Thursday, January 23, 2014

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិក្សាការងារជាមួយ នាយកប្រតិបត្តិអង្គការ WWF

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ទទួលជួបពិក្សាការងារជាមួយ លោក ឈិត សំអាត នាយកប្រតិបត្តិអង្គការ WWF។ 

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​លោក​ប្រធាន​អង្គការ​អំពីភាព​ចាំបាច់​ក្នុងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បី​ឆ្លើយ​តប​នឹងតម្រូវការ​ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ន ក៏ដូច​ជា​នៅពេលអនាគត សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​​គាំពារប​​រិស្ថាន ការអភិរក្សជីវៈចំរុះ និង​ការ​ប្រើ​ប្រាស់​ធន​ធានធម្មជាតិឱ្យបានសមស្រប។ គាគី​ទាំងពី​របាន​ឯកភាព​​គ្នា​​ក្នុង​ការ​ពង្រឹងកិច្ចសហប្រតិបត្តការ តាម​រយៈ​ការប្រាស្រ័យទាក់ទងគ្នាផ្ទាល់ ដើម្បីពិគ្រោះយោបល់ និង​ពិភាក្សា​លើ​សកម្មភាព​ជាអាទិភាពនានា និងទិសទិសដៅរួម សំដៅ ជៀសវាងការធ្វើការជាន់គ្នា។ បន្ថែមលើនេះទៀត ភាគីទាំង​ពីរក៏​បាន​ឯកភាពគ្នាក្នុងការអប់រំ និង​ផ្សព្វ​ផ្សាយ​អំពី​បរិស្ថានដល់សាធារណជន ជាពិសេស​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រឡាញ់ និងគាំពារបរិស្ថាន និងអភិរក្សជីវចំរុះ។



អភិបាលខេត្ត​កណ្តាលៈ អាជ្ញាធរ​ដាក់​កម្លាំង​ដើម្បី​ការពារ​មិនមែន​ទៅ​គំរាមកំហែង​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ​

ភ្នំពេញ: មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​ទៅលើ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល​បានធ្វើ​ការរំខាន​វេទិកា​របស់​គណបក្ស​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៤​និង​ជាពិសេស​បាន​ចោទប្រកាន់ថា បាន​យក​កម្លាំង​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទៅ​គំរាមកំហែង​ពួកគេ​ថែម​ទៀតផង​។ ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​អភិបាលខេត្ត​កណ្តាល អះអាងថា ជាការ​ចោទប្រកាន់​មួលបង្កាច់​គ្មាន​ការពិត ប្រាសចាក​ពី​ការពិត​ទាំង​ស្រុក គឺ​ចង់​ទម្លាក់កំហុស​មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។​

​លោក​ផៃ ប៊ុន​ឈឿន អភិបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា ជាធម្មតា​ទម្លាប់​របស់​គណបក្សប្រឆាំង​តែ​ប៉ុណ្ណឹង ហើយ​ការស្នើសុំ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រើយ​ស្លា​គឺ​អាជ្ញាធរខេត្ត​មិន​យល់​ទាស់​ទេ គឺ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ ហើយ​គ្មាន​ហេតុផល​ណា​ដែល​ហាម​មិន​ឲ្យ​គាត់​ធ្វើ​ទេ ឲ្យ​គាត់​ធ្វើតាម​សំណូមពរ​របស់គាត់​។​

​លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ដាក់​កម្លាំង​អាជ្ញាធរ​ទៅ គឺ​មិនមែនជា​កម្លាំង​មហាជន​ទេ គឺជា​កម្លាំង​ការពារ​សុវត្ថិភាព​។ 

​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​ខេត្ត​មាន​កាតព្វកិច្ច​ក្នុង​ការពារ​សុវត្ថិភាព​ជូន​ដល់​ពិធី​។ មានការ​រៀបចំ​កម្លាំង​ការពារ​ទាំង​កម្លាំង​នគរបាល ប៉េអឹម ដើម្បី​ទៅ​ការពារ​នៅ​ទីនោះ មិនមែន​យកទៅ​គំរាម​គាត់​ទេ គឺ​កម្លាំង​ទៅ​ការពារ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ពិធី​របស់គាត់​។ ការដាក់​កម្លាំង​ការពារ​នេះ​ខ្លាច​មានការ​ប៉ះទង្គិច​គ្នា​ណាមួយ​ពីព្រោះ​ការធ្វើ​ពិធី​កន្លងមក​តែងតែមាន​ការច្របូកច្របល់​ខ្លះ អីចឹង​ក៏​ទាមទារ​រៀបចំ​ដើម្បី​ការការពារ​សុវត្ថិភាព​ខ្លាច​មានការ​ប៉ះទង្គិច​។​

​លោក​ផៃ ប៊ុន​ឈឿន បាន​បញ្ជាក់ថា ទាក់ទង​ការចោទប្រកាន់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ថា អាជ្ញាធរ​ឬ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​កម្លាំង​ទៅ​រំខាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ប្រឌិត​បំ​ភ្លើ​ស​របស់​គណបក្សប្រឆាំង​ហើយ​គ្មាន​អ្នកណា​រៀបចំ​ទេ​។ ហើយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំណូមពរ​មក​លោ​កថា ឲ្យ​ដក​កម្លាំង​ស៊ីវិល​ចេញ ដោយ​លោក​បាន​ប្រាប់​ទៅ​​វិញ​ថា ឲ្យ​លោក​ដក​កម្លាំង​ស៊ីវិល​យ៉ាងម៉េច ពីព្រោះ​លោក​មិនបាន​ចាត់តាំង​កម្លាំង​ស៊ីវិល​ឲ្យ​ទៅ​ទេ​។ 

​ប៉ុន្តែ​លោក​បាន​ចាត់តាំង​កម្លាំង​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ដើម្បី​ការពារ​សុវត្ថិភាព​។ រីឯ​កម្លាំង​ស៊ីវិល​លោក​មិនដឹង​អ្នកណាខ្លះ​ទេ មនុស្ស​រាប់ពាន់នាក់​ទៅ​ចូលរួម​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើងថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ឲ្យ​មានការ​ទទួលខុសត្រូវ ហើយ​ក្នុងនាម​អាជ្ញាធរ​បាន​អញ្ជើញ​ម្ចាស់​ទីតាំង​មក​និយាយ​គ្នា ហើយ​លោក​មិន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ទេ ប៉ុន្តែ​ទី​១ សុំ​ឲ្យ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​កុំ​ឲ្យ​ប៉ះពាល់​សាធារណៈ កុំ​ឲ្យ​មាន​ភាពច្របូកច្របល់ និង​ទី​២ ធ្វើ​យ៉ាងម៉េច​រក្សា​របៀបរៀបរយ​កុំ​ឲ្យ​មានការ​ប៉ះពាល់​ទៅលើ​សិទ្ធិ​អ្នកដទៃ​។​

​ទាក់ទង​ការចោទប្រកាន់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ថា កម្លាំង​ស៊ីវិល​ដែល​ចុះទៅ​គឺជា​កម្លាំង​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ត្រូវបាន​លោក​ផៃ ប៊ុន​ឈឿន បញ្ជាក់ថា ធម្មតា​គណបក្សប្រឆាំង​និយាយ​តែ​ប៉ុណ្ណឹង ហើយ​មាន​ហេតុផល​ណា​ដែល​គាត់​ថា កម្លាំង​ជា​កម្លាំង​អង្គរក្ស គ្មាន​កម្លាំង​អង្គរក្ស​ណា​ទេ​កម្លាំង​មហាជន ប្រជាជន​។ 

​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​គឺ​ធុញទ្រាន់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ណាស់ បង្កចលាចល​នៅក្នុង​មូលដ្ឋាន បង្កបញ្ហា​ឲ្យ​មានការ​អសន្តិសុខ​។ ហើយ​ការដែល​និយាយថា ចោទ​មកលើ​កម្លាំង​អង្គរក្ស គឺ​ចង់​ទម្លាក់កំហុស​មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទេ​។ ហើយ​អត់​មាន​ហេតុផល​ណា​យក​កម្លាំង​អង្គរក្ស​ទៅ​ទេ គឺ​កម្លាំង​ប្រជាពលរដ្ឋ​នៅ​ទីនោះ នៅ​មូលដ្ឋាន​នោះ​៕