​ការ​ប្រកប​របរ​ដោយ​សេរី​ ជា​ពិសេស​ គឺ​សិទ្ធិ​ក្នុង​ការ​​​រស់​នៅ​ក្នុង​​ភាព​សុខដុម​ក្នុង​រង្វង់​គ្រួ​សារ​នោះ ​ក៏​ពិត​មែន តែ​​គេ​ក៏​​មិន​អាច​ប្រើ​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ទៅ​រំលោភ​បំពាន​​​ សិទ្ធិ​សេរី​ភាព​​​អ្នក​ដទៃបាន​ដែរ​។
​ជា​ការ​ពិត​ណាស់ ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ហូរចូល​មក​កម្ពុជា ​​តាំង​​ពី​​ឆ្នាំ​១៩៩១ រាជ​រដ្ឋាភិបាល​បាន​ និង​កំពុង​​ពង្រឹង​​ខឿន​លទ្ធិ​ប្រជាធិបតេយ្យ​ ​ខឿន​កំណើន​សេដ្ឋ​កិច្ច​ជាតិ និង​​ខឿន​សុខដុម​នីយកម្ម​​របស់​ប្រជាពលរដ្ឋ​ជា​ទូទៅ​។ល។​ តែ​ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ ដែល​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​តាម​អំពើ​​ចិត្ត និង​ធ្វើ​តាម​បំណង​របស់ពួក​​គេ​​បំពាន​លើ​គោល​ការណ៍​​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ រហូត​ឈាន​ដល់​វិនាសកម្ម​ដែលគេ​ពុំ​បាន​នឹក​ស្មាន​ឡើយ គឺ​ព្រឹត្តិការណ៍​​ប៉ះ​ទង្គិច​រវាង​កង​កម្លាំង​សមត្ថកិច្ច នឹងពួក​កុបករ​ដែល​ជា​​ក្រុម​អនាធិប​តេយ្យ​​ថ្ងៃ​ទី២ ទី៣ មករា ឆ្នាំ​២០១៤ កន្លងមក​ថ្មី​ៗ​នេះ​។ ​
តើ​​ព្រឹត្តិការណ៍​​នេះ ​​ជា​​ព្រឹត្តិការណ៍​​​បែប​​អនា​ធិបតេយ្យ ដែល​បង្ក​នូវ​ភាព​វឹក​វរ​ក្នុង​សង្គម​​ដែល​​​ជា​បច្ច័យ​​ធ្វើ​ឲ្យ​កម្លាំង​សមត្ថ​កិច្ច ​ប្រើ​ប្រាស់​​វិធាន​ការ​​ទប់​ស្កាត់ដើម្បី​​មិន​ឲ្យ​ព្រឹត្តិការណ៍​នេះ​អាច​រីករាល​​ដាល​​ដល់​ការ​បង្ក​​​អំពើ​​ហិង្សា ក្រេវក្រោត ឃោរ​ឃៅ​ ចលាចល​ក្នុង​សង្គម ក្នុង​ប្រទេស​ឬទេ? តើ​រាជរដ្ឋាភិបាល​អាច​អនុញ្ញាត​​ឲ្យ​ព្រឹត្តិការណ៍​នេះ ​​ញ៉ាំង​ដល់​ការ​ធ្វើ​អត្តឃាតប្រទេស​ខ្លួន​ឯង​ ក្នុង​ក្រសែ​ភ្នែក​នៃប្រទេស​នានា​ក្នុង​សកល​លោក​ដែរ​ ឬ​អី? 
​ក្នុងបរិការ​នេះ​ហើយ ​រូប​ខ្ញុំ​បច្ចុប្បន្នដែល​ជានិស្សិត​ឆ្នាំ​ទី​៣​ សិក្សា​​វិជ្ជា​ច្បាប់ ​នៅ​ពេល​ដែល​បាន​អាន​អត្ថបទ (Online) ជាភាសា​អង់​គ្លេសរបស់​វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី១៤​ ខែ​មករា​ ​​សប្ដាហ៍​មុន​នេះ ដែល​មាន​ចំណង​ជើង​​ថា «​ Cambodia Opposition Leaders Slam Summons as “ Politically Motivated ” ​ជា​ភាសា​ខ្មែរ​ថា មេដឹកនាំ​ក្រុម​បក្ស​ប្រឆាំង​កម្ពុជា ​បាន​ទះ​កំផ្លៀង​​ដី​កាកោះ​ ថា​ជា​រឿង​នយោបាយ » ។
​​​​​ជាសរុប​ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប ដែល​បាន​ឆ្លង​កាត់​នូវ​ជីវិត​របស់​ខ្លួន​ធ្លាប់​ជា​​​ទណ្ឌិតនោះ គួរ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​​ថា តើ​​ករណី​កោះ​ខ្លួនឲ្យ​ចូល​​សវនការ​នៅ​តុលាការ​ជា​រឿង​នយោបាយ ឬ​ក៏​ជា​ករណី​របស់​តុលាការ​កម្ពុជា ដែល​កំពុង​កសាង​សំណុំ​រឿង​ដោយ​ឈរ​លើ​មូល​ដ្ឋាន​​​ច្បាប់​របស់​ប្រទេស​ ឬយ៉ាង​ណា? ព្រោះ​ថា ជា​គោល​ការណ៍​​ច្បាប់ ដែល​គេ​អនុវត្ត​លើ​ពិភព​លោក “បុគ្គល​គ្រប់​រូប​ឋិត​នៅក្នុង​​ភាព​គ្មាន​ទោស (Innocent) រហូត​ដល់​តុលាការ​​វិនិច្ឆ័យ​ថា ជន​នោះ​ជាប់​ទោស (Until found guilty) ” ក្រោយ​ពេល​ប្រកាស​សាលក្រម។

អំពី​អ្នក​និពន្ធៈ ដួង កោសល្ល បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ច្បាប់