Friday, January 24, 2014

បទអត្ថាធិប្បាយ​៖ តើ​វត្តមាន​មេបក្ស​ប្រឆាំង​ នាំមក​នូវ​ការ​សង្គ្រោះ​ជាតិ​ ឬ​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​?​

ពង្ស សុក្រឹត្យ​        
ប្រជាពលរដ្ឋ​ និង​អ្នក​វិភាគ​នយោ​បាយ​មួយ​ចំនួន​បាន​មើល​​ឃើញ​ថា​ ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី លើក​លែង​ទោសដល់​ទណ្ឌិត​ សម រង្ស៊ី ថ្វាយ​ចំពោះ​ព្រះ​មហាក្សត្រ​​ ក្នុង​ន័យ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​មក​ យើង​ឃើញ​ថា​ ស្ថិរ​ភាព​សង្គម​ និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ​ និង​មាន​ភាព​វឹក​វរ​ ជាបន្ត​បន្ទាប់​។​

មានន័យ​ថា​ បន្ទាប់ពី​ លោក សម រង្ស៊ី​ បាន​រួច​ផុត​ពី​ការ​លើក​លែង​ទោស​ ហើយឈាន​ជើង​ដល់​ដី​ខ្មែរ​ ថ្ងៃទី​១៩ ខែកក្កដា​ ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្តើម​កើត​កល្បយុគ្គ ជាបន្តបន្ទាប់​ ស្ទើ​តែ​គ្មាន​​ថ្ងៃស្ងប់​ស្ងាត់​​ឡើយ​​។ គណបក្ស​សង្គ្រោះ​ជាតិ​ មិនបាន​សង្គ្រោះ​ជីវភាព​ប្រជាពលរដ្ឋ​ឡើយ​ ប៉ុន្តែ​ បាន​ខិត​ខំ​កៀងគរ​ប្រជាពលរដ្ឋ​​​ធ្វើ​បាតុកម្ម​តវ៉ា បិទផ្លូវ​សេដ្ឋ​កិច្ច​​ជាតិ​ និងជម្រុញ​ឲ្យ​មាន​​អំពើ​ហិង្សា​នានា​នៅតាម​រោង​ចក្រ​ ដោយ​ការ​ញុះញង់​ បំផុស​បំផុល​ ​ទាំង​នៅ​ទី​ជន​បទ​ ក៏ដូច​ជា​​ទី​ក្រុង​ និង​បាន​ប្រើប្រាស់​ភាសា​លាប​ពណ៌​នយោបាយ​ ឲ្យ​​ខ្មែរ​​ស្អប់​​ខ្មែរ​ ឲ្យ​អ្នក​ជនបទ​ស្អប់​អ្នក​ទី​ក្រុង​ អ្នក​ក្រ​ស្អប់​អ្នក​មាន​ ហើយ​ទី​បំ​ផុត​ គឺ​ប្រជា​ពលរដ្ឋ​​ និង​កូន​ចៅ​ប្រជាពលរដ្ឋ​ ជាអ្នក​ទទួល​រង​នូវ​ផល​វិបាកដល់​ជីវភាព​គ្រួសារ​ទាំងមូល។​​​​​

ទាំងលោក​​ សម រង្ស៊ី និង កឹម សុខា​ ​ត្រេកអរណាស់​ និង​ស្វាគមន៍​​ការ​ផ្អាក​ជំនួយ​ពី​សហរដ្ឋអាមេរិក​ ដែលផ្តល់មក​ប្រជាជន​កម្ពុជា​។ រាល់​បញ្ហា ​ដែល​កើត​មាននាពេល​បច្ចុប្បន្ន​នេះ​​ គឺ​មេបក្ស​ទាំងពីររូបជាអ្នក​បង្ក​ឡើង​ទាំងអស់​។ ដង្ខៅបាតុកម្ម​ទាំង​ពីរ​ ​រីករាយ​នឹង​ការ​ធ្វើមាន​ ធ្វើ​បាន​ ពីការ​​​អំពាវ​នាវឲ្យ​សហគមន៍អន្តរជាតិ​ដាក់​​សម្ពាធ​​មកលើ​រាជ​រដ្ឋាភិបាល ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​​​​ ម្យ៉ាងទៀត​ពួកគេបាន​ចេញជា​​លិខិតចំហរ​ កាលពី​សប្តាហ៍​កន្លង​ទៅ​​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដេរខោអាវដេរស្បែកជើងម៉ាក​ល្បីៗ និងសហជីព​លើ​ពិភពលោក កុំ​ឲ្យ​គាំទ្រ​ផលិតផល​របស់​កម្ពុជា

ទង្វើ​ដ៏ឆ្កួត​លីលា​ ប្រឆាំង​ផ្កាប់​មុខ​ ទប់​ស្កាត់​មិនឲ្យ​ប្រជាពលរដ្ឋ​​មាន​ជីវភាព​កាន់​តែ​ប្រសើរ​បែប​នេះ​ តើ​សក្តិសម​ ជាគណបក្ស​ដែល​ជួយ​ប្រជាពលរដ្ឋ​ និង​ជួយ​សង្គ្រោះ​ជាតិ​ដែរឬទេ?​

ល្បិច​កល​ដ៏កខ្វក់មួយទៀត​​​របស់​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រេច​មហិច្ឆតាក្នុង​ការ​ដណ្តើម​អំណាចរបស់​ខ្លួន​​ គឺ​ការ​​ប្រើប្រាស់​កម្លាំង​​កម្មករ​តាម​បណ្តារោង​ចក្រ​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម កុបកម្ម​​តវ៉ា ដោយ​យក​លេស​ថា​​ទាមទារ​តម្លើង​ប្រាក់​ខែ​​ទ្វេរ​ដង​​នៃ​ប្រាក់​ខែ​គោល​​ឲ្យ​កម្មករ​​​។​ ផ្ទុយទៅ​វិញ​ ផល​វិបាក​នៃ​ការ​ធ្វើ​បាតុកម្មនេះ​ បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​ និង​ចំណូល​របស់​កម្មករ​ ជាពិសេស​ចំណូលប្រចាំខែ​​របស់​ប្រជាពលរដ្ឋ​នៅតាម​ជន​បទ​ ធ្លាក់​ចុះ​ដោយ សារ​តែ​ក្រុម​គ្រួសារ​ ឬសាច់​ញាត្តិ​ពួក​គេ​មិន​បាន​ចូល​ធ្វើការ​។​
តាម​របាយការណ៍ប៉ាន់​ស្មាន​​របស់​តំណាង​សម្ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ដែលកម្ម​ករ​បាន​ផ្ញើ​ទៅ​ផ្គត់​ផ្គង់នៅឯស្រុក-ភូមិនោះ​គ្រួសារ​បាន​បាត់​បង់​ជាង​៥លាន​ដុល្លារ​អាមេរិក​ និង​ខាត​បង់​រាប់សិប​លាន​ដុល្លារ​ទៀត​ ដោយ​សារ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​មិនដំណើរ​ការ​ ឬមានដំណើរការយ៉ាងលំបាកលំបិន នៅអំឡុង​ពេលធ្វើ​បាតុកម្ម​​នោះ។​​ របាយការណ៍​ក៏បាន​ឲ្យដឹង​ដែរ​ថា​ ការ​ទាមទារ​តម្លើង​ប្រាក់​ខែ​គោល​រហូត​ដល់​១៦០​ដុល្លារ​នោះ​ គឺ​អាច​ប៉ះ​ពាល់​ដល់​​ពិន្ទុ​នៃការ​ទាក់​ទាញ​អ្នក​វិនិយោគ​​បរទេស​ ជាពិសេស​ការ​បាត់បង់​កំណើន​សេដ្ឋកិច្ច​ជាតិ​​។​

       
 ដូច្នេះ​ ប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី ទាំង​អស់​គួរ​ចេះ​ពិចារណា​ និង​មិន​ត្រូវ​ស្តាប់​ ឬជឿ​​លើ​ការ​ញុះញង់​​របស់​មេ​បក្ស​ប្រឆាំង​ និង​មេ​សហជីព​មួយ​ចំនួន​ ដែល​ជាខ្សែរ​ស្រឡាយ​​​​នយោបាយ​ របស់​បក្ស​សង្គ្រោះ​ជាតិ​​នោះ​ទេ​។​ ពួក​គេ​តែង​តែ​បំផុស​ថា​ ធ្វើ​បាតុកម្ម​ ដើម្បី​​ផល​ប្រយោជន៍ប្រជាពលរដ្ឋ​ ផលប្រយោជន៍​​កម្ម​ករ​ តែ​ធាតុ​ពិត គេ​ឲ្យ​កម្មករ​ស្រែក​តវ៉ា ពី​រឿង​បោះឆ្នោត​​ឡើង​វិញ ឬ​ទាមទារ​​ឲ្យ​នាយករដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង​​ទៅវិញ​​​​។​ នេះ​គឺ​ជា​រឿង​នយោបាយ​បំផ្លិចបំផ្លាញជាតិសុទ្ធ​សាធ​!​​!​

បទវិចារណកថា៖ យុទ្ធ​សា​ស្រ្តថ្មី​របស់​គណបក្ស​ប្រឆាំង​ក្រោយពេល​បំបែកជួរ

ដោយៈ លី គាំ

ថ្មី​ៗនេះ ​បន្ទាប់​ពីបក្ស​ប្រឆាំង​ត្រូវ​​​បាន​បំបែក​ជួរដោយ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​លើ ក្រុមអណាធិបតេយ្យ​  ដែល​គេដឹងថា មានបក្សប្រឆាំងនៅពីក្រោយនោះ បក្សប្រឆាំងបាន​ ​រក​មធ្យោ​បាយ​​កៀងគរ​ប្រជាពលរដ្ឋទូទាំងប្រទេស​​លែងបានទៀត​ហើយ។​ កាលពីមុន​បក្ស​ប្រឆាំង​​​​ស្រែក​ក្តែងៗដោយមោទនៈភាព​ថា <បងប្អូន​ តើឃើញទេ ​​​....យើងប្រមូល​​គ្នាបាន​រាប់​លាន​នាក់ ​​ទូទាំង​ ប្រទេស....ពួកយើង​ទាមទារ​ឲ្យមាន​​ការ​បោះឆ្នោត​ជាថ្មី... ពួកយើង​ទាមទារឲ្យ​រំលំ​រាជ​រដ្ឋា​ភិបាល​​....​ទាមទារ​​ឲ្យ ហ៊ុន សែន ចុះចេញពី​​តំណែង​។ល។>
មេដឹកនាំ ​បក្សប្រឆាំង​​​បានប្រកាស​ប្រាប់ពិភពលោក​ និងទន្ទេញ​ចាំ​មាត់ថា  ពួក​គេ​ដឹកនាំ​មហាជន​ធ្វើបាតុកម្ម​ដោយអហិង្សា ប៉ុន្តែ​មេបក្សប្រឆាំង​ភ្លេចខ្លួន​​ថា «ខ្លួន​កំពុងតែ​ដុតរោល​​សង្គម​ឲ្យក្លាយ​ទៅ​ជា​ភ្លើង​កំហឹងនៅក្នុងចិត្ត​ របស់បាតុករ​​​​​ប៉ុន្មានម៉ឺននាក់​​ឲ្យហ៊ាន​ស្រែកអាក្រោស​ពេញ​រាជធានីភ្នំពេញ និងទូទាំងប្រទេស​ ​​គ្មានសិលធម៌ គ្មានសណ្តាប់ធ្នាប់ រញ៉េរញ៉ៃ​នោះ ​គេ​បែរ​ជាថា ​គេធ្វើបាតុកម្ម​​កន្លងមក​ដោយ​អត់ធ្មត់​ និងអហិង្សាទៅវិញ។
          ក្រោយពេលបំបែកជួរ គណបក្សប្រឆាំងបានប្រើមធ្យោបាយ​​​ និងយុទ្ធសាស្រ្ត​ថ្មី ​​ចាប់ផ្តើម​ធ្វើ​​ចលនាជាក្រុមតូចៗនៅតាមភូមិ​ តាមឃុំ តាមស្រុក​ ក្នុងខេត្តមួយចំនួនជា​​បន្ត​បន្ទាប់​។​ ដោយ​​ឡែក​​​ នៅថ្ងៃទី២១ ខែមករា កន្លង​ទៅនេះ មេបក្សប្រឆាំងបានកោះប្រជុំពួកសកម្មជន ​របស់​ខ្លួន​នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល តែអកុសលពួកនេះ បានប្រកាសរំសាយកិច្ច​ប្រជុំ​​របស់ខ្លួនភ្លាមៗគួរឲ្យចាប់អារ​​ម្មណ៍​។
          បន្ទាប់​ពី​ព្រឹត្តិការណ៍​នៅឃុំ​ត្រើយស្លា មេដឹកនាំបក្សប្រឆាំង​ ខឹង​សម្បារ​នឹង​ គណបក្ស​​ប្រជាជន​​យ៉ាងខ្លាំង​។​ពួកគេបានធ្វើ​សន្និសីទកាសែត  នៅទីស្នាក់ការរបស់​គេ ​​ប៉ុន្មានម៉ោង​ក្រោយ​​ពីការ​ប្រកាស​រំសាយ​​។ មេបក្សប្រឆាំង​បាននិយាយ យ៉ាងហ៊ឺហារថា  < យើងសម្រេចចិត្ត​មិន​ទៅ ជួប​សំណេះ​​សំណាលជាមួយប្រជាពលរដ្ឋនៅឃុំត្រើយស្លានោះ​ ដើម្បីបញ្ជៀសមិន​ឲ្យ​ប្រឈម​​មុខនឹងហិង្សារវាងប្រជាពលរដ្ឋ​ជាមួយ​នឹងកម្លាំង​​របស់រាជរដ្ឋាភិបាល>
តាមរយៈការធ្វើសន្និសីទកាសែត​នេះ ក៏​ បានឆ្លុះ​បញ្ចាំង​ឲ្យគេឃើញ​យុទ្ធសាស្រ្ត​ថ្មី​របស់​ខ្លួន​ ​​នៅ​លើ​គោក ដោយមេបក្ស​ប្រឆាំង​​​​​បានដាក់កំហុស​មកលើ​​សកម្មជន​​របស់​គណបក្ស​ប្រជា​ជន​​​ថា​​​ជា​អ្នក​ប្រើ​អំពើ​ហិង្សាទៅវិញ ថាជាអ្នក​​បង្ក​រឿង ​​រំខាន​ពួកខ្លួន​មិន​ឲ្យ​ចុះសំណេះ​សំណាល​​​​ជា​មួយ​ប្រជាពលរដ្ឋបាន។
ក្នុងន័យនេះ​យើងសូម​សួរ​ថា អ្វី​ទៅ​ដែលហៅថា <​ចុះជួបសំណេះ​សំណាល​ជាមួយប្រជា​ពល​រដ្ឋ? > អ្វីទៅដែលហៅថា <សមាជិក ​ឬសកម្មជន​គណបក្ស​​ប្រជាជន​កម្ពុជារំខានសកម្មភាព​​ខ្លួន​​បង្ក​អំពើហិង្សា​​លើ​ពួក​ខ្លួន? > និង <អ្វី​ទៅ​ដែល​ហៅ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវ​នាវ​ដល់​សមាជិក​អ្នក​គាំទ្រគណ​បក្ស​ប្រជាជន ឲ្យ​ងើប​ឡើង​តទល់ ​នឹង​ប្រជាជន សកម្ម​ជន ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​របស់​ខ្លួន? >។ល។
តើ ​នេះ​ពុំ​មែន​ជា​កល​ល្បិច​ថ្មី ធ្វើ​ឲ្យ​គេ​ឃើញ​នៅ​លើ​គោក​ទេ​ឬ​អ្វី​?ពួកខ្លួន​បង្ក​ចលាចល​​ចង្អុល​​ គេទៅវិញ​។គេគ្រាន់តែការពារសិទ្ធិសេរីភាព​របស់​គេ​​ បែរជា​​ចោទថា គេបំបិទសិទ្ធិ​ខ្លួន​ទៅ​វិញ។រឿង​អ្វី​បានជាមេដឹកនាំ​បក្សប្រឆាំង​​​​​​ នៅមិនសុខ​ចិត្ត​ មិនសុខកាយ​ដើរទៅសួរសុខទុក្ខរំខាន ប្រជាជន​ទូទាំងប្រទេស​ ប្រៀបនឹងធ្វើការ​ឃោសនាបោះឆ្នោត​ និងបន្តបញ្ឆេះ​សកម្ម​ជន​ខ្លួន​ទៅ​វិញ។
ក្នុង​ន័យ​នេះ ក្រោម​ក្រសែ​ភ្នែករបស់​អ្នក​ស្នេហា​សន្ដិ​ភាព ទាំង​ក្នុង និង​ក្រៅ​ប្រទេស គេ​យល់​ និង​បាន​ឃើ​ញ​យ៉ាង​ប្រត្យក្សថា អស់​រយៈ​ពេល​ជា​ង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សកល​នា​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ​កន្លង​ទៅ ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​​ប្រជាជន​កម្ពុ​ជា​ក្ដី ទាំងអ្នក​បោះ​ឆ្នោត​ជាង ៣លាន​នាក់ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ជាក្ដី​ រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ធំ​ក្ដី គេ​បាន​អត់​ធ្មត់​ខន្ដី​ជា​ទីបំផុត។ ទើប​តែ​ពេល​ថ្មី​ៗ​នេះ ពួក​គេ​ទ្រាំ​លែ​ង​បាន​ ពួក​គេ​មិន​​អាច​អនុញ្ញាត​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​បន្ដ​ចលនា​កម្ទេច​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស ដែល​កំពុង​តែ​លូត​លាស់ គួរ​ជា​ទី​សង្ឃឹម​ដល់​​ប្រជាពលរដ្ឋ​គ្រប់​រូប។ ពួក​គេ​ពុំ​អាច​បណ្ដោយ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​បន្ដ​ធ្វើ​ចលនា​បំបះ​បំបោរ​បែប​អំណាច​ប្រជាជន​ តាម​លំអាន​បដិវត្តន៍​ផ្កា​ម្លិះនៅប្រទេស​​មួយ​ចំនួននៅ​ពិភព​អារ៉ាប់ ដែល​ញ៉ាំង​ដល់ផ្ទុះ​សង្គ្រាម​ស៊ីវិល​​ក្នុងប្រទេស​បាន​ឡើយ។
មេ ​បក្ស​ប្រឆាំង​ត្រូវ​ចង​ចាំ​ឲ្យ​ច្បាស់​ថា ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ ខ្លួន​កំពុង​រស់​​នៅ​ក្នុង​ព្រំដែន​ច្បាប់(​ក្រម​​រដ្ឋ​ប្បវេណី ក្រម​ព្រហ្ម​ទណ្ឌ និង​រដ្ឋ​ធម្មនុញ្ញ​)របស់​ប្រទេស​ជាតិ។ ការ​​កោះ​ហៅមេដឹក​នាំ​​គណបក្ស​ប្រឆាំង​ ការ​ឃាត់​ខ្លួនក្រុម​សកម្ម​ជន​មួយ​ចំនួន​ ទៅ​សួរ​ចម្លើយ​ដោយ​តុលាការ​ក្ដី ឬ​ដោយ​សមត្ថ​កិច្ច​ក្ដី គឺ​ពុំ​មែន​ជា​រឿង​លែង​សើច​នោះ​ទេ។


ជា​រួម ​យុទ្ធ​សាស្ដ្រ​ថ្មី​ណា​មួយ ចលនា​បំបះបំបោរថ្មី​ណា​មួយ ទាំង​ក្នុង​រាជ​ធានីភ្នំពេញក៏ដូច​ជា​តាម​​បណ្ដា​ខេត្តនានា ទោះ​មាន​ទ្រង់​ទ្រាយ​តូច​ក្ដី ទ្រង់​ទ្រាយ​​ធំក្ដី មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​ដឹង​​ថា ខ្លួន​អាច​ធ្វើ​បានតែ​ក្នុង​រង្វង់​ក្រម​សីល​ធម៌ និងស្ថិតក្រោម​​មូល​ដ្ឋាន​គ្រឹះ​នៃច្បាប់ប្រទេសតែ​​​ប៉ុណ្ណោះ​៕

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៤